លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អ្នកចាស់ទុំទាំងឡាយ តើអ្នកមានអារម្មណ៍យ៉ាងណាចំពោះការបង្ហាត់បង្រៀនបងប្អូនទៀត?

អ្នកចាស់ទុំទាំងឡាយ តើអ្នកមានអារម្មណ៍យ៉ាងណាចំពោះការបង្ហាត់បង្រៀនបងប្អូនទៀត?

«មានពេលសំរាប់គ្រប់ទាំងអស់»។—សាស្តា ៣:១

១, ២. នៅក្រុមជំនុំជាច្រើន តើអ្នកត្រួតពិនិត្យប្រចាំមណ្ឌលបានកត់សម្គាល់អ្វី?

អ្នកត្រួតពិនិត្យប្រចាំមណ្ឌលម្នាក់ហៀបនឹងបញ្ចប់កិច្ចប្រជុំជាមួយនឹងពួកអ្នកចាស់ទុំ។ កាលដែលគាត់មើលមុខបងប្អូនទាំងនោះ គាត់មានចិត្ដស្រឡាញ់យ៉ាងខ្លាំងចំពោះពួកគាត់ដែលមានចិត្ដខ្នះខ្នែង។ ពួកគាត់ខ្លះមានអាយុអាចធ្វើជាឪពុករបស់គាត់បាន។ ក៏ប៉ុន្ដែ មានរឿងដ៏សំខាន់មួយដែលធ្វើឲ្យគាត់ព្រួយបារម្ភ។ គាត់បានសួរពួកអ្នកចាស់ទុំថា«បងប្អូន តើបងប្អូនបានធ្វើអ្វីដើម្បីបង្ហាត់បង្រៀនបងប្អូនទៀតឲ្យទទួលភារកិច្ចថែមទៀតក្នុងក្រុមជំនុំ?»។ ពួកអ្នកចាស់ទុំបានដឹងថា ក្នុងអំឡុងទស្សនកិច្ចលើកមុនរបស់អ្នកត្រួតពិនិត្យប្រចាំមណ្ឌល គាត់បានលើកទឹកចិត្ដពួកគាត់ឲ្យចំណាយពេលថែមទៀតក្នុងការបង្ហាត់បង្រៀនបងប្អូនទៀត។ នៅទីបំផុត អ្នកចាស់ទុំម្នាក់បានសារភាពថា«យើងមិនសូវបានបង្ហាត់បង្រៀនបងប្អូនទៀតទេ»។ អ្នកចាស់ទុំទៀតក៏បានយល់ស្របដែរ។

បើអ្នកជាអ្នកចាស់ទុំ អ្នកក៏ប្រហែលជានឹងឆ្លើយដូចនោះដែរ។ អ្នកត្រួតពិនិត្យប្រចាំមណ្ឌលបានកត់សម្គាល់ថា អ្នកចាស់ទុំជាច្រើនត្រូវចំណាយពេលថែមទៀតក្នុងការបង្ហាត់បង្រៀនបងប្អូនដែលមានវ័យក្មេងនិងវ័យចាស់ដើម្បីជួយថែរក្សាក្រុមជំនុំ។ ក៏ប៉ុន្ដែ នេះប្រហែលជាការពិបាកណាស់។ ហេតុអ្វីដូច្នោះ?

. () តើតាមរបៀបណាគម្ពីរបង្ហាញថាការបង្ហាត់បង្រៀនបងប្អូនទៀតគឺសំខាន់ចាំបាច់ ហើយហេតុអ្វីយើងទាំងអស់គ្នាគួរចាប់អារម្មណ៍អំពីការបង្ហាត់បង្រៀននេះ? (សូមមើលកំណត់សម្គាល់) () ហេតុអ្វីប្រហែលជាពិបាកសម្រាប់អ្នកចាស់ទុំខ្លះក្នុងការបង្ហាត់បង្រៀនបងប្អូនទៀត?

