គន្លឹះសុភមង្គលគ្រួសារ
ពេលមានកូនពិការ
ខាឡូ: * «កូនប្រុសរបស់យើងឈ្មោះអានជេលឡូ មានជំងឺ(Down syndrome)ជាជំងឺហ្សែនដែលបណ្ដាលមកពីមានក្រូម៉ូសូមច្រើន។ ជំងឺរបស់គាត់ធ្វើឲ្យយើងខ្សោះទាំងកាយ ទាំងចិត្ត និងអារម្មណ៍។ សូមស្រមៃគិត អ្នកត្រូវការកម្លាំងដើម្បីថែរក្សាកូនដែលមានសុខភាពល្អ ចុះទម្រាំកូនដែលឈឺអ្នកពិតជាត្រូវការកម្លាំងច្រើនជាងរាប់រយដងទៅទៀត។ ជួនកាលនេះធ្វើឲ្យអាពាហ៍ពិពាហ៍របស់យើងមានបញ្ហា»។
មៀ: «សូម្បីតែស្រួលធ្វើក្ដី តែសម្រាប់អានជេលឡូត្រូវការពេលយូរដើម្បីរៀនឲ្យចេះធ្វើនោះ។ ដូច្នេះយើងត្រូវការចិត្តអត់ធ្មត់ខ្លាំង។ ពេលខ្ញុំអស់កម្លាំងខ្លាំង ខ្ញុំឆាប់ខឹងនឹងខាឡូប្ដីខ្ញុំ។ ពេលខ្លះយើងមិនស្របគ្នាអំពីរឿងណាមួយ នោះនាំឲ្យយើងប្រកែកគ្នាតែម្ដង»។
តើអ្នកនៅចាំថ្ងៃដែលកូនរបស់អ្នកកើតទេ? អ្នកប្រាកដជាចង់បីកូនយ៉ាងខ្លាំង។ ក៏ប៉ុន្តែ ដូចខាលឡូនិងមៀដែរ អំណររបស់ឪពុកម្ដាយជាច្រើនចាប់ផ្ដើមប្រែក្លាយទៅជាការថប់បារម្ភវិញពេលដែលពួកគេទទួលដំណឹងថា កូនរបស់ខ្លួនឈឺឬពិការ។
តើអ្នកមានកូនដែលពិការទេ? បើមាន អ្នកប្រហែលជាឆ្ងល់ថា តើអ្នកអាចដោះស្រាយបញ្ហានោះយ៉ាងដូចម្ដេច? បើអ្នកបារម្ភមែន សូមកុំអស់សង្ឃឹមឡើយ។ ដូចឪពុកម្ដាយឯទៀត អ្នកក៏អាចយកឈ្នះបញ្ហាស្រដៀងគ្នាដែរ។ សូមពិចារណាបញ្ហាបីយ៉ាងដែលមានជាទូទៅដែលអ្នកប្រហែលជាប្រឈមមុខ និងរបៀបដែលប្រាជ្ញាក្នុងគម្ពីរអាចជួយអ្នក។
បញ្ហាទី១: អ្នកពិបាកជឿថាកូនរបស់អ្នកពិការ។
ឪពុកម្ដាយជាច្រើនមានអារម្មណ៍ហាក់ដូចជាបេះដូងរបស់ខ្លួនខ្ទេចខ្ទាំអស់ ពេលដែលដឹងថាកូនរបស់ខ្លួនឈឺ។ ជូលេអាណាជាម្ដាយមួយរូបនៅប្រទេសម៉ិចស៊ិច និយាយថា៖ «ពេលគ្រូពេទ្យប្រាប់ថា កូនប្រុសរបស់យើងឈ្មោះសានទីយ៉ាហ្គូ មានជំងឺខូចសរសៃខួរក្បាល ខ្ញុំពិបាកជឿណាស់។ ខ្ញុំមានអារម្មណ៍ថាមេឃកំពុងបាក់សង្កត់មកលើខ្ញុំ»។ អ្នកឯទៀតប្រហែលមាន
