លោតទៅអត្ថបទ

តើយើងអាចរៀនអ្វីខ្លះពីពួកស្ត្រីដែលបានត្រូវកត់ទុកក្នុងគម្ពីរ?

តើយើងអាចរៀនអ្វីខ្លះពីពួកស្ត្រីដែលបានត្រូវកត់ទុកក្នុងគម្ពីរ?

ចម្លើយ​ពី​គម្ពីរ

 គម្ពីរ​ណែនាំ​យើង​ឲ្យ​ស្គាល់​ស្ត្រី​ជា​ច្រើន​ដែល​ជីវិត​របស់​ពួក​គេ អាច​បង្រៀន​យើង​នូវ​មេ​រៀន​ដ៏​មាន​ប្រយោជន៍។ (រ៉ូម ១៥:៤; ធីម៉ូថេ​ទី២ ៣:១៦, ១៧) អត្ថបទ​នេះ​រៀប​រាប់​យ៉ាង​សង្ខេប​អំពី​ស្ត្រី​មួយ​ចំនួន ដែល​បាន​ត្រូវ​លើក​ឡើង​ក្នុង​គម្ពីរ។ ស្ត្រី​ជា​ច្រើន​បាន​ទុក​គំរូ​ល្អ​ឲ្យ​យើង​យក​តម្រាប់​តាម ឯ​ស្ត្រី​ខ្លះ​ទៀត យើង​មិន​ចង់​យក​តម្រាប់​តាម​គំរូ​របស់​ពួក​គេ​ទេ។—កូរិនថូស​ទី១ ១០:១១; ហេប្រឺ ៦:១២

  អ័ប៊ីកែល

 តើ​អ័ប៊ីកែល​ជា​អ្នក​ណា? នាង​ជា​ប្រពន្ធ​របស់​ណាបាល​ដែល​ជា​អ្នក​មាន​ស្ដុក​ស្តម្ភ តែ​គាត់​មិន​មាន​ចិត្ត​សប្បុរស​នោះ​ទេ។ ប៉ុន្តែ អ័ប៊ីកែល​ជា​ស្ត្រី​ឈ្លាស​វៃ​និង​មាន​ចិត្ត​រាប​ទាប ថែម​ទាំង​មាន​រូប​សម្ផស្ស​ស្អាត និង​មាន​គុណ​សម្បត្តិ​ដែល​ព្រះយេហូវ៉ា​ពេញ​ចិត្ត។—សាំយូអែល​ទី១ ២៥:៣

 តើ​នាង​បាន​ធ្វើ​អ្វី​ខ្លះ? អ័ប៊ីកែល​បាន​ប្រព្រឹត្ត​ដោយ​ប្រាជ្ញា​និង​ចេះ​គិត​ពិចារណា​ដើម្បី​គេច​ផុត​ពី​អន្តរាយ។ នាង​និង​ណាបាល​រស់​នៅ​តំបន់​មួយ ដែល​ដាវីឌ​ជា​ស្ដេច​របស់​ជន​ជាតិ​អ៊ីស្រាអែល​នៅ​ថ្ងៃ​អនាគត កំពុង​លាក់​ខ្លួន។ កាល​ដែល​ដាវីឌ​និង​ពួក​បុរស​របស់​គាត់​រស់​នៅ​ទី​នោះ​ជា​ជន​ភៀស​ខ្លួន ពួក​គាត់​បាន​ជួយ​ការ​ពារ​ហ្វូង​ចៀម​របស់​ណាបាល​ពី​ពួក​ចោរ​ប្លន់។ ប៉ុន្តែ ពេល​ដាវីឌ​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​សុំ​អាហារ​ខ្លះ​ពី​ណាបាល ណាបាល​បាន​និយាយ​មិន​គួរ​សម​និង​មិន​ព្រម​ឲ្យ​អាហារ​ទេ។ ដាវីឌ​ខឹង​ខ្លាំង​ណាស់! ដូច្នេះ ដាវីឌ​និង​បុរស​របស់​គាត់​បាន​ចេញ​ទៅ​សម្លាប់​ណាបាល និង​បុរស​ទាំង​អស់​ដែល​នៅ​ក្នុង​ផ្ទះ​គាត់។—សាំយូអែល​ទី១ ២៥:១០​-​១២, ២២

 ពេល​អ័ប៊ីកែល​ឮ​អំពី​អ្វី​ដែល​ប្ដី​បាន​ធ្វើ នាង​បាន​ចាត់​វិធានការ​ភ្លាមៗ ដោយ​ឲ្យ​ពួក​អ្នក​បម្រើ​រៀប​ចំ​ម្ហូប​អាហារ យក​ទៅ​ជូន​ដាវីឌ​និង​ពួក​បុរស​របស់​គាត់ ហើយ​នាង​ក៏​បាន​ទៅ​តាម​ពួក​គេ​ដែរ ដើម្បី​អង្វរ​សុំ​សេចក្ដី​មេត្តា​ករុណា​ពី​ដាវីឌ។ (សាំយូអែល​ទី១ ២៥:១៤​-​១៩, ២៤​-​៣១) ពេល​ដាវីឌ​ឃើញ​អំណោយ និង​ចិត្ត​រាប​ទាប​របស់​នាង ថែម​ទាំង​ឮ​យោបល់​ដ៏​ប្រកប​ដោយ​ប្រាជ្ញា​របស់​នាង នោះ​ដាវីឌ​ទទួល​ស្គាល់​ថា​ព្រះ​បាន​ប្រើ​នាង ដើម្បី​បញ្ឈប់​គាត់​ពី​ការ​សម្លាប់​ណាបាល​និង​ពួក​បុរស​របស់​គាត់។ (សាំយូអែល​ទី១ ២៥:៣២, ៣៣) មិន​យូរ​ក្រោយ​នោះ ណាបាល​បាន​ស្លាប់ ហើយ​អ័ប៊ីកែល​បាន​ក្លាយ​ទៅ​ជា​ប្រពន្ធ​របស់​ដាវីឌ។—សាំយូអែល​ទី១ ២៥:៣៧​-​៤១

 តើ​យើង​អាច​ទាញ​មេ​រៀន​អ្វី​ពី​នាង? ទោះ​ជា​អ័ប៊ីកែល​មាន​រូប​ឆោម​ស្អាត​និង​មាន​ទ្រព្យ​សម្បត្តិ​ស្ដុក​ស្តម្ភ​ក្ដី នាង​មិន​បាន​គិត​ថា​ខ្លួន​ជា​មនុស្ស​សំខាន់​នោះ​ទេ។ ដើម្បី​ឲ្យ​មាន​សេចក្ដី​សុខ​សាន្ត នាង​សុខ​ចិត្ត​សុំ​អភ័យ​ទោស​ចំពោះ​អ្វី​ដែល​នាង​មិន​បាន​ធ្វើ​ទេ។ នាង​បាន​ដោះ​ស្រាយ​ស្ថានការណ៍​នោះ​ដោយ​ចិត្ត​ស្ងប់ ដោយ​ឈ្លាស​វៃ ដោយ​ក្លាហាន និង​ដោយ​ប្រាជ្ញា។

  •   ដើម្បី​ដឹង​ព័ត៌មាន​ថែម​ទៀត​អំពី​អ័ប៊ីកែល សូម​មើល​អត្ថបទ«នាង​បាន​ប្រព្រឹត្ត​ដោយ​ចេះ​គិត​ពិចារណា»ជា​ភាសា​អង់គ្លេស។

  ដេបូរ៉ា

 តើ​ដេបូរ៉ា​ជា​អ្នក​ណា? នាង​ជា​អ្នក​ប្រកាស​ទំនាយ​ដែល​ព្រះយេហូវ៉ា​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល បាន​ប្រើ​ឲ្យ​ប្រាប់​រាស្ត្រ​របស់​លោក​នូវ​អ្វី​ដែល​លោក​ចង់​ឲ្យ​ពួក​គេ​ធ្វើ។ ព្រះ​ក៏​បាន​ប្រើ​នាង​ឲ្យ​ជួយ​ដោះ​ស្រាយ​បញ្ហា​ក្នុង​ចំណោម​ជន​ជាតិ​អ៊ីស្រាអែល​ផង​ដែរ។—ពួក​ចៅហ្វាយ ៤:៤, ៥

 តើ​នាង​បាន​ធ្វើ​អ្វី​ខ្លះ? ដេបូរ៉ា​ដែល​ជា​អ្នក​ប្រកាស​ទំនាយ​បាន​ជួយ​អ្នក​គោរព​ប្រណិប័តន៍​ព្រះ​ដោយ​ចិត្ត​ក្លាហាន។ តាម​ការ​ណែនាំ​របស់​ព្រះ នាង​បាន​ចាត់​គេ​ឲ្យ​ទៅ​ហៅ​បារ៉ាក់​ឲ្យ​នាំ​ទ័ព​អ៊ីស្រាអែល ទៅ​ប្រយុទ្ធ​នឹង​ជន​ជាតិ​កាណាន​ដែល​គាប​សង្កត់​ពួក​គេ។ (ពួក​ចៅហ្វាយ ៤:៦, ៧) ពេល​បារ៉ាក់​សុំ​ដេបូរ៉ា​ឲ្យ​ទៅ​ជា​មួយ​នឹង​គាត់ នាង​សុខ​ចិត្ត​ទៅ​ជា​មួយ​បារ៉ាក់​ដោយ​មិន​ភ័យ​ខ្លាច។—ពួក​ចៅហ្វាយ ៤:៨, ៩

 ក្រោយ​ព្រះ​បាន​ជួយ​ជន​ជាតិ​អ៊ីស្រាអែល​ឲ្យ​មាន​ជ័យ​ជម្នះ​ដ៏​ធំ ដេបូរ៉ា​បាន​និពន្ធ​ផ្នែក​មួយ​នៃ​ចម្រៀង​ដែល​នាង​និង​បារ៉ាក់​បាន​ច្រៀង​រៀប​រាប់​អំពី​ព្រឹត្តិ​ការណ៍​នោះ។ ក្នុង​ចម្រៀង​នោះ នាង​បាន​លើក​ឡើង​អំពី​តួនាទី​របស់​យ៉ាអែល​ជា​ស្ត្រី​ដ៏​ក្លាហាន​ម្នាក់​ទៀត ដែល​បាន​ជួយ​ឲ្យ​មាន​ជ័យ​ជម្នះ​លើ​ជន​ជាតិ​កាណាន។—ពួក​ចៅហ្វាយ ជំពូក⁠៥

 តើ​យើង​អាច​ទាញ​មេ​រៀន​អ្វី​ពី​នាង? ដេបូរ៉ា​មាន​ចិត្ត​ក្លាហាន​និង​លះ​បង់​ប្រយោជន៍​ខ្លួន។ នាង​បាន​លើក​ទឹក​ចិត្ត​អ្នក​ឯ​ទៀត​ឲ្យ​ប្រព្រឹត្ត​អ្វី​ដែល​ព្រះ​ពេញ​ចិត្ត។ ពេល​ពួក​គេ​ធ្វើ​ដូច្នោះ នាង​បាន​សរសើរ​ដោយ​ស្មោះ​ចំពោះ​អ្វី​ដែល​ពួក​គេ​ធ្វើ។

  •   ដើម្បី​ដឹង​ព័ត៌មាន​ថែម​ទៀត​អំពី​ដេបូរ៉ា សូម​មើល​អត្ថបទ«ខ្ញុំ​បាន​ត្រូវ​តាំង​ឡើង​ជា​ម្ដាយ​ម្នាក់​ក្នុង​ប្រជា​ជាតិ​អ៊ីស្រាអែល»ជា​ភាសា​អង់គ្លេស។

