លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ហេតុអ្វីព្រះមានអង្គការរបស់លោក?

ហេតុអ្វីព្រះមានអង្គការរបស់លោក?

សូម​រៀន​ពី​បណ្ដាំ​របស់​ព្រះ​

ហេតុ​អ្វី​ព្រះ​មាន​អង្គការ​របស់​លោក?

អត្ថបទ​នេះ​លើក​ឡើង​នូវ​សំណួរ​មួយ​ចំនួន​ដែល​អ្នក​ប្រហែលជា​ធ្លាប់​សួរ ហើយ​បង្ហាញ​ចម្លើយ​ដែល​អ្នក​អាច​អាន​ពី​គម្ពីរ​របស់​អ្នក។ សាក្សី​ព្រះ​យេហូវ៉ា​នឹង​រីករាយ​ពិភាក្សា​ចម្លើយ​ទាំង​នេះ​ជា​មួយ​នឹង​អ្នក។

១​. ហេតុ​អ្វី​ព្រះ​បាន​រៀបចំ​ជន​ជាតិ​អ៊ីស្រាអែល​ឲ្យ​ទៅ​ជា​ប្រជាជាតិ​មួយ?

ព្រះ​បាន​រៀបចំ​កូន​ចៅ​របស់​អាប្រាហាំ​ឲ្យ​ទៅ​ជា​ប្រជាជាតិ​មួយ។ លោក​បាន​ហៅ​ប្រជាជាតិ​នោះ​ថា អ៊ីស្រាអែល ហើយ​បាន​ឲ្យ​ពួក​គេ​មាន​ភារកិច្ច​ការពារ​ការ​គោរព​ប្រណិប័តន៍​ពិត និង​គម្ពីរ​បរិសុទ្ធ​ដែល​ជា​បណ្ដាំ​របស់​លោក។ (​ទំនុកតម្កើង ១៤៧:១៩, ២០​) អាស្រ័យ​ហេតុ​នេះ មនុស្ស​គ្រប់​ជាតិ​សាសន៍​បាន​ទទួល​ប្រយោជន៍។—សូម​អាន លោកុប្បត្តិ ២២:១៨

ព្រះ​បាន​ជ្រើស​រើស​ជន​ជាតិ​អ៊ីស្រាអែល​ឲ្យ​ធ្វើ​ជា​សាក្សី​របស់​លោក។ ពេល​ពួក​គេ​ស្ដាប់​បង្គាប់​ព្រះ ពួក​គេ​បាន​ទទួល​ប្រយោជន៍​ពី​ច្បាប់​របស់​លោក។ (​ចោទិយកថា ៤:៦​) យើង​អាច​ដឹង​ថែម​ទៀត​អំពី​ព្រះ​ពិត ដោយ​សិក្សា​ប្រវត្ដិ​របស់​ជន​ជាតិ​អ៊ីស្រាអែល។—សូម​អាន អេសាយ ៤៣:​១០, ១២

២​. ហេតុ​អ្វី​គ្រិស្ត​សាសនិក​ពិត​បាន​ត្រូវ​រៀបចំ​ឡើង​ជា​អង្គការ​មួយ?

យូរ​ៗ​ទៅ ព្រះ​យេហូវ៉ា​លែង​ពេញ​ចិត្ត​នឹង​ជន​ជាតិ​អ៊ីស្រាអែល ហើយ​លោក​បាន​រើស​យក​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​ជំនួស​ប្រជាជាតិ​នោះ។ (​ម៉ាថាយ ២១:៤៣; ២៣:៣៧, ៣៨​) កាល​ពី​មុន ជន​ជាតិ​អ៊ីស្រាអែល​ជា​សាក្សី​របស់​ព្រះ។ សព្វ​ថ្ងៃ​នេះ គ្រិស្ត​សាសនិក​ពិត​បម្រើ​ជា​សាក្សី​ព្រះ​យេហូវ៉ា។—សូម​អាន សកម្មភាព ១៥:១៤, ១៧

លោក​យេស៊ូ​បង្រៀន​អ្នក​កាន់​តាម​លោក​ឲ្យ​ធ្វើ​ការ​ជា​ក្រុម​ដើម្បី​ធ្វើ​ជា​សាក្សី​បញ្ជាក់​អំពី​ព្រះ​យេហូវ៉ា ហើយ​បង្រៀន​មនុស្ស​គ្រប់​ជាតិ​សាសន៍​ឲ្យ​ទៅ​ជា​អ្នក​កាន់​តាម​លោក។ (​ម៉ាថាយ ១០:៧, ១១; ២៤:​១៤; ២៨:១៩, ២០​) កិច្ចការ​នេះ​កំពុង​ឈាន​ដល់​ទី​បញ្ចប់។ ជា​លើក​ដំបូង​ដែល​ព្រះ​យេហូវ៉ា​បាន​បង្រួប​បង្រួម​មនុស្ស​រាប់​លាន​នាក់​ពី​គ្រប់​ប្រជាជាតិ​ឲ្យ​មាន​សាមគ្គី​ភាព​ក្នុង​ការ​គោរព​ប្រណិប័តន៍​ពិត។ (​ការ​បើក​បង្ហាញ ៧:៩, ១០​) លោក​យេស៊ូ​បាន​ណែនាំ​គ្រិស្ត​សាសនិក​ពិត​ឲ្យ​ធ្វើ​ការ​ជា​ក្រុម​ដើម្បី​ពួក​គេ​អាច​លើក​ទឹក​ចិត្ត​គ្នា​និង​អាច​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ។ នៅ​ទូ​ទាំង​ពិភព​លោក ពួក​គេ​មាន​កម្មវិធី​សិក្សា​គម្ពីរ​ដូច​គ្នា​នៅ​កិច្ច​ប្រជុំ​របស់​ពួក​គេ។—សូម​អាន ហេប្រឺ ១០:២៤, ២៥

៣​. តើ​សាក្សី​ព្រះ​យេហូវ៉ា​នៅ​សម័យ​នេះ​បាន​ចាប់​ផ្ដើម​មាន​តាម​របៀប​ណា?

