លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

គម្ពីរជួយមនុស្សឲ្យកែប្រែជីវិត

គម្ពីរជួយមនុស្សឲ្យកែប្រែជីវិត

គម្ពីរ​ជួយ​មនុស្ស​ឲ្យ​កែប្រែ​ជីវិត

តើ​បុរស​ម្នាក់​ដែល​បាន​ចាប់​ផ្ដើម​ជក់​ក​ញ្ជា​និង​ថ្នាំជក់​កាល​ដែល​នៅ​ក្មេង មាន​កម្លាំង​ចិត្ត​ដើម្បី​បោះបង់​ចោល​ទម្លាប់​នោះ​យ៉ាង​ណា? តើ​អ្វី​បាន​ជួយ​សមាជិក​ម្នាក់​ដ៏​សាហាវ​របស់​ក្រុម​បង​ធំ​ឲ្យ​ទប់​កំហឹង ហើយ​បំបាត់​ចោល​គំនុំ​ពូជ​សាសន៍? សូម​ពិចារណា​អំពី​ពាក្យ​សម្ដី​របស់​ពួក​គាត់​ម្នាក់​ៗ។

ជីវប្រវត្ដិ

ឈ្មោះ: ហែនរិច ម៉ា

អាយុ: ៣៨​ឆ្នាំ

ប្រទេស​កំណើត: កាហ្សាស្ថាន

ធ្លាប់​ជា: អ្នក​ញៀន​ថ្នាំ​ជក់​និង​កញ្ឆា

អតីតកាល​របស់​ខ្ញុំ: ខ្ញុំ​កើត​នៅ​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​កាហ្សាស្ថាន ប្រហែលជា​១២០​គីឡូម៉ែត្រ​ពី​ទី​ក្រុង​តា​ស្កិន។ តំបន់​នោះ​ក្ដៅ​ស្ងួត​ក្នុង​រដូវ​ក្ដៅ ដែល​មាន​សីតុណ្ហភាព​រហូត​ដល់​៤៥​អង្សាសេ ហើយ​នៅ​រដូវ​ត្រជាក់​សីតុណ្ហភាព​ធ្លាក់​ចុះ​ដល់​១០​អង្សា​សេ​ក្រោម​សូន្យ។ ដោយ​សារ​មាន​អាកាសធាតុ​បែប​នេះ នោះ​ជា​អំណោយ​ផល​សម្រាប់​ដំណាំ​ទំពាំង​បាយ​ជូរ​និង​ក​ញ្ជា។

ឪពុក​ម្ដាយ​របស់​ខ្ញុំ​មាន​ដើម​កំណើត​អាឡឺម៉ង់។ គាត់​ទាំង​ពីរ​នាក់​ជា​គ្រិស្ត​សាសនិក តែ​មិន​ធ្វើ​តាម​សាសនា​របស់​ពួក​គាត់​ទេ។ ក៏ប៉ុន្តែ ពួក​គាត់​បាន​បង្រៀន​ខ្ញុំ​ឲ្យ​ចេះ​សូត្រ​រត់​មាត់​ការ​អធិដ្ឋាន​របស់​លោក​ម្ចាស់។ ពេល​ខ្ញុំ​មាន​អាយុ​១៤​ឆ្នាំ ម្ដាយ​និង​បង​ស្រី​របស់​ខ្ញុំ​រៀន​គម្ពីរ​ជា​មួយ​សាក្សី​ព្រះ​យេហូវ៉ា​អស់​មួយ​រយៈ។ នៅ​ពេល​មួយ ខ្ញុំ​បាន​ឮ​ឈ្មោះ​របស់​ព្រះ​យេហូវ៉ា ពេល​ដែល​សាក្សី​ព្រះ​យេហូវ៉ា​ពីរ​នាក់​ដែល​បង្រៀន​ម្ដាយ​ខ្ញុំ បង្ហាញ​ឈ្មោះ​នោះ​ក្នុង​គម្ពីរ​ចាស់​របស់​គាត់។ នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ចាប់​អារម្មណ៍។ ប៉ុន្តែ​ម្ដាយ​ខ្ញុំ​ឈប់​រៀន​គម្ពីរ ហើយ​ខ្ញុំ​មិន​បាន​ចាត់​វិធានការ​ដើម្បី​រៀន​អំពី​ព្រះ​ថែម​ទៀត​ឡើយ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ មួយ​រយៈ​ពេល​ក្រោយ​មក នៅ​សាលា​រៀន អ្នក​គ្រូ​របស់​យើង​បាន​ប្រាប់​យើង​ម្ដង​ហើយ​ម្ដង​ទៀត​ពី​រឿង​មិន​ពិត​អំពី​សាសនា​មួយ ដែល​គេ​ហៅ​ថា​និកាយ​សាក្សី​ព្រះ​យេហូវ៉ា។ ដោយ​សារ​ខ្ញុំ​បាន​ទៅ​កិច្ច​ប្រជុំ​ខ្លះ​ៗ​របស់​សាក្សី​ព្រះ​យេហូវ៉ា​ជា​មួយ​បង​ស្រី​ខ្ញុំ នោះ​ខ្ញុំ​បាន​ប្រាប់​អ្នក​គ្រូ​ថា រឿង​ដែល​គាត់​ប្រាប់​យើង​នោះ​គឺ​មិន​ពិត​ទេ។

