លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

គោលសំខាន់ៗពីសៀវភៅការបើកបង្ហាញ ផ្នែកទី២

គោលសំខាន់ៗពីសៀវភៅការបើកបង្ហាញ ផ្នែកទី២

ព្រះ​បន្ទូល​របស់​ព្រះ​យេហូវ៉ា នោះ​រស់​នៅ

គោល​សំខាន់ៗ​ពី​សៀវភៅ​ការ​បើក​បង្ហាញ ផ្នែក​ទី​២

នៅ​ពេល​អនាគត តើ​អ្វី​ដែល​នឹង​កើត​ឡើង​ដល់​អស់​អ្នក​ដែល​គោរព​ប្រណិប័តន៍ និង​អ្នក​ដែល​មិន​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា? តើ​អនាគត​របស់​សាថាន​និង​ពួក​វិញ្ញាណ​កំណាច​នឹង​ទៅ​ជា​យ៉ាង​ណា? តើ​មនុស្ស​ជាតិ​ដែល​គោរព​ព្រះ​នឹង​ទទួល​ពរ​អ្វី​ខ្លះ​ក្នុង​អំឡុង​រាជ្យ​១.០០០​ឆ្នាំ​របស់​គ្រិស្ត? ចម្លើយ​ចំពោះ​សំណួរ​ទាំង​នេះ និង​សំណួរ​សំខាន់ៗ​ឯ​ទៀត​ត្រូវ​បាន​បំភ្លឺ​នៅ​ក្នុង​សៀវភៅ​ការ​បើក​បង្ហាញ ១៣:១​–​២២:២១ * ជំពូក​ទាំង​នេះ​មាន​ការ​ឃើញ​ក្នុង​គំនិត​៩​ចុង​ក្រោយ​នៃ​ការ​បើក​បង្ហាញ​ទាំង​១៦ ដែល​សាវ័ក​យ៉ូហាន​បាន​ទទួល​នៅ​ជិត​ដំណាច់​សតវត្សរ៍​ទី​១ គ.ស.។

យ៉ូហាន​បាន​សរសេរ​ថា​៖ «អ្នក​ណា​ដែល​អាន​ទំនាយ​នេះ​ឲ្យ​អ្នក​ឯ​ទៀត​ស្ដាប់ និង​អ្នក​ដែល​ឮ​ហើយ​ប្រព្រឹត្ត​តាម​អ្វី​ដែល​បាន​ត្រូវ​សរសេរ​ក្នុង​ទំនាយ​នេះ អ្នក​ទាំង​នោះ​មាន​សុភមង្គល​ហើយ»។ (បប. ១:​៣; ២២:៧) ការ​អាន​និង​ការ​ប្រព្រឹត្ត​តាម​អ្វី​ដែល​យើង​រៀន​ពី​សៀវភៅ​ការ​បើក​បង្ហាញ​អាច​មាន​ឥទ្ធិពល​ទៅ​លើ​បំណង​ចិត្ត​របស់​យើង​ក្នុង​ការ​បម្រើ​ព្រះ ពង្រឹង​ជំនឿ​របស់​យើង​ទៅ​លើ​ព្រះ​និង​បុត្រ​ទ្រង់​គឺ​លោក​យេស៊ូ​គ្រិស្ត និង​ធ្វើ​ឲ្យ​យើង​មាន​សេចក្ដី​សង្ឃឹម​ដ៏​ភ្លឺ​ស្វាង​ចំពោះ​អនាគត​ផង។ *ហេ. ៤:១២

ចាន​គោម​ទាំង​ប្រាំពីរ​នៃ​កំហឹង​របស់​ព្រះ​បាន​ចាក់​ចេញ

(បប. ១៣:១​–​១៦:២១)

ការ​បើក​បង្ហាញ ១១:១៨ ចែង​ថា​៖​«ប៉ុន្តែ​ប្រជាជាតិ​នានា​បាន​ខឹង លោក​[ព្រះ]​ក៏​បាន​សម្ដែង​កំហឹង​របស់​លោក​ដែរ ហើយ​ពេល​កំណត់​បាន​មក​ដល់ . . . សម្រាប់​បំផ្លាញ​ពួក​អ្នក​ដែល​កំពុង​បង្ខូច​ផែនដី»។ ដើម្បី​បង្ហាញ​ពី​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ព្រះ​ខឹង ការ​ឃើញ​ក្នុង​គំនិត​ទី​៨​ចង្អុល​ប្រាប់​ពី​សកម្មភាព​របស់​«សត្វ​សាហាវ​មួយ . . . [ដែល]​មាន​ស្នែង​ដប់ ក្បាល​ប្រាំពីរ»។—បប. ១៣:១

