លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើអ្នកនឹងដើរជាមួយព្រះឬទេ?

តើអ្នកនឹងដើរជាមួយព្រះឬទេ?

តើ​អ្នក​នឹង​ដើរ​ជា​មួយ​ព្រះ​ឬ​ទេ?

​«​[​ចូរ​]ដើរ​ជា​មួយ​នឹង​ព្រះ​នៃ​ខ្លួន​ដោយ​សុភាព​រាប​ទាប​»។—មីកា ៦:៨

១, ២​. តើ​ព្រះទ័យ​របស់​ព្រះ​យេហូវ៉ា​ចំពោះ​យើង​គឺ​ដូច​អារម្មណ៍​មាតា​បិតា​ដែល​បង្រៀន​កូន​ឲ្យ​ចេះ​ដើរ​យ៉ាង​ដូច​ម្ដេច?

 សូម​គិត​អំពី​កូន​តូច​ម្នាក់​ដែល​ទើប​នឹង​រៀន​ដើរ ហើយ​ដើរ​តេះតះ​បី​បួន​ជំហាន​ដំបូង​ទៅ​ចាប់​ដៃ​មាតា​បិតា​ខ្លួន។ យើង​ប្រហែល​ជា​ចាត់​ទុក​នេះ​ជា​រឿង​ធម្មតា ប៉ុន្តែ ចំពោះ​មាតា​បិតា​ក្មេង​នោះ គឺ​ជា​ថ្ងៃ​ពិសេស​មួយ​ក្នុង​ជីវិត​កូន ហើយ​ក៏​ធ្វើ​ឲ្យ​មាតា​បិតា​សម្លឹង​ទៅ​ដល់​ពេល​អនាគត​ដោយ​មាន​ក្ដី​សង្ឃឹម។ មាតា​បិតា​រង់ចាំ​ដោយ​ចិត្ត​រំភើប​ចង់​ឃើញ​ថ្ងៃ​ដែល​គាត់​អាច​កាន់​ដៃ​កូន​ដើរ​ជា​មួយ។ មាតា​បិតា​សង្ឃឹម​ថា គាត់​អាច​ជួយ​ផ្ដល់​ការ​ណែនាំ​និង​ផ្គត់ផ្គង់​សេចក្ដី​ត្រូវ​ការ​ដល់​កូន​ទៅ​អនាគត​វែង​ឆ្ងាយ។

ព្រះ​យេហូវ៉ា​ក៏​មាន​អារម្មណ៍​ស្រដៀង​គ្នា​នេះ​ចំពោះ​កូន​របស់​ទ្រង់​នៅ​លើ​ផែនដី។ ទ្រង់​ធ្លាប់​មាន​បន្ទូល​អំពី​រាស្ត្រ​ទ្រង់ គឺ​ពួក​អ៊ីស្រាអែល​ឬ​អេប្រាអិម​ថា​៖ ​«​គឺ​អញ​ដែល​បង្ហាត់​ឲ្យ​អេប្រាអិម​ចេះ​ដើរ​ក៏​បាន​បី​គេ[​ឬ​«​ត្រកង​គេ​ឡើង​»​] . . . អញ​បាន​ទាញ​នាំ​គេ​ដោយ​ខ្សែ​ជា​សេចក្ដី​ទទូច​របស់​មនុស្ស គឺ​ដោយ​ចំណង​នៃ​សេចក្ដី​ស្រឡាញ់​»។ (​ហូសេ ១១:៣, ៤; ព.ថ.​) នៅ​ខ​នេះ ព្រះ​យេហូវ៉ា​រៀប​រាប់​អង្គ​ទ្រង់​ប្រៀប​ដូច​ជា​មាតា​បិតា​ដែល​ប្រកប​ដោយ​ក្ដី​ស្រឡាញ់ ដែល​ខំ​បង្រៀន​កូន​ឲ្យ​ចេះ​ដើរ ហើយ​ទ្រង់​នឹង​ជួយ​ត្រកង​កូន​ឡើង​បើ​ដួល។ ព្រះ​យេហូវ៉ា ដែល​ជា​វរបិតា​ដ៏​ល្អ​បំផុត ទ្រង់​មាន​ព្រះទ័យ​ចង់​បង្រៀន​យើង​ឲ្យ​ចេះ​ដើរ។ ទ្រង់​ក៏​មាន​ព្រះទ័យ​រីករាយ​រួម​ដំណើរ​យើង កាល​ដែល​យើង​ខំ​បន្ត​រីក​ចម្រើន​ទៅ​មុខ​ដែរ។ យើង​អាច​ដើរ​ជា​មួយ​នឹង​ព្រះ​ដូច​ជា​បាន​បង្ហាញ​ក្នុង​បទ​គម្ពីរ​ជា​ប្រធាន​នៃ​អត្ថបទ​នេះ! (​មីកា ៦:៨​) ប៉ុន្តែ តើ​ការ​ដើរ​ជា​មួយ​នឹង​ព្រះ​រួម​បញ្ចូល​អ្វី​ខ្លះ? ហេតុ​អ្វី​ក៏​យើង​ត្រូវ​ដើរ​ជា​មួយ​នឹង​ទ្រង់? តើ​យើង​អាច​ដើរ​ជា​មួយ​នឹង​ទ្រង់​យ៉ាង​ដូច​ម្ដេច? ហើយ​តើ​ការ​ដើរ​ជា​មួយ​នឹង​ទ្រង់​មាន​ពរ​អ្វី​ខ្លះ? សូម​ឲ្យ​យើង​ពិនិត្យ​មើល​សំណួរ​ទាំង​បួន​នេះ​ម្ដង​មួយ​ៗ។

តើ​ការ​ដើរ​ជា​មួយ​នឹង​ព្រះ​រួម​បញ្ចូល​អ្វី​ខ្លះ?

៣, ៤​. (​ក​) ហេតុ​អ្វី​ការ​ពណ៌នា​យ៉ាង​ក្បោះក្បាយ​អំពី​ការ​ដើរ​ជា​មួយ​នឹង​ព្រះ​គឺ​អស្ចារ្យ​ម្ល៉េះ? (​ខ​) តើ​ការ​ដើរ​ជា​មួយ​នឹង​ព្រះ​រួម​បញ្ចូល​អ្វី​ខ្លះ?

