លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរខំប្រឹងរក្សាឲ្យមានសន្ដិភាព

ចូរខំប្រឹងរក្សាឲ្យមានសន្ដិភាព

ចូរ​ខំ​ប្រឹង​រក្សា​ឲ្យ​មាន​សន្ដិភាព

​«​ចូរ​យើង​ស្វែងរក​អ្វី​ដែល​នាំ​ឲ្យ​មាន​សន្ដិភាព​»។—រ៉ូម ១៤:១៩

១, ២​. ហេតុ​អ្វី​ពួក​សាក្សី​ព្រះ​យេហូវ៉ា​មាន​សន្ដិភាព​ក្នុង​ចំណោម​ពួក​គេ?

ក្នុង​ពិភព​លោក​សព្វ​ថ្ងៃ​នេះ ពិបាក​ឲ្យ​យើង​រក​ឃើញ​សន្ដិភាព​ដ៏​ពិត​ប្រាកដ​ណាស់។ ទោះ​ជា​មនុស្ស​មាន​ជាតិ​សាសន៍​ដូច​គ្នា និង​និយាយ​ភាសា​ដូច​គ្នា​ក៏​ដោយ ក៏​ពួក​គេ​ច្រើន​តែ​បែកបាក់​សាមគ្គី​គ្នា​ដោយ​សារ​រឿង​សាសនា រឿង​ខាង​នយោបាយ រឿង​លុយ​កាក់ និង​រឿង​ខាង​ការ​អប់រំ។ ផ្ទុយ​ទៅ​វិញ រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​មាន​សាមគ្គី​ភាព ទោះ​ជា​ពួក​គេ​មក​ពី​«​គ្រប់​ប្រជាជាតិ គ្រប់​កុលសម្ព័ន្ធ គ្រប់​ជាតិ​សាសន៍ និង​គ្រប់​ភាសា​»​ក្ដី។—បប. ៧:៩

មាន​មូលហេតុ​ជា​ច្រើន​ដែល​យើង​មាន​សន្ដិភាព​ក្នុង​ចំណោម​សាក្សី​ព្រះ​យេហូវ៉ា។ មូលហេតុ​ចម្បង​គឺ​ដោយ​សារ​យើង​«​មាន​សន្ដិភាព​ជា​មួយ​នឹង​ព្រះ​»​ ហើយ​យើង​អាច​មាន​សន្ដិភាព​នេះ​ដោយ​សារ​យើង​បង្ហាញ​ជំនឿ​ទៅ​លើ​បុត្រ​របស់​លោក​ដែល​បាន​ស្លាប់​ដើម្បី​យើង។ (​រ៉ូម ៥:១; អេភ. ១:៧​) បន្ថែម​ទៅ​ទៀត ព្រះ​ដ៏​ពិត​ផ្ដល់​ឲ្យ​អ្នក​បម្រើ​ស្មោះ​ភក្ដី​របស់​លោក​នូវ​សកម្មពល​បរិសុទ្ធ ហើយ​ផល​ដែល​បង្កើត​ដោយ​សកម្មពល​នោះ រួម​មាន​សេចក្ដី​សុខសាន្ត​ផង​ដែរ។ (​កាឡ. ៥:២២​) មូលហេតុ​មួយ​ទៀត​ដែល​ជួយ​យើង​ឲ្យ​មាន​សាមគ្គី​ភាព​យ៉ាង​សុខសាន្ត​គឺ​ដោយ​សារ​យើង​«​មិន​រួម​ចំណែក​ក្នុង​ពិភព​លោក​»​នេះ​ឡើយ។ (​យ៉ូន. ១៥:១៩​) ជា​ជាង​ចូល​រួម​ខាង​រឿង​នយោបាយ យើង​កាន់​អព្យាក្រឹត​វិញ។ ការ​«​យក​ដាវ​របស់​ខ្លួន​ដំ​ធ្វើ​ជា​ផាល​នង្គ័ល​»​មាន​ន័យ​ថា​យើង​មិន​ចូល​រួម​ធ្វើសង្គ្រាម​ស៊ី​វិល​ឬ​សង្គ្រាម​ជា​មួយ​ប្រទេស​ឯ​ទៀត​ទេ។—អេ. ២:៤

៣​. តើ​សន្ដិភាព​ដែល​យើង​អាច​មាន​បើក​ឱកាស​ឲ្យ​យើង​ធ្វើ​អ្វី? ហើយ​តើ​យើង​នឹង​ពិភាក្សា​អ្វី​ក្នុង​អត្ថបទ​នេះ?

សន្ដិភាព​ដែល​យើង​អាច​មាន​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​គឺ​មាន​ន័យ​ច្រើន​ជាង​ការ​មិន​ធ្វើ​បាប​បង​ប្អូន​ឯ​ទៀត។ យើង​«​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​»​ទោះ​ជា​ក្រុម​ជំនុំ​របស់​យើង​ប្រហែលជា​មាន​បង​ប្អូន​ដែល​មាន​ជាតិ​សាសន៍ និង​ទំនៀម​ទម្លាប់​ផ្សេង​គ្នា​ក៏​ដោយ។ (​យ៉ូន. ១៥:​១៧​) សន្ដិភាព​នេះ​ផ្ដល់​ឱកាស​ឲ្យ​យើង​«​ធ្វើ​ល្អ​ដល់​មនុស្ស​ទាំង​អស់ ជា​ពិសេស​ដល់​បង​ប្អូន​រួម​ជំនឿ​របស់​យើង​»។ (​កាឡ. ៦:​១០​) សន្ដិភាព​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​និង​ជា​មួយ​បង​ប្អូន​រួម​ជំនឿ​គឺ​វិសេស​វិសាល​ណាស់ ដែល​យើង​ត្រូវ​ការពារ​ដើម្បី​កុំ​ឲ្យ​អ្វី​មក​បង្ខូច​សន្ដិភាព​នេះ​ឡើយ។ ដូច្នេះ សូម​ឲ្យ​យើង​ពិនិត្យ​មើល​នូវ​របៀប​ដែល​យើង​អាច​ខំ​ប្រឹង​រក្សា​ឲ្យ​មាន​សន្ដិភាព​នៅ​ក្នុង​ក្រុម​ជំនុំ។

ពេល​យើង​ជំពប់​ដួល

៤​. ពេល​យើង​ធ្វើ​ឲ្យ​បង​ប្អូន​ណា​ម្នាក់​ទើស​ចិត្ត តើ​យើង​អាច​ធ្វើ​យ៉ាង​ណា​ដើម្បី​ខំ​ប្រឹង​រក្សា​ឲ្យ​មាន​សន្ដិភាព?

