គម្ពីរជួយមនុស្សឲ្យកែប្រែជីវិត
«មើលទៅ ខ្ញុំដូចជាមានអ្វីៗទាំងអស់ដែលខ្ញុំចង់បាន»
ឆ្នាំកំណើត: ១៩៦២
ប្រទេសកំណើត: កាណាដា
ប្រវត្តិ: ការរស់នៅប្រាសចាកសីលធម៌
អតីតកាលរបស់ខ្ញុំ
ខ្ញុំបានកើតនៅទីក្រុងម៉ុងរ៉េអាលដែលជាទីក្រុងធំជាងគេនៃខេត្តកេបិកប្រទេសកាណាដា។ ខ្ញុំនិងបងប្អូន៣នាក់ធំឡើងនៅរ៉ូសម៉ុនដែលជាតំបន់ល្អមួយ ហើយបានត្រូវចិញ្ចឹមបីបាច់ដោយឪពុកម្ដាយដែលប្រកបទៅដោយសេចក្ដីស្រឡាញ់។ យើងសប្បាយនឹងជីវិតស្ងប់ស្ងាត់និងក្សេមក្សាន្តជាមួយគ្នា។
ពេលខ្ញុំនៅក្មេង ខ្ញុំមានចំណាប់អារម្មណ៍លើគម្ពីរ។ ខ្ញុំចាំថាពេលខ្ញុំមានអាយុ១២ឆ្នាំ ខ្ញុំបានអានអំពីជីវិតរបស់លោកយេស៊ូក្នុងគម្ពីរសញ្ញាថ្មី ហើយខ្ញុំចូលចិត្តអ្វីដែលខ្ញុំបានអានខ្លាំងណាស់។ សេចក្ដីស្រឡាញ់និងចិត្តមេត្តាករុណារបស់លោកចំពោះអ្នកដទៃមានឥទ្ធិពលមកលើចិត្តខ្ញុំ ហើយខ្ញុំចង់មានបុគ្គលិកលក្ខណៈដូចលោកដែរ។ ប៉ុន្តែគួរឲ្យស្ដាយ ពេលខ្ញុំធំឡើងហើយចាប់ផ្ដើមសេពគប់ជាមួយនឹងមិត្តភក្ដិដែលជះឥទ្ធិពលមិនល្អមកលើខ្ញុំ ខ្ញុំលែងសូវមានចិត្តចង់ធ្វើតាមលោកយេស៊ូ។
ឪពុករបស់ខ្ញុំជាអ្នកលេងត្រែ ហើយគាត់មិនត្រឹមតែឲ្យត្រែរបស់គាត់មកខ្ញុំប៉ុណ្ណោះទេ តែគាត់ក៏នាំឲ្យខ្ញុំចូលចិត្តការលេងភ្លេងដែរ។ ដូច្នេះការលេងភ្លេងបានក្លាយទៅជាអ្វីដ៏សំខាន់បំផុតក្នុងជីវិតរបស់ខ្ញុំ។ ខ្ញុំចូលចិត្តលេងភ្លេងដល់ម្ល៉េះបានជាខ្ញុំរៀនលេងហ្គីតា។ មិនយូរក្រោយមក ខ្ញុំនិងមិត្តភក្ដិរបស់ខ្ញុំបានបង្កើតក្រុមតន្ត្រីមួយហើយចាប់ផ្ដើមប្រគុំនៅកន្លែងផ្សេងៗ។ ផលិតកម្មតន្ត្រីល្បីៗខ្លះចាប់ផ្ដើមស្គាល់យើង រួចមកពួកគាត់មកជួបខ្ញុំដើម្បីស្នើសុំផលិតចម្រៀងរបស់យើង។ ខ្ញុំបានចុះកិច្ចសន្យាជាមួយនិងក្រុមហ៊ុនផលិតចម្រៀងដ៏ធំមួយ។ បទចម្រៀងរបស់ខ្ញុំពេញនិយមណាស់ ហើយបានត្រូវគេចាក់ផ្សាយជារឿយៗតាមស្ថានីយវិទ្យុនៅខេត្តកេបិក។
