លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ដំណោះស្រាយចំការត្អូញត្អែររបស់គូស្វាមីភរិយា

ដំណោះស្រាយចំការត្អូញត្អែររបស់គូស្វាមីភរិយា

ដំណោះ​ស្រាយ​ចំពោះ​ការ​ត្អូញត្អែរ​របស់​គូ​ស្វាមីភរិយា

គម្ពីរ​មិន​បាន​អះអាង​ថា​ជីវិត​អាពាហ៍ពិពាហ៍​ជា​អ្វី​ដែល​ស្រួល​នោះ​ទេ។ ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ សាវ័ក​ប៉ូល​បាន​សរសេរ​ថា​អ្នក​ដែល​រៀប​ការ​ហើយ​ត្រូវ​ជួប​នឹង​«​ការ​លំបាក​ផ្សេង​ៗ​ក្នុង​ជីវិត​»។ (​កូរិនថូសទី១ ៧:២៨​) ប៉ុន្តែ មាន​វិធី​ជា​ច្រើន​ដែល​គូ​ស្វាមីភរិយា​អាច​ប្រើ​ដើម្បី​កាត់​បន្ថយ​បញ្ហា​ដែល​ពួក​គេ​ជួប​ប្រទះ និង​ដើម្បី​បង្កើន​អំណរ​ដែល​ពួក​គេ​អាច​មាន​ផង​ដែរ។ សូម​ពិចារណា​អំពី​ការ​ត្អូញត្អែរ​៦​យ៉ាង​របស់​ស្វាមី​និង​ភរិយា ហើយ​ពិចារណា​អំពី​របៀប​ដែល​ការ​អនុវត្ត​តាម​គោលការណ៍​ក្នុង​គម្ពីរ​អាច​ជួយ​គូ​ស្វាមីភរិយា​ទាំង​ឡាយ​បាន។

ពាក្យ​ត្អូញត្អែរ:

«​ខ្ញុំ​និង​គូ​របស់​ខ្ញុំ​ចាប់​ផ្ដើម​ឃ្លាត​ឆ្ងាយ​លែង​ជិត​ស្និទ្ធ​គ្នា​ទៀត​ហើយ​»។

គោលការណ៍​ក្នុង​គម្ពីរ:

«​ពិចារណា​ឲ្យ​ដឹង​ប្រាកដ​ថា​ការ​អ្វី​ដែល​សំខាន់​ជាង​»។ភីលីព ១:១០

ចំណង​អាពាហ៍ពិពាហ៍​គឺជា​អ្វី​ដែល​សំខាន់​បំផុត​មួយ​ក្នុង​ជីវិត​របស់​លោក​អ្នក។ ចំណង​នេះ​សម​នឹង​ទទួល​ការ​យក​ចិត្ត​ទុក​ដាក់​ពី​លោក​អ្នក។ ដូច្នេះ សូម​ពិនិត្យ​មើល​កាលវិភាគ​របស់​លោក​អ្នក។ តើ​នេះ​ជា​ដើម​ហេតុ​នៃ​ពាក្យ​ត្អូញត្អែរ​នេះ​ឬ​ទេ? កុំ​ឲ្យ​សកម្មភាព​ប្រចាំ​ថ្ងៃ​ធ្វើ​ឲ្យ​លោក​អ្នក​និង​គូ​របស់​លោក​អ្នក​ឃ្លាត​ឆ្ងាយ​ពី​គ្នា​ឡើយ។ ពិត​មែន លោក​អ្នក​ប្រហែលជា​មិន​អាច​ចំណាយ​ពេល​ជា​មួយ​គ្នា​មួយ​រយៈ​មែន ដោយ​សារ​ការងារ​និង​កាលៈទេសៈ​ឯ​ទៀត​ដែល​មិន​អាច​ជៀស​បាន។ ប៉ុន្តែ លោក​អ្នក​អាច ហើយ​ក៏​គួរតែ​ដាក់​កម្រិត​ទៅ​លើ​អ្វី​ៗ​ដែល​លោក​អ្នក​អាច​គ្រប់​គ្រង​បាន ដូច​ជា​ពេល​វេលា​ដែល​លោក​អ្នក​ប្រើ​ដើម្បី​ធ្វើ​អ្វី​ដែល​លោក​អ្នក​ចូល​ចិត្ត ឬ​ពេល​វេលា​ដែល​លោក​អ្នក​ចំណាយ​ជា​មួយ​នឹង​មិត្ត​ភក្ដិ​ជា​ដើម។

ប៉ុន្តែ ស្វាមី​ឬ​ភរិយា​ខ្លះ​ប្រហែលជា​ព្រម​ធ្វើ​ការ​ថែម​ម៉ោង ឬ​ធ្វើ​អ្វី​ដែល​គេ​ចូល​ចិត្ត​ច្រើន​ថែម​ទៀត ដោយ​សារ​ពួក​គេ​មិន​ចង់​ចំណាយ​ពេល​ជា​មួយ​នឹង​គូ​របស់​ខ្លួន។ ពួក​គេ​មិន​មែន​​«​ឃ្លាត​ឆ្ងាយ​លែង​ជិត​ស្និទ្ធ​»​នឹង​គូ​របស់​ពួក​គេ​ទេ តែ​ពួក​គេ​រត់​គេច​ពី​បញ្ហា​របស់​ពួក​គេ​តែ​ម្ដង។ ប្រសិនបើ​លោក​អ្នក​និង​គូ​របស់​លោក​អ្នក​កំពុង​មាន​បញ្ហា​ដូច​នេះ លោក​អ្នក​ត្រូវ​កត់​សម្គាល់​អំពី​ដើម​ហេតុ​នៃ​បញ្ហា​នោះ ហើយ​ដោះ​ស្រាយ​ជា​មួយ​គ្នា។ មាន​តែ​ការ​ចំណាយ​ពេល​ជា​មួយ​គ្នា​ប៉ុណ្ណោះ​ទេ​ដែល​អាច​ជួយ​លោក​អ្នក​ឲ្យ​នៅ​ជិត​ស្និទ្ធ​គ្នា ហើយ​ជួយ​លោក​អ្នក​ឲ្យ​ក្លាយ​ជា​​«​សាច់​តែ​១​សុទ្ធ​»​បាន។—លោកុប្បត្តិ ២:២៤