ព្រះ​យេហូវ៉ា​ជា​វិញ្ញាណ ដូច្នេះ​មនុស្ស​ពុំ​អាច​ដើរ​ជា​មួយ​នឹង​ទ្រង់​ក្នុង​ន័យ​មែន​ទែន​បាន​ឡើយ។ (​និក្ខមនំ ៣៣:២០; យ៉ូហាន ៤:២៤​) ហេតុ​នេះ​ហើយ នៅ​ពេល​ដែល​ព្រះ​គម្ពីរ​ចែង​ថា​មនុស្ស​ដើរ​ជា​មួយ​នឹង​ព្រះ នោះ​គឺ​ជា​ពាក្យ​ប្រៀបប្រដូច​វិញ។ ព្រះ​គម្ពីរ​ពណ៌នា​យ៉ាង​ក្បោះក្បាយ​អំពី​ការ​ដើរ​ជា​មួយ​នឹង​ទ្រង់ ជា​ការ​ពណ៌នា​មួយ​ដែល​មនុស្ស​គ្រប់​គ្នា​អាច​យល់​បាន មិន​ថា​មាន​សាសន៍​ឬ​វប្បធម៌​ណា​ក៏​ដោយ ឬ​រស់​នៅ​សម័យ​ណា​ក៏​ដោយ។ យ៉ាង​ណា​មិញ មនុស្ស​នៅ​គ្រប់​កន្លែង​និង​គ្រប់​សម័យ​កាល ធ្លាប់​ឃើញ​មនុស្ស​ពីរ​នាក់​ដើរ​ជា​មួយ​គ្នា។ ការ​ពណ៌នា​ខាង​លើ​នេះ​បង្ហាញ​នូវ​ភាព​កក់ក្ដៅ​និង​ភាព​ជិត​ស្និទ្ធ មែន​ទេ? អារម្មណ៍​បែប​នេះ​ជួយ​ឲ្យ​យើង​យល់​ខ្លះ​ៗ​អំពី​អត្ថន័យ​នៃ​ការ​ដើរ​ជា​មួយ​នឹង​ព្រះ។ ប៉ុន្តែ យើង​នឹង​ពិនិត្យ​មើល​ន័យ​ចំ​ៗ។

ចូរ​នឹក​ចាំ​បុរស​ស្មោះ​ត្រង់​ឈ្មោះ​ហេណុក​និង​ណូអេ។ ហេតុ​អ្វី​ក៏​ព្រះ​គម្ពីរ​ចែង​ថា​ពួក​គាត់​ជា​អ្នក​ដើរ​ជា​មួយ​នឹង​ព្រះ? (​លោកុប្បត្តិ ៥:​២៤; ៦:៩​) ជា​រឿយ​ៗ​ក្នុង​ព្រះ​គម្ពីរ ពាក្យ​«​ដើរ​»​សំដៅ​ទៅ​លើ​ការ​ប្រព្រឹត្ត​តាម​មាគ៌ា​ណា​មួយ។ ហេណុក​និង​ណូអេ​បាន​ដើរ​តាម​មាគ៌ា​ឬ​មាន​វិថី​ជីវិត​ដែល​ស្រប​តាម​ព្រះ​ហឫទ័យ​របស់​ព្រះ​យេហូវ៉ា។ ពួក​គាត់​បាន​ស្វែង​រក​ការ​ណែនាំ​របស់​ព្រះ​យេហូវ៉ា ហើយ​បាន​ស្ដាប់​បង្គាប់​តាម​ទ្រង់ មិន​ដូច​មនុស្ស​នៅ​សម័យ​របស់​ពួក​គាត់​ទេ។ ពួក​គាត់​បាន​ទុក​ចិត្ត​លើ​ព្រះ។ តើ​នេះ​បាន​សេចក្ដី​ថា​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ឲ្យ​ពួក​គាត់​ឬ? មិន​ដូច្នេះ​ទេ។ ព្រះ​យេហូវ៉ា​បាន​បង្កើត​មនុស្ស​ឲ្យ​មាន​ចិត្ត​សេរី ហើយ​ទ្រង់​ចង់​ឲ្យ​យើង​ប្រើ​ចិត្ត​សេរី​នេះ ដោយ​«​មាន​ទំនង​[​ឬ​«​ស្រប​តាម​សមត្ថភាព​វែកញែក​»​]​»។ (​រ៉ូម ១២:១; ព.ថ.​) ប៉ុន្តែ ពេល​យើង​ធ្វើ​ការ​សម្រេច​ចិត្ត យើង​បង្ហាញ​ចិត្ត​រាប​ទាប​ដោយ​ឲ្យ​ព្រះ​ដំរិះ​ដ៏​ខ្ពង់​ខ្ពស់​របស់​ព្រះ​យេហូវ៉ា​ដឹក​នាំ​សមត្ថភាព​វែកញែក​របស់​យើង​វិញ។ (​សុភាសិត ៣:៥, ៦; អេសាយ ៥៥:៨, ៩​) ជា​លទ្ធផល កាល​ដែល​យើង​ប្រព្រឹត្ត​តាម​មាគ៌ា​នេះ គឺ​ហាក់​ដូច​ជា​យើង​ដើរ​កាន់​តែ​ជិត​នឹង​ព្រះ​យេហូវ៉ា។

៥​. ហេតុ​អ្វី​ក៏​ព្រះ​យេស៊ូ​មាន​បន្ទូល​អំពី​ការ​បន្ថែម​១​ហត្ថ​ទៅ​នឹង​អាយុ​របស់​ខ្លួន?

ជា​រឿយ​ៗ​ព្រះ​គម្ពីរ​ប្រៀបប្រដូច​ជីវិត​ទៅ​នឹង​ដំណើរ​ឬ​វិថី​មួយ។ ក្នុង​ករណី​ខ្លះ ព្រះ​គម្ពីរ​មាន​សរសេរ​ចំ​ៗ​ថា​ជីវិត​គឺ​ដូច​វិថី​ឬ​ដំណើរ​មួយ ប៉ុន្តែ​ក្នុង​ករណី​ឯ​ទៀត ការ​ប្រៀបធៀប​នោះ​គឺ​ប្រយោល​វិញ។ ជា​ឧទាហរណ៍ ព្រះ​យេស៊ូ​មាន​បន្ទូល​ថា​៖ ​«​ចុះ​នៅ​ក្នុង​ពួក​អ្នក​រាល់​គ្នា តើ​មាន​អ្នក​ឯ​ណា​ដែល​អាច​នឹង​បន្ថែម​កំពស់[​ឬ​«​អាយុ​របស់​»​]​ខ្លួន​១​ហត្ថ​ដោយសារ​សេចក្ដី​ខ្វល់ខ្វាយ​បាន​ឬ​ទេ?​»។ (​ម៉ាថាយ ៦:២៧; ខ.ស.​) ពាក្យ​នោះ​ប្រហែល​ជា​ធ្វើ​ឲ្យ​អ្នក​ឆ្ងល់។ ពាក្យ​ថា​«​១​ហត្ថ​»​សំដៅ​ទៅ​លើ​ចម្ងាយ​ទេ ចុះ​ហេតុ​អ្វី​ក៏​ព្រះ​យេស៊ូ​មាន​បន្ទូល​អំពី​ការ​បន្ថែម​១​ហត្ថ​ទៅ​នឹង​«​អាយុ​របស់​ខ្លួន​»​ បើ​អាយុ​សំដៅ​ទៅ​លើ​ពេល​វេលា​វិញ​នោះ? a តាម​មើល​ទៅ ព្រះ​យេស៊ូ​ប្រៀបប្រដូច​ជីវិត​ទៅ​នឹង​ការ​ធ្វើ​ដំណើរ​តាម​វិថី​មួយ ដោយ​បង្រៀន​ថា ការ​ខ្វល់ខ្វាយ​នឹង​មិន​ជួយ​ឲ្យ​យើង​ធ្វើ​ដំណើរ​តាម​វិថី​ជីវិត​បាន​យូរ​ជាង​ឡើយ សូម្បី​តែ​យូរ​ជាង​បន្ដិច​ក៏​មិន​បាន​ដែរ។ ប៉ុន្តែ តើ​យើង​គួរ​សន្និដ្ឋាន​ថា យើង​មិន​អាច​ធ្វើ​អ្វី​ដើម្បី​ដើរ​ជា​មួយ​នឹង​ព្រះ​បាន​យូរ​ជាង​ឬ​ទេ? មិន​ដូច្នេះ​សោះ​ឡើយ! ឥឡូវ​យើង​នឹង​ពិនិត្យ​មើល​នូវ​សំណួរ​ទីពីរ ពោល​គឺ ហេតុ​អ្វី​ក៏​យើង​ត្រូវ​ដើរ​ជា​មួយ​នឹង​ព្រះ?

ហេតុ​អ្វី​ក៏​យើង​ត្រូវ​ដើរ​ជា​មួយ​នឹង​ព្រះ?

៦, ៧​. តើ​អ្វី​ដែល​មនុស្ស​ឥត​គ្រប់​ល័ក្ខណ៍​ត្រូវ​ការ​ជា​ខ្លាំង​នោះ? ហេតុ​អ្វី​គប្បី​ឲ្យ​យើង​ទុក​ចិត្ត​លើ​ព្រះ​យេហូវ៉ា​ឲ្យ​ទ្រង់​បំពេញ​សេចក្ដី​ត្រូវ​នោះ?

មូលហេតុ​មួយ​ដែល​យើង​ត្រូវ​ដើរ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា គឺ​បាន​ពន្យល់​នៅ​យេរេមា ១០:២៣ ដែល​ចែង​ថា​៖ ​«​ឱ​ព្រះ​យេហូវ៉ា​អើយ! ទូល​បង្គំ​ដឹង​ថា ផ្លូវ​របស់​មនុស្ស​មិន​ស្រេច​នៅ​ខ្លួន​គេ​ទេ ហើយ​ដែល​ដំ​រង់​ជំហាន​របស់​ខ្លួន នោះ​ក៏​មិន​ស្រេច​នៅ​មនុស្ស​ដែល​ដើរ​ដែរ​»។ ដូច្នេះ មនុស្ស​ជាតិ​ពុំ​មាន​សមត្ថភាព​ហើយ​ពុំ​មាន​សិទ្ធិ​តម្រង់​ផ្លូវ​របស់​ខ្លួន​ទេ។ យើង​ត្រូវ​ការ​ការ​ណែនាំ​យ៉ាង​ខ្លាំង។ អស់​អ្នក​ដែល​មានះ​ធ្វើ​តាម​ចិត្ត​ខ្លួន​ឯង​ដោយ​មិន​ពឹងផ្អែក​លើ​ព្រះ ក៏​ធ្វើ​ខុស​ដូច​អ័ដាម​និង​អេវ៉ា​ដែរ។ គូ​ស្វាមី​ភរិយា​ដំបូង​នោះ​បាន​ដណ្ដើម​យក​សិទ្ធិ​សម្រេច​ដោយ​ខ្លួន​ឯង​ថា អ្វី​ដែល​ខុស​និង​អ្វី​ដែល​ត្រូវ។ (​លោកុប្បត្តិ ៣:១​-​៦​) សិទ្ធិ​នោះ​គឺ​«​មិន​ស្រេច​»​នឹង​យើង​ទេ។—កំណែ​ជា​អក្សរ​ទ្រេត

តើ​អ្នក​មាន​អារម្មណ៍​ថា អ្នក​ត្រូវ​ការ​ការ​ណែនាំ​ដែរ​ឬ​ទេ? ជា​រៀង​រាល់​ថ្ងៃ យើង​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ទាំង​តូច​ទាំង​ធំ។ ការ​សម្រេច​ចិត្ត​ខ្លះ​គឺ​ពិបាក​ធ្វើ​ណាស់ និង​អាច​មាន​ផល​ប៉ះ​ពាល់​ដល់​អនាគត​របស់​យើង​និង​អស់​អ្នក​ដែល​ជា​ទី​ស្រឡាញ់​យើង​ផង។ ប៉ុន្តែ សូម​គិត​ទៅ​មើល! មាន​បុគ្គល​ម្នាក់​ដែល​ចាស់​ជាង​និង​មាន​ប្រាជ្ញា​ជាង​យើង​ឆ្ងាយ​ណាស់! ហើយ​ទ្រង់​រីករាយ​ក្នុង​ឲ្យ​ការ​ណែនាំ​ដែល​ប្រកប​ដោយ​ក្ដី​ស្រឡាញ់​ដើម្បី​ឲ្យ​យើង​ចេះ​ធ្វើ​ការ​សេចក្ដី​សម្រេច​ចិត្ត! គួរ​ឲ្យ​ស្ដាយ​មែន ដែល​មនុស្ស​ភាគ​ច្រើន​សព្វ​ថ្ងៃ​នេះ ចង់​ទុក​ចិត្ត​ទៅ​លើ​ការ​យល់​ឃើញ​របស់​ខ្លួន​ឯង និង​តម្រង់​ជំហាន​ខ្លួន​ឯង​វិញ។ ពួក​គេ​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ពាក្យ​នៅ​សុភាសិត ២៨:២៦ ដែល​ចែង​យ៉ាង​ត្រឹម​ត្រូវ​ថា​៖ ​«​អ្នក​ណា​ដែល​ទីពឹង​តែ​ចិត្ត​ខ្លួន​ឯង នោះ​ជា​អ្នក​ល្ងីល្ងើ​ហើយ តែ​អ្នក​ណា​ដែល​ប្រព្រឹត្ត​ដោយ​ប្រាជ្ញា​វិញ នោះ​នឹង​បាន​ប្រោស​ឲ្យ​រួច​»។ ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​ជៀស​ផុត​ពី​ក្ដី​អន្តរាយ​ដែល​មក​ពី​ការ​ពឹង​លើ​ចិត្ត​ដែល​ជា​គ្រឿង​បញ្ឆោត។ (​យេរេមា ១៧:៩​) ទ្រង់​ចង់​ឲ្យ​យើង​ដើរ​ដោយ​មាន​ប្រាជ្ញា ហើយ​ទុក​ចិត្ត​លើ​ទ្រង់​ជា​អ្នក​នាំ​ផ្លូវ​និង​អ្នក​បង្ហាត់​បង្ហាញ​ដែល​មាន​ព្រះ​ដំរិះ​ជ្រាល​ជ្រៅ។ នៅ​ពេល​ដែល​យើង​ធ្វើ​ដូច្នេះ យើង​អាច​ដើរ​ក្នុង​វិថី​ជីវិត​ដោយ​មាន​សុវត្ថិភាព ការ​គាប់​ចិត្ត និង​មាន​ជីវិត​បាន​ដូច​បំណង។

៨​. តើ​បាប​និង​ភាព​ឥត​គ្រប់​ល័ក្ខណ៍​នាំ​យើង​ទៅ​កន្លែង​ណា? ប៉ុន្តែ​តើ​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​ទទួល​អ្វី?

