លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ពួកគេបានលះបង់ប្រយោជន៍ខ្លួនដោយស្ម័គ្រចិត្ត នៅប្រទេសន័រវ៉េ

ពួកគេបានលះបង់ប្រយោជន៍ខ្លួនដោយស្ម័គ្រចិត្ត នៅប្រទេសន័រវ៉េ

ពួក​គេ​បាន​លះ​បង់​ប្រយោជន៍​ខ្លួន​ដោយ​ស្ម័គ្រ​ចិត្ត នៅ​ប្រទេស​ន័រវ៉េ

កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន ប្ដី​ប្រពន្ធ​មួយ​គូ​ឈ្មោះ​រ៉ូអាល​និង​អេលសាបេត​ដែល​មាន​អាយុ​ជិត​៥០​ឆ្នាំ មាន​ជីវភាព​សុខ​ស្រួល​នៅ​ក្រុង​ប៊ែហ្គិន​ដែល​ជា​ទី​ក្រុង​ធំ​បំផុត​ទី​២​នៃ​ប្រទេស​ន័រវ៉េ។ ពួក​គាត់​រួម​ចំណែក​ក្នុង​កិច្ចការ​របស់​ក្រុម​ជំនុំ​យ៉ាង​ស្មោះ​ត្រង់​ជា​មួយ​នឹង​កូន​ប្រុស​ម្នាក់​ឈ្មោះ​ហ្វេបៀន​និង​កូន​ស្រី​ម្នាក់​របស់​ពួក​គាត់​ឈ្មោះ​អ៊ីសាបែល។ រ៉ូអាល​បម្រើ​ជា​អ្នក​ចាស់​ទុំ ហើយ​អេលសាបេត​បម្រើ​ជា​អ្នក​ត្រួស​ត្រាយ រីឯ​អ៊ី​សា​បែ​ល​និង​ហ្វេបៀន​ជា​អ្នក​ផ្សព្វ​ផ្សាយ​ដែល​មាន​ប្រសិទ្ធភាព។

ប៉ុន្តែ​នៅ​ខែ​កញ្ញា ឆ្នាំ​២០០៩ ក្រុម​គ្រួសារ​នេះ​សម្រេច​ចិត្ត​ផ្សព្វ​ផ្សាយ​ខុស​សព្វ​ដង ពោល​គឺ​ផ្សព្វ​ផ្សាយ​មួយ​សប្ដាហ៍​នៅ​តំបន់​ដាច់​ស្រយាល​មួយ។ ដូច្នេះ រ៉ូអាល​និង​អេលសាបេត​ព្រម​ទាំង​ហ្វេបៀន​ដែល​កាល​នោះ​មាន​អាយុ​១៨​ឆ្នាំ ធ្វើ​ដំណើរ​ជា​មួយ​គ្នា​ទៅ​នតឃីន​ដែល​ជា​ឧបទ្វីប​មួយ​នៅ​ស្រុក​ហ្វីនម៉ាក នៅ​តំបន់​អាកទិច។ នៅ​ទី​នោះ ពួក​គេ​ផ្សព្វ​ផ្សាយ​នៅ​ភូមិ​ខូលអិហ្វជួ ជា​មួយ​នឹង​បង​ប្អូន​ប្រុស​ស្រី​ឯ​ទៀត​ដែល​បាន​មក​ដល់​តំបន់​ដាច់​ស្រយាល​នេះ​ដែរ​ដើម្បី​ផ្សព្វ​ផ្សាយ។ រ៉ូអាល​បាន​ចាំ​ថា​៖ ​«​នៅ​ដើម​សប្ដាហ៍​នោះ​ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​ណាស់​ដែល​ខ្ញុំ​អាច​ចាត់​ចែង​កិច្ចការ​របស់​ខ្ញុំ​បាន ដើម្បី​អាច​ចូល​រួម​ក្នុង​សកម្មភាព​ពិសេស​នេះ​ពេញ​មួយ​សប្ដាហ៍​»។ ប៉ុន្តែ​ក្រោយ​មក​នៅ​សប្ដាហ៍​នោះ រ៉ូអាល​ចាប់​ផ្ដើម​មាន​អារម្មណ៍​មិន​ស្រួល។ តើ​មាន​អ្វី​កើត​ឡើង?

