លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អព្ភូតហេតុ—បានកើតឡើងពិតមែនឬ?

អព្ភូតហេតុ—បានកើតឡើងពិតមែនឬ?

ជំពូក​ទី​៦

អព្ភូតហេតុ—បាន​កើត​ឡើង​ពិត​មែន​ឬ?

ថ្ងៃ​មួយ​នៅ​ឆ្នាំ​៣១ ស.យ. ព្រះ​យេស៊ូ​និង​សិស្ស​ទ្រង់​កំពុង​ធ្វើ​ដំណើរ​ទៅ​ឯ​ណាអ៊ីន ជា​ក្រុង​មួយ​ស្ថិត​នៅ​ខាង​ជើង​ប៉ាឡេស្ទីន។ កាល​ពួក​គេ​ចូល​ជិត​ដល់​ទ្វារ​កំផែង​ក្រុង​នោះ គេ​ក៏​ជួប​ប្រទះ​នឹង​ក្បួន​ហែ​សព​មួយ ហើយ​អ្នក​ដែល​ស្លាប់​នោះ​គឺ​បុរស​ក្មេង។ ម្ដាយ​របស់​គាត់​ជា​មេម៉ាយ ឯ​គាត់​ជា​កូន​តែ​មួយ​របស់​នាង ម្ល៉ោះ​ហើយ​នាង​ឥឡូវ​ត្រូវ​នៅ​តែ​ឯង។ តាម​សេចក្ដី​កត់​ទុក ព្រះ​យេស៊ូ​«​មាន​ព្រះ​ហឫទ័យ​ក្ដួល​អាណិត​អាសូរ​ដល់​គាត់​ណាស់ ក៏​មាន​បន្ទូល​ថា​៖ ‹កុំ​យំ​អី› រួច​ទ្រង់​យាង​ចូល​ទៅ​ពាល់​ក្ដារ​មឈូស ឯ​ពួក​អ្នក​សែង​ក៏​ឈប់ ហើយ​ទ្រង់​មាន​បន្ទូល​ថា​៖ ‹អ្នក​កំឡោះ​អើយ ខ្ញុំ​បង្គាប់​អ្នក​ថា ចូរ​ក្រោក​ឡើង›! អ្នក​ដែល​ស្លាប់​នោះ ក៏​ក្រោក​ឡើង​អង្គុយ ហើយ​ចាប់​តាំង​និយាយ​»។—លូកា ៧:១១​-​១៥

១. (​រួម​បុព្វយោគ​) (​ក​) ព្រះ​យេស៊ូ​បាន​ធ្វើ​អព្ភូតហេតុ​អ្វី នៅ​ជិត​ក្រុង​ណាអ៊ីន? (​ខ​) តើ​អព្ភូតហេតុ​ក្នុង​ព្រះ​គម្ពីរ​គឺ​សំខាន់​យ៉ាង​ណា ប៉ុន្តែ​មនុស្ស​ទាំង​អស់​ជឿ​ថា អព្ភូតហេតុ​បាន​កើត​ឡើង​មែន​ឬ?

 នេះ​ជា​រឿង​ដ៏​ធ្វើ​ឲ្យ​កក់​ក្ដៅ​ចិត្ត​ណាស់ ប៉ុន្តែ​ជា​រឿង​ពិត​ឬ? មនុស្ស​ច្រើន​ពិបាក​នឹង​ជឿ​ថា រឿង​ដូច​នេះ​បាន​កើត​ឡើង​មែន។ ប៉ុន្តែ​អព្ភូតហេតុ​គឺ​ជា​ចំណែក​ដ៏​សំខាន់ នៃ​ឯកសារ​ក្នុង​ព្រះ​គម្ពីរ។ បើ​ជឿ​ព្រះ​គម្ពីរ គឺ​ត្រូវ​តែ​ជឿ​ថា​អព្ភូតហេតុ​បាន​កើត​ឡើង​ដែរ។ តាម​ការ​ពិត អស់​ទាំង​ទំនង​នៃ​សេចក្ដី​ពិត​ក្នុង​ព្រះ​គម្ពីរ គឺ​ពឹង​ពាក់​លើ​អព្ភូតហេតុ​ដ៏​សំខាន់​មួយ គឺ​៖ ការ​ប្រោស​ព្រះ​យេស៊ូ​គ្រីស្ទ ឲ្យ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ។

ហេតុ​អ្វី​អ្នក​ខ្លះ​មិន​ជឿ

២, ៣. ការ​ពិចារណា​មួយ​ណា ដែល​ទស្សនវិទូ​អេកូស​ឈ្មោះ ដាវីឌ ហ៊ូម បាន​ប្រើ​ដើម្បី​ចង់​បង្ហាញ​ឲ្យ​ឃើញ​ថា អព្ភូតហេតុ​មិន​អាច​កើត​ឡើង​បាន?

តើ​អ្នក​ជឿ​អព្ភូតហេតុ​ទេ? ឬ​តើ​អ្នក​យល់​ថា ក្នុង​សម័យ​វិទ្យា​សាស្ត្រ​នេះ អព្ភូតហេតុ​មិន​សម​នឹង​ជឿ​បាន​ទេ—គឺ​ថា​ជឿ​នឹង​ព្រឹត្ដិការណ៍​ដ៏​ប្លែក​អស្ចារ្យ ដែល​សម្ដែង​នូវ​ការ​ជាក់​ស្តែង អំពី​អន្តរាគមន៍​ខាង​អធិធម្មជាតិ? បើ​អ្នក​មិន​ជឿ នោះ​អ្នក​មិន​មែន​ជា​មុន​គេ​ទេ។ ពីរ​សតវត្ស​មុន​នេះ ទស្សនវិទូ​អេកូស ឈ្មោះ​ដាវីឌ ហ៊ូម ក៏​មិន​ជឿ​ដែរ។ ហើយ​ហេតុ​ដែល​នាំ​ឲ្យ​អ្នក​មិន​ជឿ ប្រហែល​ជា​ដូច​គ្នា​នឹង​លោក​ផង។

ការ​ជំទាស់​នៃ​លោក​ហ៊ូម ចំពោះ​ជំនឿ​លើ​អព្ភូតហេតុ​មាន​រួម​ចំណុច​បី​ដ៏​សំខាន់។1 ចំពោះ​ចំណុច​ទី​មួយ លោក​បាន​សរសេរ​ថា​៖ ​«​អព្ភូតហេតុ​គឺ​ជា​ការ​ប្រឆាំង​នឹង​ច្បាប់​ធម្មជាតិ​»។ មនុស្ស​បាន​សំអាង​លើ​ច្បាប់​ធម្មជាតិ ជា​យូរ​យារ​ណាស់​មក​ហើយ។ គេ​បាន​ដឹង​ថា បើ​ទម្លាក់​វត្ថុ​មួយ នោះ​វា​នឹង​ត្រូវ​ធ្លាក់​ចុះ ហើយ​ថា​ថ្ងៃ​នឹង​រះ​រាល់​ព្រឹក ហើយ​លិច​វិញ​រាល់​ល្ងាច ជា​ដើម។ ដោយ​សភាវគតិ មនុស្ស​ដឹង​ថា​ព្រឹត្ដិការណ៍​ទាំង​ឡាយ តែង​តែ​កើត​ឡើង​តាម​ទំនង​ដែល​គេ​ធ្លាប់​ដឹង។ គ្មាន​អ្វី​នឹង​កើត​ឡើង ដោយ​ឥត​ស្រប​តាម​ច្បាប់​ធម្មជាតិ​ឡើយ។ លោក​ហ៊ូម​យល់​ថា‹ភស្តុ​តាង›នេះ​«​គឺ​គ្រប់​សព្វ​ដូច​ការ​ជជែក​ឯ​ទៀត​ពី​ការ​ពិសោធ​»​ដែល​ប្រឆាំង​នឹង​លទ្ធភាព​នៃ​អព្ភូតហេតុ​នោះ។

៤, ៥. អ្វី​គឺ​ជា​ហេតុ​ពីរ​យ៉ាង​ទៀត ដែល​លោក​ដាវីឌ ហ៊ូម បាន​បញ្ចេញ ដើម្បី​អះអាង​ថា​មិន​អាច​មាន​អព្ភូតហេតុ?

ការ​ជជែក​ទី​ពីរ​ដែល​លោក​ហ៊ូម​សម្ដែង​គឺ​ថា បណ្ដា​មនុស្ស​ងាយ​នឹង​ត្រូវ​បំភាន់។ អ្នក​ខ្លះ​ចង់​ជឿ​រឿង​ដ៏​អស្ចារ្យ​និង​អព្ភូតហេតុ ជា​ពិសេស​ពេល​ដែល​វា​ទាក់​ទង​នឹង​សាសនា ហើយ​អព្ភូតហេតុ​ដ៏​ឮ​ជា​ច្រើន ក្រោយ​មក​បាន​បង្ហាញ​ថា ជា​រឿង​ក្លែង​ក្លាយ​ទៅ​វិញ។ ការ​ជជែក​ទី​បី​គឺ​ថា អព្ភូតហេតុ​តែង​តែ​មាន​គេ​រាយ​ការណ៍ នៅ​គ្រា​ឥត​ចំណេះ។ ដល់​មនុស្ស​មាន​វិជ្ជា​ច្រើន​ទៅ នោះ​មាន​គេ​រាយ​ការណ៍​អព្ភូតហេតុ​តិច​ណាស់។ ដូច​លោក​ហ៊ូម​ថ្លែង​ថា​«​ព្រឹត្ដិការណ៍​ដ៏​អស្ចារ្យ​ដូច​នេះ មិន​ដែល​កើត​ឡើង​ក្នុង​ជំនាន់​យើង​ទេ​»។ ម្ល៉ោះ​ហើយ លោក​ក៏​យល់​ថា នេះ​បាន​បញ្ជាក់ ថា​អព្ភូតហេតុ​មិន​ដែល​បាន​កើត​ឡើង។

មក​ដល់​សព្វ​ថ្ងៃ​នេះ ការ​ជជែក​ភាគ​ច្រើន ដែល​ប្រឆាំង​នឹង​អព្ភូតហេតុ គឺ​ស្រប​តាម​នឹង​គោល​ការណ៍​ទូទៅ​ទាំង​នេះ។ ដូច្នេះ​សូម​យើង​ពិចារណា​ការ​ជំទាស់​និមួយ​ៗ​នៃ​លោក​ហ៊ូម។

ប្រឆាំង​នឹង​ច្បាប់​ធម្មជាតិ?

៦. ហេតុ​អ្វី​បាន​ជា​មិន​សម​ហេតុ ដែល​គេ​ជំទាស់​នឹង​ជំនឿ​លើ​អព្ភូតហេតុ ដោយ​ព្រោះ​វា‹ប្រឆាំង​នឹង​ច្បាប់​ធម្មជាតិ›?