ពេល​ខ្ញុំ​មាន​អាយុ​១៥​ឆ្នាំ គេ​បាន​បញ្ជូន​ខ្ញុំ​ទៅ​រៀន​វិជ្ជាជីវៈ​មួយ​នៅ​ទី​ក្រុង​លេនីនក្រាត ដែល​ឥឡូវ​ជា​ទី​ក្រុង​សាំង​ប៉េតេសបួរ ប្រទេស​រូស៊ី។ ខ្ញុំ​បាន​ប្រាប់​អ្នក​ដែល​រស់​នៅ​ក្នុង​បន្ទប់​ជា​មួយ​ខ្ញុំ ពី​អ្វី​បន្ដិច​បន្តួច​ដែល​ខ្ញុំ​បាន​រៀន​អំពី​ព្រះ​យេហូវ៉ា។ ប៉ុន្តែ ខ្ញុំ​ចាប់​ផ្ដើម​ជក់​ថ្នាំ​និង​កញ្ឆា។ ពេល​ខ្ញុំ​ទៅ​លេង​ផ្ទះ​នៅ​ប្រទេស​កាហ្សាស្ថាន គឺ​ងាយ​ឲ្យ​ខ្ញុំ​ទិញ​កញ្ឆា ទោះ​ជា​របស់​នោះ​ខុស​ច្បាប់​ក៏​ដោយ។ ខ្ញុំ​ក៏​បាន​ចាប់​ផ្ដើម​ផឹក​ច្រើន​ពេក​នូវ​ស្រា​វ៉​ដ​កា​និង​ស្រា​ទំពាំង​បាយ​ជូរ​ដែល​គេ​បាន​ធ្វើ​តាម​ផ្ទះ។

ក្រោយ​ពី​ខ្ញុំ​រៀន​ចប់​នៅ​សាលា​វិជ្ជាជីវៈ ខ្ញុំ​បាន​ចុះ​ឈ្មោះ​ចូល​ធ្វើ​កង​ទ័ព​សូវៀត​អស់​ពីរ​ឆ្នាំ។ ក៏​ប៉ុន្តែ ខ្ញុំ​នៅ​តែ​ចាំ​អ្វីដែល​ខ្ញុំ​បាន​រៀន​ពី​គម្ពីរ​កាល​ដែល​ខ្ញុំ​នៅ​ក្មេង។ ពេល​មាន​ឱកាស ខ្ញុំ​បាន​ប្រាប់​ទាហាន​ឯ​ទៀត​អំពី​ព្រះ​យេហូវ៉ា ហើយ​និយាយ​ការពារ​សាក្សី​ព្រះ​យេហូវ៉ា ពេល​ខ្ញុំ​ឮ​គេ​និយាយ​កុហក​អំពី​ពួក​គេ។

