អ្នកចាស់ទុំ‹ជាអ្នករួមការងារដើម្បីឲ្យយើងរាល់គ្នាមានអំណរ›
«យើងជាអ្នករួមការងារដើម្បីឲ្យអ្នករាល់គ្នាមានអំណរ»។—២កូ. ១:២៤
១. តើប៉ូលបានឮអ្វីខ្លះស្តីអំពីបងប្អូននៅក្រុងកូរិនថូសដែលនាំឲ្យគាត់ត្រេកអរយ៉ាងខ្លាំង?
នៅឆ្នាំ៥៥ គ.ស. សាវ័កប៉ូលបានដឹងថាមានជម្លោះកើតឡើងក្នុងចំណោមបងប្អូននៅក្រុងកូរិនថូស នេះបានធ្វើឲ្យគាត់ពិបាកចិត្ត។ ដោយសារគាត់ស្រឡាញ់បងប្អូនទាំងនោះដូចឪពុកស្រឡាញ់កូន គាត់បានផ្ញើសំបុត្រមួយដើម្បីកែតម្រង់ពួកគេ។ (១កូ. ១:១១; ៤:១៥) គាត់ក៏បានចាត់ទីតុសដែលជាអ្នករួមការងារជាមួយគាត់ឲ្យទៅជួបពួកគេ ហើយក្រោយមកឲ្យមកជួបគាត់នៅក្រុងត្រូអាសដែលជាក្រុងនៅមាត់សមុទ្រដើម្បីរាយការណ៍ប្រាប់គាត់។ ប៉ុន្មានខែក្រោយមក ប៉ូលកំពុងរង់ចាំទីតុសនៅក្រុងត្រូអាសដោយចង់ដឹងដំណឹងអំពីបងប្អូននៅក្រុងកូរិនថូសថាពួកគេយ៉ាងណាដែរ។ គាត់គិតឥតឈប់អំពីបងប្អូន។ ប៉ុន្តែប៉ូលបានខកចិត្តយ៉ាងខ្លាំងដោយសារទីតុសមិនបានមក។ តើប៉ូលអាចធ្វើអ្វី? គាត់បានជិះសំពៅទៅស្រុកម៉ាសេដូន ហើយនៅទីនោះគាត់បានជួបទីតុសដែលធ្វើឲ្យគាត់មានអំណរ។ ទីតុសបានរៀបរាប់ថា បងប្អូននៅក្រុងកូរិនថូសបានធ្វើតាមការណែនាំដែលមានក្នុងសំបុត្ររបស់ប៉ូល ហើយពួកគេចង់ជួបគាត់ជាខ្លាំង។ ពេលប៉ូលបានឮសេចក្ដីរាយការណ៍ដ៏ល្អនោះ គាត់«ត្រេកអរខ្លាំងជាងមុន»។—២កូ. ២:១២, ១៣; ៧:៥-៩
២. (ក) តើប៉ូលបានសរសេរអ្វីទៅបងប្អូននៅក្រុងកូរិនថូសស្តីអំពីជំនឿនិងអំណរ? (ខ) តើសំណួរអ្វីខ្លះដែលយើងនឹងពិចារណា?
២ មិនយូរក្រោយមក ប៉ូលបានសរសេរសំបុត្រទី២ទៅបងប្អូននៅក្រុងកូរិនថូស។ គាត់បានប្រាប់ពួកគេថា៖ «មិនមែនថា យើងជាម្ចាស់លើជំនឿរបស់អ្នករាល់គ្នាទេ តែយើងជាអ្នករួមការងារដើម្បីឲ្យអ្នករាល់គ្នាមានអំណរ ព្រោះអ្នករាល់គ្នាកំពុងកាន់ជំហរមាំមួនដោយសារជំនឿរបស់អ្នករាល់គ្នា»។ (២កូ. ១:២៤) ពេលគាត់និយាយពាក្យទាំងនោះ តើប៉ូលចង់មានន័យយ៉ាងណា? ហើយតើពាក្យទាំងនោះមានឥទ្ធិពលយ៉ាងណាមកលើពួកអ្នកចាស់ទុំនៅសព្វថ្ងៃនេះ?
ជំនឿនិងអំណររបស់យើង
៣. (ក) តើប៉ូលចង់មានន័យយ៉ាងណាពេលគាត់សរសេរថា៖ «អ្នករាល់គ្នាកំពុងកាន់ជំហរមាំមួនដោយសារជំនឿរបស់អ្នករាល់គ្នា»? (ខ) តើពួកអ្នកចាស់ទុំនៅសព្វថ្ងៃនេះធ្វើតាមគំរូរបស់ប៉ូលយ៉ាងដូចម្ដេច?
