តើលោកអ្នកអាចយល់គម្ពីរបរិសុទ្ធបានទេ?
តើលោកអ្នកអាចយល់គម្ពីរបរិសុទ្ធបានទេ?
«គ្រួសារយើងធ្លាប់អានគម្ពីររាល់ថ្ងៃអាទិត្យ តែខ្ញុំមិនចូលចិត្តសោះ។ ខ្ញុំជឿថាគម្ពីរជាបណ្ដាំរបស់ព្រះមែន តែភាគច្រើនអ្វីដែលខ្ញុំបានអាន គឺពិបាកយល់ណាស់» (ស្ទីវេន ពីប្រទេសអង់គ្លេស)។
«ពេលខ្ញុំមានអាយុ១៧ឆ្នាំ ខ្ញុំព្យាយាមអានគម្ពីរ។ តែដោយសារគម្ពីរពិបាកយល់ពេក ខ្ញុំឈប់អានតែម្ដង» (វេលវ៉ាណេរ៉ា ពីប្រទេសអេស្ប៉ាញ)។
«ក្នុងនាមជាអ្នកកាន់សាសនាកាតូលិក ខ្ញុំបានគិតថា ខ្ញុំគួរអានគម្ពីរទាំងមូលយ៉ាងហោចណាស់ឲ្យបានមួយដង។ ខ្ញុំអានអស់បីឆ្នាំទើបចប់! ប៉ុន្តែ ខ្ញុំមិនសូវយល់អ្វីដែលខ្ញុំអានទេ» (ជោអែន ពីប្រទេសអូស្ដ្រាលី)។
គម្ពីរបរិសុទ្ធនៅតែជាសៀវភៅដែលគេនិយមច្រើនជាងគេក្នុងពិភពលោក។ គម្ពីរជាសៀវភៅដែលតែងតែលក់ដាច់ជាងគេ ហើយមនុស្សកាន់តែច្រើនមានគម្ពីរ។ ម្យ៉ាងទៀត ចំនួនភាសាដែលគម្ពីរបានត្រូវបកប្រែគឺច្រើនជាងមុន ហើយគម្ពីរមិនគ្រាន់តែបោះពុម្ពជាសៀវភៅប៉ុណ្ណោះទេ តែក៏មានជាកាស្សែត ស៊ីឌី និងឌីវីឌីជាដើម។ ក៏ប៉ុន្តែ មនុស្សជាច្រើនដែលមានគម្ពីរ ពិបាកយល់ព័ត៌មានដែលមានក្នុងសៀវភៅបរិសុទ្ធនោះ។ តើលោកអ្នកមានអារម្មណ៍ដូចពួកគេដែរឬទេ?
តើអ្នកនិពន្ធគម្ពីរចង់ឲ្យយើងយល់បណ្ដាំរបស់លោកទេ?
គម្ពីរចែងថា៖ «គ្រប់ទាំងបទគម្ពីរបានត្រូវសរសេរក្រោមការដឹកនាំរបស់ព្រះ»។ (ធីម៉ូថេទី២ ៣:១៦) ត្រូវហើយ អ្នកនិពន្ធគម្ពីរគឺព្រះយេហូវ៉ា។ តើព្រះយេហូវ៉ាចង់ឲ្យយើងយល់បណ្ដាំរបស់លោកទេ? ឬតើលោកមានបំណងនិពន្ធគម្ពីរតាមរបៀបមួយដែលគ្មានអ្នកណាអាចយល់បាន លើកលែងតែមនុស្សមួយចំនួនតិច ដូចជាបព្វជិតឬបណ្ឌិតខាងគម្ពីរជាដើម?
សូមពិចារណាបទគម្ពីរដូចតទៅនេះ:
«ដ្បិតសេចក្ដីបញ្ញត្ត ដែលអញបង្គាប់មកឯងនៅថ្ងៃនេះ មិនមែនហួសកំឡាំងឯង[ឬ«ពិបាកពេក»]ទេ ក៏មិនមែននៅឆ្ងាយដែរ»។—ចោទិយកថា ៣០:១១; ព.ថ.
«ការស្វែងយល់ព្រះបន្ទូលរបស់ព្រះអង្គធ្វើអោយមនុស្សភ្លឺស្វាង ហើយធ្វើអោយអ្នកទន់ទាបមានប្រាជ្ញា»។—ទំនុកតម្កើង ១១៩:១៣០, ខ.ស.
«នៅវេលានោះ លោក[យេស៊ូ]បានត្រេកអរពន់ពេកដោយសារសកម្មពលបរិសុទ្ធរបស់ព្រះ ក៏មានប្រសាសន៍ថា៖ ‹ឱបិតាជាម្ចាស់ស្ថានសួគ៌និងផែនដី! ខ្ញុំសូមសរសើរលោកនៅមុខមនុស្ស ពីព្រោះលោកបានលាក់អ្វីៗទាំងនេះយ៉ាងល្អពីអ្នកប្រាជ្ញនិងអ្នកចេះដឹង ហើយបានបើកសម្ដែងឲ្យកូនតូចៗយល់វិញ›»។—លូកា ១០:២១
ដូចបានបញ្ជាក់ក្នុងបទគម្ពីរខាងលើ អ្នកនិពន្ធគម្ពីរប្រាកដជាចង់ឲ្យលោកអ្នកយល់បណ្ដាំរបស់លោក! យ៉ាងណាក៏ដោយ មនុស្សជាច្រើនដែលមានចិត្តស្មោះ ពិបាកយល់គម្ពីរ។ តើមានអ្វីដែលអាចជួយពួកគេទេ? អត្ថបទបន្តបន្ទាប់លើកឡើងយោបល់បីដែលអាចជួយលោកអ្នកឲ្យយល់គម្ពីរ។