អារម្មណ៍ដូចម្ដាយជនជាតិអ៊ីតាលីម្នាក់ឈ្មោះវីឡានាដែលនិយាយថា៖ «ខ្ញុំសម្រេចចិត្តថាចង់មានកូន ទោះជាវ័យរបស់ខ្ញុំអាចមានគ្រោះថ្នាក់ក្ដី។ ឥឡូវ ពេលដែលកូនប្រុសខ្ញុំមានបញ្ហាដែលមកពីជំងឺ(Down syndrome) នោះធ្វើឲ្យខ្ញុំសោកស្ដាយណាស់»។បើអ្នកមានអារម្មណ៍ថាអស់សង្ឃឹមឬសោកស្ដាយ នោះជាអារម្មណ៍ធម្មតា។ ជំងឺមិនមែនជាគោលបំណងដើមរបស់ព្រះទេ។ (លោកុប្បត្តិ ១:២៧, ២៨) លោកមិនបានបង្កើតឪពុកម្ដាយឲ្យមានសមត្ថភាពដើម្បីងាយទទួលយកនូវអ្វីដែលខុសពីធម្មតានោះឡើយ។ អ្នកប្រហែលជា«កើតទុក្ខ»ដែលកូនរបស់អ្នកមិនមានសុខភាពល្អ។ អ្នកត្រូវទទួលស្គាល់ថា អ្នកត្រូវការពេលដើម្បីសម្រួលអារម្មណ៍ និងសម្របខ្លួនទៅតាមស្ថានភាពថ្មីរបស់អ្នក។
ចុះយ៉ាងណាបើអ្នកបន្ទោសខ្លួនដោយសារកូនរបស់អ្នកពិការ? សូមចាំថា គ្មានអ្នកណាម្នាក់អាចយល់យ៉ាងច្បាស់លាស់អំពីហ្សែន បរិស្ថាន និងកត្ដាផ្សេងៗទៀតដែលមានឥទ្ធិពលទៅលើសុខភាពរបស់កូនឡើយ។ ម្យ៉ាងទៀត អ្នកប្រហែលជាចង់តែបន្ទោសគូរបស់អ្នក។ សូមកុំឲ្យមានចិត្តគំនិតបែបនោះ។ អ្នកនឹងធ្វើបានប្រសើរជាង បើអ្នកសហការជាមួយគូរបស់អ្នក ហើយប្រមូលអារម្មណ៍ទៅលើការថែរក្សាកូនវិញ។—សាស្ដា ៤:៩, ១០
យោបល់: សូមស្វែងយល់អំពីស្ថានភាពរបស់កូនអ្នក។ គម្ពីរចែងថា៖ «ដើម្បីមានក្រុមគ្រួសារល្អត្រូវមានប្រាជ្ញា ហើយដើម្បីឲ្យក្រុមគ្រួសារបានរឹងមាំត្រូវមានការយល់ដឹង»។—សុភាសិត ២៤:៣, New Century Version
អ្នកអាចរៀនច្រើនពីគ្រូពេទ្យជំនាញនិងសៀវភៅផ្សេងៗដែលគួរឲ្យទុកចិត្ត។ អ្នកអាចប្រដូចការរៀនអំពីស្ថានភាពជំងឺរបស់កូនទៅនឹងការរៀនភាសាថ្មីមួយ។ ពេលដែលរៀនដំបូងពិតជាពិបាក តែអ្នកអាចរៀនចេះបាន។
ដូចខាឡូនិងមៀដែលបានត្រូវរៀបរាប់នៅដើមអត្ថបទនេះ ពួកគេបានស្វែងរកព័ត៌មានពីគ្រូពេទ្យនិងពីអង្គការដែលមានជំនាញ ដើម្បីព្យាបាលជំងឺកូនរបស់ខ្លួន។ ពួកគេនិយាយថា៖ «នេះមិនគ្រាន់តែជួយពួកគេឲ្យយល់ពីបញ្ហាដែលអាចកើតមានប៉ុណ្ណោះទេ តែក៏ជួយឲ្យមានទស្សនៈ‹ត្រឹមត្រូវ›អំពីជំងឺ(Down syndrome)នោះដែរ។ យើងឃើញថា កូនប្រុសរបស់យើងអាចរស់នៅធម្មតាដូចអ្នកឯទៀត។ នេះសម្រាលទុក្ខយើងខ្លាំងណាស់»។