  ដេលីឡា

 តើ​ដេលីឡា​ជា​អ្នក​ណា? នាង​ជា​ស្ត្រី​ម្នាក់​ដែល​សាំសុន​ជា​ចៅហ្វាយ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​ស្រឡាញ់​ពេញ​ចិត្ត។—ពួក​ចៅហ្វាយ ១៦:៤, ៥

 តើ​នាង​បាន​ធ្វើ​អ្វី​ខ្លះ? នាង​បាន​ទទួល​ប្រាក់​ពី​ពួក​មន្ត្រី​ភីលីស្ទីន ដើម្បី​ក្បត់​នឹង​សាំសុន​ដែល​ជា​អ្នក​ដែល​ព្រះ​ប្រើ​ឲ្យ​រំដោះ​ជន​ជាតិ​អ៊ីស្រាអែល​ពី​ពួក​ភីលីស្ទីន។ ពួក​ភីលីស្ទីន​មិន​អាច​យក​ឈ្នះ​សាំសុន​បាន​ទេ ព្រោះ​គាត់​មាន​កម្លាំង​ខ្លាំង​ក្លា។ (ពួក​ចៅហ្វាយ ១៣:៥) ដូច្នេះ មន្ត្រី​របស់​ពួក​គេ​បាន​រក​ជំនួយ​ពី​ដេលីឡា។

 ពួក​ភីលីស្ទីន​បាន​ឲ្យ​ប្រាក់​ដល់​ដេលីឡា ដើម្បី​រក​មូលហេតុ​ដែល​សាំសុន​មាន​កម្លាំង​ខ្លាំង​ក្រៃ​លែង។ ដេលីឡា​បាន​ទទួល​ប្រាក់​នោះ ហើយ​ក្រោយ​ពី​នាង​ខំ​ព្យាយាម​រក​អស់​ជា​ច្រើន​ដង ទី​បំផុត​នាង​ក៏​បាន​ដឹង​អំពី​អាថ៌​កំបាំង​របស់​សាំសុន។ (ពួក​ចៅហ្វាយ ១៦:១៥​-​១៧) រួច​មក នាង​បាន​ប្រាប់​អាថ៌​កំបាំង​នោះ​ដល់​ពួក​ភីលីស្ទីន ហើយ​ពួក​គេ​ក៏​ចាប់​សាំសុន​ដាក់​គុក។—ពួក​ចៅហ្វាយ ១៦:១៨​-​២១

 តើ​យើង​អាច​ទាញ​មេ​រៀន​អ្វី​ពី​នាង? គំរូ​របស់​ដេលីឡា មិន​គួរ​ឲ្យ​យក​តម្រាប់​តាម​ទេ។ ដោយ​សារ​នាង​លោភ​លន់ នាង​បាន​បោក​បញ្ឆោត ប្រព្រឹត្ត​មិន​ស្មោះ​ត្រង់ និង​ទាញ​យក​ប្រយោជន៍​ពី​អ្នក​បម្រើ​ព្រះយេហូវ៉ា។

  អេសធើរ

 តើ​អេសធើរ​ជា​អ្នក​ណា? នាង​ជា​ជន​ជាតិ​យូដា ហើយ​នាង​ត្រូវ​បាន​អ័ហាស៊ូរុស​ជា​ស្ដេច​ជន​ជាតិ​ពើស៊ី ជ្រើស​រើស​ជា​អគ្គមហេសី។

 តើ​នាង​បាន​ធ្វើ​អ្វី​ខ្លះ? អគ្គមហេសី​អេសធើរ​បាន​ប្រើ​អំណាច​របស់​នាង ដើម្បី​ការ​ពារ​ជន​រួម​ជាតិ​ពី​ការ​សម្លាប់​ផ្ដាច់​ពូជ។ នាង​បាន​រក​ឃើញ​ថា​មន្ត្រី​ម្នាក់ បាន​ចេញ​ច្បាប់​មួយ​ដែល​កំណត់​ថ្ងៃ​ទុក​ជា​ស្រេច ដើម្បី​សម្លាប់​ជន​ជាតិ​យូដា​ទាំង​អស់​ដែល​រស់​នៅ​ចក្រភព​ពើស៊ី។ គម្រោង​ការណ៍​អាក្រក់​នេះ​មក​ពី​បុរស​ម្នាក់​ឈ្មោះ​ហាម៉ាន គាត់​ជា​នាយក​រដ្ឋ​មន្ត្រី។ (នាង​អេសធើរ ៣:១៣​-​១៥; ៤:១,) ដោយ​មាន​ជំនួយ​ពី​ម៉ាដេកាយ​ជា​បង​ប្រុស​ជីដូន​មួយ និង​ដោយ​ប្រថុយ​ជីវិត​ខ្លួន អេសធើរ​បាន​លាត​ត្រដាង​គម្រោង​ការណ៍​អាក្រក់​នោះ​ឲ្យ​ស្ដេច​អ័ហាស៊ូរុស​ជា​ប្ដី​របស់​នាង​ដឹង។ (នាង​អេសធើរ ៤:១០​-​១៦; ៧:១​-​១០) បន្ទាប់​មក ស្ដេច​អ័ហាស៊ូរុស​បាន​អនុញ្ញាត​ឲ្យ​អេសធើរ​និង​ម៉ាដេកាយ ចេញ​ច្បាប់​មួយ​ទៀត គឺ​ប្រគល់​អំណាច​ដល់​ជន​ជាតិ​យូដា​ការ​ពារ​ខ្លួន។ ជន​ជាតិ​យូដា​នៅ​ទូ​ទាំង​ចក្រភព បាន​ឈ្នះ​លើ​ពួក​សត្រូវ​របស់​ពួក​គេ។—នាង​អេសធើរ ៨:៥​-​១១; ៩:១៦, ១៧

 តើ​យើង​អាច​ទាញ​មេ​រៀន​អ្វី​ពី​នាង? អគ្គមហេសី​អេសធើរ​បាន​ទុក​គំរូ​ដ៏​អស្ចារ្យ​ស្ដី​អំពី​ចិត្ត​ក្លាហាន ចិត្ត​រាប​ទាប និង​សុភាព​រាប​ទាប។ (ទំនុក​តម្កើង ៣១:២៤; ភីលីព ២:៣) ទោះ​ជា​នាង​មាន​សម្រស់​ស្រស់​ស្អាត​និង​មាន​ឋានៈ​ខ្ពង់​ខ្ពស់​ក៏​ដោយ នាង​មាន​ចិត្ត​រាប​ទាប​សុំ​យោបល់​និង​ជំនួយ​ពី​អ្នក​ឯ​ទៀត។ ពេល​និយាយ​ជា​មួយ​នឹង​ប្ដី​របស់​នាង នាង​បាន​និយាយ​ដោយ​ប៉ិន​ប្រសប់​និង​ដោយ​គោរព តែ​ដោយ​ក្លាហាន។ នៅ​គ្រា​ដែល​មាន​គ្រោះ​ថ្នាក់​ដ៏​ធំ​ចំពោះ​ជន​ជាតិ​យូដា នាង​បាន​បង្ហាញ​អត្តសញ្ញាណ​របស់​ខ្លួន​ជា​ជន​ជាតិ​យូដា​ដោយ​ចិត្ត​ក្លាហាន។

  •   ដើម្បី​ដឹង​ព័ត៌មាន​ថែម​ទៀត​អំពី​អេសធើរ សូម​មើល​អត្ថបទ«នាង​បាន​ការ​ពារ​រាស្ត្រ​របស់​ព្រះ» និង​អត្ថបទ«នាង​បាន​ប្រព្រឹត្ត​ដោយ​ឈ្លាស​វៃ ដោយ​ក្លាហាន និង​ដោយ​មិន​គិត​ពី​ប្រយោជន៍​ខ្លួន»ជា​ភាសា​អង់គ្លេស។

  អេវ៉ា

 តើ​អេវ៉ា​ជា​អ្នក​ណា? នាង​ជា​ស្ត្រី​ដំបូង​បង្អស់ និង​ជា​ស្ត្រី​ទី១​ដែល​បាន​ត្រូវ​រៀប​រាប់​ក្នុង​គម្ពីរ។

 តើ​នាង​បាន​ធ្វើ​អ្វី​ខ្លះ? អេវ៉ា​មិន​បាន​ស្ដាប់​បង្គាប់​ដ៏​ជាក់​លាក់​ដែល​មក​ពី​ព្រះ​ទេ។ ដូច​ប្ដី​របស់​នាង អេវ៉ា​បាន​ត្រូវ​បង្កើត​មក​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ​និង​មាន​ចិត្ត​សេរី ហើយ​មាន​សមត្ថភាព​បណ្ដុះ​ឲ្យ​មាន​គុណ​សម្បត្តិ​ដែល​ព្រះ​ពេញ​ចិត្ត ដូច​ជា​សេចក្ដី​ស្រឡាញ់​និង​ប្រាជ្ញា​ជា​ដើម។ (លោកុប្បត្តិ ១:២៧) អេវ៉ា​ដឹង​ថា​ព្រះ​បាន​បង្គាប់​អាដាម​អំពី​ដើម​ឈើ​មួយ បើ​ពួក​គេ​បរិភោគ​ផ្លែ​ពី​ដើម​នោះ ពួក​គេ​នឹង​ស្លាប់​ជា​មិន​ខាន។ ប៉ុន្តែ សាថាន​បាន​បញ្ឆោត​នាង​ឲ្យ​ជឿ​ថា​នាង​នឹង​មិន​ស្លាប់​ទេ។ តាម​ពិត សាថាន​បាន​បញ្ឆោត​នាង​ឲ្យ​ជឿ​ថា នាង​នឹង​មាន​ជីវិត​ល្អ​ប្រសើរ​ជាង បើ​នាង​មិន​ស្ដាប់​បង្គាប់​ព្រះ។ ដូច្នេះ នាង​ក៏​បរិភោគ​ផ្លែ​នោះ ហើយ​ក្រោយ​មក​នាង​បាន​បញ្ចុះ​បញ្ចូល​ប្ដី​ឲ្យ​បរិភោគ​ដែរ។—លោកុប្បត្តិ ៣:១​-​៦; ធីម៉ូថេ​ទី១ ២:១៤

 តើ​យើង​អាច​ទាញ​មេ​រៀន​អ្វី​ពី​នាង? អេវ៉ា​ជា​គំរូ​នៃ​ការ​ព្រមាន​សម្រាប់​យើង​ស្ដី​អំពី​គ្រោះ​ថ្នាក់​ដែល​មក​ពី​ការ​បន្ត​គិត​អំពី​សេចក្ដី​ប៉ង​ប្រាថ្នា​មិន​ត្រឹម​ត្រូវ។ ដោយ​ប្រឆាំង​នឹង​បង្គាប់​ដ៏​ជាក់​លាក់​របស់​ព្រះ នាង​បាន​បណ្ដុះ​ឲ្យ​មាន​សេចក្ដី​ប៉ង​ប្រាថ្នា​យ៉ាង​ខ្លាំង ក្នុង​ការ​ចង់​បាន​អ្វី​ដែល​មិន​មែន​ជា​របស់​នាង។—លោកុប្បត្តិ ៣:៦; យ៉ូហាន​ទី១ ២:១៦

  ហាណា

 តើ​ហាណា​ជា​អ្នក​ណា? នាង​ជា​ប្រពន្ធ​របស់​អែលកាណា និង​ជា​ម្ដាយ​របស់​សាំយូអែល​ដែល​ជា​អ្នក​ប្រកាស​ទំនាយ​ដែល​គេ​ស្គាល់​ទូ​ទៅ​នៅ​ក្នុង​ស្រុក​អ៊ីស្រាអែល​ពី​បុរាណ។—សាំយូអែល​ទី១ ១:១, ២, ៤​-​៧