៣ ប៉ូលបាននិយាយអំពីលក្ខណៈសំខាន់ចាំបាច់ពីរយ៉ាងក្នុងការគោរពប្រណិប័តន៍របស់២កូ. ២:៣) សព្វថ្ងៃនេះពួកអ្នកចាស់ទុំធ្វើតាមគំរូរបស់ប៉ូលដោយជឿជាក់ថាបងប្អូនមានជំនឿលើព្រះ ហើយបម្រើព្រះដោយមានមូលហេតុត្រឹមត្រូវ។ (២ថែ. ៣:៤) ជាជាងបង្កើតច្បាប់តឹងរ៉ឹងផ្សេងៗនៅក្នុងក្រុមជំនុំ ពួកអ្នកចាស់ទុំពឹងផ្អែកលើគោលការណ៍ដែលមានក្នុងបទគម្ពីរនិងការណែនាំដែលមកពីអង្គការរបស់ព្រះយេហូវ៉ា។ យ៉ាងណាមិញ ពួកអ្នកចាស់ទុំសព្វថ្ងៃនេះមិនមែនជាម្ចាស់លើជំនឿរបស់បងប្អូនទេ។—១ពេ. ៥:២, ៣
យើងគឺជំនឿនិងអំណរ។ ស្តីអំពីជំនឿ គាត់បានសរសេរថា៖ «មិនមែនថា យើងជាម្ចាស់លើជំនឿរបស់អ្នករាល់គ្នាទេ . . . ព្រោះអ្នករាល់គ្នាកំពុងកាន់ជំហរមាំមួនដោយសារជំនឿរបស់អ្នករាល់គ្នា»។ តាមរយៈពាក្យទាំងនោះ ប៉ូលបានទទួលស្គាល់ថាបងប្អូននៅក្រុងកូរិនថូសបានកាន់ជំហរមាំមួនមិនមែនដោយសារគាត់ឬដោយសារមនុស្សណាផ្សេងទៀតឡើយ ប៉ុន្តែដោយសារពួកគេមានជំនឿទៅលើព្រះ។ ដូច្នេះ ប៉ូលបានដឹងថាគាត់មិនចាំបាច់គ្រប់គ្រងទៅលើជំនឿរបស់បងប្អូនទេ ហើយគាត់ក៏គ្មានបំណងធ្វើដូច្នេះដែរ។ គាត់មានទំនុកចិត្តថាពួកគេជាគ្រិស្តសាសនិកស្មោះត្រង់ដែលចង់ធ្វើអ្វីដែលត្រឹមត្រូវ។ (៤. (ក) តើប៉ូលចង់មានន័យយ៉ាងណាពេលគាត់សរសេរថា៖ «យើងជាអ្នករួមការងារដើម្បីឲ្យអ្នករាល់គ្នាមានអំណរ»? (ខ) តើពួកអ្នកចាស់ទុំសព្វថ្ងៃធ្វើតាមគំរូរបស់ប៉ូលយ៉ាងដូចម្ដេច?
៤ ប៉ូលក៏បានសរសេរថា៖ «យើងជាអ្នករួមការងារដើម្បីឲ្យអ្នករាល់គ្នាមានអំណរ»។ តើ«អ្នករួមការងារ»ទាំងនេះជាអ្នកណា? គឺជាពួកអ្នកដែលបានធ្វើការយ៉ាងនឿយហត់ជាមួយប៉ូលដើម្បីជួយបងប្អូននៅក្រុងកូរិនថូស។ ក្នុងសំបុត្រដដែលនោះ ប៉ូលបានរំលឹកបងប្អូននៅក្រុងកូរិនថូសអំពីអ្នករួមការងារពីរនាក់ក្នុងចំណោមអ្នករួមការងារទាំងនោះ ដោយសរសេរថា៖ «[លោក]យេស៊ូ . . . បានត្រូវផ្សព្វផ្សាយក្នុងចំណោមអ្នករាល់គ្នាតាមរយៈយើង ពោលគឺខ្ញុំ ស៊ីលវេនុស និងធីម៉ូថេ»។ (២កូ. ១:១៩) ម្យ៉ាងទៀត ពេលណាប៉ូលប្រើពាក្យ«អ្នករួមការងារ»ក្នុងសំបុត្ររបស់គាត់ ពាក្យនេះតែងតែសំដៅទៅមិត្តភក្ដិជិតស្និទ្ធរបស់គាត់ដូចជាអាប៉ូឡុស អាគីឡា ព្រីស្កា ធីម៉ូថេ ទីតុសនិងអ្នកឯទៀត។ (រ៉ូម ១៦:៣, ២១; ១កូ. ៣:៦-៩; ២កូ. ៨:២៣) ដូច្នេះ ដោយនិយាយថា៖ «យើងជាអ្នករួមការងារដើម្បីឲ្យអ្នករាល់គ្នាមានអំណរ» ប៉ូលបានធានាបងប្អូននៅក្រុងកូរិនថូសថា គាត់និងមិត្តភក្ដិជិតស្និទ្ធរបស់គាត់ចង់ធ្វើអ្វីៗទាំងអស់ដែលពួកគេអាចធ្វើបានដើម្បីជួយបងប្អូនទាំងអស់នៅក្នុងក្រុមជំនុំឲ្យបម្រើព្រះដោយមានអំណរ។ សព្វថ្ងៃនេះពួកអ្នកចាស់ទុំក៏មានបំណងប្រាថ្នាដូចនេះដែរ។ ពួកគាត់ចង់ធ្វើអ្វីៗទាំងអស់ដែលពួកគាត់អាចធ្វើបានដើម្បីជួយបងប្អូនរបស់ពួកគាត់ឲ្យ«គោរពប្រតិបត្ដិដល់ព្រះយេហូវ៉ា ដោយអរសប្បាយ»។—ទំនុក. ១០០:២; ភី. ១:២៥
៥. តើយើងនឹងពិចារណាចម្លើយចំពោះសំណួរអ្វី ហើយយើងគួររំពឹងគិតអំពីអ្វី?
