លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេ​រៀន​ទី​០២

គម្ពីរផ្ដល់សេចក្ដីសង្ឃឹមដ៏អស្ចារ្យ

គម្ពីរផ្ដល់សេចក្ដីសង្ឃឹមដ៏អស្ចារ្យ

មនុស្ស​ជា​ច្រើន​មាន​បញ្ហា​ផ្សេង​ៗ​ដែល​ធ្វើ​ឲ្យ​ពួក​គេ​ពិបាក​ចិត្ត មាន​ទុក្ខ​ព្រួយ និង​មាន​ការ​ឈឺ​ចាប់។ តើ​អ្នក​ធ្លាប់​ជួប​បញ្ហា​ដែល​នាំ​ឲ្យ​អ្នក​មាន​អារម្មណ៍​ដូច្នោះ​ទេ? អ្នក​ប្រហែល​ជា​ពិបាក​ចិត្ត​ដោយ​សារ​អ្នក​មាន​ជំងឺ ឬ​ដោយ​សារ​មនុស្ស​ជា​ទី​ស្រឡាញ់​ស្លាប់។ អ្នក​ប្រហែល​ជា​ឆ្ងល់​ថា​‹តើ​ពេល​ណា​លែង​មាន​ទុក្ខ​វេទនា​ទៀត?›។ គម្ពីរ​មាន​ចម្លើយ​ដ៏​គួរ​ឲ្យ​ទុក​ចិត្ត​ចំពោះ​សំណួរ​នេះ។

១. តើ​គម្ពីរ​ផ្ដល់​សេចក្ដី​សង្ឃឹម​អ្វី?

គម្ពីរ​មិន​គ្រាន់​តែ​ប្រាប់​អំពី​មូលហេតុ​ដែល​ពិភព​លោក​ពេញ​ទៅ​ដោយ​បញ្ហា​ប៉ុណ្ណោះ​ទេ តែ​គម្ពីរ​ក៏​ប្រាប់​ដែរ​អំពី​ដំណឹង​ល្អ​ថា បន្តិច​ទៀត​បញ្ហា​ទាំង​នេះ​នឹង​លែង​មាន​ទៀត។ សេចក្ដី​សន្យា​ក្នុង​គម្ពីរ​អាច​ផ្ដល់​‹ឲ្យ​អ្នក​មាន​សេចក្ដី​សង្ឃឹម​និង​អនាគត​ល្អ​ប្រសើរ›។ (​សូម​អាន​ យេរេមា ២៩:១១, ១២​) សេចក្ដី​សន្យា​ទាំង​នោះ​អាច​ជួយ​យើង​ឲ្យ​ស៊ូ​ទ្រាំ​បញ្ហា ជួយ​យើង​ឲ្យ​គិត​អំពី​អ្វី​ល្អ​ៗ ព្រម​ទាំង​ជួយ​យើង​ឲ្យ​មាន​សុភមង្គល​នៅ​ឥឡូវ​នេះ និង​ជា​រៀង​រហូត។

២. តើ​គម្ពីរ​ប្រាប់​យ៉ាង​ណា​អំពី​អនាគត?

គម្ពីរ​ចែង​ថា​នៅ​ថ្ងៃ​អនាគត​«​សេចក្ដី​ស្លាប់​នឹង​លែង​មាន​ទៀត ទុក្ខ​ព្រួយ ការ​ស្រែក​យំ និង​ការ​ឈឺ​ចាប់ ក៏​នឹង​លែង​មាន​ទៀត​ដែរ​»។ (​សូម​អាន ការ​បើក​បង្ហាញ ២១:៤​) នៅ​សព្វ​ថ្ងៃ​នេះ ភាព​ក្រី​ក្រ ភាព​អយុត្តិធម៌ ជំងឺ និង​សេចក្ដី​ស្លាប់ អាច​ធ្វើ​ឲ្យ​មនុស្ស​អស់​សង្ឃឹម។ ប៉ុន្តែ អ្វី​ទាំង​នោះ​នឹង​លែង​មាន​ទៀត។ គម្ពីរ​សន្យា​ថា​មនុស្ស​នឹង​មាន​ជីវិត​សប្បាយ​ជា​រៀង​រហូត​នៅ​ផែនដី​ដែល​ជា​សួន​ឧទ្យាន។

៣. ហេតុ​អ្វី​យើង​អាច​ជឿ​ជាក់​ថា​សេចក្ដី​សន្យា​ក្នុង​គម្ពីរ​នឹង​ក្លាយ​ជា​ការ​ពិត?