របៀប​ដែល​អ្នក​ខ្លះ​បាន​អនុវត្ត​តាម​ឱវាទ​នេះ: ស្វាមីភរិយា​ជន​ជាតិ​អូស្ដ្រាលី​មួយ​គូ ឈ្មោះ​អេនទ្រូ *និង​ថាន់​ជី​បាន​រៀប​ការ​១០​ឆ្នាំ​ហើយ។ អេនទ្រូ​និយាយ​ថា​៖ ​«​ខ្ញុំ​បាន​ទទួល​ស្គាល់​ថា​បើ​ធ្វើ​ការ​ច្រើន​ពេក និង​ព្រម​ទៅ​តាម​ការ​អញ្ជើញ​របស់​មិត្ត​ភក្ដិ​ច្រើន​ពេក នោះ​អាច​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​ចំណង​អាពាហ៍ពិពាហ៍។ ដូច្នេះ​ខ្ញុំ​និង​ភរិយា​របស់​ខ្ញុំ​លៃ​ទុក​ពេល​ដើម្បី​និយាយ​ជា​មួយ​គ្នា​និង​ប្រាប់​អារម្មណ៍​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​»។

នៅ​សហរដ្ឋអាម៉េរិក ដេវ​និង​ជេន ជា​គូ​ស្វាមីភរិយា​ដែល​រៀប​ការ​បាន​២២​ឆ្នាំ​ហើយ។ ពួក​គាត់​ចំណាយ​ពេល​កន្លះ​ម៉ោង​រាល់​ល្ងាច​ដើម្បី​និយាយ​ជា​មួយ​គ្នា​អំពី​បទ​ពិសោធន៍​និង​អារម្មណ៍​របស់​ខ្លួន។ ជេន​និយាយ​ថា​៖ ​«​នេះ​ជា​ពេល​វេលា​ដ៏​សំខាន់​ណាស់​ដែល​យើង​មិន​ឲ្យ​អ្វី​មក​រំខាន​ពេល​វេលា​នោះ​ទេ​»។

ពាក្យ​ត្អូញត្អែរ:

«​ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​លែង​ទទួល​បាន​អ្វី​ដែល​ខ្ញុំ​ចង់​បាន​ពី​គូ​របស់​ខ្ញុំ​ដូច​ពី​មុន​ទៀត​ហើយ​»។

គោលការណ៍​ក្នុង​គម្ពីរ:

«​ចូរ​ឲ្យ​គ្រប់​គ្នា​សុខ​ចិត្ត​លះ​បង់​ប្រយោជន៍​ខ្លួន ដើម្បី​ប្រយោជន៍​អ្នក​ឯ​ទៀត​»។កូរិនថូសទី១ ១០:២៤

បុគ្គល​ម្នាក់​ដែល​គិតតែ​ពី​ផល​ប្រយោជន៍​ដែល​ខ្លួន​អាច​ទទួល​ពី​ចំណង​អាពាហ៍ពិពាហ៍ នឹង​មិន​ដែល​មាន​សុភមង្គល​ពិត​នោះ​ទេ សូម្បី​តែ​គាត់​រៀប​ការ​ច្រើន​ដង​ក៏​ដោយ។ ផ្ទុយ​ទៅ​វិញ ចំណង​អាពាហ៍ពិពាហ៍​អាច​មាន​សុភមង្គល​លុះ​ត្រា​តែ​ស្វាមី​និង​ភរិយា​ផ្ដោត​ការ​ចាប់​អារម្មណ៍​ទៅ​លើ​ការ​ឲ្យ​គេ​ច្រើន​ជាង​ការ​ទទួល។ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​​«​ការ​ឲ្យ​គេ នោះ​នឹង​ផ្ដល់​សុភមង្គល​ច្រើន​ជាង​ការ​ទទួល​»។—សកម្មភាព ២០:៣៥

របៀប​ដែល​អ្នក​ខ្លះ​បាន​អនុវត្ត​តាម​ឱវាទ​នេះ: ម៉ាទីន​និង​ម៉ារៀ ជា​គូ​ស្វាមីភរិយា​នៅ​ប្រទេស​ម៉ិចស៊ិច ដែល​រៀប​ការ​បាន​៣៩​ឆ្នាំ​ហើយ។ ប៉ុន្តែ ចំណង​អាពាហ៍ពិពាហ៍​នេះ​មិន​មែន​គ្មាន​បញ្ហា​នោះ​ទេ។ ពួក​គេ​បាន​នឹក​ចាំ​អំពី​ពេល​ដ៏​ពិបាក​មួយ។ ម៉ារៀ​រៀប​រាប់​ថា​៖ ​«​នៅ​ពេល​មួយ​ដែល​យើង​ឈ្លោះ​គ្នា​ខ្លាំង ខ្ញុំ​បាន​និយាយ​អ្វី​មួយ​ដែល​មិន​បង្ហាញ​ការ​គោរព​ចំពោះ​ម៉ាទីន​សោះ។ គាត់​ខឹង​យ៉ាង​ខ្លាំង។ ខ្ញុំ​ខំ​ពន្យល់​គាត់​ថា​ខ្ញុំ​មិន​មាន​បំណង​និយាយ​ដូច្នេះ​ទេ ខ្ញុំ​គ្រាន់តែ​និយាយ​ដោយ​សារ​ខ្ញុំ​មិន​សប្បាយ​ចិត្ត​ប៉ុណ្ណោះ។ ប៉ុន្តែ​គាត់​មិន​បាន​ស្ដាប់​ខ្ញុំ​ទេ​»។ ម៉ាទីន​និយាយ​ថា​៖ ​«​នៅ​ពេល​នោះ ខ្ញុំ​ចាប់​ផ្ដើម​គិត​ក្នុង​ចិត្ត​ថា​យើង​មិន​អាច​រស់​នៅ​ជា​មួយ​គ្នា​បាន​ទៀត​ទេ ខ្ញុំ​គួរតែ​ឈប់​ព្យាយាម​ដើម្បី​ធ្វើ​ឲ្យ​ចំណង​អាពាហ៍ពិពាហ៍​របស់​យើង​មាន​សុភមង្គល​ទៀត​ទៅ​»។

