លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើអ្នកណាកំពុងផ្សព្វផ្សាយដំណឹងល្អ?

តើអ្នកណាកំពុងផ្សព្វផ្សាយដំណឹងល្អ?

តើ​អ្នក​ណា​កំពុង​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ?

​«​ . . . នឹង​ត្រូវ​ផ្សព្វ​ផ្សាយ​នៅ​គ្រប់​ទី​អាស្រ័យ​នៅ​ផែនដី​»។—ម៉ាថាយ ២៤:១៤

សាក្សី​ ព្រះ​យេហូវ៉ា​កំពុង​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​នៅ​ទូ​ទាំង​ពិភព​លោក។ ពួក​គេ​បាន​ធ្វើ​ដូច្នេះ​តាម​វិធី​ផ្សេង​ៗ។ វិធី​មួយ​គឺ​ដោយ​ពាក្យ​សម្ដី។

ពាក្យ​សម្ដី: ដូច​លោក​យេស៊ូ​និង​ពួក​អ្នក​កាន់​តាម​របស់​លោក សាក្សី​ព្រះ​យេហូវ៉ា​ទៅ​ជួប​មនុស្ស​ដើម្បី​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ។ (​លូកា ៨:១; ១០:១​) ពួក​គេ​មិន​រង់​ចាំ​ឲ្យ​មនុស្ស​មក​ជួប​ពួក​គេ​ទេ។ ការ​ផ្សព្វ​ផ្សាយ​ដល់​អ្នក​ឯ​ទៀត​អំពី​រាជាណាចក្រ​របស់​ព្រះ​ជា​កិច្ច​ការ​ដែល​សាក្សី​ព្រះ​យេហូវ៉ា​ទាំង​៧​លាន​នាក់​ធ្វើ។ ពួក​គេ​ផ្សព្វ​ផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ តាម​ផ្លូវ តាម​ទូរស័ព្ទ និង​តាម​វិធី​ផ្សេង​ៗ​ទៀត​ដែរ។ នៅ​ឆ្នាំ​មុន សាក្សី​ព្រះ​យេហូវ៉ា​បាន​ចំណាយ​ពេល​ជាង​១.៥០០​លាន​ម៉ោង​ក្នុង​កិច្ចការ​នេះ។

ពួក​គេ​មិន​គ្រាន់តែ​បង្រៀន​អ្នក​ឯ​ទៀត​អំពី​រាជាណាចក្រ​របស់​ព្រះ​ប៉ុណ្ណោះ​ទេ តែ​ក៏​បង្រៀន​អំពី​«​អ្វី​ៗ​ទាំង​អស់​ដែល​[​លោក​យេស៊ូ​]​បាន​បង្គាប់​»​ដែរ។ (​ម៉ាថាយ ២៨:២០​) ពួក​គេ​បង្រៀន​មនុស្ស​ជាង​ប្រាំបី​លាន​នាក់​អំពី​គម្ពីរ​ដោយ​ឥត​គិត​ថ្លៃ​ជា​ទៀង​ទាត់។

សាក្សី​ព្រះ​យេហូវ៉ា​កំពុង​ផ្សព្វ​ផ្សាយ​នៅ​ទូ​ទាំង​ពិភព​លោក ក្នុង​២៣៦​ប្រទេស។ ពួក​គេ​ផ្សព្វ​ផ្សាយ​ដល់​មនុស្ស​គ្រប់​មជ្ឈដ្ឋាន ហើយ​ផ្សព្វ​ផ្សាយ​នៅ​ទី​ក្រុង ជនបទ ព្រៃ​ស្តុក​អា​ម៉ា​សូន ព្រៃ​តំបន់​ស៊ីបេរី តំបន់​ស្ងាត់​ជ្រងំ​នៅ​ទ្វីប​អាហ្វ្រិក និង​នៅ​តំបន់​ជួរ​ភ្នំ​ហិមាល័យ។ ពួក​គេ​មិន​ទទួល​ប្រាក់​ខែ​សម្រាប់​កិច្ចការ​នេះ​ទេ តែ​ពួក​គេ​ចំណាយ​លុយ​កាក់​និង​ពេល​វេលា​របស់​ខ្លួន​ផ្ទាល់ ដោយ​សារ​ពួក​គេ​មាន​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​និង​ចំពោះ​មនុស្ស។ ពួក​គេ​ក៏​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​តាម​រយៈ​សៀវភៅ​ដែល​ពួក​គេ​បោះពុម្ព​ផ្សាយ​ដែរ។