មើលទៅ ខ្ញុំដូចជាមានអ្វីៗទាំងអស់ដែលខ្ញុំចង់បាន។ ខ្ញុំមានវ័យក្មេងហើយជាតារាចម្រៀងដ៏ល្បីម្នាក់។ បន្ថែមទៅទៀត ខ្ញុំរកលុយបានច្រើនដោយធ្វើអ្វីដែលខ្ញុំស្រឡាញ់។ ពេលថ្ងៃ ខ្ញុំហាត់ប្រាណ ធ្វើសម្ភាសន៍ ស៊ីញេឈ្មោះឲ្យអ្នកគាំទ្រចម្រៀងខ្ញុំ ហើយចូលរួមកម្មវិធីទូរទស្សន៍។ ពេលយប់ ខ្ញុំប្រគុំតន្ត្រីហើយជប់លាងជាមួយមិត្តភក្ដិ។ ដើម្បីមានចិត្តក្លាហានសម្ដែងនៅលើឆាក ខ្ញុំចាប់ផ្ដើមផឹកស្រាតាំងពីខ្ញុំនៅក្មេងហើយយូរៗទៅខ្ញុំក៏បានប្រើគ្រឿងញៀនផងដែរ។ ខ្ញុំក្លាយជាមនុស្សម្នាក់ដែលធ្វើអ្វីដែលមិនចេះគិត ហើយរស់នៅដោយគ្មានសីលធម៌។
មនុស្សខ្លះច្រណែននឹងរបៀបរស់នៅរបស់ខ្ញុំដោយសារមើលទៅខ្ញុំសប្បាយណាស់។ តែនៅក្នុងចិត្តវិញ ខ្ញុំមានអារម្មណ៍ថាជីវិតរបស់ខ្ញុំគ្មានន័យខ្លឹមសារឡើយ។ ខ្ញុំធ្លាក់ទឹកចិត្តយ៉ាងខ្លាំងហើយព្រួយបារម្ភច្រើន។ គួរឲ្យសោកស្ដាយណាស់ នៅពេលដែលខ្ញុំកំពុងតែល្បីបំផុត អ្នកកាន់កាប់ក្រុមហ៊ុនផលិតចម្រៀងរបស់ខ្ញុំពីរនាក់បានស្លាប់ដោយសារជំងឺអេដស៍។ ខ្ញុំរន្ធត់ចិត្តជាខ្លាំង! ទោះបីជាខ្ញុំស្រឡាញ់តន្ត្រីយ៉ាងណាក៏ដោយ ខ្ញុំពិតជាស្អប់ខ្ពើមនឹងរបៀបរស់នៅបែបនេះណាស់។
របៀបដែលគម្ពីរកែប្រែជីវិតរបស់ខ្ញុំ
ទោះបីជាខ្ញុំជោគជ័យក៏ដោយ ខ្ញុំដឹងថាមានបញ្ហាជាច្រើនក្នុងពិភពលោកនេះ។ ហេតុអ្វីបានជាមានអំពើអយុត្តិធម៌ច្រើនម្ល៉េះ? ខ្ញុំឆ្ងល់ថាហេតុអ្វីព្រះមិនទាន់ចាត់វិធានការដើម្បីបញ្ឈប់រឿងអាក្រក់ទាំងនេះ? តាមពិតខ្ញុំបានអធិដ្ឋានសុំចម្លើយពីព្រះជារឿយៗ។ ក្នុងអំឡុងពេលដែលខ្ញុំឈប់ដើរប្រគំតន្ត្រី ខ្ញុំចាប់ផ្ដើមអានគម្ពីរម្ដងទៀត។ ខ្ញុំមិនសូវយល់អ្វីដែលខ្ញុំអានទេ តែខ្ញុំបានសន្មតថាពិភពលោកនេះគឺជិតមកដល់ទីបញ្ចប់ហើយ។
