លោតទៅអត្ថបទ

តើលោកយេស៊ូសង្គ្រោះយើងតាមរបៀបណា?

តើលោកយេស៊ូសង្គ្រោះយើងតាមរបៀបណា?

ចម្លើយ​ពី​គម្ពីរ

 ពេល​លោក​យេស៊ូ​បាន​ឲ្យ​ជីវិត​ខ្លួន​ជា​ថ្លៃ​លោះ លោក​បាន​សង្គ្រោះ​មនុស្ស​ដែល​មាន​ចិត្ត​ស្មោះ​ត្រង់។ (​ម៉ាថាយ ២០:២៨​) ហេតុ​នេះ​គម្ពីរ​ហៅ​លោក​យេស៊ូ​ថា​ជា​អ្នក​«​សង្គ្រោះ​ពិភព​លោក​»។ (​យ៉ូហាន​ទី​១ ៤:១៤​) គម្ពីរ​ក៏​ចែង​ដែរ​ថា​៖​«​គ្មាន​សេចក្ដី​សង្គ្រោះ​តាម​រយៈ​អ្នក​ណា​ទៀត​ឡើយ ព្រោះ​នៅ​ក្រោម​មេឃ គ្មាន​នាម​ណា​ផ្សេង​ទៀត​ដែល​ព្រះ​បាន​ផ្ដល់​ក្នុង​ចំណោម​មនុស្សជាតិ​ឲ្យ​យើង​រាល់​គ្នា​ទទួល​សេចក្ដី​សង្គ្រោះ​ទេ​»។—សកម្មភាព ៤:១២

 លោក​យេស៊ូ​«​ឆ្លង​កាត់​សេចក្ដី​ស្លាប់​ជា​ប្រយោជន៍​ដល់​មនុស្ស​គ្រប់​រូប​»​ដែល​បង្ហាញ​ជំនឿ​លើ​លោក។ (​ហេប្រឺ ២:៩; យ៉ូហាន ៣:១៦​) ក្រោយ​មក ​«​ព្រះ​បាន​ប្រោស​លោក​ឲ្យ​រស់​ឡើង​វិញ​»​ ហើយ​លោក​បាន​ត្រឡប់​ទៅ​ស្ថាន​សួគ៌​ជា​បុគ្គល​វិញ្ញាណ។ (​សកម្មភាព ៣:១៥​) នៅ​ទី​នោះ លោក​យេស៊ូ​អាច​«​សង្គ្រោះ​យ៉ាង​ពេញ​លេញ​អ្នក​ដែល​ចូល​ទៅ​ជិត​ព្រះ​តាម​រយៈ​លោក ពី​ព្រោះ​លោក​មាន​ជីវិត​រស់​នៅ​ជា​រៀង​រហូត​ដើម្បី​អង្វរ​ជំនួស​ពួក​គេ​»។—ហេប្រឺ ៧:២៥

ហេតុ​អ្វី​យើង​ត្រូវ​ការ​ឲ្យ​លោក​យេស៊ូ​អង្វរ​ជំនួស​យើង?

 យើង​គ្រប់​គ្នា​មាន​ភាព​ខុស​ឆ្គង។ (​រ៉ូម ៣:២៣​) ភាព​ខុស​ឆ្គង​មាន​ឥទ្ធិពល​លើ​ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​នឹង​ព្រះ ហើយ​នាំ​មក​នូវ​សេចក្ដី​ស្លាប់។ (​រ៉ូម ៦:២៣​) លោក​យេស៊ូ​គឺ​ជា​អ្នក​«​ជួយ​»​អស់​អ្នក​ដែល​មាន​ជំនឿ​លើ​ថ្លៃ​លោះ​ដែល​លោក​បាន​ផ្ដល់។ (​យ៉ូហាន​ទី​១ ២:១​) លោក​អង្វរ​ជំនួស​ពួក​គេ​ដោយ​សុំ​ព្រះ​ស្ដាប់​សេចក្ដី​អធិដ្ឋាន​របស់​ពួក​គេ ហើយ​អភ័យ​ទោស​អំពើ​ខុស​ឆ្គង​តាម​រយៈ​ថ្លៃ​លោះ។ (​ម៉ាថាយ ១:២១; រ៉ូម ៨:៣៤​) ព្រះ​ស្ដាប់​តាម​ការ​អង្វរ​ពី​លោក​យេស៊ូ​ពី​ព្រោះ​នេះ​គឺ​សម​ស្រប​តាម​គោល​បំណង​របស់​លោក។ ព្រះ​បាន​ចាត់​លោក​យេស៊ូ​ឲ្យ​មក​ផែនដី​«​ដើម្បី​ឲ្យ​ពិភព​លោក​អាច​ត្រូវ​សង្គ្រោះ​តាម​រយៈ​បុត្រ​របស់​លោក​»។—យ៉ូហាន ៣:១៧