 តើ​នាង​បាន​ធ្វើ​អ្វី​ខ្លះ? នៅ​គ្រា​ដែល​ហាណា​មិន​មាន​កូន នាង​បាន​សុំ​ការ​សម្រាល​ទុក្ខ​ពី​ព្រះ។ ប្ដី​របស់​ហាណា​មាន​ប្រពន្ធ​ពីរ​នាក់។ ប្រពន្ធ​មួយ​ទៀត​ឈ្មោះ​ពេនីណា ហើយ​នាង​មាន​កូន​ជា​ច្រើន។ ចំណែក​ឯ​ហាណា​វិញ នាង​គ្មាន​កូន​ទេ​ទោះ​ជា​រៀប​ការ​អស់​រយៈ​ពេល​ជា​យូរ​ក៏​ដោយ។ ពេនីណា​បាន​និយាយ​តិះ​ដៀល​ហាណា​ជា​ខ្លាំង តែ​ហាណា​បាន​អធិដ្ឋាន​សុំ​ការ​សម្រាល​ទុក្ខ​ពី​ព្រះ។ នាង​បាន​ស្បថ​នឹង​ព្រះ​ថា បើ​លោក​ឲ្យ​នាង​មាន​កូន​ប្រុស​មួយ នាង​នឹង​ប្រគល់​កូន​នោះ​ដល់​លោក ដោយ​ឲ្យ​កូន​បម្រើ​នៅ​ឯ​ត្រសាល​ជំនុំ ដែល​ជន​ជាតិ​អ៊ីស្រាអែល​ធ្លាប់​ប្រើ​សម្រាប់​ការ​គោរព​ប្រណិប័តន៍។—សាំយូអែល​ទី១ ១:១១

 ព្រះ​បាន​ឆ្លើយ​តប​នឹង​សេចក្ដី​អធិដ្ឋាន​របស់​ហាណា។ នាង​ក៏​បង្កើត​បាន​កូន​ប្រុស​មួយ ហើយ​ដាក់​ឈ្មោះ​ថា​សាំយូអែល។ ហាណា​បាន​គោរព​ពាក្យ​សន្យា​របស់​នាង ហើយ​បាន​នាំ​សាំយូអែល​ទៅ​បម្រើ​នៅ​ឯ​ត្រសាល​ជំនុំ កាល​ដែល​គាត់​នៅ​ក្មេង​តូច​នៅ​ឡើយ។ (សាំយូអែល​ទី១ ១:២៧, ២៨) ជា​រៀង​រាល់​ឆ្នាំ នាង​បាន​ដេរ​អាវ​អត់​ដៃ​យក​ទៅ​ឲ្យ​កូន។ ក្រោយ​មក ព្រះ​បាន​ឲ្យ​ពរ​ហាណា​មាន​កូន​ប្រាំ​នាក់​ទៀត គឺ​កូន​ប្រុស​បី​នាក់​និង​កូន​ស្រី​ពីរ​នាក់។—សាំយូអែល​ទី១ ២:១៨​-​២១

 តើ​យើង​អាច​ទាញ​មេ​រៀន​អ្វី​ពី​នាង? សេចក្ដី​អធិដ្ឋាន​អស់​ពី​ចិត្ត​បាន​ជួយ​ហាណា​ឲ្យ​ស៊ូ​ទ្រាំ​នឹង​ការ​ពិបាក​ផ្សេងៗ។ សេចក្ដី​អធិដ្ឋាន​ដោយ​ចិត្ត​កតញ្ញូ​របស់​នាង​ដែល​បាន​ត្រូវ​កត់​ទុក​នៅ​សាំយូអែល​ទី១ ២:១​-​១០ ឆ្លុះ​បញ្ចាំង​អំពី​ជំនឿ​ដ៏​រឹង​មាំ​របស់​នាង​ចំពោះ​ព្រះ។

  •   ដើម្បី​ដឹង​ព័ត៌មាន​ថែម​ទៀត​អំពី​ហាណា សូម​មើល​អត្ថបទ«នាង​បាន​អធិដ្ឋាន​អស់​ចិត្ត​ទៅ​ព្រះ»ជា​ភាសា​អង់គ្លេស។

  •   ដើម្បី​ស្វែង​យល់​នូវ​មូលហេតុ​ដែល​ព្រះ​អនុញ្ញាត​ឲ្យ​មាន​ប្រពន្ធ​ច្រើន​ក្នុង​ចំណោម​រាស្ត្រ​បុរាណ សូម​មើល​អត្ថបទ«តើ​ព្រះ​ពេញ​ចិត្ត​នឹង​ការ​មាន​ប្ដី​ឬ​ប្រពន្ធ​ច្រើន​ឬ​ទេ?»ជា​ភាសា​អង់គ្លេស។

  យ៉ាអែល

 តើ​យ៉ាអែល​ជា​អ្នក​ណា? នាង​ជា​ប្រពន្ធ​របស់​ហេប៊ើរ នាង​មិន​មែន​ជា​ជន​ជាតិ​អ៊ីស្រាអែល​ទេ។ យ៉ាអែល​បាន​ជួយ​រាស្ត្រ​របស់​ព្រះ​ដោយ​ចិត្ត​ក្លាហាន។

 តើ​នាង​បាន​ធ្វើ​អ្វី​ខ្លះ? ពេល​ស៊ីសេរ៉ា​ជា​មេ​ទ័ព​របស់​ជន​ជាតិ​កាណាន​មក​ជំរំ​របស់​យ៉ាអែល នាង​បាន​ចាត់​វិធានការ​យ៉ាង​ក្លាហាន។ ស៊ីសេរ៉ា​បាន​ច្បាំង​ចាញ់​ជន​ជាតិ​អ៊ីស្រាអែល ហើយ​គាត់​កំពុង​ស្វែង​រក​កន្លែង​លាក់​ខ្លួន​និង​ជ្រក​កោន។ យ៉ាអែល​បាន​អញ្ជើញ​គាត់​ចូល​ក្នុង​ត្រសាល​របស់​នាង​ដើម្បី​លាក់​ខ្លួន​និង​សម្រាក។ ពេល​ស៊ីសេរ៉ា​កំពុង​ដេក​លក់ នាង​ក៏​សម្លាប់​គាត់​ទៅ។—ពួក​ចៅហ្វាយ ៤:១៧​-​២១

 សកម្មភាព​របស់​យ៉ាអែល​បាន​កើត​ឡើង​ដូច​ទំនាយ​ដែល​ដេបូរ៉ា​បាន​ប្រកាស​ទុក​ជា​មុន​មែន ដែល​ថា៖«ព្រះយេហូវ៉ា​ទ្រង់​នឹង​លក់​ស៊ីសេរ៉ា ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ស្ត្រី​វិញ»។ (ពួក​ចៅហ្វាយ ៤:៩) ដោយ​សារ​នាង​បាន​ធ្វើ​ដូច្នោះ យ៉ាអែល​បាន​ទទួល​ការ​សរសើរ​ជា​អ្នក«មាន​ពរ​លើស​ជាង​អស់​ទាំង​ស្ត្រី»។—ពួក​ចៅហ្វាយ ៥:២៤

 តើ​យើង​អាច​ទាញ​មេ​រៀន​អ្វី​ពី​នាង? យ៉ាអែល​បាន​ចាត់​វិធានការ​ជា​មុន និង​ដោយ​ចិត្ត​ក្លាហាន។ បទ​ពិសោធន៍​របស់​នាង​បង្ហាញ​ថា​ព្រះ​អាច​បណ្ដាល​ឲ្យ​អ្វី​កើត​ឡើង​ក៏​បាន ដើម្បី​ឲ្យ​ទំនាយ​បាន​ក្លាយ​ជា​ការ​ពិត។

  យេសេបិល

 តើ​យេសេបិល​ជា​អ្នក​ណា? នាង​ជា​ប្រពន្ធ​របស់​អ័ហាប់​ជា​ស្ដេច​ជន​ជាតិ​អ៊ីស្រាអែល។ នាង​មិន​មែន​ជា​ជន​ជាតិ​អ៊ីស្រាអែល​ទេ ហើយ​ក៏​មិន​គោរព​ប្រណិប័តន៍​ព្រះយេហូវ៉ា​ដែរ។ ផ្ទុយ​ទៅ​វិញ នាង​គោរព​ប្រណិប័តន៍​ព្រះ​បាល​ជា​ព្រះ​របស់​ជន​ជាតិ​កាណាន។

 តើ​នាង​បាន​ធ្វើ​អ្វី​ខ្លះ? ម្ចាស់​ក្សត្រិយ៍​យេសេបិល​ជា​មនុស្ស​មាន​អំណួត ព្រហើន​ឥត​កោត​ក្រែង និង​សាហាវ​ឃោរ​ឃៅ។ នាង​បាន​លើក​ស្ទួយ​ការ​គោរព​បូជា​ព្រះ​បាល និង​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​ដែល​ទាក់​ទង​នឹង​ការ​គោរព​បូជា​ព្រះ​នោះ។ នៅ​ដំណាល​គ្នា​ដែរ នាង​បាន​ព្យាយាម​បំបាត់​ចោល​នូវ​ការ​គោរព​ប្រណិប័តន៍​ព្រះយេហូវ៉ា​ជា​ព្រះ​ពិត។—ពង្សាវតារ​ក្សត្រ​ទី១ ១៨:៤, ១៣; ១៩:១​-​៣

 យេសេបិល​បាន​កុហក និង​សម្លាប់​មនុស្ស ដើម្បី​បាន​អ្វី​ដែល​ខ្លួន​ចង់​បាន។ (ពង្សាវតារ​ក្សត្រ​ទី១ ២១:៨​-​១៦) ដូច​បាន​ប្រកាស​ទុក​ជា​មុន នាង​បាន​ស្លាប់​យ៉ាង​វេទនា ហើយ​សាក​សព​នាង​មិន​បាន​ត្រូវ​បញ្ចុះ​ទេ។—ពង្សាវតារ​ក្សត្រ​ទី១ ២១:២៣; ពង្សាវតារ​ក្សត្រ​ទី២ ៩:១០, ៣២​-​៣៧

 តើ​យើង​អាច​ទាញ​មេ​រៀន​អ្វី​ពី​នាង? គំរូ​របស់​យេសេបិល មិន​គួរ​ឲ្យ​យក​តម្រាប់​តាម​ទេ។ ដោយ​សារ​នាង​ជា​ស្ត្រី​ដែល​មិន​ចេះ​ខ្មាស​ប្រព្រឹត្ត​អំពើ​អាក្រក់ ប្រាស​ចាក​សីលធម៌ និង​គ្មាន​ការ​គោរព​ចំពោះ​សិទ្ធិ​អំណាច ហើយ​មិន​ខ្វល់​ថា​អ្វី​ដែល​ខ្លួន​ធ្វើ​គឺ​ខុស​នោះ​ទេ។

  លេអា

 តើ​លេអា​ជា​អ្នក​ណា? នាង​ជា​ប្រពន្ធ​ទី១​របស់​យ៉ាកុប។ នាង​មាន​ប្អូន​ស្រី​ឈ្មោះ​រ៉ាជែល​ដែល​ជា​ប្រពន្ធ​ម្នាក់​ទៀត​របស់​យ៉ាកុប។—លោកុប្បត្តិ ២៩:២០​-​២៩

