ចិត្ដលោភលន់ធ្វើឲ្យកេហាស៊ីលែងទទួលការពេញចិត្ដពីព្រះ
ចូរបង្រៀនកូនរបស់អ្នក
ចិត្តលោភលន់ធ្វើឲ្យកេហាស៊ីលែងទទួលការពេញចិត្តពីព្រះ
តើអ្នកធ្លាប់ចង់បានអ្វីមួយយ៉ាងខ្លាំងទេ?— a បើដូច្នេះមែន អ្នកក៏ដូចជាមនុស្សភាគច្រើនដែរ។ ប៉ុន្តែ តើអ្នកគួរខំឲ្យបានរបស់នោះដោយកុហកឬទេ? អ្នកមិនគួរធ្វើដូច្នេះទេ។ មនុស្សដែលកុហកដើម្បីបានអ្វីមួយគឺជាមនុស្សលោភលន់។ សូមមើលមូលហេតុដែលព្រះលែងស្រឡាញ់បុរសម្នាក់ឈ្មោះកេហាស៊ី។ គាត់ជាអ្នកបម្រើរបស់អេលីសេ។ អេលីសេជាអ្នកប្រកាសទំនាយរបស់ព្រះយេហូវ៉ាដែលជាព្រះពិត។
អេលីសេនិងកេហាស៊ីធ្លាប់រស់នៅសម័យបុរាណ ប្រហែល១.០០០ឆ្នាំមុនលោកយេស៊ូ ដែលជាបុត្ររបស់ព្រះបានកើតនៅផែនដី។ ព្រះយេហូវ៉ាធ្លាប់ប្រើអេលីសេឲ្យធ្វើការអស្ចារ្យផ្សេងៗ! ជាឧទាហរណ៍ គម្ពីរចែងអំពីបុរសជនជាតិស៊ីរីម្នាក់ដែលមានឋានៈសំខាន់ក្នុងកងទ័ព ហើយគាត់មានជំងឺឃ្លង់។ គ្មានអ្នកណាអាចធ្វើឲ្យគាត់ជាពីជំងឺនោះទេ លើកលែងតែអេលីសេដែលបានធ្វើឲ្យគាត់ជាសះស្បើយ។
ពេលព្រះប្រើអេលីសេដើម្បីប្រោសមនុស្សឲ្យជាសះស្បើយ អេលីសេមិនដែលព្រមទទួលប្រាក់ទេ។ តើលោកអ្នកដឹងអំពីមូលហេតុនោះឬទេ?— ដោយសារអេលីសេដឹងថា ការប្រោសឲ្យជាសះស្បើយទាំងនោះមិនមែនមកពីគាត់ទេ។ គឺមកពីព្រះយេហូវ៉ា។ ពេលណាម៉ានបានជាសះស្បើយ គាត់សប្បាយចិត្តណាស់ ដូច្នេះគាត់ចង់ឲ្យអំណោយខ្លះៗដល់អេលីសេដូចជា មាស ប្រាក់ និងសម្លៀកបំពាក់ល្អៗ។ ប៉ុន្តែ អេលីសេមិនព្រមទទួលអំណោយទាំងអស់នោះទេ ផ្ទុយទៅវិញ កេហាស៊ីចង់បានអំណោយទាំងនោះយ៉ាងខ្លាំង។
ក្រោយពេលណាម៉ានចាកចេញ កេហាស៊ីក៏រត់ទៅតាមគាត់ដោយមិនឲ្យអេលីសេដឹង។ ពេលគាត់តាមទាន់ជួបនឹងណាម៉ាន តើអ្នកដឹងទេថា កេហាស៊ីប្រាប់អ្វីដល់ណាម៉ាន?— គាត់ប្រាប់ថា៖ ‹អេលីសេចាត់ខ្ញុំមកប្រាប់អ្នកថាមានភ្ញៀវពីរនាក់