យ៉ាកុប​ដែល​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ​បាន​សរសេរ​ថា​៖​«​យើង​ទាំង​អស់​គ្នា​ជំពប់​ដួល​ជា​ញឹក​ញយ។ ប្រសិនបើ​អ្នក​ណា​មិន​ដែល​ជំពប់​ដួល​ខាង​ពាក្យ​សម្ដី អ្នក​នោះ​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ​»។ (​យ៉ា. ៣:២​) អាស្រ័យ​ហេតុ​នេះ គំនិត​ខុស​គ្នា​និង​ការ​ខ្វែង​គំនិត​គ្នា​ប្រាកដជា​អាច​កើត​មាន​ឡើង​ក្នុង​ចំណោម​បង​ប្អូន​រួម​ជំនឿ។ (​ភី. ៤:២, ៣​) ក៏​ប៉ុន្តែ បញ្ហា​ដែល​កើត​ឡើង​រវាង​បង​ប្អូន​ពីរ​នាក់​គឺ​អាច​ដោះ​ស្រាយ​បាន ដោយ​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្ដិភាព​ក្នុង​ក្រុម​ជំនុំ​ទេ។ ជា​ឧទាហរណ៍ សូម​ពិចារណា​អំពី​ឱវាទ​ដែល​យើង​គួរ​ប្រព្រឹត្ត​តាម ពេល​យើង​ដឹង​ថា​យើង​បាន​ធ្វើ​ឲ្យ​បង​ប្អូន​ណា​ម្នាក់​ទើស​ចិត្ត។—សូម​អាន ម៉ាថាយ ៥:២៣, ២៤

៥​. ពេល​ដែល​មាន​បង​ប្អូន​ណា​ម្នាក់​ធ្វើ​ឲ្យ​យើង​ទើស​ចិត្ត តើ​យើង​អាច​ខំ​ប្រឹង​រក្សា​ឲ្យ​មាន​សន្ដិភាព​យ៉ាង​ដូច​ម្ដេច?

ចុះ​យ៉ាង​ណា​បើ​មាន​បង​ប្អូន​ណា​ម្នាក់​ធ្វើ​ឲ្យ​យើង​ទើស​ចិត្ត​វិញ? តើ​យើង​តម្រូវ​ឲ្យ​បង​ប្អូន​នោះ​មក​ជួប​យើង​ដើម្បី​សុំ​ការ​អភ័យទោស​ពី​យើង​ឬ​ទេ? កូរិនថូសទី១ ១៣:៥​ចែង​ថា​៖ ​«​សេចក្ដី​ស្រឡាញ់​មិន​ចាំ​ទុក​ក្នុង​ចិត្ត​នូវ​អ្វី​ដែល​គេ​ធ្វើ​ឲ្យ​យើង​ឈឺ​ចិត្ត​»​ទេ។ ពេល​គេ​ធ្វើ​ឲ្យ​យើង​ទើស​ចិត្ត យើង​ខំ​ប្រឹង​រក្សា​ឲ្យ​មាន​សន្ដិភាព​ដោយ​អភ័យទោស​ឲ្យ​គេ​និង​បំភ្លេច​រឿង​នោះ ពោល​គឺ​ដោយ​«​មិន​ចាំ​ទុក​ក្នុង​ចិត្ត​នូវ​អ្វី​ដែល​គេ​ធ្វើ​ឲ្យ​យើង​ឈឺ​ចិត្ត​»​ឡើយ។ (​សូម​អាន កូឡុស ៣:១៣) នេះ​ជា​វិធី​ដ៏​ល្អ​បំផុត​ពេល​មាន​កំហុស​តូច​តាច​កើត​ឡើង ព្រោះ​នេះ​ជួយ​ឲ្យ​មាន​សាមគ្គី​ភាព​ជា​មួយ​បង​ប្អូន​រួម​ជំនឿ​និង​មាន​សេចក្ដី​សុខសាន្ត។ សុភាសិត​ដ៏​ល្អ​មួយ​បាន​ចែង​ថា​មនុស្ស​បែប​នោះ​«​តែង​មាន​ចិត្ត​អរ​ដោយ​មិន​ប្រកាន់​ទោស​វិញ​»។—សុភ. ១៩:១១

៦​. បើ​មាន​បង​ប្អូន​ម្នាក់​ធ្វើ​អ្វី​មួយ​ដល់​យើង​ដែល​យើង​មិន​អាច​បំភ្លេច​បាន តើ​យើង​គួរ​ធ្វើ​អ្វី?

ចុះ​យ៉ាង​ណា​បើ​មាន​បង​ប្អូន​ម្នាក់​ធ្វើ​អ្វី​មួយ​ដល់​យើង​ដែល​យើង​មិន​អាច​បំភ្លេច​បាន? ការ​និយាយ​ប្រាប់​អ្នក​ឯ​ទៀត​មិន​មែន​ជា​ទង្វើ​ដែល​ប្រកប​ដោយ​ប្រាជ្ញា​ទេ។ ការ​និយាយ​ដើម​គេ​បែប​នេះ​គ្រាន់តែ​បង្ខូច​ដល់​សន្ដិភាព​របស់​ក្រុម​ជំនុំ​ប៉ុណ្ណោះ។ តើ​យើង​គួរ​ធ្វើ​អ្វី​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ? ម៉ាថាយ ១៨:១៥​ចែង​ថា​៖ ​«​ប្រសិនបើ​បង​ប្អូន​ណា​ម្នាក់​របស់​អ្នក​ធ្វើ​ខុស​អ្វី​មួយ ចូរ​ទៅ​ជួប​គាត់​ម្នាក់​ឯង ហើយ​លាត​ត្រដាង​កំហុស​របស់​គាត់។ បើ​គាត់​ស្ដាប់​អ្នក នោះ​អ្នក​បាន​បង​ប្អូន​នោះ​មក​វិញ​»។ ទោះ​ជា​ម៉ាថាយ ១៨:១៥​-​១៧​គឺ​ទាក់​ទង​នឹង​អំពើ​ខុស​ឆ្គង​ធ្ងន់ធ្ងរ​ក្ដី យើង​នៅ​តែ​អាច​ធ្វើ​តាម​គោលការណ៍​នៅ​ខ​១៥​ដែរ ដោយ​ទៅ​ជួប​បុគ្គល​ដែល​ធ្វើ​ខុស​នោះ​ម្នាក់​ឯង ហើយ​ខំ​ប្រឹង​ជានា​នឹង​គាត់​វិញ។ *

៧​. ហេតុ​អ្វី​យើង​ត្រូវ​ដោះ​ស្រាយ​បញ្ហា​ភ្លាម​ៗ​?