 តើ​នាង​បាន​ធ្វើ​អ្វី​ខ្លះ? លេអា​បាន​បង្កើត​កូន​ប្រុស​៦​នាក់​ឲ្យ​យ៉ាកុប។ (នាង​រស់ ៤:១១) ដំបូង យ៉ាកុប​មាន​បំណង​រៀប​ការ​ជា​មួយ​រ៉ាជែល​មិន​មែន​លេអា​ទេ។ ប៉ុន្តែ ឡាបាន់​ជា​ឪ​ពុក​បាន​រៀប​ចំ​ឲ្យ​លេអា​រៀប​ការ​ជំនួស​រ៉ាជែល។ ពេល​យ៉ាកុប​បាន​ដឹង​ថា​គាត់​បាន​ត្រូវ​បញ្ឆោត​ឲ្យ​រៀប​ការ​ជា​មួយ​លេអា គាត់​បាន​តវ៉ា​នឹង​ឡាបាន់។ ឡាបាន់​បាន​អះអាង​ថា​តាម​ទំនៀម​ទម្លាប់ ប្អូន​ស្រី​មិន​ត្រូវ​រៀប​ការ​មុន​បង​ស្រី​ទេ។ មួយ​សប្ដាហ៍​ក្រោយ​មក យ៉ាកុប​បាន​រៀប​ការ​ជា​មួយ​រ៉ាជែល។—លោកុប្បត្តិ ២៩:២៦​-​២៨

 យ៉ាកុប​ស្រឡាញ់​រ៉ាជែល​ខ្លាំង​ជាង​លេអា។ (លោកុប្បត្តិ ២៩:៣០) ជា​លទ្ធផល លេអា​មាន​ចិត្ត​ច្រណែន​នឹង​ប្អូន​ស្រី​ខ្លួន ហើយ​បាន​ប្រជែង​ជា​មួយ​នឹង​នាង ដើម្បី​ទទួល​បាន​សេចក្ដី​ស្រឡាញ់​និង​ការ​យក​ចិត្ត​ទុក​ដាក់​ពី​យ៉ាកុប។ ព្រះ​បាន​កត់​សម្គាល់​អារម្មណ៍​របស់​លេអា ហើយ​បាន​ឲ្យ​ពរ​នាង​ដោយ​ឲ្យ​នាង​មាន​កូន​៧​នាក់ គឺ​កូន​ប្រុស​៦​នាក់​និង​កូន​ស្រី​ម្នាក់។—លោកុប្បត្តិ ២៩:៣១

 តើ​យើង​អាច​ទាញ​មេ​រៀន​អ្វី​ពី​នាង? លេអា​បាន​ពឹង​ផ្អែក​លើ​ព្រះ​ដោយ​អធិដ្ឋាន​ទៅ​លោក ហើយ​ទោះ​ជា​នាង​មាន​បញ្ហា​ក្នុង​គ្រួសារ​ក្ដី នាង​នៅ​តែ​ដឹង​គុណ​ព្រះ​ជា​និច្ច។ (លោកុប្បត្តិ ២៩:៣២​-​៣៥; ៣០:២០) កំណត់​ហេតុ​អំពី​ជីវិត​របស់​នាង​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ថា​ការ​មាន​ប្រពន្ធ​ច្រើន​មិន​នាំ​ឲ្យ​មាន​សុភមង្គល​នោះ​ទេ។ ព្រះ​អនុញ្ញាត​ឲ្យ​មាន​ការ​រៀប​ចំ​នោះ​តែ​មួយ​រយៈ​ពេល​ប៉ុណ្ណោះ។ ខ្នាត​តម្រា​របស់​ព្រះ​ស្ដី​អំពី​អាពាហ៍​ពិពាហ៍ គឺ​ប្ដី​មួយ​ប្រពន្ធ​មួយ​ប៉ុណ្ណោះ។—ម៉ាថាយ ១៩:៤​-​៦

  •   ដើម្បី​ដឹង​ព័ត៌មាន​ថែម​ទៀត​អំពី​លេអា សូម​មើល​អត្ថបទ«បង​ប្អូន​ស្រី​ពីរ​នាក់​ដែល​មាន​ទុក្ខ​ព្រួយ‹បាន​បង្កើត​ពួក​គ្រួ​អ៊ីស្រាអែល​ឡើង›»ជា​ភាសា​អង់គ្លេស។

  •   ដើម្បី​ស្វែង​យល់​នូវ​មូលហេតុ​ដែល​ព្រះ​អនុញ្ញាត​ឲ្យ​មាន​ប្រពន្ធ​ច្រើន​ក្នុង​ចំណោម​រាស្ត្រ​លោក​នា​សម័យ​បុរាណ សូម​មើល​អត្ថបទ«តើ​ព្រះ​ពេញ​ចិត្ត​នឹង​ការ​មាន​ប្រពន្ធ​ច្រើន​ឬ​ទេ?»ជា​ភាសា​អង់គ្លេស។

  ម៉ាថា

 តើ​ម៉ាថា​ជា​អ្នក​ណា? នាង​ជា​បង​ស្រី​របស់​ម៉ារៀ​និង​ឡាសា ហើយ​ពួក​គាត់​ទាំង​បី​នាក់​រស់​នៅ​ភូមិ​បេថានី​ក្បែរ​ក្រុង​យេរូសាឡិម។

 តើ​នាង​បាន​ធ្វើ​អ្វី​ខ្លះ? ម៉ាថា​ជា​មិត្ត​ជិត​ស្និទ្ធ​របស់​លោក​យេស៊ូ។ លោក«ស្រឡាញ់​ម៉ាថា ប្អូន​របស់​នាង និង​ឡាសា»។ (យ៉ូហាន ១១:៥) ម៉ាថា​ជា​ស្ត្រី​ដែល​រាក់​ទាក់។ ពេល​មួយ លោក​យេស៊ូ​បាន​មក​លេង​ពួក​គេ។ អំឡុង​ពេល​នោះ ម៉ារៀ​បាន​ជ្រើស​រើស​ស្ដាប់​លោក កាល​ដែល​ម៉ាថា​កំពុង​រវល់​ធ្វើ​កិច្ច​ការ​ផ្ទះ។ ម៉ាថា​បាន​ត្អូញត្អែរ​ប្រាប់​លោក​យេស៊ូ​ថា​ម៉ារៀ​មិន​បាន​ជួយ​នាង​ទេ។ លោក​យេស៊ូ​បាន​កែ​តម្រង់​ម៉ាថា​ដោយ​ស្លូត​បូត​ឲ្យ​មាន​ទស្សនៈ​ត្រឹម​ត្រូវ​វិញ។—លូកា ១០:៣៨​-​៤២

 ពេល​ឡាសា​ធ្លាក់​ខ្លួន​ឈឺ ម៉ាថា​និង​ប្អូន​ស្រី​របស់​នាង​បាន​សុំ​ឲ្យ​លោក​យេស៊ូ​មក។ នាង​មាន​ទំនុក​ចិត្ត​ថា​លោក​អាច​ធ្វើ​ឲ្យ​ប្អូន​ប្រុស​របស់​ពួក​គេ​ជា​សះ​ស្បើយ។ (យ៉ូហាន ១១:៣, ២១) ប៉ុន្តែ ឡាសា​បាន​ស្លាប់​ហើយ។ ការ​សន្ទនា​របស់​ម៉ាថា​និង​លោក​យេស៊ូ ស​ឲ្យ​ឃើញ​នូវ​ទំនុក​ចិត្ត​របស់​នាង​ទៅ​លើ​សេចក្ដី​សន្យា​ក្នុង​គម្ពីរ​ស្ដី​អំពី​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ ហើយ​នាង​មាន​ទំនុក​ចិត្ត​ទៅ​លើ​សមត្ថភាព​របស់​លោក​យេស៊ូ​ក្នុង​ការ​ប្រោស​ប្អូន​ប្រុស​នាង​ឲ្យ​រស់​ឡើង​វិញ។—យ៉ូហាន ១១:២០​-​២៧

 តើ​យើង​អាច​ទាញ​មេ​រៀន​អ្វី​ពី​នាង? ម៉ាថា​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​បង្ហាញ​ការ​រាក់​ទាក់។ នាង​សុខ​ចិត្ត​ទទួល​យោបល់ ហើយ​និយាយ​ជា​ចំហ​អំពី​អារម្មណ៍​និង​ជំនឿ​របស់​នាង។

  •   ដើម្បី​ដឹង​ព័ត៌មាន​ថែម​ទៀត​អំពី​ម៉ាថា សូម​មើល​អត្ថបទ«ខ្ញុំ​បាន​ជឿ​ហើយ»ជា​ភាសា​អង់គ្លេស។

  ម៉ារៀ (ម្ដាយ​លោក​យេស៊ូ)

 តើ​ម៉ារៀ​ជា​អ្នក​ណា? នាង​ជា​ស្ត្រី​វ័យ​ក្មេង​ជន​ជាតិ​យូដា និង​ជា​ស្រី​ក្រមុំ​បរិសុទ្ធ កាល​ដែល​នាង​ពពោះ​លោក​យេស៊ូ​ជា​បុត្រ​របស់​ព្រះ​ដោយ​អព្ភូតហេតុ។

 តើ​នាង​បាន​ធ្វើ​អ្វី​ខ្លះ? ម៉ារៀ​បាន​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ​ដោយ​ចិត្ត​រាប​ទាប។ ទេវតា​មួយ​រូប​បាន​លេច​មក​ជួប​នាង ហើយ​ប្រកាស​ថា​នាង​នឹង​មាន​ផ្ទៃ​ពោះ រួច​សម្រាល​បាន​មេស្ស៊ី​ដែល​បណ្ដា​ជន​ទន្ទឹង​ចាំ​ជា​យូរ នៅ​ពេល​នោះ​នាង​បាន​ភ្ជាប់​ពាក្យ​ជា​មួយ​នឹង​យ៉ូសែប​រួច​ហើយ។ (លូកា ១:២៦​-​៣៣) នាង​បាន​យល់​ព្រម​ទទួល​ភារកិច្ច​នោះ​ដោយ​ស្ម័គ្រ​ពី​ចិត្ត។ ក្រោយ​លោក​យេស៊ូ​បាន​កើត​មក ម៉ារៀ​និង​យ៉ូសែប​មាន​កូន​ប្រុស​បួន​នាក់​ទៀត ហើយ​តាម​មើល​ទៅ​តិច​បំផុត​ក៏​មាន​កូន​ស្រី​ពីរ​នាក់​ដែរ។ ដូច្នេះ ម៉ារៀ​មិន​មែន​នៅ​ក្រមុំ​បរិសុទ្ធ​រហូត​ឡើយ។ (ម៉ាថាយ ១៣:៥៥, ៥៦) ទោះ​ជា​នាង​មាន​ឯកសិទ្ធិ​ពិសេស​ក៏​ដោយ នាង​មិន​ដែល​ចង់​ទទួល​ការ​សរសើរ និង​ចង់​ឲ្យ​គេ​ប្រព្រឹត្ត​មក​លើ​នាង​តាម​របៀប​ពិសេស​ទេ មិន​ថា​ក្នុង​អំឡុង​កិច្ច​បម្រើ​លោក​យេស៊ូ ឬ​ជា​សមាជិក​នៃ​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​ពី​សម័យ​មុន​ក្ដី។