សូមសាកល្បងវិធីនេះ: សូមផ្ដោតអារម្មណ៍ទៅលើអ្វីដែលកូនរបស់អ្នកអាចធ្វើបាន។ សូមរៀបចំឲ្យគាត់ចូលរួមសកម្មភាពផ្សេងៗជាមួយក្រុមគ្រួសារ។ ពេលដែលកូនអ្នកធ្វើអ្វីមួយបានល្អសូម្បីតែតូចតាចក្ដី សូមសរសើរកូនភ្លាមៗ ហើយសប្បាយជាមួយគាត់។
បញ្ហាទី២:មានអារម្មណ៍ថាអស់កម្លាំងនិងឯកោ។
អ្នកប្រហែលជាមានអារម្មណ៍ថាការថែទាំកូនដែលឈឺពិតជាធ្វើឲ្យអ្នកអស់កម្លាំងរលីងពីខ្លួន។ ជេននីជាម្ដាយម្នាក់នៅប្រទេសញូវហ្សេឡែនបាននិយាយថា៖ «ខ្ញុំថែរក្សាកូនប្រុសអស់ពីរបីឆ្នាំហើយតាំងពីគ្រូពេទ្យបានវិភាគឃើញថាកូនខ្ញុំមានជំងឺយ៉ាងធ្ងន់ធ្ងរ។ ដូច្នេះបើខ្ញុំធ្វើកិច្ចការផ្ទះថែមទៀត នោះធ្វើឲ្យខ្ញុំអស់កម្លាំងយ៉ាងខ្លាំងហើយយំតែម្ដង»។
ការពិបាកមួយទៀតប្រហែលជាអ្នកមានអារម្មណ៍ឯកោ។ បេនមានកូនប្រុសម្នាក់មានជំងឺម្យ៉ាងដែលទាក់ទងនឹងសាច់ដុំ និងដែលប៉ះពាល់ដល់សមត្ថភាពក្នុងការទាក់ទងនិងសំណេះសំណាលជាមួយអ្នកឯទៀត។ បេនប្រាប់ថា៖ «មនុស្សជាច្រើនមិនអាចយល់អំពីជីវិតរបស់យើងបានទេ»។ អ្នកប្រហែលជាចង់ប្រាប់អ្នកណាម្នាក់យ៉ាងខ្លាំង។ ប៉ុន្តែ មិត្តភក្ដិរបស់អ្នកស្ទើរតែគ្រប់គ្នាមានកូនដែលមានសុខភាពល្អ។ ដូច្នេះអ្នកមានចិត្តស្ទាក់ស្ទើរដើម្បីប្រាប់ពួកគេអំពីអារម្មណ៍របស់អ្នក។
យោបល់: ចូរសុំជំនួយ។ ពេលគេផ្ដល់ជំនួយ សូមសុខចិត្តទទួល។ ជូលេអាណាដែលបានរៀបរាប់ពីខាងលើទទួលស្គាល់ថា៖ «ជួនកាលប្ដីខ្ញុំនិងខ្ញុំខ្មាសមិនហ៊ានសុំជំនួយទេ»។ យ៉ាងណាក្ដី នាងបន្ថែមថា៖ «យើងបានរៀនថា យើងត្រូវការជំនួយពីមនុស្សឯទៀត។ ពេលអ្នកឯទៀតជួយយើង នោះយើងមិនមានអារម្មណ៍ឯកោទេ»។ បើមានមិត្តជិតស្និទ្ធ ឬសមាជិកក្រុមគ្រួសារសុំអង្គុយជាមួយកូនរបស់អ្នកក្នុងពិធីណាមួយ ឬក្នុងកិច្ចប្រជុំគ្រិស្តសាសនិក សូមទទួលជំនួយដោយមានចិត្តដឹងគុណ។ សុភាសិតក្នុងគម្ពីរចែងថា៖ «មិត្រសំឡាញ់រមែងស្រឡាញ់គ្នានៅគ្រប់វេលា ឯបងប្អូនក៏កើតមកសំរាប់គ្រាលំបាកដែរ»។—សុភាសិត ១៧:១៧