ក្នុងនាមជាអ្នកចាស់ទុំ អ្នកដឹងថាការចំណាយពេលបង្ហាត់បង្រៀនបងប្អូនទៀតគឺសំខាន់ចាំបាច់។ * (សូមមើលកំណត់សម្គាល់) អ្នកដឹងថាក្រុមជំនុំត្រូវការបងប្អូនប្រុសថែមទៀតដើម្បីជួយក្រុមជំនុំឲ្យមានចំណងមិត្ដភាពរឹងមាំជាមួយនឹងព្រះនៅឥឡូវនេះ និងដើម្បីជួយក្រុមជំនុំថ្មីនៅអនាគត។ (សូមអាន អេសាយ ៦០:២២) អ្នកក៏ដឹងដែរថា បណ្ដាំរបស់ព្រះដាស់តឿនអ្នកឲ្យ‹បង្រៀនអ្នកទៀត›។ (សូមអាន ធីម៉ូថេទី២ ២:២) ក៏ប៉ុន្ដែ ប្រហែលជាអ្នកពិបាកចំណាយពេលធ្វើដូច្នោះ ពីព្រោះអ្នកត្រូវបំពេញសេចក្ដីត្រូវការរបស់ក្រុមគ្រួសារអ្នក ហើយក៏ត្រូវធ្វើការងាររបស់អ្នកដែរ។ ម្យ៉ាងទៀត អ្នកត្រូវបំពេញសេចក្ដីត្រូវការរបស់ក្រុមជំនុំ និងត្រូវធ្វើកិច្ចការផ្សេងទៀតជាបន្ទាន់។ ដោយសារមានកិច្ចការជាច្រើនដែលត្រូវធ្វើ ដូច្នេះសូមយើងពិចារណាថា ហេតុអ្វីជាការសំខាន់ដែលអ្នកត្រូវលៃពេលដើម្បីបង្ហាត់បង្រៀនបងប្អូនទៀត?

ការបង្ហាត់បង្រៀនជាកិច្ចការដែលត្រូវធ្វើជាបន្ទាន់

. ហេតុអ្វីជួនកាលអ្នកចាស់ទុំខ្លះបង្អែបង្អង់ក្នុងការបង្ហាត់បង្រៀនបងប្អូនប្រុសទៀត?

ហេតុអ្វីអ្នកចាស់ទុំខ្លះប្រហែលជាពិបាកលៃពេលដើម្បីបង្ហាត់បង្រៀនបងប្អូនប្រុសក្នុងក្រុមជំនុំ? ពួកគាត់ខ្លះប្រហែលជាគិតថា ‹មានកិច្ចការផ្សេងទៀតក្នុងក្រុមជំនុំដែលប្រញាប់ជាង ហើយត្រូវធ្វើភ្លាមៗ។ ទោះជាខ្ញុំមិនបង្ហាត់បង្រៀនបងប្អូនទៀតភ្លាមក្ដី ក៏នឹងមិនប៉ះពាល់ដល់ក្រុមជំនុំដែរ›។ តើនោះជាការពិតទេ? មានរឿងផ្សេងទៀតដែលប្រហែលជាតម្រូវឲ្យអ្នកដោះស្រាយភ្លាមៗ។ ប៉ុន្ដែ បើអ្នកបង្អែបង្អង់ក្នុងការបង្ហាត់បង្រៀនបងប្អូនប្រុសទៀត នោះអ្នកអាចធ្វើឲ្យក្រុមជំនុំមិនសូវជឿនទៅមុខខាងការគោរពប្រណិប័តន៍។

៥, ៦. តើយើងអាចទាញមេរៀនអ្វីពីឧទាហរណ៍អំពីអ្នកបើកឡាន ហើយតើតាមរបៀបណាគាត់អាចថែរក្សាឡានរបស់គាត់ឲ្យនៅល្អ? តើឧទាហរណ៍នេះជាប់ទាក់ទងនឹងការបង្ហាត់បង្រៀនបងប្អូនក្នុងក្រុមជំនុំយ៉ាងដូចម្ដេច?

សូមគិតអំពីឧទាហរណ៍មួយ។ ដើម្បីថែរក្សាឡានឲ្យនៅល្អ អ្នកបើកបរដឹងថាគាត់ត្រូវដូរប្រេងជាទៀងទាត់។ ក៏ប៉ុន្ដែ គាត់ប្រហែលជាគិតថាអ្វីដែលត្រូវធ្វើជាបន្ទាន់គឺចាក់សាំងសិន ពីព្រោះបើគ្មានសាំងទេ ឡានមិនអាចទៅមុខបានឡើយ។ គាត់ក៏ប្រហែលជាគិតដែរថា បើគាត់រវល់ពេក គាត់អាចប្ដូរប្រេងឡាននៅពេលក្រោយក៏បាន។ យ៉ាងណាមិញ ឡាននៅតែទៅមុខសម្រាប់មួយរយៈពេល។ ប៉ុន្ដែ នេះអាចនាំឲ្យមានគ្រោះថ្នាក់។ បើអ្នកបើកឡានមិនប្ដូរប្រេងពេលដែលត្រូវប្ដូរទេ មិនយូរមិនឆាប់ឡាននោះនឹងខូច។ នៅទីបំផុត គាត់នឹងត្រូវចំណាយពេលវេលានិងលុយច្រើនដើម្បីជួសជុលឡាននោះ។ តើយើងទាញមេរៀនអ្វីពីឧទាហរណ៍នេះ?