ចុះ​យ៉ាង​ណា​វិញ ចំពោះ​ការ​ជំទាស់​ដែល​ថា​អព្ភូតហេតុ​គឺ‹ប្រឆាំង​នឹង​ច្បាប់​ធម្មជាតិ› ហើយ​គឺ​មិន​មែន​ជា​ការ​ពិត​នោះ? មើល​សើ​ៗ នេះ​ហាក់​ដូច​ទាក់​ទាញ​ចិត្ត​ណាស់ ប៉ុន្តែ​សូម​វែក​ញែក​មើល​សេចក្ដី​ដែល​បាន​ត្រូវ​និយាយ​នេះ។ តាម​ធម្មតា អព្ភូតហេតុ​មាន​ន័យ​ថា អ្វី​ៗ​ដែល​កើត​ឡើង​ក្រៅ​ច្បាប់​ប្រក្រតី​នៃ​ធម្មជាតិ។ a វា​គឺ​ជា​ព្រឹត្ដិការណ៍​ដ៏​មិន​នឹក​ដល់ ដែល​អ្នក​មើល​ឃើញ​ត្រូវ​ជឿ​ថា គេ​បាន​ឃើញ​ជាក់​ភ្នែក​នូវ​អន្តរាគមន៍​ខាង​អធិធម្មជាតិ។ ដូច្នេះ ការ​ជំទាស់​នេះ​ពិត​ជា​មាន​សេចក្ដី​ដូច​នេះ​ថា​៖ ‹អព្ភូតហេតុ​គឺ​មិន​អាច​មាន​ទេ ពីព្រោះ​វា​ជា​អព្ភូត​ណាស់​ពេក›! ហេតុ​អ្វី​ក៏​មិន​ពិចារណា​មើល​ទី​សំអាង​សិន មុន​នឹង​សន្និដ្ឋាន​ដូច​នេះ?

៧, ៨. (​ក​) ចំពោះ​ច្បាប់​ធម្មជាតិ​ដែល​យើង​ស្គាល់​ទាំង​ប៉ុន្មាន តាម​របៀប​ណា​ដែល​អ្នក​វិទ្យា​សាស្ត្រ បាន​ក្លាយ​ជា​មាន​ចិត្ត​ទូលំ​ទូលាយ​ចំពោះ​មតិ​របស់​គេ អំពី​ការ​អ្វី​ដែល​អាច​ឬ​មិន​អាច​កើត​ឡើង? (​ខ​) បើ​យើង​ជឿ​ព្រះ តើ​យើង​គួរ​ជឿ​យ៉ាង​ដូច​ម្ដេច អំពី​សមត្ថភាព​នៃ​ទ្រង់ ក្នុង​ការ​ធ្វើ​ការ​ចម្លែក?

ការ​ពិត​គឺ​ថា អ្នក​មាន​វិជ្ជា​សព្វ​ថ្ងៃ មិន​ជា​ប្រុង​ប្រៀប​ដូច​លោក​ដាវីឌ ហ៊ូម​ទេ ដើម្បី​ប្រកែក​ថា ច្បាប់​នៃ​ធម្មជាតិ​ដែល​គេ​ធ្លាប់​ដឹង តែង​ត្រូវ​ពិត​គ្រប់​កន្លែង​និង​គ្រប់​វេលា​ទាំង​អស់។ អ្នក​វិទ្យា​សាស្ត្រ​សុខ​ចិត្ត​ទាំង​ស្មានថា ប្រហែល​មាន​ទំហំ​ថែម​ទៀត នៃ​អវកាស​ក្នុង​សកល​លោក មិន​មែន​មាន​តែ​ទំហំ​បី​ប៉ុណ្ណោះ​ទេ គឺ បណ្ដោយ ទទឹង និង​កំពស់ ដែល​គេ​ធ្លាប់​ដឹង​នោះ។2 គេ​ធ្វើ​ទ្រឹស្តី​ថា​មាន​រូង​ងងឹត ជា​ផ្កាយ​ច្រើន​ដ៏​ធំ​ក្រៃ​លែង​ដែល​ស្រុត​ណែន​ចូល​គ្នា លុះ​ត្រា​ឃនភាព​វា​ទៅ​ជា​គ្មាន​កម្រិត។ នៅ​ក្បែរ​ជុំ​វិញ​រូង​ងងឹត​នោះ គេ​ថា​គម្រោង​នៃ​អវកាស​បាន​ត្រូវ​ពត់​បត់​បែន ដល់​ម្ល៉េះ​បាន​ជា​ពេល​វេលា​ត្រូវ​នៅ​នឹង។3 អ្នក​វិទ្យា​សាស្ត្របាន​ទាំង​ពិគ្រោះ​ថា នៅ​ក្រោម​ស្ថានភាព​ខ្លះ ពេល​វេលា​នឹង​អាច​ដើរ​ថយ​ក្រោយ ជា​ជាង​ឈាន​ទៅ​មុខ​វិញ!4

លោក​ស្ទេផាន ហាវឃីង ជា​សាស្ដ្រាចារ្យ​លូកា​សៀន​ខាង​គណិត​សាស្ត្រ នៅ​សកល​វិទ្យាល័យ​ខែ​មប៊្រីច ពិគ្រោះ​អំពី​របៀប​ដែល​សកល​លោក​បាន​ចាប់​ផ្ដើម​ថា​៖ ​«​ក្នុង​ទ្រឹស្តី​តន្តី​នៃ​ក្បួន​សា​បេក្ខភាព​ទូទៅ . . . ដើម​ដំបូង​នៃ​សកល​លោក គឺ​ត្រូវ​តែ​ជា​រូង​ងងឹត​ដ៏​មាន​ឃនភាព​ដ៏​គ្មាន​កម្រិត និង​កំណោង​ខាង​អវកាស​-​វេលា។ ក្រោម​ស្ថានភាព​ដូច​នេះ អស់​ទាំង​ក្បួន​ដ៏​ស្គាល់​ទាំង​ប៉ុន្មាន​ខាង​រូបសាស្ត្រ គឺ​ឥត​ប្រើ​បាន​ទៀត​ឡើយ​»។5 ដូច្នេះ អ្នក​វិទ្យា​សាស្ត្រ​សម័យ​ថ្មី​មិន​យល់​ស្រប​ថា អ្វី​មួយ​មិន​អាច​កើត​ឡើង ដោយ​ព្រោះ​តែ​វា​ផ្ទុយ​ពី​ច្បាប់​ប្រក្រតី​នៃ​ធម្មជាតិ​នោះ​ឡើយ។ ក្នុង​ស្ថានភាព​ប្លែក ការ​ចម្លែក​អាច​កើត​ឡើង​បាន។ ប្រាកដ​ណាស់ បើ​យើង​ជឿ​ព្រះ​ដ៏​មាន​គ្រប់​ព្រះ​ចេស្ដា នោះ​យើង​គួរ​តែ​យល់​ព្រម​ថា ទ្រង់​មាន​ឥទ្ធិឫទ្ធិ​នឹង​ធ្វើ​ព្រឹត្ដិការណ៍​ដ៏​ចម្លែក—ដ៏​អព្ភូត—ឲ្យ​កើត​ឡើង បើ​នេះ​នឹង​បំពេញ​គោល​បំណង​ទ្រង់។—និក្ខមនំ ១៥:៦​-​១០; អេសាយ ៤០:១៣, ១៥

ចុះ​ចំពោះ​អព្ភូតហេតុ​ក្លែង​ក្លាយ?

៩. តើ​គឺ​ជា​ការ​ពិត​ឬ​ដែល​អព្ភូតហេតុ​ខ្លះ​ជា​ក្លែង​ក្លាយ? សូម​ពន្យល់​ចម្លើយ​របស់​អ្នក។

ឥត​មាន​មនុស្ស​ចេះ​គិត​ណា​នឹង​ប្រកែក​ថា គ្មាន​អព្ភូតហេតុ​ក្លែង​ក្លាយ​នោះ​ទេ។ ជា​ឧទាហរណ៍ អ្នក​ខ្លះ​អះអាង​ថា មាន​ឥទ្ធិឫទ្ធិ​ព្យាបាល​អ្នក​ជម្ងឺ ដោយ​វិធី​ព្យាបាល​ប្រើ​ជំនឿ​ដ៏​អព្ភូត។ វេជ្ជបណ្ឌិត​ម្នាក់​ឈ្មោះ​វាល្លាម ណូ​ឡាន ធ្វើ​កិច្ច​ពិសេស​មួយ ដើម្បី​សង្កេត​មើល​វិធី​ព្យាបាល​បែប​នេះ។ លោក​បាន​តាម​សង្កេត​មើល​ការ​ជា​សះ​ស្បើយ​ជា​ច្រើន​ដែល​គេ​អះអាង ក្នុង​ចំណោម​អ្នក​ព្យាបាល​ប្រើ​ជំនឿ​ប្រូតេស្តង់​នៅ​សហរដ្ឋ និង​គ្រូ​ពេទ្យ​ប្រើ​មន្តអាគម​នៅ​អាស៊ី​ដែរ។ តើ​បាន​លទ្ធផល​អ្វី? លោក​បាន​រក​ឃើញ​សុទ្ធ​តែ​រឿង​ខក​ចិត្ត និង​រឿង​ក្លែង​បន្លំ។6

១០. តើ​អ្នក​យល់​ថា អព្ភូតហេតុ​ខ្លះ​ដែល​បង្ហាញ​ថា​ជា​ក្លែង​ក្លាយ នោះ​ត្រូវ​បញ្ជាក់​ថា​អព្ភូតហេតុ ទាំង​អស់​សុទ្ធ​តែ​ក្លែង​ក្លាយ​ដែរ​ឬ?