ក្រោយ​ពី​បញ្ចប់​កាតព្វកិច្ច​ជា​ទាហាន ខ្ញុំ​បាន​រើ​ទៅ​នៅ​ប្រទេស​អាឡឺម៉ង់។ ពេល​នៅ​ជំរំ​សម្រាប់​ជន​អន្ដោប្រវេសន៍ ខ្ញុំ​បាន​ទទួល​សៀវភៅ​សិក្សា​គម្ពីរ​មួយ​ក្បាល​ដែល​បាន​ត្រូវ​បោះពុម្ព​ដោយ​សាក្សី​ព្រះ​យេហូវ៉ា។ ខ្ញុំ​បាន​អាន​សៀវភៅ​នោះ​ទាំង​រំភើប​ចិត្ត​ជា​ខ្លាំង ហើយ​សម្រេច​ថា​ព័ត៌​មាន​ក្នុង​សៀវភៅ​នោះ​គឺជា​សេចក្ដី​ពិត។ ក៏​ប៉ុន្តែ ខ្ញុំ​មិន​អាច​បញ្ឈប់​ការ​ញៀន​ថ្នាំជក់​និង​កញ្ឆា​ទេ។ មួយ​រយៈ​ពេល​ក្រោយ​មក ខ្ញុំ​បាន​រើ​ទៅ​នៅ​ជិត​ទី​ក្រុង​ខាល​រូ។ នៅ​ទី​នោះ​ខ្ញុំ​បាន​ជួប​សាក្សី​ព្រះ​យេហូវ៉ា​ម្នាក់ ហើយ​គាត់​ចាប់​ផ្ដើម​សិក្សា​គម្ពីរ​ជា​មួយ​ខ្ញុំ។

វិធី​ដែល​គម្ពីរ​បាន​ជួយ​ខ្ញុំ​ឲ្យ​កែប្រែ​ជីវិត: យូរ​ណាស់​មក​ហើយ ខ្ញុំ​មាន​អារម្មណ៍​ថា​គម្ពីរ​ជា​បណ្ដាំ​របស់​ព្រះ។ បន្ទាប់​ពី​ខ្ញុំ​អាន​សៀវភៅ​សិក្សា​គម្ពីរ​នោះ​មក ខ្ញុំ​បាន​ជឿ​ជាក់​ថា​គម្ពីរ​ឆ្លើយ​សំណួរ​សំខាន់​ៗ​ទាំង​អស់​ដែល​មាន​ក្នុង​ជីវិត។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ខ្ញុំ​ត្រូវ​ការ​ពេល​យូរ​ទើប​កែប្រែ​ទម្លាប់​របស់​ខ្ញុំ​បាន។ នៅ​ទី​បំផុត ខ្ញុំ​បាន​ធ្វើ​តាម​ដំបូន្មាន​ក្នុង​គម្ពីរ​នៅ​សៀវភៅ​កូរិនថូសទី២ ៧:១ ហើយ​បាន​សម្រេច​ចិត្ត​ថា ខ្ញុំ​នឹង​សម្អាត​‹​ចិត្ត​និង​កាយ​របស់​ខ្ញុំ​ឲ្យ​ស្អាត​ពី​អ្វី​ៗ​ទាំង​អស់​ដែល​នាំ​ឲ្យ​ស្មោកគ្រោក​› ដែល​នេះ​មាន​ន័យ​ថា​លែង​ជក់​ថ្នាំ​និង​កញ្ឆា។

ខ្ញុំ​អាច​ឈប់​ជក់​កញ្ឆា​ភ្លាម​ៗ​បាន តែ​ចំពោះ​ទម្លាប់​ជក់​ថ្នាំ​វិញ គឺ​ត្រូវ​ការ​ពេល​៦​ខែ​ទើប​ខ្ញុំ​អាច​បំបាត់​ចោល​បាន។ នៅ​ថ្ងៃ​មួយ សាក្សី​ព្រះ​យេហូវ៉ា​ដែល​រៀន​គម្ពីរ​ជា​មួយ​ខ្ញុំ បាន​សួរ​ខ្ញុំ​ថា​​«​តើ​គោល​បំណង​ក្នុង​ជីវិត​របស់​អ្នក​គឺជា​អ្វី?​»។ សំណួរ​នេះ​ពិត​ជា​បាន​ធ្វើ​ឲ្យ​ខ្ញុំ​គិត​អំពី​ការ​ញៀន​ថ្នាំជក់។ ពី​មុន​ខ្ញុំ​បាន​ខំ​ឈប់​ជក់​បី​បួន​ដង​ដែរ តែ​ឥឡូវ​ខ្ញុំ​បាន​សម្រេច​ចិត្ត​អធិដ្ឋាន​មុនខ្ញុំ​យក​បារី​មក​ជក់ ជា​ជាង​សុំ​ឲ្យ​ព្រះ​អភ័យទោស​ខ្ញុំ​ជា​ក្រោយ។ នៅ​ឆ្នាំ​១៩៩៣ ខ្ញុំ​បាន​កំណត់​ថ្ងៃ​មួយ​ដែល​ខ្ញុំ​នឹង​ឈប់​ជក់​បារី។ ដោយ​មាន​ជំនួយ​ពី​ព្រះ​យេហូវ៉ា ខ្ញុំ​មិន​បាន​ពាល់​បារី​សោះ​តាំង​ពី​ពេល​នោះ​មក។

ផល​ប្រយោជន៍​ដែល​ខ្ញុំ​ទទួល: ដោយ​សារ​ខ្ញុំ​លែង​ញៀនក​ញ្ឆា​និង​ថ្នាំជក់​ដែល​ធ្វើ​ឲ្យ​អស់​លុយ​ច្រើន​និង​បង្ខូច​សុខភាព ឥឡូវ​សុខភាព​របស់​ខ្ញុំ​ល្អ​ជាង​មុន។ សព្វ​ថ្ងៃ ខ្ញុំ​មាន​ឯកសិទ្ធិ​ធ្វើ​ជា​អ្នក​ស្ម័គ្រ​ចិត្ត​ធ្វើ​ការ​នៅ​ការិយាល័យ​សាខា​នៃ​សាក្សី​ព្រះ​យេហូវ៉ា​នៅ​ប្រទេស​អាឡឺម៉ង់។ ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ដែល​ខ្ញុំ​បាន​រៀន​ឲ្យ​ចេះ​អនុវត្ត​តាម​ដំបូន្មាន​គម្ពីរ​ក្នុង​ជីវិត​ខ្ញុំ! ដោយ​ដឹង​អំពី​អ្វីដែល​គម្ពីរ​បង្រៀន នោះ​បាន​ជួយ​ឲ្យ​ខ្ញុំ​មាន​គោលដៅ​ពិត​ប្រាកដ​ក្នុង​ជីវិត។

ជីវប្រវត្ដិ

ឈ្មោះ: ទីតុស សាំងកាឌី

អាយុ: ៤៣​ឆ្នាំ

ប្រទេស​កំណើត: ណាមីប៊ី

ធ្លាប់​ជា: សមាជិក​ម្នាក់​ដ៏​សាហាវ​របស់​ក្រុម​បង​ធំ

អតីតកាល​របស់​ខ្ញុំ: ខ្ញុំ​ធំ​ឡើង​នៅ​ភូមិ​មួយ​នៅ​ជនបទ​ក្នុង​តំបន់​អូហាវេណា នៅ​ភាគ​ខាង​ជើង​នៃ​ប្រទេស​ណាមីប៊ី។ ក្នុង​អំឡុង​ទសវត្សរ៍​៨០ មាន​សង្គ្រាម​នៅ​តំបន់​នោះ ហើយ​អ្នក​ភូមិ​ខ្ញុំ​បាន​ត្រូវ​គេ​វាយ​និង​សម្លាប់។ ក្នុង​ភូមិ​ខ្ញុំ គេ​ចាត់​ទុក​ក្មេង​ប្រុស​ថា​សម​ជា​បុរស​ពេញ​លក្ខណៈ លុះ​ត្រា​តែ​គាត់​ជា​អ្នក​ពូកែ​វាយ​តប់។ ដូច្នេះ ខ្ញុំ​បាន​ហាត់​វាយ!

