លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ទំនាយទី៦ ការផ្សព្វផ្សាយនៅទូទាំងពិភពលោក

ទំនាយទី៦ ការផ្សព្វផ្សាយនៅទូទាំងពិភពលោក

ទំនាយ​ទី​៦ ការ​ផ្សព្វ​ផ្សាយ​នៅ​ទូ​ទាំង​ពិភព​លោក

​«​ដំណឹង​ល្អ​នេះ​អំពី​រាជាណាចក្រ​នឹង​ត្រូវ​ផ្សព្វ​ផ្សាយ នៅ​គ្រប់​ទី​អាស្រ័យ​នៅ​ផែនដី​»។—ម៉ាថាយ ២៤:១៤

● វ៉ា​យ​អា​ធី​រស់​នៅ​កោះ​ដាច់​ស្រយាល​មួយ​ក្នុង​ប្រជុំ​កោះ​ធូ​អា​ម៉ូ​ទូ នៅ​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វ្រិ​ក។ ទោះ​ជា​ប្រជុំ​កោះ​ធូ​អា​ម៉ូ​ទូ​មាន​កោះ​ផ្កា​ថ្ម​ជិត​៨០​ដែល​លាត​សន្ធឹង​ជាង​៨សែន​គីឡូ​ម៉ែត្រការ៉េ​ក៏​ដោយ តែ​មាន​មនុស្ស​ប្រហែល​១៦.០០០​នាក់​តែ​ប៉ុណ្ណោះ​ដែល​រស់​នៅ​កោះ​ទាំង​នោះ។ ប៉ុន្តែ សាក្សី​ព្រះ​យេហូវ៉ា​នៅ​តែ​បាន​មក​ជួប​វ៉ា​យ​អា​ធី​និង​អ្នក​ជិត​ខាង​របស់​គាត់។ ហេតុ​អ្វី? ពីព្រោះ​ពួក​សាក្សី​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​មនុស្ស​ទាំង​អស់​ដឹង​អំពី​ដំណឹង​រាជាណាចក្រ​របស់​ព្រះ មិន​ថា​ពួក​គេ​រស់​នៅ​កន្លែង​ណា​ក៏​ដោយ។

តើ​ហេតុ​ការណ៍​ពិត​បង្ហាញ​អំពី​អ្វី​ខ្លះ? ដំណឹង​អំពី​រាជាណាចក្រ​ព្រះ​បាន​ត្រូវ​ផ្សព្វ​ផ្សាយ​នៅ​គ្រប់​ទី​កន្លែង​នៅ​លើផែនដី​នេះ។ គ្រាន់តែ​នៅ​ឆ្នាំ​២០១០ ពួក​សាក្សី​ព្រះ​យេហូវ៉ា​បាន​ចំណាយ​ពេល​ជាង​១.៦០០​លាន​ម៉ោង​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​នេះ​នៅ២៣៦​ប្រទេស។ បើ​គិត​ជា​មធ្យម សាក្សី​ម្នាក់​ៗ​បាន​ផ្សព្វ​ផ្សាយ​៣០​នាទី​ជា​រៀង​រាល់​ថ្ងៃ។ ១០​ឆ្នាំ​កន្លង​ទៅ​នេះ ពួក​គេ​បាន​បោះពុម្ព​និង​ចែក​ចាយ​សៀវភៅ​ដែល​បង្រៀន​អំពី​គម្ពីរ​ជាង២០.០០០​លាន​ក្បាល។

តើ​គេ​ចូល​ចិត្ត​ប្រកែក​យ៉ាង​ណា? ដំណឹង​ដែល​មាន​ក្នុង​គម្ពីរ​បាន​ផ្សព្វ​ផ្សាយ​អស់​រាប់​ពាន់​ឆ្នាំ​មក​ហើយ។