៥ នៅពេលថ្មីៗនេះ បងប្អូនមួយក្រុមដែលមានចិត្តខ្នះខ្នែងមកពីតំបន់ផ្សេងៗនៅជុំវិញពិភពលោកបានត្រូវអញ្ជើញឲ្យឆ្លើយសំណួរថា «តើពាក្យសម្ដីនិងការប្រព្រឹត្តណាខ្លះរបស់អ្នកចាស់ទុំដែលធ្វើឲ្យអ្នកកាន់តែមានអំណរ?»។ ឥឡូវយើងនឹងពិភាក្សាចម្លើយរបស់ពួកគាត់។ កាលដែលយើងធ្វើដូច្នេះ សូមគិតអំពីអ្វីដែលពួកអ្នកចាស់ទុំបាននិយាយនិងបានធ្វើដែលធ្វើឲ្យអ្នកកាន់តែមានអំណរ។ ម្យ៉ាងទៀត ចូរយើងទាំងអស់គ្នារំពឹងគិតអំពីរបៀបយើងអាចជួយឲ្យមានអំណរនៅក្នុងក្រុមជំនុំរបស់យើង។ *
«ផ្ដាំសួរសុខទុក្ខពើស៊ីសជាទីស្រឡាញ់របស់យើង»
៦, ៧. (ក) តើអ្វីគឺជារបៀបមួយដែលពួកអ្នកចាស់ទុំអាចធ្វើតាមគំរូរបស់លោកយេស៊ូ ប៉ូល និងអ្នកបម្រើឯទៀតរបស់ព្រះ? (ខ) ហេតុអ្វីការចាំឈ្មោះរបស់បងប្អូនយើងធ្វើឲ្យពួកគាត់កាន់តែមានអំណរ?
៦ បងប្អូនប្រុសស្រីជាច្រើននាក់របស់យើងនិយាយថា ពួកគេមានអំណរកាន់តែច្រើនឡើង ពេលដែលពួកអ្នកចាស់ទុំយកចិត្តទុកដាក់យ៉ាងស្មោះចំពោះពួកគេ។ របៀបមួយដែលពួកអ្នកចាស់ទុំអាចធ្វើដូច្នេះគឺដោយធ្វើតាមគំរូរបស់ដាវីឌ អេលីហ៊ូវ និងលោកយេស៊ូផ្ទាល់។ (សូមអាន សាំយូអែលទី២ ៩:៦; យ៉ូប ៣៣:១; លូកា ១៩:៥) ពួកអ្នកបម្រើព្រះយេហូវ៉ាម្នាក់ៗទាំងនេះបានយកចិត្តទុកដាក់យ៉ាងស្មោះចំពោះអ្នកឯទៀតដោយហៅឈ្មោះរបស់ពួកគេផ្ទាល់។ ប៉ូលក៏បានយល់អំពីសារៈសំខាន់នៃការចាំនិងប្រើឈ្មោះរបស់បងប្អូនរួមជំនឿដែរ។ គាត់បានបញ្ចប់សំបុត្រមួយក្នុងចំណោមសំបុត្រឯទៀតរបស់គាត់ដោយសួរសុខទុក្ខបងប្អូនប្រុសស្រីជាង២៥នាក់ដោយប្រើឈ្មោះរបស់ពួកគាត់ ក្នុងនោះមានឈ្មោះពើស៊ីសដែលជាបងស្រីម្នាក់ដែលប៉ូលបាននិយាយ ថា៖ «ផ្ដាំសួរសុខទុក្ខពើស៊ីសជាទីស្រឡាញ់របស់យើង»។—រ៉ូម ១៦:៣-១៥
៧ អ្នកចាស់ទុំខ្លះពិបាកចាំឈ្មោះរបស់បងប្អូន។ ប៉ុន្តែ ពេលដែលពួកគាត់ពិតជាព្យាយាមចាំឈ្មោះរបស់បងប្អូន នោះហាក់ដូចជាពួកគាត់ប្រាប់បងប្អូនរួមជំនឿថា៖ ‹អ្នកពិតជាសំខាន់ណាស់សម្រាប់ខ្ញុំ›។ (និក្ខ. ៣៣:១៧) ជាពិសេសពួកអ្នកចាស់ទុំនឹងធ្វើឲ្យបងប្អូនកាន់តែមានអំណរ កាលណាពួកគាត់ចាំឈ្មោះរបស់បងប្អូន ពេលដែលគាត់ហៅឈ្មោះបងប្អូនឲ្យឆ្លើយចម្លើយក្នុងអំឡុងការសិក្សាទស្សនាវដ្ដីប៉មយាមឬកិច្ចប្រជុំឯទៀត។—សូមពិនិត្យបន្ថែម យ៉ូហាន ១០:៣
«នាងបានធ្វើការជាច្រើនយ៉ាងនឿយហត់ក្នុងលោកម្ចាស់»
៨. តើអ្វីជារបៀបដ៏សំខាន់មួយដែលប៉ូលបានធ្វើតាមគំរូរបស់ព្រះយេហូវ៉ានិងលោកយេស៊ូ?
