ទំនាយទី៥ ការបង្ខូចផែនដី
ទំនាយទី៥ ការបង្ខូចផែនដី
«[ព្រះនឹង]បំផ្លាញពួកអ្នកដែលកំពុងបង្ខូចផែនដី»។—ការបើកបង្ហាញ ១១:១៨
● ពីរីជាអ្នកឡើងត្នោតនៅភូមិខ្ពរក្នុងប្រទេសនីហ្សេរីយ៉ាដើម្បីយកទឹកវាមកធ្វើស្រា។ មុខរបររបស់គាត់បានត្រូវបំផ្លិចបំផ្លាញដោយសារកប៉ាល់បានធ្លាយប្រេង ហើយហូរចូលក្នុងដីសណ្ដទន្លេនីស៊េ។ គាត់បាននិយាយថា៖ «វាបានសម្លាប់ត្រី បង្ខូចស្បែកយើង និងទឹកអូររបស់យើង។ ឥឡូវខ្ញុំគ្មានអ្វីដើម្បីចិញ្ចឹមជីវិតទៀតទេ»។
តើហេតុការណ៍ពិតបង្ហាញអំពីអ្វីខ្លះ? អ្នកជំនាញការខ្លះបានរាយការណ៍ថា មានសំរាម៦លាន៥សែនតោនបានត្រូវបោះចូលក្នុងសមុទ្ររាល់ឆ្នាំ។ តាមការប៉ាន់ស្មាន ៥០ភាគរយនៃសំរាមនោះគឺជាប្លាស្ទិចដែលវានឹងអណ្ដែតនៅក្នុងសមុទ្រអស់រាប់រយឆ្នាំ មុនវារលាយ។ ក្រៅពីការធ្វើឲ្យកខ្វក់ផែនដី មនុស្សកំពុងប្រើធនធានធម្មជាតិក្នុងកម្រិតដែលគួរឲ្យព្រួយបារម្ភ។ តាមការសិក្សាស្រាវជ្រាវមួយបង្ហាញថាផែនដីត្រូវការពេលវេលាមួយឆ្នាំប្រាំខែដើម្បីធ្វើឲ្យល្អឡើងវិញនូវអ្វីដែលមនុស្សប្រើក្នុងរយៈពេលមួយឆ្នាំ។ សារព័ត៌មានមួយនៅប្រទេសអូស្ដ្រាលីបានរាយការណ៍ថា៖ «បើមានចំនួនមនុស្សកាន់តែច្រើននិងការប្រើប្រាស់ធនធានធម្មជាតិមានកាន់តែច្រើនទៀត នោះក្នុងឆ្នាំ២០៣៥ យើងនឹងត្រូវការផែនដីថែមពីរទៀត» (Sydney Morning Her-ald)។
តើគេចូលចិត្តប្រកែកយ៉ាងណា? មនុស្សយើងឆ្លាតណាស់ ហើយចេះដោះស្រាយបញ្ហាយ៉ាងប៉ិនប្រសប់។ ដូច្នេះ យើងអាចកែប្រែបញ្ហា ហើយសង្គ្រោះផែនដីបាន។
តើការប្រកែកនេះសមហេតុសមផលឬទេ? មនុស្សនិងអង្គការជាច្រើនបានខំប្រឹងធ្វើឲ្យមនុស្សយល់ដឹងអំពីបញ្ហាដែលទាក់ទងនឹងបរិស្ថាន។ ប៉ុន្តែ មនុស្សនៅតែបង្ខូចផែនដីរឹតតែខ្លាំងវិញ។
តើលោកអ្នកគិតយ៉ាងណា? តើពិតជាត្រូវការឲ្យព្រះធ្វើអន្តរាគមន៍ និងសង្គ្រោះផែនដីយើងពីការបង្ខូចនេះដូចលោកបានសន្យាឬទេ?
ក្រៅពីទំនាយទាំងប្រាំនេះដែលយើងបានពិចារណារួចទៅហើយ គម្ពីរក៏បានទាយអំពីព្រឹត្ដិការណ៍ល្អៗដែលនឹងកើតឡើងក្នុងគ្រាចុងក្រោយបង្អស់ដែរ។ សូមពិចារណាអំពីព្រឹត្ដិការណ៍ល្អមួយដែលមានក្នុងទំនាយទី៦។
[ឃ្លាអក្សរធំនៅទំព័រ៨]
«ពីមុនខ្ញុំជាម្ចាស់ដីមួយកន្លែង ដែលប្រៀបដូចជាសួនឧទ្យាន ប៉ុន្តែឥឡូវ ខ្ញុំគិតថាខ្ញុំជាម្ចាស់នៃកន្លែងចោលសំរាមដែលមានជាតិពុលវិញ»។—អ៊ែរិន ថេមប៊ឺ អ្នករស់នៅឈូងសមុទ្រក្នុងសហរដ្ឋអាម៉េរិក បញ្ចេញមតិអំពីឥទ្ធិពលដែលមកពីការធ្លាយអណ្ដូងប្រេងនៅឈូងសមុទ្រនៃប្រទេសម៉ិចស៊ិចក្នុងឆ្នាំ២០១០
[ប្រអប់នៅទំព័រ៨]
តើព្រះបណ្ដាលឲ្យមានបញ្ហាក្នុងពិភពលោកឬទេ?
ដោយសារគម្ពីរបានទាយអំពីស្ថានភាពដ៏អាក្រក់ដែលកំពុងកើតឡើងនៅសព្វថ្ងៃនេះ តើព្រះជាអ្នកដែលបណ្ដាលឲ្យមានបញ្ហានោះឬទេ? តើលោកជាអ្នកដែលបណ្ដាលឲ្យមនុស្សយើងរងទុក្ខវេទនាឬ? លោកអ្នកអាចរកឃើញចម្លើយដែលនាំឲ្យស្កប់ចិត្តចំពោះសំណួរទាំងនេះក្នុងជំពូកទី១១នៃសៀវភៅតើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា? ដែលបោះពុម្ពផ្សាយដោយសាក្សីព្រះយេហូវ៉ា។
[អ្នកផ្ដល់សិទ្ធិឲ្យប្រើនៅទំព័រ៨]
U.S. Coast Guard photo