លោតទៅអត្ថបទ

ព្រឹត្តិការណ៍ដ៏សំខាន់ក្នុងប្រវត្តិសាស្ត្រ!

ការ​ចេញ​គម្ពីរ​បរិសុទ្ធ​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី

ព្រឹត្តិការណ៍ដ៏សំខាន់ក្នុងប្រវត្តិសាស្ត្រ!

នៅ​ថ្ងៃ​ទី​៣ ខែ​មេសា ឆ្នាំ​២០២១ មាន​ព្រឹត្តិការណ៍​ដ៏​សំខាន់​ក្នុង​ប្រវត្តិសាស្ត្រ​រាស្ត្រ​ព្រះ គឺគម្ពីរ​បរិសុទ្ធ​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មីបាន​ចេញ​ជា​ភាសា​ខ្មែរ។

សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី​មាន​លក្ខណៈ​គួរ​ឲ្យ​កត់​សម្គាល់ គឺ​មាន​ភាព​ត្រឹម​ត្រូវ និង​ដូច​ព័ត៌មាន​ដើម​ដែល​ព្រះ​បាន​ដឹក​នាំ​ឲ្យ​សរសេរ។ (ធីម៉ូថេ​ទី​២ ៣:១៦) តើ​សេចក្ដី​បក​ប្រែ​នេះ​មិន​មាន​លក្ខណៈ​អ្វី​ខ្លះ​ដែល​មាន​ជា​ទូទៅ​ក្នុង​សេចក្ដី​បក​ប្រែ​ឯ​ទៀត? តើ​សេចក្ដី​បក​ប្រែ​នេះ​បាន​ត្រូវ​គាំទ្រ​ដោយ​អ្នក​ណា? ហេតុ​អ្វី​លោក​អ្នក​អាច​ប្រាកដ​ថា​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី គឺ​គួរ​ឲ្យ​ទុក​ចិត្ត?

តើ​គម្ពីរ​របស់​ខ្ញុំ​ត្រឹម​ត្រូវ​ឬ​ទេ?

សាស្ត្រាចារ្យ​ម្នាក់​ឈ្មោះ ដេខ្លេន ហេស នៃ​សកល​វិទ្យាល័យ​ពាណិជ្ជកម្ម​អន្តរជាតិ បាន​សរសេរ​ថា៖«គម្ពីរ​គឺ​ជា​សៀវភៅ​ដែល​លក់​ដាច់​ជាង​គេ​ជា​រៀង​រាល់​ឆ្នាំ»។ គួរ​ឲ្យ​ស្ដាយ​ណាស់ ដោយ​សារ​អ្នក​បោះ​ពុម្ព​គម្ពីរ​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​លក់​ដាច់ ដូច្នេះ​ពួក​គេ​មិន​សូវ​ខ្វល់​នឹង​ភាព​ត្រឹម​ត្រូវ​ក្នុង​គម្ពីរ​ទេ។ ជា​ឧទាហរណ៍ ក្នុង​សេចក្ដី​បក​ប្រែ​គម្ពីរ​មួយ អ្នក​បោះ​ពុម្ព​គម្ពីរ​បាន​លុប​ចោល​ផ្នែក​ខ្លះ ដោយ​សារ​គេ​គិត​ថា​ផ្នែក​នោះ«មិន​គួរ​ឲ្យ​ចាប់​អារម្មណ៍»។ រីឯ​សេចក្ដី​បក​ប្រែ​គម្ពីរ​មួយ​ទៀត គេ​បាន​ផ្លាស់​ប្ដូរ​ពាក្យ​ឬ​ឃ្លា​ខ្លះ​ដែល​គេ​គិត​ថា​ធ្វើ​ឲ្យ​អ្នក​អាន​នៅ​សម័យ​នេះ​ទើស​ចិត្ត។ ជា​ឧទាហរណ៍ ដើម្បី​ទាក់​ទាញ​អ្នក​អាន​មួយ​ចំនួន អ្នក​បោះ​ពុម្ព​ប្រើ​ពាក្យ«ឪពុក​ម្ដាយ»ពេល​សំដៅ​ទៅ​លើ​ព្រះ។