៨ ប៉ូលក៏បានបង្ហាញការយកចិត្តទុកដាក់ចំពោះអ្នកឯទៀតដោយសរសើរពួកគេយ៉ាងស្មោះដែរ។ នេះជារបៀបមួយទៀតដែលធ្វើឲ្យបងប្អូនរួមជំនឿកាន់តែមានអំណរ។ ដូច្នេះនៅក្នុងសំបុត្រដដែលនោះ ដែលគាត់បាននិយាយអំពីបំណងប្រាថ្នារបស់គាត់ចង់ជួយបងប្អូនឲ្យបម្រើព្រះដោយមានអំណរ ប៉ូលបានសរសេរថា៖ «ខ្ញុំអួតខ្លាំងណាស់អំពីអ្នករាល់គ្នា»។ (២កូ. ៧:៤) ពាក្យសរសើរទាំងនោះច្បាស់ជាធ្វើឲ្យបងប្អូននៅក្រុងកូរិនថូសមានអារម្មណ៍កក់ក្ដៅ។ ប៉ូលក៏បានសរសើរក្រុមជំនុំឯទៀតដែរ។ (រ៉ូម ១:៨; ភី. ១:៣-៥; ១ថែ. ១:៨) តាមការពិត បន្ទាប់ពីគាត់បាននិយាយអំពីពើស៊ីសក្នុងសំបុត្ររបស់គាត់ទៅក្រុមជំនុំនៅក្រុងរ៉ូម ប៉ូលបានបន្ថែមថា៖ «នាងបានធ្វើការជាច្រើនយ៉ាងនឿយហត់ក្នុងលោកម្ចាស់»។ (រ៉ូម ១៦:១២) ពាក្យសរសើរនោះច្បាស់ជាលើកទឹកចិត្តបងស្រីស្មោះត្រង់នេះ! ប៉ូលបានធ្វើតាមគំរូរបស់ព្រះយេហូវ៉ានិងលោកយេស៊ូ ដោយសរសើរអ្នកឯទៀត។—សូមអាន ម៉ាកុស ១:៩-១១; យ៉ូហាន ១:៤៧; បប. ២:២, ១៣, ១៩
៩. ហេតុអ្វីការសរសើរនិងការទទួលពាក្យសរសើរធ្វើឲ្យកាន់តែមានអំណរនៅក្នុងក្រុមជំនុំ?
៩ ពួកអ្នកចាស់ទុំសព្វថ្ងៃនេះក៏យល់អំពីសារៈសំខាន់នៃការសរសើរបងប្អូនតាមរយៈពាក្យសម្ដីដែរ។ (សុភ. ៣:២៧; ១៥:២៣) ពេលណាពួកអ្នកចាស់ទុំធ្វើដូច្នេះ ពួកគាត់ហាក់ដូចជាកំពុងប្រាប់បងប្អូនថា៖ ‹ខ្ញុំបានដឹងអំពីអ្វីដែលអ្នកបានធ្វើ។ ខ្ញុំយកចិត្តទុកដាក់ចំពោះអ្នក›។ បងប្អូនរួមជំនឿពិតជាត្រូវការឮពាក្យដែលពង្រឹងទំនុកចិត្តទាំងនេះ។ បងស្រីម្នាក់ដែលមានអាយុប្រហែលជា៥៥ឆ្នាំបាននិយាយជំនួសបងប្អូនជាច្រើន ពេលគាត់និយាយថា៖ «នៅកន្លែងធ្វើការ ខ្ញុំកម្រទទួលពាក្យសរសើរណាស់។ មនុស្សនៅជុំវិញខ្ញុំមិនយកចិត្តទុកដាក់នឹងអ្នកឯទៀតទេ ហើយគិតតែប្រកួតប្រជែងគ្នា។ ដូច្នេះពេលអ្នកចាស់ទុំម្នាក់សរសើរខ្ញុំចំពោះអ្វីមួយដែលខ្ញុំបានធ្វើសម្រាប់ក្រុមជំនុំ នេះពិតជាធ្វើឲ្យខ្ញុំមានកម្លាំងកាយកម្លាំងចិត្តឡើងវិញមែន! នេះធ្វើឲ្យខ្ញុំមានអារម្មណ៍ថាខ្ញុំបានទទួលសេចក្ដីស្រឡាញ់ពីបិតាដែលនៅស្ថានសួគ៌»។ បងប្រុសពោះម៉ាយម្នាក់ដែលត្រូវចិញ្ចឹមកូនពីរនាក់មានអារម្មណ៍ស្រដៀងគ្នានេះ។ ពេលថ្មីៗនេះ អ្នកចាស់ទុំម្នាក់បានសរសើរគាត់យ៉ាងស្មោះអស់ពីចិត្ត។ តើពាក្យសរសើរនោះមានឥទ្ធិពលយ៉ាងណាមកលើបងប្រុសយើង? គាត់និយាយថា៖ «ពាក្យរបស់អ្នកចាស់ទុំពិតជាលើកទឹកចិត្តខ្ញុំមែន!»។ មែនហើយ ដោយសរសើរបងប្អូនរួមជំនឿយ៉ាងស្មោះអស់ពីចិត្ត អ្នកចាស់ទុំលើកទឹកចិត្តបងប្អូន ហើយធ្វើឲ្យពួកគាត់មានអំណរកាន់តែខ្លាំងឡើង។ ជាលទ្ធផល នេះនឹងធ្វើឲ្យពួកគាត់កាន់តែមានកម្លាំងដើម្បីបន្តដើរនៅលើផ្លូវដែលនាំទៅដល់ជីវិត «ហើយ . . . ឥតដែលល្វើយឡើយ»។—អេ. ៤០:៣១
«ឃ្វាលក្រុមជំនុំរបស់ព្រះ»
១០, ១១. (ក) តើពួកអ្នកចាស់ទុំអាចធ្វើតាមគំរូរបស់នេហេមាយ៉ាងដូចម្ដេច? (ខ) តើតាមរបៀបណាដែលអ្នកចាស់ទុំអាចពង្រឹងជំនឿបងប្អូន ពេលគាត់ទៅលេងបងប្អូន?
១០ តើអ្វីជាវិធីមួយដ៏សំខាន់ចាំបាច់ដែលពួកអ្នកចាស់ទុំបង្ហាញការយកចិត្តទុកដាក់យ៉ាងស្មោះចំពោះបងប្អូនរបស់ពួកគាត់ ហើយធ្វើឲ្យក្រុមជំនុំកាន់តែមានអំណរ? គឺដោយចាត់វិធានការទៅជួបពួកអ្នកដែលត្រូវការការលើកទឹកចិត្ត។ (សូមអាន សកម្មភាព ២០:២៨) ពេលពួកអ្នកចាស់ទុំធ្វើដូច្នេះ ពួកគាត់ធ្វើតាមគង្វាលក្នុងន័យធៀបនៅសម័យបុរាណ។ ជាឧទាហរណ៍ សូមកត់សម្គាល់អំពីអ្វីដែលនេហេមាជាអ្នកត្រួតពិនិត្យដ៏ស្មោះត្រង់បានធ្វើ ពេលគាត់ឃើញថាជនជាតិយូដាខ្លះដែលជាបងប្អូនរបស់គាត់មានចំណងមិត្តភាពខ្សោយជាមួយនឹងព្រះ។ កំណត់ហេតុនោះចែងថាគាត់បានចូលទៅជិតភ្លាមៗ ហើយលើកទឹកចិត្តពួកគេ។ (នេហ. ៤:១៤) សព្វថ្ងៃនេះពួកអ្នកចាស់ទុំចង់ធ្វើដូចគ្នាដែរ។ ពួកគាត់«ចូលទៅជិត»ពោលគឺចាត់វិធានការទៅជួបបងប្អូនរួមជំនឿដើម្បីជួយពួកគេឲ្យមានជំនឿរឹងមាំ។ ដើម្បីផ្ដល់ការលើកទឹកចិត្ត បែបនេះ ពួកអ្នកចាស់ទុំទៅលេងបងប្អូនប្រុសស្រីនៅផ្ទះរបស់ពួកគាត់បើកាលៈទេសៈអនុញ្ញាត។ ក្នុងអំឡុងពេលទៅលេងដើម្បីលើកទឹកចិត្តនោះ ពួកគាត់ចង់«ឲ្យពរពីព្រះ»ទៅពួកគេ។ (រ៉ូម ១:១១) តើអ្វីនឹងជួយពួកអ្នកចាស់ទុំឲ្យធ្វើដូច្នេះ?