ក្នុង​ការ​ឃើញ​ក្នុង​គំនិត​ទី​៩​យ៉ូហាន​ឃើញ «កូន​ចៀម​កំពុង​ឈរ​នៅ​លើ​ភ្នំ​ស៊ីយ៉ូន» ហើយ​ជា​មួយ​លោក​មាន​«មួយ​សែន​បួន​ម៉ឺន​បួន​ពាន់​នាក់»។ ពួក​គាត់​ជា​ពួក​ដែល​បាន​«ទិញ​ពី​ចំណោម​មនុស្ស​ជាតិ»។ (បប. ១៤:១,) ក្រោយ​មក​មាន​សេចក្ដី​ជូន​ដំណឹង​របស់​ទេវតា។ ការ​ឃើញ​ក្នុង​គំនិត​ជា​បន្ទាប់ យ៉ូហាន​ពិនិត្យ​មើល​«ទេវតា​ប្រាំពីរ​រូប​ដែល​មាន​សេចក្ដី​វេទនា​ប្រាំពីរ»។ តាម​មើល​ទៅ ព្រះ​យេហូវ៉ា​បញ្ជា​ឲ្យ​ចាក់​អ្វី​ដែល​មាន​ក្នុង​«ចាន​គោម​ទាំង​ប្រាំពីរ​នៃ​កំហឹង​របស់​ព្រះ»​ទៅ​លើ​គ្រប់​ផ្នែក​ទាំង​អស់​នៃ​ពិភព​លោក​របស់​សាថាន។ ចាន​គោម​ទាំង​៧​មាន​សេចក្ដី​ប្រកាស​និង​សេចក្ដី​ព្រមាន​អំពី​ការ​វិនិច្ឆ័យ​ទោស​ដែល​ព្រះ​នឹង​សម្រេច។ (បប. ១៥:១; ១៦:១) ការ​ឃើញ​ក្នុង​គំនិត​ទាំង​ពីរ​នេះ​បង្ហាញ​យ៉ាង​ល្អិត​ល្អន់​អំពី​ការ​វិនិច្ឆ័យ​ទោស​ជា​បន្ត ភ្ជាប់​ជា​មួយ​សេចក្ដី​វេទនា​ទី​៣ និង​ការ​ផ្លុំ​ត្រែ​ទី​៧។—បប. ១១:១៤, ១៥

ចម្លើយ​ចំពោះ​សំណួរ​អំពី​បទ​គម្ពីរ:

១៣:៨—តើ​អ្វី​ជា​«បញ្ជី​ជីវិត​របស់​កូន​ចៀម»? នេះ​ជា​និមិត្តរូប​នៃ​បញ្ជី​ដែល​មាន​តែ​ឈ្មោះ​របស់​អ្នក​ដែល​ត្រូវ​សោយ​រាជ្យ​ជា​មួយ​លោក​យេស៊ូ​គ្រិស្ត​នៅ​ក្នុង​រាជាណាចក្រ​ស្ថាន​សួគ៌។ ក្នុង​បញ្ជី​នោះ​ក៏​មាន​ឈ្មោះ​អ្នក​ដែល​ព្រះ​បាន​រើស​តាំង​ដែល​រស់​នៅ​ផែនដី​នៅ​ឡើយ តែ​មាន​សេចក្ដី​សង្ឃឹម​ទទួល​ជីវិត​នៅ​ឯ​ស្ថាន​សួគ៌​ដែរ។

