លោតទៅអត្ថបទ

គម្ពីរ​ជួយ​មនុស្ស​ឲ្យ​កែ​ប្រែ​ជីវិត

«ចិញ្ចើមថ្នល់បានក្លាយទៅជាផ្ទះរបស់ខ្ញុំ»

«ចិញ្ចើមថ្នល់បានក្លាយទៅជាផ្ទះរបស់ខ្ញុំ»
  • ឆ្នាំ​កំណើត: ១៩៥៥

  • ប្រទេស​កំណើត: អេស្ប៉ាញ

  • ប្រវត្ដិ: ប្រើ​គ្រឿង​ញៀន ប្រមឹក​ស្រា និង​ប្រើ​អំពើ​ហិង្សា

អតីតកាល​របស់​ខ្ញុំ

 មនុស្ស​ខ្លះ​ត្រូវ​ការ​ពេល​ច្រើន​ដើម្បី​ទាញ​មេ​រៀន​ពី​បទ​ពិសោធន៍​ល្វីង​ជូរ​ចត់​របស់​ខ្លួន ហើយ​ខ្ញុំ​ក៏​ដូច​ពួក​គេ​ដែរ។ ខ្ញុំ​បាន​កើត​និង​ធំ​ឡើង​នៅ​ក្នុង​ក្រុង​បាសាឡូណា ជា​ក្រុង​ធំ​ទី២​ក្នុង​ប្រទេស​អេស្ប៉ាញ។ គ្រួសារ​របស់​ខ្ញុំ​រស់​នៅ​តំបន់​មួយ​ហៅ​ថា​សូម៉ូរ៉ូស្ត្រូ តំបន់​នោះ​ក៏​រួម​បញ្ចូល​ផ្ទះ​ភាគ​ច្រើន​ដែល​ជាប់​មាត់​សមុទ្រ​ក្នុង​ក្រុង​បាសាឡូណា​ដែរ។ សូ​ម៉ូរ៉ូស្ត្រូ​ជា​តំបន់​ដែល​ល្បី​ខាង​ឧក្រិដ្ឋកម្ម និង​ការ​ជួញ​ដូរ​គ្រឿង​ញៀន។

 ឪ​ពុក​ម្ដាយ​ខ្ញុំ​មាន​កូន​៩​នាក់ ហើយ​ខ្ញុំ​ជា​កូន​បង​គេ​បង្អស់។ ដោយ​សារ​គ្រួសារ​របស់​យើង​ក្រី​ក្រ​ខ្លាំង​ពេក ឪ​ពុក​ខ្ញុំ​ក៏​ឲ្យ​ខ្ញុំ​ទៅ​ធ្វើ​ការ​ជា​អ្នក​រើស​កូន​បាល់​នៅ​ក្នុង​ក្លិប​វាយ​កូន​បាល់។ ពេល​នោះ ខ្ញុំ​មាន​អាយុ​១០​ឆ្នាំ ហើយ​ខ្ញុំ​ត្រូវ​ធ្វើ​ការ​១០​ម៉ោង​ក្នុង​មួយ​ថ្ងៃ។ ជា​លទ្ធផល ខ្ញុំ​មិន​អាច​ទៅ​រៀន​ដូច​ក្មេង​ឯ​ទៀត​ទេ។ ពេល​ខ្ញុំ​អាយុ​១៤​ឆ្នាំ ខ្ញុំ​ចាប់​ផ្ដើម​ធ្វើ​ការ​ជា​អ្នក​បញ្ជា​ម៉ាស៊ីន​នៅ​ហាង​មួយ​ដែល​លក់​គ្រឿង​ដែក។

នៅ​ឆ្នាំ​១៩៧៥ ខ្ញុំ​បាន​ស្ម័គ្រ​ចិត្ត​ចូល​រួម​ក្នុង​កង​កម្លាំង​ពិសេស​របស់​អេស្ប៉ាញ​នៅ​ក្រុង​មិលីឡាក្នុង​ទ្វីប​អាហ្វ្រិក​ខាង​ជើង ហើយ​ពាក់​ឯកសណ្ឋាន​កង​កម្លាំង​នោះ