ម្យ៉ាង​ទៀត ទម្លាប់​មិន​ល្អ​បំផុត​ក្នុង​ការ​បក​ប្រែ​គម្ពីរ ប្រហែល​ជា​ទាក់​ទង​នឹង​នាម​ផ្ទាល់​របស់​ព្រះ គឺ​យេហូវ៉ា(បណ្ឌិត​គម្ពីរ​ខ្លះ​បក​ប្រែ​នាម​ព្រះ​ថា«យ៉ាវេ»)។ ក្នុង​ឯកសារ​គម្ពីរ​ពី​សម័យ​បុរាណ អក្សរ​ហេប្រឺ​បួន​តួ​បាន​ត្រូវ​ប្រើ​ជា​តំណាង​នាម​របស់​ព្រះ។ ក្នុង​ភាសា​ខ្មែរ​អក្សរ​បួន​តួ​នោះ​ត្រូវ​តំណាង​ដោយ​យហវហ​ឬ​ចហវហ។ នាម​ដ៏​វិសេស​នេះ​មាន​ជិត​៧.០០០​ពាន់​ដង​ក្នុង​បទ​គម្ពីរ​ភាសា​ហេប្រឺ។ * (ដំណើរ​ចាក​ចេញ ៣:១៥; ចម្រៀង​សរសើរ​ព្រះ ៨៣:១៨) ច្បាស់​ណាស់ ព្រះ​ដែល​ជា​អ្នក​បង្កើត​មាន​បំណង​ឲ្យ​អ្នក​គោរព​ប្រណិប័តន៍​លោក​ស្គាល់​នាម​លោក និង​ប្រើ​នាម​លោក!

ប៉ុន្តែ អស់​ជា​ច្រើន​សតវត្សរ៍​កន្លង​ទៅ​ជនជាតិ​យូដា​ឈប់​ប្រកប​នាម​របស់​ព្រះ​ទៀត ដោយ​សារ​តែ​អបិយជំនឿ។ ក្រោយ​មក ពិភព​គ្រិស្ត​សាសនា​ក៏​បាន​ទទួល​ឥទ្ធិពល​ពី​អបិយជំនឿ​នោះ​ដែរ។ (សកម្មភាព ២០:២៩, ៣០; ធីម៉ូថេ​ទី​១ ៤:១) សព្វ​ថ្ងៃ​នេះ អ្នក​បក​ប្រែ​គម្ពីរ​ជា​ទូទៅ​បាន​ដូរ​នាម​ព្រះ​ទៅ​ជា​ឋានៈ«លោក​ម្ចាស់»វិញ។ ក្នុង​សេចក្ដី​បក​ប្រែ​គម្ពីរ​ខ្លះ​ជា​ភាសា​អង់គ្លេស ថែម​ទាំង​ដក​ពាក្យ«នាម»ចេញ​ពី​យ៉ូហាន ១៧:៦​ទៀត​ផង។ ក្នុង​ខ​នោះ​លោក​យេស៊ូ​មាន​ប្រសាសន៍​ថា៖«ខ្ញុំ​បាន​បង្ហាញ​នាម​របស់​លោក​ឲ្យ​ពួក​គាត់​ស្គាល់»។ ប៉ុន្តែ សេចក្ដី​បក​ប្រែ​គម្ពីរ​ដំណឹង​ល្អ​បក​ប្រែ​ខ​នេះ​ថា៖«ខ្ញុំ​បាន​ធ្វើ​ឲ្យ​គេ​ស្គាល់​លោក»។