១៣:១១​-​១៣—តើ​សត្វ​សាហាវ​ដែល​មាន​ស្នែង​ពីរ​តាំង​ខ្លួន​ជា​នាគ ហើយ​ធ្វើ​ឲ្យ​ភ្លើង​ធ្លាក់​ពី​លើ​មេឃ​មក​ផែនដី​យ៉ាង​ដូច​ម្ដេច? ការ​ពិត​សត្វ​សាហាវ​ដែល​មាន​ស្នែង​ពីរ​គឺជា​មហា​អំណាច​អង់គ្លេស​និង​អាម៉េរិក និយាយ​ដូច​នាគ​បញ្ជាក់​ថា​ពួក​គេ​ប្រើ​ការ​គំរាម​កំហែង គាប​សង្កត់ និង​អំពើ​ឃោរឃៅ​ដើម្បី​បង្ខំ​មនុស្ស​ឲ្យ​ទទួល​របៀប​គ្រប់​គ្រង​របស់​ពួក​គេ។ វា​ធ្វើ​ឲ្យ​ភ្លើង​ធ្លាក់​ពី​លើ​មេឃ​មក​ផែនដី ដោយ​ចង់​ក្លែង​ខ្លួន​ជា​អ្នក​ប្រកាស​ទំនាយ​ពិត ទាំង​ទាម​ទារ​ថា​ខ្លួន​មាន​ជ័យ​ជម្នះ​លើ​ពួក​អាក្រក់​ជួជាតិ​នៅ​ក្នុង​សង្គ្រាម​លោក​ទាំង​ពីរ​នៅ​សតវត្សរ៍​ទី​២០ និង​បាន​ឈ្នះ​លើ​របប​កុម្មុយនីស្ត​ផង។

១៦:១៧—តើ​អ្វី​ជា​«អាកាស»​ដែល​ចាន​គោម​៧​ចាក់​ទៅ​លើ? «អាកាស»​ជា​និមិត្តរូប​នៃ​ការ​គិត​គូរ​របស់​សាថាន គឺជា​«ចិត្ត​គំនិត​ដែល​មាន​ឥទ្ធិពល​លើ​ពួក​អ្នក​មិន​ស្ដាប់​បង្គាប់»។ មនុស្ស​នៃ​របៀប​របប​ពិភព​លោក​ដ៏​អាក្រក់​ទាំង​មូល​បាន​ដក​យក​ខ្យល់​អាកាស​ដែល​មាន​ជាតិ​ពុល​នេះ។—អេភ. ២:២

មេរៀន​សម្រាប់​យើង:

១៣:១​-​៤, ១៨: «សត្វ​សាហាវ»​ដែល​តំណាង​រដ្ឋាភិបាល​របស់​មនុស្ស​ដែល​«ឡើង​ចេញ​ពី​សមុទ្រ»​គឺ​ពី​ក្រុម​មនុស្ស​ជា​ច្រើន​ដែល​កំពុង​ច្របូក​ច្របល់។ (អេសា. ១៧:១២, ១៣; ដា. ៧:២​-​៨, ១៧) សាថាន​បាន​ឲ្យ​កំណើត​និង​ផ្ដល់​អំណាច​ដល់​សត្វ​សាហាវ​នេះ​ដែល​មាន​លេខ​៦៦៦ ដែល​គូស​បញ្ជាក់​ពី​ភាព​មិន​ល្អ​ឥត​ខ្ចោះ​កម្រិត​ខ្ពស់។ ការ​យល់​ធ្លុះ​ពី​សណ្ឋាន​របស់​សត្វ​សាហាវ​ជួយ​យើង​មិន​ឲ្យ​យើង​ធ្វើ​តាម ដោយ​កោត​សរសើរ​ឬ​គោរព​ប្រណិប័តន៍​ដូច​មនុស្ស​ជាតិ​ជា​ទូទៅ​ឡើយ។—យ៉ូន. ១២:៣១; ១៥:១៩

១៣:១៦, ១៧: ទោះ​ជា​យើង​ជួប​ប្រទះ​ការ​លំបាក​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​ដូច​ជា‹ការ​ទិញ​ឬ​លក់›ក៏​ដោយ យើង​មិន​គួរ​បណ្ដោយ​ខ្លួន​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​គាប​សង្កត់​រហូត​ដល់​ទុក​ឲ្យ​សត្វ​សាហាវ​ក្លាយ​ជា​ម្ចាស់​ជីវិត​របស់​យើង​ឡើយ។ ការ‹ទទួល​សញ្ញា​មួយ​របស់​សត្វ​សាហាវ​នៅ​លើ​ដៃ​ស្ដាំ​ឬ​នៅ​លើ​ថ្ងាស› មាន​ន័យ​ថា​យើង​អនុញ្ញាត​ឲ្យ​សត្វ​សាហាវ​គ្រប់​គ្រង និង​មាន​ឥទ្ធិពល​លើ​ចិត្ត​គំនិត​របស់​យើង។

