មេរៀនទី០៥
គម្ពីរជាសំបុត្រពីព្រះសម្រាប់យើង
ព្រះយេហូវ៉ាបានឲ្យអំណោយពិសេសមួយសម្រាប់យើង អំណោយនោះគឺគម្ពីរបរិសុទ្ធ ដែលមានសៀវភៅតូចៗ៦៦ក្បាល។ ប៉ុន្តែ អ្នកប្រហែលជាឆ្ងល់ថា ‹តើព័ត៌មានក្នុងគម្ពីរមកពីអ្នកណា?›។ ដើម្បីដឹងចម្លើយចំពោះសំណួរនេះ សូមយើងពិចារណាមើលថា តើគម្ពីរដែលជាព័ត៌មានមកពីព្រះបានមកដល់យើងតាមរបៀបណា?
១. បើមនុស្សជាអ្នកសរសេរគម្ពីរ ហេតុអ្វីនិយាយថាព័ត៌មានក្នុងគម្ពីរមកពីព្រះ?
មនុស្សប្រហែលជា៤០នាក់បានសរសេរគម្ពីរ។ សៀវភៅដំបូងក្នុងគម្ពីរបានត្រូវសរសេរប្រហែល៣.៥០០ឆ្នាំមុន ហើយសៀវភៅចុងក្រោយបានត្រូវសរសេរប្រហែល១.៩០០ឆ្នាំមុន។ ពួកអ្នកសរសេរគម្ពីរមានប្រវត្តិនិងមកពីមជ្ឈដ្ឋានខុសៗគ្នា ប៉ុន្តែអ្វីដែលពួកគេបានសរសេរក្នុងគម្ពីរគឺស្របគ្នាទាំងអស់។ ហេតុអ្វីនេះអាចកើតឡើងបាន? ដោយសារអ្វីដែលពួកគេសរសេរគឺមកពីព្រះ។ (សូមអាន ថែស្សាឡូនិចទី១ ២:១៣) ពួកអ្នកសរសេរគម្ពីរមិនបានកត់ទុកគំនិតរបស់ពួកគេទេ។ ផ្ទុយទៅវិញ ពួកគេ«បាននិយាយអ្វីដែលមកពីព្រះ ដោយមានឫទ្ធានុភាពបរិសុទ្ធដឹកនាំពួកគេ»។ a (ពេត្រុសទី២ ១:២១) ព្រះបានប្រើឫទ្ធានុភាពបរិសុទ្ធដើម្បីដឹកនាំ ឬជំរុញចិត្តពួកគេឲ្យកត់ទុកគំនិតរបស់លោក។—ធីម៉ូថេទី២ ៣:១៦
២. តើអ្នកណាខ្លះអាចទទួលប្រយោជន៍ពីគម្ពីរ?
«គ្រប់ប្រជាជាតិ គ្រប់កុលសម្ព័ន្ធ គ្រប់ភាសា និងគ្រប់ជនជាតិ» អាចទទួលប្រយោជន៍ពីដំណឹងល្អក្នុងគម្ពីរ។ (សូមអាន ការបើកបង្ហាញ ១៤:៦) ព្រះបានចាត់ចែងឲ្យប្រាកដថាមានគម្ពីរជាភាសាផ្សេងៗ គឺឲ្យមានភាសាច្រើនជាងសៀវភៅឯទៀតទាំងអស់ក្នុងប្រវត្តិសាស្ត្រ។ ដូច្នេះ មនុស្សស្ទើរតែទាំងអស់នៅសព្វថ្ងៃនេះអាចមានគម្ពីរអានជាភាសារបស់ខ្លួន ទោះជាពួកគេរស់នៅកន្លែងណា ឬនិយាយភាសាអ្វីក៏ដោយ។
៣. តើព្រះយេហូវ៉ាថែរក្សាគម្ពីរតាមរបៀបណា?
គម្ពីរបានត្រូវសរសេរនៅលើក្រដាសឬវត្ថុដែលងាយខូច ដូចជាក្រដាសធ្វើពីរុក្ខជាតិជាដើម។ ប៉ុន្តែ ពួកអ្នកដែលស្រឡាញ់គម្ពីរបានចម្លងគម្ពីរដោយដៃម្ដងហើយម្ដងទៀតយ៉ាងយកចិត្តទុកដាក់ និងយ៉ាងត្រឹមត្រូវ។ ទោះជាអ្នកគ្រប់គ្រងនិងអ្នកដឹកនាំសាសនាខ្លះខំព្យាយាមបំផ្លាញគម្ពីរក៏ដោយ តែមនុស្សខ្លះទៀតសុខចិត្តប្រថុយជីវិតដើម្បីការពារគម្ពីរ។ ព្រះយេហូវ៉ាមិនអនុញ្ញាតឲ្យអ្នកណាឬអ្វីក៏ដោយ មករារាំងមនុស្សមិនឲ្យមានគម្ពីរនោះទេ។ គម្ពីរចែងថា៖ «បណ្ដាំរបស់ព្រះនៃយើងនៅស្ថិតស្ថេរជាដរាប»។—អេសាយ ៤០:៨
បង្កើនចំណេះ
សូមរៀនថែមទៀតអំពីរបៀបដែលព្រះបានដឹកនាំមនុស្សឲ្យសរសេរគម្ពីរ របៀបដែលលោកថែរក្សាគម្ពីរ និងរបៀបដែលលោកបានផ្ដល់គម្ពីរដល់មនុស្សទាំងអស់។
៤. គម្ពីរបញ្ជាក់ឲ្យដឹងថាអ្នកណាជាអ្នកនិពន្ធគម្ពីរ
លេងវីដេអូ។ បន្ទាប់មក សូមអាន ធីម៉ូថេទី២ ៣:១៦ រួចពិភាក្សាសំណួរដូចតទៅ៖
-
បើមនុស្សជាអ្នកសរសេរគម្ពីរ ហេតុអ្វីនិយាយថាគម្ពីរជាបណ្ដាំរបស់ព្រះ?
