លោតទៅអត្ថបទ

អ្នក​អាន​សួរ​ថា...

តើអ្នកណាបង្កើតព្រះ?

តើអ្នកណាបង្កើតព្រះ?

សូម​ស្រមៃ​គិត​អំពី​ឪពុក​ម្នាក់​ដែល​កំពុង​និយាយ​ជា​មួយ​កូន​ប្រុស​គាត់​អាយុ​ប្រាំ​ពីរ​ឆ្នាំ។ គាត់​និយាយ​ថា​៖​«​យូរ​ណាស់​មក​ហើយ ព្រះ​បាន​បង្កើត​ផែនដី​និង​អ្វី​ៗ​ទាំង​អស់​នៅ​ផែនដី ហើយ​លោក​បង្កើត​ព្រះ​អាទិត្យ លោក​ខែ និង​ដួង​តារា​»។ កូន​ប្រុស​គិត​មួយ​ភ្លែត​អំពី​រឿង​នេះ រួច​សួរ​ថា​៖​«​ប៉ា តើ​អ្នក​ណា​បង្កើត​ព្រះ?​»។

ឪពុក​ឆ្លើយ​តប​ថា​៖​«​គ្មាន​អ្នក​ណា​បង្កើត​ព្រះ​ទេ​កូន។ លោក​តែង​តែ​មាន​ជីវិត​រហូត​»។ ចម្លើយ​ដ៏​ខ្លី​នេះ​ធ្វើ​ឲ្យ​កូន​លេង​ឆ្ងល់​នៅ​ពេល​នោះ។ ក៏​ប៉ុន្តែ កាល​ដែល​កូន​ធំ​ឡើង កូន​ចាប់​អារម្មណ៍​កាន់​តែ​ខ្លាំង​ចំពោះ​សំណួរ​នេះ។ គាត់​ពិបាក​យល់​ថា បុគ្គល​ម្នាក់​អាច​មាន​ជីវិត​យ៉ាង​ដូច​ម្ដេច​បាន​បើ​គាត់​មិន​មាន​ដើម​កំណើត? ព្រោះ​សូម្បី​តែ​សកល​លោក​ក៏​មាន​ដើម​កំណើត​ដែរ។ ដូច្នេះ​គាត់​ឆ្ងល់​ថា​៖​«​តើ​ព្រះ​មក​ពី​ណា?​»។

តើ​គម្ពីរ​ឆ្លើយ​យ៉ាង​ណា? តាម​ពិត​ចម្លើយ​ក្នុង​គម្ពីរ​គឺ​ដូច​អ្វី​ដែល​ឪពុក​ម្នាក់​ខាង​លើ​នេះ​បាន​ឆ្លើយ។ ម៉ូសេ​បាន​សរសេរ​ថា​៖​«​ឱ​ព្រះ​អម្ចាស់​អើយ...មុន​ដែល​អស់​ទាំង​ភ្នំ​បាន​កើត​ឡើង ក្នុង​កាល​ដែល​ទ្រង់​មិន​ទាន់​បង្កើត​ផែនដី នឹង​មនុស្ស​លោក​នៅ​ឡើយ ចាប់​តាំង​ពី​អស់​កល្ប រៀង​ទៅ​ដល់​អស់​កល្ប​ជា​និច្ច នោះ​គឺ​ទ្រង់​ហើយ​ជា​ព្រះ​»។ (​ទំនុកតម្កើង ៩០:១, ២​) ដូច​គ្នា​ដែរ អ្នក​ប្រកាស​ទំនាយ​អេសាយ​លាន់​មាត់​ថា​៖​«​តើ​ឯង​មិន​បាន​ដឹង តើ​មិន​បាន​ឮ​ទេ​ឬ​អី ថា​ព្រះ​ដ៏​គង់​នៅ​អស់​កល្ប​ជា​និច្ច គឺ​ព្រះ​យេហូវ៉ា ជា​ព្រះ​ដែល​បាន​បង្កើត​ផែនដី​រហូត​ដល់​ចុង​បំផុត​»។ (​អេសាយ ៤០:២៨​) ស្រដៀង​គ្នា​ដែរ សំបុត្រ​យូដាស​ក៏​បាន​រៀប​រាប់​ថា​ព្រះ​បាន​«​ស្ថិត​ស្ថេរ​ជា​និច្ចកាល​»​ឬ​ស្ថិត​ស្ថេរ​ត​រៀង​មក​ដល់​ឥឡូវ​នេះ។—យូដាស ២៥

បទ​គម្ពីរ​ទាំង​នេះ​បង្ហាញ​យើង​ថា​ព្រះ​ជា​«​ស្ដេច​ដែល​រស់​ជា​រៀង​រហូត​»​ ដូច​សាវ័ក​ប៉ូល​បាន​រៀប​រាប់។ (​ធីម៉ូថេទី១ ១:១៧​) នេះ​មាន​ន័យ​ថា នៅ​អតីតកាល​មិន​ដែល​មាន​ពេល​មួយ​ដែល​ព្រះ​គ្មាន​ជីវិត​នោះ​ឡើយ ហើយ​លោក​នឹង​រស់​នៅ​ជា​រៀង​រហូត​ត​ទៅ​ទៀត។ (​ការបើកបង្ហាញ ១:៨​) ដូច្នេះ ការ​រស់​នៅ​ជា​រៀង​រហូត​គឺ​ជា​លក្ខណៈ​ពិសេស​មួយ​របស់​ព្រះ​ដែល​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា​បំផុត។