ម៉ាទីន​ចង់​បាន​ការ​គោរព។ ចំណែក​ឯ​ម៉ារៀ​វិញ​ចង់​បាន​ការ​យល់​ចិត្ត។ ប៉ុន្តែ​ពួក​គេ​ទាំង​ពីរ​នាក់​មិន​បាន​ទទួល​នូវ​អ្វី​ដែល​ពួក​គេ​ចង់​បាន​នោះ​ទេ។

តើ​ពួក​គេ​បាន​ដោះ​ស្រាយ​បញ្ហា​នេះ​យ៉ាង​ដូច​ម្ដេច? ម៉ាទីន​ស្រដី​ថា​៖ ​«​ខ្ញុំ​ចាំ​ឲ្យ​ខ្លួន​ឯង​ត្រជាក់​ចិត្ត​សិន ហើយ​យើង​ទាំង​ពីរ​នាក់​សម្រេច​ចិត្ត​អនុវត្ត​តាម​ឱវាទ​ក្នុង​គម្ពីរ​ដែល​ថា​ឲ្យ​យើង​បង្ហាញ​ការ​គោរព​និង​មាន​ពាក្យ​សម្ដី​សប្បុរស។ អស់​ច្រើន​ឆ្នាំ​មក​ហើយ យើង​បាន​រៀន​ដឹង​ថា មិន​ថា​ប៉ុន្មាន​ដង​ដែល​បញ្ហា​កើត​ឡើង​ក៏​ដោយ យើង​អាចយ​ក​ឈ្នះ​វា​បាន បើ​យើង​អធិដ្ឋាន​សុំ​ជំនួយ​ពី​ព្រះ​និង​អនុវត្ត​តាម​ឱវាទ​ដែល​មាន​ក្នុង​គម្ពីរ​»។—អេសាយ ៤៨:១៧, ១៨; អេភេសូរ ៤:៣១, ៣២

ពាក្យ​ត្អូញត្អែរ:

«​ស្វាមី​(​ឬ​ភរិយា​)​របស់​ខ្ញុំ​មិន​ព្រម​បំពេញ​ភារកិច្ច​របស់​គាត់​ឡើយ​»។

គោលការណ៍​ក្នុង​គម្ពីរ:

«​ព្រះ​នឹង​វិនិច្ឆ័យ​យើង​ម្នាក់​ៗ​តាម​ការ​ប្រព្រឹត្ត​របស់​យើង​»។រ៉ូម ១៤:១២

ប្រាកដ​ហើយ ចំណង​អាពាហ៍ពិពាហ៍​នឹង​មិន​អាច​ដំណើរ​ការ​បាន​ល្អ​នោះ​ទេ បើ​ស្វាមី​ឬ​ភរិយា​តែ​ម្ខាង​ខំ​ប្រឹង​ដើម្បី​ធ្វើ​ឲ្យ​មាន​សុភមង្គល​នោះ។ ប៉ុន្តែ ស្ថានការណ៍​នឹង​រឹត​តែ​យ៉ាប់​ជាង​នេះ​ទៅ​ទៀត បើ​ស្វាមី​និង​ភរិយា​ទាំង​ពីរ​នាក់​មិន​បំពេញ​ភារកិច្ច​របស់​ខ្លួន ហើយ​តែង​តែ​ទម្លាក់​កំហុស​ទៅ​លើ​គូ​របស់​ខ្លួន​វិញ​នោះ។

បើ​លោក​អ្នក​តែង​តែ​គិត​អំពី​អ្វី​ដែល​គូ​របស់​លោក​អ្នក​គួរ​ធ្វើ នោះ​លោក​អ្នក​នឹង​មិន​ដែល​មាន​សុភមង្គល​ទេ។ នេះ​នឹង​អាច​កើត​ឡើង​បាន ជា​ពិសេស បើ​លោក​អ្នក​មិន​បំពេញ​ភារកិច្ច​របស់​ខ្លួន ដោយ​សារ​គូ​របស់​លោក​អ្នក​មិន​បំពេញ​ភារកិច្ច​របស់​គាត់​ដែរ។ ផ្ទុយ​ទៅ​វិញ បើ​លោក​អ្នក​ព្យាយាម​ធ្វើ​ជា​ស្វាមី​ឬ​ភរិយា​ល្អ នោះ​ចំណង​អាពាហ៍ពិពាហ៍​របស់​លោក​អ្នក​នឹង​កាន់​តែ​ប្រសើរ​ឡើង។ (​ពេត្រុសទី១ ៣:១​-​៣​) សំខាន់​ជាង​នោះ​ទៅ​ទៀត បើ​លោក​អ្នក​ធ្វើ​ដូច្នេះ លោក​អ្នក​បង្ហាញ​ចំពោះ​ព្រះ​ថា​លោក​អ្នក​ស្មោះ​ត្រង់​នឹង​ការ​រៀប​ចំ​របស់​លោក​ស្តី​អំពី​ចំណង​អាពាហ៍ពិពាហ៍ ហើយ​អ្វី​ដែល​លោក​អ្នក​ធ្វើ​នឹង​នាំ​ឲ្យ​លោក​ពេញ​ចិត្ត​ណាស់។—ពេត្រុសទី១ ២:១៩

របៀប​ដែល​អ្នក​ខ្លះ​បាន​អនុវត្ត​តាម​ឱវាទ​នេះ: នៅ​ប្រទេស​កូរ៉េ គី​ម​និង​ស្វាមី​របស់​គាត់​រៀប​ការ​បាន​៣៨​ឆ្នាំ​ហើយ។ គាត់​មាន​វាចា​ថា​៖ ​«​ជួនកាល​ស្វាមី​របស់​ខ្ញុំ​ចាប់​ផ្ដើម​ធុញ​ទ្រាន់​និង​ឈប់​និយាយ​ជា​មួយ​ខ្ញុំ ហើយ​ខ្ញុំ​មិន​ដឹង​អំពី​មូលហេតុ​សោះ។ នេះ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​គាត់​ឈប់​ស្រឡាញ់​ខ្ញុំ​ហើយ។ ជួនកាល​ខ្ញុំ​គិត​ម្នាក់​ឯង​ថា​‹ហេតុ​អ្វី​គាត់​ចង់​ឲ្យ​ខ្ញុំ​យល់​អំពី​អារម្មណ៍​គាត់ បើ​គាត់​មិន​ដែល​ខំ​យល់​អំពី​អារម្មណ៍​ខ្ញុំ​ផង​នោះ?›​»។

