លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើអ្នកដឹងឬទេ?

តើអ្នកដឹងឬទេ?

តើ​អ្នក​ដឹង​ឬ​ទេ?

តើ​មាន​ភ័ស្តុតាង​អ្វី​ក្រៅ​ពី​គម្ពីរ​ដែល​បង្ហាញ​ថា​លោក​យេស៊ូ​ជា​បុគ្គល​ដែល​មាន​ពិត​មែន?

មាន​អ្នក​និពន្ធ​មួយ​ចំនួន​ដែល​សរសេរ​អំពី​អ្វី​ដែល​មិន​ទាក់​ទង​នឹង​សាសនា ដែល​បាន​រស់​នៅ​ជិត​សម័យ​លោក​យេស៊ូ បាន​បញ្ជាក់​យ៉ាង​ច្បាស់​អំពី​លោក។ ក្នុង​ចំណោម​អ្នក​និពន្ធ​ទាំង​នោះ​មាន​កូនេលាស​ថាស៊ីថឹស ដែល​បាន​កត់​ទុក​ប្រវត្ដិសាស្ត្រ​នៃ​ក្រុង​រ៉ូម​ក្រោម​ការ​គ្រប់​គ្រង​របស់​ពួក​អធិរាជ។ ស្តី​អំពី​ភ្លើង​ឆេះ​បំផ្លាញ​ក្រុង​រ៉ូម​នៅ​ឆ្នាំ​៦៤ គ.ស. ថាស៊ីថឹស​បាន​រៀប​រាប់​ថា មាន​ពាក្យ​ចចាម​អារ៉ាម​ថា​អធិរាជ​នីរ៉ូ​ជា​ដើម​ហេតុ​នៃ​មហន្តរាយ​នោះ។ ថាស៊ីថឹស​បាន​ពន្យល់​ថា នីរ៉ូ​ខំ​ប្រឹង​ទម្លាក់​កំហុស​ទៅ​លើ​មនុស្ស​មួយ​ក្រុម​ដែល​បណ្ដា​ជន​ហៅ​ថា​គ្រិស្ត​សាសនិក។ ថាស៊ីថឹស​បាន​សរសេរ​ថា៖ «ឈ្មោះ​របស់​ពួក​គេ[គ្រិស្ត​សាសនិក]គឺ​មក​ពី​គ្រិស្ត ដែល​បាន​ត្រូវ​ប្រហារ​ជីវិត​ដោយ​ប៉ុនទាស​ពីឡាត ដែល​ជា​អភិបាល​ខេត្ត​ក្នុង​រាជ្យ​របស់​ទីប៊ែរ» (Annals, XV, 44)។

ប្រវត្ដិវិទូ​ជនជាតិ​យូដា​ឈ្មោះ​ហ្លាវីស​យ៉ូសេហ្វឺស​ក៏​បាន​រៀប​រាប់​អំពី​លោក​យេស៊ូ​ដែរ។ ពេល​គាត់​រៀប​រាប់​អំពី​ព្រឹត្ដិការណ៍​ផ្សេង​ៗ​ដែល​បាន​កើត​ឡើង​រវាង​មរណភាព​នៃ​អភិបាល​ស្រុក​ជន​ជាតិ​រ៉ូម​ឈ្មោះ​ភេស្ទុស​នា​ឆ្នាំ​៦២ គ.ស. និង​ពេល​ដែល​អែល​ប៊ី​ណា​ស​បាន​ចាប់​ផ្ដើម​គ្រប់​គ្រង​ជំនួស​ភេស្ទុស នោះ​យ៉ូសេហ្វឺស​បាន​និយាយ​ថា សម្ដេច​សង្ឃ​អេណាស​បាន«កោះ​ប្រជុំ​ចៅ​ក្រម​នៃ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់ ហើយ​នាំ​បុរស​ម្នាក់​ឈ្មោះ​យ៉ាកុប​មក​នៅ​មុខ​ពួក​គេ បុរស​នោះ​ជា​ប្អូន​ប្រុស​របស់​យេស៊ូ​ដែល​បាន​ត្រូវ​ហៅ​ថា​គ្រិស្ត ព្រម​ទាំង​ពួក​អ្នក​ឯ​ទៀត​ផង» (Jewish Antiquities, XX, 200 ix, 1)។

ហេតុ​អ្វី​លោក​យេស៊ូ​បាន​ត្រូវ​ហៅ​ថា​គ្រិស្ត?

