តើលោកអ្នកត្រូវទៀងត្រង់គ្រប់ពេលឬ?
តើលោកអ្នកត្រូវទៀងត្រង់គ្រប់ពេលឬ?
មនុស្សទាំងអស់ទៀងត្រង់នៅពេលខ្លះប៉ុណ្ណោះ តែមនុស្សជាច្រើនប្រហែលជាទៀងត្រង់ស្ទើរតែគ្រប់ពេល។ ប៉ុន្តែ តើលោកអ្នកស្គាល់មនុស្សប៉ុន្មាននាក់ដែលខំប្រព្រឹត្តទៀងត្រង់គ្រប់ពេល?
សព្វថ្ងៃ ភាពមិនទៀងត្រង់មានជាទូទៅក្នុងគ្រប់សកម្មភាពនៃជីវិត។ ទោះជាយ៉ាងណាក៏ដោយ មនុស្សជាទូទៅស្គាល់ទស្សនៈរបស់ព្រះអំពីភាពទៀងត្រង់។ ជាឧទាហរណ៍ មនុស្សភាគច្រើនស្គាល់បញ្ញត្ដិទី៨នៃបញ្ញត្ដិ១០ប្រការដែលថា៖ «កុំឲ្យលួចប្លន់ឲ្យសោះ»។ (និក្ខមនំ ២០:១៥) ក៏ប៉ុន្តែ មនុស្សជាច្រើនគិតថា ជួនកាល កាលៈទេសៈផ្សេងៗផ្ដល់មូលហេតុត្រឹមត្រូវឲ្យមនុស្សលួច ឬធ្វើអ្វីផ្សេងៗដែលមិនទៀងត្រង់។ សូមឲ្យយើងពិចារណាឧទាហរណ៍បីអំពីការលួចដែលមនុស្សជាទូទៅគិតថាមានមូលហេតុត្រឹមត្រូវ។
តើមានមូលហេតុត្រឹមត្រូវឲ្យជនក្រីក្រលួចឬទេ?
អ្នកនយោបាយជនជាតិរ៉ូមម្នាក់ធ្លាប់និយាយថា៖ «ភាពក្រីក្រជាប្រភពចម្បងនៃបទឧក្រិដ្ឋ»។ ជនក្រីក្រប្រហែលជាគិតថាគាត់មានមូលហេតុត្រឹមត្រូវដើម្បីលួច។ អ្នកឯទៀតប្រហែលជាយល់ស្របដែរ។ តើលោកយេស៊ូមានទស្សនៈយ៉ាងណាអំពីរឿងនេះ? លោកប្រព្រឹត្តដោយមេត្ដាករុណាចំពោះអ្នកដែលខ្វះខាត។ «លោកមានចិត្តអាណិតអាសូរពួកគេ»។ (ម៉ាថាយ ៩:៣៦) ប៉ុន្តែ លោកមិនដែលពេញចិត្តនឹងការលួចទេ ទោះជានៅក្នុងកាលៈទេសៈណាក៏ដោយ។ បើដូច្នេះ តើគប្បីឲ្យជនក្រីក្រធ្វើអ្វី?
