គម្ពីរជួយមនុស្សឲ្យកែប្រែជីវិត
ពានរង្វាន់ដ៏វិសេសបំផុតក្នុងជីវិតរបស់ខ្ញុំ
ឆ្នាំកំណើត: ១៩៦៧
ប្រទេសកំណើត: ហ្វាំងឡង់
ប្រវត្ដិ: កីឡាករវាយកូនបាល់អាជីព
អតីតកាលរបស់ខ្ញុំ
ខ្ញុំបានធំឡើងនៅតំបន់មួយ នៅជាយក្រុងថាំភេរ៉េក្នុងប្រទេសហ្វាំងឡង់ តំបន់នោះមានភាពស្ងប់ស្ងាត់និងមានធម្មជាតិខៀវស្រងាត់។ ក្រុមគ្រួសាររបស់ខ្ញុំមិនមែនជាអ្នកកាន់សាសនាស៊ប់ទេ តែយើងឲ្យតម្លៃខាងការអប់រំ និងការមានសីលធម៌ល្អ។ ខ្ញុំមានម្ដាយជាជនជាតិអាល្លឺម៉ង់ ហើយពេលខ្ញុំនៅក្មេង ជួនកាលខ្ញុំបានទៅនៅប្រទេសអាល្លឺម៉ង់ខាងលិច ជាកន្លែងដែលតាយាយខ្ញុំរស់នៅ។
ខ្ញុំចូលចិត្តលេងកីឡាតាំងពីខ្ញុំនៅក្មេង។ ប៉ុន្មានឆ្នាំដំបូង ខ្ញុំបានលេងកីឡាគ្រប់ប្រភេទ។ ប៉ុន្តែ ពេលអាយុ១៤ឆ្នាំខ្ញុំផ្ចង់អារម្មណ៍ទៅលើកីឡាវាយកូនបាល់។ ដល់អាយុ១៦ឆ្នាំ ខ្ញុំរៀនវាយកូនបាល់ពីរបីដងក្នុងមួយថ្ងៃ គឺពីរដងរៀនជាមួយគ្រូជំនាញ ហើយនៅពេលល្ងាចខ្ញុំហាត់វាយម្នាក់ឯង។ ខ្ញុំចាប់អារម្មណ៍គ្រប់ផ្នែកនៃកីឡានោះជាខ្លាំង ហើយការវាយកូនបាល់ជាវិធីលត់ដំខ្លួនប្រាណនិងចិត្តគំនិតរបស់ខ្ញុំ។ ទោះជាខ្ញុំចូលចិត្តសេពគប់ជាមួយនឹងមិត្តភក្ដិ ហើយជួនកាលផឹកស្រាបៀរក្ដី តែខ្ញុំមិនដែលសេពគ្រឿងញៀនឬស្រវឹងស្រាទេ។ ជីវិតរបស់ខ្ញុំមានតែកីឡាវាយកូនបាល់ប៉ុណ្ណោះ ហើយខ្ញុំចាត់ទុកវាថាសំខាន់បំផុត។
ខ្ញុំចាប់ផ្ដើមលេងក្នុងសមាគមអ្នកជំនាញកីឡាវាយកូនបាល់ពេលខ្ញុំអាយុ១៧ឆ្នាំ(ATP)។ a ក្រោយពីបានឈ្នះការប្រកួតមួយចំនួន ខ្ញុំបានទទួលប្រជាប្រិយភាពជាច្រើន។ ពេលអាយុ២២ឆ្នាំ ខ្ញុំជាកីឡាករវាយកូនបាល់កំពូលក្នុងចំណោមកីឡាករ៥០នាក់នៅទូទាំងពិភពលោក។
អស់ជាច្រើនឆ្នាំ ខ្ញុំបានធ្វើដំណើរទៅជុំវិញពិភពលោកដើម្បីប្រកួតវាយកូនបាល់។ ខ្ញុំបានឃើញកន្លែងអស្ចារ្យខ្លះៗ តែខ្ញុំក៏បានដឹងអំពីបញ្ហាជាច្រើនក្នុងពិភពលោកដែរ រួមមានឧក្រិដ្ឋកម្ម គ្រឿងញៀន និងបញ្ហាបរិស្ថាន។ ជាឧទាហរណ៍ កាលដែលទៅសហរដ្ឋអាម៉េរិក យើងបានត្រូវគេហាមមិនឲ្យទៅលេងនៅតំបន់មួយចំនួនក្នុងក្រុងខ្លះៗ ព្រោះនៅទីនោះមានឧក្រិដ្ឋកម្មជាច្រើន។ រឿងទាំងនោះធ្វើឲ្យខ្ញុំទើសចិត្តណាស់។ ជាងនោះទៅទៀត ទោះជាខ្ញុំកំពុងធ្វើអ្វីដែលខ្ញុំស្រឡាញ់ពេញចិត្តក៏ដោយ តែនៅចុងថ្ងៃនីមួយៗ ខ្ញុំបែរជាមានអារម្មណ៍មិនស្កប់ចិត្តទៅវិញ។