ពេលខ្ញុំអានគម្ពីរ ខ្ញុំឃើញថាមានគ្រាមួយដែលលោកយេស៊ូបានតមអាហារនៅតំបន់ស្ងាត់ជ្រងំអស់៤០ថ្ងៃ។ (ម៉ាថាយ ៤:១,២) ខ្ញុំគិតថាបើខ្ញុំធ្វើដូចលោកយេស៊ូប្រហែលជាព្រះនឹងបើកសម្ដែងឲ្យខ្ញុំស្គាល់លោក។ ដូច្នេះខ្ញុំសម្រេចចិត្តកំណត់ថ្ងៃដែលខ្ញុំនឹងចាប់ផ្ដើមតមអាហារ។ ពីរសប្ដាហ៍មុនថ្ងៃកំណត់នោះ សាក្សីព្រះយេហូវ៉ាពីរនាក់បានគោះទ្វារខ្ញុំហើយខ្ញុំបានអញ្ជើញពួកគាត់ចូលភ្លាមៗ។ ខ្ញុំមើលមុខសាក្សីម្នាក់ឈ្មោះហ្សាក ហើយសួរគាត់ថា «តើតាមរបៀបណាយើងអាចដឹងថាយើងកំពុងរស់នៅគ្រាចុងក្រោយបង្អស់នៃរបៀបរបបពិភពលោកនេះ?»។ គាត់តបឆ្លើយដោយអានខគម្ពីរនៅធីម៉ូថេទី២ ៣:១-៥។ បន្ទាប់មកខ្ញុំសួរគាត់សំណួរជាច្រើនហើយស្ងើចចិត្តនឹងចម្លើយដែលសមហេតុសមផលដែលពួកគាត់បានបង្ហាញខ្ញុំពីគម្ពីរ។ ក្រោយពីពួកគាត់បានមកលេងពីរបីដង ខ្ញុំដឹងថាខ្ញុំមិនចាំបាច់តមអាហារទេ។
ខ្ញុំចាប់ផ្ដើមសិក្សាគម្ពីរជាទៀងទាត់ជាមួយសាក្សីព្រះយេហូវ៉ា។ រួចមកខ្ញុំកាត់សក់វែងរបស់ខ្ញុំនិងចាប់ផ្ដើមចូលរួមកិច្ចប្រជុំនៅសាលប្រជុំក្នុងតំបន់ដែលខ្ញុំរស់នៅ។ ការស្វាគមន៍ដ៏កក់ក្ដៅដែលខ្ញុំបានទទួលនៅកិច្ចប្រជុំទាំងនេះធ្វើឲ្យខ្ញុំជឿជាក់ថាខ្ញុំបានរកឃើញសេចក្ដីពិតហើយ។
ដើម្បីអនុវត្តតាមអ្វីដែលខ្ញុំបានរៀនក្នុងគម្ពីរ ខ្ញុំត្រូវធ្វើការកែប្រែជាច្រើនក្នុងជីវិតរបស់ខ្ញុំ។ ជាពិសេសខ្ញុំត្រូវឈប់ប្រើគ្រឿងញៀនហើយលះបង់ចោលរបៀបរស់នៅប្រាសចាកសីលធម៌។ បន្ថែមទៅទៀត ខ្ញុំត្រូវខំកែប្រែគំនិតដែលគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន ហើយបង្ហាញការយកចិត្តទុកដាក់ខ្លាំងជាងចំពោះអ្នកឯទៀត។ ដោយសារខ្ញុំជាបុរសពោះម៉ាយ ខ្ញុំត្រូវរៀនបំពេញសេចក្ដីត្រូវការរបស់កូនទាំងពីរនាក់របស់ខ្ញុំខាងផ្លូវចិត្តនិងខាងជំនឿ។ ដូច្នេះខ្ញុំសម្រេចចិត្តលាឈប់ពីអាជីពជាតារាចម្រៀងហើយធ្វើការនៅរោងចក្រដែលផ្ដល់ប្រាក់ខែតិច។