១០ តើ​ការ​ក្លែង​បន្លំ​ទាំង​នេះ​មាន​ន័យ​ថា អព្ភូតហេតុ​ពិត​មិន​ដែល​បាន​កើត​ឡើង​ឬ? មិន​មែន​ទេ។ ជួន​កាល​យើង​ឮ​អំពី​ប្រាក់​ក្លែង​ក្លាយ ដែល​ត្រូវ​គេ​យក​ចាយ ប៉ុន្តែ​នេះ​មិន​មែន​មាន​ន័យ​ថា​ប្រាក់​ទាំង​អស់​សុទ្ធ​តែ​ក្លែង​ក្លាយ​នោះ​ទេ។ អ្នក​ជម្ងឺ​ខ្លះ​ទុក​ចិត្ត​លើ​គ្រូ​ពេទ្យ​ក្លែង គ្រូ​ពេទ្យ​បន្លំ ហើយ​ចំណាយ​ប្រាក់​ជា​ច្រើន​ឲ្យ​គេ។ ប៉ុន្តែ​នេះ​មិន​មែន​មាន​ន័យ​ថា គ្រូ​ពេទ្យ​ទាំង​អស់​សុទ្ធ​តែ​ក្លែង​បន្លំ​ឡើយ។ សិល្បករ​ខ្លះ ជំនាញ​ខាង​ក្លែង​រូប​វិចិត្រ​«​ម្ចាស់​ដើម​»។ ប៉ុន្តែ​នេះ​មិន​មែន​មាន​ន័យ​ថា រូប​វិចិត្រ​ទាំង​អស់​សុទ្ធ​តែ​ក្លែង​ក្លាយ​ទេ។ ហើយ​ឯ​អព្ភូតហេតុ​ដែល​គេ​អះអាង​ខ្លះ គឺ​ឃើញ​យ៉ាង​ច្បាស់​ថា​ជា​ក្លែង​ក្លាយ ក៏​មិន​មែន​មាន​ន័យ​ថា អព្ភូតហេតុ​ពិត​មិន​អាច​កើត​ឡើង​នោះ​ឡើយ។

‹អព្ភូតហេតុ​ឥត​មាន​កើត​ឡើង​ក្នុង​ពេល​ឥឡូវ›

១១. អ្វី​គឺ​ជា​ការ​ជំទាស់​ទី​បី​នៃ​លោក​ដាវីឌ​ហ៊ូម ដែល​ប្រឆាំង​នឹង​ជំនឿ​លើ​អព្ភូតហេតុ?

១១ ការ​ជំទាស់​ទី​បី​គឺ​អាច​សង្ខេប​បាន​ក្នុង​សេចក្ដី​នេះ​ថា​៖ ​«​ព្រឹត្ដិការណ៍​ដ៏​អស្ចារ្យ​ដូច​នេះ មិន​ដែល​កើត​ឡើង​ក្នុង​ជំនាន់​យើង​ទេ​»។ លោក​ហ៊ូម​មិន​ដែល​បាន​ឃើញ​អព្ភូតហេតុ​ឡើយ ម្ល៉ោះ​ហើយ​ក៏​មិន​ព្រម​ជឿ​ថា អព្ភូតហេតុ​អាច​កើត​ឡើង​បាន។ ប៉ុន្តែ ការ​ពិចារណា​របៀប​នេះ​គឺ​មិន​សម​ហេតុ​ផល​ទេ។ មនុស្ស​ចេះ​រិះ​គិត ច្បាស់​ជា​យល់​ស្រប​ថា មុន​ជំនាន់​ទស្សនវិទូ​សាសន៍​អេកូស​នេះ​«​ព្រឹត្ដិការណ៍​ដ៏​អស្ចារ្យ​»​បាន​កើត​ឡើង​មែន តែ​មិន​បាន​កើត​ឡើង​ម្ដង​ទៀត​ក្នុង​ពេល​លោក​រស់​នៅ។ តើ​គឺ​ព្រឹត្ដិការណ៍​អ្វី?

១២. ព្រឹត្ដិការណ៍​អ្វី​ដ៏​អស្ចារ្យ ដែល​បាន​កើត​ឡើង​កាល​ពី​ដើម តែ​មិន​អាច​ពន្យល់​បាន​ដោយ​ច្បាប់​ធម្មជាតិ​ដែល​មាន​សព្វ​ថ្ងៃ​នេះ?

១២ រឿង​មួយ​គឺ​ថា ជីវិត​បាន​ចាប់​ផ្ដើម​នៅ​លើ​ផែនដី។ រួច​មក​មាន​ជីវិត​ម្យ៉ាង ដែល​បាន​ទទួល​នូវ​សេចក្ដី​ដឹង​ខ្លួន។ ដល់​ទី​បំផុត ក៏​មាន​មនុស្ស​លេច​មក ដែល​បាន​ទទួល​នូវ​គតិ​បណ្ឌិត មនោ​គតិ ការ​ចេះ​ស្រឡាញ់ និង​ញាណសក្ដិ​ខាង​មនសិការ។ គ្មាន​អ្នក​វិទ្យា​សាស្ត្រ​ណា​អាច​ប្រើ​មូលដ្ឋាន​នៃ​ច្បាប់​ធម្មជាតិ ដែល​មាន​សព្វ​ថ្ងៃ​នេះ មក​ពន្យល់​របៀប​ដែល​ការ​ដ៏​អស្ចារ្យ​បែប​នេះ​កើត​ឡើង​បាន​ទេ។ ប៉ុន្តែ​យើង​មាន​ទី​សំអាង​ដ៏​រស់​រវើក ដែល​បញ្ជាក់​ថា​ការ​ទាំង​នេះ​បាន​កើត​ឡើង​មែន។

១៣, ១៤. តើ​របស់​អ្វី​ដែល​មាន​ឃើញ​ជា​ធម្មតា​សព្វ​ថ្ងៃ​នេះ ប៉ុន្តែ​ហាក់​ដូច​អព្ភូតហេតុ​ចំពោះ​លោក​ដាវីឌ ហ៊ូម?

១៣ ចុះ​ចំពោះ​«​ព្រឹត្ដិការណ៍​ដ៏​អស្ចារ្យ​»​ដែល​បាន​កើត​ឡើង តាំង​ពី​ជំនាន់​លោក​ដាវីឌ ហ៊ូម​នោះ? ឧបមា​ថា​យើង​អាច​ធ្វើ​ដំណើរ​តាម​វេលា ត្រឡប់​ទៅ​ក្រោយ​វិញ ហើយ​ប្រាប់​លោក​អំពី​ពិភព​លោក​សព្វ​ថ្ងៃ​នេះ។ សូម​គិត​មើល​អំពី​ការ​ខិត​ខំ​ពន្យល់​ថា អ្នក​ជំនួញ​ម្នាក់​នៅ​ក្រុង​ហាមបឹក អាច​និយាយ​នឹង​មនុស្ស​ម្នាក់​នៅ​ឯ​ក្រុង​តូក្យូ ដែល​ឆ្ងាយ​រាប់​ពាន់​គីឡូ​ម៉ែត្រ​ដោយ​មិន​បាច់​ទាំង​ស្រែក​ខ្លាំង ហើយ​ថា​កីឡា​បាល់​ទាត់​នៅ​ប្រទេស​អេស្បាញ គេ​អាច​មើល​ឃើញ ពី​ពាស​ពេញ​ផែនដី សូម្បី​នៅ​ពេល​កំពុង​លេង​ផង។ ហើយ​ថា​កប៉ាល់​ដែល​ធំ​ជាង​នាវា​នៃ​ជំនាន់​លោក​ហ៊ូម​ឆ្ងាយ​ណាស់ អាច​ហោះ​ឡើង​ពី​ផ្ទៃ​ផែនដី ទាំង​ដឹក​មនុស្ស​៥០០​នាក់​លើ​អាកាស​ហោះ​រាប់​ពាន់​គីឡូ​ម៉ែត្រ​ក្នុង​ប៉ុន្មាន​ម៉ោង​តែ​ប៉ុណ្ណោះ។ តើ​អ្នក​អាច​នឹក​ថា លោក​មាន​ចម្លើយ​យ៉ាង​ណា​ទេ? ‹គ្មាន​ទេ! ព្រឹត្ដិការណ៍​ដ៏​អស្ចារ្យ​ដូច​នេះ មិន​ដែល​កើត​ឡើង​ក្នុង​ជំនាន់​យើង​សោះ›!

១៤ ប៉ុន្តែ‹ព្រឹត្ដិការណ៍​ដ៏​អស្ចារ្យ›បែប​នេះ មាន​កើត​ឡើង​មែន​ក្នុង​ជំនាន់​យើង។ ហេតុ​អ្វី? ពីព្រោះ​ប្រើ​ក្បួន​វិទ្យា​សាស្ត្រ​ដែល​លោក​ហ៊ូម​មិន​ដែល​ដឹង មនុស្ស​ចេះ​បង្កើត​ទូរស័ព្ទ ទូរទស្សន៍ និង​យន្ត​ហោះ។ ដូច្នេះ តើ​ជា​ការ​ពិបាក​ជឿ​ឬ ថា​នៅ​គ្រា​ដើម​ព្រះ​អាច​ប្រើ​វិធី​ដែល​យើង​នៅ​តែ​មិន​យល់ មក​សម្រេច​ការ​ដែល​ជា​អស្ចារ្យ​ចំពោះ​មនុស្ស​យើង?

តើ​យើង​អាច​ដឹង​តាម​របៀប​ណា?

១៥, ១៦. បើ​អព្ភូតហេតុ​បាន​កើត​ឡើង​ពិត តាម​របៀប​ណា​តែ​មួយ​គត់ ដែល​យើង​អាច​ដឹង? សូម​ពន្យល់​ចម្លើយ​របស់​អ្នក។

១៥ ប្រាកដ​ហើយ ដោយ​និយាយ​ថា​អព្ភូតហេតុ​អាច​កើត​ឡើង មិន​មែន​មាន​ន័យ​ថា វា​បាន​កើត​ឡើង​ទេ។ នៅ​ក្នុង​សតវត្ស​ទី​២០​នេះ តើ​យើង​អាច​ដឹង​តាម​របៀប​ណា ថា​កាល​នៅ​ជំនាន់​ព្រះ​គម្ពីរ ព្រះ​បាន​ឬ​មិន​បាន​ធ្វើ​អព្ភូតហេតុ​មែន​ទែន តាម​រយៈ​អ្នក​បំរើ​ទ្រង់​នៅ​លើ​ផែនដី? តើ​អ្នក​ចង់​ឃើញ​ទី​សំអាង​យ៉ាង​ដូច​ម្ដេច សម្រាប់​ការ​ទាំង​នេះ? សូម​គិត​មើល​អំពី​អ្នក​កុលសម្ព័ន្ធ​ម្នាក់​នៃ​សម័យ​ដើម ដែល​ត្រូវ​យក​ពី​ទី​សំណាក់​ព្រៃ​របស់​គាត់ ទៅ​ទស្សនា​មើល​ក្រុង​ធំ​មួយ។ ពេល​គាត់​ត្រឡប់​ទៅ​វិញ តាម​របៀប​ណា​ដែល​គាត់​អាច​រៀប​រាប់​ប្រាប់​គ្នា​គាត់​បាន អំពី​របស់​ដ៏​អស្ចារ្យ​នៃ​អារ្យធម៌​សម័យ​ថ្មី? គាត់​មិន​អាច​ពន្យល់​ថា ដូច​ម្ដេច​រថយន្ត​អាច​រត់​បាន​ទេ ឬ​ហេតុ​អ្វី​បាន​ជា​សម្លេង​ភ្លេង​ចេញ​ពី​វិទ្យុ​កាន់​នៅ​ដៃ​បាន​នោះ​ឡើយ។ គាត់​មិន​អាច​បង្កើត​កុំព្យូទ័រ​មក​បង្ហាញ​បញ្ជាក់​ថា មាន​របស់​បែប​នេះ​ឡើយ។ គាត់​គ្រាន់​តែ​អាច​ប្រាប់​អ្វី​ៗ ដែល​គាត់​បាន​ឃើញ​ប៉ុណ្ណោះ។