គី​ម​អាច​ប្រមូល​អារម្មណ៍​ទៅ​លើ​ភាព​មិន​ស្មើ​គ្នា​នៃ​កាលៈទេសៈ​នោះ និង​ទៅ​លើ​អ្វី​ដែល​ស្វាមី​របស់​គាត់​មិន​បាន​ធ្វើ ប៉ុន្តែ​គាត់​សម្រេច​ចិត្ត​មិន​ធ្វើ​ដូច្នេះ​ទេ។ គី​ម​និយាយ​ថា​៖ ​«​ជា​ជាង​នៅ​ខឹង​គាត់ ខ្ញុំ​បាន​រៀន​ដឹង​ថា​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ ជា​ការ​ល្អ​បំផុត​បើ​ខ្ញុំ​ខំ​រក​ជា​នឹង​គាត់​មុន។ នៅ​ទី​បំផុត បើ​យើង​ធ្វើ​ដូច្នេះ យើង​ទាំង​ពីរ​នាក់​អាច​ស្ងប់​អារម្មណ៍ ហើយ​និយាយ​ជា​មួយ​គ្នា​អំពី​បញ្ហា​របស់​យើង​ដោយ​មិន​ឈ្លោះ​ប្រកែក​គ្នា​»។—យ៉ាកុប ៣:១៨

ពាក្យ​ត្អូញត្អែរ:

«​ប្រពន្ធ​របស់​ខ្ញុំ​មិន​ចេះ​ចុះ​ចូល​សោះ​»។

គោលការណ៍​ក្នុង​គម្ពីរ:

«​ប្រមុខ​របស់​បុរស​ទាំង​ឡាយ​គឺ​គ្រិស្ត​»។ កូរិនថូសទី១ ១១:៣

ស្វាមី​ដែល​គិត​ថា​ភរិយា​របស់​គាត់​មិន​ចេះ​ចុះ​ចូល​នឹង​គាត់ នោះ​មុន​ដំបូង ស្វាមី​គួរតែ​គិត​ពិចារណា​ថា តើ​គាត់​ស្ម័គ្រ​ចិត្ត​ចុះ​ចូល​ចំពោះ​លោក​យេស៊ូ​គ្រិស្ត​ដែល​ជា​ប្រមុខ​របស់​គាត់​ឬ​ទេ? ស្វាមី​អាច​បង្ហាញ​ការ​ចុះ​ចូល​របស់​គាត់​ដោយ​ធ្វើ​តាម​គំរូ​របស់​លោក​យេស៊ូ។

សាវ័ក​ប៉ូល​បាន​សរសេរ​ថា​៖ ​«​ប្ដី​ទាំង​ឡាយ​អើយ ចូរ​ស្រឡាញ់​ប្រពន្ធ​ជា​ដរាប ដូច​គ្រិស្ត​បាន​ស្រឡាញ់​ក្រុម​ជំនុំ ហើយ​បាន​ប្រគល់​ខ្លួន​លោក​ដើម្បី​ក្រុម​ជំនុំ​»។ (​អេភេសូរ ៥:២៥​) លោក​យេស៊ូ​មិន​បាន​​«​ត្រួត​ត្រា​លើ​»​ពួក​អ្នក​កាន់​តាម​លោក​ទេ។ (​ម៉ាកុស ១០:៤២​-​៤៤​) លោក​បាន​ផ្ដល់​ការ​ណែនាំ​យ៉ាង​ច្បាស់​ដល់​ពួក​គេ ហើយ​កែ​តម្រង់​ពួក​គេ​នៅ​ពេល​ដែល​ចាំ​បាច់។ ប៉ុន្តែ​លោក​មិន​កាច​សោះ​ឡើយ។ លោក​សប្បុរស​ចំពោះ​ពួក​គេ ហើយ​ក៏​យល់​អំពី​កម្រិត​របស់​ពួក​គាត់​ដែរ។ (​ម៉ាថាយ ១១:២៩, ៣០; ម៉ាកុស ៦:៣០, ៣១; ១៤:៣៧, ៣៨​) លោក​តែង​តែ​គិត​អំពី​ប្រយោជន៍​របស់​ពួក​គេ មុន​គិត​អំពី​ខ្លួន​លោក​ផ្ទាល់។—ម៉ាថាយ ២០:២៥​-​២៨

ស្វាមី​ត្រូវ​សួរ​ខ្លួន​គាត់​នូវ​សំណួរ​ដូច​នេះ​ថា​‹តើ​ទស្សនៈ​របស់​ខ្ញុំ​ចំពោះ​ប្រមុខ​ភាព​និង​ចំពោះ​ស្ត្រីភេទ​ទូទៅ បាន​ទទួល​ឥទ្ធិពល​ពី​ទំនៀម​ទម្លាប់​ដែល​មាន​ក្នុង​ប្រទេស ច្រើន​ជាង​ឱវាទ​និង​គំរូ​នានា​ដែល​មាន​ក្នុង​គម្ពីរ​ឬ​ទេ?›។ ជា​ឧទាហរណ៍ ពេល​ស្ត្រី​ម្នាក់​មិន​យល់​ស្រប​នឹង​គំនិត​របស់​ស្វាមី​នាង ហើយ​នាង​បាន​ពន្យល់​ពី​គំនិត​របស់​នាង​ដោយ​បង្ហាញ​ការ​គោរព តើ​លោក​អ្នក​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​នាង? គម្ពីរ​បាន​ចាត់​ទុក​សារ៉ា​ដែល​ជា​ភរិយា​របស់​អាប្រាហាំ ថា​ជា​គំរូ​ល្អ​ស្តី​អំពី​ភរិយា​ដែល​ចេះ​ចុះ​ចូល​ចំពោះ​ស្វាមី។ (​ពេត្រុសទី១ ៣:១,​) ក៏​ប៉ុន្តែ នៅ​ពេល​ដែល​ចាំ​បាច់ នាង​បាន​និយាយ​អំពី​គំនិត​របស់​នាង ដូច​ជា​ពេល​ដែល​អាប្រាហាំ​មិន​បាន​សម្គាល់​នូវ​គ្រោះ​ថ្នាក់​ដែល​នាំ​ឲ្យ​អន្តរាយ​ដល់​គ្រួសារ។—លោកុប្បត្តិ ១៦:៥; ២១:៩​-​១២