សាវ័ក​ប៉ូល​បាន​សរសេរ​ថា​៖ ​«​ពេល​ដែល​អ្នក​រាល់​គ្នា​ខឹង កុំ​ធ្វើ​ខុស។ កុំ​ទុក​កំហឹង​រហូត​ដល់​ថ្ងៃ​លិច​ឡើយ ហើយ​កុំ​ឲ្យ​មេកំណាច​មាន​ឱកាស​»។ (​អេភ. ៤:២៦, ២៧​) លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​កាល​ដែល​ធ្វើ​ដំណើរ​ទៅ​តុលាការ​ជា​មួយ​នឹង​អ្នក​ដែល​រក​ប្ដឹង​អ្នក ចូរ​ឆាប់​ដោះ​ស្រាយ​ជា​មួយ​នឹង​គាត់​»។ (​ម៉ាថ. ៥:២៥​) ដូច្នេះ ការ​ខំ​ប្រឹង​រក្សា​ឲ្យ​មាន​សន្ដិភាព​តម្រូវ​ឲ្យ​យើង​ដោះ​ស្រាយ​បញ្ហា​ភ្លាម​ៗ។ ហេតុ​អ្វី? ពីព្រោះ​ការ​ធ្វើ​ដូច្នេះ​មិន​ឲ្យ​បញ្ហា​តូច​តាច​ទៅ​ជា​ធំ ដែល​បញ្ហា​នោះ​ប្រៀប​ដូច​ជា​ដំបៅ បើ​យើង​មិន​ព្យាបាល វា​នឹង​ក្លាយ​កាន់​តែ​ធំ​ទៅ​ៗ។ សូម​កុំ​ឲ្យ​អំណួត ចិត្ត​ច្រណែន ឬ​ការ​ស្រឡាញ់​លុយ​រារាំង​យើង​ពី​ការ​ដោះ​ស្រាយ​បញ្ហា​នោះ​ភ្លាម​ៗ​ឡើយ។—យ៉ា. ៤:១​-​៦

ពេល​មាន​បញ្ហា​ដែល​ទាក់​ទង​នឹង​មនុស្ស​ច្រើន​នាក់

៨, ៩​. (​ក​) តើ​មាន​បញ្ហា​អ្វី​បាន​កើត​ឡើង​នៅ​សតវត្សរ៍​ទី​១​ក្នុង​ក្រុម​ជំនុំ​រ៉ូម? (​ខ​)​ ស្តី​អំពី​ជម្លោះ​របស់​ពួក​គេ តើ​ប៉ូល​បាន​ឲ្យ​ឱវាទ​អ្វី​ដល់​បង​ប្អូន​គ្រិស្ត​សាសនិក​នៅ​ទី​ក្រុង​រ៉ូម?

ជួនកាល​បញ្ហា​ដែល​កើត​ឡើង​ក្នុង​ក្រុម​ជំនុំ​មិន​គ្រាន់តែ​ទាក់​ទង​នឹង​មនុស្ស​ពីរ​នាក់​តែ​ប៉ុណ្ណោះ​ទេ តែ​ទាក់​ទង​នឹង​មនុស្ស​ច្រើន​នាក់​វិញ។ បញ្ហា​នេះ​ក៏​បាន​កើត​ឡើង​ចំពោះ​គ្រិស្ត​សាសនិក​នៅ​ទី​ក្រុង​រ៉ូម​ដែរ។ នៅ​ទី​នោះ​មាន​ជម្លោះ​រវាង​គ្រិស្ត​សាសនិកជន​ជាតិ​យូដា និង​សាសន៍​ដទៃ។ បង​ប្អូន​ខ្លះ​មាន​សមត្ថភាព​វិនិច្ឆ័យ​ខ្សោយ។ មាន​អ្វី​ៗ​ជា​ច្រើន​ដែល​សមត្ថភាព​វិនិច្ឆ័យ​របស់​ពួក​គេ​មិន​ឲ្យ​ពួក​គេ​ធ្វើ ទោះ​ជា​បទ​គម្ពីរ​មិន​បាន​ចែង​ថា​អ្វី​ៗ​ទាំង​នោះ​ខុស​ក៏​ដោយ។ បង​ប្អូន​ខ្លះ​ទៀត​មាន​សមត្ថភាព​វិនិច្ឆ័យ​ខ្លាំង។ ពួក​គេ​គិត​ថា​ខ្លួន​ប្រសើរ​ជាង​បង​ប្អូន​ដែល​មាន​សមត្ថភាព​វិនិច្ឆ័យ​ខ្សោយ។ បន្ថែម​ទៅ​ទៀត បង​ប្អូន​ដែល​មាន​សមត្ថភាព​វិនិច្ឆ័យ​ខ្សោយ​ចាប់​ផ្ដើម​ផ្ដន្ទា​ទោស​បង​ប្អូន​ដែល​មាន​សមត្ថភាព​វិនិច្ឆ័យ​ខ្លាំង។ ប៉ុន្តែ​ជម្លោះ​របស់​ពួក​គេ​សុទ្ធតែ​ទាក់​ទង​នឹង​ការ​សម្រេច​ចិត្ត​ផ្ទាល់​ខ្លួន​តែ​ប៉ុណ្ណោះ។ តើ​ប៉ូល​បាន​ឲ្យ​ឱវាទ​អ្វី​ដល់​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ​នោះ?—រ៉ូម ១៤:១​-​៦