១១ មុននឹងទៅលេងបងប្អូនដើម្បីលើកទឹកចិត្ត អ្នកចាស់ទុំត្រូវចំណាយពេលខ្លះដើម្បីគិតអំពីបុគ្គលដែលគាត់នឹងទៅជួប។ តើបុគ្គលនោះមានការពិបាកអ្វីខ្លះ? តើគាត់អាចនិយាយអ្វីដើម្បីពង្រឹងកម្លាំងបុគ្គលនោះ? តើបទគម្ពីរណាឬបទពិសោធន៍របស់បុគ្គលណាក្នុងគម្ពីរដែលត្រូវនឹងកាលៈទេសៈរបស់គាត់? ការគិតជាមុនបែបនេះនឹងជួយអ្នកចាស់ទុំឲ្យនិយាយអំពីរឿងដែលមានប្រយោជន៍ មិនមែនរឿងតូចតាចទេ។ ក្នុងអំឡុងពេលទៅលេងដើម្បីលើកទឹកចិត្ត អ្នកចាស់ទុំអនុញ្ញាតឲ្យបងប្អូនប្រុសស្រីរបស់គាត់និយាយ រីឯអ្នកចាស់ទុំស្ដាប់យ៉ាងយកចិត្តទុកដាក់។ (យ៉ា. ១:១៩) បងស្រីម្នាក់បាននិយាយថា៖ «ពេលអ្នកចាស់ទុំស្ដាប់ដោយយកចិត្តទុកដាក់ នេះជួយសម្រាលទុក្ខខ្ញុំណាស់»។—លូក. ៨:១៨
១២. តើអ្នកណាខ្លះក្នុងក្រុមជំនុំដែលត្រូវការការលើកទឹកចិត្ត ហើយហេតុអ្វី?
១២ តើអ្នកណានឹងទទួលប្រយោជន៍ពីការទៅលេងដើម្បីលើកទឹកចិត្ត? ប៉ូលបានដាស់តឿនគ្រិស្តសាសនិករួមជំនឿដែលជាអ្នកចាស់ទុំឲ្យ«ប្រយ័ត្ន . . . ហើយមើលការខុសត្រូវហ្វូងចៀម[ទាំងអស់]»។ មែនហើយ សមាជិកទាំងអស់ក្នុងក្រុមជំនុំត្រូវការការលើកទឹកចិត្ត រួមទាំងពួកអ្នកផ្សព្វផ្សាយនិងពួកអ្នកត្រួសត្រាយដែលបានបំពេញកិច្ចបម្រើផ្សាយយ៉ាងស្មោះត្រង់អស់ជាច្រើនឆ្នាំ។ ហេតុអ្វីពួកគេត្រូវការជំនួយពីពួកអ្នកចាស់ទុំដែលប្រៀបដូចជាគង្វាល? ទោះជាពួកគេមានជំនឿរឹងមាំក៏ដោយ ជួនកាលពួកគេមានអារម្មណ៍ថាពួកគេមិនអាចស៊ូទ្រាំនឹងបញ្ហាដែលបណ្ដាលមកពីពិភពលោកដ៏អាក្រក់នេះទៀតទេ។ ដើម្បីបញ្ជាក់អំពីមូលហេតុដែលជួនកាលអ្នកបម្រើព្រះដែលមានជំនឿរឹងមាំប្រហែលជាត្រូវការជំនួយពីមិត្តភក្ដិរបស់ពួកគេ សូមឲ្យយើងពិចារណានូវព្រឹត្ដិការណ៍មួយក្នុងជីវិតរបស់ដាវីឌ។
‹អ័ប៊ីសាយបានមកការពារជំនួស›
១៣. (ក) តើយីសប៊ីបេណូបឆ្លៀតឱកាសពីស្ថានភាពអ្វីរបស់ដាវីឌ? (ខ) តើតាមរបៀបណាដែលអ័ប៊ីសាយអាចមកជួយសង្គ្រោះដាវីឌ?
