លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ពួកគេបានលះបង់ប្រយោជន៍ខ្លួនដោយស្ម័គ្រចិត្ដ នៅប្រជុំកោះមីក្រូនេស៊ី

ពួកគេបានលះបង់ប្រយោជន៍ខ្លួនដោយស្ម័គ្រចិត្ដ នៅប្រជុំកោះមីក្រូនេស៊ី

បងស្រីកេតរ៉ឹនបានធំឡើងនៅសហរដ្ឋអាម៉េរិក ហើយពេលគាត់មានអាយុ១៦ឆ្នាំ គាត់បានទទួលការជ្រមុជទឹកជាសាក្សីព្រះយេហូវ៉ា។ គាត់ខំប្រឹងយ៉ាងខ្លាំងក្នុងកិច្ចបម្រើផ្សាយ ប៉ុន្ដែមិនសូវមានមនុស្សចាប់អារម្មណ៍ដំណឹងអំពីរាជាណាចក្រនៅតំបន់ដែលគាត់បានផ្សព្វផ្សាយទេ។ គាត់និយាយថា៖ «ខ្ញុំអានបទពិសោធន៍ផ្សេងៗអំពីមនុស្សដែលបានអធិដ្ឋានសុំព្រះចាត់មនុស្សម្នាក់ឲ្យមកជួយពួកគេស្គាល់លោក។ ជារឿយៗខ្ញុំមានបំណងចង់រកឃើញមនុស្សដូចនោះ ប៉ុន្ដែរកមិនបានសោះ»។

ក្រោយពីបានផ្សព្វផ្សាយអស់ជាច្រើនឆ្នាំនៅតំបន់ដដែល បងកេតរ៉ឹនបានចាប់ផ្ដើមគិតអំពីការរើទៅតំបន់ដែលមនុស្សនឹងចាប់អារម្មណ៍ច្រើនជាងនូវដំណឹងអំពីរាជាណាចក្រ។ ប៉ុន្ដែ គាត់បានឆ្ងល់ថានោះនឹងពិបាកពេកសម្រាប់គាត់យ៉ាងណា។ តែម្ដងគត់ក្នុងជីវិតរបស់គាត់ដែលគាត់បាននៅឆ្ងាយពីក្រុមគ្រួសារ គឺគ្រាន់តែពីរសប្ដាហ៍ប៉ុណ្ណោះ ហើយគាត់បាននឹកផ្ទះរាល់ថ្ងៃ។ ប៉ុន្ដែ សេចក្ដីប៉ងប្រាថ្នាដ៏ស្មោះអស់ពីចិត្ដរបស់គាត់ដើម្បីទទួលអំណរដែលមកពីការជួយមនុស្សដែលស្វែងរកព្រះយេហូវ៉ា បានឈ្នះការនឹកផ្ទះ។ ក្រោយពីបានពិចារណាតំបន់ខ្លះដែលគាត់អាចរើទៅបាន គាត់បានសរសេរទៅការិយាល័យសាខានៅកោះហ្គាម ហើយបានទទួលព័ត៌មានដែលគាត់ត្រូវការ។ នៅក្នុងខែកក្កដា ឆ្នាំ២០០៧ កាលដែលបងកេតរ៉ឹនមានអាយុ២៦ឆ្នាំ គាត់បានរើទៅកោះសៃប៉ាន ដែលជាកោះនៅមហាសមុទ្រប៉ាស៊ីហ្វិក ចម្ងាយ១០.០០០គីឡូម៉ែត្រពីផ្ទះរបស់គាត់។ តើគាត់មានបទពិសោធន៍បែបណា?