វិធីដែលគម្ពីរជួយខ្ញុំឲ្យកែប្រែជីវិត
សង្សាររបស់ខ្ញុំឈ្មោះសាន់ណឺ បានចាប់ផ្ដើមរៀនគម្ពីរជាមួយសាក្សីព្រះយេហូវ៉ា។ ខ្ញុំអស់សំណើចបន្ដិច ពេលឃើញនាងរៀនជាមួយសាសនានេះ តែខ្ញុំមិនបានប្រឆាំងនាងទេ។ នៅឆ្នាំ១៩៩០យើងបានរៀបការ ហើយនៅឆ្នាំបន្ទាប់នាងបានទទួលការជ្រមុជទឹកជាសាក្សីព្រះយេហូវ៉ា។ ចំណែកខ្ញុំវិញ ខ្ញុំមិនចាត់ទុកថាខ្លួនកាន់សាសនាទេ តែខ្ញុំជឿថាមានព្រះ។ ខ្ញុំនៅចាំថាជីដូនខ្ញុំដែលជាជនជាតិអាល្លឺម៉ង់ចូលចិត្តអានគម្ពីរណាស់ ហើយគាត់ក៏បានបង្រៀនខ្ញុំអំពីរបៀបអធិដ្ឋានដែរ។
ថ្ងៃមួយ ពេលដែលសាន់ណឺនិងខ្ញុំ ទៅលេងប្ដីប្រពន្ធមួយគូដែលជាសាក្សីព្រះយេហូវ៉ា ការីដែលជាប្ដីបានបង្ហាញខ្ញុំនូវទំនាយក្នុងគម្ពីរអំពី«គ្រាចុងក្រោយបង្អស់»។ (ធីម៉ូថេទី២ ៣:១-៥) នេះពិតជាមានឥទ្ធិពលមកលើខ្ញុំ ដោយសារខ្ញុំបានយល់នូវមូលហេតុដែលមានអំពើអាក្រក់ជាច្រើននៅក្នុងពិភពលោក។ នៅថ្ងៃនោះ យើងមិនបាននិយាយច្រើនអំពីសាសនាទេ។ ចាប់ពីពេលនោះមក ខ្ញុំបានសន្ទនាជាមួយនឹងការីអំពីគម្ពីរ ហើយអ្វីដែលខ្ញុំបានរៀនគឺសមហេតុសមផល។ ប៉ុន្តែ ដោយសារមមាញឹកនិងធ្វើដំណើរទៅកន្លែងផ្សេងៗ ខ្ញុំពិបាកជួបការីជាទៀងទាត់ តែគាត់មិនបានឈប់ព្យាយាមឡើយ។ គាត់ឆ្លើយសំណួរដែលខ្ញុំបានលើកឡើងក្នុងអំឡុងពេលសិក្សា តាមរយៈសំបុត្រ។ រាល់សំណួរជ្រៅៗទាំងអស់អំពីជីវិត គម្ពីរមានចម្លើយយ៉ាងសមហេតុសមផល ហើយបន្ដិចម្ដងៗខ្ញុំបានចាប់ផ្ដើមយល់សាច់រឿងក្នុងគម្ពីរ គឺអំពីរាជាណាចក្ររបស់ព្រះនឹងធ្វើឲ្យគោលបំណងរបស់លោកសម្រេចទាំងស្រុង។ ការរៀនអំពីនាមរបស់ព្រះយេហូវ៉ា និងការឃើញអ្វីដែលលោកបានធ្វើ មានឥទ្ធិពលយ៉ាងខ្លាំងមកលើខ្ញុំ។ (ទំនុកតម្កើង ៨៣:១៨) អ្វីដែលធ្វើឲ្យខ្ញុំចាប់អារម្មណ៍បំផុត គឺទាក់ទងនឹងសេចក្ដីបង្រៀនអំពីការផ្ដល់ថ្លៃលោះ នោះមិនគ្រាន់តែជាការរៀបចំដែលត្រូវធ្វើតាមច្បាប់ប៉ុណ្ណោះទេ តែជាការរៀបចំដែលប្រកបដោយសេចក្ដីស្រឡាញ់។ (យ៉ូហាន ៣:១៦) ខ្ញុំក៏បានរៀនដែរថា ខ្ញុំអាចមានឱកាសក្លាយជាមិត្តសម្លាញ់របស់ព្រះ និងអាចរស់ជារៀងរហូតនៅសួនឧទ្យានដោយសុខសាន្ត។ (យ៉ាកុប ៤:៨) ខ្ញុំក៏សួរខ្លួនឯងថា៖«តើខ្ញុំអាចបង្ហាញអំណរគុណតាមរបៀបណា?»។
ខ្ញុំបានរំពឹងគិតអំពីជីវិតរបស់ខ្ញុំ។ ខ្ញុំបានរៀនពីគម្ពីរថាការមានសុភមង្គលបំផុតគឺមកពីការឲ្យ។ ដូច្នេះ ខ្ញុំចង់ផ្សព្វផ្សាយអំពីជំនឿរបស់ខ្ញុំដល់អ្នកឯទៀត។ (សកម្មភាព ២០:៣៥) ជាកីឡាករជំនាញ ខ្ញុំបានចំណាយពេលប្រហែល២០០ថ្ងៃក្នុងមួយឆ្នាំនៅខាងក្រៅផ្ទះដើម្បីចូលរួមការប្រកួតប្រជែង។ ក្រុមគ្រួសារខ្ញុំនិងខ្លួនខ្ញុំផ្ទាល់ចាត់ទុកកីឡាវាយកូនបាល់ជាអ្វីដែលសំខាន់បំផុត ហើយពួកគេបានជួយជ្រោមជ្រែងខ្ញុំខាងធនធាន កម្លាំង និងពេលវេលា ដើម្បីឲ្យខ្ញុំក្លាយទៅជាកីឡាករដ៏ជោគជ័យ។ ខ្ញុំបានទទួលស្គាល់ថាខ្ញុំត្រូវផ្លាស់ប្ដូរ។
ខ្ញុំបានដឹងថាការបញ្ចប់កិច្ចសន្យាពីអាជីពជាអ្នកកីឡាដោយសារមូលហេតុសាសនា ជាការសម្រេចចិត្តមួយដែលមនុស្សជាច្រើនពិបាកទទួលយក។ ប៉ុន្តែ ឱកាសស្គាល់ព្រះយេហូវ៉ា ហើយការបានជីវិតដែលគ្មានទីបញ្ចប់នោះប្រសើរជាងការទទួលពានរង្វាន់ពីការវាយកូនបាល់ឆ្ងាយណាស់។ ដូច្នេះ ការសម្រេចចិត្តនោះមិនមែនពិបាកទេសម្រាប់ខ្ញុំ។ ខ្ញុំតាំងចិត្តមិនអើពើនឹងពាក្យសម្ដីដែលមនុស្សឯទៀតនិយាយអំពីការសម្រេចចិត្តរបស់ខ្ញុំឡើយ។ មានខគម្ពីរមួយបានលើកទឹកចិត្តខ្ញុំជាពិសេសឲ្យយកឈ្នះការបង្ខិតបង្ខំ គឺនៅទំនុកតម្កើង ១១៨:៦ដែលថា៖«ព្រះយេហូវ៉ាទ្រង់កាន់ខាងខ្ញុំៗនឹងមិនខ្លាចអ្វីឡើយ។ តើមនុស្សអាចនឹងធ្វើអ្វីដល់ខ្ញុំបាន?»។
រហូតមកដល់ពេលនេះ មានអ្នកឧបត្ថម្ភមួយចំនួន បានស្នើផ្ដល់កម្រៃនិងរង្វាន់ដ៏ធំ ដើម្បីឲ្យខ្ញុំអាចធ្វើជាកីឡាករវាយកូនបាល់អាជីពម្ដងទៀត។ បើខ្ញុំព្រមទទួលកម្រៃនោះ ខ្ញុំមិនចាំបាច់ព្រួយបារម្ភអំពីជីវភាពអស់ជាច្រើនឆ្នាំទៅថ្ងៃអនាគត។ ប៉ុន្តែ ខ្ញុំបានសម្រេចចិត្តរួចហើយ ដូច្នេះ ខ្ញុំបានបដិសេធនឹងសំណើនោះ ហើយនៅទីបំផុតខ្ញុំបានឈប់លេងក្នុងសមាគមអ្នកជំនាញកីឡាវាយកូនបាល់ទៀត។ ខ្ញុំបានបន្តរៀនគម្ពីរ ហើយថ្ងៃទី២ ខែកក្កដា ឆ្នាំ១៩៩៤ ខ្ញុំបានទទួលការជ្រមុជទឹកជាសាក្សីព្រះយេហូវ៉ា។