មកលេងគាត់។ គាត់សុំសម្លៀកបំពាក់ពីរបន្លាស់ដើម្បីជូនភ្ញៀវគាត់›។ប៉ុន្តែនោះជាពាក្យកុហក! កេហាស៊ីបានប្រឌិតរឿងភ្ញៀវពីរនាក់មកលេង។ គាត់និយាយដូច្នេះដោយសារគាត់ចង់បានសម្លៀកបំពាក់ដែលណាម៉ានបានបម្រុងទុកឲ្យអេលីសេ។ ប៉ុន្តែ ណាម៉ានមិនដឹងថាកេហាស៊ីកំពុងកុហកទេ។ ដូច្នេះ គាត់សប្បាយចិត្តឲ្យអំណោយទាំងនេះដល់កេហាស៊ី។ ណាម៉ានឲ្យអំណោយច្រើនជាងកេហាស៊ីសុំទៅទៀត។ តើអ្នកដឹងថាមានអ្វីកើតឡើងក្រោយមកទេ?—
ពេលកេហាស៊ីត្រឡប់ទៅផ្ទះវិញ អេលីសេសួរគាត់ថា៖ ‹អ្នកមកពីណា?›។
កេហាស៊ីឆ្លើយថា៖ ‹ខ្ញុំមិនបានទៅណាទេ›។ ប៉ុន្តែព្រះយេហូវ៉ាបានឲ្យអេលីសេដឹងអំពីអ្វីដែលកេហាស៊ីបានធ្វើ។ ដូច្នេះអេលីសេឆ្លើយថា៖ ‹នេះមិនមែនជាពេលដែលត្រូវទទួលលុយនិងអំណោយទេ!›។
កេហាស៊ីបានយកលុយនិងសម្លៀកបំពាក់ដែលគាត់គ្មានសិទ្ធិទទួលទេ។ ដូច្នេះ ព្រះធ្វើឲ្យជំងឺឃ្លង់របស់ណាម៉ានកើតទៅលើកេហាស៊ីវិញ។ តើអ្នកគិតថាយើងអាចរៀនអ្វីពីរឿងនេះ?— មេរៀនមួយគឺយើងមិនគួរនិយាយកុហក។
ហេតុអ្វីកេហាស៊ីប្រឌិតរឿងដែលជាការកុហក?— នោះដោយសារកេហាស៊ីមានចិត្តលោភលន់។ គាត់ចង់បានអ្វីដែលគាត់គ្មានសិទ្ធិទទួល ហើយគាត់ខំឲ្យបានអ្វីៗទាំងនោះដោយកុហក។ ដោយសារគាត់ធ្វើដូច្នេះ គាត់មានជំងឺអាក្រក់មួយអស់មួយជីវិត។
តាមពិតមានអ្វីផ្សេងទៀតដែលបានកើតឡើងចំពោះកេហាស៊ីដែលអាក្រក់ជាងជំងឺឃ្លង់ទៅទៀត។ តើអ្នកដឹងថានោះជាអ្វីទេ?— គឺព្រះលែងពេញចិត្តនឹងគាត់ ហើយលែងស្រឡាញ់គាត់។ កុំឲ្យយើងធ្វើអ្វីដែលនាំឲ្យព្រះលែងពេញចិត្តនឹងយើង! ផ្ទុយទៅវិញ យើងត្រូវមានចិត្តសប្បុរសហើយចេះចែករំលែកអ្វីដែលយើងមាន។
សូមអានគម្ពីររបស់អ្នក
ពង្សាវតារក្សត្រទី២ ៥:៥, ២០-២៧
[កំណត់សម្គាល់]
a បើអ្នកអានជាមួយកូនតូច ហើយឃើញថាមានអូសបន្ទាត់ នេះជួយរំលឹកអ្នកឲ្យផ្អាក និងលើកទឹកចិត្តកូនឲ្យឆ្លើយ។