ពិត​មែន​ហើយ អាប្រាហាំ​មិន​បាន​ប្រព្រឹត្ត​ចំពោះ​នាង​តាម​របៀប​ដែល​ធ្វើ​ឲ្យ​នាង​ខ្លាច​មិន​ហ៊ាន​និយាយ​អំពី​អារម្មណ៍​នោះ​ឡើយ។ គាត់​មិន​ប្រើ​អំណាច​ផ្ដាច់​ការ​នោះ​ទេ។ ដូច​គ្នា​ដែរ ស្វាមី​ដែល​អនុវត្ត​តាម​ឱវាទ​ក្នុង​គម្ពីរ​នឹង​មិន​បង្ខំ​ភរិយា​របស់​គាត់ ដោយ​តម្រូវ​ឲ្យ​នាង​ធ្វើ​តាម​គំនិត​របស់​គាត់​ទាំង​អស់​នោះ​ឡើយ។ បើ​គាត់​ប្រើ​ប្រមុខ​ភាព​របស់​គាត់​តាម​របៀប​ដែល​ចេះ​យោគ​យល់ នោះ​នាង​នឹង​គោរព​គាត់។

របៀប​ដែល​អ្នក​ខ្លះ​បាន​អនុវត្ត​តាម​ឱវាទ​នេះ: នៅ​ប្រទេស​អង់គ្លេស ជេម​ដែល​រៀប​ការ​បាន​៨​ឆ្នាំ​ហើយ គាត់​និយាយ​ថា​៖ ​«​ខ្ញុំ​រៀន​ឲ្យ​ចេះ​សួរ​ភរិយា​របស់​ខ្ញុំ មុន​ពេល​ធ្វើ​ការ​សម្រេច​ចិត្ត​សំខាន់​ៗ។ ខ្ញុំ​ខំ​ព្យាយាម​មិន​គ្រាន់តែ​គិត​អំពី​អ្វី​ដែល​ខ្ញុំ​ត្រូវ​ការ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ខ្ញុំ​ចង់​គិត​អំពី​អ្វី​ដែល​នាង​ត្រូវ​ការ​ជា​មុន​»។

ជោច ដែល​រស់​នៅ​សហរដ្ឋអាម៉េរិក និង​បាន​រៀប​ការ​អស់​៥៩​ឆ្នាំ​មក​ហើយ គាត់​បាន​ពោល​ថា​៖ ​«​ខ្ញុំ​បាន​ខំ​ប្រឹង​ប្រព្រឹត្ត​ទៅ​លើ​ប្រពន្ធ​របស់​ខ្ញុំ​ទុក​ដូច​ជា​ជំនួយ​ដែល​ល្អ​និង​ឈ្លាស​វៃ​ម្នាក់ មិន​មែន​ដូច​មនុស្ស​ដែល​គ្មាន​សិទ្ធិ​អ្វី​នោះ​ទេ​»។—សុភាសិត ៣១:១០

ពាក្យ​ត្អូញត្អែរ:

«​ស្វាមី​របស់​ខ្ញុំ​មិន​ព្រម​ធ្វើ​ជា​ប្រមុខ​នៃ​គ្រួសារ​ទេ​»។

គោលការណ៍​ក្នុង​គម្ពីរ:

«​គ្រប់​ទាំង​ស្រី​ៗ​ដែល​មាន​ប្រាជ្ញា​រមែង​សង់ផ្ទះ​របស់​ខ្លួន​ឡើង តែ​ស្ត្រី​ល្ងីល្ងើ​គេ​រំលំ​ផ្ទះ​ដោយ​ដៃ​ខ្លួន​វិញ​»។សុភាសិត ១៤:១

ប្រសិនបើ​ស្វាមី​របស់​អ្នក​យឺតយ៉ាវ​ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ត​ឬ​ធ្វើ​ជា​ប្រមុខ​ក្នុង​ការ​ចាត់​ចែង​កិច្ចការ​ក្នុង​ផ្ទះ នោះ​យ៉ាង​ហោច​ណាស់​អ្នក​មាន​ជម្រើស​បី​យ៉ាង។ (​១​) អ្នក​អាច​ប្រាប់​អំពី​កំហុស​របស់​គាត់​រាល់​ដង ឬ​(​២​) អ្នក​អាច​ដណ្ដើម​យក​តួនាទី​របស់​គាត់​ជា​ប្រមុខ​នៃ​គ្រួសារ ឬ​(​៣​) អ្នក​អាច​សរសើរ​គាត់​អស់ពី​ចិត្ត​ចំពោះ​ការ​ខំ​ប្រឹង​ណា​មួយ​ដែល​គាត់​បាន​ធ្វើ។ ក្នុង​ចំណោម​ចំណុច​ទាំង​នេះ បើ​អ្នក​ជ្រើស​រើស​ធ្វើ​តាម​ចំណុច​ទី​១​ឬ​ទី​២ នោះ​អ្នក​នឹង​រំលំ​ផ្ទះ​ដោយ​ដៃ​ខ្លួន​ហើយ។ ការ​ជ្រើស​រើស​ចំណុច​ទី​៣ នឹង​ជួយ​អ្នក​ឲ្យ​សង់​ឬ​ពង្រឹង​ចំណង​អាពាហ៍ពិពាហ៍​របស់​អ្នក​វិញ។