១៦ យើង​ក៏​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ដូច​ពួក​គ្នី​គ្នា​នៃ​អ្នក​កុលសម្ព័ន្ធ​នោះ​ដែរ។ បើ​ព្រះ​ពិត​ជា​បាន​ធ្វើ​អព្ភូតហេតុ​មែន នោះ​យើង​អាច​ដឹង​អំពី​រឿង​នេះ ដោយ​សារ​អ្នក​សាក្សី​តែ​ប៉ុណ្ណោះ។ អ្នក​សាក្សី​មិន​អាច​ពន្យល់​ថា​អព្ភូតហេតុ​បាន​កើត​ឡើង​តាម​របៀប​ណា​ទេ ហើយ​គេ​ក៏​មិន​អាច​ធ្វើ​អព្ភូតហេតុ​នោះ​តាម​ព្រះ​ដែរ។ គេ​គ្រាន់​តែ​អាច​ប្រាប់​យើង​នូវ​អ្វី​ៗ ដែល​គេ​បាន​ឃើញ​ប៉ុណ្ណោះ។ ជា​ប្រាកដ អ្នក​សាក្សី​ក៏​អាច​ត្រូវ​គេ​បញ្ឆោត​ដែរ។ គេ​ក៏​អាច​និយាយ​ពន្លើស ហើយ​ប្រាប់​មិន​ត្រង់​ផង។ ដូច្នេះ បើ​យើង​នឹង​ជឿ​សេចក្ដី​ថ្លែង​បញ្ជាក់​របស់​គេ យើង​ត្រូវ​តែ​ដឹង​ថា អ្នក​សាក្សី​ទាំង​នោះ​គឺ​ទៀង​ត្រង់ មាន​គុណសម្បត្ដិ​ល្អ ហើយ​បាន​បង្ហាញ​ថា គេ​មាន​បំណង​ចិត្ត​ត្រឹម​ត្រូវ។

អព្ភូតហេតុ​ដែល​បាន​ត្រូវ​បញ្ជាក់​យ៉ាង​ល្អ​បំផុត

១៧. (​ក​) តើ​អ្វី​ជា​អព្ភូតហេតុ​ដែល​បាន​ត្រូវ​បញ្ជាក់​យ៉ាង​ល្អ​បំផុត​ក្នុង​ព្រះ​គម្ពីរ? (​ខ​) ​កាលៈទេសៈ​យ៉ាង​ណា​ដែល​បាន​កើត​នាំ​ឡើង ដល់​ពេល​ព្រះ​យេស៊ូ​ត្រូវ​សោយ​ទិវង្គត?

១៧ អព្ភូតហេតុ​ដែល​បាន​ត្រូវ​បញ្ជាក់​យ៉ាង​ល្អ​បំផុត​ក្នុង​ព្រះ​គម្ពីរ គឺ​ការ​ប្រោសព្រះ​យេស៊ូ​ឲ្យ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ។ ដូច្នេះ ហេតុ​អ្វី​ក៏​មិន​យក​ការ​នេះ​មក​សង្កេត​មើល។ ដំបូង សូម​ពិចារណា​ការណ៍​ពិត​ដែល​បាន​ត្រូវ​រាយ​ការណ៍ ថា​៖ ព្រះ​យេស៊ូ​បាន​ត្រូវ​គេ​ចាប់ នៅ​ល្ងាច​ថ្ងៃ​១៤ ខែ​ណែសាន—ដែល​ត្រូវ​ជា​ថ្ងៃ​ព្រហស្បតិ៍ បើ​យល់​តាម​របៀប​រាប​នៃ​សម័យ​ថ្មី b។ ទ្រង់​បាន​គង់​នៅ​ចំពោះ​មុខ​ពួក​អ្នក​ដឹក​នាំ​សាសន៍​យូដា ដែល​បន្ទោស​ថា​ទ្រង់​បាន​មាន​បន្ទូល​ពាក្យ​ប្រមាថ ហើយ​សម្រេច​ចិត្ត​ថា ត្រូវ​តែ​ធ្វើ​គុត​ទ្រង់។ ពួក​អ្នក​ដឹក​នាំ​យូដា​បាន​នាំ​ព្រះ​យេស៊ូ​ទៅ​ឯ​អភិបាល​រ៉ូម ឈ្មោះ​ប៉ុនទាស​-​ពីឡាត់ ដែល​បាន​យល់​ព្រម​ដោយ​ការ​បង្ខិត​បង្ខំ​របស់​ពួក​គេ ហើយ​ក៏​ប្រគល់​ទ្រង់​ឲ្យ​គេ​ធ្វើ​គុត​ទៅ។ ប្រហែល​នៅ​ពេល​ព្រឹក​ថ្ងៃ​សុក្រ—គឺ​ថ្ងៃ​១៤ ខែ​ណែសាន​ដដែល តាម​ប្រក្រតិទិន​យូដា—ទ្រង់​បាន​ត្រូវ​គេ​បោះ​ដែក​គោល​ភ្ជាប់​លើ​បង្គោល​ទារុណកម្ម ហើយ​ពីរ​បី​ម៉ោង​ក្រោយ​មក ទ្រង់​ក៏​បាន​សោយ​ទិវង្គត​ទៅ។—ម៉ាកុស ១៤:៤៣​-​៦៥; ១៥:១​-​៣៩

១៨. តាម​ព្រះ​គម្ពីរ សេចក្ដី​រាយ​ការណ៍​អំពី​ព្រះ​យេស៊ូ​បាន​ត្រូវ​ប្រោស​ឲ្យ​មាន​ព្រះ​ជន្ម​រស់​ឡើង ចាប់​ផ្ដើម​ផ្សព្វ​ផ្សាយ​ឡើង​តាម​របៀប​ណា?

១៨ ក្រោយ​ពេល​ទាហាន​រ៉ូម​ម្នាក់​យក​លំពែង​ចាក់​ចំហៀង​ព្រះ​យេស៊ូ ដោយ​ចង់​ប្រាកដ​ថា​ទ្រង់​ពិត​ជា​សោយ​ទិវង្គត​មែន សព​នៃ​ព្រះ​យេស៊ូ​បាន​ត្រូវ​បញ្ចុះ​ក្នុង​ផ្នូរ​ថ្មី​មួយ។ ថ្ងៃ​បន្ទាប់​មក ថ្ងៃ​១៥ ខែ​ណែសាន (​ថ្ងៃ​សុក្រ/ថ្ងៃ​សៅរ៍​) គឺ​ជា​ថ្ងៃ​ឈប់​សំរាក។ ប៉ុន្តែ​នៅ​ព្រឹក​ថ្ងៃ​១៦ ខែ​ណែសាន—ជា​ព្រឹក​ថ្ងៃ​អាទិត្យ—ពួក​សិស្ស​ខ្លះ​បាន​ទៅ​ឯ​ផ្នូរ ហើយ​ឃើញ​ផ្នូរ​នោះ​នៅ​ទទេ។ មិន​យូរ​ប៉ុន្មាន ដំណឹង​ក៏​ចាប់​តាំង​ផ្សាយ​ពាស​ពេញ ថា​មាន​គេ​ឃើញ​ព្រះ​យេស៊ូ​មាន​ព្រះ​ជន្ម​រស់​នៅ។ ការឆ្លើយ​តប​ដំបូង​ចំពោះ​ដំណឹង​នេះ គឺ​នឹង​ដូច​សព្វ​ថ្ងៃ​នេះ​អញ្ចឹង​ដែរ—គឺ​គេ​មិន​ព្រម​ជឿ​ឡើយ។ សូម្បី​ពួក​សាវ័ក​ក៏​មិន​ព្រម​ជឿ​ដែរ។ ប៉ុន្តែ​ពេល​ដែល​គេ​បាន​ឃើញ​ផ្ទាល់ ថា​ព្រះ​យេស៊ូ​មាន​ព្រះ​ជន្ម​រស់​នៅ នោះ​គេ​ក៏​ត្រូវ​ជឿ​ថា ទ្រង់​ពិត​ជា​បាន​ត្រូវ​ប្រោស​ឲ្យ​មាន​ព្រះ​ជន្ម​រស់​ពី​សេចក្ដី​ស្លាប់​មែន។—យ៉ូហាន ១៩:៣១–២០:២៩; លូកា ២៤:១១

ផ្នូរ​ដែល​នៅ​ទទេ

១៩​-​២១. (​ក​) តាម​លោក​ចឺស្ទីន ម៉ាតទឺរ តើ​របៀប​ណា​ដែល​ពួក​យូដា​តប​នឹង​ការ​ផ្សាយ​ប្រកាស​នៃ​ពួក​គ្រីស្ទាន ថា​ព្រះ​យេស៊ូ​បាន​ត្រូវ​ប្រោស​ឲ្យ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ? (​ខ​) តើ​អ្វី​ដែល​យើង​អាច​ប្រាកដ ថា​ជា​ការ​ពិត​អំពី​ផ្នូរ​នៃ​ព្រះ​យេស៊ូ នៅ​ថ្ងៃ​១៦ ខែ​ណែសាន?