ការកែប្រែទាំងនេះមិនងាយស្រួលទេ។ ខ្ញុំខំព្យាយាមផ្ដាច់គ្រឿងញៀន ប៉ុន្តែការធ្វើដូច្នេះនាំឲ្យធ្វើទុក្ខក្នុងខ្លួនខ្ញុំជាខ្លាំង រហូតដល់ពេលខ្លះខ្ញុំទ្រាំលែងបានហើយងាកទៅប្រើប្រាស់គ្រឿងញៀនឡើងវិញ។ (រ៉ូម ៧:១៩, ២១-២៤) ការលះចោលនូវរបៀបរស់នៅប្រាសចាកសីលធម៌ក៏ពិបាកដែរ។ ការងារថ្មីរបស់ខ្ញុំធ្វើឲ្យខ្ញុំអស់កម្លាំង ហើយប្រាក់ខែដ៏ស្តួចស្តើងដែលខ្ញុំទទួលធ្វើឲ្យខ្ញុំធ្លាក់ទឹកចិត្ត។ ពេលខ្ញុំប្រគុំតន្ត្រី ខ្ញុំត្រូវលេងតែពីរម៉ោងប៉ុណ្ណោះដើម្បីទទួលបានប្រាក់ចំណូលដែលឥឡូវនេះត្រូវធ្វើការបីខែទើបរកបាន។
ការអធិដ្ឋានបានជួយខ្ញុំឲ្យខំព្យាយាមធ្វើការកែប្រែដ៏លំបាកទាំងនេះ។ ការអានគម្ពីរជាទៀងទាត់គឺសំខាន់ណាស់។ មានខគម្ពីរខ្លះដែលបានលើកទឹកចិត្តខ្ញុំដូចជាកូរិនថូសទី២ ៧:១។ ខនេះបានដាស់តឿនគ្រិស្តសាសនិកឲ្យ «សម្អាតចិត្តនិងកាយរបស់យើងឲ្យស្អាតពីអ្វីៗទាំងអស់ដែលនាំឲ្យស្មោកគ្រោក»។ បទគម្ពីរមួយទៀតដែលធ្វើឲ្យខ្ញុំមានទំនុកចិត្តថាខ្ញុំអាចយកឈ្នះទម្លាប់អាក្រក់របស់ខ្ញុំគឺភីលីព ៤:១៣ដែលចែងថា៖ «ខ្ញុំមានកម្លាំងសម្រាប់អ្វីៗទាំងអស់ ដោយសារលោកដែលផ្ដល់កម្លាំងឲ្យខ្ញុំ»។ ព្រះយេហូវ៉ាបានតបឆ្លើយនឹងសេចក្ដីអធិដ្ឋានរបស់ខ្ញុំហើយបានជួយខ្ញុំឲ្យយល់និងអនុវត្តតាមសេចក្ដីពិតក្នុងគម្ពីរ ហើយនេះបានជំរុញចិត្តខ្ញុំឲ្យប្រគល់ខ្លួនជូនលោក។ (ពេត្រុសទី១ ៤:១,២) ខ្ញុំបានទទួលការជ្រមុជទឹកជាសាក្សីព្រះយេហូវ៉ាម្នាក់នៅឆ្នាំ១៩៩៧។
ផលប្រយោជន៍ដែលខ្ញុំបានទទួល
ខ្ញុំជឿជាក់ថាប្រសិនបើខ្ញុំបន្តមានរបៀបរស់នៅដូចពីមិន ខ្ញុំនឹងមិនមានជីវិតដល់សព្វថ្ងៃនេះទេ។ ផ្ទុយទៅវិញ ឥឡូវនេះខ្ញុំសប្បាយនឹងជីវិតដែលមានសុភមង្គល! អេលវីដែលជាភរិយាដ៏ល្អររបស់ខ្ញុំជាពរមួយពីព្រះយេហូវ៉ា។ យើងរីករាយបង្រៀនគម្ពីរដល់អ្នកឯទៀតហើយបម្រើជាអ្នកផ្សព្វផ្សាយពេញពេលជាមួយគ្នា។ របៀបរស់នៅបែបនេះនាំឲ្យខ្ញុំមានអំណរនិងចិត្តរីករាយណាស់។ ខ្ញុំពិតជាអរគុណព្រះយេហូវ៉ាដែលបានទាញនាំខ្ញុំឲ្យស្គាល់លោក។—យ៉ូហាន ៦:៤៤