 តើ​យើង​អាច​ទាញ​មេ​រៀន​អ្វី​ពី​នាង? ម៉ារៀ​ជា​ស្ត្រី​ដែល​មាន​ជំនឿ​រឹង​មាំ នាង​សុខ​ចិត្ត​ទទួល​ភារកិច្ច​ដ៏​ធ្ងន់​ធ្ងរ។ នាង​ស្គាល់​បទ​គម្ពីរ​យ៉ាង​ច្បាស់។ តាម​មើល​ទៅ​ម៉ារៀ​បាន​ដក​ស្រង់​បទ​គម្ពីរ​ប្រហែល​ជា​២០​ដង ពេល​ដែល​នាង​និយាយ​នៅ​លូកា ១:៤៦​-​៥៥

  ម៉ារៀ (បង​ប្អូន​របស់​ម៉ាថា​និង​ឡាសា)

 តើ​ម៉ារៀ​ជា​អ្នក​ណា? នាង​ជា​មិត្ត​ជិត​ស្និទ្ធ​របស់​លោក​យេស៊ូ ហើយ​ម៉ាថា​ជា​បង​ស្រី និង​ឡាសា​ក៏​ជា​មិត្ត​របស់​លោក​ដែរ។

 តើ​នាង​បាន​ធ្វើ​អ្វី​ខ្លះ? ម៉ារៀ​បង្ហាញ​ម្ដង​ហើយ​ម្ដង​ទៀត​ថា នាង​ដឹង​គុណ​លោក​យេស៊ូ​ដែល​ជា​បុត្រ​របស់​ព្រះ។ នាង​បង្ហាញ​ជំនឿ​ថា លោក​យេស៊ូ​អាច​រា​រាំង​សេចក្ដី​ស្លាប់​របស់​ឡាសា​ជា​ប្អូន​ប្រុស​របស់​នាង ហើយ​ពេល​លោក​យេស៊ូ​ប្រោស​ឡាសា​ឲ្យ​រស់​ឡើង​វិញ​នាង​ក៏​នៅ​ទី​នោះ​ដែរ។ ម៉ាថា​ជា​បង​ស្រី​នាង​បាន​រិះ​គន់​ម៉ារៀ ពេល​ដែល​នាង​ជ្រើស​រើស​ស្ដាប់​លោក​យេស៊ូ​ជា​ជាង​ជួយ​ធ្វើ​កិច្ច​ការ​ផ្ទះ។ ប៉ុន្តែ លោក​យេស៊ូ​បាន​សរសើរ​ម៉ារៀ ដោយ​សារ​នាង​ចាត់​ទុក​សេចក្ដី​ពិត​ពី​ព្រះ​ថា​សំខាន់​ជាង​អ្វី​ទាំង​អស់។—លូកា ១០:៣៨​-​៤២

 ពេល​មួយ​ទៀត ម៉ារៀ​បាន​បង្ហាញ​ចិត្ត​ទូលាយ​យ៉ាង​ខ្លាំង​ចំពោះ​លោក​យេស៊ូ​ដោយ​ចាក់«ប្រេង​ក្រអូប​ដ៏​ថ្លៃ»ទៅ​លើ​ក្បាល​និង​ជើង​របស់​លោក​យេស៊ូ។ (ម៉ាថាយ ២៦:៦, ៧) អ្នក​ឯ​ទៀត​ដែល​នៅ​ទី​នោះ បាន​ចោទ​ប្រកាន់​ថា​នាង​បង្ខាត​ប្រេង​ឥត​ប្រយោជន៍។ ប៉ុន្តែ លោក​យេស៊ូ​និយាយ​ការ​ពារ​នាង​ថា៖«នៅ​គ្រប់​កន្លែង​ក្នុង​ពិភព​លោក ដែល​ដំណឹង​ល្អ​នេះ[នៃ​រាជាណាចក្រ​ព្រះ]ត្រូវ​ផ្សព្វ​ផ្សាយ អ្វី​ដែល​ស្ត្រី​នេះ​បាន​ធ្វើ​ក៏​នឹង​ត្រូវ​រៀប​រាប់​ដែរ ដើម្បី​រំលឹក​អំពី​នាង»។—ម៉ាថាយ ២៤:១៤; ២៦:៨​-​១៣

 តើ​យើង​អាច​ទាញ​មេ​រៀន​អ្វី​ពី​នាង? ម៉ារៀ​បាន​បណ្ដុះ​ឲ្យ​មាន​ជំនឿ​រឹង​មាំ។ នាង​បាន​ចាត់​ទុក​ការ​គោរព​ប្រណិប័តន៍​ព្រះ​ថា​សំខាន់​ជាង​រឿង​ផ្សេងៗក្នុង​ជីវិត។ នាង​លើក​កិត្តិយស​លោក​យេស៊ូ ដោយ​ចិត្ត​រាប​ទាប ទោះ​ជា​ត្រូវ​ចំណាយ​ប្រាក់​ជា​ច្រើន​ក្ដី។

  ម៉ារៀ ម៉ាក់ដាឡេន

 តើ​ម៉ារៀ ម៉ាក់ដាឡេន​ជា​អ្នក​ណា? នាង​ជា​អ្នក​កាន់​តាម​ដ៏​ស្មោះ​ត្រង់​របស់​លោក​យេស៊ូ។

 តើ​នាង​បាន​ធ្វើ​អ្វី​ខ្លះ? ម៉ារៀ​ម៉ាក់ដាឡេន​ជា​ស្ត្រី​ម្នាក់​ក្នុង​ចំណោម​ស្ត្រី​មួយ​ចំនួន​ដែល​ធ្វើ​ដំណើរ​ជា​មួយ​លោក​យេស៊ូ និង​ពួក​អ្នក​កាន់​តាម​លោក។ នាង​ប្រើ​ធន​ធាន​របស់​ខ្លួន​ដោយ​ចិត្ត​ទូលាយ​ដើម្បី​ជួយ​ផ្គត់​ផ្គង់​សេចក្ដី​ត្រូវ​ការ​របស់​ពួក​គេ។ (លូកា ៨:១​-​៣) នាង​បាន​ទៅ​តាម​លោក​យេស៊ូ​រហូត​ដល់​ទី​បញ្ចប់​នៃ​កិច្ច​បម្រើ​របស់​លោក ហើយ​នាង​បន្ត​នៅ​ជាប់​នឹង​លោក​យេស៊ូ ពេល​លោក​ត្រូវ​គេ​សម្លាប់។ នាង​មាន​ឯកសិទ្ធិ​នៅ​ក្នុង​ចំណោម​ស្ត្រី​ដែល​បាន​ឃើញ​លោក​យេស៊ូ​មុន​គេ បន្ទាប់​ពី​លោក​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។—យ៉ូហាន ២០:១១​-​១៨

 តើ​យើង​អាច​ទាញ​មេ​រៀន​អ្វី​ពី​នាង? ម៉ារៀ​ម៉ាក់ដាឡេន​បាន​ប្រើ​ធន​ធាន​របស់​ខ្លួន​ដើម្បី​គាំ​ទ្រ​កិច្ច​បម្រើ​របស់​លោក​យេស៊ូ ហើយ​បាន​បន្ត​ធ្វើ​ជា​អ្នក​កាន់​តាម​លោក​យ៉ាង​ស្មោះ​ត្រង់។

  ម៉ារាម

 តើ​ម៉ារាម​ជា​អ្នក​ណា? នាង​ជា​បង​ស្រី​របស់​ម៉ូសេ​និង​អេរ៉ុន។ នាង​ជា​ស្ត្រី​ទី១​ក្នុង​គម្ពីរ​ដែល​បាន​ត្រូវ​ហៅ​ថា​អ្នក​ប្រកាស​ទំនាយ។

 តើ​នាង​បាន​ធ្វើ​អ្វី​ខ្លះ? ជា​អ្នក​ប្រកាស​ទំនាយ នាង​មាន​តួនាទី​ប្រាប់​អ្នក​ឯ​ទៀត​អំពី​ដំណឹង​ពី​ព្រះ។ នាង​មាន​ឋានៈ​សំខាន់​នៅ​ក្នុង​ស្រុក​អ៊ីស្រាអែល ហើយ​ក្រោយ​ពី​ព្រះ​បំផ្លាញ​ទ័ព​អេស៊ីប​ក្នុង​សមុទ្រ​ក្រហម នាង​បាន​ច្រៀង​ចម្រៀង​ជ័យ​ជម្នះ​ជា​មួយ​នឹង​ពួក​ប្រុសៗ។—និក្ខមនំ ១៥:១, ២០, ២១

 មិន​យូរ​ក្រោយ​មក ម៉ារាម​និង​អេរ៉ុន​បាន​និយាយ​រិះ​គន់​ម៉ូសេ។ តាម​មើល​ទៅ ពួក​គេ​បាន​និយាយ​ដូច្នោះ ដោយ​សារ​ពួក​គេ​មាន​អំណួត​និង​ចិត្ត​ច្រណែន។ ព្រះ«ឮ​ពាក្យ​នោះ» ហើយ​លោក​បាន​ឲ្យ​ដំបូន្មាន​យ៉ាង​ម៉ឺង​ម៉ាត់​ដល់​ម៉ារាម​និង​អេរ៉ុន។ (ជន​គណនា ១២:១​-​៩) បន្ទាប់​មក ព្រះ​បាន​ធ្វើ​ឲ្យ​ម៉ារាម​កើត​ជំងឺ​ឃ្លង់ តាម​មើល​ទៅ​ដោយ​សារ​នាង​បាន​និយាយ​រិះ​គន់។ ពេល​ម៉ូសេ​អង្វរ​សុំ​ព្រះ​ឲ្យ​នាង លោក​ក៏​ធ្វើ​ឲ្យ​នាង​ជា​សះ​ស្បើយ។ ក្រោយ​ពី​បាន​ត្រូវ​បង្ខាំង​ទុក​អស់​រយៈ​ពេល​៧​ថ្ងៃ នាង​ក៏​បាន​ត្រូវ​អនុញ្ញាត​ឲ្យ​ចូល​ក្នុង​ជំរំ​អ៊ីស្រាអែល​វិញ។—ជន​គណនា ១២:១០​-​១៥

 គម្ពីរ​បញ្ជាក់​ថា​ម៉ារាម​បាន​ទទួល​ការ​កែ​តម្រង់។ ប៉ុន្មាន​សតវត្សរ៍​ក្រោយ​មក ព្រះ​បាន​លើក​ឡើង​អំពី​ឯកសិទ្ធិ​វិសេស​របស់​នាង ពេល​លោក​រំលឹក​ជន​ជាតិ​អ៊ីស្រាអែល​ថា៖«អញ . . . បាន​ចាត់​ម៉ូសេ អើរ៉ុន នឹង​ម៉ារាម​ឲ្យ​នាំ​មុខ​ឯង»។—មីកា ៦:៤

 តើ​យើង​អាច​ទាញ​មេ​រៀន​អ្វី​ពី​នាង? កំណត់​ហេតុ​អំពី​ម៉ារាម​បញ្ជាក់​ថា ព្រះ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ចំពោះ​អ្វី​ដែល​អ្នក​គោរព​ប្រណិប័តន៍​លោក​និយាយ​ទៅ​កាន់​អ្នក​ណា​ម្នាក់​ឬ​និយាយ​អំពី​អ្នក​ឯ​ទៀត។ យើង​ក៏​ដឹង​ថា​ដើម្បី​ឲ្យ​ព្រះ​ពេញ​ចិត្ត យើង​ត្រូវ​ជៀស​វាង​ពី​ការ​មាន​អំណួត​និង​ចិត្ត​ច្រណែន គឺ​ជា​គុណ​វិបត្ដិ​ដែល​នាំ​ឲ្យ​យើង​និយាយ​អ្វី​មួយ​ដែល​បង្ខូច​កេរ្ដិ៍​ឈ្មោះ​របស់​អ្នក​ឯ​ទៀត។