បណ្ឌិត​គម្ពីរ​ខ្លះ​អះអាង​ថា​ពួក​គេ​គ្រាន់​តែ​ធ្វើ​តាម​ទំនៀម​ទម្លាប់​ប៉ុណ្ណោះ ពេល​ដែល​គេ​ប្ដូរ​នាម​ព្រះ​ដោយ​ឋានៈ«លោក​ម្ចាស់»ជំនួស​វិញ។ អ្នក​ឯ​ទៀត​ទទួល​ស្គាល់​ថា​ពួក​គេ​ធ្វើ​ដូច្នេះ​ដោយ​សារ​ចង់​លក់​គម្ពីរ​ឲ្យ​បាន​ច្រើន។ * ប៉ុន្តែ លោក​យេស៊ូ​មិន​ពេញ​ចិត្ត​ទាល់​តែ​សោះ​ចំពោះ​ទំនៀម​ទម្លាប់​ដែល​នាំ​ឲ្យ​ព្រះ​អាប់​ឱន​កិត្តិយស។ (ម៉ាថាយ ១៥:៦) បន្ថែម​ទៅ​ទៀត ការ​ប្ដូរ​នាម​ព្រះ​ដោយ​ប្រើ​ឋានៈ​ជំនួស​គ្មាន​មូលដ្ឋាន​ក្នុង​គម្ពីរ​ទេ។ ម្យ៉ាង​ទៀត លោក​យេស៊ូ​មាន​ឋានៈ​ជា​ច្រើន ដូច​ជា«បណ្ដាំ​ព្រះ»និង«ស្ដេច​លើ​អស់​ទាំង​ស្ដេច»ជា​ដើម។ (ការ​បើក​បង្ហាញ ១៩:១១​-​១៦) ដូច្នេះ តើ​គួរ​ប្ដូរ​នាម​របស់​លោក​យេស៊ូ​ជំនួស​ដោយ​ឋានៈ​ទាំង​នេះ​ឬ?

រឿង​នេះ​គឺ​ជា​ប្រធានបទ​ដ៏​សំខាន់​មួយ។ សូម​គិត​អំពី​ពាក្យ​របស់​ទី​ប្រឹក្សា​នៃ​ការ​បក​ប្រែ​គម្ពីរ​នៅ​ប្រទេស​ឥណ្ឌា អំពី​ការ​ដក​នាម​ព្រះ​ចេញ​ពី​គម្ពីរ គាត់​ថា៖«អ្នក​កាន់​សាសនា​ហិណ្ឌូ​មិន​ចាប់​អារម្មណ៍​នឹង​ឋានៈ​របស់​ព្រះ​ទេ ពួក​គេ​ចង់​ស្គាល់​នាម​ផ្ទាល់​របស់​លោក។ ពួក​គេ​មិន​អាច​មាន​ចំណង​មិត្តភាព​ជា​មួយ​នឹង​ព្រះ​បាន​ទេ បើ​ពួក​គេ​មិន​ស្គាល់​នាម​របស់​លោក»។ តាម​ពិត មនុស្ស​ទាំង​អស់​ដែល​ស្វែង​រក​ព្រះ​ក៏​និយាយ​ដូច្នេះ​ដែរ។ ការ​ស្គាល់​នាម​ព្រះ​គឺ​ចាំ​បាច់​ដើម្បី​ឲ្យ​យើង​ស្វែង​យល់​អំពី​លោក ថា​លោក​ជា​បុគ្គល​ពិត​ដែល​យើង​អាច​មាន​ចំណង​មិត្តភាព​ជិត​ស្និទ្ធ មិន​មែន​ជា​កម្លាំង​ធម្មជាតិ​ទេ។ (ដំណើរ​ចាក​ចេញ ៣៤:៦, ៧) គម្ពីរ​ចែង​ថា៖«អស់​អ្នក​ណា​ដែល​ហៅ​រក​នាម​ព្រះ​យេហូវ៉ា​នឹង​ត្រូវ​សង្គ្រោះ»។ (រ៉ូម ១០:១៣) ហេតុ​នេះ អ្នក​គោរព​ប្រណិប័តន៍​ព្រះ​ត្រូវ​ប្រើ​នាម​របស់​លោក!

សេចក្ដី​បក​ប្រែ​ដែល​លើក​កិត្តិយស​ព្រះ

សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី​ប្រើ​នាម​របស់​ព្រះ​គឺ​យេហូវ៉ា