១៤:៦, ៧: ការ​ប្រកាស​របស់​ទេវតា​បង្រៀន​យើង​ថា យើង​គួរតែ​ប្រកាស​ជា​បន្ទាន់​ដំណឹង​ល្អ​ស្តី​អំពី​រាជាណាចក្រ​របស់​ព្រះ​ដែល​បាន​ស្ថាបនា​រួច​ហើយ។ យើង​គួរ​ជួយ​សិស្ស​គម្ពីរ​បណ្ដុះ​ឲ្យ​មាន​សេចក្ដី​កោត​ខ្លាច​ព្រះ​ដោយ​មិន​ធ្វើ​ឲ្យ​ទ្រង់​ទាស់​ចិត្ត ព្រម​ទាំង​ផ្ដល់​សេចក្ដី​សរសើរ​តម្កើង​ដល់​ព្រះ​យេហូវ៉ា​ដែរ។

១៤:១៤​-​២០: ពេល​ច្រូត​«ចម្រូត​នៅ​ផែនដី»​ដែល​ជា​ការ​ប្រមូល​អស់​អ្នក​ដែល​នឹង​ត្រូវ​បាន​សង្គ្រោះ​រួច​ស្រេច​បាច់​ហើយ នោះ​គឺជា​ពេល​ដែល​ទេវតា​ត្រូវ​បោះ​«ទៅ​ក្នុង​អាង​ធំ​សម្រាប់​ជាន់​ផ្លែ​យក​ទឹក​ធ្វើ​ស្រា ជា​តំណាង​កំហឹង​របស់​ព្រះ» ជា​ការ​ប្រមូល​«វល្លិ​ទំពាំង​បាយ​ជូរ​នៃ​ផែនដី»។ វល្លិ​នោះ​គឺជា​របៀប​របប​នៃ​រដ្ឋាភិបាល​ពុក​រលួយ​របស់​សាថាន​នៅ​ផែនដី ដែល​គ្រប់​គ្រង​លើ​មនុស្ស​ជាតិ​ដែល​ធៀប​នឹង​«ចង្កោម»​នៃ​ផ្លែ​ទំពាំង​បាយ​ជូរ​មិន​ល្អ ដែល​នឹង​ត្រូវ​បំផ្លាញ​ចោល​ជា​រៀង​រហូត។ យើង​គួរតែ​ប្ដេជ្ញា​ចិត្ត​មិន​ឲ្យ​វល្លិ​ទំពាំង​បាយ​ជូរ​នៃ​ផែនដី​មាន​ឥទ្ធិពល​លើ​យើង​ឡើយ។

១៦:១៣​-​១៦: «បណ្ដាំ​ស្មោក​គ្រោក»​តំណាង​បណ្ដាំ​របស់​ពួក​វិញ្ញាណ​កំណាច ដែល​តាំង​ចិត្ត​ប្រាប់​ស្តេច​នៅ​ផែនដី​ថា​ចាន​គោម​ទាំង​៧​នៃ​កំហឹង​របស់​ព្រះ ដែល​បាន​ចាក់​ចេញ​គ្មាន​អ្វី​ប៉ះពាល់​ដល់​ពួក​គេ​ទេ តែ​ជា​កលល្បិច​របស់​ពួក​វិញ្ញាណ​កំណាច​ដើម្បី​ប្រមូល​ពួក​គេ​ឲ្យ​ប្រឆាំង​នឹង​ព្រះ​យេហូវ៉ា​វិញ។—ម៉ាថ. ២៤:៤២, ៤៤

១៦:២១: ដោយ​ហេតុ​ថា​ទី​បញ្ចប់​នៃ​ពិភព​លោក​នេះ​កាន់​តែ​ជិត​ណាស់​ហើយ ការ​ប្រកាស​ពី​ការ​កាត់​ទោស​របៀប​របប​ដ៏​អាក្រក់​របស់​សាថាន​នេះ​អាច​ខុស​ពី​ប្រក្រតី គឺ​មាន​ពាក្យ​សម្ដី​ធ្ងន់ៗ​ស្តី​អំពី​ការ​កាត់​ទោស​របស់​ព្រះ ទំនង​ជា​តំណាង​ដោយ​ដុំ​ព្រិល។ យ៉ាង​ណា​ក៏​ដោយ មនុស្ស​ភាគ​ច្រើន​នៅ​តែ​បន្ត​និយាយ​ប្រមាថ​ព្រះ​ដដែល។

ស្តេច​ដែល​មាន​ជ័យ​ជម្នះ​គ្រប់​គ្រង

(បប. ១៧:១​–​២២:២១)

​«បាប៊ីឡូន​ដ៏​ខ្លាំងក្លា» សាសនា​មិន​ពិត​ទាំង​អស់​ទូ​ទាំង​ផែនដី​ជា​ផ្នែក​មួយ​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម​នៃ​ពិភព​លោក​ដ៏​អាក្រក់​របស់​សាថាន។ ការ​ឃើញ​ក្នុង​គំនិត​ទី​១១​រៀប​រាប់​ពី​បាប៊ីឡូន​ដ៏​ខ្លាំងក្លា​ជា​«មេ​ស្រី​ពេស្យា» ស្ត្រី​ដែល​ប្រព្រឹត្ត​អំពើ​ប្រាសចាក​សីលធម៌​ខាង​ផ្លូវ​ភេទ «អង្គុយ​លើ​សត្វ​សាហាវ​មួយ​ដែល​មាន​សម្បុរ​ក្រហម​ឆ្អៅ»។ នាង​នឹង​ត្រូវ​បំផ្លាញ​ទាល់​តែ​ខ្ទេចខ្ទី​អស់​ដោយ​សត្វ​សាហាវ​ដែល​មាន​«ស្នែង​ដប់»​ជា​សត្វ​ដែល​នាង​អង្គុយ​លើ​នោះ។ (បប. ១៧:១, ៣, ៥, ១៦) ដោយ​ប្រៀប​ធៀប​ស្រី​ពេស្យា​ទៅ​នឹង​«ក្រុង»​មួយ នោះ​ការ​ឃើញ​ក្នុង​គំនិត​ជា​បន្ត​បន្ទាប់​ប្រកាស​ពី​ការ​ធ្លាក់ និង​ការ​អំពាវ​នាវ​ជា​បន្ទាន់​ដល់​រាស្ត្រ​របស់​ព្រះ​ដើម្បី​ឲ្យ​«ចេញ​ពី​ក្រុង​នោះ​មក»។ មនុស្ស​ជា​ច្រើន​កាន់​ទុក្ខ​ចំពោះ​ការ​ធ្លាក់​នៃ​ទី​ក្រុង​នោះ។ ទោះ​ជា​យ៉ាង​ណា​ក្ដី មាន​ការ​អរ​សប្បាយ​នៅ​លើ​មេឃ ពីព្រោះ​«ពិធី​មង្គល​ការ​របស់​កូន​ចៀម​បាន​មក​ដល់»។ (បប. ១៨:៤, ៩, ១០, ១៥​-​១៩; ១៩:៧) ការ​ឃើញ​ក្នុង​គំនិត​ទី​១៣ អ្នក​ជិះ​«សេះ​សម្បុរ​ស»​ចេញ​ទៅ​ធ្វើ​សង្គ្រាម​នឹង​ប្រជាជាតិ​នានា។ អ្នក​ជិះ​សេះ​សម្បុរ​ស​បំផ្លាញ​អស់​រលីង​ពិភព​លោក​ដ៏​អាក្រក់​របស់​សាថាន។—បប. ១៩:១១​-​១៦