មូលហេតុ​មួយ​ទៀត​ដែល​យើង​ត្រូវ​តែ​ដើរ​ជា​មួយ​នឹង​ព្រះ គឺ​យើង​ចង់​ដើរ​ជា​មួយ​នឹង​ទ្រង់​យូរ​អង្វែង។ ព្រះ​គម្ពីរ​បញ្ជាក់​ហេតុ​ការណ៍​ពិត​មួយ​ដែល​ស្ដាប់​ទៅ គួរ​ឲ្យ​អស់​សង្ឃឹម​ណាស់ ក្នុង​ន័យ​ម្យ៉ាង មនុស្ស​ឥត​គ្រប់​ល័ក្ខណ៍​ទាំង​អស់​កំពុង​តែ​ដើរ​ឆ្ពោះ​ទៅ​កន្លែង​តែ​មួយ។ នៅ​សាស្ដា ១២:៥ ព្រះ​គម្ពីរ​ចែង​អំពី​ទុក្ខ​លំបាក​ដែល​មក​ពី​ជរា​ភាព ដោយ​ចែង​ថា​៖ ​«​មនុស្ស​រមែង​ទៅ​ឯ​ទីលំនៅ​ដ៏​នៅ​អស់កល្ប​ជានិច្ច ហើយ​ពួក​អ្នក​កាន់​ទុក្ខ​ដើរ​ទៅ​មក​តាម​ផ្លូវ​»។ តើ​«​ទីលំនៅ​ដ៏​នៅ​អស់កល្ប​ជានិច្ច​»​ជា​អ្វី? ទីលំនៅ​និមិត្តរូប​នោះ​គឺ​ជា​សេចក្ដី​ស្លាប់ ដែល​មក​ពី​បាប​និង​ភាព​មិន​គ្រប់​លក្ខណ៍​របស់​យើង។ (​រ៉ូម ៦:២៣​) ប៉ុន្តែ ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​មាន​ជីវិត​យូរ​អង្វែង មិន​មែន​អាយុ​ខ្លី​ពេញ​ដោយ​បញ្ហា រួច​ស្លាប់​ទៅ​នោះ​ទេ។ (​យ៉ូប ១៤:១​) យើង​ត្រូវ​ដើរ​ជា​មួយ​នឹង​ព្រះ ទើប​មាន​ឱកាស​ដើរ​បាន​យូរ​អង្វែង​ដូច​បំណង​ដើម​របស់​ទ្រង់ ពោល​គឺ​ដើរ​ជា​រៀង​រហូត។ នេះ​ជា​អ្វី​ដែល​យើង​ម្នាក់​ៗ​ចង់​បាន មែន​ទេ? បើ​ដូច្នេះ យើង​ច្បាស់​ជា​ត្រូវ​ដើរ​ជា​មួយ​នឹង​ព្រះ​វរបិតា​របស់​យើង។

តើ​យើង​អាច​ដើរ​ជា​មួយ​នឹង​ព្រះ​យ៉ាង​ដូច​ម្ដេច?

៩​. ហេតុ​អ្វី​ក៏​នៅ​ពេល​ខ្លះ​ព្រះ​យេហូវ៉ា​លាក់​ខ្លួន​ពី​រាស្ត្រ​ទ្រង់? ក៏​ប៉ុន្តែ​យោង​ទៅ​តាម​អេសាយ ៣០:២០ តើ​ទ្រង់​ពង្រឹង​ទំនុក​ចិត្ត​យើង​យ៉ាង​ដូច​ម្ដេច?

សំណួរ​ទី​បី​តម្រូវ​ឲ្យ​យើង​យក​ចិត្ត​ទុក​ដាក់​ជាង​គេ។ នោះ​គឺ​ថា តើ​យើង​អាច​ដើរ​ជា​មួយ​នឹង​ព្រះ​យ៉ាង​ដូច​ម្ដេច? យើង​រក​ឃើញ​ចម្លើយ​នៅ​អេសាយ ៣០:២០, ២១ ដែល​ពន្យល់​ថា​៖ ​«​ពួក​គ្រូ​របស់​ឯង[​ឬ​«​ព្រះ​អង្គ​ដែល​បង្រៀន​អ្នក​»​, ខ.ស.​]មិន​ត្រូវ​លាក់​ពី​ឯង​ទៀត គឺ​ភ្នែក​ឯង​នឹង​ឃើញ​ពួក​គ្រូ​នោះ​វិញ។ ហើយ​កាល​ណា​ឯង​រាល់​គ្នា​បែរ​ទៅ​ខាង​ស្ដាំ​ឬ​ខាង​ឆ្វេង នោះ​ត្រចៀក​នឹង​ឮ​ពាក្យ​ពី​ក្រោយ​ឯង​ថា​៖ ‹គឺ​ផ្លូវ​នេះ​ទេ ចូរ​ដើរ​តាម​នេះ​វិញ›​»។ ព្រះ​បន្ទូល​របស់​ព្រះ​យេហូវ៉ា​នៅ​ទី​នេះ​ពិត​ជា​លើក​ទឹក​ចិត្ត​យើង​មែន។ ហើយ​អ្វី​ដែល​ចែង​នៅ​ខ​២០ ប្រហែល​ជា​រំលឹក​រាស្ត្រ​ទ្រង់​ថា ពេល​ពួក​គេ​បះបោរ​ប្រឆាំង​ទ្រង់ នោះ​ទ្រង់​ក៏​លាក់​ខ្លួន​ពី​គេ​ដែរ។ (​អេសាយ ១:១៥; ៥៩:២​) ក៏​ប៉ុន្តែ នៅ​ខ​ទាំង​នេះ​ចែង​ថា​ព្រះ​យេហូវ៉ា​ឈរ​នៅ​មុខ​រាស្ត្រ​ដ៏​ស្មោះ​ត្រង់​របស់​ទ្រង់ មិន​មែន​លាក់​អង្គ​ទ្រង់​ទេ។ យើង​អាច​គិត​អំពី​គ្រូ​ឈរ​នៅ​មុខ​សិស្ស ដោយ​បង្រៀន​អ្វី​ដែល​គាត់​ចង់​ឲ្យ​សិស្ស​ចេះ។

១០​. តើ​ក្នុង​ន័យ​យ៉ាង​ណា​ដែល​យើង​«​ឮ​ពាក្យ​ពី​ក្រោយ​»​យើង ពី​ព្រះ​អង្គ​ដែល​បង្រៀន​យើង?

