វិធីបង្រៀនកូនក្មេងអំពីព្រះ តើអ្វីជាវិធីដែលមានប្រសិទ្ធភាពបំផុត?
វិធីបង្រៀនកូនក្មេងអំពីព្រះ តើអ្វីជាវិធីដែលមានប្រសិទ្ធភាពបំផុត?
«សេចក្ដីទាំងនេះដែលអញបង្គាប់ដល់ឯងនៅថ្ងៃនេះ នោះត្រូវនៅជាប់ក្នុងចិត្តឯងចុះ ត្រូវឲ្យប្រិតប្រៀនសេចក្ដីទាំងនេះដល់កូនចៅឯង ព្រមទាំងនិយាយដំណាលក្នុងកាលដែលអង្គុយនៅក្នុងផ្ទះ ហើយដើរតាមផ្លូវ ក្នុងកាលដែលដេក ហើយក្រោកឡើងផង»។—ចោទិយកថា ៦:៦, ៧
ជួនកាល ឪពុកម្ដាយប្រហែលជាព្រួយចិត្តដោយសារភារកិច្ចក្នុងការបង្រៀនកូនៗរបស់ខ្លួន។ ក៏ប៉ុន្តែ ពេលដែលពួកគេស្វែងរកដំបូន្មានស្តីអំពីរឿងនេះ ពួកគេប្រហែលជាវិលវល់ដោយសារមានដំបូន្មានខុសៗគ្នាច្រើនពេក។ ម្យ៉ាងទៀត ញាតិសន្ដាន និងមិត្តភក្ដិច្រើនតែជូនយោបល់ភ្លាមៗ។ ជួនកាលព័ត៌មានដែលផ្ទុយពីគ្នាមិនចេះចប់មិនចេះហើយក៏បានត្រូវផ្ដល់ឲ្យតាមរយៈសៀវភៅ អត្ថបទក្នុងទស្សនាវដ្ដីនានា និងគេហទំព័រផ្សេងៗតាមប្រព័ន្ធអ៊ីនធឺណិតដែរ។
ផ្ទុយទៅវិញ គម្ពីរផ្ដល់ឲ្យឪពុកម្ដាយមិនគ្រាន់តែដំបូន្មានដែលអាចទុកចិត្តបានស្តីអំពីអ្វីដែលពួកគេគួរបង្រៀនកូនប៉ុណ្ណោះទេ តែក៏ផ្ដល់ឲ្យការណែនាំដ៏មានប្រយោជន៍ស្តីអំពីរបៀបដែលពួកគេអាចធ្វើដូច្នេះដែរ។ ដូចបទគម្ពីរដែលបានដកស្រង់នៅខាងលើ ឪពុកម្ដាយត្រូវស្វែងរកឱកាសជារៀងរាល់ថ្ងៃដើម្បីនិយាយជាមួយកូនអំពីព្រះ។ នៅខាងក្រោមនេះគឺជាយោបល់បួនយ៉ាងពីគម្ពីរដែលបានជួយឪពុកម្ដាយរាប់ពាន់នាក់ឲ្យចេះបង្រៀនកូនៗអំពីព្រះ។
១. បង្រៀនអំពីអ្វីៗដែលព្រះបានបង្កើត។ សាវ័កប៉ូលបានសរសេរថា៖ «គុណសម្បត្ដិរបស់[ព្រះ] ដែលមនុស្សមើលមិនឃើញ ពោលគឺឫទ្ធានុភាពដែលស្ថិតស្ថេរជារៀងរហូត និងឋានៈរបស់លោកជាព្រះ នោះបានសឲ្យឃើញច្បាស់តាំងពីពេលដែលលោកបង្កើតពិភពលោកមក ពេលដែលពិចារណាអ្វីៗដែលលោកបានបង្កើត»។ (រ៉ូម ១:២០) ឪពុកម្ដាយអាចជួយកូនៗយ៉ាងច្រើនឲ្យជឿថាព្រះជាបុគ្គលមួយពិត ដោយបង្រៀនកូនឲ្យគិតអំពីអ្វីៗដែលព្រះបានបង្កើត ក្រោយមកឲ្យកូនស្វែងយល់អំពីលក្ខណៈរបស់ព្រះតាមរយៈអ្វីៗដែលកូនបានឃើញ។
