លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើមនុស្សជាច្រើនភ័យខ្លាចអ្វីខ្លះ?

តើមនុស្សជាច្រើនភ័យខ្លាចអ្វីខ្លះ?

តើ​មនុស្ស​ជា​ច្រើន​ភ័យ​ខ្លាច​អ្វី​ខ្លះ?

«យើង​មិន​ចាំ​បាច់​ជា​អ្នក​កាន់​សាសនា​ទេ​ទើប​គិត​ថា អនាគត​មនុស្សជាតិ​ឆ្ពោះ​ទៅ​ដល់​សេចក្ដី​អន្តរាយ»។—ស្ទេវិន អូលារី សាស្ដ្រាចារ្យ​ពី​សកល​វិទ្យាល័យ​នៃ​រដ្ឋ​កាលីហ្វ័រញ៉ា​ខាង​ត្បូង *

តើ​លោក​អ្នក​យល់​ស្រប​នឹង​ពាក្យ​សម្ដី​របស់​សាស្ដ្រាចារ្យ​នេះ​ឬ​ទេ? អត្ថបទ​បន្ត​បន្ទាប់​នឹង​ពិនិត្យ​មើល​មូលហេតុ​ខ្លះ​ៗ​ដែល​មនុស្ស​ភ័យ​ខ្លាច​ចំពោះ​អនាគត។ ប៉ុន្តែ​អត្ថបទ​ទាំង​នេះ​ក៏​នឹង​បញ្ជាក់​ដែរ​នូវ​មូលហេតុ​ដែល​លោក​អ្នក​អាច​មាន​ទំនុក​ចិត្ត​ថា ជីវិត​ទាំង​ឡាយ​នៅ​ផែនដី​នឹង​មិន​មាន​ទី​បញ្ចប់​ទេ។ ទោះ​ជា​លោក​អ្នក​នឹង​អាន​ហេតុ​ការណ៍​ពិត​ដែល​នឹង​ធ្វើ​ឲ្យ​លោក​អ្នក​ព្រួយ​បារម្ភ​ក៏​ដោយ តែ​មាន​មូលហេតុ​ត្រឹម​ត្រូវ​ឲ្យ​លោក​អ្នក​មាន​សុទិដ្ឋិនិយម​អំពី​អនាគត។

សង្គ្រាម​នុយក្លេអ៊ែរ​នៅ​តែ​គំរាម​កំហែង​ពិភព​លោក​យ៉ាង​ខ្លាំង។ នៅ​ឆ្នាំ​២០០៧ ព្រឹត្ដិបត្រ​របស់​អ្នក​វិទ្យា​សាស្ត្រ​ផ្នែក​បរមាណូ​បាន​ព្រមាន​ថា៖«ឥឡូវ​នេះ​អាច​មាន​គ្រោះ​ថ្នាក់​ដែល​ពិភព​លោក​មិន​បាន​ប្រឈម​មុខ​តាំង​ពី​គេ​ទម្លាក់​គ្រាប់​បែក​បរមាណូ​ជា​លើក​ដំបូង​នៅ​ក្រុង​ហ៊ីរ៉ូស៊ីម៉ា​និង​ណាកាសាគី[ក្នុង​ប្រទេស​ជប៉ុន]»។ (Bulletin of the Atomic Scientists) ហេតុ​អ្វី​មាន​ការ​ព្រួយ​បារម្ភ​ដូច្នេះ? ព្រឹត្ដិបត្រ​នោះ​បាន​រាយ​ការណ៍​ថា នៅ​ឆ្នាំ​២០០៧​នៅ​មាន​អាវុធ​នុយក្លេអ៊ែរ​ជាង​២៧.០០០​គ្រឿង ហើយ​ក្នុង​ចំណោម​អាវុធ​ទាំង​នោះ​មាន​អាវុធ​២.០០០​គ្រឿង​ដែល​គេ«បម្រុង​ទុក​សម្រាប់​បាញ់​ក្នុង​តែ​ពីរ​បី​នាទី​ប៉ុណ្ណោះ»។ ប្រសិន​បើ​គេ​ធ្វើ​ឲ្យ​អាវុធ​មួយ​ចំនួន​តូច​ទាំង​នោះ​ផ្ទុះ​ក៏​ដោយ ក៏​នៅ​តែ​មាន​មហន្តរាយ​យ៉ាង​ធំ​ដែរ!

