សេចក្ដីពន្យល់បន្ថែម
របៀបដោះស្រាយទំនាស់ក្នុងរឿងពាណិជ្ជកម្ម
នៅកូរិនថូសទី១ ៦:១-៨សាវ័កប៉ូលបាននិយាយអំពីបងប្អូនរួមជំនឿដែលប្ដឹងគ្នាតាមច្បាប់។ គាត់បញ្ជាក់ថាគាត់ខកចិត្ដដោយសារគ្រិស្ដសាសនិកខ្លះនៅក្រុងកូរិនថូស«ហ៊ានទៅតុលាការដើម្បីឈរនៅមុខមនុស្សមិនសុចរិត»។ (ខ១) ប៉ូលបញ្ជាក់មូលហេតុសំខាន់ៗដែលគ្រិស្ដសាសនិកមិនគួរប្ដឹងផ្ដល់គ្នាក្នុងតុលាការរបស់ពិភពលោកនេះទេ ប៉ុន្ដែគួរដោះស្រាយទំនាស់ក្នុងក្រុមជំនុំវិញ។ យើងនឹងពិចារណាអំពីមូលហេតុដែលឱវាទនេះបានត្រូវផ្ដល់ឲ្យក្រោមការដឹកនាំរបស់ព្រះ រួចមកយើងនឹងបញ្ជាក់អំពីស្ថានភាពខ្លះដែលឱវាទនេះប្រហែលជាមិនទាក់ទងទេ។
បើយើងមានទំនាស់រឿងពាណិជ្ជកម្មជាមួយនឹងបងប្អូនរួមជំនឿ មុនបង្អស់យើងព្យាយាមដោះស្រាយបញ្ហានោះតាមវិធីដែលព្រះយេហូវ៉ាណែនាំ មិនមែនតាមវិធីរបស់យើងផ្ទាល់ទេ។ (សុភាសិត ១៤:១២) ដូចលោកយេស៊ូបានបញ្ជាក់ គឺជាការល្អបើឆាប់ដោះស្រាយទំនាស់ មុនរឿងនោះកាន់តែធំទៅ។ (ម៉ាថាយ ៥:២៣-២៦) ប៉ុន្ដែ គួរឲ្យស្តាយដែលគ្រិស្ដសាសនិកខ្លះចាប់ផ្ដើមឈ្លោះប្រកែកគ្នាខ្លាំងពេក រហូតដល់ប្ដឹងទៅតុលាការរបស់ពិភពលោកនេះ។ ប៉ូលប្រាប់ថា៖ «ដោយសារអ្នករាល់គ្នាប្ដឹងផ្ដល់គ្នាដូច្នេះ នេះមានន័យថាអ្នករាល់គ្នាបានបរាជ័យទាំងស្រុង»។ ហេតុអ្វី? មូលហេតុសំខាន់មួយគឺរឿងក្ដីនោះអាចបង្ខូចកេរ្ដិ៍ឈ្មោះរបស់ក្រុមជំនុំនិងរបស់ព្រះដែលយើងគោរពប្រណិប័តន៍។ ហេតុនេះយើងគិតឲ្យបានវែងឆ្ងាយអំពីសំណួររបស់ប៉ូលដែលថា៖ «ហេតុអ្វីមិនសុខចិត្ដទ្រាំអំពើអយុត្ដិធម៌នោះវិញ?»។—ខ៧
ប៉ូលបានបញ្ជាក់ហេតុផលថាព្រះបានផ្ដល់របៀបរៀបចំដ៏ល្អមួយក្នុងក្រុមជំនុំដែលអាចដោះស្រាយទំនាស់ជាច្រើន។ អ្នកចាស់ទុំជាបុរសគ្រិស្ដសាសនិកដែលមានប្រាជ្ញាដោយសារចំណេះដែលពួកគាត់មានអំពីសេចក្ដីពិតក្នុងបទគម្ពីរ ហើយប៉ូលនិយាយថាពួកគាត់អាច«វិនិច្ឆ័យរឿងរ៉ាវរវាងបងប្អូន»ពេលមាន«រឿងរ៉ាវនៃជីវិតនេះ»។ (ខ៣-៥) លោកយេស៊ូបានបញ្ជាក់ថាទំនាស់ដែលមកពីអំពើខុសឆ្គងធ្ងន់ធ្ងរ ដូចជាការបង្កាច់បង្ខូចឬការបោកយកប្រាក់ជាដើម ត្រូវដោះស្រាយតាមវិធីបីដំណាក់កាល: ទី១ សាមីខ្លួនដែលមានទំនាស់ត្រូវព្យាយាមដោះស្រាយដោយខ្លួនឯង ដោយគ្មានអ្នកណាផ្សេងទៀតធ្វើអន្ដរាគមន៍ទេ។ ទី២ បើដំណាក់កាលដំបូងពុំបានទទួលនូវលទ្ធផលល្អ នោះត្រូវយកសាក្សីម្នាក់ឬពីរនាក់ទៅជាមួយ។ ទី ៣ បើដំណាក់កាលនោះបរាជ័យដែរ ត្រូវនាំរឿងនោះទៅប្រាប់អ្នកចាស់ទុំជាតំណាងក្រុមជំនុំ។—ម៉ាថាយ ១៨:១៥-១៧
អ្នកចាស់ទុំក្នុងក្រុមជំនុំគ្រិស្ដសាសនិកប្រហែលមិនមែនជាមេធាវីឬពាណិជ្ជករទេ ហើយពួកគាត់មិនចាំបាច់ព្យាយាមឲ្យយោបល់ដែលទាក់ទងនឹងច្បាប់ឬពាណិជ្ជកម្មដែរ។ ពួកគាត់មិនបញ្ជាក់ល័ក្ខខ័ណ្ឌសម្រាប់ដោះស្រាយទំនាស់ពាណិជ្ជកម្មរវាងបងប្អូនឡើយ។ នាទីរបស់ពួកគាត់គឺខំជួយភាគីទាំងអស់ឲ្យអនុវត្ដបទគម្ពីរ និងឲ្យដោះស្រាយបញ្ហាជាមួយគ្នាដោយសន្ដិវិធី។ ក្នុងករណីរឿងនោះគឺស្មុគស្មាញ ពួកគាត់ប្រហែលជាចង់ទាក់ទងអ្នកត្រួតពិនិត្យមណ្ឌលឬការិយាល័យសាខារបស់សាក្សីព្រះយេហូវ៉ា។ ក៏ប៉ុន្ដែ មានករណីខ្លះដែលឱវាទរបស់ប៉ូលប្រហែលជាមិនទាក់ទងទេ។ តើមានករណីណាខ្លះ?