លោកយេស៊ូបានប្រើវិធីនេះពេលដែលលោកបង្រៀនពួកអ្នកកាន់តាមរបស់លោក។ ជាឧទាហរណ៍ លោកបានមានប្រសាសន៍ថា៖ «ចូរសង្កេតមើលសត្វស្លាបនៅលើមេឃ ព្រោះវាមិនសាបព្រោះ ច្រូតកាត់ ឬក៏ប្រមូលផលទុកក្នុងជង្រុកឡើយ តែបិតារបស់អ្នករាល់គ្នាដែលស្ថិតនៅស្ថានសួគ៌ផ្ដល់ចំណីឲ្យវា។ តើអ្នកមិនមានតម្លៃជាងសត្វស្លាបទាំងនោះទៅទៀតទេឬ?»។ (ម៉ាថាយ ៦:២៦) ក្នុងខនេះ លោកយេស៊ូបានបញ្ជាក់អំពីសេចក្ដីស្រឡាញ់និងចិត្តមេត្ដារបស់ព្រះយេហូវ៉ា។ ប៉ុន្តែ មិនទាន់អស់ទេ លោកក៏ជួយពួកអ្នកកាន់តាមរបស់លោកឲ្យចេះវែកញែកអំពីរបៀបដែលព្រះបង្ហាញគុណសម្បត្ដិទាំងនេះដល់កូនៗរបស់លោកដែរ។
សាឡូម៉ូនជាស្តេចដែលមានប្រាជ្ញាបានចង្អុលបញ្ជាក់អំពីប្រាជ្ញាដែលព្រះផ្ដល់ឲ្យដល់សត្វស្រមោច ហើយគាត់ក៏ប្រើសត្វដ៏តូចនេះដើម្បីសុភាសិត ៦:៦-៨) មេរៀនដែលស្តេចសាឡូម៉ូនចង់បង្រៀនគឺថា ឲ្យយើងចេះកំណត់គោលដៅដែលមានប្រយោជន៍ ហើយក្រោយមកប្រើកម្លាំងដែលយើងទទួលពីព្រះដើម្បីសម្រេចគោលដៅទាំងនោះ។ ដូច្នេះ នេះពិតជាវិធីបង្រៀនដ៏មានប្រសិទ្ធភាពមែន!
បង្រៀននូវមេរៀនដ៏សំខាន់មួយដែរ។ គាត់បានសរសេរថា៖ «ឱមនុស្សខ្ជិលច្រអូសអើយ ចូរទៅមើលស្រមោចចុះ ចូរពិចារណាផ្លូវទាំងប៉ុន្មានរបស់វា ហើយមានប្រាជ្ញាឡើង វាគ្មាននាយ គ្មានអ្នកកាន់កាប់ការ ឬអ្នកគ្រប់គ្រងឡើយ គង់តែវាផ្គត់ផ្គង់អាហារវានៅខែប្រាំង ហើយក៏ប្រមូលស្បៀងទុកនៅក្នុងរដូវចំរូតផង»។ (ឪពុកម្ដាយអាចយកតម្រាប់តាមវិធីបង្រៀនដ៏មានប្រសិទ្ធភាពរបស់លោកយេស៊ូនិងស្តេចសាឡូម៉ូនដោយធ្វើតាមវិធីនេះ (១) សួរកូនៗអំពីរុក្ខជាតិនិងសត្វមួយណាដែលពួកគេចូលចិត្ត។ (២) សិក្សាថែមទៀតអំពីរុក្ខជាតិនិងសត្វទាំងនោះ។ (៣) ពន្យល់អំពីព្រះដោយទាញយកមេរៀនពីអ្វីៗដែលលោកបានបង្កើត។