នៅ​ឆ្នាំ​១៩៥០ មាន​ព្រឹត្តិការណ៍​ដ៏​សំខាន់​ក្នុង​ប្រវត្តិសាស្ត្រ​រាស្ត្រ​ព្រះ ពេល​ដែល​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី​ពី​បទ​គម្ពីរ​គ្រិស្ត​សាសនិក​ជា​ភាសា​ក្រិច បាន​ត្រូវ​បោះ​ពុម្ព​ជា​លើក​ដំបូង​ជា​ភាសា​អង់គ្លេស។ ក្នុង​អំឡុង​១០​ឆ្នាំ​ក្រោយ​មក បទ​គម្ពីរ​ភាសា​ហេប្រឺ​បាន​ត្រូវ​បោះ​ពុម្ព​ជា​បន្ត​បន្ទាប់។ នៅ​ឆ្នាំ​១៩៦១ សៀវភៅ​គម្ពីរ​ទាំង​មូល​ជា​ភាសា​អង់គ្លេស​បាន​ត្រូវ​ចេញ។ លក្ខណៈ​សំខាន់​មួយ​គឺ​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី​មាន​នាម«ព្រះ​យេហូវ៉ា»ជិត​៧.០០០​ដង​ក្នុង​បទ​គម្ពីរ​សញ្ញា​ចាស់។ លក្ខណៈ​ពិសេស​មួយ​ទៀត​គឺ​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី ដាក់​នាម​របស់​ព្រះ​ចំនួន​២៣៧​ដង​នៅ​កន្លែង​ដើម​វិញ ក្នុង​បទ​គម្ពីរ​គ្រិស្ត​សាសនិក​ជា​ភាសា​ក្រិច។ *

ការ​ដាក់​នាម​ព្រះ​នៅ​កន្លែង​ដើម​វិញ មិន​គ្រាន់​តែ​លើក​កិត្តិយស​លោក​ទេ តែ​ក៏​ជួយ​យើង​ឲ្យ​យល់​បទ​គម្ពីរ​កាន់​តែ​ច្បាស់។ ជា​ឧទាហរណ៍ សេចក្ដី​បក​ប្រែ​ជា​ច្រើន​បក​ម៉ាថាយ ២២:៤៤​ថា៖«លោក​ម្ចាស់​មាន​ប្រសាសន៍​ទៅ​កាន់​លោក​ម្ចាស់​ខ្ញុំ»។ ប៉ុន្តែ តើ​អ្នក​ណា​កំពុង​និយាយ​ទៅ​កាន់​អ្នក​ណា? សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី បក​ម៉ាថាយ ២២:៤៤​ថា៖«ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ទៅ​កាន់​លោក​ម្ចាស់​ខ្ញុំ» សេចក្ដី​បក​ប្រែ​នេះ​បាន​ត្រូវ​ដក​ស្រង់​យ៉ាង​ត្រឹម​ត្រូវ​ពី​ចម្រៀង​សរសើរ​ព្រះ ១១០:១។ ជា​លទ្ធផល អ្នក​អាន​អាច​សម្គាល់​យ៉ាង​ច្បាស់​រវាង​ព្រះ​យេហូវ៉ា​និង​បុត្រ​លោក។

តើ​សេចក្ដី​បក​ប្រែ​នេះ​បាន​ត្រូវ​គាំទ្រ​ដោយ​អ្នក​ណា?

សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី​បាន​ត្រូវ​បោះ​ពុម្ព​ដោយសមាគម​ប៉ម​យាម​ខាង​គម្ពីរ​និង​ខិត្តប័ណ្ណ ជា​អង្គការ​ខាង​ច្បាប់​ដែល​តំណាង​ឲ្យ​សាក្សី​ព្រះ​យេហូវ៉ា។ អស់​ជាង​១០០​ឆ្នាំ សាក្សី​ព្រះ​យេហូវ៉ា​បាន​បោះ​ពុម្ព ហើយ​ចែក​ចាយ​គម្ពីរ​នៅ​ទូទាំង​ពិភព​លោក។ សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី​បាន​ត្រូវ​រៀបចំ​ដោយ​សាក្សី​ព្រះ​យេហូវ៉ា​មួយ​ក្រុម ដែល​គេ​ស្គាល់​ថា​ជា​គណៈ​កម្មាធិការ​គម្ពីរ​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី។ សមាជិក​នៃ​គណៈ​កម្មាធិការ​នេះ មិន​ព្យាយាម​ចង់​បាន​មុខ​មាត់​ទេ ហើយ​ពួក​គាត់​សុំ​មិន​បញ្ចេញ​ឈ្មោះ​ខ្លួន ទោះ​បី​ជា​ក្រោយ​ពួក​គាត់​ស្លាប់​ហើយ​ក៏​ដោយ។—កូរិនថូស​ទី​១ ១០:៣១