ការឆ្លើយតបចំពោះការអធិដ្ឋានពីរ

មិនយូរក្រោយពីបងកេតរ៉ឹនមកដល់ក្រុមជំនុំថ្មី គាត់បានជួបបងដូរីស ដែលជាស្ដ្រីមានអាយុប្រហែលជា៤៥ឆ្នាំដែលបានយល់ព្រមសិក្សាគម្ពីរ។ ក្រោយពីពួកគាត់បានរៀនបីជំពូកដំបូងនៃសៀវភៅព្រះគម្ពីរបង្រៀន បងកេតរ៉ឹនបានចាប់ផ្ដើមបារម្ភ។ គាត់បាននិយាយថា៖ «បងដូរីសជាសិស្សដ៏ល្អម្នាក់ ខ្ញុំមិនចង់ឲ្យការសិក្សានោះមិនបានជោគជ័យទេ។ ខ្ញុំមិនដែលបានដឹកនាំការសិក្សាគម្ពីរជាទៀងទាត់ទេ ហើយខ្ញុំមានអារម្មណ៍ថាបងដូរីសត្រូវការបងស្រីដែលមានបទពិសោធន៍ច្រើនជាងខ្ញុំដើម្បីសិក្សាគម្ពីរជាមួយគាត់ ប្រហែលជាបងស្រីណាម្នាក់ដែលមានអាយុស្រករគាត់»។ បងកេតរ៉ឹនបានអធិដ្ឋានសុំព្រះយេហូវ៉ាជួយគាត់រកបងស្រីម្នាក់ដែលគាត់អាចប្រគល់សិស្សគម្ពីរឲ្យ។ បន្ទាប់មក គាត់បានសម្រេចចិត្ដប្រាប់បងដូរីសអំពីការផ្លាស់ប្ដូរអ្នកដឹកនាំការសិក្សា។

បងកេតរ៉ឹនបាននិយាយថា៖ «មុនខ្ញុំអាចនិយាយអំពីរឿងនោះ បងដូរីសបានប្រាប់ខ្ញុំថាគាត់ចង់និយាយជាមួយខ្ញុំអំពីបញ្ហាមួយ។ ក្រោយពីស្ដាប់គាត់ ខ្ញុំបានប្រាប់គាត់អំពីរបៀបដែលព្រះយេហូវ៉ាបានជួយខ្ញុំឲ្យប្រឈមមុខនឹងបញ្ហាស្រដៀងគ្នានេះក្នុងជីវិត។ គាត់បានអរគុណខ្ញុំ»។ ក្រោយមក បងដូរីសបានប្រាប់បងកេតរ៉ឹនថា៖ «ព្រះយេហូវ៉ាប្រើប្អូនឲ្យមកជួយខ្ញុំ។ នៅថ្ងៃដំបូងដែលប្អូនបានមកផ្ទះរបស់ខ្ញុំ ខ្ញុំបានអានគម្ពីរអស់ជាច្រើនម៉ោង។ ខ្ញុំបានយំ ហើយសុំព្រះចាត់មនុស្សម្នាក់មកជួយខ្ញុំឲ្យយល់គម្ពីរ។ នៅពេលនោះ ប្អូនបានគោះទ្វារផ្ទះរបស់ខ្ញុំ។ ព្រះយេហូវ៉ាបានតបឆ្លើយការអធិដ្ឋានរបស់ខ្ញុំ!»។ បងកេតរ៉ឹនបានរលីងរលោងទឹកភ្នែកកាលដែលគាត់នឹកឃើញរឿងដែលគួរឲ្យរំជួលចិត្ដនោះ។ គាត់និយាយថា៖ «ពាក្យរបស់បងដូរីសជាចម្លើយនៃការអធិដ្ឋានរបស់ខ្ញុំ។ ព្រះយេហូវ៉ាបានបង្ហាញខ្ញុំថាខ្ញុំអាចបន្ដការសិក្សានេះបាន»។

បងដូរីសបានទទួលការជ្រមុជទឹកនៅឆ្នាំ២០១០ ហើយសព្វថ្ងៃនេះគាត់មានសិស្សគម្ពីរផ្ទាល់ខ្លួនមួយចំនួន។ បងកេតរ៉ឹនកត់សម្គាល់ថា៖ «ដោយសារបំណងប្រាថ្នាជាយូរមកហើយរបស់ខ្ញុំដើម្បីជួយមនុស្សស្មោះត្រង់ឲ្យក្លាយជាអ្នកបម្រើព្រះយេហូវ៉ាបានសម្រេច នោះខ្ញុំពិតជាដឹងគុណមែន!»។ សព្វថ្ងៃនេះ ដោយចិត្ដសប្បាយរីករាយបងកេតរ៉ឹនបម្រើជាអ្នកត្រួសត្រាយពិសេសនៅកោះមួយក្នុងមហាសមុទ្រប៉ាស៊ីហ្វិកឈ្មោះកូស្រែ។

ការពិបាកបីយ៉ាងនិងរបៀបប្រឈមមុខនឹងការពិបាកទាំងនោះ

បងប្អូនប្រុសស្រីជាង១០០នាក់មកពីប្រទេសផ្សេងៗ (ដែលមានអាយុពី១៩ដល់៧៩ឆ្នាំ) បានបម្រើនៅប្រជុំកោះមីក្រូនេស៊ីជាតំបន់ដែលមានសេចក្ដីត្រូវការខ្លាំងជាង។ បងស្រីអ៊ីរីខា ដែលបានរើទៅកោះហ្គាមនៅឆ្នាំ២០០៦ កាលដែលគាត់មានអាយុ១៩ឆ្នាំ បានរៀបរាប់យ៉ាងល្អអំពីអារម្មណ៍របស់អ្នកផ្សព្វផ្សាយខ្នះខ្នែងទាំងនេះ។ គាត់បាននិយាយថា៖ «ការត្រួសត្រាយនៅតំបន់ដែលមានមនុស្សស្រេកឃ្លានចំពោះសេចក្ដីពិតគឺសប្បាយណាស់។ ខ្ញុំដឹងគុណព្រះយេហូវ៉ាជាខ្លាំងដែលលោកបានជួយខ្ញុំចាប់ផ្ដើមកិច្ចបម្រើបែបនេះ។ នេះគឺជារបៀបរស់នៅដ៏ប្រសើរបំផុត!»។ សព្វថ្ងៃនេះ បងអ៊ីរីខាមានអំណរក្នុងការបម្រើជាអ្នកត្រួសត្រាយពិសេសនៅកោះអ៊ីបាយនៅក្នុងប្រជុំកោះម៉ាសាល់។ ពិតមែន ការបម្រើនៅបរទេសក៏មានការពិបាកផ្សេងៗដែរ។ សូមពិចារណាការពិបាកបីយ៉ាង ហើយពិចារណារបៀបដែលអ្នកដែលបានរើទៅប្រជុំកោះមីក្រូនេស៊ីបានប្រឈមមុខនឹងការពិបាកទាំងនោះ។