១៩ តើ​ព្រះ​យេស៊ូ​បាន​ត្រូវ​ប្រោស​ឲ្យ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​ទេ ឬ​ក៏​នេះ​សុទ្ធ​តែ​ជា​រឿង​ប្រឌិត? រឿង​មួយ​ដែល​មនុស្ស​នៅ​ជំនាន់​នោះ​ប្រហែល​នឹង​សួរ​គឺ​ថា​៖ តើ​សព​នៃ​ព្រះ​យេស៊ូ​នៅ​ក្នុង​ផ្នូរ​ដដែល​ឬ? សិស្ស​របស់​ព្រះ​យេស៊ូ​នឹង​ត្រូវ​ជួប​ឧបសគ្គ​ធំ បើ​សិន​ពួក​សត្រូវ​របស់​គេ​អាច​ថា សព​នៃ​ទ្រង់​ស្ថិត​នៅ​ក្នុង​ទី​បញ្ចុះ​ដដែល ដើម្បី​អះអាង​ថា​ទ្រង់​មិន​បាន​ត្រូវ​ប្រោស​ឲ្យ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​ទេ។ ប៉ុន្តែ ឥត​មាន​សេចក្ដី​ចែង​ទុក ដែល​ថា​គេ​បាន​ធ្វើ​ដូច្នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ តាម​ព្រះ​គម្ពីរ គេ​បាន​ឲ្យ​ប្រាក់​ទៅ​ពួក​ទាហាន ដែល​ត្រូវ​យាម​ផ្នូរ ហើយ​ប្រាប់​ថា​៖ ​«​ចូរ​ឯង​រាល់​គ្នា​និយាយ​ថា ‹ក្នុង​កាល​ដែល​យើង​ខ្ញុំ​កំពុង​តែ​ដេក​លក់ នោះ​ពួក​សិស្ស​របស់​វា បាន​មក​លួច​យក​ខ្មោច​វា ទាំង​យប់​បាត់​ទៅ​ហើយ›​»។ (​ម៉ាថាយ ២៨:១១​-​១៣​) យើង​ក៏​មាន​ទី​សំអាង​ក្រៅ​ពី​ព្រះ​គម្ពីរ​ដែរ ដែល​បង្ហាញ​ថា អ្នក​ដឹក​នាំ​យូដា​បាន​ធ្វើ​ដូច្នោះ​មែន។

២០ ប្រហែល​មួយ​សតវត្ស ក្រោយ​ពេល​ព្រះ​យេស៊ូ​បាន​សោយ​ទិវង្គត​ទៅ លោក​ចឺស្ទីន ម៉ាតទឺរ បាន​សរសេរ​សៀវភៅ​មួយ​ដែល​ហៅ​ថា ការ​សន្ទនា​នឹង​ទ្រីហ្វូ។ លោក​មាន​ប្រសាសន៍ ក្នុង​សៀវភៅ​នេះ​ថា​៖ ​«​អ្នក​រាល់​គ្នា[​ពួក​យូដា​]បាន​ចាត់​អ្នក​ដែល​បាន​ត្រូវ​ជ្រើស​រើស និង​លើក​តាំង ឲ្យ​ទៅ​គ្រប់​ទី​កន្លែង​ក្នុង​ពិភព​លោក​ដើម្បី​ប្រកាស​ថា អ​ញ្ញ​មតិ​ដែល​ប្រឆាំង​ព្រះ និង​ប្រឆាំង​ច្បាប់ បាន​កើត​ចេញ​ពី​ព្រះ​យេស៊ូ​មួយ​អង្គ​នោះ ជា​អ្នក​ឆបោក​ពី​កាលីឡេ ដែល​យើង​បាន​ឆ្កាង ប៉ុន្តែ​សិស្ស​ទ្រង់​បាន​លួច​យក​ទ្រង់​ចេញ​នៅ​ពេល​យប់ ពី​ផ្នូរ​ដែល​គេ​បញ្ចុះ​ទ្រង់​នោះ​»។7

២១ ឥឡូវ ទ្រីហ្វូ​គឺ​សាសន៍​យូដា​ម្នាក់ ហើយ​ការ​សន្ទនា​នឹង​ទ្រីហ្វូ បាន​ត្រូវ​សរសេរ​ដើម្បី​ការ​ពារ​សាសនា​គ្រីស្ទាន​ពី​សាសនា​យូដា។ ម្ល៉ោះ​ហើយ គឺ​មិន​សម​ហេតុ​ទេ ដែល​លោក​ចឺស្ទីន ម៉ាតទឺរ​នឹង​មាន​ប្រសាសន៍ ដូច្នេះ—ថា​ពួក​យូដា​បន្ទោស​ពួក​គ្រីស្ទាន ថា​លួច​យក​សព​នៃ​ព្រះ​យេស៊ូ​ពី​ផ្នូរ—បើ​ពួក​យូដា​មិន​បាន​ចោទ​ដូច្នេះ។ បើ​មិន​អញ្ចឹង​ទេ នោះ​លោក​នឹង​អាច​ត្រូវ​គេ​បន្ទោស​យ៉ាង​ងាយ​ថា​លោក​កុហក។ លោក​ចឺស្ទីន ម៉ាតទឺរ នឹង​មាន​ប្រសាសន៍​ដូច្នេះ លុះ​តែ​ពួក​យូដា​ពិត​ជា​បាន​ចាត់​អ្នក​នាំ​សារ​ទាំង​នេះ​មែន។ ហើយ​ពួក​គេ​នឹង​ចាត់​អ្នក​ទាំង​នោះ លុះ​តែ​ផ្នូរ​ពិត​ជា​នៅ​ទទេ​មែន នៅ​ថ្ងៃ​១៦ ខែ​ណែសាន ឆ្នាំ​៣៣ ស.យ. ហើយ​លុះ​តែ​គេ​មិន​អាច​ថា សព​នៃ​ព្រះ​យេស៊ូ​ស្ថិត​នៅ​ក្នុង​ផ្នូរ ដើម្បី​អះអាង​ថា​ទ្រង់​ឥត​បាន​ត្រូវ​ប្រោស​ឲ្យ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ។ អញ្ចឹង ដ្បិត​ផ្នូរ​នោះ​នៅ​ទទេ តើ​អ្វី​បាន​កើត​ឡើង? តើ​ពួក​សិស្ស​បាន​លួច​យក​សព​ឬ? ឬ​ក៏​សព​បាន​ត្រូវ​យក​ចេញ​ដោយ​អព្ភូតហេតុ ដើម្បី​ទុក​ជា​ទី​សំអាង ថា​ទ្រង់​ពិត​ជា​បាន​ត្រូវ​ប្រោស​ឲ្យ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ?

សេចក្ដី​សន្និដ្ឋាន​នៃ​លោក​លូកា​ជា​គ្រូ​ពេទ្យ

២២, ២៣. តើ​អ្នក​ណា​គឺ​ជា​អ្នក​មាន​វិជ្ជា​ម្នាក់​នៃ​សតវត្ស​ទី​មួយ ដែល​បាន​ពិនិត្យ​អំពី​ការ​ប្រោស​ព្រះ​យេស៊ូ​ឲ្យ​មាន​ជន្ម​រស់​ឡើង ហើយ​ប្រភព​នៃ​ពត៌មាន​អ្វី ដែល​មាន​ដល់​លោក?

២២ អ្នក​មាន​វិជ្ជា​ខ្ពង់​ខ្ពស់​ម្នាក់​នៃ​សតវត្ស​ទី​មួយ ដែល​បាន​ពិចារណា​ទី​សំអាង ដោយ​យក​ចិត្ត​ទុក​ដាក់​នោះ គឺ​លោក​លូកា ជា​គ្រូ​ពេទ្យ​ម្នាក់។ (​កូល៉ុស ៤:១៤​) លោក​លូកា​បាន​សរសេរ​សៀវភៅ​ពីរ ដែល​ឥឡូវ​ជា​ចំណែក​នៃ​ព្រះ​គម្ពីរ​៖ មួយ​គឺ​សិក្ខាបទ ឬ​ប្រវត្ដិសាស្ត្រ​នៃ​កិច្ច​បំរើ​របស់​ព្រះ​យេស៊ូ ហើយ​មួយ​ទៀត​គឺ​ហៅ​ថា កិច្ច​ការ​របស់​ពួក​សាវ័ក គឺ​ជា​ប្រវត្ដិសាស្ត្រ​នៃ​ការ​ផ្សាយ​សាសនា​គ្រីស្ទាន ក្នុង​ឆ្នាំ​បន្ទាប់​ក្រោយ​ពេល​ព្រះ​យេស៊ូ​បាន​សោយ​ទិវង្គត។

២៣ ក្នុង​បុព្វកថា​នៃ​សិក្ខាបទ​របស់​លោក លោក​លូកា​ថ្លែង​អំពី​ទី​សំអាង​ជា​ច្រើន ដែល​មាន​ដល់​លោក ប៉ុន្តែ​ឥត​មាន​ដល់​យើង​ទៀត​ទេ។ លោក​មាន​ប្រសាសន៍​អំពី​ឯកសារ​សរសេរ អំពី​ជីវិត​ព្រះ​យេស៊ូ ដែល​លោក​បាន​ពិនិត្យមើល។ លោក​ក៏​កត់​សម្គាល់​ថា លោក​បាន​និយាយ​ជា​មួយ​ពួក​អ្នក​សាក្សី ដែល​បាន​ឃើញ​ជីវិត ការ​សោយ​ទិវង្គត និង​ការ​ប្រោស​ឲ្យ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ នៃ​ព្រះ​យេស៊ូ។ រួច​មក លោក​សរសេរ​ថា ​«​ខ្ញុំ​បាន​ពិនិត្យ​ពី​រឿង​ទាំង​នោះ តាំង​តែ​ពី​ដើម​រៀង​មក ដោយ​ហ្មត់​ចត់​ហើយ​»។ (​លូកា ១:១​-​៣​) ប្រាកដ​ហើយ ការ​ស្រាវ​ជ្រាវ​របស់​លោក​លូកា​គឺ​ហ្មត់​ចត់​ល្អ។ តើ​លោក​គឺ​ជា​អ្នក​ប្រវត្ដិសាស្ត្រ​ដ៏​ពូកែ​ម្នាក់​ឬ?

២៤, ២៥. តើ​មនុស្ស​ជា​ច្រើន​យល់​យ៉ាង​ណា អំពី​គុណសម្បត្ដិ​នៃ​លោក​លូកា ជា​អ្នក​ប្រវត្ដិសាស្ត្រ​ម្នាក់?

២៤ មនុស្ស​ជា​ច្រើន​បាន​ពោល​បញ្ជាក់​ថា លោក​គឺ​ជា​អ្នក​ប្រវត្ដិសាស្ត្រ​ដ៏​ពូកែ​ម្នាក់​មែន។ កាល​នៅ​ឆ្នាំ​១៩១៣ លោក វាល្លាម រ៉ាម​សេ ក្នុង​ការ​បង្រៀន​មួយ បាន​ឲ្យ​យោបល់​អំពី​ប្រវត្ដិភាព​នៃ​សៀវភៅ​របស់​លោក​លូកា។ តើ​លោក​បាន​សន្និដ្ឋាន​ដូច​ម្ដេច? ​«​លោក​លូកា​គឺ​ជា​អ្នក​ប្រវត្ដិសាស្ត្រ​ដ៏​មាន​គុណសម្បត្ដិ​បំផុត សេចក្ដី​ថ្លែង​របស់​លោក​គឺ​គួរ​ឲ្យ​ជឿ​ណាស់ លោក​ក៏​ប៉ិន​វិនិច្ឆ័យ​ខាង​ប្រវត្ដិសាស្ត្រ​ពិត​ផង​»។8 អ្នក​ស្រាវ​ជ្រាវ​ថ្មី​ៗ​នេះ ក៏​បាន​សន្និដ្ឋាន​ដូច​គ្នា​ដែរ។ សៀវភៅ​អត្ថាធិប្បាយ​នៃ​ពាក្យ​ដ៏​រស់​នៅ​ដែល​សម្ដែង​អំពី​លោក​លូកា បាន​ប្រាប់​ក្នុង​សេចក្ដី​ណែនាំ​ថា​៖​«​លោក​លូកា​គឺ​ជា​អ្នក​ប្រវត្ដិសាស្ត្រ (​ដ៏​ទៀង​ត្រូវ​ផង​) ហើយ​ជា​សាសនវិទូ​ដែរ​»។