ព្រះមានសេចក្ដីមេត្ដាករុណាចំពោះពួកអ្នកដែលព្យាយាមយ៉ាងស្មោះដើម្បីស្ដាប់បង្គាប់លោក ហើយលោកនឹងផ្ដល់ពរដល់ការព្យាយាមរបស់ពួកគេដើម្បីបានអ្វីដែលពួកគេត្រូវការ។ (ទំនុកតម្កើង ៣៧:២៥) គម្ពីរសន្យាថា៖ «ព្រះយេហូវ៉ាទ្រង់មិនព្រមឲ្យព្រលឹងនៃមនុស្សសុចរិតត្រូវស្រេកឃ្លានទេ តែទ្រង់ច្រានសេចក្ដីលោភរបស់មនុស្សអាក្រក់ចេញ»។ (សុភាសិត ១០:៣) តើជនក្រីក្រអាចទុកចិត្តលើសេចក្ដីសន្យានេះឬទេ? វិចទោរីនជឿជាក់លើសេចក្ដីសន្យានេះ។
វិចទោរីនជាស្ត្រីមេម៉ាយដែលមានកូនប្រាំនាក់នៅរៀនសាលា ដូច្នេះមិនស្រួលប៉ុន្មានទេសម្រាប់គាត់។ គាត់រស់នៅក្នុងប្រទេសដែលកំពុងអភិវឌ្ឍដែលមិនសូវមានជំនួយជាប្រាក់ពីរដ្ឋាភិបាលទេ។ ជីវិតប្រចាំថ្ងៃរបស់មនុស្សភាគច្រើនគឺនៅខាងក្រៅផ្ទះ ដែលធ្វើឲ្យពួកគេមានឱកាសច្រើនដើម្បីលួច។ ក៏ប៉ុន្តែ ទោះជាមានឱកាសលួចក៏ដោយ វិចទោរីនមិនចង់លួចទេ។ ផ្ទុយទៅវិញ គាត់ខំចិញ្ចឹមកូនដោយធ្វើជាអ្នកលក់ដែលទៀងត្រង់នៅចិញ្ចើមថ្នល់។ ហេតុអ្វីបានជាគាត់នៅតែទៀងត្រង់?
វិចទោរីនពន្យល់ថា៖ «ទី១ ខ្ញុំជឿជាក់ថាព្រះលោកទៀងត្រង់ ហើយលោកនឹងប្រព្រឹត្តមកលើខ្ញុំដោយទៀងត្រង់ដែរ បើខ្ញុំធ្វើតាម
លោក។ ទី២ កូនខ្ញុំនឹងរៀនចេះប្រព្រឹត្តទៀងត្រង់ លុះត្រាតែឃើញខ្ញុំប្រព្រឹត្តដូច្នេះដែរ»។តើជីវភាពរស់នៅរបស់គាត់យ៉ាងណាដែរ? គាត់និយាយថា៖ «យើងមានអាហារ សម្លៀកបំពាក់ និងជម្រក។ ប៉ុន្តែ មានពេលខ្លះដែលខ្ញុំត្រូវសុំជំនួយពីមិត្តភក្ដិ ជាឧទាហរណ៍ដើម្បីបង់ថ្លៃព្យាបាលដែលខ្ញុំមិនបានដឹងទុកជាមុន។ ខ្ញុំតែងតែទទួលអ្វីដែលខ្ញុំត្រូវការ។ ហេតុអ្វី? ពីព្រោះមិត្តភក្ដិខ្ញុំដឹងថាខ្ញុំទៀងត្រង់ពេលខ្ញុំប្រាប់អំពីស្ថានភាពរបស់ខ្ញុំ ហើយពួកគាត់ដឹងថាខ្ញុំមិនចង់បានលើសពីអ្វីដែលខ្ញុំត្រូវការទេ។
«កូនៗរបស់ខ្ញុំកំពុងធំឡើងជាមនុស្សទៀងត្រង់។ នៅពេលថ្មីៗនេះ អ្នកជិតខាងម្នាក់បានឃើញកាក់ខ្លះនៅលើតុយើង ហើយសួរខ្ញុំថាតើខ្ញុំមិនខ្លាចកូនៗយកទេឬ? គាត់ពិបាកជឿ ពេលខ្ញុំនិយាយថាកូនៗខ្ញុំនឹងមិនធ្វើដូច្នោះទេ។ ដោយមិនប្រាប់ខ្ញុំ គាត់បានសាកល្បងពួកគេ។ គាត់បានដាក់កាក់ពីរ(ដែលមានតម្លៃស្មើនឹង១.៥០០រៀល)ក្នុងផ្ទះរបស់យើងនៅកន្លែងដែលកូនៗខ្ញុំអាចរកឃើញយ៉ាងងាយ។ ពេលគាត់មកវិញនៅថ្ងៃបន្ទាប់ គាត់ភ្ញាក់ផ្អើលដោយឃើញកាក់នោះនៅកន្លែងដដែល។ មានកូនៗដែលទៀងត្រង់គឺប្រសើរជាងមានទ្រព្យសម្បត្ដិច្រើន»។
