បារីកំពុងយាយីពិភពលោក
អត្ថបទអំពីក្របទស្សនាវដ្ដី | តើគួរជក់បារីឬទេ?
បារីកំពុងយាយីពិភពលោក
បារីជាឃាតករដែលគ្មានមេត្ដា។
បារីបានសម្លាប់មនុស្សចំនួន១០០លាននាក់ ក្នុងអំឡុងសតវត្សរ៍ទី២០។
បារីសម្លាប់មនុស្សប្រហែលជា៦លាននាក់ជារៀងរាល់ឆ្នាំ។
បារីសម្លាប់មនុស្ស ជាមធ្យមម្នាក់រៀងរាល់៦វិនាទី។
តាមមើលទៅ អត្រាមនុស្សស្លាប់នឹងមិនថយចុះទេ។
តាមប្រភពព័ត៌មានមួយបានព្យាករណ៍ថា ដល់ឆ្នាំ២០៣០ បើមនុស្សនៅតែបន្តជក់បារីទៀត អត្រាមនុស្សស្លាប់នឹងកើនឡើងដល់ជាង៨លាននាក់។ ព័ត៌មាននោះក៏បានរាយការណ៍ដែរថា នៅចុងសតវត្សរ៍ទី២១នេះ បារីនឹងសម្លាប់មនុស្សចំនួន១.០០០លាននាក់។
ថ្នាំជក់មិនគ្រាន់តែធ្វើឲ្យអ្នកជក់ស្លាប់ប៉ុណ្ណោះទេ តែក៏មានផលប៉ះពាល់ដល់សមាជិកក្រុមគ្រួសារដែលនៅរស់ដែរ។ ពួកគេត្រូវរងទុក្ខខាងផ្លូវចិត្ត និងខាងសេដ្ឋកិច្ច។ ម្យ៉ាងទៀត ថ្នាំជក់ក៏បានធ្វើទុក្ខដល់អ្នកដែលមិនជក់ផងដែរ ជារៀងរាល់ឆ្នាំមានមនុស្សចំនួន៦សែននាក់បានស្លាប់ដោយសារស្រូបផ្សែងបារីពីគេ។ ណាមួយទៀត នេះប៉ះពាល់ដល់មនុស្សទាំងអស់។ ហេតុអ្វី? ពីព្រោះពួកគេត្រូវចេញថ្លៃព្យាបាលដែលកាន់តែថ្លៃឡើងៗ។
ជំងឺដែលបណ្ដាលមកពីការប្រើថ្នាំជក់ឬបារី ខុសគ្នាពីជំងឺរាតត្បាត។ បើអ្នកណាម្នាក់មានជំងឺរាតត្បាត ពួកគេនឹងត្រូវបញ្ជូនទៅគ្រូពេទ្យដើម្បីរកវិធីព្យាបាល និងដើម្បីឲ្យគ្រូពេទ្យស្រាវជ្រាវរកប្រភពជំងឺ។ តែជំងឺដែលមកពីការប្រើថ្នាំជក់ អ្នកណាក៏ស្គាល់វិធីព្យាបាលដែរ។ លោកស្រីវេជ្ជបណ្ឌិតម៉ាគ្រិត ច័ន្ទ ជានាយកអង្គការសុខភាពពិភពលោក បាននិយាយថា៖ «ជំងឺដែលបណ្ដាលមកពីការប្រើថ្នាំជក់ ជាជំងឺដែលបង្កឡើងដោយមនុស្ស ហើយជំងឺនោះអាចបំបាត់ចោលបាន បើមានការសហការពីរដ្ឋាភិបាលនិងសង្គមស៊ីវិល»។
ប្រទេសជាច្រើនបានរួមគ្នាធ្វើយុទ្ធនាការដ៏ធំមួយដែលមិនធ្លាប់មានពីមុន គឺយុទ្ធនាការប្រឆាំងនឹងការប្រើប្រាស់ថ្នាំជក់។ ជាឧទាហរណ៍ នៅខែសីហា ឆ្នាំ២០១២ ប្រហែលជា១៧៥ប្រទេសបានព្រមព្រៀងគ្នាចាត់វិធានការទប់ស្កាត់ការប្រើប្រាស់ថ្នាំជក់។ * ក៏ប៉ុន្តែ ជារៀងរាល់ឆ្នាំក្រុមហ៊ុនបារីបានចំណាយប្រាក់រាប់ពាន់លានដុល្លារទៅលើការផ្សាយពាណិជ្ជកម្មដើម្បីទាក់ទាញចិត្តឲ្យមានអ្នកជក់ថ្មីថែមទៀត ជាពិសេសក្នុងចំណោមស្ត្រី និងប្អូនៗយុវវ័យដែលរស់នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។ ម្យ៉ាងទៀត ថ្នាំជក់ធ្វើឲ្យញៀន។ ដូច្នេះអត្រាស្លាប់ក្នុងចំណោមមនុស្សចំនួន១.០០០លាននាក់ដែលកំពុងញៀននៅសព្វថ្ងៃនេះ ទំនងជាមិនថយចុះឡើយ។ ឥទ្ធិពលនៃការផ្សាយពាណិជ្ជកម្ម និងសារធាតុញៀនរបស់ថ្នាំជក់ ធ្វើឲ្យអត្រាស្លាប់របស់មនុស្សបន្តមានកម្រិតខ្ពស់ជានិច្ច។ បើអ្នកជក់មិនឈប់ជក់ទេ នោះក្នុងអំឡុង៤០ឆ្នាំទៅមុខទៀត ចំនួនមនុស្សស្លាប់នឹងកើនឡើងកាន់តែខ្ពស់។
ការផ្សាយពាណិជ្ជកម្មនិងការញៀន បានធ្វើឲ្យមនុស្សជាច្រើនមិនអាចផ្ដាច់ទម្លាប់ជក់បារីបានទេ ទោះជាពួកគេចង់ផ្ដាច់ក៏ដោយ។ ជាឧទាហរណ៍ ស្ត្រីម្នាក់ឈ្មោះណាអូកូ បានជក់បារីតាំងពីគាត់នៅជំទង់ម្ល៉េះ។ គាត់មានទម្លាប់ជក់បារីដោយសារមើលភាពយន្តនិងការផ្សាយពាណិជ្ជកម្មតាមទូរទស្សន៍ ដែលធ្វើឲ្យគាត់គិតថា ការជក់បារីនាំឲ្យគាត់ទៅជានារីទាន់សម័យ។ ទោះជាណាអូកូត្រូវចិញ្ចឹមកូនស្រីពីរនាក់ ហើយបានឃើញឪពុកម្ដាយរបស់គាត់ស្លាប់ដោយជំងឺមហារីកសួតក្ដី ក៏គាត់នៅតែបន្តជក់ដដែល។ គាត់បានសារភាពថា៖ «ខ្ញុំព្រួយខ្លាចថាខ្ញុំនឹងមានជំងឺមហារីកសួត ហើយក៏បារម្ភពីសុខភាពរបស់កូនៗខ្ញុំដែរ ប៉ុន្តែខ្ញុំមិនអាចឈប់បានទេ ហើយគិតថាគ្មានអ្វីអាចជួយខ្ញុំឲ្យផ្ដាច់ទម្លាប់ជក់បារីបានឡើយ»។
ក៏ប៉ុន្តែ នៅទីបំផុត ណាអូកូបានឈប់ជក់បារីមែន។ គាត់បានទទួលកម្លាំងចិត្តដើម្បីផ្ដាច់ទម្លាប់ជក់បារី។ មនុស្សរាប់លាននាក់ទៀត ក៏បានទទួលកម្លាំងចិត្តដើម្បីធ្វើដូច្នោះដែរ។ តើអ្វីបានផ្ដល់កម្លាំងចិត្តដល់ពួកគេ? ដើម្បីដឹង សូមអានអត្ថបទបន្ទាប់។
[កំណត់សម្គាល់]
^ វគ្គ 11 វិធានការទាំងនេះរួមបញ្ចូលការអប់រំមនុស្សស្តីអំពីគ្រោះថ្នាក់ដែលមកពីការជក់បារី ការដាក់កម្រិតទៅលើទីផ្សាររបស់ក្រុមហ៊ុនបារី ការដំឡើងពន្ធបារី និងការបង្កើតកម្មវិធីផ្សេងៗដែលជួយមនុស្សឲ្យផ្ដាច់ទម្លាប់ជក់បារី។