១៣ មិនយូរក្រោយពីដាវីឌដែលជាយុវជនវ័យក្មេងបានត្រូវរើសតាំងឲ្យធ្វើជាស្តេច គាត់បានតយុទ្ធនឹងកូលីយ៉ាត ដែលជាបុរសម្នាក់ក្នុងចំណោមបុរសឯទៀតដែលមានមាឌធំសម្បើមមកពីពូជពង្សរេផែម។ ដាវីឌបានសម្លាប់បុរសដែលមានមាឌធំសម្បើមនេះដោយចិត្តក្លាហាន។ (១សាំ. ១៧:៤, ៤៨-៥១; ១រប. ២០:៥, ៨) ប៉ុន្មានឆ្នាំក្រោយ មក ក្នុងអំឡុងពេលធ្វើសង្គ្រាមជាមួយជនជាតិភីលីស្ទីន ដាវីឌបានប្រយុទ្ធនឹងបុរសដែលមានមាឌធំសម្បើមម្នាក់។ បុរសនោះឈ្មោះយីសប៊ីបេណូបដែលជាពួករេផែមដែរ។ (២សាំ. ២១:១៦) ក៏ប៉ុន្តែ ម្ដងនេះបុរសមាឌធំសម្បើមនេះហៀបនឹងសម្លាប់ដាវីឌបាន។ ហេតុអ្វី? មិនមែនដោយសារដាវីឌបាត់បង់ចិត្តក្លាហាននោះទេ ប៉ុន្តែដោយសារគាត់អស់កម្លាំង។ កំណត់ហេតុចែងថា៖ «ទ្រង់ក៏ទន់កំឡាំងជាខ្លាំង»។ ខណៈដែលយីសប៊ីបេណូបបានកត់សម្គាល់ថាដាវីឌបានខ្សោយកម្លាំង គាត់«ក៏គិតចង់សំឡាប់ដាវីឌ»។ ប៉ុន្តែមុននឹងបុរសមាឌធំនេះលើកអាវុធប្រុងសម្លាប់ដាវីឌ «អ័ប៊ីសាយជាកូនសេរូយ៉ាបានមកការពារជំនួសទ្រង់ ក៏កាប់សំឡាប់សាសន៍ភីលីស្ទីននោះទៅ»។ (២សាំ. ២១:១៥-១៧) ដាវីឌជិតត្រូវគេសម្លាប់! ដាវីឌច្បាស់ជាមានចិត្តដឹងគុណចំពោះអ័ប៊ីសាយដែលបានរំពៃមើលគាត់ជាប់ ហើយបានមកជួយគាត់យ៉ាងឆាប់រហ័ស ពេលគាត់ស្ថិតក្នុងស្ថានភាពដែលមានគ្រោះថ្នាក់ដល់ជីវិត! តើយើងអាចទាញមេរៀនអ្វីពីកំណត់ហេតុនេះ?
១៤. (ក) តើតាមរបៀបណាយើងអាចយកឈ្នះការពិបាកដែលប្រៀបដូចជាកូលីយ៉ាត? (ខ) តើតាមរបៀបណាដែលពួកអ្នកចាស់ទុំអាចជួយអ្នកឯទៀតឲ្យមានអំណរនិងកម្លាំងឡើងវិញ? សូមលើកឧទាហរណ៍មួយ។
១៤ នៅទូទាំងពិភពលោក យើងដែលជាសាក្សីព្រះយេហូវ៉ាកំពុងបំពេញកិច្ចបម្រើផ្សាយរបស់យើង ទោះជាសាថាននិងភ្នាក់ងាររបស់វាព្យាយាមធ្វើឲ្យយើងមានការពិបាកក៏ដោយ។ បងប្អូនខ្លះក្នុងចំណោមយើងបានប្រឈមមុខនឹងការពិបាកធំៗ ប៉ុន្តែដោយពឹងផ្អែកលើព្រះយេហូវ៉ាទាំងស្រុង យើងអាចតស៊ូ ហើយយកឈ្នះការពិបាកទាំងនោះដែលប្រៀបដូចជា«កូលីយ៉ាត»។ ប៉ុន្តែជួនកាល ការទប់ទល់ឥតឈប់ឈរនឹងការបង្ខិតបង្ខំដែលមកពីពិភពលោកនេះធ្វើឲ្យយើងអស់កម្លាំងនិងធ្លាក់ទឹកចិត្ត។ ធម្មតាយើងនឹងប្រឈមមុខនឹងការបង្ខិតបង្ខំដោយជោគជ័យ ប៉ុន្តែពេលយើងអស់កម្លាំងនិងធ្លាក់ទឹកចិត្ត យើងងាយរងគ្រោះថ្នាក់ ហើយវាអាច«សម្លាប់»យើងក្នុងន័យធៀប។ ក្នុងស្ថានភាពបែបនេះ ការផ្ដល់ជំនួយទាន់ពេលពីអ្នកចាស់ទុំអាចជួយយើងឲ្យមានអំណរនិងកម្លាំងឡើងវិញ ដូចបងប្អូនជាច្រើននាក់ធ្លាប់ពិសោធន៍។ បងស្រីម្នាក់ដែលមានអាយុប្រហែលជា៦៥ឆ្នាំជាអ្នកត្រួសត្រាយបានរៀបរាប់ថា៖ «តាំងពីយូរហើយ ខ្ញុំមិនស្រួលខ្លួន ហើយខ្ញុំអស់កម្លាំងដោយសារកិច្ចផ្សព្វផ្សាយ។ អ្នកចាស់ទុំម្នាក់បានឃើញថាខ្ញុំអស់កម្លាំង ហើយបានមកជួបខ្ញុំ។ យើងមានការពិភាក្សាដែលនាំឲ្យលើកទឹកចិត្តដែលមានមូលដ្ឋានលើបទគម្ពីរ។ ខ្ញុំបានធ្វើតាមយោបល់ដែលគាត់បានឲ្យខ្ញុំ ហើយខ្ញុំបានទទួលប្រយោជន៍»។ គាត់បានបន្ថែមថា៖ «អ្នកចាស់ទុំនេះពិតជាបានបង្ហាញសេចក្ដីស្រឡាញ់ដោយកត់សម្គាល់ថាខ្ញុំគ្មានកម្លាំង ហើយបានផ្ដល់ជំនួយដល់ខ្ញុំ!»។ មែនហើយ នេះធ្វើឲ្យយើងទទួលការលើកទឹកចិត្តណាស់ដោយដឹងថាយើងមានពួកអ្នកចាស់ទុំដែលរំពៃមើលយើងដោយសេចក្ដីស្រឡាញ់ ហើយដូចអ័ប៊ីសាយនៅសម័យបុរាណ ពួកគាត់បានត្រៀមខ្លួនជាស្រេចដើម្បី‹មកការពារជំនួសយើង›។
ចូរ‹ដឹងអំពីសេចក្ដីស្រឡាញ់ដែលខ្ញុំមានចំពោះអ្នករាល់គ្នា›
១៥, ១៦. (ក) ហេតុអ្វីបងប្អូនរួមជំនឿស្រឡាញ់ប៉ូលខ្លាំងម្ល៉េះ? (ខ) ហេតុអ្វីយើងស្រឡាញ់ពួកអ្នកចាស់ទុំក្នុងក្រុមជំនុំដែលថែរក្សាយើង?