តើ​«ពស់​ដំបូង​បង្អស់ ដែល​ជា​មេ​កំណាច​និង​ជា​សាថាន»​នឹង​ក្លាយ​ទៅ​ជា​យ៉ាង​ណា? តើ​ពេល​ណា​ដែល​នឹង​ត្រូវ​«បោះ​ទៅ​ក្នុង​បឹង​ដែល​ឆេះ​ដោយ​ភ្លើង​និង​ស្ពាន់ធ័រ»? នេះ​ជា​ផ្ទៃ​រឿង​មួយ​នៃ​ការ​ឃើញ​ក្នុង​គំនិត​ទី​១៤។ (បប. ២០:២, ១០) ការ​ឃើញ​ក្នុង​គំនិត​ពីរ​ចុង​ក្រោយ​បង្អស់​បញ្ចាំង​ឲ្យ​ឃើញ​ត្រួសៗ​ពី​ជីវិត​ក្នុង​អំឡុង​រាជ្យ​១.០០០​ឆ្នាំ។ ពេល​«ការ​បើក​បង្ហាញ»​ឈាន​មក​ដល់​ទី​បញ្ចប់ យ៉ូហាន​ឃើញ‹ទន្លេ​ដែល​មាន​ទឹក​ដែល​ផ្ដល់​ជីវិត​កំពុង​ហូរ​កាត់​កណ្ដាល​ផ្លូវ​ធំ​នៃ​ក្រុង​នោះ› ហើយ​មាន​សេចក្ដី​អញ្ជើញ​ដ៏​អស្ចារ្យ​ជូន​ដល់​អស់​«អ្នក​ណា​ដែល​ស្រេក»។—បប. ១:១; ២២:១, ២, ១៧

ចម្លើយ​ចំពោះ​សំណួរ​អំពី​បទ​គម្ពីរ:

១៧:១៦; ១៨:៩, ១០—ហេតុ​អ្វី​បាន​ជា​«ស្តេច​ទាំង​ឡាយ​នៅ​ផែនដី»​យំ​គក់​ទ្រូង​ដោយ​កើត​ទុក្ខ​អំពី​ក្រុង​នោះ ដែល​ពួក​គេ​បាន​ដុត​បំផ្លាញ​ដោយ​ដៃ​ឯង​ដូច្នេះ? គឺ​ដោយ​ពួក​គេ​គិត​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន​បាន​ជា​យំ​គក់​ទ្រូង​កើត​ទុក្ខ​យ៉ាង​នេះ។ បន្ទាប់​ពី​ការ​បំផ្លាញ​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា ស្តេច​នានា​នៅ​ផែនដី​ច្បាស់​ជា​ចាប់​គិត​ថា​នាង​ធ្លាប់​មាន​ប្រយោជន៍​ប៉ុណ្ណា​សម្រាប់​ពួក​គេ។ នាង​គាប​សង្កត់​គេ​ដោយ​យក​សាសនា​ជា​លេស។ បាប៊ីឡូន​ដ៏​ខ្លាំងក្លា​ក៏​ជួយ​ពួក​គេ​ក្នុង​ការ​កេណ្ឌ​យុវវ័យ​ឲ្យ​ទៅ​សមរភូមិ​ប្រយុទ្ធ​ដែរ។ បន្ថែម​ទៀត នាង​បាន​ជួយ​យ៉ាង​ច្រើន​ក្នុង​ការ​ធ្វើ​ឲ្យ​បណ្ដា​ជន​ចុះ​ចូល។

១៩:១២—ហេតុ​ម្ដេច​បាន​ជា​លោក​យេស៊ូ​មាន​នាម​មួយ​ដែល​បាន​ត្រូវ​សរសេរ ដែល​គ្មាន​អ្នក​ណា​ស្គាល់​ក្រៅ​ពី​លោក? នាម​នេះ​តម្កើង​ឡើង​ដើម្បី​ឋានន្តរ​និង​តួនាទី​ពិសេស សម​ដូច​សេចក្ដី​ដែល​បាន​ចែង​នៅ​អេសាយ ៩:៦ ជា​អ្វី​ដែល​លោក​យេស៊ូ​ពេញ​ចិត្ត​ក្នុង​អំឡុង​ថ្ងៃ​នៃ​លោក​ម្ចាស់។ គ្មាន​នរណា​ម្នាក់​ស្គាល់​ឈ្មោះ​នោះ​ឡើយ មាន​តែ​ខ្លួន​លោក​ផ្ទាល់​ដែល​ស្គាល់ ពីព្រោះ​តួនាទី​នេះ​ល្អ​ឯក​គ្មាន​ពីរ ហើយ​មាន​តែ​លោក​ទេ​ដែល​អាច​យល់​ថា​ត្រូវ​ធ្វើ​ដូច​ម្ដេច​ដើម្បី​ឲ្យ​សម​នឹង​ឋានន្តរ​ដ៏​ខ្ពស់​បែប​នេះ។ យ៉ាង​ណា​ក៏​ដោយ លោក​យេស៊ូ​ផ្ដល់​ឯកសិទ្ធិ​ខ្លះ​ដល់​សមាជិក​នៃ​ក្រុម​ពួក​អ្នក​ដែល​ជា​ប្រពន្ធ​ថ្មោង​ថ្មី ទី​បំផុត‹នឹង​សរសេរ​ឈ្មោះ​ថ្មី​លើ​អ្នក​នោះ›។—បប. ៣:១២

