តើលោកយេស៊ូគ្រិស្ដជាអ្នកណា?
សូមរៀនពីបណ្ដាំរបស់ព្រះ
តើលោកយេស៊ូគ្រិស្តជាអ្នកណា?
អត្ថបទនេះលើកឡើងនូវសំណួរមួយចំនួន ដែលអ្នកប្រហែលជាធ្លាប់សួរ ហើយបង្ហាញចម្លើយដែលអ្នកអាចអានពីគម្ពីររបស់អ្នក។ សាក្សីព្រះយេហូវ៉ានឹងរីករាយពិភាក្សាចម្លើយទាំងនេះជាមួយនឹងអ្នក។
១. តើលោកយេស៊ូគ្រិស្តជាអ្នកណា?
លោកយេស៊ូធ្លាប់រស់នៅស្ថានសួគ៌ជាបុគ្គលវិញ្ញាណមុនលោកកើតជាមនុស្សនៅផែនដី ហេតុនេះលោកមិនដូចមនុស្សធម្មតាណាម្នាក់ឡើយ។ (យ៉ូហាន ៨:២៣) ព្រះបានបង្កើតលោកយេស៊ូមុនអ្វីៗទាំងអស់ ហើយលោកក៏បានជួយព្រះក្នុងការបង្កើតរបស់សព្វសារពើដែរ។ លោកបានត្រូវហៅថា«បុត្រតែមួយ»របស់ព្រះ នេះគឺដោយសារមានតែលោកទេដែលព្រះយេហូវ៉ាបានបង្កើតដោយផ្ទាល់ដៃ។ លោកយេស៊ូបានបម្រើជាអ្នកនាំពាក្យរបស់ព្រះ ដូច្នេះលោកក៏បានត្រូវហៅថា«បណ្ដាំ»ដែរ។—យ៉ូហាន ១:១-៣, ១៤; សូមអាន សុភាសិត ៨:២២, ២៣, ៣០; កូឡុស ១:១៥, ១៦
២. ហេតុអ្វីលោកយេស៊ូមកកើតជាមនុស្សនៅផែនដី?
ព្រះបានឲ្យបុត្ររបស់លោកកើតមកជាមនុស្សលើផែនដី ដោយបញ្ជូនជីវិតរបស់លោកយេស៊ូពីស្ថានសួគ៌មកដាក់ក្នុងផ្ទៃនៃស្ត្រីជនជាតិយូដាម្នាក់ឈ្មោះម៉ារៀដែលជាក្រមុំបរិសុទ្ធ។ ម្ល៉ោះហើយ លោកយេស៊ូមិនមានឪពុកជាមនុស្សទេ។ (លូកា ១:៣០-៣៥) មូលហេតុដែលលោកយេស៊ូមកកើតជាមនុស្សនៅផែនដីគឺ (១) បង្រៀនសេចក្ដីពិតអំពីព្រះ (២) ទុកគំរូឲ្យមនុស្សធ្វើតាមបំណងប្រាថ្នារបស់ព្រះ (៣) ឲ្យជីវិតដែលល្អឥតខ្ចោះរបស់លោកជា«ថ្លៃលោះ»។—សូមអាន ម៉ាថាយ ២០:២៨; យ៉ូហាន ១៨:៣៧
៣. ហេតុអ្វីយើងត្រូវការថ្លៃលោះ?
ថ្លៃលោះគឺជាតម្លៃដែលត្រូវបង់ដើម្បីលោះមនុស្សម្នាក់ពីអ្វីមួយ។ សេចក្ដីស្លាប់និងភាពចាស់ជរាមិនមែនជាគោលបំណងដើមរបស់ព្រះសម្រាប់មនុស្សជាតិទេ។ ហេតុអ្វីយើងអាចនិយាយដូច្នេះ? ពីព្រោះព្រះបានប្រាប់អាដាមដែលជាបុរសដំបូងថា បើគាត់ធ្វើអ្វីមួយដែលគម្ពីរហៅថាអំពើខុសឆ្គង នោះគាត់នឹងស្លាប់។ ប្រសិនបើអាដាមមិនបានធ្វើខុស នោះគាត់អាចនៅរស់នៅឡើយ។ ប៉ុន្តែពេលដែលគាត់មិនស្ដាប់បង្គាប់ព្រះ នោះគាត់ចាប់ផ្ដើមស្លាប់តាំងពីថ្ងៃនោះមក ទោះជាគាត់អាចនៅរស់រាប់រយឆ្នាំក្រោយមកក៏ដោយ។ (លោកុប្បត្តិ ២:១៦, ១៧; ៥:៥) អាដាមបានចម្លងអ្វីពីរយ៉ាងដល់កូនចៅរបស់គាត់ នោះគឺភាពខុសឆ្គងនិងសេចក្ដីស្លាប់ដែលជាទោសរបស់ភាពខុសឆ្គងនេះ។ យ៉ាងនេះ សេចក្ដីស្លាប់«បានចូល»ក្នុងពិភពលោកតាមរយៈអាដាម។ ហេតុនេះហើយបានជាយើងត្រូវការថ្លៃលោះ។—សូមអាន រ៉ូម ៥:១២; ៦:២៣
៤. ហេតុអ្វីចាំបាច់ឲ្យលោកយេស៊ូស្លាប់?