-
តើអ្នកគិតថាព្រះអាចបញ្ជូនគំនិតរបស់លោកឲ្យមនុស្សសរសេរទុកឬទេ?
៥. គម្ពីរបានត្រូវការពារឲ្យរួចផុតពីការបំផ្លាញ
ប្រសិនបើគម្ពីរមកពីព្រះ លោកច្បាស់ជានឹងថែរក្សាគម្ពីរ។ ក្នុងប្រវត្តិសាស្ត្រ ពួកអ្នកមានអំណាចបានខំព្យាយាមបំផ្លាញគម្ពីរ។ ពួកអ្នកដឹកនាំសាសនាបានខំរារាំងមនុស្សមិនឲ្យអានគម្ពីរ។ ប៉ុន្តែ ទោះជាមានការប្រឆាំងនិងការគំរាមកំហែងដល់ជីវិតយ៉ាងណាក៏ដោយ មនុស្សជាច្រើនបានប្រថុយជីវិតដើម្បីការពារគម្ពីរ។ ដើម្បីដឹងថាពួកគាត់បានប្រថុយជីវិតយ៉ាងណា សូមលេងវីដេអូ រួចពិភាក្សាសំណួរនេះ៖
-
ឥឡូវអ្នកដឹងថាមានមនុស្សជាច្រើនបានលះបង់ជីវិតដើម្បីការពារគម្ពីរ តើនេះធ្វើឲ្យអ្នកកាន់តែចង់អានគម្ពីរថែមទៀតទេ? ហេតុអ្វី?
សូមអាន ចម្រៀងសរសើរព្រះ ១១៩:៩៧ រួចពិភាក្សាសំណួរនេះ៖
-
តើអ្វីបានជំរុញចិត្តមនុស្សជាច្រើនឲ្យប្រថុយជីវិតដើម្បីបកប្រែនិងចែកចាយគម្ពីរ?
៦. គម្ពីរគឺសម្រាប់មនុស្សទាំងអស់
គម្ពីរជាសៀវភៅដែលបានត្រូវបកប្រែនិងចែកចាយច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្រ។ សូមអាន សកម្មភាព ១០:៣៤, ៣៥ រួចពិភាក្សាសំណួរដូចតទៅ៖
-
ហេតុអ្វីព្រះចង់ឲ្យគម្ពីរដែលជាបណ្ដាំរបស់លោកបានត្រូវបកប្រែនិងចែកចាយដល់មនុស្សទាំងអស់?
-
តើអ្នកចូលចិត្តអ្វីខ្លះអំពីគម្ពីរ?
ជិត
១០០%
នៃចំនួនមនុស្សក្នុងពិភពលោក
អាចអានគម្ពីរជាភាសាដែលពួកគេអាចយល់បាន
ចេញជាង
៣.០០០
ភាសា
ជាគម្ពីរទាំងមូលឬផ្នែកខ្លះ
៥.០០០.០០០.០០០
គម្ពីរដែលបានត្រូវបោះពុម្ពមានចំនួន
គឺច្រើនជាងសៀវភៅឯទៀតទាំងអស់
មនុស្សខ្លះនិយាយថា៖ «គម្ពីរគ្រាន់តែជាសៀវភៅចាស់បុរាណប៉ុណ្ណោះ»។
-
តើអ្នកគិតយ៉ាងណា?
-
តើមានភ័ស្តុតាងអ្វីខ្លះដែលបង្ហាញថាគម្ពីរជាបណ្ដាំរបស់ព្រះ?
សេចក្ដីសង្ខេប
គម្ពីរជាបណ្ដាំរបស់ព្រះ ហើយលោកបានធ្វើឲ្យប្រាកដថាមនុស្សទាំងអស់អាចមានគម្ពីរអាន។
រៀនសាឡើងវិញ
-
តើព្រះបានដឹកនាំមនុស្សឲ្យសរសេរគម្ពីរតាមរបៀបណា?
-
តើអ្វីធ្វើឲ្យអ្នកកោតស្ងើចអំពីការការពារ ការបកប្រែ និងការចែកចាយគម្ពីរ?
-
តើអ្នកមានអារម្មណ៍យ៉ាងណាដោយដឹងថាព្រះខំព្យាយាមប្រាស្រ័យទាក់ទងជាមួយនឹងអ្នក?
ស្វែងយល់ថែមទៀត
សូមអានអំពីប្រវត្តិគម្ពីរ គឺចាប់ពីមានរមូរឯកសារដំបូង រហូតដល់មានសេចក្ដីបកប្រែគម្ពីរសព្វថ្ងៃ។
សូមរៀនអំពីរបៀបដែលគម្ពីរបានត្រូវការពារពីអន្តរាយបីយ៉ាង។
សូមមើលអំពីរបៀបដែលមនុស្សខ្លះបានប្រថុយជីវិតដើម្បីបកប្រែគម្ពីរ។
គម្ពីរបានត្រូវចម្លងនិងបកប្រែជាច្រើនដង។ តើអ្នកអាចជឿជាក់យ៉ាងដូចម្ដេចថាព័ត៌មានក្នុងគម្ពីរនៅតែត្រឹមត្រូវ?
«តើគម្ពីរបានត្រូវកែច្នៃឬ?» (អត្ថបទក្នុងគេហទំព័រ)
a នៅមេរៀនទី០៧នឹងពន្យល់ថា ឫទ្ធានុភាពបរិសុទ្ធជាកម្លាំងខ្លាំងក្លារបស់ព្រះ។