ពេល​ខ្ញុំ​រៀន​ចប់ ខ្ញុំ​ទៅ​នៅ​ជា​មួយ​ពូ​ខ្ញុំ​នៅ​ក្រុង​ស្វា​កុប​មុន ជិត​ឆ្នេរ​សមុទ្រ។ មិន​យូរ​ក្រោយ​ពេល​ខ្ញុំ​មក​ដល់​ក្រុង​នោះ ខ្ញុំ​បាន​ចូល​ក្នុង​ក្រុម​បង​ធំ​ដែល​មាន​សុទ្ធតែ​ក្មេង​ស្ទាវ​មិន​ចេះ​ស្ដាប់​បង្គាប់​នរណា​សោះ។ ក្រុម​យើង​ទៅ​កន្លែង​ណា​ដែល​មនុស្ស​មិន​ស្វាគមន៍​បុរស​ស្បែក​ខ្មៅ ដូច​ជា​សណ្ឋាគារ​និង​បារ ដើម្បី​បង្ក​ឲ្យ​មាន​រឿង​វាយ​តប់។ បី​បួន​ដង យើង​បាន​វាយ​ជា​មួយ​អ្នក​រក្សា​សន្ដិសុខ​និង​ប៉ូលិស។ រាល់​យប់​ខ្ញុំ​តែង​តែ​មាន​កាំបិត​មុត​វែង​មួយ​នៅ​ជាប់​ជា​មួយ​ខ្ញុំ ដើម្បី​ត្រៀម​ខ្លួន​វាយ​ប្រហារ​នរណា​ដែល​ប្រឆាំង​ខ្ញុំ។

នៅ​យប់​មួយ កាល​ដែល​ខ្ញុំ​កំពុង​វាយ​ក្រុម​បង​ធំ​ដែល​ជា​គូ​ប្រជែង ខ្ញុំ​វិះ​ត្រូវ​គេ​សម្លាប់។ គ្នា​បង​ធំ​ម្នាក់​ដែល​ជា​គូ​ប្រជែង បាន​ស្ទុះ​មក​ពី​ក្រោយ​ខ្ញុំ ហើយ​ហៀបនឹង​កាត់​ក្បាល​ខ្ញុំ តែ​គ្នា​ខ្ញុំ​ម្នាក់​បាន​វាយ​គាត់​ឲ្យ​សន្លប់។ ទោះ​ជា​ប៊ិះ​នឹង​ស្លាប់​ក៏​ដោយ ខ្ញុំ​នៅ​តែ​ជា​មនុស្ស​សាហាវ។ បើ​ខ្ញុំ​មាន​ជម្លោះ​ជា​មួយ​អ្នក​ណា​ម្នាក់ ទោះ​ជា​ប្រុស​ឬ​ស្រី​ក៏​ដោយ ខ្ញុំ​តែង​តែ​ជា​អ្នក​វាយ​គេ​មុន។

វិធីដែល​គម្ពីរ​បាន​ជួយ​ខ្ញុំ​ឲ្យ​កែប្រែ​ជីវិត: ពេល​ដែល​ខ្ញុំ​ជួប​សាក្សី​ព្រះ​យេហូវ៉ា​ជា​លើក​ដំបូង បង​ស្រី​នោះ​បាន​អាន​ខ​គម្ពីរ​នៅ​សៀវភៅ​ទំនុកតម្កើង​ទី​៣៧​ឲ្យ​ខ្ញុំ​ស្ដាប់ ហើយ​ប្រាប់​ខ្ញុំ​ថា សៀវភៅ​ការ​បើក​បង្ហាញ​មាន​សេចក្ដី​សន្យា​អស្ចារ្យ​ឯ​ទៀត​ចំពោះ​អនាគត។ ប៉ុន្តែ ដោយ​សារ​គាត់​មិន​បាន​ប្រាប់​ថា សេចក្ដី​សន្យា​នោះ​មាន​នៅ​ជំពូក​និង​ខ​ណា នោះ​ខ្ញុំ​រក​បាន​គម្ពីរ​មួយ ហើយ​បាន​អាន​សៀវភៅ​ការ​បើក​បង្ហាញ​ទាំង​មូល​នៅ​យប់​នោះ។ ខ្ញុំ​ពេញ​ចិត្ត​សេចក្ដី​សន្យា​ដែល​ខ្ញុំ​អាន​នៅ​សៀវភៅ​ការ​បើក​បង្ហាញ ២១:៣, ៤ ដែល​ថា​​«​សេចក្ដី​ស្លាប់​នឹង​លែង​មាន​ទៀត ទុក្ខ​ព្រួយ ការ​ស្រែក​យំ និង​ការ​ឈឺ​ចាប់​ក៏​នឹង​លែង​មាន​ទៀត​ដែរ​»។ ពេល​សាក្សី​ព្រះ​យេហូវ៉ា​ត្រឡប់​មក​ជួប​ខ្ញុំ​ម្ដង​ទៀត ខ្ញុំ​ព្រម​សិក្សា​គម្ពីរ។

គឺ​ពិបាក​ណាស់​ឲ្យ​ខ្ញុំ​កែប្រែ​គំនិត​និង​ការ​ប្រព្រឹត្ត​របស់​ខ្ញុំ។ ប៉ុន្តែ ខ្ញុំ​បាន​រៀន​ពី​គម្ពីរ​នៅ​សៀវភៅ​សកម្មភាព ១០:៣៤, ៣៥​ថា​៖ ​«​ព្រះ​មិន​រើស​មុខ​ទេ តែ​នៅ​គ្រប់​ជាតិ​សាសន៍ លោក​ពេញ​ចិត្ត​នឹង​អ្នក​ណា​ដែល​កោត​ខ្លាច​លោក​ហើយ​ប្រព្រឹត្ត​អំពើ​សុចរិត​»។ ខ្ញុំ​ក៏​ព្យាយាម​អនុវត្ត​តាម​បទ​គម្ពីរ​នៅ​សៀវភៅ​រ៉ូម ១២:១៨ ដែល​ថា​៖ ​«​ចូរ​ខំ​អស់ពី​សមត្ថភាព​ដើម្បី​ធ្វើ​ឲ្យ​មាន​សន្ដិភាព​ជា​មួយ​នឹង​មនុស្ស​ទាំង​អស់ ប្រសិន​បើ​អាច​ធ្វើ​ទៅ​បាន​»។

ក្រៅ​ពី​រៀន​ឲ្យ​ចេះ​ទប់​កំហឹង ខ្ញុំ​ក៏​ត្រូវ​បញ្ឈប់​ការញៀន​ជក់​បារី​ផង​ដែរ។ ខ្ញុំ​អធិដ្ឋាន​ទាំង​ស្រក់​ទឹក​ភ្នែក​ទៅ​ព្រះ​យេហូវ៉ា​ជា​ច្រើន​ដងឲ្យ​លោក​ជួយ​ខ្ញុំ។ ប៉ុន្តែ នៅ​ដើម​ដំបូង ខ្ញុំ​ពិត​ជា​មិន​បាន​ធ្វើ​តាម​វិធី​ត្រឹម​ត្រូវ​ទេ ព្រោះ​ខ្ញុំ​បាន​ជក់​បារី រួច​ពោល​ថា​នេះ​ជា​បារី​​«​ចុង​ក្រោយ​»​ ហើយ​ក្រោយ​មក​អធិដ្ឋាន​ទៅ​ព្រះ។ សាក្សី​ព្រះ​យេហូវ៉ា​ដែល​សិក្សា​គម្ពីរ​ជា​មួយ​ខ្ញុំ​បាន​ជួយ​ខ្ញុំ​ឲ្យ​យល់​ពី​សារៈសំខាន់​នៃ​ការ​អធិដ្ឋាន​មុនខ្ញុំ​យក​បារី​មក​ជក់។ ខ្ញុំ​ក៏​ត្រូវ​ជៀស​វាង​មិន​នៅ​ជា​មួយ​អ្នក​ឯ​ទៀត​ដែល​ជក់​បារី។ បន្ថែម​ទៅ​ទៀត ខ្ញុំ​បាន​ធ្វើ​តាម​ការ​ណែនាំ​ឲ្យ​និយាយ​ជា​មួយ​អ្នក​រួម​ការងារ​អំពី​ផល​វិបាក​ដែល​មក​ពី​ការ​ជក់​បារី។ នេះ​ពិត​ជា​បាន​ជួយ​ច្រើន​ណាស់ ពីព្រោះ​អ្នក​ជក់​បារី​នៅ​កន្លែង​ធ្វើ​ការ​លែង​ឲ្យ​បារី​ខ្ញុំ​ទៀត។