បងអ៊ីរីខា

ជីវភាពរស់នៅ។ ក្រោយពីបានមកដល់កោះប៉ាលូក្នុងឆ្នាំ២០០៧ កាលដែលគាត់មានអាយុ២២ឆ្នាំ បងប្រុសសៃម៉ិនបានឃើញភ្លាមថាគាត់អាចរកលុយបានតែមួយភាគតូចនៃលុយដែលគាត់រកបាននៅប្រទេសអង់គ្លេសដែលជាប្រទេសកំណើតរបស់គាត់។ បងសៃម៉ិននិយាយថា៖ «ខ្ញុំត្រូវរៀនមិនទិញអ្វីក៏ដោយដែលខ្ញុំចង់បាន។ ឥឡូវ ខ្ញុំជ្រើសរើសដោយយកចិត្ដទុកដាក់នូវម្ហូបអាហារដែលខ្ញុំទិញ ហើយរកហាងផ្សេងៗដើម្បីស្វែងរកតម្លៃដែលល្អបំផុត។ ពេលដែលអ្វីមួយខូច ខ្ញុំស្វែងរកទិញគ្រឿងបន្លាស់ដែលគេប្រើហើយ ហើយព្យាយាមរកជាងដើម្បីជួសជុលឲ្យខ្ញុំ»។ តើជីវភាពរស់នៅសាមញ្ញមានឥទ្ធិពលយ៉ាងណាទៅលើគាត់? បងសៃម៉ិននិយាយទៀតថា៖ «នេះបានជួយខ្ញុំឲ្យយល់អំពីអ្វីដែលពិតជាចាំបាច់ក្នុងជីវិត និងអំពីការមានជីវិតសាមញ្ញ។ ជាច្រើនដងខ្ញុំបានឃើញការយកចិត្ដទុកដាក់របស់ព្រះយេហូវ៉ា។ ក្នុងអំឡុងឆ្នាំដែលខ្ញុំបម្រើនៅទីនេះ ខ្ញុំតែងតែមានអ្វីដើម្បីញ៉ាំ និងមានកន្លែងដើម្បីគេង»។ ពិតមែនហើយ ព្រះយេហូវ៉ាផ្គត់ផ្គង់ពួកអ្នកដែលមានជីវភាពសាមញ្ញពីព្រោះពួកគេចង់ស្វែងរករាជាណាចក្ររបស់ព្រះជាមុន។—ម៉ាថ. ៦:៣២, ៣៣

ការនឹកផ្ទះ។ បងអ៊ីរីខានិយាយថា៖ «ខ្ញុំជិតស្និទ្ធជាមួយក្រុមគ្រួសាររបស់ខ្ញុំណាស់ ហើយខ្ញុំបារម្ភថាការនឹកផ្ទះនឹងមានឥទ្ធិពលមិនល្អទៅលើកិច្ចបម្រើផ្សាយរបស់ខ្ញុំ»។ តើគាត់បានធ្វើអ្វីខ្លះដើម្បីត្រៀមខ្លួន? គាត់បាននិយាយទៅទៀតថា៖ «មុនខ្ញុំរើមក ខ្ញុំបានអានអត្ថបទពីទស្សនាវដ្ដីប៉មយាមអំពីការនឹកផ្ទះ។ នេះពិតជាបានជួយខ្ញុំឲ្យត្រៀមចិត្ដដើម្បីប្រឈមមុខនឹងការពិបាកនោះ។ ក្នុងអត្ថបទមួយ ម្ដាយម្នាក់បានពង្រឹងទំនុកចិត្ដកូនស្រីរបស់គាត់ទៅលើព្រះយេហូវ៉ាដោយនិយាយថា៖ ‹ព្រះយេហូវ៉ាអាចថែរក្សាកូនល្អជាងម៉ាក់ទៅទៀត›។ ពាក្យនោះពិតជាបានពង្រឹងកម្លាំងចិត្ដខ្ញុំ»។ បងស្រីហាណានិងប្ដីរបស់គាត់ឈ្មោះផាទ្រីក បម្រើនៅកោះម៉ាជូរ៉ូក្នុងប្រជុំកោះម៉ាសាល់។ ដោយសារបងហាណាផ្ដោតអារម្មណ៍ទៅលើបងប្អូនរួមជំនឿនៅក្នុងក្រុមជំនុំរបស់ពួកគាត់ នោះគាត់មិនសូវនឹកផ្ទះ។ គាត់និយាយថា៖ «ខ្ញុំអរគុណព្រះយេហូវ៉ាជានិច្ចចំពោះបងប្អូនរួមជំនឿរបស់យើងនៅទូទាំងពិភពលោក ពីព្រោះពួកគាត់ក៏ជាក្រុមគ្រួសាររបស់ខ្ញុំដែរ។ បើគ្មានការគាំទ្រដោយសេចក្ដីស្រឡាញ់ពីពួកគាត់ ខ្ញុំមិនអាចបម្រើនៅកន្លែងដែលត្រូវការជំនួយច្រើនជាងទេ»។