១០ នៅ​ខ​២១​យើង​ឃើញ​ការ​ពណ៌នា​ផ្សេង​មួយ​ទៀត ដែល​រៀប​រាប់​ថា​ព្រះ​យេហូវ៉ា​ដើរ​ពី​ក្រោយ​រាស្ត្រ​ទ្រង់ ទាំង​បង្គាប់​គេ​ឲ្យ​ដើរ​តាម​ផ្លូវ​ដ៏​ត្រឹម​ត្រូវ។ បណ្ឌិត​ព្រះ​គម្ពីរ​បាន​កត់​សម្គាល់​ថា នេះ​ជា​ពាក្យ​ដែល​សំដៅ​ទៅ​លើ​របៀប​អ្នក​គង្វាល​ដើរ​តាម​ចៀម​គាត់ ដោយ​ស្រែក​នាំ​ផ្លូវ​ចៀម​កុំ​ឲ្យ​វា​ដើរ​ទៅ​ផ្លូវ​ខុស។ តើ​ការ​ពណ៌នា​ដ៏​ក្បោះក្បាយ​នេះ​ទាក់ទង​នឹង​យើង​យ៉ាង​ដូច​ម្ដេច? នៅ​ពេល​ដែល​យើង​រក​ការ​ណែនាំ​ក្នុង​ព្រះ​បន្ទូល​របស់​ព្រះ ព្រះ​បន្ទូល​ដែល​យើង​អាន​នោះ​បាន​ត្រូវ​កត់​ទុក​រាប់​ពាន់​ឆ្នាំ​មក​ហើយ។ ព្រះ​បន្ទូល​របស់​ព្រះ​នៅ​ពី​ក្រោយ​យើង​ជា​ន័យ​ធៀប ដ្បិត​ព្រះ​បន្ទូល​នោះ​បាន​សរសេរ​មុន​សម័យ​យើង។ ប៉ុន្តែ ព្រះ​បន្ទូល​របស់​ព្រះ​មាន​សារៈ​សំខាន់​សម្រាប់​យើង​សព្វ​ថ្ងៃ ក៏​ដូច​ជា​នៅ​គ្រា​ដែល​ព្រះ​បន្ទូល​របស់​ព្រះ​បាន​សរសេរ​នោះ​ដែរ។ ឱវាទ​ក្នុង​ព្រះ​គម្ពីរ​អាច​ផ្ដល់​ការ​ណែនាំ​ឲ្យ​យើង​ចេះ​ធ្វើ​ការ​សម្រេច​ចិត្ត​អំពី​រឿង​ប្រចាំ​ថ្ងៃ និង​អ្វី​យើង​នឹង​ធ្វើ​នៅ​អនាគត​ទៀត​ផង។ (​ទំនុកដំកើង ១១៩:១០៥​) នៅ​ពេល​ដែល​យើង​ខំ​ព្យាយាម​ស្វែង​រក​ឱវាទ​របស់​ព្រះ​ហើយ​អនុវត្ត​ក្នុង​ជីវិត នោះ​ព្រះ​យេហូវ៉ា​នឹង​ទៅ​ជា​អ្នក​នាំ​ផ្លូវ​យើង ហើយ​យើង​កំពុង​តែ​ដើរ​ជា​មួយ​នឹង​ព្រះ។

១១​. យោង​ទៅ​តាម​យេរេមា ៦:១៦ តើ​ព្រះ​យេហូវ៉ា​ខំ​ទាក់ទាញ​ទឹក​ចិត្ត​រាស្ត្រ​ទ្រង់​ដោយ​ប្រើ​ពាក្យ​ប្រៀបប្រដូច​អ្វី? ក៏​ប៉ុន្តែ​តើ​ពួក​គេ​បាន​តប​ឆ្លើយ​យ៉ាង​ណា?

១១ តើ​យើង​ពិត​ជា​ឲ្យ​ព្រះ​បន្ទូល​របស់​ព្រះ​ណែនាំ​យើង​គ្រប់​ជំហាន​ទេ? យូរ​ៗ​ម្ដង យើង​គួរ​ពិចារណា​ទង្វើ​របស់​ខ្លួន​ដោយ​ស្មោះ។ ចូរ​ពិនិត្យ​មើល​ខ​មួយ​ដែល​នឹង​ជួយ​យើង​ឲ្យ​ធ្វើ​ដូច្នេះ ដែល​ចែង​ថា​៖ ​«​ព្រះ​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា​៖ ‹ចូរ​ឲ្យ​ឯង​រាល់​គ្នា​ឈរ​តាម​ផ្លូវ ហើយ​មើល​ចុះ! ត្រូវ​ឲ្យ​សួរ​រក​ផ្លូវ​ចាស់​ទាំង​ប៉ុន្មាន មើល​ជា​មាន​ផ្លូវ​ណា​ដែល​ល្អ រួច​ឲ្យ​ដើរ​តាម​ផ្លូវ​នោះ​ចុះ! នោះ​ឯង​រាល់​គ្នា​នឹង​បាន​សេចក្ដី​សំរាក​ដល់​ព្រលឹង›​»។ (​យេរេមា ៦:១៦​) ពាក្យ​ទាំង​នេះ​អាច​រំឭក​យើង​អំពី​អ្នក​ធ្វើ​ដំណើរ​ម្នាក់​ដែល​ឈប់​នៅ​ផ្លូវ​បំបែក​ជា​បួន​ដើម្បី​សួរ​រក​ផ្លូវ។ ក្នុង​ន័យ​ខាង​វិញ្ញាណ រាស្ត្រ​របស់​ព្រះ​ដែល​បាន​បះបោរ​នៅ​ស្រុក​អ៊ីស្រាអែល ក៏​ត្រូវ​ធ្វើ​អ្វី​ដូច្នេះ​ដែរ។ ពួក​គេ​ត្រូវ​ខំ​ប្រឹង​ត្រឡប់​មក​«​ផ្លូវ​ចាស់​ទាំង​ប៉ុន្មាន​»​វិញ។ សាសន៍​នេះ​បាន​ដើរ​ចេញ​ពី‹ផ្លូវ​ដែល​ល្អ› គឺ​ជា​ផ្លូវ​ដែល​ពួក​បុព្វ​បុរស​ធ្លាប់​បាន​ដើរ។ ព្រះ​យេហូវ៉ា​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដោយ​រំលឹក​ពួក​អ៊ីស្រាអែល​អំពី​រឿង​នោះ តែ​គួរ​ឲ្យ​ស្ដាយ​ណាស់ ដែល​ពួក​គេ​បាន​ចចេស​រឹងរូស​នឹង​ទ្រង់​វិញ។ ខ​ដដែល​នេះ​រៀប​រាប់​បន្ត​ថា​៖ ​«​តែ​គេ​ប្រកែក​ថា​៖ ‹យើង​រាល់​គ្នា​មិន​ព្រម​ដើរ​តាម​ទេ›​»។ ប៉ុន្តែ នៅ​សម័យ​នេះ រាស្ត្រ​របស់​ព្រះ​បាន​តប​ឆ្លើយ​នឹង​ឱវាទ​នោះ​ខុស​ពី​ពួក​អ៊ីស្រាអែល​នៅ​សម័យ​បុរាណ។

១២, ១៣​. (​ក​) តើ​អ្នក​ចាក់​ប្រេង​តាំង​ដែល​កាន់​តាម​ព្រះ​គ្រីស្ទ​បាន​ប្រព្រឹត្ត​តប​នឹង​ឱវាទ​នៅ​យេរេមា ៦:១៦​យ៉ាង​ដូច​ម្ដេច? (​ខ​) តើ​យើង​អាច​ពិចារណា​ទង្វើ​របស់​ខ្លួន​យ៉ាង​ដូច​ម្ដេច​ស្តី​អំពី​វិថី​ជីវិត​របស់​នៅ​សព្វ​ថ្ងៃ​នេះ?