«មនុស្សគ្រប់រូបលួច»
ការលួចនៅកន្លែងធ្វើការមានជាទូទៅ។ ជាលទ្ធផល មនុស្សជាច្រើនមានអារម្មណ៍ថា «បើមនុស្សគ្រប់រូបលួច ហេតុអ្វីខ្ញុំមិនលួច?»។ ផ្ទុយទៅវិញ គម្ពីរចែងថា៖ «កុំឲ្យតាមពួកមានគ្នាច្រើន ដើម្បីប្រព្រឹត្តសេចក្ដីអាក្រក់»។ (និក្ខមនំ ២៣:២) វិចទោរ៉េបានធ្វើតាមការដាស់តឿននេះ។ តើការធ្វើដូច្នេះនាំឲ្យមានលទ្ធផលល្អឬទេ?
ពេលវិចទោរ៉េមានអាយុ១៩ឆ្នាំ គាត់ធ្វើការនៅរោងចក្រផលិតប្រេងពីផ្លែដូងប្រេង។ មិនយូរប៉ុន្មាន គាត់កត់សម្គាល់ថាស្ត្រី៤០នាក់ដែលធ្វើការនៅទីនោះលួចយកផ្លែដូងប្រេងពីរោងចក្រដោយលាក់ក្នុងកញ្ជើ។ រាល់ចុងសប្ដាហ៍ ពួកគេបានលក់ផ្លែដូងប្រេងនោះបានលុយស្មើនឹងប្រាក់ខែបីបួនថ្ងៃ។ វិចទោរ៉េរៀបរាប់ថា៖ «បើនិយាយឲ្យត្រង់ទៅ មនុស្សគ្រប់រូបកំពុងធ្វើដូច្នេះ។ ពួកគេសង្ឃឹមថាខ្ញុំនឹងលួចដែរ តែខ្ញុំបានបដិសេធ ដោយប្រាប់គេថាភាពទៀងត្រង់គឺសំខាន់ណាស់ចំពោះខ្ញុំ។ ពួកគេចំអកឲ្យខ្ញុំ ហើយនិយាយថាខ្ញុំល្ងង់ណាស់។
«ថ្ងៃមួយ ពេលយើងចេញពីរោងចក្រ ស្រាប់តែអ្នកចាត់ចែងការលេចមក។ គាត់ឆែកកញ្ជើរបស់អ្នកធ្វើការទាំងអស់ ហើយឃើញផ្លែដូងប្រេងក្នុងកញ្ជើទាំងអស់ លើកលែងតែកញ្ជើខ្ញុំ។ អ្នកទាំងអស់ដែលគាត់ចាប់បាន បានត្រូវបណ្ដេញចោលភ្លាមៗ ឬត្រូវធ្វើការពីរសប្ដាហ៍ដោយឥតបានប្រាក់ខែ។ ក្នុងអំឡុងពីរសប្ដាហ៍នោះ ស្ត្រីទាំងនោះបានដឹងច្បាស់ថាខ្ញុំមិនមែនល្ងង់ទេ»។
«អ្នកណារើសបាន អ្នកនោះទុក»
ពេលលោកអ្នករើសបានអ្វីមួយដ៏មានតម្លៃដែលអ្នកឯទៀតបានបាត់ តើលោកអ្នកមានអារម្មណ៍យ៉ាងណា? ចំពោះមនុស្សជាច្រើន ភ្លាមៗពួកគេមានអារម្មណ៍ចង់ទុកជារបស់ខ្លួន ហើយនេះនាំឲ្យគេមិនគិតប្រគល់ទៅឲ្យម្ចាស់វិញទេ។ ពួកគេគិតថា«អ្នកណារើសបាន អ្នកនោះទុក»។ អ្នកខ្លះប្រហែលមានអារម្មណ៍ថាគេមិនបានធ្វើអ្វីខុសឡើយ។ យ៉ាងណាមិញ ពួកគេវែកញែកថាម្ចាស់មិនសង្ឃឹមថារកឃើញរបស់នោះវិញទេ។ អ្នកខ្លះទៀត និយាយថាពួកគេគ្មានភារកិច្ចរកម្ចាស់ទេ ព្រោះនេះជាកិច្ចការមួយដែលតម្រូវឲ្យមានការខំប្រឹងខ្លាំងណាស់។
តើព្រះមានទស្សនៈយ៉ាងណាអំពីរឿងនេះ? ចោទិយកថា ២២:១-៣បង្ហាញថាអ្នកដែលរើសបានអ្វីមួយមិនគ្រាន់តែទុកអ្វីនោះទេ តែគាត់ត្រូវ«ចាំទាល់តែគេ[ម្ចាស់]មករក រួចសឹមប្រគល់ដល់គេវិញ»។ បើអ្នកដែលរើសបានមិនប្រាប់អំពីអ្វីដែលគាត់បានរើសបាន នោះគេអាចចោទថាគាត់បានលួចគេ។ (និក្ខមនំ ២២:៩) តើទស្សនៈនេះនៅតែមានប្រយោជន៍នៅសព្វថ្ងៃឬទេ? គ្រិស្តទីនជឿជាក់ថានៅតែមានប្រយោជន៍មែន។
គ្រិស្តទីនជានាយកសាលាឯកជនមួយ។ នៅថ្ងៃពុធមួយ គាត់បានបើកប្រាក់ខែគាត់ ហើយគាត់បានខ្ចប់លុយហើយញាត់ក្នុងកាបូប ដូចមនុស្សជាច្រើននៅទ្វីបអាហ្វ្រិកបានធ្វើដែរ។ ក្រោយមកគាត់បានជិះម៉ូតូឌុបទៅកិច្ចប្រជុំមួយ។ ពេលទៅដល់ គាត់ខំរកកាក់ក្នុងកាបូបដើម្បីឲ្យអ្នកបើកបរ។ ក្នុងទីងងឹត គាត់បានជ្រុះកញ្ចប់លុយដោយមិនដឹងខ្លួន។
ប៉ុន្មាននាទីក្រោយមក ប្លេសអាយុ១៩ឆ្នាំដែលមិនរស់នៅតំបន់នោះ ចុះមកផ្លូវមុខសាល។ គាត់បានណាត់ជួបមិត្តភក្ដិនៅកិច្ចប្រជុំ
ដែលគ្រិស្តទីនចូលរួមដែរ។ គាត់បានឃើញកញ្ចប់លុយ ហើយរើសដាក់ក្នុងហោប៉ៅ។ ពេលចប់ប្រជុំ គាត់ប្រាប់មិត្តភក្ដិគាត់ថាគាត់រើសបានអ្វីមួយនៅក្រៅសាល ហើយអ្នកណាដែលបាត់អ្វីមួយនោះអាចទូរស័ព្ទទៅគាត់ ហើយប្រាប់គាត់អំពីអ្វីដែលបានបាត់ដើម្បីបញ្ជាក់ថាជាម្ចាស់ពិតប្រាកដ។ពេលគ្រិស្តទីនមកដល់ផ្ទះនៅល្ងាចនោះ គាត់ភ្ញាក់ផ្អើលដោយដឹងថាគាត់បាត់ប្រាក់ខែទាំងអស់។ មួយសប្ដាហ៍ក្រោយមក គាត់ប្រាប់មិត្តភក្ដិគាត់ឈ្មោះសូសេភីនថាគាត់បាត់លុយ នៅពេលនោះសូសេភីនប្រាប់គាត់ថាភ្ញៀវម្នាក់នៅកិច្ចប្រជុំនោះបានរើសបានអ្វីមួយ។ គ្រិស្តទីនបានទូរស័ព្ទទៅប្លេស ហើយបានពន្យល់យ៉ាងច្បាស់លាស់អំពីអ្វីដែលគាត់បាត់។ គាត់សប្បាយចិត្តឥតឧបមាពេលប្លេសឲ្យលុយគាត់វិញ។ ចំណែកឯប្លេសវិញមានអារម្មណ៍យ៉ាងណា? គាត់បានទុកលុយនោះអស់រយៈពេលមួយសប្ដាហ៍ តែបាននិយាយថា៖ «ពេលឲ្យលុយគេវិញខ្ញុំមានអំណរច្រើនជាងទុកលុយនោះ»។
ហេតុអ្វីពួកគាត់ខំប្រព្រឹត្តដោយទៀងត្រង់គ្រប់ពេល?