 នៅ​ឆ្នាំ​១៩៧៥ ខ្ញុំ​បាន​ត្រូវ​ហៅ​ឲ្យ​ចូល​បំពេញ​កាតព្វកិច្ច​យោធា​នៅ​ប្រទេស​អេស្ប៉ាញ។ ខ្ញុំ​ចង់​ធ្វើ​អ្វី​ដែល​ផ្សង​ព្រេង​ក្នុង​ជីវិត​ខ្ញុំ។ ដូច្នេះ ខ្ញុំ​បាន​ស្ម័គ្រ​ចិត្ត​ចូល​រួម​ក្នុង​កង​កម្លាំង​ពិសេស​របស់​អេស្ប៉ាញ​នៅ​ក្រុង​មិ​លីឡា​ក្នុង​ទ្វីប​អាហ្វ្រិក​ខាង​ជើង ដែល​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​អេស្ប៉ាញ។ អំឡុង​ពេល​នោះ ខ្ញុំ​ចាប់​ផ្ដើម​ប្រឡូក​ក្នុង​ពិភព​ដ៏​ស្មោក​គ្រោក គឺ​ប្រើ​គ្រឿង​ញៀន និង​ប្រមឹក​ស្រា។

 ពេល​ខ្ញុំ​ចាក​ចេញ​ពី​កង​កម្លាំង​នោះ ខ្ញុំ​បាន​ត្រឡប់​ទៅ​ក្រុង​បា​សា​ឡូ​ណា​វិញ ហើយ​បង្កើត​ក្រុម​បង​ធំ។ ពួក​យើង​ប្រទះ​ឃើញ​អ្វី យើង​លួច​តែ​ម្ដង រួច​យើង​យក​ទៅ​លក់​ដើម្បី​បាន​ប្រាក់​ទិញ​គ្រឿង​ញៀន។ ខ្ញុំ​ចាប់​ផ្ដើម​ប្រើ​ថ្នាំ​ញៀន​ប្រភេទ​LSD អំហ្វីតាមីន ហើយ​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌ ប្រមឹក​ស្រា និង​លេង​ល្បែង​ស៊ីសង។ របៀប​រស់​នៅ​ដ៏​ខូច​អាក្រក់​នេះ​នាំ​ឲ្យ​ខ្ញុំ​ប្រព្រឹត្ត​អំពើ​ឃោរ​ឃៅ​កាន់​តែ​ខ្លាំង​ឡើង។ ខ្ញុំ​តែង​តែ​មាន​កាំបិត ពូថៅ ឬ​ដាវ​ជាប់​តាម​ខ្លួន​ជា​និច្ច ហើយ​ខ្ញុំ​មិន​ខ្លាច​ប្រើ​វា​នៅ​ពេល​មាន​រឿង​កើត​ឡើង​នោះ​ទេ។

 មាន​ពេល​មួយ ខ្ញុំ​និង​ក្រុម​របស់​ខ្ញុំ​បាន​លួច​ឡាន​គេ ហើយ​ត្រូវ​ប៉ូលិស​ដេញ​តាម​ចាប់។ ទិដ្ឋភាព​នៅ​ពេល​នោះ មើល​ទៅ​ដូច​ជា​នៅ​ក្នុង​ភាពយន្ត​អ៊ីចឹង។ យើង​បាន​បើក​ឡាន​ដែល​យើង​បាន​លួច​នោះ រត់​គេច​ប្រហែល​ជា​៣០​គីឡូ​ម៉ែត្រ(​២០​ម៉ៃល៍​) រហូត​ដល់​ប៉ូលិស​បាញ់​រះ​មក​លើ​យើង។ ទី​បំផុត ឡាន​ដែល​យើង​កំពុង​បើក​នោះ បាន​ជួប​គ្រោះ​ថ្នាក់​ទៅ​មុខ​លែង​រួច ហើយ​យើង​ទាំង​អស់​គ្នា​ក៏​បាន​រត់​គេច​ខ្លួន​ទៅ។ ពេល​ឪ​ពុក​ខ្ញុំ​ដឹង​រឿង​នោះ គាត់​បាន​បណ្ដេញ​ខ្ញុំ​ចេញ​ពី​ផ្ទះ។