បុរស​ជា​ច្រើន​ចង់​ឲ្យ​គេ​គោរព​ច្រើន​ជាង​ចង់​ឲ្យ​គេ​ស្រឡាញ់។ ដូច្នេះ បើ​អ្នក​គោរព​ស្វាមី​របស់​អ្នក ដោយ​ធ្វើ​ឲ្យ​គាត់​មាន​អារម្មណ៍​ថា​អ្នក​ឲ្យ​តម្លៃ​ចំពោះ​ការ​ខំ​ប្រឹង​របស់​គាត់​ក្នុង​ការ​នាំ​មុខ​ក្រុម​គ្រួសារ ហើយ​ថា​ការ​នាំ​មុខ​របស់​គាត់​មាន​ប្រយោជន៍ នោះ​ទំនង​ជា​នឹង​ធ្វើ​ឲ្យ​គាត់​ចង់​រីក​ចម្រើន​ក្នុង​ការ​បំពេញ​តួនាទី​របស់​គាត់​បន្ថែម​ទៀត។ ពិត​មែន នឹង​មាន​ពេល​ដែល​អ្នក​មិន​យល់​ស្រប​ជា​មួយ​ស្វាមី​របស់​អ្នក​ចំពោះ​រឿង​ខ្លះ​ៗ។ អ្នក​ត្រូវ​ពិភាក្សា​អំពី​រឿង​នោះ​ជា​មួយ​គ្នា។ (​សុភាសិត ១៨:​១៣​) ប៉ុន្តែ ពាក្យ​ដែល​អ្នក​ប្រើ​និង​របៀប​និយាយ​របស់​អ្នក​នឹង​ជួយ​អ្នក​ឲ្យ​រំលំ​ឬ​សង់​ឡើង​នូវ​ចំណង​អាពាហ៍ពិពាហ៍​របស់​អ្នក។ (​សុភាសិត ២១:​៩; ២៧:​១៥​) ដូច្នេះ សូម​និយាយ​អំពី​អារម្មណ៍​របស់​អ្នក​ដោយ​បង្ហាញ​ការ​គោរព នោះ​អ្នក​នឹង​ទំនង​ជា​ទទួល​នូវ​អ្វី​ដែល​អ្នក​ចង់​បាន ពោល​គឺ​ស្វាមី​ម្នាក់​ដែល​មិន​ស្ទាក់​ស្ទើរ​ក្នុង​ការ​ធ្វើ​ជា​ប្រមុខ​នៃ​គ្រួសារ​ឡើយ។

របៀប​ដែល​អ្នក​ខ្លះ​បាន​អនុវត្ត​តាម​ឱវាទ​នេះ: នៅ​សហរដ្ឋ​អាម៉េរិក បង​ស្រី​មីហ្សេល​ដែល​បាន​រៀប​ការ​៣០​ឆ្នាំ​មក​ហើយ គាត់​ស្រដី​ថា​៖ ​«​ដោយ​សារ​ម្ដាយ​របស់​ខ្ញុំ​បាន​ចិញ្ចឹម​ខ្ញុំ​និង​ប្អូន​ស្រី​របស់​ខ្ញុំ​តែ​ម្នាក់​ឯង នោះ​គាត់​ជា​ស្ត្រី​រឹង​ប៊ឹង​ដែល​មិន​ពឹង​ពាក់​អ្នក​ដទៃ​ទេ។ ខ្ញុំ​ចាប់​ផ្ដើម​មាន​លក្ខណៈ​ទាំង​នោះ​ដូច​គាត់​ដែរ។ ដូច្នេះ ខ្ញុំ​តែង​តែ​ត្រូវ​ខំ​ប្រឹង​ដើម្បី​បង្ហាញ​យ៉ាង​ត្រឹម​ត្រូវ​ស្តី​អំពី​ការ​ចុះ​ចូល។ ជា​ឧទាហរណ៍ ខ្ញុំ​បាន​រៀន​ឲ្យ​ចេះ​សុំ​យោបល់​ពី​ស្វាមី​របស់​ខ្ញុំ​ជា​ជាង​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង​»។

នៅ​ប្រទេស​អូស្ដ្រាលី រេឆេល​រៀប​ការ​បាន​២១​ឆ្នាំ​ជា​មួយ​នឹង​ម៉ា​ក ហើយ​គាត់​ក៏​បាន​ទទួល​ឥទ្ធិពល​ពី​របៀប​រស់​នៅ​របស់​គាត់​កាល​ពី​នៅ​ក្មេង​ដែរ។ គាត់​រៀប​រាប់​ថា​៖ ​«​ម្ដាយ​របស់​ខ្ញុំ​មិន​ដែល​គោរព​ឪពុក​ខ្ញុំ​ទេ។ ការ​ប្រកែក​គ្នា​និង​ការ​មិន​ចេះ​គោរព​គ្នា​តែង​មាន​ជា​ធម្មតា។ ក្នុង​ប៉ុន្មាន​ឆ្នាំ​ដំបូង​នៃ​ចំណង​អាពាហ៍ពិពាហ៍​របស់​ខ្ញុំ ខ្ញុំ​បាន​យក​តម្រាប់​តាម​ម្ដាយ​របស់​ខ្ញុំ។ ប៉ុន្តែ ក្រោយ​ពី​ប៉ុន្មាន​ឆ្នាំ​នោះ​មក ខ្ញុំ​ចាប់​ផ្ដើម​អនុវត្ត​តាម​ឱវាទ​ក្នុង​គម្ពីរ​ស្តី​អំពី​ការ​បង្ហាញ​ការ​គោរព​ចំពោះ​ស្វាមី។ ឥឡូវ ម៉ា​ក​និង​ខ្ញុំ​រីករាយ​ណាស់​ដោយ​យើង​មាន​ចំណង​អាពាហ៍ពិពាហ៍​ដែល​មាន​សុភមង្គល​ច្រើន​ជាង​»។

ពាក្យ​ត្អូញត្អែរ:

«​គូ​របស់​ខ្ញុំ​មាន​ទម្លាប់​ខ្លះ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ទាស់​ចិត្ត ហើយ​ខ្ញុំ​ទ្រាំ​លែង​បាន​ទៀត​ហើយ​»។

គោលការណ៍​ក្នុង​គម្ពីរ:

«​ចូរ​ទ្រាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​អភ័យទោស​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​គ្មាន​ល័ក្ខខ័ណ្ឌ បើ​អ្នក​ណា​មាន​ហេតុ​ត្អូញត្អែរ​អំពី​អ្នក​ណា​ម្នាក់​»។កូឡុស ៣:១៣

