លោតទៅអត្ថបទ

សំណួរ​ពី​យុវវ័យ

តើ​ខ្ញុំ​គួរ​ធ្វើ​យ៉ាង​ណា​បើ​ឪពុក​ម្ដាយ​មិន​អនុញ្ញាត​ឲ្យ​ខ្ញុំ​ប្រើ​ប្រាស់​បណ្ដាញ​សង្គម?

តើ​ខ្ញុំ​គួរ​ធ្វើ​យ៉ាង​ណា​បើ​ឪពុក​ម្ដាយ​មិន​អនុញ្ញាត​ឲ្យ​ខ្ញុំ​ប្រើ​ប្រាស់​បណ្ដាញ​សង្គម?

 ប្រហែល​មិត្ត​ភក្តិ​ទាំង​អស់​របស់​ប្អូន​ប្រើ​បណ្ដាញ​សង្គម ហើយ​ពួក​គេ​តែង​តែ​និយាយ​អំពី​វា​រាល់​ដង។ ពួក​គេ​ប្រហែល​ជា​សើច​ចំអក​ឲ្យ​ប្អូន ដោយ​សារ​តែ​ប្អូន​មិន​លេង​បណ្ដាញ​សង្គម។ តើ​ប្អូន​គួរ​ដឹង​អ្វី​ខ្លះ​អំពី​បណ្ដាញ​សង្គម? តើ​ប្អូន​អាច​ធ្វើ​យ៉ាង​ណា​អំពី​នេះ?

អ្វី​ដែល​ប្អូន​គួរ​ដឹង

 មិន​មែន​មាន​តែ​ប្អូន​ទេ​ដែល​មិន​ប្រើ​បណ្ដាញ​សង្គម។ ឪពុក​ម្ដាយ​ជា​ច្រើន​មិន​អនុញ្ញាត​ឲ្យ​កូន​របស់​ពួក​គាត់​ប្រើ​បណ្ដាញ​សង្គម​ទេ។ ពួក​គាត់​ប្រហែល​ជា​ទទួល​ស្គាល់​ថា​នោះ​នាំ​ឲ្យ​មាន​ផល​វិបាក​ជា​ច្រើន ដូច​ជា​៖

  •   មាន​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​និង​បញ្ហា​ផ្លូវ​ចិត្ត។

  •   ឃើញ​រូប​អាសអាភាស ទទួល​សារ​ទម្រង់​អាសអាភាស ហើយ​ត្រូវ​គេ​ប្រមាថ​មើល​ងាយ​និង​ធ្វើ​បាប​តាម​អ៊ីនធឺណិត។

  •   មាន​ការ​យល់​ច្រឡំ​ច្រើន​ជា​មួយ​មិត្ត​ភក្តិ។

 យុវវ័យ​ជា​ច្រើន​បាន​សម្រេច​ចិត្ត​ឈប់​ប្រើ​បណ្ដាញ​សង្គម។ ពួក​គេ​ទទួល​ស្គាល់​ថា​បណ្ដាញ​សង្គម​មាន​ចំណុច​មិន​ល្អ ច្រើន​ជាង​ចំណុច​ល្អ។ សូម​ពិចារណា​បទ​ពិសោធន៍​ពិត​ដូច​ខាង​ក្រោម​៖

  •   ប្អូន​ព្រីស៊ីឡា​ឃើញ​ថា​បណ្ដាញ​សង្គម​ស៊ី​ពេល​វេលា​នាង​ច្រើន​ណាស់ ជា​ពិសេស​ពេល​វេលា​ដែល​នាង​អាច​ប្រើ​សម្រាប់​អ្វី​ដែល​មាន​ប្រយោជន៍​ជាង។

  •   ប្អូន​យេរេមី​មិន​ចូល​ចិត្ត​បណ្ដាញ​សង្គម ​ព្រោះ​គាត់​មិន​អាច​គ្រប់​គ្រង​ព័ត៌មាន​មិន​សមរម្យ​កុំ​ឲ្យ​លេច​មក​ក្នុង​គណនី​របស់​គាត់។

  •   ប្អូន​បេថានី​បាន​ឃើញ​ថា​បណ្ដាញ​សង្គម ​ធ្វើ​ឲ្យ​នាង​គិត​ច្រើន​ពេក​អំពី​អ្វី​ដែល​អ្នក​ឯ​ទៀត​កំពុង​ធ្វើ។

 ប្អូន​សៀ​រ៉ាបាន​រៀប​រាប់​ថា​៖​«​ខ្ញុំ​សម្រេច​ចិត្ត​លុប​កម្ម​វិធី​បណ្ដាញ​សង្គម​ចោល ខ្ញុំ​សប្បាយ​ណាស់​ដែល​ខ្ញុំ​បាន​ធ្វើ​ដូច្នេះ។ ខ្ញុំ​មិន​នឹក​នា​ពី​វា​សោះ ហើយ​ខ្ញុំ​មាន​ពេល​ច្រើន​ជាង​ដើម្បី​ផ្ដោត​អារម្មណ៍​ទៅ​លើ​អ្វី​ដែល​សំខាន់​បំផុត​ចំពោះ​ខ្ញុំ​»។