 បន្ទាប់​ពី​នោះ អស់​៥​ឆ្នាំ ចិញ្ចើម​ថ្នល់​បាន​ក្លាយ​ជា​ផ្ទះ​របស់​ខ្ញុំ។ ខ្ញុំ​ដេក​តាម​មាត់​ទ្វារ​ផ្ទះ​គេ ក្នុង​ឡាន​ដឹក​ទំនិញ លើ​កៅអី​នៅ​តាម​សួន​ច្បារ និង​នៅ​ក្នុង​ទី​ធ្លា​បញ្ចុះ​សព ហើយ​ខ្ញុំ​ក៏​ស្នាក់​នៅ​ក្នុង​រូង​ភ្នំ​អស់​មួយ​រយៈ​ដែរ។ ជីវិត​ខ្ញុំ​តែលតោល​គ្មាន​គោល​ដៅ​ទេ។ ខ្ញុំ​មិន​ខ្វល់​ថា​ខ្ញុំ​រស់​ឬ​ស្លាប់​ឡើយ។ ខ្ញុំ​ចាំ​ថា​ពេល​គ្រឿង​ញៀន​ធ្វើ​ទុក្ខ ខ្ញុំ​បាន​អារ​ដៃ​និង​ក​ដៃ ហើយ​ខ្ញុំ​នៅ​តែ​មាន​សម្លាក​នោះ​រហូត​ដល់​សព្វ​ថ្ងៃ។

វិធី​ដែល​គម្ពីរ​ជួយ​ខ្ញុំ​ឲ្យ​កែ​ប្រែ​ជីវិត

 ពេល​ខ្ញុំ​អាយុ​២៨​ឆ្នាំ ម្ដាយ​របស់​ខ្ញុំ​បាន​តាម​រក​ខ្ញុំ ហើយ​ហៅ​ខ្ញុំ​ឲ្យ​មក​ផ្ទះ​វិញ។ ខ្ញុំ​យល់​ព្រម​ត្រឡប់​មក​វិញ ហើយ​សន្យា​ថា​ខ្ញុំ​នឹង​កែ​ខ្លួន តែ​ខ្ញុំ​ត្រូវ​ការ​ពេល​មួយ​រយៈ​ដើម្បី​ធ្វើ​តាម​សន្យា​នោះ។

 នៅ​ល្ងាច​មួយ សាក្សី​ព្រះ​យេហូវ៉ា​ពីរ​នាក់​បាន​មក​គោះ​ទ្វារ​ផ្ទះ​យើង។ ពេល​ខ្ញុំ​កំពុង​ស្ដាប់​ពួក​គេ​និយាយ ឪ​ពុក​របស់​ខ្ញុំ​បាន​ស្រែក​ពី​ក្នុង​ផ្ទះ​ឲ្យ​បិទ​ទ្វារ​នៅ​មុខ​ពួក​គេ​ទៅ។ ដោយ​សារ​ខ្ញុំ​មិន​ចូល​ចិត្ត​ឲ្យ​គេ​បង្គាប់​បញ្ជា ដូច្នេះ​ខ្ញុំ​មិន​បាន​ធ្វើ​តាម​អ្វី​ដែល​គាត់​បាន​ប្រាប់​ទេ។ សាក្សី​នោះ​បាន​ឲ្យ​សៀវភៅ​តូច​ៗ​បី​ក្បាល​ដល់​ខ្ញុំ ហើយ​ខ្ញុំ​បាន​ទទួល​ដោយ​ក្ដី​រីក​រាយ។ ខ្ញុំ​បាន​សួរ​ពួក​គេ​អំពី​ទី​តាំង​សាល​ប្រជុំ​របស់​ពួក​គេ ហើយ​ពីរ​បី​ថ្ងៃ​ក្រោយ​មក ខ្ញុំ​បាន​ទៅ​សាល​ប្រជុំ​នោះ។