ហេតុ​អ្វី​ដាក់​ឈ្មោះ​ថា​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី? បុព្វកថា​ក្នុង​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី​ឆ្នាំ​១៩៥០ បាន​ពន្យល់​ថា​ឈ្មោះ​នេះ​បង្ហាញ​អំពី​ការ​ជឿ​ជាក់​យ៉ាង​មុត​មាំ​ថា មនុស្សជាតិ«ជិត​ចូល​ក្នុង​ពិភព​លោក​ថ្មី»ដែល​បាន​ត្រូវ​សន្យា​នៅ​ពេត្រុស​ទី​២ ៣:១៣។ គណៈ​កម្មាធិការ​បក​ប្រែ​បាន​សរសេរ​ថា ក្នុង​អំឡុង​ពេល​ផ្លាស់​ប្ដូរ​ពី«ពិភព​លោក​ចាស់​ទៅ​ពិភព​លោក​ថ្មី​ដ៏​សុចរិត» ជា​ការ​សំខាន់​ណាស់​ដែល​យើង​មាន​សេចក្ដី​បក​ប្រែ​គម្ពីរ​ដែល​ធ្វើ​ឲ្យ«សេចក្ដី​ពិត​ដ៏​បរិសុទ្ធ​ក្នុង​បណ្ដាំ​របស់​ព្រះ»ភ្លឺ​ចិញ្ចាច​ចិញ្ចែង។

សេចក្ដី​បក​ប្រែ​ដែល​ត្រឹម​ត្រូវ

គោល​ដៅ​ចម្បង​គឺ​មាន​ភាព​ត្រឹម​ត្រូវ។ អ្នក​បក​ប្រែ​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី​ជា​ភាសា​អង់គ្លេស​បក​ប្រែ​ផ្ទាល់​ពី​ភាសា​ហេប្រឺ ភាសា​អេរ៉ាម និង​ភាសា​ក្រិច ដោយ​ប្រើ​ឯកសារ​ដើម​ល្អ​បំផុត។ ពួក​គាត់​ប្រិត​ប្រៀង​បក​ប្រែ​ដូច​ឯកសារ​ដើម តែ​ប្រើ​ភាសា​ដែល​មនុស្ស​នៅ​សម័យ​នេះ​ងាយ​យល់។

ហេតុ​នេះ មិន​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ឡើយ បណ្ឌិត​គម្ពីរ​ខ្លះ​បាន​សរសើរ​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី ដោយ​សារ​មាន​ភាព​ស្មោះ​ត្រង់​និង​ត្រឹម​ត្រូវ។ នៅ​ឆ្នាំ​១៩៨៩ សាស្ត្រាចារ្យ​បេនយ៉ាមីន កេដារ ខូហ្វស្តាញ ដែល​ជា​បណ្ឌិត​ភាសា​ហេប្រឺ​នៅ​អ៊ីស្រាអែល​បាន​និយាយ​ថា៖«ក្នុង​ការ​សិក្សា​ស្រាវ​ជ្រាវ​ផ្នែក​ភាសា​ទាក់​ទង​នឹង​បទ​គម្ពីរ​ភាសា​ហេប្រឺ​និង​សេចក្ដី​បក​ប្រែ​ផ្សេង​ៗ ជា​ញឹក​ញយ​ខ្ញុំ​ប្រើ​សេចក្ដី​បក​ប្រែ​មួយ​ជា​ភាសា​អង់គ្លេស ដែល​គេ​ស្គាល់​ថា​ជា​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី។ ដោយ​ធ្វើ​ដូច្នេះ ខ្ញុំ​ឃើញ​ថា​សេចក្ដី​បក​ប្រែ​នេះ​មាន​ភាព​ស្មោះ​ត្រង់ ហើយ​អ្នក​បក​ប្រែ​ខំ​ព្យាយាម​បក​អត្ថន័យ​ឲ្យ​ដូច​អត្ថន័យ​ដើម​យ៉ាង​ត្រឹម​ត្រូវ​បំផុត»។

ការ​បក​ប្រែ​គម្ពីរ​ជា​ភាសា​ផ្សេង​ៗ

ហេតុ​នេះ​ជា​ការ​សម​ត្រឹម​ត្រូវ​ណាស់​ដែល​សាក្សី​ព្រះ​យេហូវ៉ា​បក​ប្រែ​គម្ពីរ​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី ទៅ​ជា​ភាសា​ផ្សេង​ៗ។ រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី​បាន​ត្រូវ​បោះ​ពុម្ព​ផ្នែក​ខ្លះ​ឬ​ទាំង​មូល​ជាង​២៤០​លាន​ក្បាល​និង​២០៣​ភាសា។ ដើម្បី​ស​ម្រេច​កិច្ច​ការ​នេះ វិធី​បក​ប្រែ​គម្ពីរ​បាន​ត្រូវ​រៀបចំ​ឡើង។ កម្ម​វិធី​នេះ​រួម​បញ្ចូល​ការ​សិក្សា​ស្រាវ​ជ្រាវ​ពាក្យ​ក្នុង​គម្ពីរ​ជា​មួយ​នឹង​កម្ម​វិធី​កុំព្យូទ័រ។ ដើម្បី​ជួយ​អ្នក​បក​ប្រែ ផ្នែក​ផ្ដល់​ជំនួយ​ដល់​អ្នក​បក​ប្រែ​បាន​ត្រូវ​រៀបចំ​ឡើង។ គណៈ​អភិបាល​នៃ​សាក្សី​ព្រះ​យេហូវ៉ា​ត្រួត​ពិនិត្យ​យ៉ាង​ហ្មត់​ចត់​ទៅ​លើ​ការ​បក​ប្រែ​គម្ពីរ​តាម​រយៈ​គណៈ​កម្មាធិការ​ខាង​ការ​និពន្ធ។ ប៉ុន្តែ តើ​កិច្ច​ការ​នេះ​បាន​ត្រូវ​ស​ម្រេច​យ៉ាង​ដូច​ម្ដេច?

ដំបូង គ្រិស្ត​សាសនិក​ដែល​មាន​ចិត្ត​ខ្នះ​ខ្នែង​បាន​ត្រូវ​តែង​តាំង​ឲ្យ​បម្រើ​ជា​ក្រុម​បក​ប្រែ។ តាម​រយៈ​បទ​ពិសោធន៍​បង្ហាញ​ថា ពេល​អ្នក​បក​ប្រែ​ធ្វើ​កិច្ច​ការ​ជា​ក្រុម​ជា​ជាង​ធ្វើ​ម្នាក់​ឯង ពួក​គេ​បក​ប្រែ​ល្អ​ជាង​ហើយ​មាន​តុល្យភាព​ជាង។ (សុភាសិត ១១:១៤) ជា​ទូទៅ សមាជិក​ម្នាក់​ៗ​ក្នុង​ក្រុម​មាន​បទ​ពិសោធន៍​បក​ប្រែ​សៀវភៅ​ផ្សេង​ៗ​របស់​សាក្សី​ព្រះ​យេហូវ៉ា។ បន្ទាប់​មក ក្រុម​នោះ​ទទួល​ការ​បង្ហាត់​បង្រៀន​សព្វ​គ្រប់​សម្រាប់​ការ​បក​ប្រែ​គម្ពីរ និង​ការ​ប្រើ​កម្ម​វិធី​កុំព្យូទ័រ​ដែល​បាន​ត្រូវ​រៀបចំ​ជា​ពិសេស​សម្រាប់​បក​ប្រែ​គម្ពីរ។