 ប្អូន​ខេត​បាន​រៀប​រាប់​ថា​៖​«​បណ្ដាញ​សង្គម​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ខ្ញុំ​ញៀន​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ធ្វើ​ឲ្យ​ខ្ញុំ​ចេះ​តែ​គិត​អំពី​ចំនួន​អ្នក​ចូល​ចិត្ត​អ្វី​ដែល​ខ្ញុំ​បង្ហោះ។ ដំបូង​ខ្ញុំ​ពិបាក​លុប​គណនី​របស់​ខ្ញុំ​ចោល តែ​ពេល​លុប​ហើយ ខ្ញុំ​មាន​អារម្មណ៍​ធូរ​ជាង ហើយ​ក៏​សប្បាយ​ជាង​ដែរ​»។

អ្វី​ដែល​ប្អូន​អាច​ធ្វើ

 គោរព​វិន័យ​របស់​ឪពុក​ម្ដាយ។ សូម​បង្ហាញ​ឲ្យ​ពួក​គាត់​ឃើញ​ថា​ប្អូន​មាន​ភាព​ចាស់​ទុំ​ល្មម​ក្នុង​ការ​ធ្វើ​តាម​វិន័យ​របស់​ពួក​គាត់​ដោយ​មិន​ខឹង​ឬ​ត្អូញត្អែរ​ឡើយ។

 គោល​ការណ៍​គម្ពីរ​៖ ​«​មនុស្ស​ល្ងី​ល្ងើ​បញ្ចេញ​កំហឹង​របស់​ខ្លួន​មក​ទាំង​អស់ ប៉ុន្តែ អ្នក​ដែល​មាន​ប្រាជ្ញា​ចេះ​ទប់​អារម្មណ៍​របស់​ខ្លួន​ជា​និច្ច​»។—សុភាសិត ២៩:១១

 អ្នក​ខ្លះ​ប្រហែល​ជា​លើក​ទឹក​ចិត្ត​ប្អូន​ឲ្យ​ប្រើ​បណ្ដាញ​សង្គម​ដោយ​មិន​ឲ្យ​ឪពុក​ម្ដាយ​ដឹង ឬ​ដាក់​ឈ្មោះ​ផ្សេង។ ការ​ធ្វើ​ដូច្នោះ​មិន​មែន​ជា​ការ​ឈ្លាស​វៃ​ឡើយ! ការ​បិទ​បាំង​បែប​នោះ​នឹង​ធ្វើ​ឲ្យ​ប្អូន​ខ្វល់​ចិត្ត​ហើយ​មាន​អារម្មណ៍​មិន​ស្រួល។ ម្យ៉ាង​ទៀត បើ​ពួក​គាត់​ដឹង ប្អូន​នឹង​មាន​បញ្ហា ហើយ​ពួក​គាត់​នឹង​លែង​ទុក​ចិត្ត​ប្អូន​ទៀត។

 គោល​ការណ៍​គម្ពីរ​៖ ​«​យើង​ចង់​ធ្វើ​ការ​ទាំង​អស់​ដោយ​ទៀង​ត្រង់​»។—ហេប្រឺ ១៣:១៨

 ធ្វើ​ការ​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង។ ដូច​យុវវ័យ​ដែល​បាន​រៀប​រាប់​នៅ​ខាង​ដើម ប្អូន​អាច​គិត​អំពី​មូលហេតុ​ផ្សេង​ៗ​ដែល​ប្អូន​មិន​គួរ​ប្រើ​បណ្ដាញ​សង្គម។ បើ​ប្អូន​ឃើញ​ច្បាស់​ថា​ការ​ប្រើ​បណ្ដាញ​សង្គម​មិន​មាន​ឥទ្ធិពល​ល្អ ប្អូន​ផ្ទាល់​អាច​សម្រេច​ចិត្ត​មិន​ប្រើ​ប្រាស់​វា មិន​មែន​ដោយ​សារ​ឪពុក​ម្ដាយ​មិន​អនុញ្ញាត​នោះ​ទេ។ បើ​ប្អូន​ធ្វើ​ដូច្នេះ ពេល​មិត្ត​ភក្តិ​នៅ​សាលា​សួរ​ប្អូន​អំពី​រឿង​នោះ ប្អូន​នឹង​មិន​ខ្មាស​ប្រាប់​ពួក​គេ​ទេ ហើយ​ពួក​គេ​ទំនង​ជា​លែង​សើច​ចំអក​ឲ្យ​ប្អូន​ទៀត។

 សរុប​សេចក្ដី​៖ សូម​សហការ​ជា​មួយ​ឪពុក​ម្ដាយ ហើយ​រក​មើល​ចំណុច​ស្រប​គ្នា​ដើម្បី​ប្អូន​អាច​សម្រេច​ចិត្ត​ដូច​ពួក​គាត់​ដែរ។ យ៉ាង​ហោច​ណាស់​នៅ​ឥឡូវ​នេះ ប្អូន​អាច​រស់​នៅ​ដោយ​គ្មាន​បណ្ដាញ​សង្គម។