សំណួរ​មួយ​ដែល​គិត​ស្មាន​មិន​ដល់

រ៉ូអាល​និយាយ​ថា​៖ ​«​ដោយ​មិន​បាន​ដឹង​ជា​មុន ម៉ារីអូ​ដែល​ជា​អ្នក​ត្រួស​ត្រាយ​ម្នាក់​ដែល​បម្រើ​នៅ​ហ្វីនម៉ាក បាន​សួរ​យើង​ថា​តើ​យើង​សុខ​ចិត្ត​រើ​ផ្ទះ​មក​រស់​នៅ​ក្រុង​មួយ​ឈ្មោះ​ឡាក់សិល ដើម្បី​ជួយ​ក្រុម​ជំនុំ​ដែល​មាន​អ្នក​ផ្សាយ​២៣​នាក់​ឬ​យ៉ាង​ណា​»។ រ៉ូអាល​បាន​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ដោយ​សារ​សំណួរ​ដែល​គិត​ស្មាន​មិន​ដល់​នេះ។ គាត់​ពន្យល់​ថា​៖ ​«​ខ្ញុំ​និង​អេលសាបេត​បាន​គិត​អំពី​លទ្ធភាព​ទៅ​បម្រើ​នៅ​កន្លែង​ដែល​មាន​សេចក្ដី​ត្រូវ​ការ​ច្រើន​ជាង ប៉ុន្តែ​យើង​នឹង​សម្រេច​ចិត្ត​ធ្វើ​ដូច្នេះ​នៅ​ពេល​ដែល​កូន​ៗ​ឈប់​រស់​នៅ​ជា​មួយ​យើង​»។ ប៉ុន្តែ ក្នុង​អំឡុង​ពេល​ដែល​គាត់​បាន​ផ្សព្វ​ផ្សាយ​នៅ​តំបន់​ដាច់​ស្រយាល​នោះ រ៉ូអាល​បាន​ដឹង​ថា​មាន​មនុស្ស​ជា​ច្រើន​ចង់​រៀន​អំពី​ព្រះ​យេហូវ៉ា។ ពួក​គេ​ត្រូវ​ការ​ជំនួយ​នៅ​ឥឡូវ​នេះ​មិន​មែន​នៅ​ពេល​ក្រោយ​ទេ។ រ៉ូអាល​នៅ​ចាំ​ថា​៖ ​«​សំណួរ​របស់​ម៉ារីអូ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ខ្វល់​ចិត្ត ថែម​ទាំង​ធ្វើ​ឲ្យ​ខ្ញុំ​ដេក​មិន​លក់​អស់​ប៉ុន្មាន​យប់​ទៀត​ផង​»។ បន្ទាប់​មក​ម៉ារីអូ​បាន​នាំ​រ៉ូអាល​នឹង​គ្រួសារ​របស់​គាត់​ទៅ​ក្រុង​ឡាក់សិល​ដែល​មាន​ចម្ងាយ​ប្រហែលជា​២៤០​គីឡូម៉ែត្រ (​១៥០​ម៉ៃល៍​) ខាង​ត្បូង​ភូមិ​ខូលអិហ្វជួ។ ម៉ារីអូ​ចង់​ឲ្យ​គ្រួសារ​នេះ​ទៅ​មើល​ក្រុម​ជំនុំ​តូច​នៅ​ទី​នោះ​ដោយ​ខ្លួន​ពួក​គេ​ផ្ទាល់។

នៅ​ក្រុង​ឡាក់សិល បង​ប្រុស​អាន់ដ្រេអាស​ជា​អ្នក​ចាស់​ទុំ​ម្នាក់​ក្នុង​ចំណោម​អ្នក​ចាស់​ទុំ​ពីរ​នាក់​នៅ​ក្រុង​នោះ បាន​នាំ​គ្រួសារ​នេះ​ឲ្យ​ស្គាល់​តំបន់​នោះ​និង​សាល​ប្រជុំ។ បង​ប្អូន​ក្នុង​ក្រុម​ជំនុំ​បាន​ទទួល​ពួក​គាត់​យ៉ាង​កក់​ក្ដៅ​ហើយ​បាន​ប្រាប់​រ៉ូអាល​និង​អេលសាបេត​ថា​ពួក​គាត់​សប្បាយ​ចិត្ត​បើ​ក្រុម​គ្រួសារ​របស់​រ៉ូអាល​អាច​រើម​ក​ជួយ​បម្រើ​នៅ​ទី​នោះ។ អាន់ដ្រេអាស​បាន​និយាយ​ទាំង​ញញឹម​ថា​គាត់​បាន​ជួយ​រក​ការងារ​ឲ្យ​រ៉ូអាល​និង​ហ្វេបៀន​រួច​ហើយ! តើ​គ្រួសារ​នេះ​នឹង​ធ្វើ​យ៉ាង​ណា?

តើ​ត្រូវ​សម្រេច​ចិត្ត​យ៉ាង​ណា?