កំណត់​ហេតុ​នៅ​សៀវភៅ​ដំណឹង​ល្អ​រៀប​រាប់​ថា​ពេល​ដែល​ទេវតា​កាព្រីយ៉ែល​បាន​លេច​មក​ជួប​នាង​ម៉ារៀ​ដើម្បី​ប្រាប់​ថា​នាង​នឹង​មាន​ផ្ទៃ​ពោះ នោះ​គាត់​បាន​ប្រាប់​ថា​នាង​ត្រូវ​ដាក់​ឈ្មោះ​កូន​ប្រុស​នាង​ថា​យេស៊ូ។ (លូកា ១:៣១) ឈ្មោះ​នេះ​ជា​ឈ្មោះ​ទូទៅ​ក្នុង​ចំណោម​ជនជាតិ​យូដា​នៅ​សម័យ​គម្ពីរ។ ប្រវត្ដិវិទូ​ជនជាតិ​យូដា​ឈ្មោះ​យ៉ូសេហ្វឺស​បាន​សរសេរ​អំពី​បុគ្គល​១២​នាក់​ដែល​មាន​ឈ្មោះ​នោះ ក្រៅ​ពី​ពួក​អ្នក​ដែល​បាន​ត្រូវ​រៀប​រាប់​ក្នុង​បទ​គម្ពីរ។ កូន​ប្រុស​នាង​ម៉ារៀ​បាន​ត្រូវ​ហៅ​ថា​អ្នក«ក្រុង​ណាសារ៉ែត» ហើយ​នេះ​ជួយ​ឲ្យ​គេ​ដឹង​ថា​លោក​ជា​យេស៊ូ​ដែល​មក​ពី​ក្រុង​ណាសារ៉ែត។ (ម៉ាកុស ១០:៤៧) លោក​ក៏​បាន​ត្រូវ​គេ​ស្គាល់​ដែរ​ថា​ជា«គ្រិស្ត»ឬ​យេស៊ូ​គ្រិស្ត។ (ម៉ាថាយ ១៦:១៦) តើ​ឈ្មោះ​នេះ​មាន​ន័យ​យ៉ាង​ណា?

ពាក្យ​ដែល​បាន​ត្រូវ​បក​ប្រែ​ថា«គ្រិស្ត»មក​ពី​ពាក្យ​ក្រិច​គ្រិស្តុស ដែល​មាន​ន័យ​ដូច​គ្នា​នឹង​ពាក្យ​ភាសា​ហេប្រឺ​ម៉ាហ្សាក់ (មេស្ស៊ី)។ ពាក្យ​ទាំង​ពីរ​នេះ​មាន​ន័យ​ថា«អ្នក​ដែល​បាន​ត្រូវ​រើស​តាំង»។ ពាក្យ​នេះ​បាន​ត្រូវ​ប្រើ​យ៉ាង​ត្រឹម​ត្រូវ​ដើម្បី​សំដៅ​ទៅ​មនុស្ស​ឯ​ទៀត​មុន​លោក​យេស៊ូ​កើត​មក។ ជា​ឧទាហរណ៍ គម្ពីរ​បាន​រៀប​រាប់​ថា​ម៉ូសេ អេរ៉ុន​និង​ស្តេច​ដាវីឌ​បាន​ត្រូវ​រើស​តាំង ក្នុង​ន័យ​ថា​ព្រះ​បាន​តែង​តាំង​ពួក​គាត់​ឲ្យ​មាន​ឋានៈ​និង​មាន​អំណាច។ (លេវីវិន័យ ៤:៣; ៨:១២; សាំយូអែល​ទី​២ ២២:៥១; ហេប្រឺ ១១:២៤​-​២៦) លោក​យេស៊ូ​ជា​មេស្ស៊ី​ដែល​បាន​ត្រូវ​ទាយ​ទុក​គឺ​ជា​តំណាង​ដ៏​សំខាន់​បំផុត​របស់​ព្រះ​យេហូវ៉ា។ ហេតុ​នេះ លោក​យេស៊ូ​បាន​ទទួល​ឋានៈ​ជា«គ្រិស្ត ជា​បុត្រ​របស់​ព្រះ​ដែល​មាន​ជីវិត​រស់​នៅ»។—ម៉ាថាយ ១៦:១៦; ដានីយ៉ែល ៩:២៥

[រូប​ភាព​នៅ​ទំព័រ​៣២]

គំនូរ​របស់​ហ្លាវីស​យ៉ូសេហ្វឺស​ដែល​វិចិត្រករ​បាន​គូរ