នៅ​ដើម​ដំបូង ពេល​ដែល​លោក​អ្នក​ខំ​ស្គាល់​បុគ្គល​ដែល​នឹង​ក្លាយ​ជា​គូ​អនាគត​របស់​លោក​អ្នក លោក​អ្នក​ទំនង​ជា​ផ្ដោត​ការ​ចាប់​អារម្មណ៍​ទៅ​លើ​គុណ​សម្បត្ដិ​របស់​គាត់ មិន​សូវ​គិត​អំពី​គុណ​វិបត្ដិ​របស់​គាត់​ទេ។ តើ​លោក​អ្នក​អាច​ធ្វើ​ដូច្នេះ​នៅ​សព្វ​ថ្ងៃ​នេះ​ឬ​ទេ? ពិត​មែន​ហើយ ជួនកាល​គូ​របស់​លោក​អ្នក​ធ្វើ​ឲ្យ​លោក​អ្នក​មាន​ហេតុ​ត្អូញត្អែរ។ ប៉ុន្តែ លោក​អ្នក​អាច​សួរ​ខ្លួន​ថា‹តើ​ខ្ញុំ​នឹង​ប្រមូល​អារម្មណ៍​ទៅ​លើ​គុណ​សម្បត្ដិ​ឬ​គុណ​វិបត្ដិ​នៃ​គូ​របស់​ខ្ញុំ?›។

លោក​យេស៊ូ​បាន​ប្រើ​ឧទាហរណ៍​ដែល​បង្ហាញ​អំពី​សារ:សំខាន់​នៃ​ការ​មិន​គិត​ពី​គុណ​វិបត្ដិ​របស់​អ្នក​ឯ​ទៀត។ លោក​សួរ​ថា​៖ ​«​ហេតុ​អ្វី​អ្នក​មើល​កម្ទេច​ក្នុង​ភ្នែក​របស់​បង​ប្អូន​អ្នក តែ​មិន​គិត​អំពី​ធ្នឹម​ដែល​នៅ​ក្នុង​ភ្នែក​របស់​អ្នក​វិញ?​»។ (​ម៉ាថាយ ៧:៣​) កម្ទេច​អាច​ជា​កម្ទេច​ចំបើង​តូច​មួយ។ ប៉ុន្តែ ធ្នឹម​គឺជា​ឈើ​មួយ​ដើម​វែង​ដែល​គេ​ប្រើ​ដើម្បី​ទ្រ​ដំបូល​ផ្ទះ។ តើ​លោក​យេស៊ូ​ចង់​បញ្ជាក់​អំពី​អ្វី? លោក​បាន​បន្ថែម​ថា​៖ ​«​ចូរ​យក​ធ្នឹម​ចេញ​ពី​ភ្នែក​ខ្លួន​អ្នក​ជា​មុន​សិន ទើប​អ្នក​អាច​មើល​ឃើញ​ច្បាស់ ដើម្បី​អាច​យក​កម្ទេច​ចេញ​ពី​ភ្នែក​របស់​បង​ប្អូន​អ្នក​បាន​»។—ម៉ាថាយ ៧:៥

លោក​យេស៊ូ​បាន​ចាប់​ផ្ដើម​និយាយ​ឧទាហរណ៍​នេះ​ដោយ​មាន​ការ​ព្រមាន​យ៉ាង​ខ្លាំង​មួយ។ លោក​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ឈប់​វិនិច្ឆ័យ​អ្នក​ឯ​ទៀត ដើម្បី​កុំ​ឲ្យ​អ្នក​ទទួល​ការ​វិនិច្ឆ័យ ព្រោះ​អ្នក​វិនិច្ឆ័យ​អ្នក​ឯ​ទៀត​យ៉ាង​ណា អ្នក​នឹង​ទទួល​ការ​វិនិច្ឆ័យ​យ៉ាង​នោះ​ដែរ​»។ (​ម៉ាថាយ ៧:១, ២​) បើ​លោក​អ្នក​មិន​ចង់​ឲ្យ​ព្រះ​មើល​ឃើញ​គុណ​វិបត្ដិ​របស់​លោក​អ្នក​ដែល​ប្រៀប​ដូច​ជា​ធ្នឹម​ក្នុង​ភ្នែក នោះ​លោក​អ្នក​ក៏​មិន​ត្រូវ​មើល​ឃើញ​ពី​គុណ​វិបត្ដិ​នៃ​គូ​របស់​លោក​អ្នក​ដែរ។—ម៉ាថាយ ៦:១៤, ១៥

របៀប​ដែល​អ្នក​ខ្លះ​បាន​អនុវត្ត​តាម​ឱវាទ​នេះ: ជេន​នី​និង​សាយ​មិន ជា​គូ​ស្វាមីភរិយា​នៅ​ប្រទេស​អង់គ្លេស​ដែល​រៀប​ការ​បាន​៩​ឆ្នាំ​ហើយ។ ជេន​នី​និយាយ​ថា​៖ ​«​ខ្ញុំ​ឃើញ​ថា​មូលហេតុ​ធំ​ជាង​គេ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ទាស់​ចិត្ត​នឹង​ស្វាមី​ខ្ញុំ គឺ​ដោយ​សារ​គាត់​មិន​ចេះ​គិត​គូរ​រៀប​ចំ​ទុក​ជា​មុន តែ​ចាំ​រហូត​ដល់​កៀក​ថ្ងៃ​ទើប​គាត់​ចាប់​ផ្ដើម​គិត​ដើម្បី​រៀប​ចំ​អ្វី​មួយ​នោះ។ នេះ​ជា​អ្វី​ដែល​គួរ​ឲ្យ​អស់​សំណើច​ណាស់ ពីព្រោះ​ពេល​ដែល​យើង​ស្វែង​យល់​ចិត្ត​គ្នា ខ្ញុំ​ស្រឡាញ់​គាត់​ដោយ​សារ​គាត់​ចង់​ធ្វើ​អ្វី​ធ្វើ​ហ្នឹង​ភ្លាម។ ប៉ុន្តែ ឥឡូវ​ខ្ញុំ​ទទួល​ស្គាល់​ថា​ខ្ញុំ​ក៏​មាន​គុណ​វិបត្ដិ​ដែរ ដោយ​សារ​ខ្ញុំ​ចង់​ឲ្យ​អ្វី​ៗ​មាន​របៀប​រៀប​រយ​ពេក។ ម្យ៉ាង​ទៀត ខ្ញុំ​និង​សាយ​មិន​កំពុង​រៀន​ឲ្យ​ចេះ​បំភ្លេច​គុណ​វិបត្ដិ​របស់​គ្នា​ទៅ​វិញ​ទៅ​មក​»។