មុន​ដំបូង​ហ្វេបៀន​និយាយ​ថា​៖ ​«​ខ្ញុំ​គ្មាន​បំណង​ចង់​រើម​ក​ទី​នេះ​ទេ​»។ គាត់​មិន​ចង់​គិត​អំពី​ការ​ចាក​ចេញ​ពី​មិត្ត​ភក្ដិ​ជិត​ស្និទ្ធ​ដែល​ធំ​ឡើង​ជា​មួយ​គ្នា​ក្នុង​ក្រុម​ជំនុំ​និង​អំពី​ការ​រស់​នៅ​ក្នុង​ក្រុង​តូច​ទេ។ ម្យ៉ាង​ទៀត គាត់​ក៏​មិន​ទាន់​រៀន​ចប់​ខាង​ជាង​អគ្គិសនី​ដែរ។ ប៉ុន្តែ ពេល​គេ​សួរ​អ៊ី​សា​បែ​ល (​កាល​នោះ​មាន​អាយុ​២១​ឆ្នាំ​) អំពី​ការ​រើ​ទៅ​បម្រើ​នៅ​កន្លែង​ផ្សេង នាង​ឆ្លើយ​ឡើង​ថា​៖ ​«​នេះ​ជា​អ្វី​ដែល​ខ្ញុំ​តែង​តែ​ចង់​ធ្វើ!​»។ ប៉ុន្តែ ក្រោយ​មក​នាង​និយាយ​ថា​៖ ​«​នៅ​ពេល​ដែល​ខ្ញុំ​គិត​ថែម​ទៀត​អំពី​រឿង​នេះ​ខ្ញុំ​ឆ្ងល់​ថា ‹តើ​នេះ​ជា​គំនិត​ល្អ​ឬ​ទេ? តើ​ខ្ញុំ​នឹង​នឹក​មិត្ត​ភក្ដិ​របស់​ខ្ញុំ​ឬ​ទេ? ឬ​មួយ​ក៏​ខ្ញុំ​គួរ​នៅ​ក្នុង​ក្រុម​ជំនុំ​របស់​ខ្ញុំ​ជា​កន្លែង​ដែល​អ្វី​ៗ​ទាំង​អស់​គឺ​ស្រួល​សម្រាប់​ខ្ញុំ ហើយ​គ្មាន​អ្វី​កើត​ឡើង​ដែល​ខ្ញុំ​មិន​ដឹង​នោះ​ទេ?›​»។ តើ​អេលសាបេត​តប​ឆ្លើយ​យ៉ាង​ណា​ចំពោះ​ការ​អញ្ជើញ​នេះ? នាង​និយាយ​ថា​៖ ​«​ខ្ញុំ​មាន​អារម្មណ៍​ថា​ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ភារកិច្ច​មួយ​ដល់​គ្រួសារ​របស់​យើង ប៉ុន្តែ​ខ្ញុំ​ក៏​បាន​គិត​អំពី​ផ្ទះ​របស់​យើង​ដែល​ទើប​នឹង​ជួស​ជុល​ថ្មី​ៗ​នេះ និង​របស់​របរ​ទាំង​អស់​ក្នុង​ផ្ទះ​ដែល​យើង​មាន​ក្នុង​អំឡុង​ពេល​២៥​ឆ្នាំ​កន្លង​មក​នេះ​ដែរ​»។

 
 

ពេល​ដែល​សប្ដាហ៍​ពិសេស​នោះ​បាន​កន្លង​ផុត​ទៅ រ៉ូអាល​និង​គ្រួសារ​របស់​គាត់​បាន​ត្រឡប់​ទៅ​ក្រុង​ប៊ែហ្គិន​វិញ ប៉ុន្តែ​ពួក​គេ​នៅ​តែ​គិត​អំពី​បង​ប្អូន​គ្រិស្ត​សាសនិក​ប្រុស​ស្រី​នៅ​ក្រុង​ឡាក់សិល​ដែល​មាន​ចម្ងាយ​ប្រហែលជា​២.១០០​គីឡូម៉ែត្រ (​១.៣០០​ម៉ៃល៍​) ពី​កន្លែង​របស់​ពួក​គាត់។ អេលសាបេត​និយាយ​ថា​៖ ​«​ខ្ញុំ​បាន​អធិដ្ឋាន​ជា​ច្រើន​ដង​ទៅ​ព្រះ​យេហូវ៉ា ហើយ​ខ្ញុំ​បន្ត​ទាក់​ទង​មិត្ត​ភក្ដិ​ដែល​យើង​បាន​ជួប ហើយ​យើង​បាន​ផ្ញើ​រូប​ថត​និង​បទ​ពិសោធន៍​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​»។ រ៉ូអាល​និយាយ​ថា​៖ ​«​ខ្ញុំ​ត្រូវ​ការ​ពេល​ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ត​អំពី​ការ​រើ​ទៅ​ក្រុម​ជំនុំ​ថ្មី។ ខ្ញុំ​ក៏​បាន​ពិចារណា​ដែរ​ថា​យើង​មាន​លទ្ធភាព​រើ​ទៅ​ឬ​យ៉ាង​ណា។ តើ​យើង​នឹង​រក​ស៊ី​ចិញ្ចឹម​ជីវិត​យ៉ាង​ដូច​ម្ដេច? ខ្ញុំ​បាន​អធិដ្ឋាន​ច្រើន​ណាស់​ទៅ​ព្រះ​យេហូវ៉ា ហើយ​បាន​ពិភាក្សា​ជា​មួយ​ក្រុម​គ្រួសារ​របស់​ខ្ញុំ​និង​ជា​មួយ​បង​ប្អូន​ដែល​មាន​បទ​ពិសោធន៍​»។ ហ្វេបៀន​នៅ​ចាំ​ថា​៖ ​«​កាល​ណា​ខ្ញុំ​គិត​អំពី​រឿង​នេះ​កាន់​តែ​ច្រើន ខ្ញុំ​កាន់​តែ​ដឹង​ថា​ខ្ញុំ​ពិត​ជា​គ្មាន​មូលហេតុ​ត្រឹម​ត្រូវ​ដើម្បី​បដិសេធ​ទេ។ ខ្ញុំ​បាន​អធិដ្ឋាន​ច្រើន​ដង​ទៅ​ព្រះ​យេហូវ៉ា បន្ទាប់​មក​ខ្ញុំ​ចាប់​ផ្ដើម​មាន​ចិត្ត​ចង់​ទៅ​កាន់​តែ​ខ្លាំង​ឡើង​ៗ​»។ ចុះ​យ៉ាង​ណា​អ៊ី​សា​បែ​ល​វិញ? ដើម្បី​ត្រៀម​ខ្លួន​រើ​ទៅ​នៅ​ពេល​អនាគត នាង​បាន​ចាប់​ផ្ដើម​ធ្វើ​ជា​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល​នៅ​ក្រុម​ជំនុំ​របស់​នាង។ បន្ទាប់​ពី​ត្រួស​ត្រាយ​អស់​៦​ខែ ហើយ​ក្នុង​អំឡុង​ពេល​នោះ​នាង​ក៏​បាន​ចំណាយ​ពេល​យ៉ាង​ច្រើន​ដើម្បី​សិក្សា​គម្ពីរ​ផ្ទាល់​ខ្លួន​ដែរ នាង​មាន​អារម្មណ៍​ថា​នាង​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​រើ​ទៅ​កន្លែង​ឆ្ងាយ។

ពួក​គេ​ចាត់​វិធានការ​ផ្សេង​ៗ​ដើម្បី​សម្រេច​គោលដៅ

កាល​ដែល​ពួក​គាត់​មាន​បំណង​ប្រាថ្នា​កាន់​តែ​ខ្លាំង​ឡើង​ដើម្បី​បម្រើ​នៅ​កន្លែង​ដែល​មាន​សេចក្ដី​ត្រូវ​ការ​អ្នក​ផ្សាយ​ច្រើន​ជាង ក្រុម​គ្រួសារ​នោះ​បាន​ចាត់​វិធានការ​ផ្សេង​ៗ​ដើម្បី​សម្រេច​គោលដៅ​របស់​ពួក​គាត់។ រ៉ូអាល​មាន​ការងារ​ដែល​បាន​ប្រាក់​ខែ​ច្រើន​ដែល​គាត់​ពិត​ជា​ចូល​ចិត្ត ប៉ុន្តែ​គាត់​បាន​សុំ​ផ្អាក​ការងារ​រយៈ​ពេល​មួយ​ឆ្នាំ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី និយោជក​របស់​គាត់​បាន​សុំ​គាត់​ឲ្យ​ធ្វើ​ការ​មិន​ពេញ​ពេល​វិញ ពោល​គឺ​ធ្វើ​ការ​២​សប្ដាហ៍​មិន​ធ្វើ​ការ​៦​សប្ដាហ៍។ រ៉ូអាល​និយាយ​ថា​៖ ​«​ប្រាក់​ចំណូល​របស់​ខ្ញុំ​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ប៉ុន្តែ​យើង​នៅ​តែ​អាច​ចិញ្ចឹម​ជីវិត​បាន​»។

អេលសាបេត​រៀប​រាប់​ថា​៖ ​«​ប្ដី​ខ្ញុំ​បាន​សុំ​ខ្ញុំ​ឲ្យ​ខំ​រក​ផ្ទះ​មួយ​នៅ​ឡាក់សិល ហើយ​ដាក់​ផ្ទះ​របស់​យើង​នៅ​ប៊ែហ្គិន​ឲ្យ​គេ​ជួល។ យើង​បាន​ចំណាយ​ពេល​និង​កម្លាំង​ជា​ច្រើន ប៉ុន្តែ​យើង​បាន​សម្រេច​គោលដៅ។ គាត់​បន្ថែម​ទៀត​ថា​៖ ​«​មួយ​រយៈ​ពេល​ក្រោយ​មក កូន​ៗ​យើង​រក​បាន​ការងារ​មិន​ពេញ​ពេល ហើយ​ពួក​គេ​ជួយ​ចេញ​ថ្លៃ​ម្ហូប​អាហារ​និង​ថ្លៃ​មធ្យោបាយ​ធ្វើ​ដំណើរ​»។

អ៊ី​សា​បែ​ល​និយាយ​ថា​៖ ​«​ដោយ​សារ​ក្រុង​ដែល​យើង​រស់​នៅ​គឺ​តូច បញ្ហា​ដ៏​ធំ​របស់​ខ្ញុំ​គឺ​ការ​រក​ការងារ​ធ្វើ​ដើម្បី​ចិញ្ចឹម​ខ្លួន​ខ្ញុំ​ដែល​ជា​អ្នក​ត្រួស​ត្រាយ។ ជួនកាល មើល​ទៅ​ដូច​ជា​គ្មាន​សង្ឃឹម​ទេ​»។ ប៉ុន្តែ ដោយ​សុខ​ចិត្ត​ទទួល​យក​ការងារ​មិន​ពេញ​ពេល​បន្ដិច​បន្តួច​ដែល​នាង​អាច​រក​បាន ពោល​គឺ​ដោយ​ធ្វើ​ការងារ​៩​មុខ​នៅ​ឆ្នាំ​ទី​១ នោះ​នាង​អាច​បង់​ចំណាយ​សម្រាប់​ខ្លួន​នាង​បាន។ ចុះ​យ៉ាង​ណា​ហ្វេបៀន? គាត់​និយាយ​ថា​៖ ​«​ដើម្បី​បញ្ចប់​ការ​សិក្សា​ជា​ជាង​អគ្គិសនី ខ្ញុំ​នៅ​តែ​ត្រូវ​ធ្វើ​ការ​ជា​កូន​ជាង។ ខ្ញុំ​បាន​ធ្វើ​ការ​នេះ​នៅ​ក្រុង​ឡាក់សិល។ ក្រោយ​មក​ខ្ញុំ​បាន​ប្រឡង​ជាប់ ហើយ​រក​បាន​ការងារ​មិន​ពេល​ពេល​មួយ​គឺ​ធ្វើ​ជា​ជាង​អគ្គិសនី​»។

របៀប​ដែល​អ្នក​ឯ​ទៀត​បាន​បង្កើន​កិច្ច​បម្រើ​របស់​ពួក​គេ

 
 

ម៉ារែលយ៉ឹស​និង​ខេសៀ​ជា​ប្រពន្ធ​របស់​គាត់ ក៏​ចង់​បម្រើ​នៅ​កន្លែង​ដែល​ត្រូវ​ការ​អ្នក​ផ្សាយ​ច្រើន​ជាង​ដែរ។ ម៉ារែលយ៉ឹស​ដែល​ឥឡូវ​មាន​អាយុ​២៩​ឆ្នាំ​និយាយ​ថា​៖ ​«​នៅ​មហាសន្និបាត សុន្ទរកថា​និង​ការ​សម្ភាស​អំពី​ការ​ត្រួស​ត្រាយ​បាន​ជំរុញ​ចិត្ត​ខ្ញុំ​ឲ្យ​គិត​អំពី​ការ​បង្កើន​កិច្ច​បម្រើ​របស់​ខ្ញុំ​»។ ប៉ុន្តែ សម្រាប់​ខេ​សៀ​វិញ​ដែល​ឥឡូវ​មាន​អាយុ​២៦​ឆ្នាំ ការ​គិត​អំពី​ការ​រើ​ទៅ​ឆ្ងាយ​ពី​គ្រួសារ​គឺជា​ការ​ពិបាក​មួយ។ នាង​និយាយ​ថា​៖ ​«​ខ្ញុំ​មិន​ចង់​គិត​អំពី​ការ​រើ​ទៅ​នៅ​ឆ្ងាយ​ពី​មនុស្ស​ដែល​ខ្ញុំ​ស្រឡាញ់​ទេ​»។ ម្យ៉ាង​ទៀត ម៉ារែលយ៉ឹស​ធ្វើ​ការ​ពេញ​ពេល​ដើម្បី​បង់​រំលស់​ថ្លៃ​ផ្ទះ​របស់​ពួក​គេ។ គាត់​និយាយ​ថា​៖ ​«​ដោយ​សារ​យើង​បាន​អធិដ្ឋាន​ជា​ច្រើន​ដង ហើយ​សុំ​ព្រះ​យេហូវ៉ា​ជួយ​យើង​ដើម្បី​យើង​អាច​ធ្វើ​ការ​ផ្លាស់​ប្ដូរ ដូច្នេះ​យើង​អាច​រើ​ទៅ​បាន​»។ មុន​ដំបូង​ពួក​គេ​ចំណាយ​ពេល​កាន់​តែ​ច្រើន​ដើម្បី​សិក្សា​គម្ពីរ។ បន្ទាប់​មក ប្ដី​ប្រពន្ធ​នេះ​បាន​លក់​ផ្ទះ​របស់​ពួក​គេ លា​ឈប់​ពី​ការងារ ហើយ​នៅ​ខែ​សីហា ឆ្នាំ​២០១១ ពួក​គេ​បាន​រើ​ទៅ​ក្រុង​អាលតា​ដែល​ស្ថិត​នៅ​ប្រទេស​ន័រវ៉េ​ភាគ​ខាង​ត្បូង។ នៅ​ទី​នោះ ដើម្បី​ពួក​គេ​អាច​ត្រួស​ត្រាយ​បាន ម៉ារែលយ៉ឹស​បាន​ធ្វើ​ការ​ជា​គណនេយ្យករ រីឯ​ខេ​សៀ​ធ្វើ​ការ​ក្នុង​ហាង​លក់​ទំនិញ។

ឃ្នុត​និង​ឡេសបេត​ជា​ប្ដី​ប្រពន្ធ​ដែល​ឥឡូវ​មាន​អាយុ​៣៥​ឆ្នាំ បាន​ទទួល​ការ​លើក​ទឹក​ចិត្ត​ពី​កំណត់​ហេតុ​នៅ​ក្នុង​សៀវភៅ​ប្រចាំ​ឆ្នាំ (​Yearbook​) ស្តី​អំពី​ពួក​អ្នក​ដែល​បម្រើ​នៅ​កន្លែង​ដែល​មាន​សេចក្ដី​ត្រូវ​ការ​ច្រើន​ជាង​នូវ​អ្នក​ផ្សាយ​អំពី​រាជាណាចក្រ។ ឡេសបេត​និយាយ​ថា​៖ ​«​បទ​ពិសោធន៍​ទាំង​នេះ​ធ្វើ​ឲ្យ​យើង​គិត​អំពី​ការ​បម្រើ​នៅ​ប្រទេស​ផ្សេង ប៉ុន្តែ​ខ្ញុំ​មាន​ចិត្ត​ស្ទាក់​ស្ទើរ​ដោយ​សារ​ខ្ញុំ​មិន​ជឿ​ថា​មនុស្ស​ធម្មតា​ដូច​ខ្ញុំ​អាច​រើ​ទៅ​នៅ​ប្រទេស​ផ្សេង​បាន​ទេ​»។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ពួក​គេ​បាន​ចាត់​វិធានការ​ផ្សេង​ៗ​ដើម្បី​សម្រេច​គោលដៅ​របស់​ពួក​គេ។ ឃ្នុត​និយាយ​ថា​៖ ​«​យើង​បាន​លក់​ផ្ទះ​របស់​យើង ហើយ​ដើម្បី​សន្សំ​ប្រាក់ យើង​បាន​រើ​ទៅ​នៅ​ជា​មួយ​ម្ដាយ​របស់​ខ្ញុំ។ ក្រោយ​មក ដើម្បី​ពិសោធ​ឲ្យ​ដឹង​អំពី​ការ​បម្រើ​នៅ​ប្រទេស​ក្រៅ យើង​បាន​រើ​ទៅ​បម្រើ​នៅ​ក្រុម​ជំនុំ​ភាសា​អង់គ្លេស​អស់​រយៈ​ពេល​មួយ​ឆ្នាំ​នៅ​ក្រុង​ប៊ែហ្គិន នៅ​ទី​នោះ​យើង​បាន​ស្នាក់​នៅ​ជា​មួយ​ម្ដាយ​របស់​ឡេសបេត​»។ មិន​យូរ​ប៉ុន្មាន ឃ្នុត​និង​ឡេសបេត​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​រើ​ទៅ​ប្រទេស​ផ្សេង ហើយ​បាន​រើ​ទៅ​ប្រទេស​ដ៏​ឆ្ងាយ​មួយ​គឺ​ប្រទេស​អ៊ូហ្គង់ដា។ ពួក​គាត់​ត្រឡប់​មក​ប្រទេស​ន័រវ៉េ​វិញ​ដើម្បី​ធ្វើ​ការ​អស់​រយៈ​ពេល​ពីរ​ខែ​ក្នុង​មួយ​ឆ្នាំ។ តាម​វិធី​នេះ​ពួក​គេ​អាច​មាន​លុយ​គ្រប់​គ្រាន់​ដើម្បី​រស់​នៅ​និង​ផ្សព្វ​ផ្សាយ​ពេញ​ពេល​នៅ​ប្រទេស​អ៊ូហ្គង់ដា​បាន​ពេញ​មួយ​ឆ្នាំ។

«​សូម​ភ្លក់​មើល​ឲ្យ​ដឹង​ថា​ព្រះ​យេហូវ៉ា​ទ្រង់​ល្អ​»​

 
 

តើ​ពួក​អ្នក​ធ្វើ​ការ​ស្ម័គ្រ​ចិត្ត​ទាំង​នេះ​ទទួល​លទ្ធផល​យ៉ាង​ណា? រ៉ូអាល​និយាយ​ថា​៖ ​«​យើង​ចំណាយ​ពេល​ជា​មួយ​គ្នា​ជា​ក្រុម​គ្រួសារ​នៅ​តំបន់​ដាច់​ស្រយាល​ច្រើន​ជាង​ពេល​យើង​នៅ​ក្រុង​ប៊ែហ្គិន។ គ្រួសារ​របស់​យើង​កាន់​តែ​ជិត​ស្និទ្ធ​នឹង​គ្នា។ ពេល​ឃើញ​កូន​ៗ​របស់​យើង​កាន់​តែ​ស្រឡាញ់​ព្រះ​យេហូវ៉ា នេះ​ជា​ពរ​មួយ​»។ គាត់​បន្ថែម​ថា​៖ ​«​ឥឡូវ​យើង​ក៏​មិន​ខ្វល់​ច្រើន​អំពី​ទ្រព្យ​សម្បត្ដិ​ដែរ។ របស់​ទាំង​នោះ​មិន​សូវ​សំខាន់​ដូច​ដែល​យើង​ធ្លាប់​គិត​នោះ​ឡើយ​»។

អេលសាបេត​បាន​ដឹង​ថា​នាង​ត្រូវ​រៀន​ភាសា​ផ្សេង​ទៀត។ ហេតុ​អ្វី? នៅ​ក្នុង​តំបន់​ផ្សាយ​របស់​ក្រុម​ជំនុំ​នៅ​ឡាក់សិល​នោះ​ក៏​រួម​បញ្ចូល​ភូមិ​ខារ៉ាចូក​ដែរ ជា​តំបន់​សំខាន់​បំផុត​របស់​ជន​ជាតិ​ដើម​សាមី ដែល​រស់​នៅ​ភាគ​ខាង​ជើង​នៃ​ប្រទេស​ន័រវ៉េ ស៊ុយអែត ហ្វាំងឡង់ និង​រុស្ស៊ី។ ដូច្នេះ ដើម្បី​ងាយ​ស្រួល​ផ្សព្វ​ផ្សាយ​ដល់​ជន​ជាតិ​ដើម​ទាំង​នេះ អេលសាបេត​បាន​ចាប់​ផ្ដើម​រៀន​ភាសា​សាមី។ ឥឡូវ​នាង​អាច​សន្ទនា​បាន​ខ្លះ​ៗ​ជា​ភាសា​នេះ​បាន។ តើ​នាង​សប្បាយ​ចិត្ត​នឹង​ការ​ផ្សព្វ​ផ្សាយ​នៅ​តំបន់​ផ្សាយ​ថ្មី​នេះ​ឬ​ទេ? នាង​និយាយ​ទាំង​ទឹក​មុខ​ញញឹម​ថា​៖ ​«​ខ្ញុំ​បាន​ដឹក​នាំ​ការ​សិក្សា​គម្ពីរ​៦។ ខ្ញុំ​សប្បាយ​ចិត្ត​នឹង​បម្រើ​នៅ​ទី​នេះ​ណាស់!​»។

ហ្វេបៀន​ដែល​ឥឡូវ​បម្រើ​ជា​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល​និង​ជា​ជំនួយ​ការ​ខាង​កិច្ច​បម្រើ រៀប​រាប់​ថា​គាត់​និង​អ៊ី​សា​បែ​ល​បាន​ជួយ​ក្មេង​ជំទង់​ប្រុស​ស្រី​បី​នាក់​នៅ​ក្នុង​ក្រុម​ជំនុំ​ថ្មី​របស់​ពួក​គាត់។ ពួក​គេ​ត្រូវ​ការ​ការ​លើក​ទឹក​ចិត្ត​ដើម្បី​ចូល​រួម​សកម្មភាព​ផ្សេង​ៗ​ក្នុង​ក្រុម​ជំនុំ​កាន់​តែ​ច្រើន។ សព្វ​ថ្ងៃ​ក្មេង​ជំទង់​ទាំង​បី​នាក់​នេះ​កំពុង​មាន​សកម្មភាព​ក្នុង​កិច្ច​បម្រើ​ផ្សាយ។ តាម​ការ​ពិត ពីរ​នាក់​ក្នុង​ចំណោម​ពួក​គេ​បាន​ទទួល​ការ​ជ្រមុជ​ទឹក ហើយ​បាន​បម្រើ​ជា​អ្នក​ត្រួស​ត្រាយ​ជំនួយ​នៅ​ខែ​មីនា ឆ្នាំ​២០១២។ ម្នាក់​ក្នុង​ចំណោម​ពួក​គេ​ដែល​បាន​ចាប់​ផ្ដើម​រសាត់​ចេញ​ពី​សេចក្ដី​ពិត បាន​អរគុណ​ហ្វេបៀន​និង​អ៊ី​សា​បែ​ល​ដោយ​និយាយ​ថា​ពួក​គេ​បាន​ជួយ​នាង​ឲ្យ​មាន​«​សកម្មភាព​»​ម្ដង​ទៀត​ក្នុង​សេចក្ដី​ពិត។ ហ្វេបៀន​និយាយ​ថា​៖ ​«​ខ្ញុំ​ពិត​ជា​រំភើប​ចិត្ត​មែន​ពេល​នាង​និយាយ​ពាក្យ​នោះ។ ការ​ជួយ​អ្នក​ណា​ម្នាក់​នាំ​ឲ្យ​មាន​អំណរ​មែន!​»។ អ៊ី​សា​បែ​ល​កត់​សម្គាល់​ថា​៖ ​«​ក្នុង​តំបន់​ផ្សាយ​នេះ ខ្ញុំ​ពិត​ជា​បាន​‹ភ្លក់​មើល​ឲ្យ​ដឹង​ថា​ព្រះ​យេហូវ៉ា​ទ្រង់​ល្អ›​ពិត​មែន​»។ (​ទំនុក. ៣៤:៨​) នាង​បន្ថែម​ថា​៖ ​«​លើស​ពី​នេះ​ទៅ​ទៀត ការ​បម្រើ​នៅ​ទី​នេះ​គឺ​ពិត​ជា​សប្បាយ​ណាស់!​»។

ម៉ារែលយ៉ឹស​និង​ខេ​សៀ​សព្វ​ថ្ងៃ​មាន​កម្រិត​ជីវភាព​រស់​នៅ​សាមញ្ញ​ជាង​មុន ប៉ុន្តែ​ក៏​មាន​ន័យ​ខ្លឹម​សារ​ជាង​ដែរ។ ក្រុម​ជំនុំ​នៅ​ក្រុង​អាល​តា​ដែល​ពួក​គេ​បាន​រើ​ទៅ​ឥឡូវ​មាន​អ្នក​ផ្សព្វ​ផ្សាយ​៤១​នាក់។ ម៉ារែលយ៉ឹស​និយាយ​ថា​៖ ​«​បើ​ប្រៀប​ធៀប​នឹង​ជីវិត​របស់​យើង​ពី​មុន ជីវិត​របស់​យើង​ឥឡូវ​បាន​ផ្លាស់​ប្ដូរ​ជា​ច្រើន នេះ​ពិត​ជា​លើក​ទឹក​ចិត្ត​យើង​មែន។ យើង​អរគុណ​ព្រះ​យេហូវ៉ា​ដែល​យើង​អាច​បម្រើ​លោក​ជា​អ្នក​ត្រួស​ត្រាយ​នៅ​ទី​នេះ។ គ្មាន​អ្វី​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ស្កប់​ចិត្ត​ជាង​នេះ​ឡើយ​»។ ខេ​សៀ​បន្ថែម​ថា​៖ ​«​ខ្ញុំ​បាន​រៀន​ឲ្យ​ចេះ​ទុក​ចិត្ត​ព្រះ​យេហូវ៉ា​ទាំង​ស្រុង​ថែម​ទៀត ហើយ​លោក​បាន​ថែ​រក្សា​យើង​យ៉ាង​ល្អ។ ខ្ញុំ​ក៏​បាន​ដឹង​ថា​ពេល​រស់​នៅ​កាន់​តែ​ឆ្ងាយ​ពី​ញាតិ​សន្ដាន នេះ​ជួយ​ខ្ញុំ​ឲ្យ​យល់​កាន់​តែ​ច្រើន​អំពី​តម្លៃ​នៃ​ការ​ចំណាយ​ពេល​ជា​មួយ​គ្នា។ ខ្ញុំ​មិន​ដែល​ស្ដាយ​ក្រោយ​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​យើង​ឡើយ​»។