 អ្វី​ដែល​ខ្ញុំ​កត់​សម្គាល់​មុន​បង្អស់ គឺ​គ្រប់​គ្នា​ស្លៀក​ពាក់​ស្អាត​បាត។ ចំណែក​ខ្ញុំ​វិញ ខ្ញុំ​មាន​សក់​វែង ពុក​មាត់​ស្រមូម ហើយ​សម្លៀក​បំពាក់​ចាស់​កខ្វក់។ ខ្ញុំ​ឃើញ​ច្បាស់​ថា​ខ្ញុំ​ចូល​ពួក​គេ​មិន​ចុះ​ទេ ដូច្នេះ​ខ្ញុំ​ឈរ​នៅ​ខាង​ក្រៅ​សាល​ប្រជុំ។ ប៉ុន្តែ ខ្ញុំ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង ពេល​ឃើញ​អតីត​មិត្ត​ខ្ញុំ​ម្នាក់​ឈ្មោះ​ខ្វាន់​ដែល​ជា​សមាជិក​ក្រុម​បង​ធំ ស្លៀក​សម្លៀក​បំពាក់​សមរម្យ​ទាំង​ពាក់​អាវ​ធំ​ទៀត​ផង។ ក្រោយ​មក ខ្ញុំ​បាន​ដឹង​ថា​គាត់​ទើប​តែ​ក្លាយ​ទៅ​ជា​សាក្សី​ព្រះ​យេហូវ៉ា​មួយ​ឆ្នាំ​មុន​នោះ។ វត្តមាន​របស់​គាត់ ធ្វើ​ឲ្យ​ខ្ញុំ​មាន​ទំនុក​ចិត្ត​ចូល​ទៅ​ស្ដាប់​កិច្ច​ប្រជុំ។ ចាប់​ពី​ពេល​នោះ​មក ខ្ញុំ​ចាប់​ផ្ដើម​កែ​ប្រែ​ជីវិត។

 ខ្ញុំ​យល់​ព្រម​រៀន​គម្ពីរ ហើយ​ទទួល​ស្គាល់​ភ្លាម​ៗ​ថា បើ​ខ្ញុំ​ចង់​ឲ្យ​ព្រះ​ពេញ​ចិត្ត ខ្ញុំ​ត្រូវ​កែ​ខ្លួន ឈប់​មាន​កំហឹង និង​លែង​មាន​របៀប​រស់​នៅ​ប្រាស​ចាក​សីលធម៌​ទៀត។ ការ​កែ​ប្រែ​នោះ​មិន​ងាយ​ស្រួល​ទេ។ ខ្ញុំ​បាន​រៀន​ថា​ដើម្បី​ធ្វើ​ឲ្យ​ព្រះ​ពេញ​ចិត្ត ខ្ញុំ​ត្រូវ​«​ផ្លាស់​ប្ដូរ​ជា​ថ្មី​នូវ​របៀប​គិត​គូរ​របស់[​ខ្ញុំ​]​»​ជា​ចាំ​បាច់។ (​រ៉ូម ១២:២​) សេចក្ដី​មេត្ដា​ក​រុណ​របស់​ព្រះ​យេហូវ៉ា​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​មក​លើ​ចិត្ត​របស់​ខ្ញុំ។ ទោះ​ជា​ខ្ញុំ​ធ្វើ​ខុស​ច្រើន​ក៏​ដោយ ខ្ញុំ​គិត​ថា​លោក​បាន​ឲ្យ​ឱកាស​ខ្ញុំ​កែ​ប្រែ​របៀប​រស់​នៅ​របស់​ខ្ញុំ​ទាំង​ស្រុង។ អ្វី​ដែល​ខ្ញុំ​បាន​រៀន​អំពី​ព្រះ​យេហូវ៉ា​បាន​ដក់​ជាប់​យ៉ាង​ជ្រៅ​ក្នុង​ចិត្ត​ខ្ញុំ។ ខ្ញុំ​ដឹង​ច្បាស់​ថា​មាន​ព្រះ​ជា​អ្នក​បង្កើត​ដែល​តែង​តែ​គិត​ដល់​ខ្ញុំ។—ពេត្រុស​ទី១ ៥:៦, ៧

