លោតទៅអត្ថបទ

ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១
កម្ពុជា

គម្ពីរសេចក្ដីបកប្រែពិភពលោកថ្មីបានចេញជាភាសាខ្មែរ

គម្ពីរសេចក្ដីបកប្រែពិភពលោកថ្មីបានចេញជាភាសាខ្មែរ

នៅ​ថ្ងៃ​ទី​៣ ខែ​មេសា ឆ្នាំ​២០២១ គម្ពីរ​បរិសុទ្ធ​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី បាន​ចេញ​ជា​ភាសា​ខ្មែរ​ជា​ឯកសារ​បោះ​ពុម្ព​និង​ជា​ឯកសារ​អេឡិចត្រូនិក។ កម្ម​វិធី​ពិសេស​បាន​ត្រូវ​ថត​ទុក​ជា​មុន ហើយ​ចាក់​ផ្សាយ​ដល់​ក្រុម​តូច​ៗ​និង​ក្រុម​ជំនុំ​នៃ​សាក្សី​ព្រះ​យេហូវ៉ា​នៅ​ទូទាំង​ប្រទេស​កម្ពុជា។ បង​ខេនជី ជី​ជី​អ៊ី ជា​សមាជិក​គណៈ​កម្មាធិការ​ការិយាល័យ​សាខា​ជប៉ុន * បាន​ប្រកាស​ចេញ​គម្ពីរ​នោះ។

សព្វ​ថ្ងៃ​នេះ មាន​មនុស្ស​ប្រហែល​ជា​១៦​លាន​នាក់​និយាយ​ភាសា​ខ្មែរ។ នៅ​ទូទាំង​ប្រទេស​កម្ពុជា មាន​សាក្សី​ព្រះ​យេហូវ៉ា​សរុប​ជាង​១.១០០​នាក់។

បង​ម៉ាសាហ៊ីរ៉ូ ហារ៉ាដា ជា​សមាជិក​គណៈ​កម្មាធិការ​ការិយាល័យ​សាខា​ជប៉ុន​បាន​និយាយ​ថា៖«យើង​ជឿ​ជាក់​ថា​សេចក្ដី​បក​ប្រែ​នេះ​នឹង​ជួយ​អ្នក​អាន​ឲ្យ​ស្គាល់​គុណ​សម្បត្តិ​ផ្សេង​ៗ​របស់​ព្រះ ដូច​ជា​សេចក្ដី​ស្រឡាញ់ មេត្តា​ករុណា និង​ចិត្ត​អាណិត​អាសូរ។ យើង​សង្ឃឹម​ថា​តាម​រយៈ​សេចក្ដី​បក​ប្រែ​នេះ ជន​ជាតិ​ខ្មែរ​ឯ​ទៀត​ដែល​មាន​ចិត្ត​ស្មោះ​នឹង​ត្រូវ​ទាញ​នាំ​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា ហើយ​សរសើរ​តម្កើង​លោក»។

កិច្ច​ការ​បក​ប្រែ​គម្ពីរ​នេះ​បាន​ត្រូវ​ធ្វើ​ឡើង​ដោយ​ក្រុម​អ្នក​បក​ប្រែ​ដែល​មាន​ចំនួន​៦​នាក់ ហើយ​បែង​ចែក​ជា​ពីរ​ក្រុម។ ពួក​គេ​បាន​ធ្វើ​ការ​បក​ប្រែ​គម្ពីរ​រួច​រាល់​ក្នុង​រយៈ​ពេល​បួន​ឆ្នាំ។ អ្នក​បក​ប្រែ​ម្នាក់​បាន​និយាយ​ថា៖«គម្ពីរ​ថ្មី​នេះ​មិន​ប្រើ​ពាក្យ​រាជសព្ទ​ឬ​ពាក្យ​បុរាណ​ទេ។ នេះ​នាំ​ឲ្យ​ពាក្យ​ពេចន៍​ក្នុង​គម្ពីរ​អាច​ជ្រាប​ចូល​ក្នុង​ចិត្ត​ខ្ញុំ​កាន់​តែ​លឿន ដូច​ចម្រៀង​សរសើរ​ព្រះ ១៣៩:១៧ ចែង​ថា៖‹ចំពោះ​ខ្ញុំ គំនិត​របស់​លោក​វិសេស​វិសាល​ម្ល៉េះ​ហ្ន៎!›»។

អ្នក​បក​ប្រែ​ម្នាក់​ទៀត​បាន​ប្រាប់​ថា៖«ខ្ញុំ​ជឿ​ជាក់​ថា កាល​ដែល​បង​ប្អូន​រួម​ជំនឿ​អាន​គម្ពីរ​ថ្មី​នេះ ពួក​គាត់​នឹង​ឃើញ​ព្រះ​យេហូវ៉ា​កាន់​តែ​ច្បាស់។ ពួក​គាត់​នឹង​មាន​អារម្មណ៍​កក់​ក្ដៅ​ពេល​ឯកោ មាន​អារម្មណ៍​សុវត្ថិភាព​ពេល​ប្រឈម​មុខ​នឹង​គ្រោះ​ថ្នាក់ មាន​អារម្មណ៍​សុខ​សាន្ត​ពេល​មាន​ទុក្ខ​ព្រួយ​ក្នុង​ចិត្ត មាន​អារម្មណ៍​ធូរ​ស្រាល​ពេល​ឈឺ​ចាប់»។

យើង​ជឿ​ជាក់​ថា​សេចក្ដី​បក​ប្រែ​នេះ​នឹង​ជួយ​មនុស្ស​ជា​ច្រើន​នាក់​ទៀត ឲ្យ​មក​ស្គាល់​ព្រះ​យេហូវ៉ា​ដែល​ជា​អ្នក​បង្កើត​ដ៏​ឧត្ដម​របស់​ពួក​គេ ហើយ​ពួក​គេ​ជូន​លោក​នូវ​អ្វី​ដែល​លោក​សម​នឹង​ទទួល គឺ​កិត្តិយស​និង​ការ​សរសើរ​តម្កើង។—ការ​បើក​បង្ហាញ ៤:១១

^ វគ្គ 2 ការិយាល័យ​សាខា​ជប៉ុន​មើល​ខុស​ត្រូវ​កិច្ច​ការ​នៅ​ប្រទេស​កម្ពុជា។