ក្រុម​បក​ប្រែ​គម្ពីរ​បាន​ទទួល​ការ​ណែនាំ​ល្អ​ដើម្បី​បក​ប្រែ​គម្ពីរ​ដែល​ត្រឹម​ត្រូវ និង​ស្រួល​យល់​សម្រាប់​មនុស្ស​ទូទៅ។ បើ​អាច​ធ្វើ​បាន ក្រុម​បក​ប្រែ​បក​ន័យ​ត្រង់ តែ​ដំណាល​គ្នា​នោះ​មិន​គួរ​បក​ខុស​អត្ថន័យ​ដើម​ទេ។ តើ​នេះ​ធ្វើ​ឡើង​យ៉ាង​ដូច​ម្ដេច? សូម​ពិចារណា​គម្ពីរ​ថ្មី​ដែល​ទើប​តែ​ចេញ។ ក្រុម​បក​ប្រែ​ចាប់​ផ្ដើម​ដោយ​បក​ប្រែ​ពាក្យ​សំខាន់​ៗ​ដែល​មាន​នៅ​ក្នុង​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី ពី​ភាសា​អង់គ្លេស​ទៅ​ជា​ភាសា​ខ្មែរ។ រួច​កម្ម​វិធី​កុំព្យូទ័រ​សម្រាប់​បក​ប្រែ(Watchtower Translation System) បង្ហាញ​ពាក្យ​សទិសន័យ​និង​ពាក្យ​ដែល​ទាក់​ទង​គ្នា​ក្នុង​គម្ពីរ។ បន្ថែម​ទៅ​ទៀត កម្ម​វិធី​នោះ​បង្ហាញ​ពាក្យ​ដើម​ជា​ភាសា​ក្រិច និង​ភាសា​ហេប្រឺ​ដែល​បាន​ត្រូវ​បក​ប្រែ​ទៅ​ជា​ភាសា​អង់គ្លេស។ យ៉ាង​នេះ ក្រុម​អ្នក​បក​ប្រែ​អាច​ដឹង​អំពី​របៀប​ដែល​ពាក្យ​ទាំង​នោះ​បាន​ត្រូវ​បក​ប្រែ​ជា​ភាសា​អង់គ្លេស​នៅ​កន្លែង​ផ្សេង​ៗ។ ពេល​ក្រុម​បក​ប្រែ​យល់​ស្រប​គ្នា​នឹង​ពាក្យ​ទាំង​នោះ ពួក​គេ​ចាប់​ផ្ដើម​បក​ប្រែ​គម្ពីរ​មួយ​ខ​ម្ដង​ៗ ដោយ​ផ្ទៀង​ផ្ទាត់​ពាក្យ​ជា​ភាសា​ខ្មែរ​ក្នុង​កម្ម​វិធី​កុំព្យូទ័រ​នោះ។

ប៉ុន្តែ ការ​បក​ប្រែ​មិន​គ្រាន់​តែ​ជា​ការ​បក​មួយ​ពាក្យ​ៗ​ប៉ុណ្ណោះ​ទេ។ ក្រុម​បក​ប្រែ​ខំ​ព្យាយាម​ធ្វើ​ឲ្យ​ប្រាកដ​ថា​គំនិត​ក្នុង​គម្ពីរ បាន​ត្រូវ​បក​ប្រែ​យ៉ាង​ត្រឹម​ត្រូវ​ស្រប​តាម​បរិបទ​នីមួយ​ៗ។ នៅ​ដំណាល​គ្នា​នោះ ក្រុម​បក​ប្រែ​ខំ​ព្យាយាម​យ៉ាង​ហ្មត់​ចត់​ដើម្បី​ឲ្យ​វេយ្យាករណ៍​និង​ប្រយោគ​ស្រួល​យល់ និង​មាន​លក្ខណៈ​ធម្មជាតិ​ជា​ភាសា​ខ្មែរ។ គុណ​ភាព​ល្អ​នៃ​ការ​បក​ប្រែ​បញ្ជាក់​ថា​ក្រុម​បក​ប្រែ​ខំ​ព្យាយាម​យ៉ាង​ខ្លាំង។ សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី​ជា​ភាសា​ខ្មែរ បក​បណ្ដាំ​របស់​ព្រះ​តាម​របៀប​មួយ​ដែល​ច្បាស់ ស្រួល​អាន ស្រួល​យល់ និង​ត្រឹម​ត្រូវ​តាម​ភាសា​ដើម។ *

យើង​សូម​លើក​ទឹក​ចិត្ត​លោក​អ្នក​ឲ្យ​ពិនិត្យ​មើល​គម្ពីរ​បរិសុទ្ធ​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី​ដោយ​ខ្លួន​លោក​អ្នក​ផ្ទាល់។ លោក​អ្នក​អាច​អាន​គម្ពីរ​នេះ​តាម​គេហទំព័រ​របស់​យើង ឬ​តាមកម្ម​វិធី​JW​បណ្ណាល័យ ឬ​ស្នើ​សុំ​សៀវភៅ​គម្ពីរ​មួយ​ច្បាប់​ពីក្រុម​ជំនុំ​នៃ​សាក្សី​ព្រះ​យេហូវ៉ា​នៅ​តំបន់​លោក​អ្នក។ លោក​អ្នក​អាច​អាន​គម្ពីរ​នេះ​ដោយ​មាន​ទំនុក​ចិត្ត​ថា គម្ពីរ​នេះ​បាន​បក​ប្រែ​បណ្ដាំ​របស់​ព្រះ​យ៉ាង​ត្រឹម​ត្រូវ​ជា​ភាសា​របស់​លោក​អ្នក។ លោក​អ្នក​ច្បាស់​ជា​យល់​ស្រប​ថា ការ​ចេញ​គម្ពីរ​ថ្មី​នេះ​គឺ​ពិត​ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​ក្នុង​ប្រវត្តិសាស្ត្រ​របស់​សាក្សី​ព្រះ​យេហូវ៉ា​មែន!

