លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើលោកអ្នកដឹងទេ?

តើលោកអ្នកដឹងទេ?

តើបុរាណវត្ថុវិទ្យាគាំទ្រកំណត់ហេតុគម្ពីរទេ?

ស្ដេចជនជាតិអាសស៊ើរ ឈ្មោះសើកុនទី២ ដែលបានត្រូវរៀបរាប់ក្នុងអេសាយ ២០:១

អត្ថបទមួយពីសៀវភៅBiblical Archaeology Review បានរៀបរាប់ថា «យ៉ាងហោចណាស់មានបុគ្គល៥០នាក់»ដែលធ្លាប់រស់នៅក្នុងប្រវត្ដិសាស្ដ្រមនុស្ស បានត្រូវបញ្ជាក់ក្នុងបទគម្ពីរហេប្រឺ។ បុរាណវត្ថុវិទូបានរកឃើញភ័ស្ដុតាងដែលបញ្ជាក់ថាបុគ្គលទាំងនោះធ្លាប់រស់នៅក្នុងប្រវត្ដិសាស្ដ្រមែន។ ក្នុងចំណោមបុគ្គលទាំងនោះ មានស្ដេច១៤រូបពីរាជាណាចក្រយូដា និងរាជាណាចក្រអ៊ីស្រាអែល។ ក្នុងនោះមានស្ដេចល្បីល្បាញដូចជាដាវីឌ និងហេសេគា។ បន្ថែមទៅទៀត ក៏មានស្ដេចដែលមិនសូវល្បីប៉ុន្មានដូចជាមណាហិម និងពេកា។ ក្នុងបញ្ជីឈ្មោះនោះក៏មានផារ៉ូប្រាំរូប និងស្ដេច១៩រូបនៃប្រទេសអាសស៊ើរ បាប៊ីឡូន ម៉ូអាប់ ពើស៊ី និងស៊ីរី។ ក្នុងបញ្ជីឈ្មោះនោះមិនគ្រាន់តែរៀបរាប់អំពីឈ្មោះស្ដេចដែលមានក្នុងកំណត់ហេតុគម្ពីរនិងដែលត្រូវរកឃើញដោយបុរាណវត្ថុវិទូប៉ុណ្ណោះទេ តែក៏មានរៀបរាប់អំពីបុគ្គលខ្លះទៀតដែលមានឋានៈទាបជាងដែរ ដូចជាសម្ដេចសង្ឃ ពួកអ្នកជំនាញខាងច្បាប់ និងមន្ដ្រីទៀត។

ចំពោះបុគ្គលទាំងអស់នោះ អត្ថបទខាងលើសរសេរថា មាន«ភ័ស្ដុតាងគ្រប់គ្រាន់ដែលមានការយល់ស្របពីពួកបណ្ឌិត»ដែលបញ្ជាក់ថាបុគ្គលទាំងនោះធ្លាប់មានក្នុងប្រវត្ដិសាស្ដ្រមែន។ បទគម្ពីរគ្រិស្ដសាសនិកជាភាសាក្រិចរៀបរាប់អំពីបុគ្គលជាច្រើនទៀតដែលមានក្នុងប្រវត្ដិសាស្ដ្រ ហើយភ័ស្ដុតាងខាងបុរាណវត្ថុវិទ្យាក៏ជួយគាំទ្រផងដែរថាមានបុគ្គលមួយចំនួន ដូចជាហេរ៉ូឌ ប៉ុនទាសពីឡាត ទីប៉ើរ កៃផាស និងស៊ើគាសប៉ូឡូស។

តើនៅពេលណាសត្វតោត្រូវផុតពូជពីតំបន់ប៉ាឡេស្ទីន?

ចម្លាក់តោដែលបានត្រូវឆ្លាក់លើឥដ្ឋភ្លឺរលោងនៅក្រុងបាប៊ីឡូនសម័យបុរាណ

នៅសព្វថ្ងៃនេះ ក្នុងប្រទេសអ៊ីស្រាអែលគ្មានសត្វតោនៅក្នុងព្រៃទេ។ ទោះបីជាយ៉ាងនោះក៏ដោយ កំណត់ហេតុគម្ពីរបានរៀបរាប់អំពីសត្វតោប្រហែលជា១៥០ដង។ នេះបង្ហាញថាអ្នកសរសេរគម្ពីរស្គាល់សត្វនេះច្បាស់។ ក្នុងចំណោមបទគម្ពីរទាំងនោះ ភាគច្រើនរៀបរាប់អំពីសត្វតោក្នុងន័យធៀប។ ប៉ុន្ដែ កំណត់ហេតុគម្ពីរខ្លះរៀបរាប់ថាបុគ្គលមួយចំនួនពិតជាបានជួបនឹងសត្វតោមែន។ ជាឧទាហរណ៍ គម្ពីររៀបរាប់ថា សាំសុន ដាវីឌ និងបេណាយ៉ាបានសម្លាប់សត្វតោ។ (ពួកចៅហ្វាយ ១៤:៥, ៦; សាំយូអែលទី១ ១៧:៣៤, ៣៥; សាំយូអែលទី២ ២៣:២០) រីឯបុគ្គលផ្សេងទៀត ត្រូវសត្វតោសម្លាប់។—ពង្សាវតារក្សត្រទី១ ១៣:២៤; ពង្សាវតារក្សត្រទី២ ១៧:២៥

នៅប្រទេសអ៊ីស្រាអែលសម័យបុរាណ មនុស្សខ្លាចសត្វតោ តែគោរពស្រឡាញ់វា។ ពួកគេខ្លះដាក់តាំងរូបចម្លាក់សត្វតោ ឬឆ្លាក់រូបវាលើជញ្ជាំងទៀតផង។ នៅក្រុងបាប៊ីឡូនសម័យបុរាណ រូបចម្លាក់តោតម្រៀបជាជួរបានត្រូវគេឆ្លាក់តាមជញ្ជាំងផ្លូវធំចូលក្រុង ដែលរំលេចទៅដោយឥដ្ឋភ្លឺរលោង។

នៅជិតដំណាច់សតវត្សរ៍ទី១២ គ.ស. ពួកទាហានរបស់ពិភពគ្រិស្ដសាសនាបានប្រមាញ់សត្វតោក្នុងតំបន់ប៉ាឡេស្ទីន។ តាមមើលទៅសត្វតោបានដាច់ពូជពីតំបន់នោះ នៅមិនយូរក្រោយពីសតវត្សរ៍ទី១៣ គ.ស.។ ប៉ុន្ដែ រហូតមកដល់សតវត្សរ៍ទី១៩ គ.ស. សត្វតោនៅតែបានត្រូវគេឃើញនៅតំបន់មេសូប៉ូតាមៀនិងប្រទេសស៊ីរី ហើយគេឃើញសត្វតោលើកចុងក្រោយនៅប្រទេសអ៊ីរ៉ាក់និងអ៊ីរ៉ង់ នៅដើមសតវត្សរ៍ទី២០ គ.ស.។