 នេះ​បាន​ជំរុញ​ចិត្ត​ខ្ញុំ​ឲ្យ​កែ​ប្រែ។ ជា​ឧទាហរណ៍ ពេល​កំពុង​រៀន​គម្ពីរ ខ្ញុំ​ជូរ​មាត់​ចង់​ជក់​បារី ខ្ញុំ​និយាយ​ប្រាប់​ខ្លួន​ឯង​ថា‹បើ​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​ខ្ញុំ​រក្សា​ភាព​ស្អាត​ស្អំ​ពី​អ្វី​ៗ​ទាំង​អស់​ដែល​នាំ​ឲ្យ​ស្មោក​គ្រោក សូម​ឲ្យ​ខ្ញុំ​លែង​ចង់​ជក់​បារី​ទៀត›។ (​កូរិនថូស​ទី២ ៧:១​) ទី​បំផុត ខ្ញុំ​បោះ​បារី​ទាំង​នោះ​ទៅ​ក្នុង​ធុង​សំរាម!

 ខ្ញុំ​ក៏​ត្រូវ​ឈប់​ប្រើ​ប្រាស់​គ្រឿង​ញៀន និង​ជួញ​ដូរ​វា​ទៀត​ដែរ។ ដើម្បី​ធ្វើ​ដូច្នេះ ត្រូវ​ការ​ពេល​វេលា និង​ការ​ខំ​ប្រឹង​ថែម​ទៀត ហើយ​ដើម្បី​សម្រេច​គោល​ដៅ​នេះ ខ្ញុំ​ដឹង​ថា​ខ្ញុំ​ត្រូវ​ផ្ដាច់​ទំនាក់​ទំនង​ជា​មួយ​នឹង​មិត្ត​ភក្ដិ​ចាស់​របស់​ខ្ញុំ។ ការ​សេពគប់​ជា​មួយ​នឹង​ពួក​គេ​មិន​បាន​ជួយ​ខ្ញុំ​ឲ្យ​រីក​ចម្រើន​ខាង​ការ​គោរព​ប្រណិប័តន៍​ព្រះ​ទេ។ ដូច្នេះ ក្រោយ​មក​ខ្ញុំ​ចាប់​ផ្ដើម​ពឹង​ផ្អែក​លើ​ព្រះ​ច្រើន​ជាង និង​ទទួល​ជំនួយ​ពី​មិត្ត​ភក្ដិ​ថ្មី​ៗ​ក្នុង​ក្រុម​ជំនុំ។ ពួក​គេ​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់ និង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ខ្ញុំ។ បទ​ពិសោធន៍​នោះ​ខ្ញុំ​មិន​ធ្លាប់​មាន​ពី​មុន​ទេ។ ប៉ុន្មាន​ខែ​ក្រោយ​មក ខ្ញុំ​ផ្ដាច់​គ្រឿង​ញៀន​បាន​សម្រេច ហើយ​«​ពាក់​បុគ្គលិក​លក្ខណៈ​ថ្មី​»​ដែល​បាន​ជួយ​ខ្ញុំ​ឲ្យ​ទទួល​ការ​ពេញ​ចិត្ត​ពី​ព្រះ។ (​អេភេសូរ ៤:២៤​) នៅ​ខែ​សីហា ឆ្នាំ​១៩៨៥ ខ្ញុំ​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ជា​សាក្សី​ព្រះ​យេហូវ៉ា។

