លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​៤៦

ជាដោយគ្រាន់តែពាល់សម្លៀកបំពាក់លោកយេស៊ូ

ជាដោយគ្រាន់តែពាល់សម្លៀកបំពាក់លោកយេស៊ូ

ម៉ាថាយ ៩:១៨​-​២២ ម៉ាកុស ៥:២១​-​៣៤ លូកា ៨:៤០​-​៤៨

  • ស្ត្រី​ម្នាក់​បាន​ជា​ដោយ​ពាល់​សម្លៀក​បំពាក់​លោក​យេស៊ូ

ដំណឹង​អំពី​លោក​យេស៊ូ​ត្រឡប់​មក​ពី​តំបន់​ដេកាប៉ូល​វិញ បាន​ឮ​ដល់​ជន​ជាតិ​យូដា​ដែល​រស់​នៅ​ឆ្នេរ​ខាង​ជើង​ឆៀង​ខាង​លិច​នៃ​សមុទ្រ​កាលីឡេ។ មនុស្ស​ជា​ច្រើន​ទំនង​ជា​បាន​ឮ​អំពី​ការ​អស្ចារ្យ​របស់​លោក​ដែល​បាន​ធ្វើ​ឲ្យ​ខ្យល់​និង​សមុទ្រ​ស្ងប់​វិញ​នា​ពេល​មុន​នោះ ហើយ​អ្នក​ខ្លះ​ទៀត​ប្រហែល​ជា​ដឹង​ថា​លោក​បាន​បណ្ដេញ​វិញ្ញាណ​កំណាច​ចេញ​ពី​បុរស​ម្នាក់​ផង​ដែរ។ ដូច្នេះ ​«​មនុស្ស​មួយ​ក្រុម​ធំ​»​បាន​មូល​គ្នា​នៅ​ឆ្នេរ​សមុទ្រ ដែល​ទំនង​ជា​ស្ថិត​ក្នុង​តំបន់​កាពើណិម ដើម្បី​ស្វាគមន៍​លោក។ (​ម៉ាកុស ៥:២១​) ពេល​លោក​យេស៊ូ​ឡើង​ពី​ទូក បណ្ដា​ជន​បាន​រំភើប​ចិត្ត​ជា​ខ្លាំង ដោយ​សារ​ពួក​គេ​កំពុង​រង់​ចាំ​ទទួល​លោក។

ក្នុង​ចំណោម​ក្រុម​មនុស្ស​នោះ មាន​បុរស​ម្នាក់​ដែល​ចង់​ជួប​លោក​យេស៊ូ​ខ្លាំង​ណាស់។ គាត់​ឈ្មោះ​យ៉ែរ៉ូស ជា​អ្នក​ទទួល​ខុស​ត្រូវ​សាលា​ប្រជុំ​មួយ ដែល​ប្រហែល​ជា​នៅ​ក្នុង​ក្រុង​កាពើណិម។ ពេល​គាត់​ឃើញ​លោក​យេស៊ូ​មក​ដល់ គាត់​ក៏​លំឱន​កាយ​ពី​មុខ​លោក ហើយ​បាន​អង្វរ​លោក​ជា​ច្រើន​ដង​ថា​៖ ​«​កូន​ស្រី​របស់​ខ្ញុំ​ឈឺ​ធ្ងន់​ណាស់។ សូម​លោក​អញ្ជើញ​មក​ដាក់​ដៃ​លើ​នាង ដើម្បី​ឲ្យ​នាង​បាន​ជា​ឡើង​វិញ ហើយ​អាច​រស់​បាន​»។ (​ម៉ាកុស ៥:២៣​) យ៉ែរ៉ូស​មាន​កូន​ស្រី​តែ​មួយ​គត់ អាយុ​ប្រហែល​ជា​១២​ឆ្នាំ ហើយ​គាត់​ស្រឡាញ់​កូន​នោះ​ខ្លាំង​ណាស់ ដូច្នេះ​តើ​លោក​យេស៊ូ​នឹង​ធ្វើ​យ៉ាង​ណា​ចំពោះ​ការ​អង្វរ​សុំ​របស់​គាត់?—លូកា ៨:៤២