មនុស្ស​ជា​ច្រើន​ប្រាថ្នា​ចង់​ឲ្យ​រឿង​ល្អ​ៗ​កើត​ឡើង តែ​ពួក​គេ​មិន​ប្រាកដ​ថា​បំណង​ប្រាថ្នា​របស់​ពួក​គេ​នឹង​កើត​ឡើង​ទេ។ ប៉ុន្តែ សេចក្ដី​សន្យា​ក្នុង​គម្ពីរ​គឺ​មិន​ដូច្នោះ​ឡើយ។ យើង​អាច​ជឿ​ជាក់​លើ​អ្វី​ដែល​គម្ពីរ​ចែង ពេល​យើង​«​ពិនិត្យ​មើល​បទ​គម្ពីរ​»។ (​សកម្មភាព ១៧:១១​) កាល​ដែល​អ្នក​រៀន​គម្ពីរ អ្នក​អាច​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង​ថា គួរ​ជឿ​ឬ​មិន​ជឿ​អ្វី​ដែល​គម្ពីរ​ចែង​អំពី​អនាគត។

បង្កើន​ចំណេះ

សូម​ពិចារណា​អ្វី​មួយ​ចំនួន​ដែល​គម្ពីរ​បាន​សន្យា​អំពី​អនាគត។ សូម​ពិនិត្យ​មើល​ថា តើ​សេចក្ដី​សង្ឃឹម​ក្នុង​គម្ពីរ​កំពុង​ជួយ​មនុស្ស​យ៉ាង​ណា​នៅ​សព្វ​ថ្ងៃ​នេះ?

៤. គម្ពីរ​មាន​សេចក្ដី​សន្យា​ថា​យើង​អាច​រស់​ជា​រៀង​រហូត​ដោយ​គ្មាន​ទុក្ខ​វេទនា

នៅ​ខាង​ក្រោម​នេះ សូម​មើល​សេចក្ដី​សន្យា​ខ្លះ​ដែល​គម្ពីរ​បាន​រៀប​រាប់។ តើ​អ្នក​ចូល​ចិត្ត​សេចក្ដី​សន្យា​មួយ​ណា​ខ្លាំង​ជាង​គេ? ហេតុ​អ្វី?

សូម​អាន​បទ​គម្ពីរ​ដែល​មាន​ភ្ជាប់​ជា​មួយ​នឹង​សេចក្ដី​សន្យា​ដែល​អ្នក​ចូល​ចិត្ត​ខ្លាំង​ជាង​គេ ហើយ​សូម​ពិចារណា​សំណួរ​ដូច​ត​ទៅ​៖

  • តើ​អ្នក​គិត​ថា​បទ​គម្ពីរ​ទាំង​នេះ​អាច​ជួយ​អ្នក​ឲ្យ​មាន​សេចក្ដី​សង្ឃឹម​ទេ? តើ​អ្នក​គិត​ថា​បទ​គម្ពីរ​ទាំង​នេះ​អាច​ជួយ​ក្រុម​គ្រួសារ​និង​មិត្ត​ភក្ដិ​របស់​អ្នក​ឲ្យ​មាន​សេចក្ដី​សង្ឃឹម​ដែរ​ឬ​ទេ?

សូម​ស្រមៃ​គិត​ជីវិត​នៅ​ផែនដី​ដែល

គ្មាន​អ្នក​ណា​នឹង . . .

មនុស្ស​គ្រប់​រូប​នឹង . . .

  • មាន​ការ​ឈឺ​ចាប់ ទៅ​ជា​ចាស់ ឬ​ស្លាប់​ឡើយ។—អេសាយ ២៥:៨

  • ជួប​មនុស្ស​ជា​ទី​ស្រឡាញ់​ដែល​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ផែនដី។—យ៉ូហាន ៥:២៨, ២៩

  • មាន​សុខភាព​ល្អ និង​កម្លាំង​មាំ​មួន។—យ៉ូប ៣៣:២៥

៥. សេចក្ដី​សង្ឃឹម​ក្នុង​គម្ពីរ​អាច​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ល្អ​ជាង

មនុស្ស​ជា​ច្រើន​ធ្លាក់​ទឹក​ចិត្ត ឬ​ខឹង​យ៉ាង​ខ្លាំង ដោយ​សារ​ពួក​គេ​ឃើញ​បញ្ហា​ផ្សេង​ៗ​ដែល​កំពុង​កើត​ឡើង។ ដូច្នេះ អ្នក​ខ្លះ​ខំ​ប្រឹង​ព្យាយាម​ដើម្បី​ធ្វើ​ឲ្យ​អ្វី​ៗ​ប្រសើរ​ជាង។ ប៉ុន្តែ គម្ពីរ​មាន​សេចក្ដី​សន្យា​ថា​អ្វី​ៗ​នឹង​ប្រសើរ​ឡើង។ សូម​មើល​ថា តើ​សេចក្ដី​សន្យា​ទាំង​នោះ​កំពុង​ជួយ​មនុស្ស​យ៉ាង​ណា​នៅ​សព្វ​ថ្ងៃ​នេះ? លេង​វីដេអូ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

  • ក្នុង​វីដេអូ តើ​ភាព​អយុត្តិធម៌​អ្វី​ដែល​ធ្វើ​ឲ្យ​រ៉ាហ្វីកា​ទាស់​ចិត្ត?