  រ៉ាជែល

 តើ​រ៉ាជែល​ជា​អ្នក​ណា? រ៉ាជែល​ជា​កូន​ស្រី​របស់​ឡាបាន់ និង​ជា​ប្រពន្ធ​ដែល​យ៉ាកុប​ស្រឡាញ់​ពេញ​ចិត្ត។

 តើ​នាង​បាន​ធ្វើ​អ្វី​ខ្លះ? រ៉ាជែល​បាន​រៀប​ការ​ជា​មួយ​នឹង​យ៉ាកុប ហើយ​បាន​បង្កើត​កូន​ប្រុស​ពីរ​នាក់​ឲ្យ​គាត់។ កូន​ទាំង​ពីរ​បាន​ទៅ​ជា​មេ​នៃ​កុលសម្ព័ន្ធ​ទាំង​១២​នៃ​ជន​ជាតិ​អ៊ីស្រាអែល​ពី​បុរាណ។ រ៉ាជែល​បាន​ជួប​អនាគត​ប្ដី​របស់​នាង កាល​ដែល​នាង​កំពុង​ឃ្វាល​ហ្វូង​ចៀម​របស់​ឪ​ពុក​នាង។ (លោកុប្បត្តិ ២៩:៩, ១០) នាង​មាន«រូប​ឆោម​លោម​ពណ៌​ស្រស់បស់​ល្អ​ណាស់» បើ​ប្រៀប​នឹង​លេអា​ជា​បង​ស្រី។—លោកុប្បត្តិ ២៩:១៧

 យ៉ាកុប​លង់​ស្រឡាញ់​រ៉ាជែល រហូត​ដល់​ព្រម​ធ្វើ​ការ​អស់​៧​ឆ្នាំ ដើម្បី​អាច​រៀប​ការ​ជា​មួយ​នាង។ (លោកុប្បត្តិ ២៩:១៨) ប៉ុន្តែ ឡាបាន់​បាន​បញ្ឆោត​យ៉ាកុប​ឲ្យ​រៀប​ការ​ជា​មួយ​នឹង​លេអា​ជា​មុន ក្រោយ​មក​ទើប​ឡាបាន់​អនុញ្ញាត​ឲ្យ​យ៉ាកុប​រៀប​ការ​ជា​មួយ​រ៉ាជែល។—លោកុប្បត្តិ ២៩:២៥​-​២៧

 យ៉ាកុប​ស្រឡាញ់​រ៉ាជែល​និង​កូន​ពីរ​នាក់​របស់​នាង​ច្រើន​ជាង​ស្រឡាញ់​លេអា​និង​កូនៗរបស់​នាង។ (លោកុប្បត្តិ ៣៧:៣; ៤៤:២០, ២៧​-​២៩) ជា​លទ្ធផល ស្ត្រី​ទាំង​ពីរ​នាក់​ចេះ​តែ​ប្រកួត​ប្រជែង​គ្នា។—លោកុប្បត្តិ ២៩:៣០; ៣០:១, ១៥

 តើ​យើង​អាច​ទាញ​មេ​រៀន​អ្វី​ពី​នាង? រ៉ាជែល​បាន​ស៊ូ​ទ្រាំ​នឹង​ស្ថានភាព​ពិបាក​ក្នុង​គ្រួសារ ដោយ​នៅ​តែ​មាន​សង្ឃឹម​ថា​ព្រះ​នឹង​ស្ដាប់​សេចក្ដី​អធិដ្ឋាន​របស់​នាង​មិន​ខាន។ (លោកុប្បត្តិ ៣០:២២​-​២៤) កំណត់​ហេតុ​អំពី​ជីវិត​របស់​នាង បង្ហាញ​ឲ្យ​ឃើញ​ថា​ការ​មាន​ប្រពន្ធ​ច្រើន​ក្នុង​ក្រុម​គ្រួសារ​មួយ គឺ​នាំ​ឲ្យ​មាន​ការ​ពិបាក​ខ្លាំង​ណាស់។ បទ​ពិសោធន៍​របស់​រ៉ាជែល​បង្ហាញ​នូវ​ប្រាជ្ញា​របស់​ព្រះ​ដែល​ជា​អ្នក​បង្កើត​ឲ្យ​មាន​ខ្នាត​តម្រា​អាពាហ៍​ពិពាហ៍ គឺ​ប្ដី​មួយ​មាន​ប្រពន្ធ​តែ​មួយ​ប៉ុណ្ណោះ។—ម៉ាថាយ ១៩:៤​-​៦

  •   ដើម្បី​ដឹង​ព័ត៌មាន​ថែម​ទៀត​អំពី​រ៉ាជែល សូម​មើល​អត្ថបទ​ជា«បង​ប្អូន​ស្រី​ពីរ​នាក់​ដែល​មាន​ទុក្ខ​ព្រួយ‹បាន​បង្កើត​ពួក​គ្រួ​អ៊ីស្រាអែល​ឡើង›»ភាសា​អង់គ្លេស។

  •   ដើម្បី​ស្វែង​យល់​នូវ​មូលហេតុ​ដែល​ព្រះ​អនុញ្ញាត​ឲ្យ​មាន​ប្រពន្ធ​ច្រើន​ក្នុង​ចំណោម​រាស្ត្រ​លោក​នា​សម័យ​បុរាណ សូម​មើល​អត្ថបទ«តើ​ព្រះ​ពេញ​ចិត្ត​នឹង​ការ​មាន​ប្រពន្ធ​ច្រើន​ឬ​ទេ?»ជា​ភាសា​អង់គ្លេស។

  រ៉ាហាប

 តើ​រ៉ាហាប​ជា​អ្នក​ណា? នាង​ជា​ស្ត្រី​ពេស្យា​រស់​នៅ​ក្រុង​យេរីខូ​ក្នុង​ស្រុក​កាណាន ហើយ​នាង​បាន​ក្លាយ​ទៅ​ជា​អ្នក​គោរព​ប្រណិប័តន៍​ព្រះយេហូវ៉ា។

 តើ​នាង​បាន​ធ្វើ​អ្វី​ខ្លះ? រ៉ាហាប​បាន​លាក់​ជន​ជាតិ​អ៊ីស្រាអែល​ពីរ​នាក់​ដែល​មក​ស៊ើបការណ៍​ក្នុង​ស្រុក​កាណាន។ នាង​បាន​ធ្វើ​ដូច្នេះ ដោយ​សារ​នាង​បាន​ឮ​អំពី​របៀប​ដែល​ព្រះយេហូវ៉ា​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល បាន​សង្គ្រោះ​រាស្ត្រ​របស់​លោក​ចេញ​ពី​ស្រុក​អេស៊ីប និង​ក្រោយ​មក​បាន​វាយ​ប្រហារ​កុលសម្ព័ន្ធ​មួយ​ដែល​ហៅ​ថា​អាម៉ូរី។

 រ៉ាហាប​បាន​ជួយ​ពួក​អ្នក​ស៊ើបការណ៍​នោះ ហើយ​អង្វរ​ពួក​គេ​ឲ្យ​ទុក​ជីវិត​នាង​និង​ក្រុម​គ្រួសារ​នាង ពេល​ដែល​ជន​ជាតិ​អ៊ីស្រាអែល​មក​បំផ្លាញ​ក្រុង​យេរីខូ។ ពួក​គេ​បាន​យល់​ព្រម តែ​មាន​ល័ក្ខខ័ណ្ឌ​ខ្លះ គឺ​នាង​មិន​ត្រូវ​ប្រាប់​អ្នក​ឯ​ទៀត​អំពី​ការ​មក​ស៊ើបការណ៍​របស់​ពួក​គេ​ទេ ហើយ​ពេល​ដែល​ជន​ជាតិ​អ៊ីស្រាអែល​ចូល​មក​វាយ​ប្រហារ​ក្រុង​នេះ នាង​និង​ក្រុម​គ្រួសារ​ត្រូវ​នៅ​ខាង​ក្នុង​ផ្ទះ បន្ថែម​ទៀត​នាង​ត្រូវ​ចង​ខ្សែ​ក្រហម​នៅ​បង្អួច​ដើម្បី​សម្គាល់​ថា​ជា​ផ្ទះ​របស់​នាង។ រ៉ាហាប​បាន​ស្ដាប់​តាម​ការ​ណែនាំ​ទាំង​អស់ ហើយ​នាង​និង​ក្រុម​គ្រួសារ​បាន​រួច​ជីវិត ពេល​ដែល​ជន​ជាតិ​អ៊ីស្រាអែល​ដណ្ដើម​បាន​ក្រុង​យេរីខូ។

 ក្រោយ​មក រ៉ាហាប​បាន​រៀប​ការ​ជា​មួយ​នឹង​ជន​ជាតិ​អ៊ីស្រាអែល ហើយ​បាន​ក្លាយ​ជា​បុព្វ​បុរស​របស់​ស្ដេច​ដាវីឌ និង​លោក​យេស៊ូ​គ្រិស្ត។—យ៉ូស្វេ ២:១​-​២៤; ៦:២៥; ម៉ាថាយ ១:៥, ៦, ១៦

 តើ​យើង​អាច​ទាញ​មេ​រៀន​អ្វី​ពី​នាង? គម្ពីរ​បញ្ជាក់​ថា​រ៉ាហាប​ជា​គំរូ​ដ៏​អស្ចារ្យ​ស្ដី​អំពី​ជំនឿ។ (ហេប្រឺ ១១:៣០, ៣១; យ៉ាកុប ២:២៥) កំណត់​ហេតុ​អំពី​នាង បង្ហាញ​ថា​ព្រះយេហូវ៉ា​តែង​តែ​អភ័យ​ទោស និង​មិន​រើស​មុខ​ឡើយ។ លោក​ឲ្យ​ពរ​ដល់​អស់​អ្នក​ដែល​ទុក​ចិត្ត​លោក ទោះ​ជា​ពួក​គេ​មក​ពី​មជ្ឈដ្ឋាន​ណា​ក៏​ដោយ។

  •   ដើម្បី​ដឹង​ព័ត៌មាន​ថែម​ទៀត​អំពី​រ៉ាហាប សូម​មើល​អត្ថបទ«នាង‹បាន​ត្រូវ​ប្រកាស​ថា​ជា​មនុស្ស​សុចរិត​ដោយ​សារ​ការ​ប្រព្រឹត្ត›»ជា​ភាសា​អង់គ្លេស។

  រេបិកា

 តើ​រេបិកា​ជា​អ្នក​ណា? នាង​ជា​ប្រពន្ធ​របស់​អ៊ីសាក និង​ជា​ម្ដាយ​របស់​យ៉ាកុប​និង​អេសាវ​ដែល​ជា​កូន​ភ្លោះ។