 

លក្ខណៈ​ពិសេស​នៃ​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី

 

តើ​យើង​អាច​រៀន​អ្វី​ពី​បណ្ដាំ​របស់​ព្រះ?: ក្នុង​ផ្នែក​នេះ​មាន​ខ​គម្ពីរ​ផ្សេង​ៗ​ដែល​ឆ្លើយ​សំណួរ​ទាំង​២០​អំពី​សេចក្ដី​បង្រៀន​បឋម​ក្នុង​គម្ពីរ

ការ​បក​ប្រែ​យ៉ាង​ត្រឹម​ត្រូវ: ក្រុម​អ្នក​បក​ប្រែ​ប្រិត​ប្រៀង​បក​ប្រែ​ពី​ភាសា​ដើម​គឺ​ភាសា​ហេប្រឺ ភាសា​អេរ៉ាម និង​ភាសា​ក្រិច​ទៅ​ភាសា​អង់គ្លេស ហើយ​ក្រោយ​មក​ទៅ​ជា​ភាសា​ខ្មែរ​ឲ្យ​ដូច​ភាសា​ដើម​និង​ត្រឹម​ត្រូវ​បំផុត

ខ​គម្ពីរ​យោង: ណែនាំ​អ្នក​អាន​ឲ្យ​បើក​ទៅ​ខ​គម្ពីរ​ផ្សេង​ទៀត​ដែល​ទាក់​ទង​គ្នា

សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ក: រៀប​រាប់​អំពី​លក្ខណៈ​មួយ​ចំនួន​នៃ​គម្ពីរ​កំណែ​ថ្មី ដូច​ជា​ការ​ផ្លាស់​ប្ដូរ​ទម្រង់​ឃ្លា​និង​ពាក្យ ព្រម​ទាំង​ការ​បក​ប្រែ​បណ្ដាំ​របស់​ព្រះ

សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ខ: រួម​បញ្ចូល​ផែន​ទី​និង​តារាង​ចំនួន​១៥​ដែល​មាន​ពណ៌

 

^ វគ្គ 7 ជា​ទូទៅ​គេ​ហៅ​ថា​សញ្ញា​ចាស់។

^ វគ្គ 9 ជា​ឧទាហរណ៍ អ្នក​ចាត់​ចែង​ការ​បក​ប្រែ​គម្ពីរ​New International Version​រៀប​រាប់​ថា៖«យេហូវ៉ា​គឺ​ជា​នាម​ដ៏​វិសេស​របស់​ព្រះ ហើយ​តាម​ពិត​យើង​គួរ​តែ​ប្រើ​នាម​នេះ។ ប៉ុន្តែ យើង​បាន​ចំណាយ​លុយ​២.២៥០.០០០​ដុល្លារ​ក្នុង​ការ​បក​ប្រែ​នេះ ហើយ​បើ​យើង​បក​ប្រែ​នាម​ព្រះ​ដូច​នៅ​ចម្រៀង​សរសើរ​ព្រះ បទ⁠២៣​ថា៖‹យ៉ាវេ​ជា​គង្វាល​ខ្ញុំ› នោះ​យើង​នឹង​ខាត​លុយ​ទាំង​អស់។ ដូច្នេះ ការ​បក​ប្រែ​របស់​យើង​នឹង​បង់​ប្រយោជន៍​ហើយ»។

^ វគ្គ 12 ជា​ទូទៅ​គេ​ហៅ​ថា​សញ្ញា​ថ្មី។

^ វគ្គ 24 ដើម្បី​ទទួល​ព័ត៌មាន​ថែម​ទៀត​អំពី​គោល​ការណ៍​នៃ​ការ​បក​ប្រែ​គម្ពីរ និង​លក្ខណៈ​ពិសេស​នៃ​គម្ពីរ​ជា​ភាសា​ខ្មែរ សូម​មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែកក​១ និងក​២ នៃ​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី។