សកម្មភាពចែកលិខិតអញ្ជើញដែលបានរៀបចំយ៉ាងល្អនាំឲ្យបានផល
ម៉ារីអា អ៊ីសាបែលគឺជាអ្នកផ្សព្វផ្សាយវ័យក្មេងម្នាក់ដែលមានចិត្តខ្នះខ្នែងនៅក្រុងសានប៊ឺណាដូ នាប្រទេសឈីលី នៅអាម៉េរិកខាងត្បូង។ នាងនិងក្រុមគ្រួសាររបស់នាងជាសមាជិកនៃជនជាតិដើមឈ្មោះម៉ាភូឆេ។ ក្រុមគ្រួសារទាំងមូលរបស់នាងបានគាំទ្រយ៉ាងរំភើបចិត្តនូវការបង្កើតក្រុមជំនុំថ្មីភាសាម៉ាភូឆេ ដែលបានត្រូវហៅដែរថាម៉ាពូឌូនហ្គូន។
ពេលមានសេចក្ដីជូនដំណឹងថាពិធីរំលឹកមរណភាពរបស់គ្រិស្តក៏នឹងធ្វើឡើងជាភាសាម៉ាពូឌូនហ្គូនដែរ ហើយថាមានលិខិតអញ្ជើញចំនួន២.០០០សន្លឹកជាភាសានេះ ធ្វើឲ្យម៉ារីអា អ៊ីសាបែលគិតពិចារណា។ តើនាងអាចធ្វើអ្វីដើម្បីជួយអញ្ជើញមនុស្ស? នាងបាននឹកចាំអំពីបទពិសោធន៍របស់សាក្សីព្រះយេហូវ៉ាវ័យក្មេងឯទៀតដែលបានទទួលជោគជ័យ ពេលដែលពួកគេផ្សព្វផ្សាយដល់មិត្តរួមថ្នាក់និងគ្រូបង្រៀន។ នាងបានពិភាក្សាជាមួយនឹងឪពុកម្ដាយរបស់នាងអំពីរឿងនេះ ហើយពួកគាត់បានសម្រេចចិត្តថាម៉ារីអា អ៊ីសាបែលអាចសាកល្បងគិតអំពីគម្រោងមួយដើម្បីចែកលិខិតនេះនៅសាលារៀន។ តើនាងនឹកឃើញគម្រោងអ្វី?
មុនដំបូងម៉ារីអា អ៊ីសាបែលបានសុំការអនុញ្ញាតពីពួកអ្នកគ្រប់គ្រងសាលា ដើម្បីបិទលិខិតអញ្ជើញមួយនៅទ្វារធំរបស់សាលា។ ពួកគេយល់ព្រមតាមការស្នើសុំរបស់នាង ហើយបានសរសើរចំពោះគំនិតរបស់នាង។ ថ្ងៃមួយ ពេលហៅឈ្មោះសិស្សដើម្បីកត់វត្តមាននៅពេលព្រឹក នាយកសាលាថែមទាំងបានប្រកាសតាមមេក្រូអំពីលិខិតអញ្ជើញនេះទៀតផង!
ក្រោយមក ម៉ារីអា អ៊ីសាបែលបានសុំទៅថ្នាក់រៀនទាំងអស់។ ក្រោយពីបានទទួលការអនុញ្ញាតពីគ្រូបង្រៀន នាងបានសួរសិស្សទាំងអស់នៅថ្នាក់រៀននីមួយៗ រកជនជាតិម៉ាភូឆេក្នុងចំណោមពួកគេ។ នាងនិយាយថា៖ «ខ្ញុំបានគិតថានៅក្នុងសាលាទាំងមូលមានសិស្សដែលមកពីក្រុមគ្រួសារម៉ាភូឆេតែ១០ទៅ១៥នាក់ប៉ុណ្ណោះ។ ប៉ុន្តែមានសិស្សជនជាតិនេះច្រើនជាងខ្ញុំបានគិត ទីបំផុតខ្ញុំបានចែកលិខិតអញ្ជើញអស់១៥០សន្លឹក!»។
«គាត់ស្មានថាខ្ញុំមានអាយុចាស់ជាងនេះ»
ស្ត្រីម្នាក់ដែលបានឃើញលិខិតអញ្ជើញដែលបិទនៅទ្វារចូលសាលាបានសួរថាគាត់គួរនិយាយជាមួយអ្នកណាស្តីអំពីកម្មវិធីដែលមាននៅក្នុងលិខិតនេះ។ សូមស្រមៃគិតថាគាត់ភ្ញាក់ផ្អើលយ៉ាងណា ពេលដែលគេប្រាប់គាត់ឲ្យទៅជួបក្មេងស្រីអាយុ១០ឆ្នាំ! ម៉ារីអា អ៊ីសាបែលបាននិយាយទាំងញញឹមថា៖ «គាត់ស្មានថាខ្ញុំមានអាយុចាស់ជាងនេះ»។ ក្រោយពីបានជូនគាត់នូវលិខិតអញ្ជើញមួយនិងបានពន្យល់យ៉ាងខ្លី ម៉ារីអា អ៊ីសាបែលបានសុំអាសយដ្ឋានពីស្ត្រីនោះ ដើម្បីឲ្យនាងនិងឪពុកម្ដាយរបស់នាងអាចទៅជួបគាត់ដើម្បីពន្យល់ថែមទៀតអំពីរាជាណាចក្រព្រះ។ អ្នកផ្សព្វផ្សាយ២០នាក់ដែលបម្រើនៅតំបន់ដែលមនុស្សនិយាយភាសាម៉ាពូឌូនហ្គូនពិតជាសប្បាយរីករាយណាស់ ដោយបានឃើញស្ត្រីនោះមកចូលរួមពិធីរំលឹកជាមួយជនជាតិម៉ាភូឆេ២៦នាក់ទៀតដែលមានចំណាប់អារម្មណ៍។ ឥឡូវក្រុមនោះជាក្រុមជំនុំដែលរីកចម្រើន!
ទោះជាអ្នកមានអាយុប៉ុន្មានក៏ដោយ តើអ្នកអាចមានគំនិតស្រដៀងគ្នានេះ ដោយអញ្ជើញសិស្សរួមថ្នាក់ឬអ្នករួមការងារឲ្យចូលរួមពិធីរំលឹក សុន្ទរកថាសាធារណៈ ឬមហាសន្និបាតឬទេ? សូមស្រាវជ្រាវក្នុងសៀវភៅផ្សេងៗរបស់អង្គការយើង ដើម្បីស្វែងរកបទពិសោធន៍ដែលប្រហែលជាមានយោបល់ល្អអំពីរបៀបដែលអាចជួយអ្នកឲ្យសម្រេចគម្រោងបែបនេះដោយជោគជ័យ។ បន្ថែមទៀត សូមអធិដ្ឋានទៅព្រះយេហូវ៉ាសុំសកម្មពលបរិសុទ្ធ ដើម្បីជួយអ្នកឲ្យមានចិត្តក្លាហានដើម្បីនិយាយអំពីលោក។ (លូក. ១១:១៣) ប្រសិនបើអ្នកធ្វើដូច្នេះ អ្នកក៏ប្រហែលជារំភើបចិត្ត ហើយទទួលការលើកទឹកចិត្តដោយសារលទ្ធផលដែលបានមកពីការខិតខំរៀបចំគម្រោងយ៉ាងល្អរបស់អ្នក។