១២ តាំង​ពី​ចុង​សតវត្សរ៍​ទី១៩ ពួក​អ្នក​ចាក់​ប្រេង​តាំង​ដែល​កាន់​តាម​ព្រះ​គ្រីស្ទ​បាន​ចាត់​ទុក​ថា​ឱវាទ​នៅ​យេរេមា ៦:១៦​ទាក់ទង​នឹង​ពួក​គាត់។ ជា​ក្រុម ពួក​គេ​បាន​នាំ​មុខ​ត្រឡប់​មក​«​ផ្លូវ​ចាស់​ទាំង​ប៉ុន្មាន​»​ដោយ​ស្មោះ​អស់​ពី​ចិត្ត។ មិន​ដូច​ពិភព​គ្រីស្ទ​សាសនា​ដែល​ក្បត់​ជំនឿ នោះ​ពួក​អ្នក​ចាក់​ប្រេង​តាំង​បាន​កាន់​តាម​យ៉ាង​ស្មោះ​ត្រង់​នូវ​«​អស់​ទាំង​ពាក្យ​ត្រឹម​ត្រូវ​»​ដែល​ព្រះ​យេស៊ូ​គ្រីស្ទ​បាន​ទុក​ជា​គំរូ ហើយ​គាំទ្រ​ដោយ​ពួក​អ្នក​កាន់​តាម​ដ៏​ស្មោះ​ត្រង់​របស់​ទ្រង់​នៅ​សតវត្សរ៍​ទី​មួយ គ.ស.។ (​ធីម៉ូថេទី២ ១:១៣​) មក​ទល់​សព្វ​ថ្ងៃ​នេះ អ្នក​ចាក់​ប្រេង​តាំង​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ជួយ​«​ចៀម​ឯ​ទៀត​»​ឲ្យ​មាន​ជីវភាព​រស់​នៅ​ដ៏​ត្រឹម​ត្រូវ​ថែម​ទាំង​សប្បាយ​ទៀត​ផង ជា​ជីវភាព​ដែល​ពិភព​គ្រីស្ទ​សាសនា​បាន​បោះបង់​ចោល។—យ៉ូហាន ១០:១៦

១៣ ដោយ​ផ្ដល់​អាហារ​ខាង​វិញ្ញាណ​តាម​ត្រូវ​ពេល​នោះ ក្រុម​អ្នក​បម្រើ​ស្មោះ​ត្រង់​បាន​ជួយ​មនុស្ស​រាប់​លាន​នាក់​ឲ្យ​រក​ឃើញ​«​ផ្លូវ​ចាស់​ទាំង​ប៉ុន្មាន​»​និង​ជួយ​ពួក​គេ​ឲ្យ​ដើរ​ជា​មួយ​នឹង​ព្រះ​ដែរ។ (​ម៉ាថាយ ២៤:៤៥​-​៤៧​) តើ​អ្នក​នៅ​ក្នុង​ចំណោម​រាប់​លាន​នាក់​ទាំង​នេះ​ទេ? បើ​ដូច្នេះ​មែន តើ​អ្នក​អាច​ធ្វើ​អ្វី​ដើម្បី​ជៀស​វាង​ពី​ការ​រសាត់​ចេញ​ពី​វិថី​ជីវិត​នេះ ហើយ​ត្រឡប់​ទៅ​ដើរ​តាម​គន្លង​ចាស់​វិញ? យូរ​ៗ​ម្ដង​យក​ល្អ​យើង​ពិចារណា​មើល​គន្លង​ជីវិត​របស់​យើង។ ប្រសិន​បើ​យើង​អាន​ព្រះ​គម្ពីរ​និង​សៀវភៅ​ដែល​មាន​មូលដ្ឋាន​លើ​ព្រះ​គម្ពីរ និង​ចូល​រួម​កម្មវិធី​អប់រំ​ដែល​រៀបចំ​ដោយ​អ្នក​ចាក់​ប្រេង​តាំង​សព្វ​ថ្ងៃ​នេះ នោះ​អ្នក​កំពុង​តែ​ទទួល​ការ​បង្ហាត់​បង្រៀន​ឲ្យ​ដើរ​ជា​មួយ​នឹង​ព្រះ។ ហើយ​នៅ​ពេល​ដែល​យើង​អនុវត្ត​តាម​អ្វី​ដែល​បាន​រៀន​ទទួល​ដោយ​ចិត្ត​រាប​ទាប នោះ​យើង​ប្រាកដ​ជា​កំពុង​តែ​ដើរ​ជា​មួយ​នឹង​ព្រះ​តាម​«​ផ្លូវ​ចាស់​ទាំង​ប៉ុន្មាន​»។

ចូរ​ដើរ​ហាក់​ដូច​ជា​«​ឃើញ​ព្រះ​ដ៏​មើល​មិន​ឃើញ​»​

១៤​. ប្រសិន​បើ​ព្រះ​យេហូវ៉ា​ជា​បុគ្គល​ដ៏​ពិត​ចំពោះ​យើង តើ​នោះ​មាន​ឥទ្ធិពល​លើ​ការ​សម្រេច​របស់​យើង​យ៉ាង​ដូច​ម្ដេច?

១៤ យើង​ត្រូវ​តែ​ចាត់​ទុក​ព្រះ​យេហូវ៉ា​ជា​បុគ្គល​ដ៏​ពិត​មួយ​អង្គ ទើប​យើង​អាច​ដើរ​ជា​មួយ​នឹង​ទ្រង់​បាន។ ចូរ​ចាំ​ថា នៅ​សម័យ​បុរាណ​ព្រះ​យេហូវ៉ា​បាន​ប្រាប់​ជនជាតិ​អ៊ីស្រាអែល​ស្មោះ​ត្រង់​ថា ទ្រង់​មិន​លាក់​អង្គ​ទ្រង់​ពី​ពួក​គេ​ទេ។ សព្វ​ថ្ងៃ​នេះ ព្រះ​ក៏​ហាក់​ដូច​ជា​ឈរ​នៅ​មុខ​រាស្ត្រ​ទ្រង់ ដោយ​ធ្វើ​ជា​ព្រះ​អង្គ​ដែល​បង្រៀន​ពួក​គេ​ដែរ។ តើ​ព្រះ​យេហូវ៉ា​ជា​បុគ្គល​ដ៏​ពិត​ចំពោះ​អ្នក ហាក់​ដូច​ជា​ទ្រង់​ឈរ​បង្រៀន​នៅ​មុខ​អ្នក​ឬ​ទេ? យើង​ត្រូវ​ការ​ជំនឿ​បែប​នេះ បើ​យើង​ចង់​ដើរ​ជា​មួយ​នឹង​ព្រះ។ លោក​ម៉ូសេ​មាន​ជំនឿ​បែប​នេះ​«​ដ្បិត​លោក​បាន​កាន់​យ៉ាង​ខ្ជាប់ខ្ជួន ហាក់​ដូច​ជា​ឃើញ​ព្រះ​ដ៏​មើល​មិន​ឃើញ​ដែរ​»។ (​ហេព្រើរ ១១:២៧​) ប្រសិន​បើ​ព្រះ​យេហូវ៉ា​ជា​បុគ្គល​ដ៏​ពិត​ចំពោះ​យើង នោះ​យើង​នឹង​គិត​អំពី​អារម្មណ៍​ទ្រង់​ពេល​យើង​ធ្វើ​ការ​សម្រេច​ចិត្ត​ផ្សេង​ៗ។ ជា​ឧទាហរណ៍ សូម្បី​តែ​គិត​អំពី​ការ​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​រួច​លាក់​ពី​អ្នក​ចាស់​ទុំ​ឬ​សមាជិក​គ្រួសារ ក៏​យើង​មិន​ព្រម​ធ្វើ​ដែរ។ ផ្ទុយ​ទៅ​វិញ យើង​នឹង​ខំ​ព្យាយាម​ដើរ​ជា​មួយ​នឹង​ព្រះ ទោះ​ជា​គ្មាន​មនុស្ស​ណា​មើល​ឃើញ​យើង​ក៏​ដោយ។ ដូច​ស្តេច​ដាវីឌ​នៅ​សម័យ​ពី​បុរាណ យើង​នឹង​ប្ដេជ្ញា​ចិត្ត​ថា​៖ ​«​ទូល​បង្គំ​នឹង​ប្រព្រឹត្ត​ដោយ​ចិត្ត​ទៀងត្រង់​នៅ​ក្នុង​ផ្ទះ​ទូល​បង្គំ​»។—ទំនុកដំកើង ១០១:២