តើ​ការ​មាន​ជំនឿ​លើ​លោក​យេស៊ូ​គ្រប់​គ្រាន់​ដើម្បី​ទទួល​សេចក្ដី​សង្គ្រោះ​ឬ​ទេ?

 អត់​ទេ។ ទោះ​បី​ជា​យើង​ត្រូវ​ជឿ​លើ​លោក​យេស៊ូ​ដើម្បី​ទទួល​សេចក្ដី​សង្គ្រោះ​ក៏​ដោយ យើង​ត្រូវ​ធ្វើ​លើស​ពី​នេះ​ទៅ​ទៀត។ (​សកម្មភាព ១៦:៣០, ៣១​) គម្ពីរ​ចែង​ថា​៖ ​«​ជំនឿ​ដែល​គ្មាន​ការ​ប្រព្រឹត្ត​គឺ​ស្លាប់​ហើយ ដូច​រូប​កាយ​ដែល​គ្មាន​កម្លាំង​ជីវិត​ក៏​ស្លាប់​ដែរ​»។ (​យ៉ាកុប ២:២៦​) បើ​យើង​ចង់​ទទួល​សេចក្ដី​សង្គ្រោះ យើង​ត្រូវ​តែ:

  •   រៀន​អំពី​លោក​យេស៊ូ​និង​បិតា​របស់​លោក ព្រះ​យេហូវ៉ា។—យ៉ូហាន ១៧:៣

  •   ពង្រឹង​ជំនឿ​លើ​លោក​ទាំង​ពីរ។—យ៉ូហាន ១២:៤៤; ១៤:១

  •   បង្ហាញ​ជំនឿ​របស់​យើង​ដោយ​ធ្វើ​តាម​បញ្ញត្តិ​ផ្សេង​ៗ​ក្នុង​គម្ពីរ។ (​លូកា ៦:៤៦; យ៉ូហាន​ទី​១ ២:១៧​) លោក​យេស៊ូ​បាន​បង្រៀន​ថា​មិន​មែន​អស់​អ្នក​ដែល​ហៅ​លោក​ថា​«​លោក​ម្ចាស់​»​នឹង​ទទួល​សេចក្ដី​សង្គ្រោះ​ឡើយ ។ មាន​តែ​អស់​អ្នក​ដែល​«​ធ្វើ​តាម​បំណង​ប្រាថ្នា​នៃ​បិតា[​របស់​លោក​]ដែល​ស្ថិត​នៅ​ស្ថាន​សួគ៌​វិញ​»។—ម៉ាថាយ ៧:២១

  •   បន្ត​បង្ហាញ​ជំនឿ​របស់​យើង សូម្បី​តែ​នៅ​ពេល​ដែល​យើង​ជួប​ប្រទះ​នឹង​ការ​ពិបាក​ផ្សេង​ៗ​ក្ដី។ លោក​យេស៊ូ​បាន​បញ្ជាក់​ចំណុច​នេះ​ពេល​លោក​មាន​ប្រសាសន៍​ថា​៖ ​«​អ្នក​ណា​ដែល​ស៊ូ​ទ្រាំ​រហូត​ដល់​ទី​បញ្ចប់ អ្នក​នោះ​នឹង​ត្រូវ​សង្គ្រោះ​»។—ម៉ាថាយ ២៤:១៣