សៀវភៅ: ទស្សនាវដ្ដី​នេះ​ដែល​មាន​ចំណង​ជើង​ពេញ​ថា ទស្សនាវដ្ដី​ប៉មយាម ប្រកាស​អំពី​រាជាណាចក្រ​របស់​ព្រះ​យេហូវ៉ា មាន​ក្នុង​១៨៥​ភាសា ហើយ​បាន​ត្រូវ​បោះពុម្ព​ផ្សាយ​ជាង​៤២​លាន​ច្បាប់​ក្នុង​មួយ​លេខ​ៗ។ ទស្សនាវដ្ដី​ភ្ញាក់​រឭក! ក៏​ផ្សព្វ​ផ្សាយ​អំពី​រាជាណាចក្រ​របស់​ព្រះ​ដែរ ហើយ​មាន​ក្នុង​៨៣​ភាសា និង​បាន​ត្រូវ​បោះពុម្ព​ផ្សាយ​ជិត​៤០​លាន​ច្បាប់​ក្នុង​មួយ​លេខ​ៗ។

សៀវភៅ សៀវភៅ​ស្តើង ខិត្តប័ណ្ណ ស៊ីឌី MP3 និង​ឌីវីឌី​ដែល​ពន្យល់​អំពី​សេចក្ដី​បង្រៀន​ក្នុង​គម្ពីរ​ក៏​មាន​៥៤០​ភាសា។ ក្នុង​រយៈ​ពេល​១០​ឆ្នាំ​កន្លង​ទៅ​នេះ សាក្សី​ព្រះ​យេហូវ៉ា​បាន​ផលិត​និង​ចែក​ចាយ​របស់​ទាំង​នេះ​ជាង​២០​ពាន់​លាន ហើយ​បើ​គិត​ជា​មធ្យម នេះ​មាន​ន័យ​ថា​មនុស្ស​ទាំង​អស់​ដែល​កំពុង​រស់​នៅ​ផែនដី អាច​ទទួល​របស់​ទាំង​នេះ​៣​ម្នាក់!

សាក្សី​ព្រះ​យេហូវ៉ា​ក៏​បាន​បោះពុម្ព​ឬ​ឲ្យ​គេ​បោះពុម្ព​សៀវភៅ​គម្ពីរ​នៃ​សេចក្ដី​បក​ប្រែ​ផ្សេង​ៗ​ដែរ។ សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី​ពី​បទ​គម្ពីរ​បរិសុទ្ធ ជា​គម្ពីរ​ដែល​សាក្សី​ព្រះ​យេហូវ៉ា​បាន​បក​ប្រែ បោះពុម្ព និង​ចែក​ចាយ។ គម្ពីរ​នេះ​ទាំង​មូល​ឬ​ផ្នែក​ខ្លះ​នៃ​គម្ពីរ​នេះ ឥឡូវ​មាន​៩៦​ភាសា ហើយ​មាន​ជាង​១៦៦​លាន​ក្បាល​ដែល​បាន​ត្រូវ​ចែក​ចាយ។ សាក្សី​ព្រះ​យេហូវ៉ា​ក៏​ចែក​ចាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​នៅ​ឯ​កិច្ច​ប្រជុំ​របស់​ពួក​គេ​ដែរ។

កិច្ច​ប្រជុំ​គ្រិស្ត​សាសនិក: កិច្ច​ប្រជុំ​ដែល​មាន​ជា​រៀង​រាល់​សប្ដាហ៍​នៅ​ឯ​សាល​ប្រជុំ​មិន​គ្រាន់តែ​ជា​ការ​ប្រជុំ​ខាង​សាសនា​ប៉ុណ្ណោះ​ទេ តែ​គឺ​បាន​ត្រូវ​រៀប​ចំ​ឡើង​ដើម្បី​អប់រំ។ នៅ​ទី​នោះ មាន​សុន្ទរកថា​ដែល​ថ្លែង​អំពី​រឿង​គម្ពីរ ហើយ​មាន​ការ​សិក្សា​គម្ពីរ​តាម​រយៈ​ទស្សនាវដ្ដី​ប៉មយាម​និង​សៀវភៅ​ឯ​ទៀត។ នៅ​ឯ​កិច្ច​ប្រជុំ សាក្សី​ព្រះ​យេហូវ៉ា​ក៏​រៀន​ឲ្យ​មាន​ប្រសិទ្ធភាព​ជាង​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​ដែរ។