១៥ អ្នកចាស់ទុំធ្វើការនឿយហត់ណាស់។ ជួនកាល ពួកគាត់ប្រហែលជាសម្រាន្តមិនលក់ដោយសារពួកគាត់បារម្ភអំពីបងប្អូនប្រុសស្រី ហើយពួកគាត់ប្រហែលជាក្រោកឡើងនៅពេលយប់ជ្រៅដើម្បីអធិដ្ឋាននិងផ្ដល់ជំនួយដល់បងប្អូន។ (២កូ. ១១:២៧, ២៨) ប៉ុន្តែ ពួកអ្នកចាស់ទុំបំពេញភារកិច្ចរបស់ពួកគាត់យ៉ាងពេញលេញ និងដោយពេញចិត្តដូចដែលប៉ូលបានធ្វើ។ គាត់បានសរសេរទៅបងប្អូននៅក្រុងកូរិនថូសថា៖ «ខ្ញុំពេញចិត្តចំណាយអ្វីៗដែលខ្ញុំមាន ថែមទាំងខ្លួនខ្ញុំទាំងមូល ដើម្បីអ្នករាល់គ្នា»។ (២កូ. ១២:១៥) មែនហើយ ដោយសារសេចក្ដីស្រឡាញ់យ៉ាងជ្រាលជ្រៅចំពោះបងប្អូន ប៉ូលបានខំប្រឹងអស់ពីកម្លាំងកាយកម្លាំងចិត្តដើម្បីពង្រឹងកម្លាំងពួកគាត់។ (សូមអាន កូរិនថូសទី២ ២:៤; ភី. ២:១៧; ១ថែ. ២:៨) មិនមែនជាការចម្លែកឡើយដែលបងប្អូនបានស្រឡាញ់ប៉ូលយ៉ាងខ្លាំង!—សកម្ម. ២០:៣១-៣៨
១៦ យើងដែលជាអ្នកបម្រើរបស់ព្រះយេហូវ៉ាសព្វថ្ងៃក៏ស្រឡាញ់អ្នកចាស់ទុំដែលថែរក្សាយើងដែរ ហើយក្នុងសេចក្ដីអធិដ្ឋានយើងអរគុណព្រះយេហូវ៉ាដែលលោករៀបចំឲ្យមានពួកអ្នកចាស់ទុំ។ ពួកគាត់ធ្វើឲ្យយើងកាន់តែមានអំណរដោយបង្ហាញការយកចិត្តទុកដាក់យ៉ាងស្មោះចំពោះយើង។ យើងបានទទួលការលើកទឹកចិត្តតាមរយៈការមកលេងរបស់ពួកគាត់។ ម្យ៉ាងទៀត យើងមានចិត្តដឹងគុណដែលពួកគាត់ត្រៀមខ្លួនជាស្រេចដើម្បីផ្ដល់ជំនួយដល់យើង ពេលយើងពិបាកស៊ូទ្រាំនឹងការបង្ខិតបង្ខំពីពិភពលោកនេះ។ មែនហើយ ពួកអ្នកចាស់ទុំដែលយកចិត្តទុកដាក់ទាំងនេះពិតជា‹អ្នករួមការងារដើម្បីឲ្យយើងរាល់គ្នាមានអំណរ›។
^ វគ្គ 5 បងប្អូនដដែលនោះក៏បានត្រូវសួរដែរថា៖ «តើគុណសម្បត្ដិមួយណាដែលអ្នកចាត់ទុកថាសំខាន់បំផុតសម្រាប់អ្នកចាស់ទុំ?»។ ពួកគេភាគច្រើនបានឆ្លើយថា៖ «ស្រួលទាក់ទង»។ គុណសម្បត្ដិដ៏សំខាន់នោះនឹងត្រូវពិចារណានៅអត្ថបទក្រោយៗទៀត។