វិចទោរីន វិចទោរ៉េនិងប្លេសរស់នៅកន្លែងផ្សេងពីគ្នា ហើយមិនស្គាល់គ្នាទេ។ ក៏ប៉ុន្តែពួកគាត់មានអ្វីមួយដូចគ្នា។ ពួកគាត់ជាសាក្សីព្រះយេហូវ៉ាដែលធ្វើតាមអ្វីដែលគម្ពីរចែងស្តីអំពីភាពទៀងត្រង់។ ពួកគាត់រង់ចាំការសម្រេចសេចក្ដីសន្យារបស់ព្រះអំពីពិភពលោកថ្មីមួយដែលថា៖ «យើងកំពុងទន្ទឹងរង់ចាំមេឃថ្មីនិងផែនដីថ្មី ស្របតាមសេចក្ដីសន្យារបស់លោក ហើយទីនោះ សេចក្ដីសុចរិតនឹងស្ថិតស្ថេរជាដរាប»។ មនុស្សទាំងអស់ដែលរស់នៅពេលនោះនឹងជាមនុស្សសុចរិត និងទៀងត្រង់។—ពេត្រុសទី២ ៣:១៣
វិចទោរីនសង្ឃឹមថាពេលព្រះសម្រេចគោលបំណងរបស់លោកចំពោះមនុស្សជាតិនិងផែនដី គាត់នឹងលែងមានបញ្ហាខាងលុយកាក់ទៀត។ ទោះជាយ៉ាងណាក្ដី គាត់មានអ្វីមួយដែលមានតម្លៃដែលមិនអាចទិញបាន ពោលគឺចំណងមេត្រីភាពយ៉ាងរឹងមាំជាមួយនឹងព្រះយេហូវ៉ា។ កូនៗរបស់គាត់ទៀងត្រង់ ហើយមានសុជីវធម៌។ រាល់ថ្ងៃអាទិត្យ ពួកគេមានចិត្តពោរពេញដោយអំណរ ពេលពួកគេប្រាប់អ្នកជិតខាងអំពីគុណធម៌របស់ព្រះ ហើយពន្យល់ថាលោកនឹងបំពេញសេចក្ដីត្រូវការរបស់«អស់អ្នកដែលអំពាវនាវដល់ទ្រង់» ហើយនឹងការពារ«អស់អ្នកដែលស្រឡាញ់ទ្រង់»។—ទំនុកតម្កើង ១៤៥:៧, ១៨, ២០
មិនយូរក្រោយមក វិចទោរ៉េលែងធ្វើការនៅរោងចក្រផលិតប្រេងពីដូងប្រេង។ គាត់ចាប់ផ្ដើមរកស៊ីដោយខ្លួនគាត់ ហើយលក់ដំឡូងមីនៅផ្សារ។ ដោយសារគាត់ទៀងត្រង់ គាត់មានអតិថិជនច្រើន។ ដោយហេតុនេះ មិនយូរប៉ុន្មាន គាត់អាចបន្ថយពេលលក់នៅផ្សារ ហើយចំណាយពេលច្រើនជាងដើម្បីនិយាយប្រាប់អ្នកឯទៀតអំពីសេចក្ដីសង្ឃឹមរស់នៅក្នុងពិភពលោកដែលគ្មានភាពមិនទៀងត្រង់។ ក្រោយមក គាត់បានរៀបការ ហើយឥឡូវ គាត់នឹងប្ដីគាត់បម្រើជាអ្នកផ្សព្វផ្សាយពេញពេល។