២៥ លោក​បណ្ឌិត ដាវីឌ ហ្គូឌីង ដែល​ពី​មុន​ជា​សាស្ដ្រាចារ្យ​ខាង​ភាសា​ក្រិក​សញ្ញា​ចាស់​នៅ​ប្រទេស​អៀកឡង់​ខាង​ជើង ថ្លែង​ថា​លោក​លូកា​គឺ​«​ជា​អ្នក​ប្រវត្ដិសាស្ត្រ​បុរាណ​ម្នាក់ តាម​ប្រពៃណី​នៃ​អ្នក​ប្រវត្ដិសាស្ត្រ​សញ្ញា​ចាស់ និង​តាម​ប្រពៃណី​នៃ​ធូកស៊ីឌីដែស [​ជា​អ្នក​ប្រវត្ដិសាស្ត្រ​ដ៏​ល្បី​ពូកែ​ម្នាក់​នៃ​ពិភព​លោកបុរាណ​]។ ដូច​ពួក​គេ​ដែរ លោក​បាន​ខិត​ខំ​យ៉ាង​ខ្លាំង ក្នុង​ការ​ស៊ើប​អង្កេត​មើល​ប្រភព​ពត៌មាន​ក្នុង​ការ​ជ្រើស​រើស​ពត៌មាន និង​ការ​បោះ​បង់​ពត៌មាន​នេះ។ . . . ធូកស៊ីឌីដែស​ប្រើ​វិធី​នេះ ព្រម​ទាំង​មាន​ចិត្ត​ចង់​បាន​ភាព​ទៀង​ត្រូវ​ខាង​ប្រវត្ដិសាស្ត្រ គ្មាន​ហេតុ​នឹង​នាំ​ឲ្យ​ជឿ​ថា​លោក​លូកា​មិន​បាន​ធ្វើ​ដូច្នេះ​ឡើយ​»។9

២៦. (​ក​) តើ​លោក​លូកា​បាន​សន្និដ្ឋាន​យ៉ាង​ណា អំពី​ការ​ប្រោស​ព្រះ​យេស៊ូ​ឲ្យ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ? (​ខ​) តើ​អ្វី​អាច​បាន​ពង្រឹង​លោក​ក្នុង​ការ​សន្និដ្ឋាន​នេះ?

២៦ តើ​អ្នក​ដ៏​មាន​គុណសម្បត្ដិ​ខ្ពស់​នេះ បាន​សន្និដ្ឋាន​យ៉ាង​ណា អំពី​ហេតុ​ដែល​ផ្នូរ​ព្រះ​យេស៊ូ​នៅ​ទទេ នៅ​ថ្ងៃ​១៦​នៅ​ខែ​ណែសាន? ក្នុង​សិក្ខាបទ​និង​សៀវភៅ​កិច្ច​ការ​របស់​លោក លូកា​ប្រាប់​ថា​ជា​ការណ៍​ពិត ដែល​ព្រះ​យេស៊ូ​បាន​ត្រូវ​ប្រោស​ពី​សេចក្ដី​ស្លាប់​វិញ។ (​លូកា ២៤:១​-​៥២; កិច្ច​ការ ១:៣​) លោក​ក៏​គ្មាន​ការ​សង្ស័យ​សោះ​ឡើយ។ ប្រហែល​ជា​ជំនឿ​របស់​លោក​លើ​អព្ភូតហេតុ​ខាង​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ បាន​ត្រូវ​ពង្រឹង​ដោយ​ការ​ពិសោធ​ផ្ទាល់​របស់​លោក។ ថ្វី​បើ​លោក​មិន​មែន​ជា​សាក្សី​នឹង​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ លោក​ប្រាប់​ថា លោក​បាន​ឃើញ​ជាក់​នូវ​អព្ភូតហេតុ ដែល​សាវ័ក​ប៉ុល​បាន​ធ្វើ។—កិច្ច​ការ ២០:៧​-​១២; ២៨:៨, ៩

គេ​ឃើញ​ព្រះ​យេស៊ូ​ដែល​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ

២៧. តើ​អ្នក​ណា​ខ្លះ​ដែល​អះអាង​ថា បាន​ឃើញ​ព្រះ​យេស៊ូ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ?

២៧ មាន​សិក្ខាបទ​ពីរ ដែល​តាម​ប្រពៃណី​គឺ​សរសេរ​ដោយ​អ្នក​ដែល​ស្គាល់​ព្រះ​យេស៊ូ ឃើញ​ទ្រង់​ត្រូវ​សោយ​ទិវង្គត ហើយ​អះអាង​ថា បាន​ឃើញ​ទ្រង់​ផ្ទាល់ ក្រោយ​ពេល​ទ្រង់​បាន​ត្រូវ​ប្រោស​ឲ្យ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ។ ពួក​គេ​គឺ​សាវ័ក​ម៉ាថាយ ដែល​ពី​មុន​ជា​អ្នក​យក​ពន្ធ និង​យ៉ូហាន ជា​សាវ័ក​ស្ងួន​ភ្ងា​នៃ​ព្រះ​យេស៊ូ។ អ្នក​សរសេរ​ព្រះ​គម្ពីរ​ម្នាក់​ទៀត គឺ​សាវ័ក​ប៉ុល ក៏​អះអាង​ថា​បាន​ឃើញ​ព្រះ​គ្រីស្ទ ដែល​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​ដែរ។ ថែម​ទៅ​ទៀត ប៉ុល​កត់​ឈ្មោះ​អ្នក​ឯ​ទៀត ដែល​បាន​ឃើញ​ព្រះ​យេស៊ូ​មាន​ព្រះ​ជន្ម​រស់​នៅ ក្រោយ​ពេល​ទ្រង់​សោយ​ទិវង្គត​ទៅ ហើយ​ថា​នៅ​គ្រា​មួយ ព្រះ​យេស៊ូ​បាន​លេច​មក​ឲ្យ​«​ពួក​បង​ប្អូន​ជាង​៥០០​នាក់​»​ឃើញ​ផង។—កូរិនថូស​ទី​១ ១៥:៣​-​៨

២៨. តើ​ការ​ប្រោស​ព្រះ​យេស៊ូ​ឲ្យ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ មាន​អនុ​ភាព​អ្វី​លើ​ពេត្រុស?

២៨ បុគ្គល​ម្នាក់​ដែល​ប៉ុល​ថា​ជា​សាក្សី​នោះ គឺ​យ៉ាកុប ដែល​ជា​ប្អូន​ខាង​ម្ដាយ​នៃ​ព្រះ​យេស៊ូ ហើយ​បាន​ស្គាល់​ទ្រង់​តាំង​ពី​ក្មេង។ ម្នាក់​ទៀត​គឺ​សាវ័ក​ពេត្រុស លោក​លូកា​ជា​អ្នក​ប្រវត្ដិសាស្ត្រ ប្រាប់​ថា​ពេត្រុស​បាន​ធ្វើ​បន្ទាល់​យ៉ាង​ក្លាហាន អំពី​ការ​ប្រោស​ព្រះ​យេស៊ូ​ឲ្យ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ នៅ​ពេល​តែ​ពីរ​បី​អាទិត្យ​ក្រោយ​ទ្រង់​បាន​សោយ​ទិវង្គត។ (​កិច្ច​ការ ២:២៣, ២៤​) មាន​សំបុត្រ​ពីរ​ក្នុង​ព្រះ​គម្ពីរ ដែល​តាម​ប្រពៃណី​គឺ​សរសេរ​ដោយ​ពេត្រុស ហើយ​ក្នុង​សំបុត្រ​ទី​មួយ​នោះ ពេត្រុស​បង្ហាញ​ថា ជំនឿ​របស់​លោក លើ​ការ​ប្រោស​ព្រះ​យេស៊ូ​ឲ្យ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ ក៏​នៅ​តែ​ជា​ការ​ជំរុញ​ចិត្ត​យ៉ាង​ខ្លាំង សូម្បី​ជា​ច្រើន​ឆ្នាំ​ក្រោយ​ព្រឹត្ដិការណ៍​នោះ។ លោក​សរសេរ​ថា​៖ ​«​សូម​សរសើរ​ដល់​ព្រះ​ដ៏​ជា​ព្រះ​វរបិតា​នៃ​ព្រះ​យេស៊ូ​គ្រីស្ទ ជា​ព្រះ​អម្ចាស់​នៃ​យើង​រាល់​គ្នា ដែល​ទ្រង់​បាន​បង្កើត​យើង​ឡើង​ជា​ថ្មី តាម​សេចក្ដី​មេត្ដា​ករុណា​ដ៏​ធំ​របស់​ទ្រង់ ដើម្បី​ឲ្យ​យើង​រាល់​គ្នា​បាន​សេចក្ដី​សង្ឃឹម​ដ៏​រស់ ដោយ​សារ​ព្រះ​យេស៊ូ​គ្រីស្ទ ទ្រង់​រស់​ពី​ស្លាប់​ឡើង​វិញ​»។—ពេត្រុស​ទី​១ ១:៣

២៩. ថ្វី​បើ​យើង​មិន​អាច​និយាយ​នឹង​សាក្សី​នៃ​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ ប៉ុន្តែ​តើ​យើង​មាន​ទី​សំអាង​ដ៏​ល្អ​អ្វី?