នៅ​ទី​បំផុត ខ្ញុំ​បាន​ឈប់​ជក់​បារី ហើយ​បាន​លះ​ចោល​គន្លង​ជីវិត​ចាស់។ ក្រោយ​ពី​បាន​រៀន​និង​អនុវត្ត​តាម​គោលការណ៍​គម្ពីរ​អស់​៦​ខែ ខ្ញុំ​មាន​លក្ខណៈ​គ្រប់​គ្រាន់​ដើម្បី​ទទួល​ការ​ជ្រមុជ​ទឹក​ជា​សាក្សី​ព្រះ​យេហូវ៉ា​ម្នាក់។

ផល​ប្រយោជន៍ដែល​ខ្ញុំ​ទទួល: ខ្ញុំ​ជឿ​ជាក់​ថា សាក្សី​ព្រះ​យេហូវ៉ា​ជា​សាសនា​ពិត​ពេល​ខ្ញុំ​ឃើញ​សេចក្ដី​ស្រឡាញ់​ដែល​ពួក​គាត់​មាន​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក ទោះ​ជាម​ក​ពី​ពូជ​សាសន៍​ឬ​មាន​ពណ៌​សម្បុរ​ណា​ក៏​ដោយ។ សូម្បីតែ​នៅ​ពេល​ដែល​ខ្ញុំ​មិន​ទាន់​ទទួល​ការ​ជ្រមុជ​ទឹកក៏​ដោយ បង​ប្រុស​ស្បែក​សម្នាក់​ក្នុង​ក្រុម​ជំនុំ បាន​អញ្ជើញ​ខ្ញុំ​ទៅ​បរិភោគ​អាហារ​នៅ​ផ្ទះ​គាត់។ នេះ​មិន​គួរ​ឲ្យ​ជឿ​សោះ។ ខ្ញុំ​មិន​ដែល​អង្គុយ​ជា​មួយ​មនុស្ស​ស្បែក​ស​ដោយ​មាន​អារម្មណ៍​ស្រួល​ដូច្នេះ​ពី​មុន​ទេ កុំ​ថា​ដល់​បរិភោគ​អាហារ​នៅ​ផ្ទះ​គាត់។ ឥឡូវ​ខ្ញុំ​រួម​ចំណែក​ក្នុង​អង្គការ​មួយ​ដែល​មាន​សមាជិក​ជា​ជន​ជាតិ​ផ្សេង​ៗ។

ពី​មុន អ្នក​រក្សា​សន្ដិសុខ​និង​ប៉ូលិស​បាន​បង្ខំ​ខ្ញុំ​ឲ្យ​កែប្រែ​គំនិត​និង​ការ​ប្រព្រឹត្ត​របស់​ខ្ញុំ តែ​ពួក​គាត់​មិន​បាន​ទទួល​ជោគជ័យ​ទេ។ មាន​តែ​គម្ពីរ​ប៉ុណ្ណោះ​ដែល​មាន​ឫទ្ធានុភាព​ដើម្បី​ជួយ​ខ្ញុំ​ឲ្យ​កែប្រែ​បុគ្គលិក​លក្ខណៈ ហើយ​ក្លាយ​ទៅ​ជា​មនុស្ស​ដែល​មាន​សុភមង្គល។

[ឃ្លាអក្សរធំនៅទំព័រ១៣]

​«​ខ្ញុំ​អធិដ្ឋាន​ទាំង​ស្រក់​ទឹក​ភ្នែក ទៅ​ព្រះ​យេហូវ៉ា​ជា​ច្រើន​ដង ឲ្យ​លោក​ជួយ​ខ្ញុំ​»​