បង​ប្អូន​ដែល​មាន​សមត្ថភាព​វិនិច្ឆ័យ​ខ្លាំង​បាន​យល់​ថា​ពួក​គេ​មិន​ចាំ​បាច់​ធ្វើ​តាម​ច្បាប់​របស់​ម៉ូសេ​ទេ។ ចំណែក​ឯ​បង​ប្អូន​ដែល​មាន​សមត្ថភាព​វិនិច្ឆ័យ​ខ្សោយ​បាន​គិត​ថា គឺជា​ការ​ខុស​ដែល​ឲ្យ​ពួក​គេ​ញ៉ាំ​អ្វី​ដែល​ច្បាប់​ម៉ូសេ​ហាមឃាត់។ ប៉ូល​បាន​ឲ្យ​ឱវាទ​ដល់​បង​ប្អូន​គ្រិស្ត​សាសនិក​ដែល​មាន​ជម្លោះ​នោះ​ទាំង​សង​ខាង។ ប៉ូល​បាន​ប្រាប់​ដល់​បង​ប្អូន​ដែល​មាន​សមត្ថភាព​វិនិច្ឆ័យ​ខ្លាំង​ឲ្យ​ឈប់​មើល​ងាយ​បង​ប្អូន​ឯ​ទៀត​ដែល​មាន​សមត្ថភាព​វិនិច្ឆ័យ​ខ្សោយ។ (​រ៉ូម ១៤:២, ១០​) នេះ​គឺ​ដោយ​សារ​ចិត្ត​គំនិត​និង​ការ​ប្រព្រឹត្ត​បែប​នេះ​អាច​ធ្វើ​ឲ្យ​បង​ប្អូន​ខ្លះ​ដែល​មាន​សមត្ថភាព​វិនិច្ឆ័យ​ខ្សោយ​ជំពប់​ដួល។ ប៉ូល​បាន​ដាស់​តឿន​ពួក​គេ​ថា​៖ ​«​ឈប់​បំផ្លាញ​ស្នា​ដៃ​របស់​ព្រះ​ព្រោះ​តែ​អាហារ . . . ជា​ការ​ល្អ​ប្រសិន​បើ​មិន​បរិភោគ​សាច់ ឬ​ផឹក​ស្រា ឬ​ធ្វើ​អ្វី​ក៏​ដោយ​ដែល​បណ្ដាល​ឲ្យ​បង​ប្អូន​របស់​អ្នក​ជំពប់​ដួល​»។ (​រ៉ូម ១៤:១៤, ១៥, ២០, ២១​) ផ្ទុយ​ទៅ​វិញ ប៉ូល​បាន​ឲ្យ​ឱវាទ​ដល់​បង​ប្អូន​គ្រិស្ត​សាសនិក​ដែល​មាន​សមត្ថភាព​វិនិច្ឆ័យ​ខ្សោយ​ថា កុំ​ឲ្យ​វិនិច្ឆ័យ​ពួក​អ្នក​ដែល​មាន​ទស្សនៈ​ទូលំ​ទូលាយ​ទុក​ដូច​ជា​ពួក​អ្នក​ដែល​មិន​ស្មោះ​ត្រង់​ឡើយ។ (​រ៉ូម ១៤:​១៣​) គាត់​បាន​ប្រាប់​ពួក​គេ​ថា​៖ ​«​កុំ​គិត​ថា​ខ្លួន​មាន​តម្លៃ​លើស​ពី​អ្វី​ដែល​ត្រូវ​គិត​»។ (​រ៉ូម ១២:៣​) ក្រោយ​ពី​គាត់​បាន​ឲ្យ​ឱវាទ​ដល់​ភាគី​ទាំង​សង​ខាង​នោះ ប៉ូល​បាន​សរសេរ​ថា​៖ ​«​ដូច្នេះ ចូរ​យើង​ស្វែងរក​អ្វី​ដែល​នាំ​ឲ្យ​មាន​សន្ដិភាព និង​អ្វី​ដែល​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ឲ្យ​មាន​ភាព​រឹង​មាំ​»។—រ៉ូម ១៤:១៩

១០​. ដូច​បង​ប្អូន​គ្រិស្ត​សាសនិក​នៅ​ទី​ក្រុង​រ៉ូម​ក្នុង​សតវត្សរ៍​ទី​១ តើ​យើង​ត្រូវ​ធ្វើ​អ្វី​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ដែល​មាន​នៅ​សព្វ​ថ្ងៃ​នេះ?

១០ យើង​អាច​ដឹង​ប្រាកដ​ថា​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ​នៅ​ទី​ក្រុង​រ៉ូម​ព្រម​ទទួល​ឱវាទ​របស់​ប៉ូល ហើយ​ពួក​គេ​បាន​កែប្រែ​ចំពោះ​អ្វី​ដែល​ចាំ​បាច់។ សព្វ​ថ្ងៃ​នេះ យើង​អាច​ដោះ​ស្រាយ​បញ្ហា​ជា​មួយ​នឹង​បង​ប្អូន​តាម​របៀប​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​បាន បើ​យើង​ធ្វើ​តាម​ឱវាទ​ដែល​មាន​ក្នុង​គម្ពីរ។ ដូច​គ្រិស្ត​សាសនិក​នៅ​ទី​ក្រុង​រ៉ូម បើ​មាន​បញ្ហា​កើត​ឡើង​នៅ​ក្នុង​ក្រុម​ជំនុំ​របស់​យើង​សព្វ​ថ្ងៃ នោះ​ពួក​អ្នក​ដែល​រួម​ចំណែក​ក្នុង​បញ្ហា​នេះ​ត្រូវ​កែប្រែ​ដើម្បី​«​រក្សា​ឲ្យ​មាន​មេត្រី​ភាព​នឹង​គ្នា​ជា​និច្ច​»។—ម៉ាក. ៩:៥០

ពេល​គេ​សុំ​ឲ្យ​យើង​ជួយ

១១​. បើ​មាន​បង​ប្អូន​ណា​ម្នាក់​ចង់​និយាយ​ជា​មួយ​អ្នក​ចាស់​ទុំ​អំពី​ជម្លោះ​ដែល​គាត់​មាន​ជា​មួយ​នឹង​បង​ប្អូន​រួម​ជំនឿ តើ​អ្នក​ចាស់​ទុំ​គួរ​ធ្វើ​យ៉ាង​ណា?

១១ ចុះ​យ៉ាង​ណា​បើ​មាន​បង​ប្អូន​គ្រិស្ត​សាសនិក​ណា​ម្នាក់​ចង់​និយាយ​ជា​មួយ​អ្នក​ចាស់​ទុំ​អំពី​បញ្ហា​ដែល​គាត់​មាន​ជា​មួយ​នឹង​ញាតិ​សន្ដាន ឬ​ជា​មួយ​បង​ប្អូន​រួម​ជំនឿ​ណា​ម្នាក់? សុភាសិត ២១:១៣​ចែង​ថា​៖ ​«​អ្នក​ណា​ដែល​ចុក​ត្រចៀក​មិន​ស្ដាប់​ពាក្យ​អំពាវ​នាវ​របស់​មនុស្ស​ទាល់​ក្រ អ្នក​នោះ​ឯង​នឹង​ត្រូវ​អំពាវ​នាវ​ដែរ តែ​មិន​មាន​អ្នក​ណា​ស្ដាប់​ឡើយ​»។ ដូច្នេះ អ្នក​ចាស់​ទុំ​ប្រាកដជា​នឹង​មិន​«​ចុក​ត្រចៀក​»​របស់​គាត់​ទេ។ ក៏​ប៉ុន្តែ សុភាសិត​មួយ​ទៀត​ព្រមាន​ថា​៖ ​«​អ្នក​ណា​ដែល​និយាយ​មុន​គេ​ក្នុង​ការ​ក្ដី នោះ​មើល​ទៅ​ដូច​ជា​ត្រឹម​ត្រូវ​ហើយ តែ​គូ​ក្ដី​របស់​អ្នក​នោះ​មក​បើក​សំ​ដែង​ឲ្យ​ឃើញ​កំហុស​វិញ​»។ (​សុភ. ១៨:​១៧​) អ្នក​ចាស់​ទុំ​គួរ​ស្ដាប់​ដោយ​យក​ចិត្ត​ទុក​ដាក់ ប៉ុន្តែ​គាត់​ត្រូវ​ប្រុង​ប្រយ័ត្ន​ដើម្បី​មិន​កាន់​ជើង​ខាង​អ្នក​ដែល​មក​ប្រាប់​រឿង​នោះ​ទេ។ ក្រោយ​ពី​ស្ដាប់​រឿង​នោះ​ហើយ អ្នក​ចាស់​ទុំ​ទំនង​ជា​នឹង​សួរ​បង​ប្អូន​នោះ​ថា តើ​គាត់​បាន​និយាយ​ជា​មួយ​នឹង​អ្នក​ដែល​ធ្វើ​ឲ្យ​គាត់​ឈឺ​ចិត្ត​នោះ​ហើយ​ឬ​នៅ? អ្នក​ចាស់​ទុំ​ក៏​ប្រហែលជា​លើក​ឡើង​អំពី​ជំហាន​ផ្សេង​ៗ​ដែល​មាន​ចែង​ក្នុង​បទ​គម្ពីរ ដែល​បង​ប្អូន​នោះ​អាច​ធ្វើ​តាម​ដើម្បី​រក្សា​ឲ្យ​មាន​សន្ដិភាព​ជា​មួយ​បង​ប្អូន​រួម​ជំនឿ។

១២​. សូម​រៀប​រាប់​អំពី​គំរូ​ដែល​បញ្ជាក់​នូវ​គ្រោះ​ថ្នាក់​ដែល​មក​ពី​ការ​ប្រព្រឹត្ត​រហ័ស​ពេក​ក្រោយ​ពី​ស្ដាប់​រឿង​តែ​ម្ខាង។

១២ គំរូ​បី​យ៉ាង​ក្នុង​គម្ពីរ​បញ្ជាក់​អំពី​គ្រោះ​ថ្នាក់​ដែល​មក​ពី​ការ​ប្រព្រឹត្ត​រហ័ស​ពេក​ក្រោយ​ពី​ស្ដាប់​រឿង​តែ​ម្ខាង។ គំរូ​ទី​១ ប៉ូទីផារ​បាន​ជឿ​រឿង​ដែល​ប្រពន្ធ​របស់​គាត់​ប្រាប់​ស្តី​អំពី​យ៉ូសែប​ថា​គាត់​ប៉ុនប៉ង​រំលោភ​នាង។ ប៉ូទីផារ​ខឹង​ខ្លាំង​ដល់​ម្ល៉េះ ដែល​គាត់​បាន​ចាប់​យ៉ូសែប​យក​ទៅ​ដាក់​គុក។ (​លោ. ៣៩:១៩, ២០​) គំរូ​ទី​២ ស្តេច​ដាវីឌ​បាន​ជឿ​សម្ដី​របស់​ស៊ី​បា​ដែល​ថា ម​ភី​បូ​សែត​ដែល​ជា​ចៅហ្វាយ​របស់​គាត់​បាន​ចូល​ដៃ​ខាង​សត្រូវ​របស់​ដាវីឌ។ ដាវីឌ​បាន​ឆ្លើយ​ភ្លាម​ៗ​ថា​៖ ​«​នែ! របស់​ទ្រព្យ​ទាំង​ប៉ុន្មាន​នៃ​មភីបូសែត​ជា​របស់​ផង​ឯង​វិញ​»។ (​២សាំ. ១៦:៤; ១៩:​២៥​-​២៧​) គំរូ​ទី​បី គឺ​បាន​កើត​ឡើង​ដល់​ស្តេច​អើថាស៊ើកសេស។ សត្រូវ​របស់​ជន​ជាតិ​យូដា​ប្រាប់​ស្តេច​ថា​ប្រជាជន​យូដា​សាងសង់​កំផែង​ក្រុង​យេរូសាឡិម​ឡើង​វិញ ដើម្បី​បះបោរ​នឹង​ចក្រភព​ពើ​ស៊ី។ នៅ​ពេល​នោះ ស្តេច​បាន​ជឿ​ពាក្យ​កុហក​នោះ ហើយ​ចេញ​បង្គាប់​ឲ្យ​ឈប់​សាងសង់​ក្រុង​យេរូសាឡិម​ទៀត។ ជា​លទ្ធផល ជន​ជាតិ​យូដា​បញ្ឈប់​ការ​សាងសង់​វិហារ​របស់​ព្រះ។ (​អែស. ៤:១១​-​១៣, ២៣, ២៤​) ពួក​គ្រិស្ត​សាសនិក​ដែល​ជា​អ្នក​ចាស់​ទុំ​គួរ​ធ្វើ​តាម​ឱវាទ​របស់​ប៉ូល​ដែល​ប្រាប់​ធីម៉ូថេ​ថា​គាត់​គួរ​គិត​ឲ្យ​បាន​សព្វ​គ្រប់​មុន​នឹង​វិនិច្ឆ័យ។—សូម​អាន ធីម៉ូថេទី១ ៥:២១

១៣, ១៤​. (​ក​) ពេល​ដែល​មាន​ជម្លោះ​រវាង​បុគ្គល​ពីរ​នាក់ តើ​យើង​ត្រូវ​ចង​ចាំ​អំពី​អ្វី? (​ខ​)​ តើ​អ្វី​អាច​ជួយ​ពួក​អ្នក​ចាស់​ទុំ​ឲ្យ​វិនិច្ឆ័យ​យ៉ាង​ត្រឹម​ត្រូវ?

១៣ ទោះ​ជា​យើង​គិត​ថា តាម​មើល​ទៅ​ដំណើរ​រឿង​បាន​ត្រូវ​លាត​ត្រដាង​ហើយ​ក៏​ដោយ គឺ​សំខាន់​ចាំ​បាច់​ណាស់​ដែល​យើង​ទទួល​ស្គាល់​ថា​«​ប្រសិនបើ​អ្នក​ណា​គិត​ថា​ខ្លួន​ចេះ​ដឹង​អំពី​រឿង​ណា​មួយ អ្នក​នោះ​មិន​ទាន់​ចេះ​ដឹង​អំពី​រឿង​នោះ​តាម​ដែល​គួរ​ចេះ​ដឹង​នោះ​ទេ​»។ (​១កូ. ៨:​២​) តើ​យើង​ពិត​ជា​ដឹង​ព័ត៌មាន​ទាំង​អស់​ដែល​នាំ​ឲ្យ​កើត​មាន​ជម្លោះ​នោះ​ឬ​ទេ? តើ​យើង​អាច​យល់​យ៉ាង​ពេញ​លេញ​អំពី​ស្ថានភាព​ដែល​ភាគី​ទាំង​ពីរ​នោះ​បាន​ធំ​ឡើង​ឬ​ទេ? ពេល​មាន​គេ​សុំ​ឲ្យ​ពួក​អ្នក​ចាស់​ទុំ​ជួយ​វិនិច្ឆ័យ គឺ​ចាំ​បាច់​ណាស់​ដែល​ពួក​គាត់​មិន​ឲ្យ​គេ​បំភាន់​ដោយ​សារ​រឿង​មិន​ពិត កលល្បិច ឬ​រឿង​ចចាមអារ៉ាម​ឡើយ! លោក​យេស៊ូ​គ្រិស្ត​ជា​ចៅ​ក្រម​ដែល​ព្រះ​បាន​តែង​តាំង លោក​វិនិច្ឆ័យ​ដោយ​សុចរិត។ លោក​មិន​វិនិច្ឆ័យ​«​តាម​ភ្នែក​មើល​ឃើញ ឬ​សំ​រេច​សេចក្ដី​តាម​ត្រចៀក​ស្ដាប់​ឮ​នោះ​ឡើយ​»។ (​អេ. ១១:៣, ៤​) ផ្ទុយ​ទៅ​វិញ លោក​យេស៊ូ​បាន​ឲ្យ​សកម្មពល​បរិសុទ្ធ​របស់​ព្រះ​យេហូវ៉ា​ដឹក​នាំ​លោក។ ដូច្នេះ ពួក​អ្នក​ចាស់​ទុំ​ក៏​ត្រូវ​ឲ្យ​សកម្មពល​បរិសុទ្ធ​របស់​ព្រះ​ដឹក​នាំ​ពួក​គេ​ដែរ។

១៤ មុន​វិនិច្ឆ័យ​ឲ្យ​បង​ប្អូន​រួម​ជំនឿ ពួក​អ្នក​ចាស់​ទុំ​ត្រូវ​អធិដ្ឋាន​សុំ​ជំនួយ​ពី​សកម្មពល​របស់​ព្រះ​យេហូវ៉ា និង​ពឹង​ផ្អែក​លើ​ការ​ណែនាំ​ពី​សកម្មពល​នោះ ដោយ​ពិចារណា​មើល​បណ្ដាំ​របស់​ព្រះ និង​សៀវភៅ​នានា​ដែល​ក្រុម​នៃ​ខ្ញុំ​បម្រើ​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា​បាន​រៀបចំ​ឡើង។—ម៉ាថ. ២៤:៤៥

យើង​ត្រូវ​រក្សា​ឲ្យ​មាន​សន្ដិភាព​ជា​មួយ​នឹង​ព្រះ

១៥​. តើ​ពេល​ណា​យើង​គួរ​ប្រាប់​ពួក​អ្នក​ចាស់​ទុំ​អំពី​អំពើ​ខុស​ឆ្គង​ធ្ងន់ធ្ងរ​ដែល​យើង​បាន​ដឹង?

១៥ គម្ពីរ​បាន​ដាស់​តឿន​យើង​ជា​គ្រិស្ត​សាសនិក​ឲ្យ​ខំ​ប្រឹង​រក្សា​ឲ្យ​មាន​សន្ដិភាព។ ក៏​ប៉ុន្តែ គម្ពីរ​បាន​ចែង​ថា​៖ ​«​ប្រាជ្ញា​ពី​ស្ថាន​លើ​វិញ ដំបូង​បង្អស់​គឺ​បរិសុទ្ធ រួច​ធ្វើ​ឲ្យ​មាន​សន្ដិភាព​»។ (​យ៉ា. ៣:១៧​) ដូច្នេះ អ្វី​ដែល​សំខាន់​បំផុត យើង​ត្រូវ​រក្សា​ភាព​បរិសុទ្ធ ពោល​គឺ​ការ​ធ្វើ​តាម​ខ្នាត​តម្រា​សីលធម៌​ដ៏​ស្អាត​ស្អំ និង​រស់​នៅ​សម​ស្រប​តាម​តម្រូវ​ការ​ដ៏​សុចរិត​របស់​ព្រះ។ បើ​គ្រិស្ត​សាសនិក​ម្នាក់​ដឹង​ថា​បង​ប្អូន​រួម​ជំនឿ​ធ្វើ​ខុស​អ្វី​មួយ គាត់​គួរតែ​លើក​ទឹក​ចិត្ត​បង​ប្អូន​នោះ​ឲ្យ​សារភាព​កំហុស​ដល់​ពួក​អ្នក​ចាស់​ទុំ។ (​១កូ. ៦:៩, ១០; យ៉ា. ៥:១៤​-​១៦​) ប្រសិនបើ​អ្នក​ដែល​ធ្វើ​ខុស​នោះ​មិន​ព្រម​ធ្វើ​ដូច្នេះ គ្រិស្ត​សាសនិក​ដែល​ដឹង​រឿង​នោះ​គួរ​ប្រាប់​អ្នក​ចាស់​ទុំ​ឲ្យ​ដឹង។ ការ​មិន​ធ្វើ​ដូច្នេះ​ដោយ​សារ​គាត់​ចង់​រក្សា​ឲ្យ​មាន​សន្ដិភាព​ជា​មួយ​នឹង​បុគ្គល​ដែល​ធ្វើ​ខុស​ក៏​មាន​ន័យ​ថា​សម​គំនិត​ជា​មួយ​នឹង​គាត់​ដែរ។—សូម​អាន លេវីវិន័យ ៥:១; សុភ. ២៩:២៤