ពួកអ្នកចាស់ទុំត្រូវដោះស្រាយឲ្យបានឆាប់រហ័សនូវរឿងដែលសំខាន់ៗ។ បើពួកគាត់មិនធ្វើដូច្នោះទេ នោះនឹងប៉ះពាល់ដល់ការគោរពប្រណិប័តន៍របស់ក្រុមជំនុំ។ ដូចអ្នកបើកឡានដែលត្រូវចាក់សាំងជាទៀងទាត់ នោះអ្នកចាស់ទុំត្រូវ«ដឹងប្រាកដថាការអ្វីដែលសំខាន់ជាង»។ (ភីលីព ១:១០) ក៏ប៉ុន្ដែ អ្នកចាស់ទុំខ្លះប្រហែលជាជាប់រវល់ក្នុងរឿងសំខាន់រហូតដល់ពួកគាត់គ្មានពេលបង្ហាត់បង្រៀនបងប្អូនទៀតទេ។ នេះប្រៀបដូចជាអ្នកបើកឡានដែលមិនបានប្ដូរប្រេង។ បើអ្នកចាស់ទុំបង្អែបង្អង់ក្នុងការបង្ហាត់បង្រៀនបងប្អូនប្រុស មិនយូរមិនឆាប់ក្រុមជំនុំនឹងខ្វះបងប្អូនប្រុសដែលមានគុណសម្បត្ដិគ្រប់គ្រាន់ដើម្បីធ្វើអ្វីទាំងអស់ដែលចាំបាច់សម្រាប់ក្រុមជំនុំ។

. តើយើងគួរមានទស្សនៈយ៉ាងណាចំពោះអ្នកចាស់ទុំដែលលៃពេលដើម្បីបង្ហាត់បង្រៀនបងប្អូនទៀត?

ដូច្នេះ សូមកុំគិតឲ្យសោះថាការបង្ហាត់បង្រៀននោះមិនមែនជារឿងដែលត្រូវធ្វើជាបន្ទាន់នោះឡើយ។ ពួកអ្នកចាស់ទុំដែលគិតអំពីអនាគតរបស់ក្រុមជំនុំ ហើយដែលលៃពេលដើម្បីបង្ហាត់បង្រៀនបងប្អូនទៀត គឺជាអ្នកបម្រើដែលឈ្លាសវៃ ហើយមានតម្លៃចំពោះបងប្អូនក្នុងក្រុមជំនុំ។ (សូមអាន ពេត្រុសទី១ ៤:១០) តើក្រុមជំនុំទទួលប្រយោជន៍យ៉ាងដូចម្ដេច?

ចូរចេះលៃពេលវេលា

. () តើមានមូលហេតុអ្វីខ្លះដែលអ្នកចាស់ទុំត្រូវបង្ហាត់បង្រៀនបងប្អូនទៀត? () អ្នកចាស់ទុំដែលបម្រើនៅកន្លែងដែលត្រូវការអ្នកផ្សាយច្រើនជាង តើពួកគាត់មានភារកិច្ចអ្វីដែលត្រូវធ្វើជាបន្ទាន់? (សូមមើលប្រអប់« ភារកិច្ចដែលត្រូវធ្វើជាបន្ទាន់»)

ទោះជាពួកអ្នកចាស់ទុំមានបទពិសោធន៍ច្រើនយ៉ាងណាក្ដី ពួកគាត់ក៏ត្រូវមានចិត្ដរាបទាប ហើយទទួលស្គាល់ថាពេលដែលពួកគាត់កាន់តែចាស់ ពួកគាត់នឹងមិនអាចធ្វើច្រើនដូចដែលពួកគាត់ធ្វើនៅឥឡូវនេះទេ។ (មីកា ៦:៨) ម្យ៉ាងទៀត អ្នកចាស់ទុំគួរដឹងថា«ពេលវេលានឹងឱកាស»ដែលមិនបានរំពឹងទុកអាចកើតឡើងភ្លាមដែលធ្វើឲ្យពួកគាត់ពិបាកបំពេញភារកិច្ចរបស់ខ្លួន។ (សាស្តា ៩:១១, ១២; យ៉ាកុប ៤:១៣, ១៤) ដូច្នេះ ដោយសារពួកអ្នកចាស់ទុំស្រឡាញ់រាស្ដ្ររបស់ព្រះយេហូវ៉ា ហើយយកចិត្ដទុកដាក់ចំពោះពួកគេ នោះពួកគាត់ខំព្យាយាមបង្រៀនបងប្អូនវ័យក្មេងនូវអ្វីដែលពួកគាត់បានរៀនអស់ជាច្រើនឆ្នាំមកហើយ។—សូមអាន ទំនុកតម្កើង ៧១:១៧, ១៨

. តើមានព្រឹត្ដិការណ៍អ្វីនៅអនាគតដែលធ្វើឲ្យការបង្ហាត់បង្រៀនកាន់តែសំខាន់?