អង្គការ​សាក្សី​ព្រះ​យេហូវ៉ា​ដែល​មាន​នៅ​សម័យ​នេះ​បាន​ចាប់​ផ្ដើម​បង្កើត​ឡើង​ក្នុង​ទសវត្សរ៍​នៃ​ឆ្នាំ​១៨៧០។ ក្រុម​តូច​មួយ​នៃ​និស្សិត​គម្ពីរ​បាន​ចាប់​ផ្ដើម​រក​ឃើញ​សេចក្ដី​ពិត​ក្នុង​គម្ពីរ​ដែល​បាត់បង់​ជា​យូរ​មក​ហើយ។ ពួក​គេ​បាន​ដឹង​ថា​លោក​យេស៊ូ​រៀបចំ​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​ឲ្យ​ផ្សព្វ​ផ្សាយ។ ដូច្នេះ ពួក​គេ​បាន​ចាប់​ផ្ដើម​កិច្ច​ផ្សព្វ​ផ្សាយ​អំពី​រាជាណាចក្រ​នៅ​ប្រទេស​នានា។ នៅ​ឆ្នាំ​១៩៣១ ពួក​គេ​បាន​យក​ឈ្មោះ​ថា សាក្សី​ព្រះ​យេហូវ៉ា។—សូម​អាន សកម្មភាព ១:៨; ២:១, ៤; ៥:៤២

៤​. សព្វ​ថ្ងៃ​នេះ តើ​សាក្សី​ព្រះ​យេហូវ៉ា​បាន​ត្រូវ​រៀបចំ​ឡើង​យ៉ាង​ដូច​ម្ដេច?

នៅ​សតវត្សរ៍​ទី​១ ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​នៅ​ប្រទេស​ជា​ច្រើន​បាន​ទទួល​ប្រយោជន៍​ពី​គណៈ​អភិបាល​ដែល​ទទួល​ស្គាល់​លោក​យេស៊ូ​ជា​ប្រមុខ​នៃ​ក្រុម​ជំនុំ។ (​សកម្មភាព ១៦:៤, ៥​) ស្រដៀង​គ្នា​ដែរ សព្វ​ថ្ងៃ​នេះ សាក្សី​ព្រះ​យេហូវ៉ា​ទទួល​ស្គាល់​លោក​យេស៊ូ​ជា​ប្រមុខ​របស់​ពួក​គេ។ (​ម៉ាថាយ ២៣:៩, ១០​) ពួក​គេ​ក៏​ទទួល​ប្រយោជន៍​ពី​ការ​ណែនាំ​ពី​គណៈ​អភិបាល​នៃ​អ្នក​ចាស់​ទុំ​ដែល​មាន​បទ​ពិសោធន៍ ដែល​ផ្ដល់​ការ​លើក​ទឹក​ចិត្ត​នឹង​ការ​ណែនាំ​សម្រាប់​ក្រុម​ជំនុំ​ជាង​១០០.០០០។ ក្នុង​ក្រុម​ជំនុំ​នីមួយ​ៗ បុរស​ដែល​មាន​គុណ​សម្បត្ដិ​គ្រប់​គ្រាន់​បម្រើ​ជា​អ្នក​ចាស់​ទុំ​ឬ​អ្នក​ត្រួត​ពិនិត្យ។ បុរស​ទាំង​នេះ​ថែ​ទាំ​ហ្វូង​ចៀម​របស់​ព្រះ។—សូម​អាន ពេត្រុសទី១ ៥:២, ៣

សាក្សី​ព្រះ​យេហូវ៉ា​បាន​ត្រូវ​រៀបចំ​ដើម្បី​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​និង​បង្រៀន​មនុស្ស​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ។ ដើម្បី​ជួយ​មនុស្ស​គ្រប់​ទី​កន្លែង ពួក​គេ​បក​ប្រែ បោះពុម្ព ហើយ​ចែក​សៀវភៅ​សម្រាប់​សិក្សា​គម្ពីរ​ជាង​៥០០​ភាសា។ ដូច​ពួក​សាវ័ក​ដែរ ពួក​គេ​ផ្សព្វ​ផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ។ (​សកម្មភាព ២០:២០​) ពួក​គេ​ស្នើ​សុំ​សិក្សា​ដោយ​ផ្ទាល់​ជា​មួយ​នឹង​អ្នក​ដែល​ស្រឡាញ់​ស្មោះ​ចំពោះ​សេចក្ដី​ពិត។ ដោយ​ហេតុ​ថា រាស្ត្រ​ព្រះ​យេហូវ៉ា​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​ធ្វើ​ឲ្យ​ព្រះ​ពេញ​ចិត្ត និង​ការ​ជួយ​អ្នក​ឯ​ទៀត ពួក​គេ​ជា​អង្គការ​មួយ​ដែល​សប្បាយ​រីករាយ។—សូម​អាន ទំនុកតម្កើង ៣៣:​១២; សកម្មភាព ២០:៣៥

ដើម្បី​ទទួល​ព័ត៌មាន​បន្ថែម សូម​មើល​ជំពូក​ទី​១៩​នៃ​សៀវភៅ​នេះ​តើ​ព្រះ​គម្ពីរ​ពិត​ជា​បង្រៀន​យ៉ាង​ណា? ដែល​បាន​ត្រូវ​បោះពុម្ព​ផ្សាយ​ដោយ​សាក្សី​ព្រះ​យេហូវ៉ា។