១៦​. តើ​យើង​អាច​រៀន​អ្វី​ពី​ការ​ប្រព្រឹត្ត​របស់​យេហ៊ូវ​ចំពោះ​ស្តេច​យ៉ូរ៉ាម?

១៦ កំណត់​ហេតុ​មួយ​ដែល​ទាក់​ទង​នឹង​យេហ៊ូវ​បាន​បង្ហាញ​ថា សេចក្ដី​សុចរិត​របស់​ព្រះ​គួរ​មាន​អាទិភាព​ជាង​ការ​រក្សា​ឲ្យ​មាន​សន្ដិភាព​ជា​មួយ​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ដោយ​មិន​ប្រែ​ចិត្ត។ ព្រះ​បាន​ចាត់​យេហ៊ូវ​ឲ្យ​ទៅ​ប្រហារ​ជីវិត​ពួក​អ្នក​ផ្ទះ​របស់​ស្តេច​អ័ហាប់។ ស្តេច​យ៉ូរ៉ាម​ដែល​ជា​ស្តេច​ដ៏​អាក្រក់ និង​ជា​កូន​របស់​អ័ហាប់​និង​យេសិបិល បាន​ជិះ​រទេះ​របស់​គាត់​មក​ជួប​នឹង​យេហ៊ូវ ហើយ​និយាយ​ថា​៖​«​យេហ៊ូវ​អើយ! តើ​អ្នក​មក​ដោយ​មេត្រី​ឬ?​»។ តើ​យេហ៊ូវ​បាន​តប​ឆ្លើយ​យ៉ាង​ណា? គាត់​ឆ្លើយ​ថា​៖ ​«​កំពុង​ដែល​មាន​សេចក្ដី​កំផិត នឹង​មន្តអាគម​របស់​យេសិបិល ជា​មាតា​ទ្រង់​ជា​ច្រើន​ម្ល៉េះ នោះ​តើ​នឹង​មាន​សេចក្ដី​មេត្រី​ឯ​ណា​បាន?​»។ (​២ព. ៩:២២​) នៅ​ពេល​នោះ យេហ៊ូវ​បាន​បាញ់​ព្រួញ​ចំ​ដើម​ទ្រូង​របស់​យ៉ូរ៉ាម។ ដូច​អ្វី​ដែល​យេហ៊ូវ​បាន​ធ្វើ ពួក​អ្នក​ចាស់​ទុំ​មិន​ត្រូវ​បន្ធូរ​បន្ថយ​ឲ្យ​អ្នក​ដែល​មិន​ព្រម​ប្រែ​ចិត្ត​បន្ត​នៅ​ក្នុង​ក្រុម​ជំនុំ ដើម្បី​គ្រាន់តែ​រក្សា​ឲ្យ​មាន​សន្ដិភាព​ជា​មួយ​ពួក​គេ​នោះ​ទេ។ ពួក​អ្នក​ចាស់​ទុំ​ត្រូវ​បណ្ដាច់​មិត្តភាព​ពួក​គេ ដើម្បី​ឲ្យ​ក្រុម​ជំនុំ​អាច​បន្ត​មាន​សន្ដិភាព​ជា​មួយ​ព្រះ។—១កូ. ៥:១, ២, ១១​-​១៣

១៧​. តើ​គ្រិស្ត​សាសនិក​ទាំង​ឡាយ​ត្រូវ​ធ្វើ​យ៉ាង​ណា​ដើម្បី​ខំ​ប្រឹង​រក្សា​ឲ្យ​មាន​សន្ដិភាព?

១៧ ជម្លោះ​ភាគ​ច្រើន​ដែល​កើត​ឡើង​រវាង​បង​ប្អូន​រួម​ជំនឿ មិន​រួម​បញ្ចូល​ក្នុង​អំពើ​ខុស​ឆ្គង ដែល​តម្រូវ​ឲ្យ​ពួក​អ្នក​ចាស់​ទុំ​បង្កើត​ឲ្យ​មាន​គណៈកម្មាធិការ​វិនិច្ឆ័យ​ដើម្បី​ដោះ​ស្រាយ​រឿង​នោះ​ទេ។ ដូច្នេះ ជា​ការ​ល្អ​ឲ្យ​យើង​បង្ហាញ​សេចក្ដី​ស្រឡាញ់ និង​បំភ្លេច​កំហុស​របស់​បង​ប្អូន​យើង​វិញ។ បណ្ដាំ​របស់​ព្រះ​ចែង​ថា​៖ ​«​អ្នក​ណា​ដែល​គ្រប​បាំង​សេចក្ដី​កំហុស​របស់​អ្នក​ដទៃ នោះ​ជា​អ្នក​ស្វែងរក​សេចក្ដី​រាប់​អាន​គ្នា តែ​អ្នក​ណា​ដែល​ចេះ​តែ​និយាយ​សាំ​ពី​ការ​នោះ នឹង​នាំ​ឲ្យ​មិត្រ​សំឡាញ់​បាក់បែក​គ្នា​វិញ​»។ (​សុភ. ១៧:៩​) ការ​ធ្វើ​តាម​ពាក្យ​ទាំង​នេះ​នឹង​ជួយ​យើង​ទាំង​អស់​គ្នា​រក្សា​ឲ្យ​មាន​សន្ដិភាព​ក្នុង​ក្រុម​ជំនុំ ថែម​ទាំង​រក្សា​ឲ្យ​មាន​ចំណង​មិត្តភាព​ល្អ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​ផង​ដែរ។—ម៉ាថ. ៦:​១៤, ១៥

ការ​ខំ​ប្រឹង​ ដើម្បី​រក្សា​ឲ្យ​មាន​សន្ដិភាព​នាំ​ឲ្យ​យើង​ទទួល​ពរ

១៨, ១៩​. ពេល​ដែល​យើង​ខំ​ប្រឹង​រក្សា​ឲ្យ​មាន​សន្ដិភាព តើ​ព្រះ​យេហូវ៉ា​នឹង​ឲ្យ​ពរ​ដល់​យើង​យ៉ាង​ដូច​ម្ដេច?

