តើជីវិតមានន័យពិតប្រាកដឬទេ?
តើជីវិតមានន័យពិតប្រាកដឬទេ?
មនុស្សច្រើនរាប់មិនអស់បានសួរសំណួរថា៖ «តើជីវិតមានន័យខ្លឹមសារឬទេ?»។ ប៉ុន្តែគួរឲ្យសោកស្ដាយមែន មិនថាពួកគេគិតបែបណាអំពីជីវិតក៏ដោយ ពួកគេជាច្រើនយល់ស្របនឹងសម្ដីរបស់គ្រូពេទ្យសរសៃប្រសាទម្នាក់ជនជាតិអូទ្រីសឈ្មោះវិចទើ ហ្វ្រេងឃិល ដែលគាត់បានរៀបរាប់ថា ជីវិតរបស់មនុស្សទំនងជា«ឥតន័យនិងគ្មានគោលដៅ»ទេ។
ហេតុអ្វីមនុស្សជាច្រើនមានអារម្មណ៍បែបនេះ? មូលហេតុមួយគឺដោយសារមនុស្សរាប់លាននាក់ទូទាំងពិភពលោករស់នៅយ៉ាងឈឺចាប់និងមានជីវភាពក្រតោកយ៉ាក។ ជារៀងរាល់ថ្ងៃ ពួកគេត្រូវប្រឈមមុខនឹងជំងឺ ភាពក្រីក្រ ការជិះជាន់ ព្រមទាំងអំពើហិង្សាដែលគ្មានមូលហេតុ។ ពួកគេពិតជាមាន«សេចក្ដីលំបាកជានិច្ច»ក្នុងជីវិត ដូចសម្ដីរបស់បុរសម្នាក់ឈ្មោះយ៉ូបនៅសម័យបុរាណដែលគាត់បាននិយាយអំពីទុក្ខលំបាករបស់មនុស្សជាតិដែរ។ (យ៉ូប ១៤:១) អ្វីដែលសំខាន់បំផុតចំពោះពួកគេគឺរស់សម្រាប់មួយថ្ងៃទៅមួយថ្ងៃតែប៉ុណ្ណោះ។
ចំណែកមនុស្សរាប់លាននាក់ឯទៀតវិញរស់នៅយ៉ាងស្រណុកស្រួលដោយសារមានទ្រព្យសម្បត្ដិហូរហៀរ។ តាមមើលទៅ ពួកគេមានអ្វីៗទាំងអស់ដែលពួកគេត្រូវការដើម្បីអាចសប្បាយក្នុងជីវិតបាន ប៉ុន្តែមនុស្សជាច្រើនទៀតមិនមានជីវិតបែបនេះទេ។ ហេតុអ្វី? ពីព្រោះម្ដងហើយម្ដងទៀតពួកគេ«ខ្វល់ខ្វាយនិងមានទុក្ខលំបាកជាច្រើន» ពោលគឺបញ្ហាលុយកាក់ ឬរឿងដ៏គួរឲ្យខ្លោចផ្សាដូចជាមានកូនស្លាប់ជាដើម។ អ្វីៗទាំងអស់នេះបានធ្វើឲ្យការស្រមៃនិងសេចក្ដីសង្ឃឹមរបស់ពួកគេរលាយសាបសូន្យទៅ។—ទំនុកតម្កើង ៩០:១០, ខ.ស.
មានមូលហេតុមួយទៀតដែលនាំឲ្យមនុស្សគិតកាន់តែច្រើនថាជីវិតរបស់ពួកគេ«ឥតន័យនិងគ្មានគោលដៅ»។ តើមូលហេតុនោះជាអ្វីទៅ? គឺជីវិតរបស់មនុស្សខ្លីណាស់។ មនុស្សជាច្រើនគិតថាគឺមិនសមហេតុផលទេដែលពួកគេអាចធ្វើអ្វីៗដ៏អស្ចារ្យជាច្រើនបាន តែនៅរស់បានតែមួយរយៈពេលខ្លីតែប៉ុណ្ណោះ។ ពួកគេមិនអាចយល់អំពីការពិតមួយដែលយើងទាំងអស់គ្នាត្រូវប្រឈមមុខនោះទេ ពោលគឺមិនយូរមិនឆាប់មនុស្សទាំងអស់នឹងត្រូវស្លាប់ សូម្បីតែមិនជួបគ្រោះថ្នាក់ក៏ដោយ។—សាស្ដា ៣:១៩, ២០
តើជីវិតនឹងគ្មានន័យរហូតឬ?
ស្តេចអ៊ីស្រាអែលពីសម័យបុរាណឈ្មោះសាឡូម៉ូនបានសង្ខេបអំពីស្ថានភាពនេះយ៉ាងល្អ។ គាត់បានឃើញមនុស្សធ្វើការយ៉ាងនឿយហត់ដោយប្រើទេពកោសល្យនិងសាស្ដា ២:១៧
សមត្ថភាពរបស់ពួកគេក្នុងការដាំដុះ សាងសង់ និងផ្គត់ផ្គង់គ្រួសារដូចយើងបានធ្វើនៅសព្វថ្ងៃនេះដែរ។ គាត់បានសួរសំណួរមួយថា ‹នៅទីបំផុតតើការទាំងអស់នេះនាំឲ្យមានលទ្ធផលយ៉ាងណា?›។ ក្រោយមក គាត់បានសន្និដ្ឋានថា អ្វីៗទាំងអស់ដែលមនុស្សធ្វើ‹សុទ្ធតែឥតប្រយោជន៍ ហើយអសារឥតការ›។—ប៉ុន្តែតើស្តេចសាឡូម៉ូនជឿថា អ្វីៗទាំងអស់ដែលមនុស្សធ្វើ‹សុទ្ធតែឥតប្រយោជន៍ ហើយអសារឥតការ›រហូតឬ? អត់ទេ គាត់គ្រាន់តែប្រាប់អារម្មណ៍របស់គាត់ស្តីអំពីអ្វីៗដែលនឹងកើតឡើងក្នុងជីវិតរបស់មនុស្សតែប៉ុណ្ណោះ។ ទោះជាយ៉ាងនេះក៏ដោយ បណ្ដាំរបស់ព្រះអាចជួយលោកអ្នកឲ្យមានទំនុកចិត្តថា អ្វីៗទាំងនេះនឹងមិនមានរហូតនោះទេ!
តើលោកអ្នកអាចមានទំនុកចិត្តដូចនេះតាមរបៀបណា? សូមអញ្ជើញអានអត្ថបទទាំងពីរបន្តបន្ទាប់នេះ។ អត្ថបទទាំងនេះអាចជួយលោកអ្នកឲ្យយល់អំពីមូលហេតុដែលជីវិតមើលទៅដូចជាគ្មានន័យសោះ និងអំពីដំណោះស្រាយនៃស្ថានភាពទាំងនេះ ថែមទាំងអំពីរបៀបដែលលោកអ្នកអាចធ្វើឲ្យជីវិតរបស់លោកអ្នកមានន័យពិតប្រាកដសូម្បីតែឥឡូវនេះក៏ដោយ។