 តើ​នាង​បាន​ធ្វើ​អ្វី​ខ្លះ? រេបិកា​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ ទោះ​ជា​ការ​ធ្វើ​ដូច្នោះ​ពិបាក​ក្ដី។ ពេល​ដែល​នាង​កំពុង​ដង​ទឹក​ពី​អណ្ដូង បុរស​ម្នាក់​បាន​សុំ​ទឹក​នាង​ពិសា។ ភ្លាម​នោះ រេបិកា​បាន​ឲ្យ​ទឹក​គាត់​ពិសា ហើយ​នាង​ក៏​បាន​សុំ​ដង​ទឹក​ឲ្យ​សត្វ​អូដ្ឋ​របស់​បុរស​នោះ​ផឹក​ដែរ។ (លោកុប្បត្តិ ២៤:១៥​-​២០) បុរស​នោះ​ជា​អ្នក​បម្រើ​របស់​អាប្រាហាំ។ គាត់​បាន​ធ្វើ​ដំណើរ​យ៉ាង​ឆ្ងាយ​ដើម្បី​ស្វែង​រក​ប្រពន្ធ​ឲ្យ​អ៊ីសាក​ជា​កូន​របស់​អាប្រាហាំ។ (លោកុប្បត្តិ ២៤:២​-​៤) គាត់​ក៏​បាន​អធិដ្ឋាន​សុំ​ពរ​ពី​ព្រះ​ដែរ។ ពេល​គាត់​ឃើញ​ការ​ឧស្សាហ៍​ខ្នះ​ខ្នែង​និង​ការ​រាក់​ទាក់​របស់​រេបិកា គាត់​បាន​យល់​ថា​ព្រះ​បាន​តប​ឆ្លើយ​នឹង​សេចក្ដី​អធិដ្ឋាន​របស់​គាត់ ដោយ​បង្ហាញ​ថា​នាង​ជា​ស្ត្រី​ដែល​លោក​បាន​ជ្រើស​រើស​ឲ្យ​អ៊ីសាក​មែន។—លោកុប្បត្តិ ២៤:១០​-​១៤, ២១, ២៧

 ពេល​រេបិកា​បាន​ដឹង​មូលហេតុ​ដែល​អ្នក​បម្រើ​នោះ​បាន​មក នាង​ក៏​យល់​ព្រម​ធ្វើ​ដំណើរ​ទៅ​ជា​មួយ​នឹង​គាត់ ហើយ​បាន​ក្លាយ​ទៅ​ជា​ប្រពន្ធ​របស់​អ៊ីសាក។ (លោកុប្បត្តិ ២៤:៥៧​-​៥៩) ក្រោយ​មក រេបិកា​សម្រាល​បាន​កូន​ប្រុស​ភ្លោះ​ពីរ​នាក់។ ព្រះ​បាន​បង្ហាញ​ឲ្យ​នាង​ដឹង​ថា អេសាវ​ជា​កូន​បង​នឹង​បម្រើ​យ៉ាកុប​ជា​កូន​ប្អូន។ (លោកុប្បត្តិ ២៥:២៣) ពេល​អ៊ីសាក​រៀប​ចំ​ឲ្យ​ពរ​ដល់​អេសាវ​ជា​កូន​ច្បង រេបិកា​បាន​ធ្វើ​អ្វី​ផ្សេងៗ ដើម្បី​ឲ្យ​ប្រាកដ​ថា​យ៉ាកុប​ជា​អ្នក​ទទួល​ពរ​នោះ​វិញ ព្រោះ​នោះ​ស្រប​តាម​អ្វី​ដែល​នាង​បាន​ដឹង​ថា​ជា​បំណង​ប្រាថ្នា​របស់​ព្រះ។—លោកុប្បត្តិ ២៧:១​-​១៧

 តើ​យើង​អាច​ទាញ​មេ​រៀន​អ្វី​ពី​នាង? រេបិកា​មាន​ចិត្ត​សុភាព​រាប​ទាប ឧស្សាហ៍​ព្យាយាម និង​មាន​ចិត្ត​រាក់​ទាក់។ គុណ​សម្បត្តិ​ទាំង​នេះ​ជួយ​ឲ្យ​នាង​ធ្វើ​ជា​ប្រពន្ធ​ល្អ ម្ដាយ​ល្អ និង​ជា​អ្នក​គោរព​ប្រណិប័តន៍​ដ៏​ស្មោះ​ត្រង់​ចំពោះ​ព្រះ​ពិត។

  •   ដើម្បី​ដឹង​ព័ត៌មាន​ថែម​ទៀត​អំពី​រេបិកា សូម​មើល​អត្ថបទ«ខ្ញុំ​ព្រម​ទៅ»។

  រូថ

 តើ​រូថ​ជា​អ្នក​ណា? នាង​ជា​ជន​ជាតិ​ម៉ូអាប់។ នាង​បាន​ឈប់​គោរព​បូជា​ព្រះ​របស់​ខ្លួន និង​ចាក​ចេញ​ពី​ស្រុក​កំណើត ដើម្បី​ក្លាយ​ជា​អ្នក​គោរព​ប្រណិប័តន៍​ព្រះយេហូវ៉ា​នៅ​ស្រុក​អ៊ីស្រាអែល។

 តើ​នាង​បាន​ធ្វើ​អ្វី​ខ្លះ? រូថ​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​យ៉ាង​ធំ​ធេង​ចំពោះ​ន៉ាអូមី​ដែល​ជា​ម្ដាយ​ក្មេក។ នៅ​គ្រា​ដែល​មាន​ការ​អត់​ឃ្លាន​នៅ​ស្រុក​អ៊ីស្រាអែល ន៉ាអូមី​និង​ប្ដី​របស់​នាង ព្រម​ទាំង​កូន​ប្រុស​ពីរ​នាក់ បាន​ទៅ​រស់​នៅ​ស្រុក​ម៉ូអាប់​ដើម្បី​រួច​ផុត​ពី​ការ​អត់​ឃ្លាន។ ក្រោយ​មក កូន​ប្រុស​ពីរ​នាក់​របស់​នាង​បាន​រៀប​ការ​ជា​មួយ​នឹង​ស្ត្រីជន​ជាតិ​ម៉ូអាប់ គឺ​រូថ​និង​អ័រប៉ា។ ប៉ុន្តែ មិន​យូរ​ក្រោយ​មក​ប្ដី​របស់​ន៉ាអូមី និង​កូន​ប្រុស​ពីរ​នាក់​របស់​នាង​បាន​ស្លាប់ ទុក​ឲ្យ​ស្ត្រី​ទាំង​បី​នាក់​នៅ​មេ​ម៉ាយ។

 ន៉ាអូមី​បាន​សម្រេច​ចិត្ត​ត្រឡប់​ទៅ​ស្រុក​អ៊ីស្រាអែល​វិញ ព្រោះ​នៅ​ទី​នោះ​លែង​មាន​ភាព​រាំង​ស្ងួត​ទៀត​ហើយ។ រូថ​និង​អ័រប៉ា​បាន​សម្រេច​ចិត្ត​ទៅ​ជា​មួយ​នឹង​ន៉ាអូមី​ដែរ។ ប៉ុន្តែ ន៉ាអូមី​សុំ​ឲ្យ​ពួក​គេ​ត្រឡប់​ទៅ​ឯ​សាច់​ញាតិ​របស់​ពួក​គេ​វិញ។ អ័រប៉ា​បាន​ត្រឡប់​ទៅ​វិញ។ (នាង​រស់ ១:១​-​៦, ១៥) ប៉ុន្តែ រូថ​បាន​បន្ត​នៅ​ជាប់​ជា​មួយ​នឹង​ម្ដាយ​ក្មេក​ដោយ​ស្មោះ​ភក្ដី។ នាង​ស្រឡាញ់​ន៉ាអូមី និង​ចង់​គោរព​ប្រណិប័តន៍​ព្រះយេហូវ៉ា​ជា​ព្រះ​របស់​ន៉ាអូមី​ដែរ។—នាង​រស់ ១:១៦, ១៧; ២:១១

 ដោយ​សារ​រូថ​ជា​កូន​ប្រសា​ដែល​ស្មោះ​ភក្ដី និង​ខំ​ធ្វើ​កិច្ច​ការ​យ៉ាង​នឿយ​ហត់ នោះ​នាង​ក៏​មាន​កេរ្ដិ៍​ឈ្មោះ​ល្អ​នៅ​ក្នុង​ក្រុង​បេថ្លេហិម​ជា​ស្រុក​កំណើត​របស់​ន៉ាអូមី។ នៅ​គ្រា​នោះ មាន​ម្ចាស់​ដី​ម្នាក់​ជា​អ្នក​មាន​ស្ដុក​ស្តម្ភ គាត់​ឈ្មោះ​បូអូស។ គាត់​បាន​នឹក​សរសើរ​រូថ​ជា​ខ្លាំង ហើយ​គាត់​បាន​ផ្ដល់​អាហារ​ដល់​នាង​និង​ន៉ាអូមី​ដោយ​ចិត្ត​ទូលាយ។ (នាង​រស់ ២:៥​-​៧, ២០) ក្រោយ​មក រូថ​បាន​រៀប​ការ​ជា​មួយ​នឹង​បូអូស ហើយ​ក្លាយ​ទៅ​ជា​បុព្វ​បុរស​របស់​ស្ដេច​ដាវីឌ និង​លោក​យេស៊ូ​គ្រិស្ត​។—ម៉ាថាយ ១:៥, ៦, ១៦

 តើ​យើង​អាច​ទាញ​មេ​រៀន​អ្វី​ពី​នាង? ដោយ​សារ​សេចក្ដី​ស្រឡាញ់​ចំពោះ​ន៉ាអូមី​និង​ព្រះយេហូវ៉ា រូថ​សុខ​ចិត្ត​ចាក​ចេញ​ពី​ផ្ទះ​និង​ក្រុម​គ្រួសារ​របស់​នាង។ នាង​ខំ​ធ្វើ​ការ​យ៉ាង​នឿយ​ហត់ មាន​ភក្ដី​ភាព និង​ស្មោះ​ត្រង់ ទោះ​ជា​នាង​មាន​ការ​ពិបាក​ជា​ច្រើន​ក៏​ដោយ។

  •   ដើម្បី​ដឹង​ព័ត៌មាន​ថែម​ទៀត​អំពី​រូថ សូម​មើល​អត្ថបទ«កន្លែង​ណា​ដែល​អ្នក​ម្ដាយ​អញ្ជើញ​ទៅ នោះ​ខ្ញុំ​នឹង​ទៅ​តាម»និង​អត្ថបទ«នាង​ជា​ស្ត្រី​ល្អ​ត្រឹម​ត្រូវ​ណាស់»ជា​ភាសា​អង់គ្លេស។

  សារ៉ា

 តើ​សារ៉ា​ជា​អ្នក​ណា? នាង​ជា​ប្រពន្ធ​របស់​អាប្រាហាំ និង​ជា​ម្ដាយ​របស់​អ៊ីសាក។

 តើ​នាង​បាន​ធ្វើ​អ្វី​ខ្លះ? សារ៉ា​បាន​លះ​បង់​ជីវិត​ស្រណុក​សុខ​ស្រួល​នៅ​ក្រុង​អ៊ើរ​ជា​ក្រុង​ដ៏​សម្បូរ​សប្បាយ ដោយ​សារ​នាង​មាន​ជំនឿ​លើ​សេចក្ដី​សន្យា​ដែល​ព្រះ​បាន​សន្យា​ជា​មួយ​នឹង​អាប្រាហាំ​ប្ដី​របស់​នាង។ ព្រះ​បាន​ប្រាប់​អាប្រាហាំ​ឲ្យ​ចាក​ចេញ​ពី​ក្រុង​អ៊ើរ ហើយ​ធ្វើ​ដំណើរ​ទៅ​ស្រុក​កាណាន។ ព្រះ​បាន​សន្យា​ថា​នឹង​ឲ្យ​ពរ​គាត់ និង​ធ្វើ​ឲ្យ​គាត់​ក្លាយ​ទៅ​ជា​ប្រជា​ជាតិ​ដ៏​ធំ​មួយ។ (លោកុប្បត្តិ ១២:១​-​៥) ពេល​នោះ​សារ៉ា​មាន​អាយុ​ប្រហែល​៦​០​ឆ្នាំ។ តាំង​ពី​ពេល​នោះ​មក សារ៉ា​និង​ប្ដី​របស់​នាង​បាន​រស់​នៅ​ក្នុង​ត្រសាល ហើយ​រើ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ។