២៩ ដូច្នេះ លោក​លូកា​អាច​និយាយ​នឹង​អ្នក​ដែល​អះអាង​ថា បាន​ឃើញ​ហើយ​បាន​ទូល​ដល់​ព្រះ​យេស៊ូ​ក្រោយ​ពេល​ទ្រង់​សោយ​ទិវង្គត ឯ​យើង​ក៏​អាច​អាន​ពាក្យ​អ្នក​ខ្លះ​នេះ​បាន​សរសេរ​ដែរ។ យើង​អាច​គិត​មើល​ខ្លួន​យើង​ថា តើ​អ្នក​ទាំង​នេះ​បាន​ត្រូវ​គេ​ឆបោក ឬ​គេ​ចង់​ឆបោក​យើង ឬ​ក៏​គេ​ពិត​ជា​បាន​ឃើញ​ព្រះ​គ្រីស្ទ​ដ៏​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ។ និយាយ​ត្រង់​ទៅ ពួក​គេ​មិន​អាច​ត្រូវ​គេ​ឆបោក​បាន​ទេ។ ពួក​គេ​មួយ​ចំនួន​គឺ​ជា​មិត្ត​ដ៏​ស្និទ្ធ​ស្នាល​នឹង​ព្រះ​យេស៊ូ រហូត​ដល់​ទ្រង់​សោយ​ទិវង្គត។ ពួក​គេ​ខ្លះ​បាន​ឃើញ​ទ្រង់​ឈឺ​ចាប់​យ៉ាង​ខ្លាំង លើ​បង្គោល​ទារុណកម្ម ឃើញ​លោហិត​និង​ទឹក​ហូរ​ពី​របួស​ដោយ​លំពែង​ទាហាន​ផង។ ពួក​ទាហាន​ដឹង ហើយ​ពួក​គេ​ក៏​ដឹង ថា​ព្រះ​យេស៊ូ​សោយ​ទិវង្គត​ជា​ពិត​ប្រាកដ​ហើយ។ ក្រោយ​មក​ពួក​គេ​ថា​ឃើញ​ព្រះ​យេស៊ូ​មាន​ព្រះ​ជន្ម​រស់​នៅ ហើយ​ទាំងទូល​ដល់​ទ្រង់​ផង។ ពួក​គេ​មិន​អាច​ត្រូវ​គេ​ឆបោក​បាន​ទេ។ អញ្ចឹង តើ​គេ​ចង់​ឆបោក​យើង​ឬ ដោយ​ថា​ព្រះ​យេស៊ូ​បាន​ត្រូវ​ប្រោស​ឲ្យ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ?—យ៉ូហាន ១៩:៣២​-​៣៥; ២១:៤, ១៥​-​២៤

៣០. ហេតុ​អ្វី​សាក្សី​ពី​ដើម នៃ​ការ​ប្រោស​ព្រះ​យេស៊ូ​ឲ្យ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ មិន​អាច​និយាយ​កុហក​បាន?

៣០ ដើម្បី​នឹង​ឆ្លើយ យើង​គ្រាន់​តែ​សួរ​ខ្លួន​យើង​ថា​៖ តើ​ពួក​គេ​ជឿ​អ្វី​ដែល​គេ​និយាយ​ទេ? ពួក​គេ​ជឿ​ជា​ប្រាកដ។ ចំពោះ​ពួក​គ្រីស្ទាន ព្រម​ទាំង​អ្នក​ដែល​អះអាង​ថា​ជា​សាក្សី ការ​ប្រោស​ព្រះ​យេស៊ូ​ឲ្យ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ គឺ​ជា​មូលដ្ឋាន​ទាំង​ស្រុង​នៃ​ជំនឿ​របស់​គេ។ សាវ័ក​ប៉ុល​សរសេរ​ថា​៖ ​«​បើ​ព្រះ​គ្រីស្ទ​មិន​បាន​រស់​ឡើង​វិញ នោះ​ដំណឹង​ដែល​យើង​ខ្ញុំ​ផ្សាយ​នេះ ជា​ការ​ឥត​ប្រយោជន៍​ទទេ ហើយ​សេចក្ដី​ជំនឿ​របស់​អ្នក​រាល់​គ្នា ក៏​ឥត​អំពើ​ដែរ . . . បើ​ព្រះ​គ្រីស្ទ​មិន​បាន​រស់​ឡើង​វិញ​មែន នោះ​សេចក្ដី​ជំនឿ​របស់​អ្នក​រាល់​គ្នា​ក៏​ជា​ការ​ឥត​អំពើ​»។ (​កូរិនថូស​ទី​១ ១៥:១៤, ១៧​) តើ​នេះ​ដូច​ជា​ពាក្យ​សំដី​របស់​អ្នក​កុហក​ឬ ដែល​ថា​បាន​ឃើញ​ព្រះ​យេស៊ូ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ?

៣១, ៣២. តើ​ពួក​គ្រីស្ទាន​ពី​ដើម​បាន​ស៊ូ​លះ​បង់​អ្វី ហើយ​ហេតុ​អ្វី​នេះ​គឺ​ជា​ទី​សំអាង​ដ៏​ខ្លាំង ដែល​បញ្ជាក់​ថា​គ្រីស្ទាន​ទាំង​នេះ គឺ​ប្រាប់​រឿង​ពិត ពេល​គេ​ថា​ព្រះ​យេស៊ូ​បាន​ត្រូវ​ប្រោស​ឲ្យ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ?

៣១ សូម​ពិចារណា​មើល តើ​ធ្វើ​ជា​គ្រីស្ទាន​មាន​ន័យ​យ៉ាង​ណា កាល​នៅ​ជំនាន់​នោះ។ គឺ​ពួក​គេ​ឥត​បាន​ទទួល​លាង​កិត្យានុភាព អំណាច ឬ​ទ្រព្យ​សម្បត្ដិ​អ្វី​ទេ។ តែ​គឺ​ផ្ទុយ​ស្រឡះ​ទៅ​វិញ។ ពួក​គ្រីស្ទាន​ពី​ដើម​ជា​ច្រើន ‹ក៏​ទ្រាំ​ឲ្យ​មនុស្ស​ប្លន់​យក​របស់​ទ្រព្យ​ខ្លួន​ដោយ​អំណរ› ដើម្បី​ប្រយោជន៍​ដល់​ជំនឿ​របស់​គេ។ ​(​ហេព្រើរ ១០:៣៤​) សាសនា​គ្រីស្ទាន​តម្រូវ​ឲ្យ​មាន​ជីវិត​ដ៏​ស៊ូ​លះ​បង់ និង​ទ្រាំ​រង​សេចក្ដី​បៀត​បៀន ហើយ​ក្នុង​ច្រើន​គ្រា​នឹង​ត្រូវ​ស្លាប់​ក្នុង​ជំនឿ ដោយ​សេចក្ដី​បង្អាប់ និង​សេចក្ដី​ឈឺ​ចាប់​ផង។

៣២ គ្រីស្ទាន​ខ្លះ​មក​ពី​គ្រួសារ​ដ៏​ចម្រើន ដូច​ជា​សាវ័ក​យ៉ូហាន ដែល​ឪពុក​មាន​មុខ របរ​នេសាទ​ត្រី​ដ៏​ចម្រើន​នៅ​កាលីឡេ។ ពួក​គេ​ជា​ច្រើន​មាន​សង្ឃឹម​ល្អ​សម្រាប់​អនាគត ដូច​ជា​សាវ័ក​ប៉ុល។ ពេល​ដែល​ព្រម​កាន់​សាសនា​គ្រីស្ទាន លោក​ជា​សិស្ស​របស់​គ្រូ​ល្បី​ម្នាក់ ឈ្មោះ កាម៉ាលាល ហើយ​ក៏​ចាប់​តាំង​ល្បី​ខ្លួននៅ​ចំពោះ​ភ្នែក​អ្នក​គ្រប់​គ្រង​យូដា។ (​កិច្ច​ការ ៩:១, ២; ២២:៣; កាឡាទី ១:១៤​) ប៉ុន្តែ គេ​ទាំង​អស់​គ្នា​លះ​បង់​របស់​ដែល​លោកីយ៍​នេះ​ផ្ដល់​ឲ្យ ដើម្បី​ផ្សាយ​ប្រកាស​ដំណឹង សំអាង​លើ​ដែល​ព្រះ​យេស៊ូ​បាន​ត្រូវ​ប្រោស​ឲ្យ​មាន​ព្រះ​ជន្ម​រស់​ពី​ស្លាប់​វិញ។ (​កូល៉ុស ១:២៣, ២៨​) ហេតុ​អ្វី​ក៏​គេ​ស៊ូ​លះ​បង់ មក​ទ្រាំ​រង​ទុក្ខ​ដើម្បី​រឿង​មួយ ដែល​គេ​ដឹង​ថា​សំអាង លើ​សេចក្ដី​កុហក​នោះ? ចម្លើយ​គឺ​ថា គេ​នឹង​មិន​ធ្វើ​ដូច្នោះ​ទេ។ គេ​សុខ​ចិត្ត​រង​ទុក្ខ ហើយ​ស៊ូ​ស្លាប់ ដើម្បី​រឿង​មួយ ដែល​គេ​ដឹង​ថា​ជា​សេចក្ដី​ពិត។

អព្ភូតហេតុ​មាន​កើត​ឡើង​ពិត

៣៣, ៣៤. ដ្បិត​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​បាន​កើត​ឡើង​ពិត តើ​យើង​អាច​ថា​ដូច​ម្ដេច ចំពោះ​អព្ភូតហេតុ​ឯ​ទៀត​ក្នុង​ព្រះ​គម្ពីរ?

៣៣ ប្រាកដ​ហើយ ទី​សំអាង​ពី​ការ​ថ្លែង​បញ្ជាក់​នេះ គឺ​គួរ​ឲ្យ​ជឿ​ណាស់។ ព្រះ​យេស៊ូ​ពិត​ជា​បាន​ត្រូវ​ប្រោស​ពី​សេចក្ដី​ស្លាប់ នៅ​ថ្ងៃ​១៦ ខែ​ណែសាន​ឆ្នាំ​៣៣ ស.យ.មែន។ ហើយ​ដ្បិត​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នោះ​បាន​កើត​ឡើង នោះ​អស់​ទាំង​អព្ភូតហេតុ​ឯ​ទៀត​ក្នុង​ព្រះ​គម្ពីរ ក៏​អាច​កើត​ឡើង​បាន​ដែរ—ជា​អព្ភូតហេតុ​ដ៏​មាន​សេចក្ដី​ថ្លែង​បញ្ជាក់​យ៉ាង​មាំ ពី​សាក្សី​ដែរ។ ព្រះ​ដ៏​មាន​ឥទ្ធិឫទ្ធិ​ប្រោស​ព្រះ​យេស៊ូ​ពី​សេចក្ដី​ស្លាប់ ក៏​បាន​ជួយ​ទ្រង់​ឲ្យ​ប្រោស​កូន​ប្រុស​នៃ​ស្រី​មេម៉ាយ​នៅ​ណាអ៊ីន។ ទ្រង់​ក៏​ផ្ដល់​ឥទ្ធិឫទ្ធិ​ឲ្យ​ព្រះ​យេស៊ូ ដើម្បី​ធ្វើ​អព្ភូតហេតុ​តូច​តាច​ខាង​ព្យាបាល​ជម្ងឺ—ប៉ុន្តែ​ក៏​ជា​អព្ភូតហេតុ​ល្អ​អស្ចារ្យ​ដែរ។ ទ្រង់​ធ្វើ​អព្ភូតហេតុ​ខាង​ការ​ផ្ដល់​ចំណី​ឲ្យ​ហ្វូង​មនុស្ស​បរិភោគ​បាន​ឆ្អែត ហើយ​ទ្រង់​ក៏​ជួយ​ធ្វើ​ឲ្យ​ព្រះ​យេស៊ូ​ដើរ​លើ​ទឹក​ផង។—លូកា ៧:១១​-​១៥; ម៉ាថាយ ១១:៤​-​៦; ១៤:១៤​-​២១, ២៣​-​៣១

៣៤ ដូច្នេះ ដែល​ព្រះ​គម្ពីរ​ប្រាប់​អំពី​អព្ភូតហេតុ​នោះ​មិន​មែន​ជា​ហេតុ​នាំ​ឲ្យ​យើង​សង្ស័យ​នឹង​សេចក្ដី​ពិត នៃ​ព្រះ​គម្ពីរ​ឡើយ តែ​ដែល​អព្ភូតហេតុ​បាន​កើត​ឡើង​ក្នុង​ជំនាន់​ព្រះ​គម្ពីរ គឺ​ជា​ភស្តុ​តាង​ដ៏​ខ្លាំង​មួយ ដែល​បញ្ជាក់​ថា ព្រះ​គម្ពីរ​ពិត​ជា​បន្ទូល​នៃ​ព្រះ។ ប៉ុន្តែ​មាន​ការ​បន្ទោស​មួយ​ទៀត​ដល់​ព្រះ​គម្ពីរ។ មនុស្ស​ជា​ច្រើន​ថា ព្រះ​គម្ពីរ​និយាយ​ប្រឆាំង​គ្នា ម្ល៉ោះ​ហើយ​មិន​អាច​ជា​បន្ទូល​នៃ​ព្រះ​ទេ។ តើ​នេះ​ត្រូវ​ទេ?