  • ទោះ​ជា​គាត់​នៅ​តែ​ឃើញ​ភាព​អយុត្តិធម៌​ក៏​ដោយ តើ​គម្ពីរ​បាន​ជួយ​គាត់​យ៉ាង​ដូច​ម្ដេច?

ពេល​យើង​ជឿ​ជាក់​អ្វី​ដែល​គម្ពីរ​សន្យា​អំពី​អនាគត នោះ​ជួយ​យើង​កុំ​ឲ្យ​ធ្លាក់​ទឹក​ចិត្ត ហើយ​យើង​នៅ​តែ​អាច​សប្បាយ ទោះ​ជា​យើង​មាន​បញ្ហា​ក៏​ដោយ។ សូម​អាន សុភាសិត ១៧:២២ និង​រ៉ូម ១២:១២ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

  • តើ​អ្នក​គិត​ថា​សេចក្ដី​សង្ឃឹម​ក្នុង​គម្ពីរ​អាច​ជួយ​ធ្វើ​ឲ្យ​ជីវិត​អ្នក​ប្រសើរ​ជាង​ឬ​ទេ? ហេតុ​អ្វី?

មនុស្ស​ខ្លះ​និយាយ​ថា​៖ ​«​សេចក្ដី​សន្យា​ក្នុង​គម្ពីរ​អំពី​អនាគត​គឺ​ល្អ​ពេក មិន​គួរ​ឲ្យ​ជឿ​ទេ​»។

  • ហេតុ​អ្វី​អ្នក​គិត​ថា​ការ​ពិនិត្យ​មើល​ភ័ស្តុតាង​ដោយ​ខ្លួន​អ្នក​ផ្ទាល់ គឺ​សំខាន់​ម្ល៉េះ?

សេចក្ដី​សង្ខេប

គម្ពីរ​មាន​សេចក្ដី​សន្យា​ជា​ច្រើន​អំពី​អនាគត​ដ៏​សប្បាយ នេះ​ជួយ​យើង​ឲ្យ​មាន​សេចក្ដី​សង្ឃឹម និង​មាន​ជីវិត​ប្រសើរ​ជាង​នៅ​ឥឡូវ​នេះ។

រៀន​សា​ឡើង​វិញ

  • ហេតុ​អ្វី​មនុស្ស​ត្រូវ​ការ​សេចក្ដី​សង្ឃឹម?

  • តើ​គម្ពីរ​ចែង​យ៉ាង​ណា​អំពី​អនាគត?

  • តើ​ការ​មាន​សេចក្ដី​សង្ឃឹម​អំពី​អនាគត​អាច​ជួយ​អ្នក​នៅ​សព្វ​ថ្ងៃ​នេះ​យ៉ាង​ដូច​ម្ដេច?

គោល​ដៅ

ស្វែង​យល់​ថែម​ទៀត

សូម​មើល​ថា តើ​សេចក្ដី​សង្ឃឹម​អំពី​អនាគត​អាច​ជួយ​មនុស្ស​ដែល​កំពុង​មាន​ជំងឺ​រ៉ាំរ៉ៃ​យ៉ាង​ដូច​ម្ដេច?

«​មាន​ជំងឺ​រ៉ាំរ៉ៃ តើ​គម្ពីរ​អាច​ជួយ​អ្នក​បាន​ទេ?​» (​អត្ថបទ​ក្នុង​គេហទំព័រ​)

សូម​អាន​ប្រវត្តិ​របស់​បុរស​ម្នាក់​ដែល​ត​ស៊ូ​ដើម្បី​សង្គម និង​របៀប​ដែល​គាត់​បាន​កែ​ប្រែ​ជីវិត ក្រោយ​ពី​គាត់​បាន​ស្គាល់​សេចក្ដី​សង្ឃឹម​ក្នុង​គម្ពីរ។

«​ខ្ញុំ​ឈប់​គិត​ថា​ត្រូវ​ផ្លាស់​ប្ដូរ​ពិភព​លោក​ដោយ​ខ្លួន​ឯង​ទៀត​» (​brwp១៣០៧០១​)