តើអ្នកណាបានបង្កើតអង្គការសាក្សីព្រះយេហូវ៉ា?
អង្គការសាក្សីព្រះយេហូវ៉ានៅសព្វថ្ងៃនេះបានកកើតនៅដើមសតវត្សរ៍ទី១៩។ នៅពេលនោះ និស្សិតគម្ពីរមួយក្រុមតូចដែលរស់នៅជិតទីក្រុងភិតបឺករដ្ឋប៉ិនស៊ីវ៉ានី នៅសហរដ្ឋអាម៉េរិក ចាប់ផ្ដើមវិភាគមើលគម្ពីរតាមប្រធានបទផ្សេងៗជាលំដាប់ ហើយប្រៀបធៀបសេចក្ដីបង្រៀនរបស់បណ្ដានិកាយគ្រិស្តសាសនាជាមួយអ្វីដែលគម្ពីរពិតជាបង្រៀន។ ពួកគេចាប់ផ្ដើមចុះកាសែតនិងបោះពុម្ពសៀវភៅផ្សេងៗអំពីអ្វីដែលពួកគេបានរៀន។ ក្នុងចំណោមសៀវភៅទាំងនោះ មានទស្សនាវដ្ដីដែលឥឡូវហៅថា ទស្សនាវដ្ដីប៉មយាម ប្រកាសរាជាណាចក្ររបស់ព្រះយេហូវ៉ា។
ក្នុងចំណោមនិស្សិតគម្ពីរចិត្តស្មោះទាំងនោះ មានបុរសម្នាក់ឈ្មោះឆាលថេសរ៉ាសិល។ ពិតមែនតែលោកឆាលរ៉ាសិលបាននាំមុខក្នុងកិច្ចការអប់រំអំពីគម្ពីរនៅសម័យនោះ ហើយនៅដើមដំបូងជាអ្នកទទួលខុសត្រូវចំពោះទស្សនាវដ្ដីប៉មយាម ប៉ុន្តែគាត់មិនមែនជាអ្នកបង្កើតសាសនាថ្មីមួយទេ។ គោលដៅរបស់លោកឆាលរ៉ាសិលនិងនិស្សិតគម្ពីរឯទៀតនៅសម័យនោះ គឺដើម្បីលើកស្ទួយសេចក្ដីបង្រៀនរបស់លោកយេស៊ូគ្រិស្ត ហើយធ្វើតាមគំរូរបស់ក្រុមជំនុំគ្រិស្តសាសនិកនៅសតវត្សរ៍ទី១។ ដោយសារលោកយេស៊ូជាអ្នកផ្ដើមគ្រិស្តសាសនា យើងចាត់ទុកលោកជាអ្នកផ្ដើមបង្កើតអង្គការរបស់យើង។—កូឡុស ១:១៨-២០