ដើម្បីរំដោះយើងឲ្យរួចពីសេចក្ដីស្លាប់ តើអ្នកណាអាចបង់ថ្លៃលោះនោះ? ពេលដែលយើងស្លាប់ យើងបង់ថ្លៃលោះសម្រាប់ទោសនៃភាពខុសឆ្គងរបស់ខ្លួនយើងផ្ទាល់តែប៉ុណ្ណោះ។ ប៉ុន្តែ មនុស្សមិនល្អឥតខ្ចោះមិនអាចបង់ថ្លៃលោះសម្រាប់ភាពខុសឆ្គងរបស់មនុស្សឯទៀតបានទេ។—សូមអាន ទំនុកតម្កើង ៤៩:៧-៩
លោកយេស៊ូមិនបានឆ្លងភាពខុសឆ្គងពីឪពុកជាមនុស្សនោះទេ។ ហេតុនេះ ពេលលោកស្លាប់ នេះគឺមិនមែនដោយសារលោកមានភាពខុសឆ្គងឡើយ តែលោកបានស្លាប់សម្រាប់ភាពខុសឆ្គងរបស់មនុស្សឯទៀតវិញ។ ព្រះបានចាត់បុត្ររបស់លោកឲ្យមកដើម្បីស្លាប់ជំនួសយើង ដែលនេះបង្ហាញពីសេចក្ដីស្រឡាញ់ដ៏ធំធេងរបស់លោកចំពោះមនុស្សជាតិ។ លោកយេស៊ូក៏បានបង្ហាញសេចក្ដីស្រឡាញ់ចំពោះយើងដែរ ដោយលោកស្ដាប់បង្គាប់បិតារបស់លោក និងឲ្យជីវិតរបស់លោកសម្រាប់ភាពខុសឆ្គងរបស់យើង។—សូមអានយ៉ូហាន ៣:១៦; រ៉ូម ៥:១៨, ១៩
៥. តើលោកយេស៊ូកំពុងធ្វើអ្វីនៅសព្វថ្ងៃនេះ?
ពេលលោកយេស៊ូនៅផែនដី លោកបានព្យាបាលមនុស្សឈឺ ប្រោសអ្នកស្លាប់ឲ្យរស់ឡើងវិញ និងជួយមនុស្សឲ្យរួចពីគ្រោះថ្នាក់។ ដោយធ្វើដូច្នេះ លោកបង្ហាញអំពីអ្វីដែលលោកនឹងធ្វើនៅពេលអនាគតចំពោះមនុស្សទាំងអស់ដែលចេះស្ដាប់បង្គាប់។ (លូកា ១៨:៣៥-៤២; យ៉ូហាន ៥:២៨, ២៩) ក្រោយពេលដែលលោកយេស៊ូស្លាប់ ព្រះបានប្រោសឲ្យលោកមានជីវិតរស់ឡើងវិញជាបុគ្គលវិញ្ញាណ។ (ពេត្រុសទី១ ៣:១៨) ក្រោយមក លោកអង្គុយរង់ចាំនៅខាងស្ដាំព្រះរហូតដល់ព្រះយេហូវ៉ាឲ្យលោកមានអំណាចគ្រប់គ្រងជាស្តេចនៅលើផែនដី។ (ហេប្រឺ ១០:១២, ១៣) សព្វថ្ងៃនេះ លោកយេស៊ូកំពុងគ្រប់គ្រងជាស្តេចនៅស្ថានសួគ៌ ហើយអ្នកកាន់តាមលោកនៅផែនដីកំពុងប្រកាសអំពីដំណឹងល្អនៅទូទាំងពិភពលោក។—សូមអាន ដានីយ៉ែល ៧:១៣, ១៤; ម៉ាថាយ ២៤:១៤
បន្ដិចទៀតលោកយេស៊ូនឹងប្រើអំណាចរបស់លោកជាស្តេចដើម្បីធ្វើឲ្យទុក្ខវេទនាទាំងអស់និងពួកអ្នកដែលបង្កឲ្យមានទុក្ខវេទនានោះសាបសូន្យទៅ។ មនុស្សរាប់លាននាក់ដែលបង្ហាញជំនឿទៅលើលោកយេស៊ូ ហើយស្ដាប់បង្គាប់លោក នឹងមានជីវិតដ៏សប្បាយនៅផែនដីជាសួនឧទ្យាន។—សូមអាន ទំនុកតម្កើង ៣៧:៩-១១
ដើម្បីទទួលព័ត៌មានបន្ថែម សូមមើលជំពូកទី៤នៃសៀវភៅតើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា? ដែលបានត្រូវបោះពុម្ពផ្សាយដោយសាក្សីព្រះយេហូវ៉ា។
[រូបភាពនៅទំព័រ៣២]
មនុស្សរាប់លាននាក់ដែលបង្ហាញជំនឿទៅលើលោកយេស៊ូ ហើយស្ដាប់បង្គាប់លោកនឹងមានជីវិតដ៏សប្បាយនៅផែនដីជាសួនឧទ្យាន