បងសៃម៉ិន

ការចាប់ផ្ដើមចំណងមិត្ដភាពថ្មី។ បងសៃម៉ិនបានកត់សម្គាល់ថា៖ «ពេលដែលមកដល់ប្រទេសថ្មីមួយ អ្វីស្ទើរតែទាំងអស់គឺខុសគ្នា។ ពេលខ្លះខ្ញុំនឹកអាល័យកាលខ្ញុំនិយាយរឿងកំប្លែងដែលមានគេអាចយល់ខ្ញុំច្បាស់»។ បងអ៊ីរីខានិយាយថា៖ «នៅពេលដំបូង ខ្ញុំមានអារម្មណ៍ថាគ្មានអ្នកណារាប់រកខ្ញុំ ប៉ុន្ដែនោះបានជួយខ្ញុំឲ្យពិចារណាអំពីមូលហេតុដែលខ្ញុំរើមក។ ខ្ញុំមិនបានរើមកដើម្បីប្រយោជន៍ផ្ទាល់ខ្លួនទេ ប៉ុន្ដែដើម្បីបម្រើព្រះយេហូវ៉ាឲ្យបានច្រើនជាង»។ គាត់បន្ថែមថា៖ «ក្រោយមក ខ្ញុំបានចាប់ផ្ដើមមានចំណងមិត្ដភាពដ៏ជិតស្និទ្ធដែលខ្ញុំចាត់ទុកថាមានតម្លៃណាស់»។ បងសៃម៉ិនខំព្យាយាមដើម្បីរៀនភាសាប៉ាលូដែលបានជួយគាត់«បើកចិត្ដឲ្យទូលាយ»ចំពោះបងប្អូនប្រុសស្រីនៅទីនោះ។ (២កូ. ៦:១៣) ការខំប្រឹងរបស់គាត់ដើម្បីរៀនភាសានោះបានធ្វើឲ្យបងប្អូនស្រឡាញ់ចូលចិត្ដគាត់។ មែនហើយ ពេលដែលអ្នកទើបមកដល់ថ្មី និងបងប្អូននៅតំបន់នោះធ្វើកិច្ចការជាមួយគ្នា នោះទាំងអស់គ្នានឹងទទួលរង្វាន់ដោយមានចំណងមិត្ដភាពដ៏ជិតស្និទ្ធក្នុងក្រុមជំនុំ។ តើអ្នកដែលលះបង់ប្រយោជន៍ខ្លួនដោយស្ម័គ្រចិត្ដដើម្បីបម្រើនៅកន្លែងដែលមានសេចក្ដីត្រូវការច្រើនជាងបានទទួលរង្វាន់ផ្សេងទៀតអ្វី?

‹ការប្រមូលផលបានបរិបូរ›

សាវ័កប៉ូលបាននិយាយថា៖ «អ្នកដែលសាបព្រោះដោយបរិបូរ នឹងប្រមូលផលបានបរិបូរដែរ»។ (២កូ. ៩:៦) គោលការណ៍ក្នុងគម្ពីរនេះច្បាស់ជាសំដៅលើអ្នកដែលពង្រីកកិច្ចបម្រើផ្សាយរបស់ពួកគាត់។ តើផលអ្វីដែលពួកគាត់‹ប្រមូលបានបរិបូរ›នៅប្រជុំកោះមីក្រូនេស៊ី?