[​កំណត់​សម្គាល់​]

a យើង​ថា​«​តាម​ធម្មតា​»​ពីព្រោះ​អព្ភូតហេតុ​ខ្លះ​ក្នុង​ព្រះ​គម្ពីរ​អាច​ទាក់​ទង​នឹង​ព្រឹត្ដិការណ៍​ខាង​ធម្មជាតិ ដូច​កក្រើក​ដី ឬ​ដី​រអិល​ធ្លាក់។ ប៉ុន្តែ​នេះ​ក៏​នៅ​តែ​ជា​អព្ភូតហេតុ​ដែរ ដ្បិត​បាន​កើត​ឡើង​នៅ​ចំ​ពេល​ដែល​ត្រូវ​ការ ម្ល៉ោះ​ហើយ​គឺ​ច្បាស់​ជា​កើត​ឡើង​តាម​បញ្ជា​នៃ​ព្រះ។—យ៉ូស្វេ ៣:១៥, ១៦; ៦:២០

b ថ្ងៃ​របស់​សាសន៍​យូដា​ចាប់​ផ្ដើម​នៅ​ប្រហែល​ម៉ោង​ប្រាំ​មួយ​ល្ងាច ហើយ​រហូត​ដល់​ម៉ោង​ប្រាំ​មួយ​ល្ងាច​នៃ​ថ្ងៃ​បន្ទាប់។

[​សំណួរ​សម្រាប់​អត្ថបទ​សិក្សា​]

[​ឃ្លា​អក្សរ​ធំ​នៅ​ទំព័រ​៨១​]

សត្រូវ​នៃ​សាសនា​គ្រីស្ទាន​និយាយ​ថា ពូក​សិស្ស​លួច​យក​សព​នៃ​ព្រះ​យេស៊ូ។ បើ​ពិត​ជា​ដូច្នោះ​មែន ហេតុ​អ្វី​ក៏​ពួក​គ្រីស្ទាន​សុខ​ចិត្ត​ស្លាប់ ដើម្បី​ជំនឿ​ដែល​សំអាង​លើ​ការ​ប្រោស​ទ្រង់​ឲ្យ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ?

[​ប្រអប់​នៅ​ទំព័រ​៨៥​]

ហេតុ​អ្វី​ឥត​មាន​អព្ភូតហេតុ​នៅ​សព្វ​ថ្ងៃ​នេះ?

ជួន​កាល​មាន​សំនួរ​ថា​៖ ‹ហេតុ​អ្វី​ក៏​ឥត​មាន​អព្ភូតហេតុ​ដូច​ក្នុង​ព្រះ​គម្ពីរ នៅ​សព្វ​ថ្ងៃ​នេះ›? ចម្លើយ​គឺ​ថា អព្ភូតហេតុ​សម្រេច​បំណង​នៃ​ព្រះ​នៅ​ជំនាន់​ដើម​នោះ ប៉ុន្តែ​សព្វ​ថ្ងៃ​នេះ ព្រះ​មាន​ព្រះ​ហឫទ័យ​ចង់​ឲ្យ​យើង​រស់​នៅ​ដោយ​មាន​សេចក្ដី​ជំនឿ។—ហាបាគុក ២:២​-​៤; ហេព្រើរ ១០:៣៧​-​៣៩

នៅ​ជំនាន់​លោក​ម៉ូសេ អព្ភូតហេតុ​កើត​ឡើង ដើម្បី​ឲ្យ​គេ​មាន​ជំនឿ​លើ​លោក។ អព្ភូតហេតុ​បង្ហាញ​ថា ព្រះ​យេហូវ៉ា​កំពុង​ប្រើ​លោក ឯ​កិច្ច​សន្យា​ខាង​ក្រិត្យ​វិន័យ​គឺ​ពិត​ជា​មក​ពី​ព្រះ ហើយ​សាសន៍​អ៊ីស្រាអែល​ចាប់​តាំង​ពេល​នោះ ក៏​គឺ​ជា​រាស្ត្រ​ជ្រើស​រើស​នៃ​ព្រះ​ផង។—និក្ខមនំ ៤:១​-​៩, ៣០, ៣១; ចោទិយកថា ៤:៣៣, ៣៤

នៅ​សតវត្ស​ទី​មួយ អព្ភូតហេតុ​ជួយ​ឲ្យ​គេ​មាន​ជំនឿ​លើ​ព្រះ​យេស៊ូ និង​ក្រុម​ជំនុំ​គ្រីស្ទាន​ថ្មី​ក្រោយ​ពេល​ទ្រង់។ អព្ភូតហេតុ​ជួយ​បង្ហាញ​ថា ព្រះ​យេស៊ូ​គឺ​ជា​ព្រះ​មេស្ស៊ី[​គ្រីស្ទ​]ដូច​ដែល​សន្យា​នោះ ហើយ​ថា​ក្រោយ​ពេល​ទ្រង់​បាន​សោយ​ទិវង្គត សាសន៍​អ៊ីស្រាអែល​លែង​ជា​រាស្ត្រ​ពិសេស​នៃ​ព្រះ​ទៀត ហើយ​ក្រុម​ជំនុំ​គ្រីស្ទាន​បាន​ត្រូវ​ជ្រើស​រើស​ជំនួស​សាសន៍​នេះ​វិញ។ ដោយ​ហេតុ​នេះ ក្រិត្យ​វិន័យ​របស់​លោក​ម៉ូសេ​ក៏​ឥត​ត្រូវ​ការ​កាន់​តាម​ទៀត។—កិច្ច​ការ ១៩:១១​-​២០; ហេព្រើរ ២:៣, ៤

ក្រោយ​ពី​ជំនាន់​ពួក​សាវ័ក អព្ភូតហេតុ​ក៏​លែង​ត្រូវ​ការ​ទៀត​ហើយ។ សាវ័ក​ប៉ុល​បាន​ពន្យល់​ថា​៖«​រីឯ​ការ​អធិប្បាយ នោះ​នឹង​ត្រូវ​បាត់​ទៅ ការ​និយាយ​ភាសា​ដទៃ​នឹង​ត្រូវ​ឈប់ ហើយ​ចំណេះ​ក៏​ត្រូវ​សាប​សូន្យ​ទៅ​ដែរ . . . ដ្បិត​យើង​ចេះ​មិន​ទាន់​សព្វ​គ្រប់ ហើយ​យើង​អធិប្បាយ​ក៏​មិន​ទាន់​បាន​ពេញ​ខ្នាត​ផង តែ​កាល​ណា​សេចក្ដី​គ្រប់​ល័ក្ខណ៍​បាន​ចូល​មក នោះ​សេចក្ដី​ដែល​មិន​ពេញ​ខ្នាត​នឹង​បាត់​ទៅ​»។—កូរិនថូស​ទី​១ ១៣:៨​-​១០

សព្វ​ថ្ងៃ​នេះ យើង​មាន​ព្រះ​គម្ពីរ​ទាំង​មូល ដែល​មាន​រួម​អស់​ទាំង​សេចក្ដី​សម្ដែង និង​ដំបូន្មាន​ពី​ព្រះ។ យើង​មាន​ការ​សម្រេច​នៃ​ទំនាយ ព្រម​ទាំង​ការ​យល់​ជ្រៅ​ជ្រះ​នូវ​គោល​បំណង​នៃ​ព្រះ ដូច្នេះ ក៏​ឥត​ចាំ​បាច់​ត្រូវ​ការ​អព្ភូតហេតុ​ទៀត​ទេ។ យ៉ាង​ណា​ក៏​ដោយ ព្រះ​វិញ្ញាណ​ដដែល​នេះ ដែល​បាន​ធ្វើ​ឲ្យ​អព្ភូតហេតុ​កើត​ឡើង ក៏​នៅ​តែ​មាន​សព្វ​ថ្ងៃ​នេះ ហើយ​បង្កើត​លទ្ធផល​ដែល​ផ្ដល់​ទី​សំអាង​ខ្លាំង​ដូច​គ្នា អំពី​ឥទ្ធិឫទ្ធិ​របស់​ព្រះ។ យើង​នឹង​យល់​អំពី​រឿង​នេះ​ថែម​ទៀត នៅ​ជំពូក​ខាង​មុខ។

[​រូប​ភាព​នៅ​ទំព័រ​៧៥​]

មនុស្ស​ជា​ច្រើន​ចាត់​ទុក​សេចក្ដី​ទៀង​ទាត់​នៃ​ច្បាប់​ធម្មជាតិ ដូច​ជា​ថ្ងៃ​រះ​រៀង​រាល់​ព្រឹក ថា​ជា​ភស្តុ​តាង ដែល​ថា​អព្ភូតហេតុ​មិន​អាច​កើត​ឡើង​ទេ

[​រូប​ភាព​នៅ​ទំព័រ​៧៧​]

ការ​បង្កើត​ផែនដី​សម្រាប់​ជា​លំនៅ​ដល់​ជីវិត​ទាំង​ឡាយ គឺ​ជា‹ព្រឹត្ដិការណ៍​ដ៏​អស្ចារ្យ›មួយ​ដែល​មិន​កើត​ឡើង​ម្ដង​ទៀត​ទេ

[​រូប​ភាព​នៅ​ទំព័រ​៧៨​]

តើ​អ្នក​នឹង​ពន្យល់​យ៉ាង​ដូច​ម្ដេច អំពី​រឿង​ដ៏​អស្ចារ្យ​នៃ​វិទ្យា​សាស្ត្រ​ទំនើប​ដល់​អ្នក ដែល​រស់​នៅ​២០០​ឆ្នាំ​មុន​នេះ?