លោក​បាន​ធ្វើ​តាម​ការ​អង្វរ​សុំ​របស់​យ៉ែរ៉ូស ដោយ​ធ្វើ​ដំណើរ​ទៅ​ផ្ទះ​របស់​គាត់ មនុស្ស​ជា​ច្រើន​ដែល​ធ្វើ​ដំណើរ​ជា​មួយ​នឹង​លោក​មាន​ចិត្ត​រំភើប ហើយ​សង្ឃឹម​ថា​ពួក​គេ​អាច​មើល​ឃើញ​លោក​ធ្វើ​អព្ភូតហេតុ​មួយ​ទៀត។ ប៉ុន្តែ ក្នុង​ចំណោម​នោះ​មាន​ស្ត្រីជន​ជាតិ​យូដា​ម្នាក់​ដែល​មិន​បាន​គិត​អំពី​រឿង​ទាំង​នោះ​ទេ នាង​គិត​តែ​អំពី​ជំងឺ​របស់​នាង​វិញ។ រឿង​របស់​ស្ត្រី​នោះ​បាន​ធ្វើ​ឲ្យ​លោក​ក្ដួល​ចិត្ត​ជា​ខ្លាំង។ ហេតុ​អ្វី?

ស្ត្រីជន​ជាតិ​យូដា​នេះ​បាន​រង​ទុក្ខ​អស់​១២​ឆ្នាំ​ហើយ ដោយ​សារ​មាន​ជំងឺ​ធ្លាក់​ឈាម។ នាង​បាន​ទទួល​ការ​ព្យាបាល​ពី​គ្រូ​ពេទ្យ​ជា​ច្រើន ហើយ​នាង​ក៏​បាន​ចំណាយ​ធន​ធាន​ខ្លួន​អស់​រលីង តែ​មិន​បាន​ទទួល​ប្រយោជន៍​អ្វី​សោះ ផ្ទុយ​ទៅ​វិញ​នាំ​ឲ្យ​ជំងឺ​របស់​នាង​«​កាន់​តែ​ធ្ងន់​»។—ម៉ាកុស ៥:២៦

អ្នក​អាច​យល់​ថា​ជំងឺ​របស់​នាង​មិន​គ្រាន់​តែ​ធ្វើ​ឲ្យ​សុខភាព​នាង​ចុះ​ខ្សោយ​ប៉ុណ្ណោះ​ទេ តែ​ក៏​ធ្វើ​ឲ្យ​នាង​អាម៉ាស់​មុខ​ដែរ។ ហេតុ​អ្វី? តាម​ធម្មតា​អ្នក​ដែល​មាន​ជំងឺ​នោះ​មិន​ប្រាប់​ជា​សាធារណៈ​អំពី​ជំងឺ​របស់​ខ្លួន​ឡើយ។ បន្ថែម​ទៅ​ទៀត តាម​ច្បាប់​ម៉ូសេ​ស្ត្រី​ដែល​មក​រដូវ បាន​ត្រូវ​ចាត់​ទុក​ថា​មិន​ស្អាត។ បើ​អ្នក​ណា​ម្នាក់​ពាល់​នាង ឬ​សម្លៀក​បំពាក់​ដែល​នាង​ពាក់​ក្នុង​ពេល​មាន​រដូវ អ្នក​នោះ​ត្រូវ​សម្អាត​ខ្លួន ហើយ​បោក​សម្លៀក​បំពាក់ ព្រម​ទាំង​នៅ​មិន​ស្អាត​រហូត​ដល់​ល្ងាច។—លេវីវិន័យ ១៥:២៥​-​២៧