ក្នុងករណីខ្លះការប្ដឹងតាមផ្លូវច្បាប់ប្រហែលគ្រាន់តែជាបែបបទផ្លូវការមួយ ឬអ្វីមួយដែលច្បាប់តម្រូវឲ្យធ្វើដើម្បីសម្រេចបំណងដោយមិនគិតប្រយោជន៍ខ្លួនហើយដោយសន្ដិវិធី។ ជាឧទាហរណ៍ ការប្ដឹងតាមផ្លូវច្បាប់ប្រហែលជាយន្ដការតែមួយគត់សម្រាប់ការលែងលះគ្នា ឬពេលធ្វើឲ្យបណ្ដាំមរតកមានសុពលភាពតាមផ្លូវច្បាប់ ឬមួយសម្រាប់ការទទួលសិទ្ធិធ្វើជាអាណាព្យាបាលកូន សម្រាប់ការទទួលបានប្រាក់ឧបត្ថម្ភក្រោយពេលលែងលះគ្នា ឬសម្រាប់ការអះអាងថាខ្លួនជាម្ចាស់បំណុលក្នុងរឿងក្ដីក្ស័យធន។ ម្យ៉ាងទៀត មានករណីខ្លះប្រហែលជាបងប្អូនម្នាក់គិតថាគាត់ត្រូវប្ដឹងតបដើម្បីការពារខ្លួនក្នុងរឿងក្ដី។ *
បើប្ដឹងដោយគ្មានគំនិតចង់ទាស់នឹងបងប្អូន នោះប្រហែលជាមិនខុសគោលការណ៍ដែលបានត្រូវបង្កប់ក្នុងឱវាទដែលប៉ូលបានសរសេរក្រោមការដឹកនាំរបស់ព្រះទេ។ * ទោះជាយ៉ាងនោះក៏ដោយ អ្វីសំខាន់បំផុតចំពោះគ្រិស្ដសាសនិកគឺការធ្វើឲ្យនាមរបស់ព្រះយេហូវ៉ាបានបរិសុទ្ធ និងការរក្សាសន្ដិភាពនិងសាមគ្គីភាពក្នុងក្រុមជំនុំ។ សញ្ញាសម្គាល់សំខាន់បំផុតរបស់អ្នកកាន់តាមលោកយេស៊ូគឺសេចក្ដីស្រឡាញ់ ហើយ«សេចក្ដីស្រឡាញ់ . . . មិនរកប្រយោជន៍ផ្ទាល់ខ្លួន»ទេ។—កូរិនថូសទី១ ១៣:៤, ៥; យ៉ូហាន ១៣:៣៤, ៣៥
^ វគ្គ 2 អាចមានករណីកម្រមួយ ដែលគ្រិស្ដសាសនិកម្នាក់ប្រព្រឹត្ដបទល្មើសធ្ងន់ធ្ងរទៅលើគ្រិស្ដសាសនិកម្នាក់ទៀត ដូចជាបទរំលោភ បទបំពារបំពាន ឃាតកម្ម ឬចោរកម្ម (កម្រិតធ្ងន់)។ ក្នុងករណីបែបនេះ ការប្ដឹងទៅពួកអាជ្ញាធរមានសមត្ថកិច្ចគឺមិនមែនខុសគោលការណ៍គ្រិស្ដសាសនិកទេ ទោះជាត្រូវលើករឿងក្ដីឡើងទៅតុលាការឬនាំឲ្យមានការជម្រះក្ដីជាបទល្មើសព្រហ្មទណ្ឌក៏ដោយ។
^ វគ្គ 3 ដើម្បីទទួលបានព័ត៌មានថែមទៀត សូមមើលទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែមិថុនា ឆ្នាំ១៩៩៧ ទំព័រ២៦-៣១។