លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើអ្នកជឿយ៉ាងណា?

តើអ្នកជឿយ៉ាងណា?

មនុស្ស​ជា​ច្រើន​ដែល​កាន់​តាម​គម្ពីរ​យ៉ាង​តឹងរ៉ឹង​ជឿ​ថា ព្រះ​បាន​បង្កើត​ផែនដី​និង​អ្វី​ៗ​ទាំង​អស់​ដែល​នៅ​លើ​ផែនដី​ក្នុង​រយៈ​ពេល​៦​ថ្ងៃ ដោយ​ថ្ងៃ​នីមួយ​ៗ​ប្រើ​ពេល​២៤​ម៉ោង ហើយ​ជឿ​ថា នេះ​បាន​កើត​ឡើង​គ្រាន់តែ​ប៉ុន្មាន​ពាន់​ឆ្នាំ​មុន​ប៉ុណ្ណោះ។ ចំណែក​មនុស្ស​ដែល​មិន​ជឿ​ថា​មាន​ព្រះ​វិញ ពួក​គេ​ខ្លះ​ផ្សព្វ​ផ្សាយ​គំនិត​ថា គ្មាន​អ្នក​បង្កើត​ទេ ហើយ​ក៏​ជឿ​ថា​គម្ពីរ​ជា​សៀវភៅ​រឿង​ព្រេង ថែម​ទាំង​ផ្សាយ​គំនិត​ថា ជីវិត​ទាំង​ឡាយ​បាន​កើត​មក​ដោយ​សារ​បាតុភូត​ចៃដន្យ​ផ្សេង​ៗ។

គំនិត​ទាំង​ពីរ​នេះ​គឺ​ផ្ទុយ​គ្នា។ តើ​លោក​អ្នក​ជឿ​យ៉ាង​ណា​ដែរ? ជំនឿ​របស់​មនុស្ស​ខ្លះ គឺ​រួម​បញ្ចូល​គំនិត​ទាំង​ពីរ​ខាង​លើ​នេះ។ លោក​អ្នក​កំពុង​អាន​សៀវភៅ​នេះ ទំនង​ជា​លោក​អ្នក​មាន​ជំនឿ​ដូច្នោះ​ដែរ។ លោក​អ្នក​ប្រហែលជា​យល់​ថា​គម្ពីរ​មាន​តម្លៃ ហើយ​គិត​ថា​ប្រហែលជា​មាន​ព្រះ​មែន។ ប៉ុន្តែ​លោក​អ្នក​ក៏​ប្រហែលជា​ឲ្យ​តម្លៃ​ចំពោះ​មតិ​របស់​ពួក​អ្នក​វិទ្យាសាស្ត្រ​ដែរ ដោយ​សារ​ពួក​គេ​មាន​ចំណេះ​ដឹង​ខ្ពស់​និង​មាន​អានុភាព ហើយ​មិន​ជឿ​ថា​ជីវិត​បាន​ត្រូវ​បង្កើត​មក​ទេ។ បើ​លោក​អ្នក​មាន​កូន លោក​អ្នក​ប្រហែលជា​ឆ្ងល់​ថា ត្រូវ​ឆ្លើយ​ដូច​ម្ដេច​ពេល​ដែល​កូន​សួរ​អំពី​ការ​វិវត្តន៍​និង​ការ​បង្កើត។

តើ​សៀវភៅ​នេះ​បាន​ត្រូវ​រៀប​ចំ​ឡើង​ក្នុង​បំណង​អ្វី?

សៀវភៅ​នេះ​មិន​បាន​ត្រូវ​រៀប​ចំ​ឡើង​ក្នុង​បំណង​មើល​ងាយ​ទស្សនៈ​របស់​អ្នក​ដែល​កាន់​តាម​គម្ពីរ​យ៉ាង​តឹងរ៉ឹង ឬ​មើល​ងាយ​ទស្សនៈ​របស់​អ្នក​ដែល​មិន​ជឿ​ថា​មាន​ព្រះ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ យើង​សង្ឃឹម​ថា​សៀវភៅ​នេះ​នឹង​លើក​ទឹក​ចិត្ត​លោក​អ្នក​ឲ្យ​ពិចារណា​ឡើង​វិញ​នូវ​ទី​សំ​អាង​នៃ​ជំនឿ​របស់​លោក​អ្នក​ស្តី​អំពី​រឿង​នេះ។ សៀវភៅ​នេះ​នឹង​បក​ស្រាយ​កំណត់​ហេតុ​គម្ពីរ​ស្តី​អំពី​ការ​បង្កើត​អ្វី​ៗ​ទាំង​អស់ ដោយ​លើក​ឡើង​ព័ត៌មាន​ដែល​លោក​អ្នក​ប្រហែលជា​មិន​ធ្លាប់​ពិចារណា​ពី​មុន។ សៀវភៅ​នេះ​ក៏​នឹង​សង្កត់​ធ្ងន់​ថា ជំនឿ​របស់​លោក​អ្នក​ស្តី​អំពី​ដើម​កំណើត​នៃ​ជីវិត​គឺជា​រឿង​សំខាន់​ណាស់។

តើ​លោក​អ្នក​នឹង​ជឿ​ទុក​ចិត្ត​ទៅ​លើ​មនុស្ស​ដែល​អះអាង​ថា គ្មាន​អ្នក​ដែល​បាន​បង្កើត​ជីវិត ហើយ​ថា​យើង​មិន​អាច​ជឿ​អ្វី​ដែល​គម្ពីរ​ចែង​ឬ? ឬ​ក៏​តើ​លោក​អ្នក​នឹង​ពិនិត្យ​មើល​នូវ​អ្វី​ដែល​គម្ពីរ​ពិត​ជា​ចែង​អំពី​រឿង​នោះ​វិញ? តើ​លោក​អ្នក​គួរ​ជឿ​ទុក​ចិត្ត​សេចក្ដី​បង្រៀន​មួយ​ណា? តើ​គួរ​ជឿ​គម្ពីរ ឬ​សេចក្ដី​បង្រៀន​របស់​ពួក​អ្នក​ដែល​ជឿ​ទៅ​លើ​ការ​វិវត្តន៍? (​ហេប្រឺ ១១:១​) យើង​សូម​អញ្ជើញ​លោក​អ្នក​ឲ្យ​ពិចារណា​មើល​ហេតុ​ការណ៍​ពិត​ក្នុង​អត្ថបទ​បន្ត​បន្ទាប់។