តាំង​ពី​ពេល​នោះ​មក តើ​ការ​គំរាម​កំហែង​នៃ​សង្គ្រាម​នុយក្លេអ៊ែរ​បាន​ចុះ​ថយ​ឬ​ទេ? សៀវភៅ​ប្រចាំ​ឆ្នាំ​២០០៩​នៃ​វិទ្យាស្ថាន​នៅ​ក្រុង​ស្តុក​ខ​ល​សម្រាប់​ស្រាវ​ជ្រាវ​អំពី​សន្ធិ​សញ្ញា​អន្តរជាតិ​ដើម្បី​សន្ដិភាព​បាន​រៀប​រាប់​ថា មហា​អំណាច​នុយក្លេអ៊ែរ​ដែល​លេច​ធ្លោ​ជាង​គេ​ពោល​គឺ​ប្រទេស​ចិន បារាំង រូស៊ី រាជាណាចក្រ​អង់គ្លេស និង​សហរដ្ឋ​អាម៉េរិក ប្រទេស​ទាំង​នេះ«បាន​បម្រុង​ទុក​អាវុធ​នុយក្លេអ៊ែរ​ថ្មី​ៗ ឬ​បាន​ប្រកាស​ប្រាប់​ថា​ពួក​គេ​មាន​បំណង​ធ្វើ​ដូច្នេះ»។ (SIPRI Yearbook 2009) * ប៉ុន្តែ សៀវភៅ​ប្រចាំ​ឆ្នាំ​នោះ​អះអាង​ថា​មិន​មាន​តែ​ប្រទេស​ទាំង​ប្រាំ​នោះ​ប៉ុណ្ណោះ​ទេ​ដែល​មាន​អាវុធ​នុយក្លេអ៊ែរ។ អ្នក​ស្រាវ​ជ្រាវ​បាន​ប៉ាន់​ស្មានថា​ប្រទេស​ឥណ្ឌា ប៉ាគីស្ថាន និង​ប្រទេស​អ៊ីស្រាអែល​មាន​គ្រាប់​បែក​នុយក្លេអ៊ែរ​ពី​៦០​ទៅ​៨០​គ្រឿង។ សៀវភៅ​ប្រចាំ​ឆ្នាំ​នោះ​ក៏​បាន​ចែង​ទៀត​ថា ចំនួន​សរុប​នៃ​អាវុធ​នុយក្លេអ៊ែរ​នៅ​ទូទាំង​ពិភព​លោក​គឺ​៨.៣៩២​គ្រឿង ដែល​អាវុធ​ទាំង​នោះ​បាន​ត្រូវ​ទុក​បម្រុង​ជា​ស្រេច​សម្រាប់​បាញ់!