គ្រិស្តទីនបានបាត់លុយនៅមុខសាលប្រជុំនៃសាក្សីព្រះយេហូវ៉ា។ ប្លេសមិនស្គាល់មនុស្សច្រើននៅឯកិច្ចប្រជុំនោះទេ តែគាត់ដឹងថាអ្នកដែលចូលរួមប្រជុំគឺជាបងប្អូនរួមជំនឿដែលខំប្រព្រឹត្តដោយទៀងត្រង់គ្រប់ពេល។
តើលោកអ្នកស្គាល់មនុស្សប៉ុន្មាននាក់ដែលព្យាយាមយ៉ាងស្មោះដើម្បីប្រព្រឹត្តដោយទៀងត្រង់នៅគ្រប់ពេលវេលា? សូមស្រមៃគិតថាលោកអ្នកសេពគប់ជាមួយមនុស្ស៥០ ១០០ ឬ២០០នាក់ដែលខំធ្វើដូច្នោះ។ សាក្សីព្រះយេហូវ៉ាមានអារម្មណ៍សប្បាយដូច្នេះនៅសាលប្រជុំរបស់ពួកគេ។ យើងសូមអញ្ជើញលោកអ្នកចូលរួមនៅឯសាលប្រជុំ ហើយស្គាល់ពួកគេឲ្យបានច្បាស់។
[ឃ្លាអក្សរធំនៅទំព័រ១០]
វិចទោរីនពោលថា៖«មានកូនៗដែលទៀងត្រង់គឺប្រសើរជាងមានទ្រព្យសម្បត្ដិច្រើន»។
[ប្រអប់នៅទំព័រ១២]
តើសុភាសិត ៦:៣០ អនុញ្ញាតឲ្យការលួចរួចទោសឬ?
សុភាសិត ៦:៣០ចែងថា៖ «មនុស្សរមែងមិនស្អប់ដល់ចោរ គឺបើវាលួច ឲ្យតែបានឆ្អែតពោះប៉ុណ្ណោះ ក្នុងវេលាដែលស្រេកឃ្លាននោះទេ»។ តើខនេះអនុញ្ញាតឲ្យការលួចរួចទោសឬទេ? មិនមែនទេ។ បរិបទបង្ហាញថាព្រះនៅតែតម្រូវឲ្យអ្នកលួចទទួលខុសត្រូវចំពោះកំហុសរបស់គេ។ ខបន្ទាប់ថា៖ «តែបើទាន់ឃើញវា នោះគង់តែត្រូវឲ្យវាសង១ជា៧វិញដែរ វាត្រូវសងដល់ទៅគ្រប់របស់ដែលនៅក្នុងផ្ទះខ្លួនទាំងអស់ផង»។ (សុភាសិត ៦:៣១) ថ្វីបើចោរដែលលួចដោយសារការឃ្លាន ប្រហែលជាមិនទទួលទោសធ្ងន់ដូចចោរដែលលួចដោយសារចិត្តលោភ ឬមានបំណងធ្វើឲ្យគេបាត់បង់ប្រយោជន៍ក៏ដោយ តែចោរនោះនៅតែត្រូវទទួលខុសត្រូវដោយ«សង»គេវិញ។ ពួកអ្នកដែលចង់ធ្វើឲ្យព្រះពេញចិត្តមិនត្រូវលួចទេ ទោះជាខ្លួនស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។