ផលប្រយោជន៍ដែលខ្ញុំទទួល
ចំពោះខ្ញុំ គ្មានរឿងខ្លោចផ្សាណាមួយដែលនាំឲ្យខ្ញុំគិតអំពីព្រះទេ ហើយខ្ញុំក៏មិនបានស្វែងរកសេចក្ដីពិតដែរ។ ជីវិតខ្ញុំល្អគ្រប់គ្រាន់ ហើយខ្ញុំមិនត្រូវការអ្វីថែមទៀតទេ។ ប៉ុន្តែ ដោយមិនបានរំពឹងទុក សេចក្ដីពិតក្នុងគម្ពីរប្រៀបដូចជាកំពុងរង់ចាំខ្ញុំឲ្យស្វែងរក។ ខ្ញុំបានរកឃើញជីវិតដែលមានអត្ថន័យជ្រាលជ្រៅជាង ហើយជីវិតរបស់ខ្ញុំប្រសើរលើសពីអ្វីដែលខ្ញុំបានស្រមៃគិតទៅទៀត! ក្រុមគ្រួសារយើងរឹងមាំជាង ហើយកាន់តែជិតស្និទ្ធគ្នាថែមទៀត។ ខ្ញុំពិតជាសប្បាយចិត្តដែលកូនប្រុសបីនាក់របស់ខ្ញុំបានធ្វើតាមគំរូខ្ញុំ គឺមិនមែនធ្វើជាកីឡាករទេ តែជាគ្រិស្តសាសនិក។
ខ្ញុំនៅតែចូលចិត្តវាយកូនបាល់ ហើយអស់ជាច្រើនឆ្នាំ ខ្ញុំបានប្រើជំនាញនេះដើម្បីចិញ្ចឹមជីវិត។ ជាឧទាហរណ៍ ខ្ញុំធ្វើជាគ្រូបង្វឹក និងជាអ្នកគ្រប់គ្រងមជ្ឈមណ្ឌលវាយកូនបាល់មួយកន្លែង។ ប៉ុន្តែ ជីវិតខ្ញុំមិនផ្ដោតទៅលើកីឡាវាយកូនបាល់ទៀតទេ។ ពីមុន ខ្ញុំបានហាត់វាយកូនបាល់អស់ច្រើនម៉ោងរាល់សប្ដាហ៍ ដើម្បីក្លាយជាអ្នកវាយកូនបាល់ប្រសើរជាង និងដើម្បីទទួលពានរង្វាន់។ ប៉ុន្តែ ឥឡូវខ្ញុំជាអ្នកផ្សព្វផ្សាយពេញពេល។ ខ្ញុំសប្បាយក្នុងការចំណាយពេលជួយអ្នកឯទៀត ឲ្យរៀននិងធ្វើតាមគោលការណ៍គម្ពីរដែលបានកែប្រែជីវិតខ្ញុំ។ ខ្ញុំមានសុភមង្គលក្រៃលែង ពេលដែលខ្ញុំចាត់ទុកចំណងមិត្តភាពជិតស្និទ្ធជាមួយព្រះយេហូវ៉ាជាអ្វីដែលសំខាន់បំផុត ព្រមទាំងការប្រាប់អ្នកឯទៀតពីសេចក្ដីសង្ឃឹមរបស់ខ្ញុំអំពីអនាគតដ៏ត្រចះត្រចង់។—ធីម៉ូថេទី១ ៦:១៩
a សមាគមនេះត្រួតពិនិត្យកីឡាវាយកូនបាល់របស់បុរសទូទាំងពិភពលោក។ ពួកគេរៀបចំការប្រកួតដោយឲ្យពិន្ទុនិងរង្វាន់ជាប្រាក់ដល់អ្នកឈ្នះ។ យោងតាមពិន្ទុទាំងនោះ អាចដឹងចំណាត់ថ្នាក់របស់អ្នកលេង។