គន្លឹះសុភមង្គលគ្រួសារ
ទំនាក់ទំនងល្អជាមួយឪពុកម្ដាយក្មេក
ស៊ីណា *និយាយថា៖ ម្ដាយរបស់បូរ៉ាមិនញញើតនឹងបង្ហាញការមិនពេញចិត្តនឹងខ្ញុំទេ។ ប៉ុន្តែ កាលណាយើងទៅលេងឪពុកម្ដាយខ្ញុំ ពួកគាត់ក៏ធ្វើដូច្នេះចំពោះបូរ៉ាដែរ។ តាមពិត ខ្ញុំមិនដែលឃើញពួកគាត់ខ្វះសុជីវធម៌ដូច្នេះចំពោះអ្នកឯទៀតទេ! ការទៅលេងឪពុកម្ដាយទាំងសងខាងធ្វើឲ្យយើងទាំងពីរនាក់តានតឹងចិត្ត។
បូរ៉ានិយាយថា៖ ម្ដាយខ្ញុំគិតថាគ្មាននរណាសមនឹងកូនគាត់ទេ ហេតុនេះ គាត់បង្ហាញថាគាត់មិនពេញចិត្តនឹងស៊ីណាតាំងពីដំបូងម្ល៉េះ។ រីឯឪពុកម្ដាយស៊ីណាវិញ ពួកគាត់ក៏ធ្វើដូច្នេះចំពោះខ្ញុំដែរ ពោលគឺពួកគាត់រិះគន់ខ្ញុំជានិច្ចកាល។ បញ្ហាគឺ បន្ទាប់ពីមានរឿងបែបនេះ ស៊ីណានិងខ្ញុំតែងតែកាន់ជើងឪពុកម្ដាយរៀងៗខ្លួន ហើយរិះគន់គ្នាទៅវិញទៅមក។
ទំនាស់រវាងកូនប្រសានិងឪពុកម្ដាយក្មេកអាចជារឿងដែលអ្នកកំប្លែងយកមកលេងសើច ប៉ុន្តែនៅក្នុងជីវិតពិតប្រាកដ នេះមិនមែនជារឿងកំប្លែងទេ។ នៅប្រទេសឥណ្ឌា ស្ត្រីម្នាក់ឈ្មោះរីណាពោលថា៖ «អស់ជាច្រើនឆ្នាំមកហើយដែលម្ដាយក្មេកខ្ញុំជ្រៀតជ្រែកក្នុងរឿងប្ដីប្រពន្ធរបស់យើង។ ជារឿយៗ ខ្ញុំជះកំហឹងទៅលើប្ដីខ្ញុំ ពីព្រោះខ្ញុំមិនអាចបញ្ចេញកំហឹងទៅលើម្ដាយរបស់គាត់ទេ។ តាមមើលទៅហាក់ដូចជាគាត់ត្រូវជ្រើសរើសជានិច្ចកាលថា គួរធ្វើជាប្ដីល្អឬមួយធ្វើជាកូនល្អ»។
ហេតុអ្វីបានជាឪពុកម្ដាយក្មេកខ្លះជ្រៀតជ្រែកក្នុងជីវិតរបស់កូនពួកគាត់ដែលរៀបការហើយ? ស៊ីណាដែលបានត្រូវរៀបរាប់ខាងដើមប្រាប់ពីមូលហេតុមួយ ដោយនិយាយថា៖ «ពួកគាត់ប្រហែលមិនទុកចិត្តថា អ្នកដែលមានវ័យក្មេង ហើយគ្មានបទពិសោធន៍ ចេះទទួលខុសត្រូវក្នុងការថែទាំកូនប្រុសឬកូនស្រីរបស់ពួកគាត់»។ ឌីលីប ដែលជាប្ដីរបស់រីណា ពន្យល់ពីមូលហេតុមួយទៀតថា៖ «ឪពុកម្ដាយដែលបានលះបង់អ្វីៗទាំងអស់ដើម្បីកូនៗរបស់ពួកគាត់ ហើយបានចិញ្ចឹមពួកគេ ប្រហែលជាមានអារម្មណ៍ថា ពួកគេមិនឲ្យពួកគាត់ដឹងរឿងរ៉ាវក្នុងជីវិតគ្រួសាររបស់ពួកគេទេ។ ពួកគាត់ប្រាកដជាបារម្ភថាកូនប្រុសឬកូនស្រីពួកគាត់ខ្វះបទពិសោធន៍ដើម្បីធ្វើឲ្យជីវិតអាពាហ៍ពិពាហ៍បានជោគជ័យ»។
បើនិយាយឲ្យយុត្ដិធម៌ទៅ ជួនកាលគឺកូនទេដែលសុំឲ្យឪពុកម្ដាយជួយ។ ជាឧទាហរណ៍ សូមពិចារណាករណីរបស់ម៉ៃខឺលនិងលីអែន ជាគូស្វាមីភរិយានៅប្រទេសអូស្ដ្រាលី។ ម៉ៃខឺលពោលថា៖ «លីអែនកើតក្នុងគ្រួសារមួយដែលជិតស្និទ្ធគ្នាណាស់ ហើយម្នាក់ៗក្នុងគ្រួសារនោះពិភាក្សាគ្នាអំពីរឿងផ្សេងៗដោយឥតលាក់លៀម។ ហេតុនេះ ក្រោយយើងរៀបការ នាងតែងតែពិគ្រោះជាមួយឪពុកនាងអំពីការ
សម្រេចចិត្តដែលតាមពិត គឺជាការសម្រេចចិត្តរបស់នាងនិងខ្ញុំ។ ឪពុកនាងមានបទពិសោធន៍ច្រើនមែន តែបើនាងទៅសុំយោបល់ពីគាត់ជាជាងសុំយោបល់ពីខ្ញុំ នេះធ្វើឲ្យខ្ញុំឈឺចិត្ត!»។ច្បាស់ហើយ បញ្ហាជាមួយឪពុកម្ដាយក្មេកអាចនាំឲ្យគូស្វាមីភរិយាតានតឹងចិត្ត។ តើអ្នកមានបញ្ហានេះឬទេ? តើអ្នកមានទំនាក់ទំនងយ៉ាងណាជាមួយឪពុកម្ដាយរបស់ប្រពន្ធអ្នក? ហើយតើប្រពន្ធរបស់អ្នកមានទំនាក់ទំនងយ៉ាងណាជាមួយឪពុកម្ដាយរបស់អ្នក? សូមពិចារណាបញ្ហាពីរដែលអាចកើតឡើង និងអ្វីដែលអ្នកអាចធ្វើដើម្បីដោះស្រាយបញ្ហានោះ។
បញ្ហាទី១:
គូរបស់អ្នកហាក់ដូចជាត្រូវការឪពុកម្ដាយរហូត។ នៅប្រទេសអេស្ប៉ាញ ប្ដីម្នាក់ឈ្មោះលូអ៊ីស្រដីថា៖ «ប្រពន្ធខ្ញុំមានអារម្មណ៍ថា បើយើងមិនរស់នៅជិតឪពុកម្ដាយនាងទេ នេះដូចជានាងមិនស្មោះត្រង់នឹងពួកគាត់»។ គាត់បន្ថែមថា៖ «ម្យ៉ាងទៀត ពេលដែលកូនប្រុសយើងកើតមក ឪពុកម្ដាយខ្ញុំមកលេងយើងស្ទើរតែរាល់ថ្ងៃ នេះធ្វើឲ្យប្រពន្ធខ្ញុំតានតឹងចិត្ត ហើយបណ្ដាលឲ្យយើងមានរឿងទាស់ទែងគ្នាជាច្រើន»។
គោលការណ៍គម្ពីរ:
ពេលពណ៌នាអំពីអាពាហ៍ពិពាហ៍ គម្ពីរចែងថា៖ «មនុស្សប្រុសនឹងលាចេញពីឪពុកម្ដាយខ្លួន ទៅនៅជាប់នឹងប្រពន្ធវិញ ហើយអ្នកទាំង២នោះនឹងត្រឡប់ជាសាច់តែ១សុទ្ធ»។ (លោកុប្បត្តិ ២:២៤) ជា«សាច់តែ១សុទ្ធ»បង្ហើបឲ្យដឹងថាពួកគេមិនគ្រាន់តែរស់នៅជាមួយគ្នាប៉ុណ្ណោះទេ តែនេះមានន័យថាប្ដីនិងប្រពន្ធរួមគ្នាជាគ្រួសារថ្មីមួយ ដែលសំខាន់ជាងគ្រួសាររបស់ពួកគេមុនរៀបការ។ (កូរិនថូសទី១ ១១:៣) ក៏ប៉ុន្តែ ទាំងប្ដីទាំងប្រពន្ធត្រូវគោរពឪពុកនិងម្ដាយ ហើយនេះច្រើនតែរួមបញ្ចូលការយកចិត្តទុកដាក់ចំពោះពួកគាត់។ (អេភេសូរ ៦:២) ចុះយ៉ាងណាប្រសិនបើរបៀបដែលគូរបស់អ្នកបង្ហាញការយកចិត្តទុកដាក់ដែលចាំបាច់ចំពោះឪពុកម្ដាយរបស់គាត់ ធ្វើឲ្យអ្នកមានអារម្មណ៍ថាគាត់មិនគិតអំពីរូបអ្នក?
តើអ្នកអាចធ្វើអ្វី?:
សូមគិតអំពីស្ថានភាពរបស់អ្នកដោយមិនលម្អៀង។ តើគូរបស់អ្នកពិតជាត្រូវការឪពុកម្ដាយគាត់ច្រើនពេកឬ? ឬមួយគ្រាន់តែដោយសារតែទំនាក់ទំនងរបស់អ្នកជាមួយឪពុកម្ដាយអ្នកមិនដូចគ្នានឹងទំនាក់ទំនងដែលគាត់មានជាមួយឪពុកម្ដាយគាត់ប៉ុណ្ណោះ? ប្រសិនបើដូច្នោះ តើរបៀបរបបរស់នៅរបស់អ្នកកាលនៅក្មេង អាចមានឥទ្ធិពលយ៉ាងណាទៅលើទស្សនៈរបស់អ្នកចំពោះស្ថានភាពនោះ? តើអ្នកប្រហែលជាមានចិត្តច្រណែនខ្លះៗឬទេ?—សុភាសិត ១៤:៣០; កូរិនថូសទី១ ១៣:៤; កាឡាទី ៥:២៦
ដើម្បីឆ្លើយសំណួរបែបនេះ អ្នកគួរពិនិត្យពិចារណាអំពីចិត្តរបស់អ្នកដោយស្មោះត្រង់។ ប៉ុន្តែជាការសំខាន់ណាស់ឲ្យអ្នកធ្វើដូច្នោះ។ យ៉ាងណាមិញ ប្រសិនបើបញ្ហាឪពុកម្ដាយក្មេកតែងតែជាដើមហេតុឲ្យមានទំនាស់រវាងអ្នកនិងគូរបស់អ្នក នោះបញ្ហាដែលអ្នកពិតជាមាន គឺបញ្ហារវាងប្ដីប្រពន្ធ មិនមែនបញ្ហារវាងឪពុកម្ដាយក្មេកទេ។
បញ្ហាជាច្រើនកើតមានឡើងរវាងគូស្វាមីភរិយា ពីព្រោះពួកគេទាំងពីរនាក់មិនមានទស្សនៈដូចគ្នាបេះបិទក្នុងរឿងណាមួយ។ តើអ្នកអាចព្យាយាមគិតពិចារណាអំពីទស្សនៈរបស់គូអ្នកឬទេ? (ភីលីព ២:៤; ៤:៥) នេះជាអ្វីដែលប្ដីម្នាក់ឈ្មោះអេដ្រៀននៅប្រទេសម៉ិចស៊ិចបានធ្វើ។ គាត់មានវាចាថា៖ «ប្រពន្ធខ្ញុំបានធំឡើងនៅក្នុងមជ្ឈដ្ឋានគ្រួសារមួយដែលធ្វើឲ្យមានឥទ្ធិពលអាក្រក់ទៅលើផ្លូវចិត្តនាង។ ដូច្នេះ ខ្ញុំជៀសវាងមិនឲ្យមានទំនាក់ទំនងជិតស្និទ្ធជាមួយឪពុកម្ដាយក្មេកទេ។ នៅទីបំផុត ខ្ញុំបានផ្ដាច់ការទាក់ទងទាំងអស់ជាមួយពួកគាត់អស់ជាច្រើនឆ្នាំ។ នេះបណ្ដាលឲ្យមានទំនាស់រវាងខ្ញុំនិងប្រពន្ធខ្ញុំ ដោយសារនាងចង់មានទំនាក់ទំនងជិតស្និទ្ធជាមួយគ្រួសារនាង ជាពិសេសជាមួយម្ដាយនាង»។
មិនយូរក្រោយមក អេដ្រៀនមានតុល្យភាពអំពីរឿងនេះ។ គាត់និយាយថា៖ «ទោះជាខ្ញុំដឹងថាការមានទំនាក់ទំនងច្រើនពេកជាមួយឪពុកម្ដាយនាងនាំឲ្យមានឥទ្ធិពលមិនល្អទៅលើផ្លូវចិត្តរបស់ប្រពន្ធខ្ញុំក៏ដោយ តែបើគ្មានទំនាក់ទំនងសោះ ក៏នាំឲ្យមានបញ្ហាដែរ។ ខ្ញុំខំអស់ពីសមត្ថភាពដើម្បីធ្វើឲ្យមានទំនាក់ទំនងល្អឡើងវិញជាមួយឪពុកម្ដាយក្មេក ហើយខំរក្សាទំនាក់ទំនងនោះ»។ *
សូមសាកវិធីនេះ: អ្នកនិងគូរបស់អ្នកកត់ទុកអ្វីៗដែលអ្នកគិតថាជាកង្វល់ធំៗស្តីអំពីឪពុកម្ដាយក្មេក។ បើអាចធ្វើបាន សូមចាប់ផ្ដើមដោយសរសេរថា«ខ្ញុំមានអារម្មណ៍ថា . . . »។ ក្រោយមក ដូរក្រដាសគ្នា។ បន្ទាប់មក សូមសហការគ្នា ហើយគិតយ៉ាងហ្មត់ចត់អំពីវិធីដែលអ្នកអាចដោះស្រាយឲ្យបានប្រសើរជាងនូវកង្វល់របស់គូអ្នក។
បញ្ហាទី២:
ឪពុកម្ដាយក្មេករបស់អ្នកតែងតែជ្រៀតជ្រែកក្នុងរឿងប្ដីប្រពន្ធរបស់អ្នកដោយឲ្យយោបល់ដែលអ្នកមិនបានសុំ។ នៅប្រទេសកាហ្សាស្ថាន ភរិយាម្នាក់ឈ្មោះណែលយ៉ាបានពោលថា៖
«ក្រោយរៀបការ ៧ឆ្នាំដំបូង យើងរស់នៅជាមួយគ្រួសារប្ដីរបស់ខ្ញុំ។ យើងមានទំនាស់ជានិច្ចជាមួយឪពុកម្ដាយក្មេកអំពីរឿងចិញ្ចឹមកូនរបស់យើង ព្រមទាំងរឿងធ្វើម្ហូបនិងសម្អាតផ្ទះ។ ខ្ញុំបាននិយាយជាមួយប្ដីខ្ញុំនិងម្ដាយក្មេកខ្ញុំអំពីរឿងនេះ ប៉ុន្តែនេះបង្កឲ្យមានទំនាស់កាន់តែច្រើនឡើង!»។គោលការណ៍គម្ពីរ:
ពេលដែលអ្នករៀបការ អ្នកមិននៅក្រោមអំណាចរបស់ឪពុកម្ដាយអ្នកទៀតទេ។ ផ្ទុយទៅវិញ គម្ពីរបានចែងថា៖ «ប្រមុខរបស់បុរសទាំងឡាយគឺគ្រិស្ត ឯប្រមុខរបស់ស្ត្រីទាំងឡាយគឺបុរស» ពោលគឺប្ដីរបស់នាង។ (កូរិនថូសទី១ ១១:៣) ទោះជាយ៉ាងណាក្ដី ដូចបានរៀបរាប់ខាងលើ ទាំងប្ដីទាំងប្រពន្ធត្រូវគោរពឪពុកម្ដាយ។ តាមពិត សុភាសិត ២៣:២២ ចែងថា៖ «ចូរស្ដាប់តាមឪពុកដែលបង្កើតឯងមក ហើយកុំឲ្យមើលងាយម្ដាយឯងក្នុងកាលដែលគាត់ចាស់ឡើយ»។ ប៉ុន្តែ ចុះយ៉ាងណាបើឪពុកម្ដាយអ្នកឬឪពុកម្ដាយក្មេករបស់អ្នកមិនទទួលស្គាល់ថាប្ដីជាមេគ្រួសារ ហើយបង្ខំឲ្យអ្នកធ្វើតាមទស្សនៈរបស់ពួកគាត់?
តើអ្នកអាចធ្វើអ្វី?:
សូមខំយល់ពីមូលហេតុដែលជំរុញពួកគាត់ឲ្យប្រព្រឹត្តតាមរបៀបដែលមើលទៅហាក់ដូចជាពួកគាត់លូកដៃក្នុងរឿងគ្រួសាររបស់អ្នក។ បូរ៉ាដែលបានត្រូវរៀបរាប់នៅដើមអត្ថបទ ស្រដីថា៖ «ក្នុងករណីខ្លះ ឪពុកម្ដាយត្រូវការដឹងថាពួកគាត់នៅតែសំខាន់ក្នុងជីវិតរបស់កូនគាត់»។ ការជ្រៀតជ្រែកបែបនេះប្រហែលមិនមែនដោយចេតនាទេ ហើយអាចដោះស្រាយបានដោយអនុវត្តដំបូន្មានគម្ពីរដែលថា៖ «ចូរទ្រាំទ្រគ្នាទៅវិញទៅមក ហើយអភ័យទោសឲ្យគ្នាទៅវិញទៅមកដោយគ្មានល័ក្ខខ័ណ្ឌ បើអ្នកណាមានហេតុត្អូញត្អែរអំពីអ្នកណាម្នាក់»។ (កូឡុស ៣:១៣) ចុះយ៉ាងណាបើឪពុកម្ដាយក្មេកជ្រៀតជ្រែកខ្លាំងរហូតដល់បណ្ដាលឲ្យអ្នកនិងប្រពន្ធអ្នកទាស់ទែងគ្នា?
គូស្វាមីភរិយាខ្លះចេះដាក់កម្រិតយ៉ាងសមត្រឹមត្រូវទៅលើទំនាក់ទំនងរបស់ពួកគេជាមួយឪពុកម្ដាយខ្លួនឬឪពុកម្ដាយក្មេក។ នេះមិនមានន័យថាពួកគេត្រូវជម្រាបពួកគាត់អំពីការដាក់កម្រិតនោះដោយខ្វះការគោរពឡើយ។ * ប៉ុន្តែ ជាញយដង ពួកគេបានធ្វើដូច្នេះដោយប្រព្រឹត្តតាមរបៀបដែលបញ្ជាក់ឲ្យពួកគាត់ដឹងថា គូរបស់ពួកគេគឺសំខាន់ជាងគេក្នុងជីវិតរបស់ពួកគេ។ ជាឧទាហរណ៍ នៅប្រទេសជប៉ុន ប្ដីម្នាក់ឈ្មោះម៉ាសាយូគីនិយាយថា៖ «សូម្បីតែពេលឪពុកម្ដាយបញ្ចេញមតិរបស់គាត់ក៏ដោយ អ្នកមិនចាំបាច់ឯកភាពភ្លាមៗទេ។ សូមចាំថា អ្នកកំពុងកសាងគ្រួសារថ្មី។ ហេតុនេះ មុនបង្អស់ សូមខំយល់អំពីអារម្មណ៍របស់គូអ្នកចំពោះយោបល់នោះ»។
សូមសាកវិធីនេះ: សូមនិយាយយ៉ាងចំៗជាមួយគូរបស់អ្នកអំពីការជ្រៀតជ្រែករបស់ឪពុកម្ដាយដែលបណ្ដាលឲ្យប្ដីប្រពន្ធអ្នកទាស់ទែងគ្នា។ សូមកត់ទុកជាមួយគូរបស់អ្នកនូវកម្រិតដែលអ្នកអាចដាក់ និងរបៀបដែលអ្នកនឹងធ្វើតាមកម្រិតទាំងនោះ ដោយនៅតែបង្ហាញការគោរពចំពោះឪពុកម្ដាយអ្នក។
ទំនាស់ជាច្រើនជាមួយឪពុកម្ដាយក្មេកអាចកាត់បន្ថយដោយយល់អំពីបំណងចិត្តរបស់ពួកគាត់និងដោយមិនឲ្យទំនាស់ទាំងនោះបង្កឲ្យអ្នកនិងគូអ្នកឈ្លោះគ្នា។ ស្តីអំពីរឿងនេះ ស៊ីណាទទួលស្គាល់ថា៖ «ជួនកាល ពេលខ្ញុំនិងប្ដីខ្ញុំជជែកគ្នាអំពីឪពុកម្ដាយយើង នេះនាំឲ្យយើងខឹងគ្នា ហើយយើងទាំងពីរឃើញច្បាស់ថាការនិយាយអំពីគុណវិបត្ដិរបស់ឪពុកម្ដាយទាំងសងខាងនាំឲ្យយើងឈឺចាប់ខ្លាំង។ ក៏ប៉ុន្តែនៅទីបំផុត យើងរៀនឲ្យចេះឈប់និយាយអំពីគុណវិបត្ដិរបស់ឪពុកម្ដាយក្មេកដែលធ្វើឲ្យយើងទាំងពីរនាក់ឈឺចាប់ តែយើងខំរកដំណោះស្រាយវិញ។ ជាលទ្ធផល ខ្ញុំនិងប្ដីខ្ញុំជិតស្និទ្ធគ្នាជាងមុន»។
^ វគ្គ 3 ឈ្មោះបានត្រូវផ្លាស់ប្ដូរ។
^ វគ្គ 14 ពិតមែន បើឪពុកម្ដាយធ្វើកំហុសធ្ងន់ធ្ងរ ជាពិសេសបើពួកគាត់នៅតែធ្វើដោយឥតប្រែចិត្ត នោះអាចនាំឲ្យទំនាក់ទំនងគ្រួសារប្រេះឆា ហើយជាការសមហេតុផលដែលកូនកាត់បន្ថយទំនាក់ទំនងនោះ។—កូរិនថូសទី១ ៥:១១
^ វគ្គ 19 ក្នុងករណីខ្លះ អ្នកប្រហែលត្រូវនិយាយជាមួយឪពុកម្ដាយអ្នកឬឪពុកម្ដាយក្មេកអំពីបញ្ហានេះដោយឥតលាក់លៀមនិងដោយម៉ឺងម៉ាត់។ ប្រសិនបើដូច្នេះ សូមនិយាយដោយគោរពនិងដោយស្លូតបូត។—សុភាសិត ១៥:១; អេភេសូរ ៤:២; កូឡុស ៣:១២
សូមដណ្ដឹងសួរខ្លួនអ្នកថា . . .
-
តើឪពុកម្ដាយក្មេកខ្ញុំមានគុណសម្បត្ដិអ្វីខ្លះ?
-
តើតាមរបៀបណាដែលខ្ញុំអាចគោរពឪពុកម្ដាយខ្ញុំ ដោយមិនភ្លេចគូរបស់ខ្ញុំ?