ប្រយោជន៍​ដែល​ខ្ញុំ​បាន​ទទួល

 គម្ពីរ​ជួយ​ខ្ញុំ​ឲ្យ​មាន​ជីវិត​ល្អ​ប្រសើរ​ជាង។ គម្ពីរ​បាន​ជួយ​ខ្ញុំ​ឲ្យ​រួច​ផុត​ពី​របៀប​រស់​នៅ​ដ៏​ខូច​អាក្រក់ ដែល​បំផ្លាញ​រាង​កាយ​និង​ភាព​ថ្លៃ​ថ្នូរ​របស់​ខ្លួន។ តាម​ការ​ពិត មិត្ត​ចាស់​របស់​ខ្ញុំ​ជាង​៣០​នាក់​បាន​ស្លាប់​ពេល​នៅ​ក្មេង ដោយ​សារ​មាន​ជំងឺ​អេស​ដ៍​ឬ​ជំងឺ​ផ្សេង​ទៀត​ដែល​ទាក់​ទង​នឹង​ការ​ប្រើ​គ្រឿង​ញៀន។ ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​ណាស់ ដែល​ខ្ញុំ​បាន​ធ្វើ​តាម​គោល​ការណ៍​គម្ពីរ ព្រោះ​នោះ​បាន​ជួយ​ខ្ញុំ​ឲ្យ​គេច​ផុត​ពី​លទ្ធផល​ខ្លោច​ផ្សា​ទាំង​នេះ។

 កាល​ខ្ញុំ​នៅ​យុវវ័យ ខ្ញុំ​ធ្លាប់​កាន់​កាំបិត​ពូថៅ ប្រើ​អំពើ​ហិង្សា តែ​ឥឡូវ​ខ្ញុំ​លែង​កាន់​ទៀត​ហើយ។ ផ្ទុយ​ទៅ​វិញ ខ្ញុំ​កាន់​គម្ពីរ​ដើម្បី​បង្រៀន​មនុស្ស​វិញ ជា​អ្វី​ដែល​ខ្ញុំ​មិន​ធ្លាប់​ស្រមៃ​គិត​ពី​មុន​ទេ។ សព្វ​ថ្ងៃ​នេះ ប្រពន្ធ​ខ្ញុំ​និង​ខ្ញុំ​បាន​បម្រើ​ព្រះ​យេហូវ៉ា​ពេញ​ពេល។

 ឪ​ពុក​ម្ដាយ​របស់​ខ្ញុំ​មិន​មែន​ជា​សាក្សី​ព្រះ​យេហូវ៉ា​ទេ តែ​ពួក​គាត់​ឲ្យ​តម្លៃ​ចំពោះ​ប្រយោជន៍​ដែល​ខ្ញុំ​បាន​ទទួល​ពី​ការ​រៀន​គម្ពីរ។ ការ​ពិត ឪ​ពុក​ខ្ញុំ​បាន​និយាយ​ការ​ពារ​សាក្សី​ព្រះ​យេហូវ៉ា​នៅ​មុខ​អ្នក​រួម​ការ​ងារ​របស់​គាត់​ទៀត​ផង។ គាត់​បាន​ឃើញ​ច្បាស់​ថា ជំនឿ​ថ្មី​របស់​ខ្ញុំ​បាន​ជំរុញ​ខ្ញុំ​ឲ្យ​កែ​ប្រែ​ជា​មនុស្ស​ល្អ​ប្រសើរ​ជាង។ ម្ដាយ​ខ្ញុំ​ច្រើន​តែ​និយាយ​ថា‹កូន​គួរ​រៀន​គម្ពីរ​ឲ្យ​បាន​លឿន​ជាង​នេះ›។ ខ្ញុំ​ពិត​ជា​យល់​ស្រប​នឹង​គាត់​មែន!

 បទ​ពិសោធន៍​ផ្សេង​ៗ​ក្នុង​ជីវិត​ខ្ញុំ បាន​បង្រៀន​ខ្ញុំ​ឲ្យ​ដឹង​ថា​គឺ​ជា​ការ​ល្ងី​ល្ងើ​ណាស់​ដែល​ស្វែង​រក​បំពេញ​ចិត្ត​ខ្លួន​ដោយ​គ្រឿង​ញៀន​និង​ប្រព្រឹត្ត​អំពើ​អបាយមុខ។ ឥឡូវ​ខ្ញុំ​ពិត​ជា​មាន​អារម្មណ៍​ថា​ស្កប់​ចិត្ត​ខ្លាំង​ណាស់ ពី​ការ​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​រក​ឃើញ​សេចក្ដី​បង្រៀន​ក្នុង​បណ្ដាំ​របស់​ព្រះ ពោល​គឺ​សេចក្ដី​បង្រៀន​ដែល​ពិត​ជា​សង្គ្រោះ​ជីវិត​ខ្ញុំ។