១៥​. តើ​ការ​សេពគប់​ជា​មួយ​នឹង​បងប្អូន​ប្រុស​ស្រី​ខាង​វិញ្ញាណ នឹង​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​ថា​ព្រះ​យេហូវ៉ា​ជា​បុគ្គល​ដ៏​ពិត​យ៉ាង​ដូច​ម្ដេច?

១៥ ព្រះ​យេហូវ៉ា​ជ្រាប​ថា​យើង​ជា​មនុស្ស​ឥត​គ្រប់​ល័ក្ខណ៍ ហើយ​ថា​ជួន​កាល​គឺ​ពិបាក​ឲ្យ​យើង​ជឿ​លើ​អ្វី​ដែល​យើង​មើល​ពុំ​ឃើញ។ (​ទំនុកដំកើង ១០៣:១៤​) ទ្រង់​ជួយ​យើង​យ៉ាង​ច្រើន​ដើម្បី​ឲ្យ​យើង​យក​ឈ្នះ​លើ​ភាព​ទន់ខ្សោយ​បែប​នេះ។ ជា​ឧទាហរណ៍ ទ្រង់​បាន​ប្រមូល​«​រាស្ត្រ​១​ពួក​ពី​គេ ទុក​សំរាប់​ព្រះ​នាម​ទ្រង់​»​ដែល​ចេញ​ពី​សាសន៍​ទាំង​អស់​នៅ​ផែនដី។ (​កិច្ចការ ១៥:១៤​) កាល​ដែល​យើង​បម្រើ​ព្រះ​យេហូវ៉ា​ជា​មួយ​គ្នា នោះ​យើង​ពង្រឹង​កម្លាំង​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ។ ពេល​យើង​ឮ​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​ជួយ​បងប្អូន​ប្រុស​ស្រី​ខាង​វិញ្ញាណ​របស់​យើង យក​ឈ្នះ​នូវ​ភាព​ទន់ខ្សោយ​ឬ​ការ​ល្បងល​ដ៏​ពិបាក​ណា​មួយ នោះ​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​កាន់​តែ​ច្បាស់​ជាង​មុន​ថា​ព្រះ​ជា​បុគ្គល​ដ៏​ពិត​មួយ​អង្គ។—ពេត្រុសទី១ ៥:៩

១៦​. តើ​ការ​រៀន​អំពី​ព្រះ​យេស៊ូ​ជួយ​ឲ្យ​យើង​ដើរ​ជា​មួយ​នឹង​ព្រះ​យ៉ាង​ដូច​ម្ដេច?

១៦ សំខាន់​បំផុត ព្រះ​យេហូវ៉ា​បាន​ប្រទាន​នូវ​គំរូ​នៃ​រាជបុត្រា​ទ្រង់។ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា​៖ ​«​ខ្ញុំ​ជា​ផ្លូវ ជា​សេចក្ដី​ពិត ហើយ​ជា​ជីវិត។ បើ​មិន​មក​តាម​ខ្ញុំ នោះ​គ្មាន​អ្នក​ណា​ទៅ​ឯ​ព្រះ​វរបិតា​បាន​ឡើយ​»។ (​យ៉ូហាន ១៤:៦​) វិធី​ដ៏​ល្អ​មួយ​ដើម្បី​មាន​អារម្មណ៍​កាន់​តែ​ច្បាស់​ថា​ព្រះ​យេហូវ៉ា​ជា​បុគ្គល​ដ៏​ពិត គឺ​ដោយ​សិក្សា​អំពី​គន្លង​ជីវិត​របស់​ព្រះ​យេស៊ូ​ពេល​ទ្រង់​គង់​នៅ​ផែនដី។ អ្វី​ៗ​ដែល​ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ឬ​ធ្វើ ក៏​បង្ហាញ​យ៉ាង​ច្បាស់​នូវ​បុគ្គលិកលក្ខណៈ​និង​របៀប​ដែល​ទ្រង់​ប្រព្រឹត្ត។ (​យ៉ូហាន ១៤:៩​) កាល​ដែល​យើង​ធ្វើ​ការ​សម្រេច​ចិត្ត នោះ​យើង​ត្រូវ​គិត​ឲ្យ​បាន​វែង​ឆ្ងាយ​អំពី​អ្វី​ដែល​ព្រះ​យេស៊ូ​នឹង​ធ្វើ ប្រសិន​បើ​ទ្រង់​នៅ​ក្នុង​កាលៈទេសៈ​បែប​នោះ។ នៅ​ពេល​ដែល​យើង​គិត​បាន​វែង​ឆ្ងាយ​និង​អធិស្ឋាន​មុន​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​ណា​មួយ នោះ​យើង​កំពុង​តែ​ដើរ​តាម​លំអាន​ដាន​របស់​ព្រះ​យេស៊ូ​ហើយ។ (​ពេត្រុសទី១ ២:២១​) ជា​លទ្ធផល យើង​កំពុង​តែ​ដើរ​ជា​មួយ​នឹង​ព្រះ។

តើ​មាន​ពរ​អ្វី​ខ្លះ​ពី​ការ​ដើរ​ជា​មួយ​នឹង​ព្រះ?

១៧​. ប្រសិន​បើ​យើង​ដើរ​តាម​មាគ៌ា​របស់​ព្រះ​យេហូវ៉ា តើ​យើង​បាន​«​សេចក្ដី​សំរាក​»​អ្វី​ដល់​ព្រលឹង​យើង?