ពួកអ្នកចាស់ទុំដែលបង្ហាត់បង្រៀនបងប្អូនទៀតក៏មានតម្លៃដែរ ពីព្រោះការព្យាយាមរបស់ពួកគាត់នឹងជួយពង្រឹងជំនឿរបស់ក្រុមជំនុំ។ ការបង្ហាត់បង្រៀននោះនឹងជួយបងប្អូនប្រុសកាន់តែច្រើនឲ្យត្រៀមខ្លួនដើម្បីជួយក្រុមជំនុំឲ្យនៅតែមានសាមគ្គីភាព ហើយនៅស្មោះត្រង់ចំពោះព្រះ។ កិច្ចការនេះគឺសំខាន់នៅឥឡូវនេះ ហើយនឹងកាន់តែសំខាន់ក្នុងអំឡុងគ្រាទុក្ខវេទនាជាខ្លាំងដែលជិតមកដល់។ (អេសេគាល ៣៨:១០-១២; មីកា ៥:៤, ៥) ដូច្នេះ អ្នកចាស់ទុំជាទីស្រឡាញ់អើយ សូមលៃទុកពេលជាទៀងទាត់ដើម្បីបង្ហាត់បង្រៀនបងប្អូនទៀត។ សូមចាប់ផ្ដើមពីថ្ងៃនេះ។

១០. ដើម្បីមានពេលបង្ហាត់បង្រៀនបងប្អូនទៀត តើអ្នកចាស់ទុំប្រហែលជាត្រូវធ្វើអ្វី?

១០ យើងដឹងថាអ្នករវល់ខ្លាំងណាស់ ដោយសារអ្នកត្រូវដោះស្រាយរឿងសំខាន់ជាច្រើនក្នុងក្រុមជំនុំ។ ហេតុនេះ អ្នកប្រហែលជាត្រូវលៃពេលខ្លះពីការបំពេញភារកិច្ចទាំងនោះ ដើម្បីបង្ហាត់បង្រៀនបងប្អូនទៀត។ (សាស្តា ៣:១) ការធ្វើដូច្នោះនឹងជួយអ្នកឲ្យចេះលៃពេលវេលារបស់អ្នក ហើយនេះក៏នឹងជួយក្រុមជំនុំឲ្យទទួលប្រយោជន៍នៅពេលអនាគតដែរ។

ចូរបង្កើតឲ្យមានបរិយាកាសល្អ

១១. () ស្ដីអំពីយោបល់របស់អ្នកចាស់ទុំពីប្រទេសផ្សេងក្នុងការបង្ហាត់បង្រៀនបងប្អូនប្រុស តើមានចំណុចអ្វីដែលគួរឲ្យចាប់អារម្មណ៍? () យោងទៅតាមសុភាសិត ១៥:២២ ហេតុអ្វីជាការសំខាន់ដែលយើងពិចារណាយោបល់របស់អ្នកចាស់ទុំទៀត?

១១ នៅពេលថ្មីនេះ យើងបានសួរអ្នកចាស់ទុំខ្លះអំពីរបៀបដែលពួកគាត់មានជោគជ័យក្នុងការបង្ហាត់បង្រៀនបងប្អូនប្រុសឲ្យធ្វើកិច្ចការថែមទៀតក្នុងក្រុមជំនុំ។ * (សូមមើលកំណត់សម្គាល់) អ្នកចាស់ទុំទាំងអស់នោះបានជូនយោបល់ស្រដៀងគ្នា ទោះជាពួកគាត់មានស្ថានភាពខុសគ្នាឆ្ងាយក៏ដោយ។ តើនេះជាភ័ស្ដុតាងបញ្ជាក់អ្វី? នេះបញ្ជាក់ថាការបង្ហាត់បង្រៀនដែលមានមូលដ្ឋានលើគម្ពីរគឺមានប្រយោជន៍ចំពោះអ្នករៀន«ក្នុងក្រុមជំនុំទាំងឡាយនៅគ្រប់ទីកន្លែង»។ (កូរិនថូសទី១ ៤:១៧) ដូច្នេះ នៅក្នុងអត្ថបទនេះនិងអត្ថបទបន្ទាប់ យើងនឹងពិចារណាយោបល់ខ្លះរបស់អ្នកចាស់ទុំទាំងនោះ។ (សុភាសិត ១៥:២២) យើងហៅអ្នកដែលផ្ដល់ការបង្ហាត់បង្រៀនថា អ្នកបង្រៀន ហើយហៅអ្នកដែលទទួលការបង្ហាត់បង្រៀនថា អ្នករៀន។

១២. តើអ្នកបង្រៀនត្រូវបង្កើតឲ្យមានអ្វី ហើយហេតុអ្វី?

១២ មុនដំបូង អ្នកបង្រៀនត្រូវបង្កើតឲ្យមានបរិយាកាសល្អសិន។ ហេតុអ្វីនេះសំខាន់? ដូចអ្នកថែសួនដំណាំត្រូវជ្រួយដីសិន មុននឹងដាំគ្រាប់ពូជ នោះអ្នកបង្រៀនត្រូវជួយអ្នករៀនឲ្យត្រៀមចិត្ដសិន មុននឹងគាត់អាចបង្រៀននូវជំនាញថ្មី។ ដូច្នេះ តើតាមរបៀបណាអ្នកបង្រៀនអាចបង្កើតឲ្យមានបរិយាកាសល្អសម្រាប់ការបង្ហាត់បង្រៀន? គាត់អាចធ្វើតាមគំរូរបស់អ្នកបង្រៀនដ៏ប៉ិនប្រសប់ម្នាក់នៅអតីតកាល គឺអ្នកប្រកាសទំនាយសាំយូអែល។

១៣-១៥. () តើព្រះយេហូវ៉ាបានប្រាប់សាំយូអែលឲ្យធ្វើអ្វី? () តើតាមរបៀបណាសាំយូអែលបានជួយសូលឲ្យត្រៀមខ្លួនសម្រាប់ភារកិច្ចថ្មី? (សូមមើលរូបភាពនៅដើមអត្ថបទ) () ហេតុអ្វីកំណត់ហេតុគម្ពីរអំពីសាំយូអែលមានមេរៀនសំខាន់ចំពោះអ្នកចាស់ទុំនៅសព្វថ្ងៃនេះ?

១៣ កាលពីជាង៣.០០០ឆ្នាំមុន មានថ្ងៃមួយព្រះយេហូវ៉ាបានប្រាប់អ្នកប្រកាសទំនាយវ័យចាស់ម្នាក់ឈ្មោះសាំយូអែលថា«ដល់ថ្ងៃស្អែកពេលថ្មើរណេះ អញនឹងចាត់មនុស្សម្នាក់ពីស្រុកបេនយ៉ាមីនមកឯង ត្រូវឲ្យឯងចាក់ប្រេងតាំងអ្នកនោះឲ្យគ្រប់គ្រងលើពួកអ៊ីស្រាអែល»។ (សាំយូអែលទី១ ៩:១៥, ១៦) សាំយូអែលយល់ថា គាត់នឹងលែងធ្វើជាអ្នកដឹកនាំប្រជាជាតិអ៊ីស្រាអែលទៀត ហើយយល់ថាព្រះយេហូវ៉ាចង់ឲ្យគាត់ចាក់ប្រេងតែងតាំងអ្នកដឹកនាំថ្មី។ ដូច្នេះ ដើម្បីជួយបុរសនោះឲ្យត្រៀមខ្លួនសម្រាប់ភារកិច្ចថ្មី នោះសាំយូអែលមានគំនិតមួយ ហើយគាត់ក៏បានបង្កើតគម្រោងមួយដែរ។

១៤ នៅថ្ងៃបន្ទាប់ អ្នកប្រកាសទំនាយសាំយូអែលបានជួបសូល ហើយព្រះយេហូវ៉ាបានប្រាប់គាត់ថា គឺ«មនុស្ស»នេះហើយ។ ភ្លាមនោះ សាំយូអែលបានធ្វើអ្វីដូចដែលគាត់បានគ្រោងទុក។ គាត់បានបង្កើតឲ្យមានឱកាសល្អដើម្បីគាត់អាចនិយាយជាមួយនឹងសូល។ សាំយូអែលបានអញ្ជើញសូលនិងអ្នកបម្រើគាត់មកពិសាអាហារ ហើយឲ្យពួកគាត់អង្គុយនៅកន្លែងល្អបំផុត ព្រមទាំងយកសាច់ត្រង់កន្លែងដែលឆ្ងាញ់ជាងគេមកជូនពួកគាត់ រួចសាំយូអែលនិយាយថា«អញ្ជើញពិសាចុះ ដ្បិតបានបំរុងទុកដល់ពេលកំណត់សំរាប់អ្នក»។ បន្ទាប់ពីពិសាអាហាររួច សាំយូអែលអញ្ជើញសូលទៅផ្ទះរបស់គាត់។ នៅតាមផ្លូវ ពួកគាត់ទាំងពីរនាក់បាននិយាយគ្នាយ៉ាងសប្បាយរីករាយ។ ពេលពួកគាត់មកដល់ផ្ទះសាំយូអែល ពួកគាត់បានឡើងទៅខាងលើដំបូលផ្ទះ រួចមកសាំយូអែលនិងសូល«ក៏និយាយគ្នានៅលើដំបូលផ្ទះ»រហូតដល់ពួកគាត់ចូលសម្រាន្ដ។ នៅថ្ងៃបន្ទាប់មកទៀត សាំយូអែលបានចាក់ប្រេងតែងតាំងសូល ហើយថើបគាត់ ព្រមទាំងប្រាប់ការណែនាំថែមទៀតដល់គាត់។ ក្រោយពីសូលចាកចេញទៅ គាត់បានត្រៀមខ្លួនសម្រាប់អ្វីដែលនឹងកើតឡើងក្រោយមក។—សាំយូអែលទី១ ៩:១៧-២៧; ១០:១

១៥ ការដែលសាំយូអែលបានចាក់ប្រេងតែងតាំងសូលឲ្យធ្វើជាអ្នកដឹកនាំប្រជាជាតិអ៊ីស្រាអែល គឺពិតជាខុសគ្នាឆ្ងាយណាស់ពីការបង្ហាត់បង្រៀនបងប្អូនប្រុសឲ្យក្លាយទៅជាអ្នកចាស់ទុំ ឬជំនួយការខាងកិច្ចបម្រើក្នុងក្រុមជំនុំ។ ក៏ប៉ុន្ដែ អ្នកចាស់ទុំអាចរៀនមេរៀនសំខាន់ជាច្រើនពីរបៀបដែលសាំយូអែលបានជួយសូលឲ្យត្រៀមចិត្ដ។ សូមឲ្យយើងពិចារណាមេរៀនពីរ។

ចូរធ្វើជាអ្នកបង្រៀនដោយស្ម័គ្រពីចិត្ដ ហើយធ្វើជាមិត្ដល្អ

១៦. () តើសាំយូអែលមានអារម្មណ៍យ៉ាងណា ពេលដែលបណ្ដាជនអ៊ីស្រាអែលទាមទារឲ្យមានស្ដេច? () តើសាំយូអែលមានប្រតិកម្មយ៉ាងណា ពេលព្រះយេហូវ៉ាប្រាប់គាត់ឲ្យចាក់ប្រេងតែងតាំងសូល?

១៦ ចូរធ្វើដោយស្ម័គ្រពីចិត្ដ កុំស្ទាក់ស្ទើរឡើយ។ ពេលដែលសាំយូអែលបានជាលើកដំបូងថាបណ្ដាជនអ៊ីស្រាអែលចង់បានមនុស្សម្នាក់មកធ្វើជាស្ដេចរបស់ពួកគេ នោះគាត់បានខកចិត្ដ ហើយមានអារម្មណ៍ថាពួកគេលែងស្រឡាញ់គាត់ទៀត។ (សាំយូអែលទី១ ៨:៤-) អស់បីដងដែលព្រះយេហូវ៉ាបានប្រាប់សាំយូអែលឲ្យស្តាប់បណ្ដាជន ពីព្រោះគាត់មិនចង់ឲ្យពួកគេមានស្ដេចឡើយ។ (សាំយូអែលទី១ ៨:៧, ៩, ២២) ទោះជាសាំយូអែលមានអារម្មណ៍ដូច្នេះក៏ដោយ គាត់មិនបានច្រណែន ឬខឹងបុរសដែលនឹងធ្វើជាអ្នកដឹកនាំជំនួសគាត់ទេ។ ពេលព្រះយេហូវ៉ាប្រាប់គាត់ឲ្យចាក់ប្រេងតែងតាំងសូល សាំយូអែលមិនបានស្ទាក់ស្ទើរឡើយ។ គាត់បានធ្វើតាមដោយស្ម័គ្រពីចិត្ដ មិនគ្រាន់តែដោយសារគាត់ត្រូវតែធ្វើនោះទេ តែដោយសារគាត់ស្រឡាញ់ព្រះយេហូវ៉ា។

អ្នកបង្រៀនទាំងឡាយ សូមចំណាយពេលជាមួយនឹងអ្នករៀន ទោះជាអ្នករវល់យ៉ាងខ្លាំងក្ដី

១៧. តើតាមរបៀបណាពួកអ្នកចាស់ទុំនៅសព្វថ្ងៃនេះយកតម្រាប់សាំយូអែល ហើយហេតុអ្វីនោះធ្វើឲ្យពួកគាត់សប្បាយរីករាយ?

១៧ នៅសព្វថ្ងៃនេះ មានអ្នកចាស់ទុំជាច្រើននាក់ដែលមានបទពិសោធន៍បានយកតម្រាប់សាំយូអែល ហើយបានបង្ហាត់បង្រៀនបងប្អូនទៀតដោយសេចក្ដីស្រឡាញ់។ (ពេត្រុសទី១ ៥:២) អ្នកចាស់ទុំដែលមានចិត្ដសប្បុរសទាំងនេះស្ម័គ្រចិត្ដបង្រៀនបងប្អូនទៀត ហើយពួកគាត់មិនខ្លាចនឹងចែករំលែកឯកសិទ្ធិខ្លះក្នុងក្រុមជំនុំដល់អ្នករៀនឡើយ។ ផ្ទុយទៅវិញ ពួកគាត់មានអារម្មណ៍ថាបងប្អូនប្រុសទាំងនេះ«ជាអ្នករួមការងារ»ដ៏ថ្លៃវិសេស ដែលនឹងជួយពួកគាត់ក្នុងការបំពេញសេចក្ដីត្រូវការរបស់ក្រុមជំនុំ។ (កូរិនថូសទី២ ១:២៤; ហេប្រឺ ១៣:១៦) ម្យ៉ាងទៀត អ្នកចាស់ទុំដែលមិនគិតប្រយោជន៍ខ្លួនទាំងនេះសប្បាយរីករាយ ដោយឃើញអ្នករៀនប្រើសមត្ថភាពរបស់ពួកគេដើម្បីជួយរាស្ដ្ររបស់ព្រះយេហូវ៉ា។—សកម្មភាព ២០:៣៥

១៨, ១៩. តើតាមរបៀបណាអ្នកចាស់ទុំអាចជួយអ្នករៀនឲ្យត្រៀមចិត្ដសម្រាប់ការបង្ហាត់បង្រៀន ហើយហេតុអ្វីការធ្វើដូច្នោះគឺសំខាន់?

១៨ ចូរធ្វើជាមិត្ដ មិនគ្រាន់តែជាអ្នកបង្រៀនប៉ុណ្ណោះទេ។ ពេលដែលអ្នកប្រកាសទំនាយសាំយូអែលបានជួបសូល គាត់អាចតែងតាំងសូលឲ្យធ្វើជាស្ដេចភ្លាមៗ ដោយយកប្រេងចាក់លើក្បាលរបស់គាត់។ ពេលនោះស្ដេចថ្មីនឹងត្រូវតែងតាំង ប៉ុន្ដែសូលច្បាស់ជាមិនទាន់បានត្រៀមខ្លួនដើម្បីដឹកនាំរាស្ដ្ររបស់ព្រះទេ។ ផ្ទុយទៅវិញ សាំយូអែលបានចំណាយពេលជួយសូលឲ្យត្រៀមចិត្ដសម្រាប់ភារកិច្ចថ្មីរបស់គាត់។ មុននឹងសាំយូអែលតែងតាំងសូល ពួកគាត់បានពិសាអាហារជាមួយគ្នា ដើរតាមផ្លូវជាមួយគ្នាយ៉ាងសប្បាយរីករាយ ហើយបាននិយាយគ្នាយ៉ាងយូរ ព្រមទាំងបានសម្រាន្ដយ៉ាងស្រួលផងដែរ។ សាំយូអែលបានរង់ចាំពេលត្រឹមត្រូវដើម្បីតែងតាំងស្ដេចថ្មី។

ការបង្ហាត់បង្រៀនបងប្អូន ឯទៀត ចាប់ផ្ដើមដោយការ ធ្វើជាមិត្ដជាមួយនឹងគាត់ (សូមមើលវគ្គ១៨, ១៩)

១៩ សព្វថ្ងៃនេះក៏ដូចគ្នាដែរ។ មុននឹងអ្នកចាស់ទុំចាប់ផ្ដើមបង្ហាត់បង្រៀនបងប្អូនប្រុសណាម្នាក់ គាត់គួរខំព្យាយាមធ្វើជាមិត្ដជាមួយនឹងអ្នករៀនសិន។ អ្វីដែលអ្នកចាស់ទុំធ្វើដើម្បីជួយអ្នករៀនឲ្យមានអារម្មណ៍ស្រួលគឺខុសគ្នាពីប្រទេសមួយទៅប្រទេសមួយ អាស្រ័យទៅលើស្ថានភាពនិងវប្បធម៌របស់ពួកគាត់។ ប៉ុន្ដែ ទោះជាអ្នករស់នៅប្រទេសណាក៏ដោយ បើអ្នកលៃទុកពេលមួយសម្រាប់អ្នករៀន ទោះជាអ្នករវល់យ៉ាងខ្លាំងក្ដី នោះអ្នករៀននឹងដឹងថាគាត់សំខាន់ចំពោះអ្នក។ (សូមអាន រ៉ូម ១២:១០) អ្នករៀនពិតជាដឹងគុណអ្នកយ៉ាងខ្លាំង ដោយសារអ្នកបង្ហាញសេចក្ដីស្រឡាញ់ និងយកចិត្ដទុកដាក់ចំពោះពួកគាត់។

២០, ២១. () ដូចម្ដេចដែលហៅថាអ្នកបង្រៀនដែលមានជោគជ័យ? () តើយើងនឹងពិចារណាអ្វីនៅអត្ថបទបន្ទាប់?

២០ ពិតមែនតែអ្នកបង្រៀនដែលមានជោគជ័យសប្បាយចិត្ដនឹងបង្ហាត់បង្រៀនបងប្អូនទៀត ប៉ុន្ដែគាត់ក៏ត្រូវស្រឡាញ់បុគ្គលដែលគាត់បង្ហាត់បង្រៀនដែរ។ (សូមពិនិត្យបន្ថែម យ៉ូហាន ៥:២០) ហេតុអ្វីនេះសំខាន់? ពីព្រោះបើអ្នករៀនមានអារម្មណ៍ថាអ្នកពិតជាយកចិត្ដទុកដាក់ចំពោះគាត់ នោះគាត់នឹងសុខចិត្ដរៀនពីអ្នក។ ដូច្នេះ អ្នកចាស់ទុំទាំងឡាយអើយ សូមខំព្យាយាមអស់ពីសមត្ថភាពមិនគ្រាន់តែក្នុងការបង្ហាត់បង្រៀនប៉ុណ្ណោះទេ តែសូមធ្វើជាមិត្ដល្អរបស់គាត់។—សុភាសិត ១៧:១៧; យ៉ូហាន ១៥:១៥

២១ ក្រោយពីបានជួយអ្នករៀនឲ្យត្រៀមចិត្ដហើយ អ្នកចាស់ទុំអាចចាប់ផ្ដើមបង្ហាត់បង្រៀនគាត់។ តើអ្នកចាស់ទុំអាចប្រើវិធីអ្វីខ្លះ? យើងនឹងពិចារណាវិធីទាំងនោះនៅអត្ថបទបន្ទាប់។

^ វគ្គ 3 អត្ថបទនេះនិងអត្ថបទបន្ទាប់បានត្រូវសរសេរជាពិសេសសម្រាប់អ្នកចាស់ទុំ។ ប៉ុន្ដែ យើងទាំងអស់គ្នាគួរចាប់អារម្មណ៍អំពីព័ត៌មាននេះ។ ហេតុអ្វី? ពីព្រោះនេះនឹងជួយបងប្អូនប្រុសទាំងអស់ឲ្យដឹងថា ពួកគាត់ត្រូវការការបង្ហាត់បង្រៀនដើម្បីធ្វើកិច្ចការថែមទៀតក្នុងក្រុមជំនុំ។ ពេលមានបងប្អូនប្រុសកាន់តែច្រើនដែលបានទទួលការបង្ហាត់បង្រៀនដើម្បីជួយក្រុមជំនុំ នោះបងប្អូនគ្រប់រូបនឹងទទួលប្រយោជន៍។

^ វគ្គ 11 អ្នកចាស់ទុំទាំងនេះរស់នៅប្រទេសអូស្ត្រាលី បង់ក្លាដេស បែលហ្សិក ប្រេស៊ីល បារាំង គ្វីយ៉ាណារបស់បារាំង ជប៉ុន កូរ៉េ ម៉ិចស៊ិក ណាមីប៊ី នីហ្សេរីយ៉ា រីយូនៀន រុស្ស៊ី អាហ្វ្រិកខាងត្បូង និងសហរដ្ឋអាម៉េរិក។