បងផាទ្រីកនិងបងហាណា

នៅប្រជុំកោះមីក្រូនេស៊ី នៅតែមានឱកាសជាច្រើនដើម្បីចាប់ផ្ដើមការសិក្សាគម្ពីរ និងដើម្បីឃើញដោយផ្ទាល់ភ្នែកអំពីរបៀបដែលបុគ្គលផ្សេងៗដែលរៀននិងអនុវត្ដសេចក្ដីពិតពីបណ្ដាំរបស់ព្រះ ជឿនទៅមុខ។ បងផាទ្រីកនិងបងហាណាក៏បានផ្សព្វផ្សាយនៅកោះអាងអៅ គឺជាកោះតូចមួយដែលមានមនុស្ស៣២០នាក់រស់នៅទីនោះ។ ក្រោយពីផ្សព្វផ្សាយនៅទីនោះបានពីរខែ ពួកគាត់បានជួបម្ដាយឥតគូម្នាក់។ ភ្លាមៗគាត់បានយល់ព្រមសិក្សាគម្ពីរ បានទទួលយកសេចក្ដីពិតយ៉ាងខ្នះខ្នែង ហើយបានធ្វើការកែប្រែយ៉ាងធំក្នុងជីវិតរបស់គាត់។ បងហាណានិយាយថា៖ «រាល់លើក ក្រោយពីការសិក្សា ពេលយើងបានជិះកង់ចេញពីផ្ទះគាត់ យើងមើលមុខគ្នាទៅវិញទៅមក ហើយនិយាយដោយរំភើបចិត្ដថា៖ ‹អរគុណព្រះយេហូវ៉ា!›»។ បងហាណានិយាយទៅទៀតថា៖ «បើគ្មានយើង ខ្ញុំដឹងថាព្រះយេហូវ៉ានឹងនាំឲ្យបងស្រីនេះចូលទៅជិតលោកតាមរបៀបផ្សេងណាមួយ ប៉ុន្ដែដោយសារយើងបម្រើនៅកន្លែងដែលមានសេចក្ដីត្រូវការច្រើនជាង យើងបានរកឃើញ ហើយបានជួយបងស្រីនេះដែលមានលក្ខណៈដូចជាចៀមឲ្យស្គាល់ព្រះយេហូវ៉ា។ នេះគឺជាបទពិសោធន៍មួយដែលនាំឲ្យយើងសប្បាយជាខ្លាំងក្នុងជីវិតរបស់យើង!»។ គឺដូចជាអ្វីដែលបងអ៊ីរីខានិយាយ «ពេលយើងជួយមនុស្សម្នាក់ឲ្យស្គាល់ព្រះយេហូវ៉ា យើងទទួលអំណរដែលពណ៌នាពុំបាន!»។

តើអ្នកអាចរួមចំណែកបានទេ?

ប្រទេសជាច្រើនត្រូវការអ្នកផ្សព្វផ្សាយច្រើនជាង។ តើអ្នកអាចនៅក្នុងចំណោមពួកអ្នកដែលរើទៅតំបន់ដែលត្រូវការជំនួយទេ? ចូរអធិដ្ឋានសុំព្រះយេហូវ៉ាជួយអ្នកឲ្យមានចិត្ដប្រាថ្នាកាន់តែខ្លាំងឡើងដើម្បីពង្រីកកិច្ចបម្រើផ្សាយរបស់អ្នក។ សូមពិភាក្សាអំពីរឿងនេះជាមួយអ្នកចាស់ទុំនៅក្នុងក្រុមជំនុំ អ្នកត្រួតពិនិត្យប្រចាំមណ្ឌល ឬអ្នកដែលធ្លាប់មានឯកសិទ្ធិបម្រើនៅតំបន់ដែលត្រូវការជំនួយ។ ពេលអ្នកចាប់ផ្ដើមមានគម្រោង សូមសរសេរទៅកាន់ការិយាល័យសាខាដែលមើលការខុសត្រូវលើតំបន់ដែលអ្នកចង់ទៅបម្រើ ហើយសួរព័ត៌មានថែមទៀត។ ប្រហែលជាអ្នកក៏អាចចូលរួមជាមួយបងប្អូនប្រុសស្រីរាប់ពាន់នាក់ ទាំងចាស់ទាំងក្មេង ទាំងអ្នកនៅលីវទាំងអ្នករៀបការហើយ ដែលបានលះបង់ប្រយោជន៍ខ្លួនដោយស្ម័គ្រចិត្ដ ហើយបានភ្លក់អំណរដែលមកពី‹ការប្រមូលផលបានបរិបូរ›។