ស្ត្រី​នេះ​បាន​«​ឮ​អ្វី​ដែល​មនុស្ស​និយាយ​អំពី​លោក​យេស៊ូ​»​ ដូច្នេះ​ឥឡូវ​នាង​ក៏​ទៅ​រក​លោក។ ដោយ​សារ​នាង​មាន​ជំងឺ​នោះ នាង​បាន​បន្លំ​ចូល​ក្នុង​ក្រុម​មនុស្ស ហើយ​ពោល​ក្នុង​ចិត្ត​ថា​៖ ​«​បើ​ខ្ញុំ​គ្រាន់​តែ​ពាល់​សម្លៀក​បំពាក់​ក្រៅ​របស់​លោក នោះ​ខ្ញុំ​នឹង​ជា​»។ ពេល​នាង​ពាល់​សម្លៀក​បំពាក់​ក្រៅ​របស់​លោក រំពេច​នោះ នាង​ឈប់​ធ្លាក់​ឈាម! រួច​នាង​មាន​អារម្មណ៍​ថា ‹បាន​ជា​សះ​ស្បើយ​ពី​ជំងឺ​ដែល​បាន​ធ្វើ​ឲ្យ​នាង​រង​ទុក្ខ›។—ម៉ាកុស ៥:២៧​-​២៩

បន្ទាប់​មក លោក​យេស៊ូ​សួរ​ថា​៖ ​«​តើ​អ្នក​ណា​បាន​ពាល់​ខ្ញុំ?​»។ ពេល​បាន​ឮ​ដូច្នេះ តើ​អ្នក​គិត​ថា​ស្ត្រី​នោះ​មាន​អារម្មណ៍​យ៉ាង​ណា? ពេល​នោះ​ពេត្រុស​ឆ្លើយ ដោយ​ហាក់​ដូច​ជា​ចង់​បន្ទោស​លោក​យេស៊ូ​ថា​៖ ​«​លោក​គ្រូ បណ្ដា​ជន​កំពុង​ព័ទ្ធ​ជុំ​វិញ​ហើយ​ប្រជ្រៀត​លោក​»។ បើ​ដូច្នេះ ហេតុ​អ្វី​លោក​យេស៊ូ​សួរ​ថា​«​អ្នក​ណា​បាន​ពាល់​ខ្ញុំ​»​? រួច​លោក​ពន្យល់​ថា​«​មាន​អ្នក​ណា​ម្នាក់​ពាល់​ខ្ញុំ​ព្រោះ​ខ្ញុំ​ដឹង​ខ្លួន​ថា​មាន​ឫទ្ធានុភាព​ចេញ​ពី​ខ្ញុំ​ទៅ​»។—លូកា ៨:៤៥, ៤៦

កាល​ស្ត្រី​នោះ​ឃើញ​ថា លោក​បាន​កត់​សម្គាល់​អ្វី​ដែល​នាង​បាន​ធ្វើ នោះ​នាង​បាន​មក​ទាំង​ញាប់​ញ័រ ហើយ​ក្រាប​នៅ​មុខ​លោក ក៏​រៀប​រាប់​នៅ​មុខ​មនុស្ស​ទាំង​អស់​អំពី​ជំងឺ​របស់​នាង និង​របៀប​ដែល​នាង​បាន​ជា​សះ​ស្បើយ​ក្នុង​មួយ​រំពេច។ ដោយ​ចិត្ត​សប្បុរស លោក​យេស៊ូ​សម្រាល​ទុក្ខ​នាង​ដោយ​មាន​ប្រសាសន៍​ថា​៖ ​«​កូន​ស្រី​អើយ ជំនឿ​របស់​នាង​បាន​ធ្វើ​ឲ្យ​នាង​ជា​ហើយ។ សូម​អញ្ជើញ​ទៅ​ឲ្យ​បាន​សេចក្ដី​សុខ​ចុះ ហើយ​សូម​ឲ្យ​នាង​បាន​ជា​សះ​ស្បើយ​ពី​ជំងឺ​ដែល​បាន​ធ្វើ​ឲ្យ​រង​ទុក្ខ​»។—ម៉ាកុស ៥:៣៤

នេះ​បញ្ជាក់​យ៉ាង​ច្បាស់​ថា បុគ្គល​ដែល​ព្រះ​បាន​ជ្រើស​រើស​ឲ្យ​គ្រប់​គ្រង​ជា​ស្តេច​មក​លើ​ផែន​ដី គឺ​ជា​បុគ្គល​ដែល​មាន​សេចក្ដី​អាណិត​មេត្ដា កក់​ក្ដៅ និង​ដែល​យក​ចិត្ត​ទុក​ដាក់​ចំពោះ​មនុស្ស ថែម​ទាំង​មាន​ឫទ្ធានុភាព​ជួយ​ពួក​គេ​ផង​ដែរ!