១៨ ការ​ខំ​ស្វែងរក​«​អ្វី​ដែល​នាំ​ឲ្យ​មាន​សន្ដិភាព​»​នាំ​ឲ្យ​យើង​ទទួល​ពរ​យ៉ាង​បរិបូរ។ យើង​មាន​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា ហើយ​យើង​ក៏​រួម​ចំណែក​ក្នុង​ការ​រក្សា​ឲ្យ​មាន​សាមគ្គី​ភាព​នៅ​ក្នុង​ក្រុម​ជំនុំ​ដែរ។ ការ​រក្សា​ឲ្យ​មាន​សន្ដិភាព​នៅ​ក្នុង​ក្រុម​ជំនុំ ក៏​ជួយ​យើង​ឲ្យ​រក​វិធី​ផ្សេង​ៗ​ដើម្បី​រក្សា​ឲ្យ​មាន​សន្ដិភាព​ជា​មួយ​នឹង​ពួក​អ្នក​ដែល​យើង​ត្រូវ​«​ផ្សាយ​ដំណឹង​ល្អ​អំពី​សេចក្ដី​សុខសាន្ត​»​ដែរ។ (​អេភ. ៦:​១៥​) ជា​ការ​ប្រសើរ​ណាស់​ដែល​យើង​ប្រុង​ប្រៀប​ខ្លួន​ដើម្បី​‹ប្រព្រឹត្ត​ដោយ​សុភាព​ចំពោះ​មនុស្ស​ទាំង​អស់ និង​ចេះ​ទប់​ចិត្ត​ពេល​ដែល​រង​ការ​អាក្រក់›។—២ធី. ២:២៤

១៩ សូម​ចង​ចាំ​ដែរ​ថា​«​មនុស្ស​សុចរិត​និង​មនុស្ស​មិន​សុចរិត​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​»។ (​សកម្ម. ២៤:១៥​) ពេល​ដែល​សេចក្ដី​សង្ឃឹម​នេះ​បាន​សម្រេច​នៅ​ផែនដី នោះ​មនុស្ស​រាប់​លាន​នាក់​ដែល​មក​ពី​មជ្ឈដ្ឋាន​ខុស​ពី​គ្នា ហើយ​មាន​ចរិត​លក្ខណៈ និង​បុគ្គលិក​លក្ខណៈ​ខុស​ៗ​ពី​គ្នា​នឹង​មាន​ជីវិត​រស់​ឡើង​ម្ដង​ទៀត សូម្បី​តែ​ពួក​អ្នក​ដែល​ធ្លាប់​រស់​នៅ​តាំង​ពី​«​កំណើត​ពិភព​លោក​មក​»​ក៏​ដោយ! (​លូក. ១១:​៥០, ៥១​) ការ​បង្រៀន​មនុស្ស​ដែល​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ឲ្យ​ស្រឡាញ់​សន្ដិភាព​គឺ​ពិត​ជា​ឯកសិទ្ធិ​មែន។ ដូច្នេះ ការ​បង្វឹក​បង្ហាត់​ដែល​យើង​ទទួល​នៅ​សព្វ​ថ្ងៃ​នេះ នឹង​ជួយ​យើង​យ៉ាង​ច្រើន​នៅ​គ្រា​នោះ!

[​កំណត់​សម្គាល់​]

^ វគ្គ 6 ដើម្បី​ទទួល​ការ​ណែនាំ​ពី​គម្ពីរ​ស្តី​អំពី​ការ​ប្រព្រឹត្ត​ចំពោះ​បុគ្គល​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់ធ្ងរ ដូច​ជា​ការ​និយាយ​បង្កាច់​បង្ខូច​គេ និង​បោកប្រាស់​គេ សូម​មើល​ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០០០ ទំព័រ​២៧​-​៣២

តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ?

• ពេល​យើង​ធ្វើ​ឲ្យ​បង​ប្អូន​ណា​ម្នាក់​ទើស​ចិត្ត តើ​យើង​អាច​ធ្វើ​យ៉ាង​ណា​ដើម្បី​ខំ​ប្រឹង​រក្សា​ឲ្យ​មាន​សន្ដិភាព?

• ពេល​ដែល​មាន​បង​ប្អូន​ណា​ម្នាក់​ធ្វើ​ឲ្យ​យើង​ទើស​ចិត្ត តើ​យើង​គួរ​ធ្វើ​អ្វី​ដើម្បី​រក្សា​ឲ្យ​មាន​សន្ដិភាព?

• ពេល​មាន​ជម្លោះ​រវាង​បង​ប្អូន​រួម​ជំនឿ តើ​យើង​ត្រូវ​ចង​ចាំ​អំពី​អ្វី?

• ហេតុ​អ្វី​ជា​ការ​សំខាន់​ជាង​ដែល​យើង​ត្រូវ​ធ្វើ​នូវ​អ្វី​ដែល​ត្រឹម​ត្រូវ ជា​ជាង​រក្សា​ឲ្យ​មាន​សន្ដិភាព​ជា​មួយ​នឹង​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ដែល​មិន​ប្រែ​ចិត្ត?

[​សំណួរ​សម្រាប់​វគ្គ​នីមួយ​ៗ​]

[​រូបភាព​នៅ​ទំព័រ​២៨​]

ព្រះ​យេហូវ៉ា​ស្រឡាញ់​ពួក​អ្នក​ដែល​អភ័យទោស​ឲ្យ​អ្នក​ឯ​ទៀត​ដោយ​គ្មាន​ល័ក្ខខ័ណ្ឌ