សូមថែទាំសុខភាពរបស់អ្នក។ ដូចឡានពេទ្យត្រូវចាក់សាំងជាទៀងទាត់ដើម្បីអាចបន្តដឹកអ្នកជំងឺទៅមន្ទីរពេទ្យ នោះអ្នកក៏ត្រូវតែមានកម្លាំងឡើងវិញដែរ។ អ្នកត្រូវពិសាចំណីអាហារល្អដែលមានជីវជាតិ ហាត់ប្រាណ និងសម្រាកឲ្យបានគ្រប់គ្រាន់ នោះទើបអ្នកអាចបន្តថែទាំកូនរបស់អ្នកតាមដែលកូនសមនឹងទទួល។ ខាវីយៀមានកូនពិការម្នាក់ បានប្រាប់ដូចនេះថា៖ «កូនប្រុសរបស់ខ្ញុំដើរលែងកើត ដូច្នេះខ្ញុំគិតថា ខ្ញុំគួរព្យាយាមញ៉ាំអាហារដែលមានជីវជាតិ។ យ៉ាងណាមិញ គឺមានតែខ្ញុំទេដែលជាអ្នកជួយលើកដាក់គាត់។ ដូច្នេះជើងរបស់ខ្ញុំជាជើងរបស់គាត់!»។
តើអ្នកអាចឆ្លៀតពេលដើម្បីថែសុខភាពរបស់អ្នកយ៉ាងដូចម្ដេច? ឪពុកម្ដាយខ្លះផ្លាស់វេនគ្នាដើម្បីមើលថែកូន។ ដោយធ្វើដូចនោះ ម្នាក់អាចសម្រាកឬយកចិត្តទុកដាក់ចំពោះសេចក្ដីត្រូវការរបស់សមាជិកផ្សេងទៀតបាន។ អ្នកត្រូវចេះលៃទុកពេលពីកិច្ចការណាដែលមិនសូវសំខាន់ ប៉ុន្តែប្រហែលមិនសូវស្រួលប៉ុន្មានទេដើម្បីរក្សាឲ្យមានតុល្យភាពនោះ។ យ៉ាងណាក្ដី ម៉ាយូរីជាម្ដាយម្នាក់នៅប្រទេសឥណ្ឌាបានប្រាប់ថា៖ «នៅទីបំផុតអ្នកអាចទម្លាប់បាន»។
សូមនិយាយជាមួយមិត្តដែលអ្នកទុកចិត្ត។ សូម្បីតែមិត្តនោះគ្មានកូនដែលឈឺក្ដី តែគាត់អាចសម្រាលទុក្ខអ្នកបាន។ អ្នកក៏អាចអធិដ្ឋានជម្រាបព្រះយេហូវ៉ាដែរ។ តើសេចក្ដីអធិដ្ឋានពិតជានឹងជួយឬ? យ៉ាស្សមីន មានកូនពីរនាក់ដែលមានជំងឺទាក់ទងនឹងផ្លូវដង្ហើមបាននិយាយថា៖ «នៅពេលនោះខ្ញុំរងទំនុកតម្កើង ១៤៥:១៨