ខឺត​និង​មីហ្សេល ដែល​បាន​រៀប​រាប់​ពី​មុន​បាន​និយាយ​ថា​៖ ​«​បើ​អ្នក​គិតតែ​ពី​គុណ​វិបត្ដិ​នៃ​គូ​របស់​អ្នក​ដែល​ធ្វើ​ឲ្យ​អ្នក​ទើស​ចិត្ត នោះ​បញ្ហា​ទាំង​នោះ​ប្រហែលជា​កាន់​តែ​ធំ​ទៅ​ៗ។ ដូច្នេះ ខ្ញុំ​សម្រេច​ចិត្ត​ប្រមូល​អារម្មណ៍​ទៅ​លើ​គុណ​សម្បត្ដិ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​លង់​ស្រឡាញ់​មីហ្សេល​តាំង​ពី​ដំបូង​វិញ​»។

គន្លឹះ​នៃ​សុភមង្គល

ឧទាហរណ៍​ទាំង​ប៉ុន្មាន​ខាង​លើ​នេះ​បង្ហាញ​ថា បញ្ហា​ក្នុង​ចំណង​អាពាហ៍ពិពាហ៍​ជា​អ្វី​ដែល​មិន​អាច​ជៀស​បាន​ទេ ប៉ុន្តែ​យើង​នៅ​តែ​អាច​ដោះ​ស្រាយ​បាន។ តើ​អ្វី​ជា​គន្លឹះ​នៃ​សុភមង្គល? គឺ​ការ​បណ្ដុះ​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ និង​មាន​ចិត្ត​ចង់​ធ្វើ​តាម​ឱវាទ​ដែល​បាន​កត់​សរសេរ​ក្នុង​គម្ពីរ​ដែល​ជា​បណ្ដាំ​របស់​លោក។

នៅ​ប្រទេស​នីហ្សេរីយ៉ា អាលេក្ស​និង​អ៊ីតូហាន​ដែល​រៀប​ការ​ជាង​២០​ឆ្នាំ​មក​ហើយ ពួក​គាត់​បាន​រក​ឃើញ​គន្លឹះ​នៃ​សុភមង្គល​នេះ។ អាលេក្ស​និយាយ​ថា​៖ ​«​ខ្ញុំ​យល់​ដឹង​ថា​បញ្ហា​ស្ទើរតែ​ទាំង​អស់​អាច​ដោះ​ស្រាយ​បាន បើ​គូ​អាពាហ៍ពិពាហ៍​អនុវត្ត​តាម​គោលការណ៍​ក្នុង​គម្ពីរ​»។ ភរិយា​គាត់​ពោល​ថា​៖ ​«​សំខាន់​ណាស់​ដែល​យើង​អធិដ្ឋាន​ជា​មួយ​គ្នា​ជា​ទៀង​ទាត់ ហើយ​អនុវត្ត​តាម​ឱវាទ​នៃ​គម្ពីរ​ដែល​ឲ្យ​យើង​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​និង​អត់​ធ្មត់​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក។ ឥឡូវ យើង​មាន​បញ្ហា​តិច​ជាង​ពេល​ដែល​យើង​ទើប​តែ​រៀប​ការ​»។

តើ​លោក​អ្នក​ចង់​រៀន​ថែម​ទៀត​អំពី​របៀប​ដែល​ឱវាទ​ក្នុង​គម្ពីរ​អាច​ជួយ​ដល់​ក្រុម​គ្រួសារ​របស់​លោក​អ្នក​ឬ​ទេ? បើ​ចង់​មែន សូម​សួរ​សាក្សី​ព្រះ​យេហូវ៉ា​ដើម្បី​ពិភាក្សា​ជា​មួយ​លោក​អ្នក​នូវ​ជំពូក​ទី​១៤​ពី​សៀវភៅ​តើ​ព្រះ​គម្ពីរ​ពិត​ជា​បង្រៀន​យ៉ាង​ណា? *

[​កំណត់​សម្គាល់​]

^ វគ្គ 10 ឈ្មោះ​ខ្លះ​បាន​ត្រូវ​ផ្លាស់​ប្ដូរ។

^ វគ្គ 63 បោះពុម្ព​ផ្សាយ​ដោយ​សាក្សី​ព្រះ​យេហូវ៉ា។

[​រូបភាព​នៅ​ទំព័រ​៤​]

តើ​អ្នក​លៃ​ទុក​ពេល សម្រាប់​គ្នា​ទៅ​វិញ​ទៅ​មក​ឬ​ទេ?

[​រូបភាព​នៅ​ទំព័រ​៥​]

តើ​ខ្ញុំ​ខំ​ឲ្យ​ដល់​គេ​ច្រើន​ជាង​អ្វី​ដែល​ខ្ញុំ​ទទួល​ឬ​ទេ?

[​រូបភាព​នៅ​ទំព័រ​៦​]

តើ​ខ្ញុំ​ខំ​ផ្ដើម​និយាយ ដើម្បី​ដោះ​ស្រាយ ជម្លោះ​ឬ​ទេ?

[​រូបភាព​នៅ​ទំព័រ​៧​]

មុន​ខ្ញុំ​ធ្វើ​ការ​សម្រេច​ចិត្ត តើ​ខ្ញុំ​សុំ​យោបល់​ពី​ភរិយា​របស់​ខ្ញុំ​ឬ​ទេ?

[​រូបភាព​នៅ​ទំព័រ​៩​]

តើ​ខ្ញុំ​ប្រមូល​អារម្មណ៍ ទៅ​លើ​គុណ​សម្បត្ដិ​នៃ​គូ​របស់​ខ្ញុំ​ឬ​ទេ?​