ហេតុ​អ្វី​យើង​ពិបាក​យល់​គំនិត​ដែល​ថា​ព្រះ​រស់​ជា​រៀង​រហូត? គឺ​ដោយ​សារ​យើង​មាន​ជីវិត​ខ្លី ហើយ​នេះ​នាំ​ឲ្យ​យើង​មាន​ទស្សនៈ​ខុស​គ្នា​ឆ្ងាយ​ពី​ព្រះ​យេហូវ៉ា​អំពី​ពេល​វេលា។ ប៉ុន្តែ ដោយ​សារ​ព្រះ​មាន​ជីវិត​ជា​រៀង​រហូត មួយ​ពាន់​ឆ្នាំ​គឺ​ស្មើ​នឹង​មួយ​ថ្ងៃ​ចំពោះ​លោក។ (​ពេត្រុសទី២ ៣:៨​) ជា​ឧទាហរណ៍ តើ​សត្វ​កណ្ដូប​ដែល​គ្រាន់​តែ​រស់​នៅ​ប្រហែល​៥០​ថ្ងៃ​ប៉ុណ្ណោះ អាច​យល់​អំពី​អាយុ​កាល​របស់​យើង​ដែល​មាន​៧០​ឬ​៨០​ឆ្នាំ​បាន​ទេ? ពិត​ជា​មិន​អាច​យល់​បាន​ទេ! ប៉ុន្តែ គម្ពីរ​បាន​ពន្យល់​ថា បើ​ប្រៀប​ធៀប​នឹង​អ្នក​ដែល​បង្កើត​ដ៏​ឧត្ដម​របស់​យើង នោះ​យើង​គឺ​ប្រៀប​ដូច​ជា​សត្វ​កណ្ដូប។ ម្យ៉ាង​ទៀត លោក​ក៏​មាន​សមត្ថភាព​វែក​ញែក​ខ្ពង់​ខ្ពស់​ជាង​យើង​ឆ្ងាយ​ណាស់​ដែរ។ (​អេសាយ ៤០:២២; ៥៥:៨, ៩​) ដូច្នេះ គឺ​មិន​ចម្លែក​ទេ​ដែល​មនុស្ស​យើង​មិន​អាច​យល់​អ្វី​ៗ​ទាំង​អស់​អំពី​ព្រះ​យេហូវ៉ា។

ទោះ​ជា​យើង​ពិបាក​យល់​គំនិត​ដែល​ថា​ព្រះ​រស់​ជា​រៀង​រហូត​ក្ដី តែ​គំនិត​នេះ​គឺ​សម​ហេតុ​ផល។ បើ​មាន​អ្នក​បង្កើត​ព្រះ អ្នក​នោះ​ទៅ​ជា​អ្នក​បង្កើត​វិញ។ ប៉ុន្តែ ដូច​គម្ពីរ​ពន្យល់ ព្រះ​យេហូវ៉ា​គឺ​ជា​អ្នក​ដែល​«​បាន​បង្កើត​អ្វី​ៗ​ទាំង​អស់​»។ (​ការបើកបង្ហាញ ៤:១១​) ណា​មួយ​ទៀត យើង​ដឹង​ថា នៅ​គ្រា​មួយ​មិន​មាន​សកល​លោក​ទេ។ (​លោកុប្បត្តិ ១:១, ២​) តើ​សកល​លោក​មក​ពី​ណា? មុន​មាន​សកល​លោក ត្រូវ​មាន​អ្នក​បង្កើត។ មុន​មាន​បុត្រ​របស់​ព្រះ​និង​បណ្ដា​ទេវតា ក៏​ត្រូវ​មាន​ព្រះ​ដែល​ជា​អ្នក​បង្កើត​ដែរ។ (​យ៉ូប ៣៨:៤, ៧; កូឡុស ១:១៥​) ច្បាស់​ណាស់ នៅ​ដើម​ដំបូង​មាន​តែ​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ​ទេ។ គ្មាន​អ្នក​ណា​អាច​បង្កើត​លោក​បាន​ទេ ព្រោះ​ក្រៅ​ពី​លោក គ្មាន​នរណា​ទៀត​ឡើយ។

សកល​លោក​ទាំង​មូល​និង​ជីវិត​របស់​យើង​បញ្ជាក់​ថា ពិត​ជា​មាន​ព្រះ​ដែល​រស់​ជា​រៀង​រហូត​មែន។ អ្នក​ដែល​ធ្វើ​ឲ្យ​សកល​លោក​ដ៏​ធំ​ធេង​របស់​យើង​មាន​ចលនា និង​អ្នក​ដែល​បង្កើត​ច្បាប់​ដើម្បី​គ្រប់​គ្រង​វា ត្រូវ​តែ​រស់​ជា​រៀង​រហូត។ មាន​តែ​លោក​ប៉ុណ្ណោះ​ដែល​អាច​បង្កើត​អ្វី​ៗ​ទាំង​អស់។—យ៉ូប ៣៣:៤