តើ​ការ​ប្រកែក​នេះ​សម​ហេតុ​សម​ផល​ឬ​ទេ? ពិត​មែន មនុស្ស​ជា​ច្រើន​បាន​ផ្សព្វ​ផ្សាយ​អំពី​ដំណឹង​ក្នុង​គម្ពីរ។ ប៉ុន្តែ មនុស្ស​ភាគ​ច្រើន​បាន​ធ្វើ​កិច្ចការ​នេះ​គ្រាន់តែ​មួយ​រយៈ​ពេល​ខ្លី និង​នៅ​តំបន់​តូច​ៗ​តែ​ប៉ុណ្ណោះ។ ផ្ទុយ​ទៅវិញ សាក្សី​ព្រះ​យេហូវ៉ា​បំពេញ​កិច្ច​ផ្សព្វ​ផ្សាយ​នៅ​ទូ​ទាំង​ពិភព​លោក​ដល់​មនុស្ស​រាប់​រយ​លាន​នាក់​ដោយ​មាន​របៀប​រៀប​រយ។ សាក្សី​ព្រះ​យេហូវ៉ា​បាន​តស៊ូ​ដើម្បី​បំពេញ​កិច្ចការ​ផ្សព្វ​ផ្សាយ​របស់​ពួក​គេ សូម្បីតែ​មាន​ការ​ប្រឆាំង​យ៉ាង​ខ្លាំង​ពី​អង្គការ​ដែល​មាន​អំណាច​និង​សាហាវ​ព្រៃផ្សៃ​ក្នុង​ប្រវត្ដិសាស្ត្រ​មនុស្ស​យ៉ាង​ណា​ក៏​ដោយ។ * (​ម៉ាកុស ១៣:១៣​) បន្ថែម​ទៅ​ទៀត សាក្សី​ព្រះ​យេហូវ៉ា​ធ្វើ​កិច្ចការ​នេះ​ដោយ​គ្មាន​ប្រាក់​កម្រៃ​អ្វី​ឡើយ។ ប៉ុន្តែ​ពួក​គេ​ស្ម័គ្រ​ចិត្ត​លះ​បង់​ពេល​វេលា​របស់​ពួក​គេ​ផ្ទាល់ ហើយ​ពួក​គេ​ជូន​សៀវភៅ​ដល់​មនុស្ស​ដោយ​ឥត​គិត​ថ្លៃ។ ការ​ផ្សព្វ​ផ្សាយ​នេះ​បាន​ត្រូវ​គាំទ្រ​ដោយ​វិភាគ​ទាន​ស្ម័គ្រ​ពី​ចិត្ត។

តើ​លោក​អ្នក​គិត​យ៉ាង​ណា? តើ​‹ដំណឹង​ល្អ​អំពី​រាជាណាចក្រ›​កំពុង​ផ្សព្វ​ផ្សាយ​នៅ​ទូ​ទាំង​ពិភព​លោក​នេះ​ឬ​ទេ? តើ​ការ​សម្រេច​នៃ​ទំនាយ​នេះ​បង្ហាញ​ថា​បន្ដិច​ទៀត​នឹង​មាន​អ្វី​ៗ​ដ៏​ល្អ​កើត​ឡើង​ឬ​ទេ?

[​កំណត់សម្គាល់​]

^ វគ្គ 6 ដើម្បី​ទទួល​ព័ត៌​មាន​បន្ថែម សូម​មើល​វីដេអូ​បីដែល​ជា​ប្រវត្ដិសាស្ត្រ​របស់​សាក្សី​ព្រះ​យេហូវ៉ា​ជា​ភាសា​អង់គ្លេស ដែល​មាន​ចំណង​ជើង​ថា​«​នៅ​ស្មោះ​ត្រង់​ទោះ​ជា​ជួប​ទុក្ខ​លំបាក​»​ ​«​ត្រី​កោណ​ពណ៌​ស្វាយ​»​ និង​«​សាក្សី​ព្រះ​យេហូវ៉ា​កាន់​ជំហរ​មាំ​មួន​នឹង​ការ​ប្រយុទ្ធ​ពី​របប​ណាត្ស៊ី​»។

[​ឃ្លា​អក្សរ​ធំ​នៅ​ទំព័រ​៩​]

​«​ដរាប​ណា​ព្រះ​យេហូវ៉ា​អនុញ្ញាត​ឲ្យ​យើង នោះ​យើង​នឹង​បន្ត​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​អំពីរាជាណាចក្រ​ដោយ​ចិត្ត​ខ្នះខ្នែង ហើយដោយ​ប្រើ​គ្រប់​មធ្យោបាយ​ទាំង​អស់​ដើម្បី​ផ្សព្វ​ផ្សាយ​ដល់​មនុស្ស​»។—សៀវភៅ​ប្រចាំ​ឆ្នាំ​នៃ​សាក្សី​ព្រះ​យេហូវ៉ា​ឆ្នាំ២០១០