 ទោះ​ជា​ជីវិត​ផ្លាស់​លំនៅ​ច្រើន​ដង​ជា​របៀប​រស់​នៅ​ដែល​មាន​គ្រោះ​ថ្នាក់​ក៏​ដោយ នាង​បាន​គាំ​ទ្រ​អាប្រាហាំ ពេល​ដែល​គាត់​ធ្វើ​តាម​ការ​ណែនាំ​ពី​ព្រះ។ (លោកុប្បត្តិ ១២:១០, ១៥) អស់​ជា​ច្រើន​ឆ្នាំ សារ៉ា​មិន​មាន​កូន​ទេ នេះ​បាន​ធ្វើ​ឲ្យ​នាង​មាន​ទុក្ខ​ព្រួយ​ជា​ខ្លាំង។ ប៉ុន្តែ ព្រះ​បាន​សន្យា​ថា​ឲ្យ​ពរ​ដល់​កូន​ចៅ​របស់​អាប្រាហាំ។ (លោកុប្បត្តិ ១២:៧; ១៣:១៥; ១៥:១៨; ១៦:១, ២, ១៥) ក្រោយ​មក ព្រះ​បាន​សន្យា​ថា​សារ៉ា​នឹង​បង្កើត​កូន​ឲ្យ​អាប្រាហាំ។ នាង​បាន​សម្រាល​កូន ពេល​ដែល​នាង​ហួស​អាយុ​នឹង​មាន​កូន។ ពេល​នោះ នាង​មាន​អាយុ​៩​០​ឆ្នាំ ហើយ​ប្ដី​របស់​នាង​មាន​អាយុ​១០០​ឆ្នាំ។ (លោកុប្បត្តិ ១៧:១៧; ២១:២​-​៥) ពួក​គាត់​បាន​ដាក់​ឈ្មោះ​កូន​នោះ​ថា​អ៊ីសាក។

 តើ​យើង​អាច​ទាញ​មេ​រៀន​អ្វី​ពី​នាង? គំរូ​របស់​សារ៉ា​បង្រៀន​យើង​ថា យើង​អាច​ទុក​ចិត្ត​ព្រះ​ថា​លោក​តែង​តែ​សម្រេច​សេចក្ដី​សន្យា​របស់​លោក ទោះ​ជា​មើល​ទៅ​មិន​អាច​ទៅ​រួច​ក៏​ដោយ! (ហេប្រឺ ១១:១១) បន្ថែម​ទៅ​ទៀត គំរូ​របស់​នាង​ជា​ប្រពន្ធ​លើក​បញ្ជាក់​អំពី​សារៈសំខាន់​នៃ​ការ​ចុះ​ចូល​គោរព​ក្នុង​ចំណង​អាពាហ៍​ពិពាហ៍។—ពេត្រុស​ទី១ ៣:៥, ៦

  ស្ត្រី​ក្រមុំ​ពី​ភូមិ​ស៊ូឡាម

 តើ​ស្ត្រី​ក្រមុំ​ពី​ភូមិ​ស៊ូឡាម​ជា​អ្នក​ណា? នាង​ជា​ស្ត្រី​ជនបទ​ និង​ជា​តួ​អង្គ​សំខាន់​ក្នុង​សៀវភៅ​គម្ពីរ​ដែល​ហៅ​ថា​បទ​ចម្រៀង​សាឡូម៉ូន។ គម្ពីរ​មិន​បាន​ប្រាប់​អំពី​ឈ្មោះ​របស់​នាង​ទេ។

 តើ​នាង​បាន​ធ្វើ​អ្វី​ខ្លះ? ស្ត្រី​ក្រមុំ​ពី​ភូមិ​ស៊ូឡាម​បាន​រក្សា​ភក្ដី​ភាព​ចំពោះ​យុវជន​គង្វាល​ដែល​នាង​ស្រឡាញ់។ (បទ​ចម្រៀង​សាឡូម៉ូន ២:១៦) នាង​មាន​រូប​សម្រស់​ស្រស់​ស្អាត​ណាស់ ហេតុ​នេះ​ហើយ​បាន​ជា​ស្ដេច​សាឡូម៉ូន​ដែល​ជា​អ្នក​មាន​ស្ដុក​ស្តម្ភ ចាប់​ចិត្ត​ស្រឡាញ់​នាង ហើយ​គាត់​ខំ​ព្យាយាម​ធ្វើ​ឲ្យ​នាង​ស្រឡាញ់​គាត់​វិញ។ (បទ​ចម្រៀង​សាឡូម៉ូន ៧:៦) ទោះ​ជា​អ្នក​ឯ​ទៀត​បាន​ជំរុញ​ចិត្ត​នាង​ឲ្យ​ជ្រើស​រើស​សាឡូម៉ូន​ក៏​ដោយ តែ​នាង​មិន​ព្រម​ធ្វើ​តាម​ពួក​គេ​ទេ។ នាង​ស្រឡាញ់​យុវជន​គង្វាល​ក្រី​ក្រ ហើយ​ស្មោះ​ស្ម័គ្រ​នឹង​គាត់​ជា​និច្ច។—បទ​ចម្រៀង​សាឡូម៉ូន ៣:៥; ៧:១០; ៨:៦

 តើ​យើង​អាច​ទាញ​មេ​រៀន​អ្វី​ពី​នាង? នាង​មាន​ចិត្ត​សុភាព​រាប​ទាប ទោះ​ជា​នាង​មាន​រូប​សម្រស់​ស្រស់​ស្អាត និង​មាន​គេ​ស្រឡាញ់​ច្រើន​ក៏​ដោយ។ នាង​មិន​អនុញ្ញាត​ឲ្យ​ទ្រព្យ​សម្បត្តិ ការ​ល្បី​ល្បាញ និង​ការ​បង្ខិត​បង្ខំ​ពី​មនុស្ស​ដែល​មាន​អាយុ​ស្រករ​គ្នា ធ្វើ​ឲ្យ​នាង​ឈប់​ស្រឡាញ់​យុវជន​គង្វាល​ឡើយ។ នាង​ចេះ​គ្រប់​គ្រង​អារម្មណ៍​របស់​ខ្លួន ហើយ​រក្សា​ភាព​បរិសុទ្ធ​ខាង​សីលធម៌។

  ប្រពន្ធ​របស់​ឡុត

 តើ​ប្រពន្ធ​របស់​ឡុត​ជា​អ្នក​ណា? គម្ពីរ​មិន​បាន​រៀប​រាប់​អំពី​ឈ្មោះ​នាង​ទេ។ ប៉ុន្តែ គម្ពីរ​ប្រាប់​យើង​ថា​នាង​មាន​កូន​ស្រី​ពីរ​នាក់ ហើយ​ប្រាប់​ថា​នាង​និង​គ្រួសារ​នាង​រស់​នៅ​ក្រុង​សូដុម។—លោកុប្បត្តិ ១៩:១, ១៥

 តើ​នាង​បាន​ធ្វើ​អ្វី​ខ្លះ? នាង​មិន​បាន​ស្ដាប់​បង្គាប់​ព្រះ​ទេ។ ព្រះ​បាន​សម្រេច​ចិត្ត​បំផ្លាញ​ក្រុង​សូដុម​និង​ក្រុង​ទាំង​ប៉ុន្មាន​ដែល​នៅ​ជុំ​វិញ ព្រោះ​តែ​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​ដ៏​ស្មោក​គ្រោក​របស់​អ្នក​ក្រុង​នោះ។ ដោយ​សារ​ព្រះ​ស្រឡាញ់​ឡុត​ជា​មនុស្ស​សុចរិត​និង​ក្រុម​គ្រួសារ​របស់​គាត់ នោះ​លោក​បាន​ចាត់​ទេវតា​ពីរ​រូប​ឲ្យ​ទៅ​នាំ​ពួក​គេ​ចេញ​ពី​ក្រុង​សូដុម​ដោយ​សុវត្ថិភាព។—លោកុប្បត្តិ ១៨:២០; ១៩:១, ១២, ១៣

 ទេវតា​បាន​ប្រាប់​ក្រុម​គ្រួសារ​ឡុត​ឲ្យ​រត់​ចេញ​ពី​តំបន់​នោះ ហើយ​មិន​ត្រូវ​មើល​ក្រោយ​ឡើយ។ បើ​ពុំ​នោះ​ទេ ពួក​គេ​នឹង​ស្លាប់​មិន​ខាន។ (លោកុប្បត្តិ ១៩:១៧) ឯ​ប្រពន្ធ​របស់​ឡុត គាត់​ក៏‹ងាក​បែរ​មើល​ទៅ​ក្រោយ នោះ​ស្រាប់​តែ​ទៅ​ជា​បង្គោល​អំបិល​ទៅ›។—លោកុប្បត្តិ ១៩:២៦

 តើ​យើង​អាច​ទាញ​មេ​រៀន​អ្វី​ពី​នាង? កំណត់​ហេតុ​អំពី​ប្រពន្ធ​របស់​ឡុត​បាន​បញ្ជាក់​នូវ​គ្រោះ​ថ្នាក់ ដែល​មក​ពី​ការ​ស្រឡាញ់​វត្ថុ​ទ្រព្យ​ជា​ខ្លាំង រហូត​ដល់​លែង​ស្ដាប់​បង្គាប់​ព្រះ។ លោក​យេស៊ូ​បាន​លើក​បញ្ជាក់​គំរូ​របស់​នាង​ទុក​ជា​ការ​ព្រមាន។ លោក​មាន​ប្រសាសន៍​ថា៖«ចូរ​អ្នក​រាល់​គ្នា​នឹក​ចាំ​ពី​ប្រពន្ធ​របស់​ឡុត»។—លូកា ១៧:៣២

 តារាង​ពេល​វេលា​អំពី​ស្ត្រី​ក្នុង​គម្ពីរ

  1.  អេវ៉ា

  2. ទឹក​ជំនន់ (ឆ្នាំ​២៣៧០ មុន​គ.ស.)

  3.  សារ៉ា

  4.  ប្រពន្ធ​របស់​ឡុត

  5.  រេបិកា

  6.  លេអា

  7.  រ៉ាជែល

  8. ការ​ចាក​ចេញ​ពី​ស្រុក​អេស៊ីប (ឆ្នាំ​១៥​១៣ មុន​គ.ស.)

  9.  ម៉ារាម

  10.  រ៉ាហាប

  11.  រូថ

  12.  ដេបូរ៉ា

  13.  យ៉ាអែល

  14.  ដេលីឡា

  15.  ហាណា

  16. ស្ដេច​ទី១​របស់​ជន​ជាតិ​អ៊ីស្រាអែល (ឆ្នាំ​១១​១៧ មុន​គ.ស.)

  17.  អ័ប៊ីកែល

  18.  ស្ត្រី​ក្រមុំ​ពី​ភូមិ​ស៊ូឡាម

  19.  យេសេបិល

  20.  អេសធើរ

  21.  ម៉ារៀ (ម្ដាយ​លោក​យេស៊ូ)

  22. ពេល​លោក​យេស៊ូ​ទទួល​ការ​ជ្រមុជ​ទឹក (ឆ្នាំ​២​៩ គ.ស.)

  23.  ម៉ាថា

  24.  ម៉ារៀ (បង​ប្អូន​របស់​ម៉ាថា​និង​ឡាសា)

  25.  ម៉ារៀ ម៉ាក់ដាឡេន

  26. ពេល​លោក​យេស៊ូ​ស្លាប់ (ឆ្នាំ​៣​៣ គ.ស.)