២. មានចិត្តគំនិតដូចលោកយេស៊ូពេលលោកបង្រៀនអ្នកឯទៀត។ ក្នុងចំណោមមនុស្សទាំងអស់ដែលធ្លាប់រស់នៅ ប្រសាសន៍របស់លោកយេស៊ូជាអ្វីដែលសំខាន់បំផុត។ ប៉ុន្តែ ភាគច្រើនលោកតែងសួរសំណួរវិញ។ លោកចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើគំនិតនិងអារម្មណ៍របស់ពួកអ្នកដែលលោកបង្រៀន។ (ម៉ាថាយ ១៧:២៤, ២៥; ម៉ាកុស ៨:២៧-២៩) ស្រដៀងគ្នាដែរ ឪពុកម្ដាយមានមេរៀនដ៏សំខាន់ជាច្រើនដើម្បីបង្រៀនកូនៗ។ ប៉ុន្តែ ដើម្បីមានប្រសិទ្ធភាព ពួកគេត្រូវយកតម្រាប់តាមលោកយេស៊ូ និងលើកទឹកចិត្តកូនៗឲ្យបញ្ចេញយោបល់ដោយឥតភ័យខ្លាច។
ចុះយ៉ាងណាបើកូនមានចិត្តគំនិតមិនល្អ ឬចាប់ចំណុចនៃមេរៀនសំខាន់មិនសូវបាន? សូមពិចារណាអំពីវិធីដែលលោកយេស៊ូប្រើជាមួយនឹងពួកសាវ័ករបស់លោក។ ជួនកាលពួកគេឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង និងមិនសូវយល់អំពីប្រយោជន៍ដែលមកពីការបន្ទាបខ្លួននោះទេ។ ប៉ុន្តែ លោកយេស៊ូនៅតែមានចិត្តអត់ធ្មត់ និងនិយាយម្ដងហើយម្ដងទៀតអំពីសារៈសំខាន់នៃចិត្តរាបទាប។ (ម៉ាកុស ៩:៣៣, ៣៤; លូកា ៩:៤៦-៤៨; ២២:២៤, ២៥) ឪពុកម្ដាយដែលយកតម្រាប់តាមលោកយេស៊ូនឹងមានចិត្តអត់ធ្មត់ក្នុងការកែតម្រង់កូនៗ ហើយបើចាំបាច់ ពួកគេនឹងរំលឹកម្ដងហើយម្ដងទៀតរហូតដល់កូនៗយល់យ៉ាងពេញលេញអំពីសារៈសំខាន់នៃមេរៀននោះ។ *
៣. បង្រៀនដោយទុកគំរូឲ្យកូន។ ជាការល្អឲ្យឪពុកម្ដាយស្ដាប់ឱវាទរបស់សាវ័កប៉ូលដែលបានផ្ដល់ឲ្យដល់ពួកគ្រិស្តសាសនិកនៅទីក្រុងរ៉ូម។ គាត់បានសរសេរទៅកាន់ពួកគេថា៖ «ប៉ុន្តែអ្នកវិញដែលបង្រៀនអ្នកឯទៀត តើអ្នកមិនបង្រៀនខ្លួនទេឬ? អ្នកផ្សព្វផ្សាយថា៖ ‹កុំលួច› តែតើខ្លួនអ្នកលួចឬ?»។—រ៉ូម ២:២១
ឱវាទនេះគឺពិតជាត្រឹមត្រូវ ពីព្រោះកូនៗទទួលឥទ្ធិពលពីការប្រព្រឹត្តរបស់ឪពុកម្ដាយខ្លាំងជាងពាក្យសម្ដី។ តាមការពិត ឪពុកម្ដាយដែលធ្វើតាមអ្វីដែលពួកគេនិយាយ នោះកូនៗទំនងជាស្ដាប់តាមអ្វីដែលពួកគេបង្រៀន។
៤. ចាប់ផ្ដើមបង្រៀនតាំងពីកូននៅក្មេងនៅឡើយ។ ធីម៉ូថេជាអ្នករួមដំណើរជាមួយសាវ័កប៉ូលក្នុងការធ្វើជាសាសនទូត គាត់មានកេរ្ដិ៍ឈ្មោះល្អក្នុងតំបន់ដែលគាត់រស់នៅ។ (សកម្មភាព ១៦:១, ២) មូលហេតុមួយគឺដោយសារតាំងពីគាត់នៅ«ជាទារកនៅឡើយ» គាត់បានត្រូវបង្ហាត់បង្រៀនពី«ឯកសារបរិសុទ្ធនានា»។ ម្ដាយនិងយាយរបស់ធីម៉ូថេមិនគ្រាន់តែអានបទគម្ពីរឲ្យគាត់ស្ដាប់តែប៉ុណ្ណោះទេ តែក៏ជួយគាត់ឲ្យចេះវែកញែកសេចក្ដីពិតក្នុងឯកសារទាំងនោះដែរ។—ធីម៉ូថេទី២ ១:៥; ៣:១៤, ១៥
ជំនួយសម្រាប់លោកអ្នក
សាក្សីព្រះយេហូវ៉ាបានបោះពុម្ពសៀវភៅផ្សេងៗដែលបានត្រូវរៀបចំឡើងយ៉ាងពិសេស ក្នុងការជួយឪពុកម្ដាយបង្រៀនកូនៗនូវសេចក្ដីពិតអំពីព្រះ។ សៀវភៅខ្លះគឺសម្រាប់កូនក្មេង សៀវភៅខ្លះទៀតអាចជួយឪពុកម្ដាយនិងកូនជំទង់ឲ្យប្រាស្រ័យទាក់ទងជាមួយគ្នាយ៉ាងល្អ។ *
ពិតមែន មុនដែលឪពុកម្ដាយអាចបង្រៀនកូនៗអំពីព្រះ ពួកគេត្រូវដឹងនូវចម្លើយចំពោះសំណួរពិបាកៗដែលកូនៗអាចលើកឡើង។ ជាឧទាហរណ៍ តើលោកអ្នកនឹងឆ្លើយយ៉ាងណាចំពោះសំណួរដូចតទៅនេះ: ហេតុអ្វីព្រះអនុញ្ញាតឲ្យមានទុក្ខវេទនា? តើព្រះមានគោលបំណងអ្វីសម្រាប់ផែនដី? តើមនុស្សស្លាប់ទៅទីណា? សាក្សីព្រះយេហូវ៉ានឹងរីករាយជួយលោកអ្នករៀនអំពីចម្លើយចំពោះសំណួរទាំងនេះ និងសំណួរឯទៀត ដើម្បីឲ្យលោកអ្នកនិងក្រុមគ្រួសាររបស់លោកអ្នកអាចចូលទៅជិតព្រះបាន។—យ៉ាកុប ៤:៨
[កំណត់សម្គាល់]
^ វគ្គ 10 ពាក្យភាសាហេប្រឺដែលបានត្រូវបកប្រែថា«ប្រិតប្រៀន»ក្នុងចោទិយកថា ៦:៧បង្កប់អត្ថន័យថាលើកចំណុចមករំលឹកម្ដងហើយម្ដងទៀត។
^ វគ្គ 15 សម្រាប់កូនក្មេង ឪពុកម្ដាយអាចប្រើសៀវភៅដែលមានចំណងជើងថាសៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ ដែលអាចបង្រៀនមេរៀនសំខាន់ៗពីគម្ពីរតាមរបៀបដែលស្រួលយល់។