១៩:១៤—អ្នក​ណា​នឹង​ជិះ​សេះ​មក​ជា​មួយ​លោក​យេស៊ូ​នៅ​សង្គ្រាម​ហា​ម៉ា​គេ​ដូន? ក្នុង​ចំណោម‹ទ័ព​ពី​ស្ថាន​សួគ៌›ដែល​មក​ចូល​រួម​ជា​មួយ​លោក​យេស៊ូ​ក្នុង​សង្គ្រាម​របស់​ព្រះ​នឹង​មាន​ពួក​ទេវតា និង​ពួក​អ្នក​រើស​តាំង​ដែល​បាន​ឈ្នះ​លោកិយ ដែល​បាន​ទទួល​រង្វាន់​នៅ​ឯ​ស្ថាន​សួគ៌​រួច​ហើយ។—ម៉ាថ. ២៥:៣១, ៣២; បប. ២:២៦, ២៧

២០:១១​-​១៥—តើ​អ្នក​ណាខ្លះ​ដែល​មាន​ឈ្មោះ​សរសេរ​ទុក​ក្នុង​«រមូរ​[ឬ​«សៀវភៅ»]​ជីវិត»? នេះ​ជា​រមូរ​ដែល​មាន​ឈ្មោះ​អស់​អ្នក​ដែល​រង់ចាំ​ទទួល​អំណោយ​ពី​ព្រះ ជា​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់ អ្នក​ដែល​ព្រះ​បាន​រើស​តាំង មនុស្ស​មួយ​ក្រុម​ធំ និង​អ្នក​បម្រើ​ដែល​មាន​ចិត្ត​ស្មោះ​ភក្ដី ដែល​នឹង​ឃើញ‹មនុស្ស​សុចរិត​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ›។ (សកម្ម. ២៤:១៥; បប. ២:១០; ៧:៩) អស់​អ្នក​ដែល​នឹង​ទទួល​ជីវិត​ពេល‹មនុស្ស​មិន​សុចរិត​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ›នឹង​មាន​ឈ្មោះ​នៅ​ក្នុង​«រមូរ​ជីវិត» ទាល់​តែ​ពួក​គេ​ប្រព្រឹត្ត​សម​ស្រប​ទៅ​នឹង​«អ្វី​ដែល​បាន​ត្រូវ​សរសេរ​ក្នុង​រមូរ​ទាំង​នោះ» គឺជា​ការ​ណែនាំ​ដែល​នឹង​ត្រូវ​បើក​ឡើង​ក្នុង​អំឡុង​រាជ្យ​១.០០០​ឆ្នាំ។ យ៉ាង​ណា​ក៏​ដោយ ឈ្មោះ​ទាំង​នោះ​មិន​បាន​សរសេរ​ដោយ​ទឹក​ខ្មៅ​ដែល​ដិត​ជាប់​រហូត​ទេ។ ឈ្មោះ​របស់​អ្នក​ដែល​ព្រះ​បាន​រើស​តាំង​នឹង​ស្ថិត​នៅ​ជា​អចិន្ត្រៃយ៍​បន្ទាប់​ពី​ពួក​គាត់​បាន​បង្ហាញ​ថា​ខ្លួន​ស្មោះ​ត្រង់​រហូត​ដល់​ស្លាប់។ (បប. ៣:​៥) ឈ្មោះ​របស់​អស់​អ្នក​ដែល​ទទួល​ជីវិត​នៅ​ផែនដី​នឹង​ស្ថិត​នៅ​ជា​អចិន្ត្រៃយ៍ គឺ​ចាប់​ពី​ពេល​ដែល​ពួក​គាត់​បាន​ឆ្លង​កាត់​សេចក្ដី​ល្បង​ល​ចុង​ក្រោយ​បង្អស់​នៅ​ទី​បញ្ចប់​នៃ​រាជ្យ​១.០០០​ឆ្នាំ។—បប. ២០:៧, ៨

មេរៀន​សម្រាប់​យើង:

១៧:៣, ៥, ៧, ១៦: «ប្រាជ្ញា​ពី​ស្ថាន​លើ»​ជួយ​យើង​ឲ្យ​យល់​«អាថ៌​កំបាំង​ទាក់​ទង​នឹង​ស្ត្រី​នោះ និង​សត្វ​សាហាវ​[សម្បុរ​ក្រហម​ឆ្អៅ] . . . ដែល​នាង​អង្គុយ​លើ»។ (យ៉ា. ៣:១៧) សត្វ​សាហាវ​នេះ​ដំបូង​តំណាង​អង្គការ​សម្ព័ន្ធ​ប្រជាជាតិ ហើយ​ដែល​ក្រោយ​មក​បាន​លេច​មក​ជា​ថ្មី​ម្ដង​ទៀត​មាន​ឈ្មោះ​ថា​អង្គការ​សហ​ប្រជាជាតិ។ ការ​យល់​ពី​អាថ៌​កំបាំង​នេះ​គួរ​ជំរុញ​យើង​ឲ្យ​មាន​ចិត្ត​ខ្នះខ្នែង​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​នៃ​រាជាណាចក្រ​របស់​ព្រះ ហើយ​ប្រកាស​ពី​ថ្ងៃ​ដែល​ព្រះ​យេហូវ៉ា​វិនិច្ឆ័យ​ទោស​ផង មែន​ទេ?

២១:១​-​៦: យើង​ប្រាកដ​ក្នុង​ចិត្ត​ណាស់​ថា​ពរ​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​រាជាណាចក្រ​របស់​ព្រះ ដែល​បាន​ទាយ​ទុក​នឹង​ក្លាយ​ទៅ​ជា​ការ​ពិត។ ហេតុ​អ្វី? ពីព្រោះ​ទាក់​ទង​នឹង​ពរ​ទាំង​នោះ ក្នុង​គម្ពីរ​មាន​ពាក្យ​ដែល​បាន​សរសេរ​ថា​៖ «ការ​ទាំង​នោះ​បាន​សម្រេច​ហើយ!»។

២២:១, ១៧: «ទន្លេ​ដែល​មាន​ទឹក​ដែល​ផ្ដល់​ជីវិត»​តំណាង​ដំណើរ​ការណ៍​របស់​ព្រះ​យេហូវ៉ា​ដើម្បី​រំដោះ​មនុស្ស​ជាតិ​ឲ្យ​រួច​ពី​អំពើ​ខុស​ឆ្គង​និង​សេចក្ដី​ស្លាប់។ ពេល​ឥឡូវ យើង​អាច​រក​ទឹក​នេះ​បាន។ ចូរ​យើង​មាន​ចិត្ត​ដឹង​គុណ​ទទួល​សេចក្ដី​អញ្ជើញ​ឲ្យ​មក​ហើយ​យក​«ទឹក​ដែល​ផ្ដល់​ជីវិត មក​យក​ដោយ​ឥត​គិត​ថ្លៃ»​ហើយ​ប្រញាប់​ប្រញាល់​អញ្ជើញ​អ្នក​ឯ​ទៀត​ដែរ!

[កំណត់​សម្គាល់]

^ វគ្គ 1 ស្តី​អំពី​ការ​ពិគ្រោះ​នៃ​សៀវភៅ​ការ​បើក​បង្ហាញ ១:១​–​១២:១៧ សូម​មើល​«គោល​សំខាន់ៗ​ពី​សៀវភៅ​វិវរណៈ ផ្នែក​ទី​១» នៅ​ក្នុង​ទស្សនាវដ្ដី​ប៉មយាម ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០០៩។

^ វគ្គ 2 សូម​អាន​សៀវភៅ​ការ​បើក​បង្ហាញ ការ​សម្រេច​ផ្ដាច់ព្រ័ត្រ​ជិត​មក​ដល់​ហើយ! ជា​ភាសា​អង់គ្លេស​ដែល​មាន​ពន្យល់​ខ​គម្ពីរ​នីមួយៗ។

[រូបភាព​នៅ​ទំព័រ​៣១]

ក្រោម​ការ​គ្រប់​គ្រង​នៃ​រាជាណាចក្រ​របស់​ព្រះ មនុស្ស​ស្ដាប់​បង្គាប់​នឹង​ទទួល​ពរ​ដ៏​អស្ចារ្យ​មែន!