១៧ ការ​ដើរ​ជា​មួយ​នឹង​ព្រះ​ពិត​ជា​ផ្ដល់​ឲ្យ​យើង​មាន​ជីវិត​ដ៏​គាប់​ចិត្ត។ ចូរ​នឹក​ចាំ​នូវ​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​សន្យា​ដល់​រាស្ត្រ​ទ្រង់​អំពី​ការ​ស្វែង​រក‹ផ្លូវ​ដែល​ល្អ›។ ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​ថា​៖ ​«​[​ចូរ​]ដើរ​តាម​ផ្លូវ​នោះ​ចុះ! នោះ​ឯង​រាល់​គ្នា​នឹង​បាន​សេចក្ដី​សំរាក​ដល់​ព្រលឹង​»។ (​យេរេមា ៦:១៦​) តើ​«​សេចក្ដី​សំរាក​»​មាន​ន័យ​អ្វី? តើ​នោះ​ជា​ជីវិត​សុខ​ស្រួល​ដែល​គិត​តែ​ពី​ការ​កំសាន្ត​និង​របស់​ល្អ​ៗ​ទេ? មិន​មែន​ទេ។ ព្រះ​យេហូវ៉ា​ប្រទាន​នូវ​អ្វី​ដែល​ប្រសើរ​ជាង​នោះ​ឆ្ងាយ​ណាស់ ជា​អ្វី​ដែល​មហា​សេដ្ឋី​កម្រ​រក​បាន។ បើ​យើង​ស្វែង​រក​សេចក្ដី​សំរាក​ដល់​ព្រលឹង នោះ​បាន​ន័យ​ថា យើង​ស្វែង​រក​សេចក្ដី​សុខ អំណរ ការ​គាប់​ចិត្ត​និង​បាន​បំពេញ​នូវ​សេចក្ដី​ត្រូវ​ការ​ខាង​វិញ្ញាណ។ សេចក្ដី​សំរាក​បែប​នេះ បាន​ន័យ​ថា យើង​អាច​មាន​ទំនុក​ចិត្ត​ថា យើង​បាន​ជ្រើសរើស​វិថី​ជីវិត​ដ៏​ប្រសើរ​បំផុត។ សេចក្ដី​សុខ​បែប​នេះ គឺ​ជា​អ្វី​ដែល​កម្រ​មាន​ក្នុង​លោកីយ៍​ដែល​ពេញ​ដោយ​បញ្ហា​នេះ។

១៨​. តើ​ព្រះ​យេហូវ៉ា​ចង់​ប្រទាន​ពរ​អ្វី​សម្រាប់​យើង? តើ​អ្នក​ប្ដេជ្ញា​ចិត្ត​ធ្វើ​អ្វី?

១៨ ការ​មាន​ជីវិត គឺ​ជា​ពរ​ដ៏​វិសេស​ទៅ​ហើយ មិន​ថា​យើង​រស់​នៅ​យូរ​ប៉ុណ្ណា​ក៏​ដោយ។ ប៉ុន្តែ ព្រះ​យេហូវ៉ា​មិន​ដែល​មាន​ព្រះទ័យ​ឲ្យ​យើង​ដើរ​ជា​មួយ​ទ្រង់​តែ​រយៈ​ពេល​ខ្លី គឺ​ត្រឹម​តែ​ពី​ក្មេង​រហូត​ដល់​ចាស់​ជរា​នោះ​ទេ។ ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​ទទួល​បាន​ពរ​ដ៏​អស្ចារ្យ​បំផុត។ ទ្រង់​ចង់​ឲ្យ​យើង​ដើរ​ជា​មួយ​នឹង​ទ្រង់​ជា​រៀង​រហូត។ មីកា ៤:៥ រៀប​រាប់​យ៉ាង​ត្រឹម​ត្រូវ​អំពី​នេះ ដោយ​ចែង​ថា​៖ ​«​ទោះ​បើ​អស់​ទាំង​សាសន៍​ប្រព្រឹត្ត​តាម​ឈ្មោះ​របស់​ព្រះ​នៃ​គេ​រៀង​ខ្លួន គង់​តែ​យើង​រាល់​គ្នា​នឹង​ប្រព្រឹត្ត​តាម​ព្រះ​នាម​នៃ​ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​យើង ជា​ដរាប​រៀង​ត​ទៅ​វិញ​»។ តើ​អ្នក​ចង់​បាន​ពរ​នោះ​ទេ? តើ​អ្នក​ចង់​បាន​អ្វី​ដែល​ព្រះ​យេហូវ៉ា​ហៅ​ថា​«​ជីវិត​ដ៏​ពិត​ប្រាកដ​»​ទេ? (​ធីម៉ូថេទី១ ៦:១៩, ខ.ស.​) បើ​ដូច្នេះ​មែន ចូរ​អ្នក​ប្ដេជ្ញា​ចិត្ត​ដើរ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​ថ្ងៃ​នេះ ថ្ងៃ​ស្អែក និង​ជា​រៀង​រាល់​ថ្ងៃ​រហូត​ចុះ!

[កំណត់​សម្គាល់]

a សេចក្ដី​បកប្រែ​ព្រះ​គម្ពីរ​ខ្លះ​ដូរ​ពាក្យ​«​១​ហត្ថ​»​ក្នុង​ខ​នេះ​ទៅ​នឹង​ពាក្យ​សំដៅ​ទៅ​លើ​ពេល​វេលា​វិញ ដូច​ជា​«​មួយ​ភ្លែត​»​ (​The Emphatic Diaglott​) ឬ​«​មួយ​នាទី​»។ (​A Translation in the Language of the People, by Charles B. Williams​) ប៉ុន្តែ ពាក្យ​ដែល​ត្រូវ​បាន​ប្រើ​ជា​ភាសា​ដើម មាន​ន័យ​ចំ​ៗ​ថា​១​ហត្ថ ដែល​ប្រហែល​ជា​៤៥​សង់​ទី​ម៉ែត្រ។

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

• តើ​ការ​ដើរ​ជា​មួយ​នឹង​ព្រះ​រួម​បញ្ចូល​អ្វី​ខ្លះ?

• ហេតុ​អ្វី​ក៏​អ្នក​មាន​អារម្មណ៍​ថា​ត្រូវ​ដើរ​ជា​មួយ​នឹង​ព្រះ?

• តើ​អ្វី​នឹង​ជួយ​ឲ្យ​អ្នក​ដើរ​ជា​មួយ​នឹង​ព្រះ?

• តើ​អ្នក​ដែល​ដើរ​ជា​មួយ​ព្រះ​នឹង​ទទួល​ពរ​អ្វី?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូបភាព​នៅ​ទំព័រ​៣១]

តាម​រយៈ​ព្រះ​គម្ពីរ យើង​ឮ​ព្រះ​សូរ​សៀង​របស់​ព្រះ​យេហូវ៉ា​ពី​ក្រោយ​យើង​ថា​៖ ​«​គឺ​ផ្លូវ​នេះ​ទេ​»​

[រូបភាព​នៅ​ទំព័រ​៣២]

នៅ​ឯ​កិច្ច​ប្រជុំ យើង​ទទួល​អាហារ​ខាង​វិញ្ញាណ​តាម​ត្រូវ​ពេល