ការ​ប្រែ​ប្រួល​ធាតុ​អាកាស​នៃ​ផែនដី​នាំ​មក​នូវ​មហន្តរាយ។ ព្រឹត្ដិបត្រ​របស់​អ្នក​វិទ្យា​សាស្ត្រ​ផ្នែក​បរមាណូ​ដែល​បាន​ត្រូវរៀប​រាប់​ខាង​លើ​នេះ​បាន​ចែង​ថា៖ «គ្រោះ​ថ្នាក់​ដែល​មក​ពី​ការ​ប្រែ​ប្រួល​ធាតុ​អាកាស​គឺ​ជិត​ស្មើ​នឹង​គ្រោះ​ថ្នាក់​ដែល​មក​ពី​អាវុធ​នុយក្លេអ៊ែរ»។ (Bulletin of the Atomic Scientists) អ្នក​វិទ្យា​សាស្ត្រ​ដែល​គេ​គោរព​ដូច​ជា​ស្ទេវិន ហោឃីង​ដែល​ជា​អតីត​សាស្ដ្រាចារ្យ​នៅ​សកល​វិទ្យាល័យ​ខេមប្រីច និង​ម៉ាថិន រ៉ី​ស​ដែល​ជា​ប្រធាន​នៃ​មហា​វិទ្យាល័យ​ទ្រីនីធី​នៃ​សកល​វិទ្យាល័យ​ខេមប្រីច ក៏​បាន​ព្រមាន​ស្រដៀង​គ្នា​នេះ​ដែរ។ ពួក​គេ​គិត​ថា​ការ​ប្រើ​មិន​ត្រឹម​ត្រូវ​នូវ​បច្ចេកវិជ្ជា និង​ការ​ប៉ះ​ពាល់​ដល់​បរិស្ថាន​ដោយ​សារ​សកម្មភាព​របស់​មនុស្ស ប្រហែល​នាំ​ឲ្យ​ជីវិត​នៅ​ផែនដី​ប្រែ​ប្រួល​ជា​អចិន្ត្រៃយ៍ ឬ​នាំ​ឲ្យ​អារ្យធម៌​សាប​សូន្យ​ទៅ។

ទំនាយ​អំពី​អវសានកាល​នៃ​ពិភព​លោក​ធ្វើ​ឲ្យ​មនុស្ស​រាប់​លាន​នាក់​ព្រួយ​បារម្ភ។ ប្រសិន​បើ​លោក​អ្នក​ចុច​ពាក្យ«ទី​បញ្ចប់​នៃ​ពិភព​លោក» និង​ឆ្នាំ«២០១២»ក្នុង​គេហទំព័រ​ស្រាវ​ជ្រាវ​មួយ​តាម​អ៊ីនធឺណិត លោក​អ្នក​នឹង​ឃើញ​គេហទំព័រ​រាប់​រយ​ដែល​ប៉ាន់​ស្មាន​អំពី​ទី​បញ្ចប់​នៅ​ឆ្នាំ​នោះ។ ហេតុ​អ្វី? ពី​ព្រោះ​យោង​ទៅ​តាម​ប្រតិទិន​បុរាណ​របស់​ជន​ជាតិ​ម៉ាយ៉ា ដែល​គេ​ហៅ​ថា«ការ​រាប់​ដ៏​វែង»មួយ បាន​គណនា​ថា​ចប់​នៅ​ឆ្នាំ​២០១២។ មនុស្ស​ជា​ច្រើន​ភ័យ​ខ្លាច​ថា​នេះ​ជា​ទី​សម្គាល់​ដែល​បញ្ជាក់​ពី​ទី​បញ្ចប់​នៃ​អារ្យធម៌​ដែល​មាន​សព្វ​ថ្ងៃ​នេះ។

មនុស្ស​ជា​ច្រើន​ដែល​កាន់​សាសនា​ជឿ​ថា គម្ពីរ​បង្រៀន​ថា​ផែនដី​នឹង​ត្រូវ​បំផ្លាញ​ចោល។ ពួក​គេ​មាន​អារម្មណ៍​ថា ព្រះ​នឹង​យក​អ្នក​ជឿ​ដ៏​ស្មោះ​ត្រង់​ទៅ​ស្ថាន​សួគ៌ ហើយ​ទុក​មនុស្ស​ឯ​ទៀត​ឲ្យ​រង​ទុក្ខ​នៅ​ផែនដី​ដែល​ក្រឡាប់​ចាក់ ឬ​ទម្លាក់​មនុស្ស​ចូល​ទៅ​ក្នុង​ស្ថាន​នរក។