សម្ពាធយ៉ាងខ្លាំងហាក់ដូចជាកំពុងស្ទះស្លាប់»។ ប៉ុន្តែនាងបន្ថែមទៀតថា៖ «ខ្ញុំអធិដ្ឋានទៅព្រះយេហូវ៉ាដើម្បីឲ្យលោកជួយសម្រាលទុក្ខនិងពង្រឹងកម្លាំងខ្ញុំ។ បន្ទាប់មក ខ្ញុំមានអារម្មណ៍ថាខ្ញុំអាចធ្វើកិច្ចការនោះបន្តទៀតបាន»។—សូមសាកល្បងវិធីនេះ: សូមគិតឡើងវិញនូវអ្វីដែលអ្នកបរិភោគ ពេលណាអ្នកហាត់ប្រាណ និងអ្នកគេងបានច្រើនប៉ុនណា។ សូមកត់សម្គាល់នូវរបៀបដែលអ្នកអាចលៃទុកពេលពីកិច្ចការដែលមិនសូវសំខាន់ដើម្បីអ្នកអាចថែសុខភាពខ្លួនបាន។ សូមបន្តកែសម្រួលកាលវិភាគតាមតម្រូវការ។
បញ្ហាទី៣: យកចិត្តទុកដាក់នឹងកូនដែលឈឺខ្លាំងជាងសមាជិកឯទៀតក្នុងគ្រួសារ។
ពេលដែលមានកូនម្នាក់ឈឺ នេះអាចជះឥទ្ធិពលទៅលើក្រុមគ្រួសារទាំងមូលដូចជា ការបរិភោគ ការដើរលេងកម្សាន្តជាក្រុមគ្រួសារ និងការចំណាយពេលជាមួយកូនម្នាក់ៗ។ ជាលទ្ធផល កូនខ្លះទៀតប្រហែលមានអារម្មណ៍ថាឪពុកម្ដាយមិនសូវរវីរវល់នឹងខ្លួន។ បន្ថែមទៅទៀត ការដែលឪពុកម្ដាយជាប់រវល់មើលថែកូនដែលឈឺ នោះក៏អាចធ្វើឲ្យចំណងអាពាហ៍ពិពាហ៍របស់ពួកគេលែងរឹងមាំទៀត។ ដូចឪពុកម្នាក់នៅប្រទេសលីបេរីយ៉ា ឈ្មោះឡែអូនិលនិយាយថា៖ «ជួនកាលប្រពន្ធខ្ញុំប្រាប់ថា នាងជាអ្នកដែលមានបន្ទុកធ្ងន់ជាងគេ ហើយថាខ្ញុំនេះមិនដែលជួយថែទាំកូនសោះ។ ដូច្នេះខ្ញុំមានអារម្មណ៍ថា នាងមិនគោរពខ្ញុំ ហើយពេលខ្លះខ្ញុំតបឆ្លើយទៅនាងទាំងគំរោះគំរើយ»។
យោបល់: ដើម្បីធ្វើឲ្យកូនទាំងអស់របស់អ្នកជឿជាក់ថា អ្នកនៅតែយកចិត្តទុកដាក់ចំពោះពួកគេ នោះអ្នកត្រូវរៀបចំសកម្មភាពផ្សេងៗដែលកូនៗចូលចិត្ត។ ជេននីដែលបានរៀបរាប់នៅខាងលើ និយាយថា៖ «ជួនកាលយើងធ្វើអ្វីពិសេសសម្រាប់កូនប្រុសច្បង ទោះបើយើងបានត្រឹមតែនាំគាត់ទៅបរិភោគអាហារថ្ងៃត្រង់នៅភោជនីយដ្ឋានដែលគាត់ចូលចិត្តជាងគេ»។
ដើម្បីថែរក្សាចំណងអាពាហ៍ពិពាហ៍របស់អ្នក សូមនិយាយហើយអធិដ្ឋានជាមួយគូរបស់អ្នក។ ឪពុកម្នាក់ឈ្មោះអាស៊ីមនៅប្រទេសឥណ្ឌាមានកូនប្រុសដែលមានជំងឺប្រកាច់។ គាត់និយាយថា៖ «ទោះជាពេលខ្លះខ្ញុំនិងប្រពន្ធខ្ញុំអស់កម្លាំងខ្លាំងហើយមួម៉ៅក្ដី យើងលៃពេលមកអង្គុយពិភាក្សា