នៅ​ទូ​ទាំង​ផែនដី សាក្សី​ព្រះ​យេហូវ៉ា​មាន​ជាង​១០៧.០០០​ក្រុម​ជំនុំ។ ក្នុង​ក្រុម​ជំនុំ​នីមួយ​ៗ​ពួក​គេ​សិក្សា​ព័ត៌មាន​ដូច​គ្នា ដែល​នេះ​ជួយ​ពង្រឹង​សាមគ្គី​ភាព​របស់​ពួក​គេ​ថែម​ទៀត។ សាធារណជន​អាច​ចូល​រួម​កិច្ច​ប្រជុំ​នេះ​បាន ហើយ​គ្មាន​ការ​រៃ​លុយ​នោះ​ទេ។ ប៉ុន្តែ បើ​សាក្សី​ព្រះ​យេហូវ៉ា​មិន​ធ្វើ​តាម​អ្វី​ដែល​ពួក​គេ​ផ្សព្វ​ផ្សាយ នោះ​កម្មវិធី​ទាំង​នេះ​គ្មាន​ន័យ​សោះ​ឡើយ។ ដូច្នេះ ពួក​គេ​ព្យាយាម​លើក​ទឹក​ចិត្ត​អ្នក​ឯ​ទៀត​ឲ្យ​ទទួល​យក​ដំណឹង​ល្អ​តាម​រយៈ​គំរូ​របស់​ពួក​គេ។

គំរូ: ពួក​គេ​ខំ​ប្រឹង​ទុក​គំរូ​ក្នុង​ការ​ប្រព្រឹត្ត​របស់​ពួក​គេ​ជា​គ្រិស្ត​សាសនិក ហើយ​ធ្វើ​អស់ពី​សមត្ថភាព​ដើម្បី​ប្រព្រឹត្ត​ទៅ​លើ​អ្នក​ឯ​ទៀត​តាម​របៀប​ដែល​ពួក​គេ​ចង់​ឲ្យ​អ្នក​ឯ​ទៀត​ប្រព្រឹត្ត​ទៅ​លើ​ពួក​គេ​វិញ។ (​ម៉ាថាយ ៧:១២​) ទោះ​ជា​ពួក​គេ​មិន​ល្អ​ឥត​ខ្ចោះ ហើយ​ជួនកាល​ធ្វើ​ខុស​ក្ដី ពួក​គេ​ចង់​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​មនុស្ស​ទាំង​អស់​តាម​រយៈ​ការ​ប្រព្រឹត្ត​របស់​ពួក​គេ ដោយ​ជួយ​អ្នក​ឯ​ទៀត​តាម​វិធី​ផ្សេង​ៗ​ទៀត​ដែរ មិន​គ្រាន់តែ​ដោយ​ការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​ប៉ុណ្ណោះ​ទេ។

សាក្សី​ព្រះ​យេហូវ៉ា​មិន​ព្យាយាម​ផ្សព្វ​ផ្សាយ​ដើម្បី​ឲ្យ​មនុស្ស​ទាំង​អស់​ក្នុង​ពិភព​លោក​ក្លាយ​ទៅ​ជា​អ្នក​ជឿ​ទេ។ ផ្ទុយ​ទៅ​វិញ ពេល​ការ​ផ្សព្វ​ផ្សាយ​នេះ​បាន​ធ្វើ​ឡើង​ដល់​កម្រិត​ដែល​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត នោះ​ទី​បញ្ចប់​នឹង​មក​ដល់​ដូច​លោក​យេស៊ូ​បាន​ទាយ​ទុក។ ប៉ុន្តែ តើ​នេះ​មាន​ន័យ​អ្វី​សម្រាប់​ផែនដី​និង​មនុស្ស​ទាំង​ឡាយ?

[​រូបភាព​នៅ​ទំព័រ​៧​]

សាក្សី​ព្រះ​យេហូវ៉ា​កំពុង​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​នៅ​ទូ​ទាំង​ពិភព​លោក​