តើ​គម្ពីរ​ពិត​ជា​ចែង​ថា​ផែនដី​នឹង​ត្រូវ​ខូច​ខាត​ទាំង​ស្រុង ឬ​បំផ្លាញ​ចោល​ឬ​ទេ? សាវ័ក​យ៉ូហាន​បាន​ព្រមាន​ថា៖ «កុំ​ជឿ​គ្រប់​ទាំង​បណ្ដាំ​ដែល​ហាក់​ដូច​ជា​មក​ពី​ព្រះ​ឡើយ។ ប៉ុន្តែ ចូរ​ពិសោធ​មើល​ថា តើ​បណ្ដាំ​នោះ​មក​ពី​ព្រះ​ឬ​មិន​មែន»។ (យ៉ូហាន​ទី​១ ៤:១) ជា​ជាង​ជឿ​ដោយ​ងងឹត​ងងល់​នូវ​អ្វី​ៗ​ដែល​អ្នក​ឯ​ទៀត​និយាយ ជា​ការ​ល្អ​ឲ្យ​អ្នក​បើក​គម្ពីរ ហើយ​ឃើញ​ដោយ​ផ្ទាល់​ភ្នែក​នូវ​អ្វី​ដែល​គម្ពីរ​ចែង​អំពី​ទី​បញ្ចប់​នៃ​ពិភព​លោក។ អ្វី​ៗ​ដែល​គម្ពីរ​បង្រៀន​ប្រហែល​ជា​ធ្វើ​ឲ្យ​លោក​អ្នក​ភ្ញាក់​ផ្អើល​មែន!

[កំណត់​សម្គាល់]

^ វគ្គ 2 ពី​អត្ថបទ«សេចក្ដី​អន្តរាយ​នៅ​ពេល​ថ្មី​ៗ​នេះ​នាំ​ឲ្យ​មនុស្ស​ទាយ​អំពី​អវសានកាល​នៃ​ពិភព​លោក» បោះ​ពុម្ព​ផ្សាយ​នៅ​ថ្ងៃ​ទី​១៩ ខែ​តុលា ឆ្នាំ​២០០៥ នៅ​គេហទំព័រ​របស់​MSNBC។

^ វគ្គ 5 សេចក្ដី​រាយ​ការណ៍​ក្នុង​សៀវភៅ​ប្រចាំ​ឆ្នាំ​២០០៩​នៃ​វិទ្យាស្ថាន​នៅ​ក្រុង​ស្តុក​ខ​ល​សម្រាប់​ស្រាវ​ជ្រាវ​អំពី​សន្ធិ​សញ្ញា​អន្តរជាតិ​ដើម្បី​សន្ដិភាព (SIPRI Yearbook 2009) បាន​ត្រូវ​និពន្ធ​ដោយ​បុគ្គល​បី​នាក់។ ទី​១​គឺ​សាណិន ខាល ដែល​ជា​អ្នក​ស្រាវ​ជ្រាវ​ម្នាក់​និង​ប្រធាន​ផ្នែក​គម្រោង​អាវុធ​នុយក្លេអ៊ែរ​នៃ​កម្ម​វិធី​របស់​SIPRI​សម្រាប់​ការ​គ្រប់​គ្រង​និង​ទប់​ស្កាត់​អាវុធ។ ទី​ពីរ​គឺ​វីតាលី ហ្វេដេឆងខូ ជា​អ្នក​ស្រាវ​ជ្រាវ​ម្នាក់​ក្នុង​កម្ម​វិធី​របស់​SIPRI​សម្រាប់​ការ​គ្រប់​គ្រង​និង​ទប់​ស្កាត់​អាវុធ។ ទី​៣​គឺ​ហែន គ្រិស្ដិនសិន ជា​នាយក​ផ្នែក​គម្រោង​ព័ត៌មាន​នុយក្លេអ៊ែរ​នៅ​សហ​ព័ន្ធ​នៃ​អ្នក​វិទ្យា​សាស្ត្រ​ទ្វីប​អាម៉េរិក។

[អ្នក​ផ្ដល់​សិទ្ធិ​ឲ្យ​ប្រើ​រូប​ភាព​នៅ​ទំព័រ​៤]

Mushroom cloud: U.S. National Archives photo; hurricane photos: WHO/League of Red Cross and U.S. National Archives photo