ហើយអធិដ្ឋានទៅព្រះជាមួយគ្នា។ រាល់ព្រឹកមុនដែលកូនយើងភ្ញាក់ យើងចំណាយពេលពិគ្រោះបទគម្ពីរមួយជាមួយគ្នា»។ គូខ្លះទៀតនិយាយជាមួយគ្នាតែពីរនាក់មុនពេលចូលគេង។ ការនិយាយគ្នាតែពីរនាក់និងអធិដ្ឋានយ៉ាងស្មោះអស់ពីដួងចិត្តនឹងជួយពង្រឹងចំណងអាពាហ៍ពិពាហ៍របស់អ្នកក្នុងពេលដែលតានតឹងចិត្តបំផុត។ (សុភាសិត ១៥:២២) ដូចប្ដីប្រពន្ធមួយគូបាននិយាយថា៖ «គ្រាដែលពិបាកបំផុតក្នុងជីវិត ក៏ជាគ្រាដែលផ្អែមល្ហែមបំផុតក្នុងជីវិតរបស់យើងដែរ»។
សូមសាកល្បងវិធីនេះ: សូមសរសើរកូនផ្សេងទៀតដែលបានជួយថែទាំកូនដែលឈឺ មិនថាជាការជួយបែបណាក្ដី។ សូមឧស្សាហ៍បង្ហាញសេចក្ដីស្រឡាញ់និងអំណរគុណចំពោះកូនៗនិងគូរបស់អ្នក។
កុំអស់សង្ឃឹម
គម្ពីរសន្យាថា មិនយូរទៀតព្រះនឹងបំបាត់ចោលជំងឺគ្រប់យ៉ាង ព្រមទាំងពិការភាពដែលធ្វើឲ្យមនុស្សទាំងចាស់ទាំងក្មេងរងទុក្ខ។ (ការបើកបង្ហាញ ២១:៣, ៤) នៅថ្ងៃនោះ«ពួកអ្នកដែលនៅក្នុងក្រុងគេនឹងមិនថា‹ខ្ញុំឈឺ›ទៀតឡើយ»។ *—អេសាយ ៣៣:២៤
ទម្រាំដល់ពេលនោះ ក្នុងនាមជាឪពុកម្ដាយដែលមានកូនពិការ អ្នកអាចយកឈ្នះការពិបាកនេះបាន។ ដូចខាឡូនិងមៀដែលបានរៀបរាប់នៅដើមអត្ថបទនេះនិយាយថា៖ «ពេលដែលអ្វីៗហាក់ដូចជាធ្ងន់ធ្ងរឡើងៗ កុំអស់សង្ឃឹមឡើយ។ សូមផ្ដោតអារម្មណ៍ទៅលើអ្វីដ៏អស្ចារ្យដែលកូនអ្នកមាន ពីព្រោះពួកគេមានអ្វីដ៏ល្អៗជាច្រើន»។
^ វគ្គ 3 ឈ្មោះក្នុងអត្ថបទនេះបានត្រូវផ្លាស់ប្ដូរ។
^ វគ្គ 29 អ្នកអាចអានសេចក្ដីសន្យាថែមទៀតដែលមានក្នុងគម្ពីរស្តីអំពីសុខភាពដ៏ល្អឥតខ្ចោះក្នុងជំពូកទី៣នៃសៀវភៅតើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា? ដែលបោះពុម្ពផ្សាយដោយសាក្សីព្រះយេហូវ៉ា។
សូមសួរខ្លួនអ្នកថា . . .
-
តើខ្ញុំត្រូវធ្វើអ្វីដើម្បីថែរក្សាសុខភាព ខាងផ្លូវកាយ ផ្លូវចិត្ត និងចំណងមិត្តភាព ជាមួយព្រះឲ្យកាន់តែរឹងមាំ?
-
នៅពេលថ្មីៗនេះ តើខ្ញុំបានសរសើរកូនឯទៀត ដែលបានជួយឬទេ?