 

តើ​ឃ្នុត​និង​ឡេសបេត​ដែល​នៅ​ប្រទេស​អ៊ូហ្គង់ដា​ឯ​ណោះ​វិញ យ៉ាង​ណា​ដែរ? ឃ្នុត​រៀប​រាប់​ថា​៖ ​«​ដើម្បី​សម្រប​ខ្លួន​ទៅ​នឹង​បរិយាកាស​និង​វប្បធម៌​ថ្មី​គឺ​ត្រូវ​ការ​ពេល។ ម្ដង​ម្កាល យើង​មាន​បញ្ហា​ក្រពះ ទឹក ភ្លើង ប៉ុន្តែ​យើង​អាច​ដឹក​នាំ​ការ​សិក្សា​គម្ពីរ​ប៉ុន្មាន​ក៏​បាន​ដែរ​តាម​ចិត្ត​ចង់!​»។ ឡេសបេត​និយាយ​ថា​៖ ​«​បើ​ធ្វើ​ដំណើរ​តែ​កន្លះ​ម៉ោង​ប៉ុណ្ណោះ​ពី​កន្លែង​ដែល​យើង​រស់​នៅ មាន​តំបន់​ផ្សាយ​ដែល​មនុស្ស​មិន​ដែល​ឮ​ដំណឹង​ល្អ​ទេ។ ប៉ុន្តែ ពេល​យើង​ទៅ​ដល់​ទី​នោះ យើង​ឃើញ​គេ​កំពុង​អាន​គម្ពីរ ហើយ​សុំ​យើង​ឲ្យ​បង្រៀន​ពួក​គេ។ ការ​បង្រៀន​គម្ពីរ​ដល់​មនុស្ស​ដែល​មាន​ចិត្ត​រាប​ទាប​បែប​នេះ នាំ​ឲ្យ​មាន​អំណរ​ដែល​គ្មាន​អ្វី​អាច​ប្រៀប​ផ្ទឹម​បាន​ឡើយ!​»។

លោក​យេស៊ូ​គ្រិស្ត​ដែល​ជា​អ្នក​ដឹក​នាំ​របស់​យើង​ពិត​ជា​រីករាយ​ណាស់! ពេល​លោក​សង្កេត​មើល​ពី​ស្ថាន​សួគ៌​ឃើញ​ថា​កិច្ចការ​ផ្សព្វ​ផ្សាយ​ដែល​លោក​បាន​ចាប់​ផ្ដើម ឥឡូវ​បាន​ត្រូវ​ធ្វើ​ឡើង​នៅ​តំបន់​ច្រើន​ជាង​នៅ​ផែនដី។ មែន​ហើយ ចំពោះ​រាស្ត្រ​ទាំង​អស់​របស់​ព្រះ ការ​លះ​បង់​ប្រយោជន៍​ខ្លួន​ដោយ​ស្ម័គ្រ​ចិត្ត​ដើម្បី​ធ្វើ​តាម​បង្គាប់​របស់​លោក​យេស៊ូ​ដែល​ឲ្យ​«​ទៅ​បង្រៀន​មនុស្ស​គ្រប់​ជាតិ​សាសន៍​»​ ពិត​ជា​នាំ​ឲ្យ​មាន​អំណរ​ក្នុង​ចិត្ត​មែន។—ម៉ាថ. ២៨:១៩, ២០

[​ប្រអប់​នៅ​ទំព័រ​៦​]

ការ​អនុវត្ត​គោលការណ៍​គម្ពីរ​អាច​ជួយ​អ្នក​ឲ្យ​ត្រៀម​ខ្លួន​ដើម្បី​បម្រើ​នៅ​កន្លែង​ដែល​ មាន​សេចក្ដី​ត្រូវ​ការ​ច្រើន​ជាង​នូវ​អ្នក​ផ្សាយ​អំពី​រាជាណាចក្រ គឺ

• អធិដ្ឋាន​សុំ​ព្រះ​យេហូវ៉ា​ជួយ​អ្នក​ឲ្យ​មាន​បំណង​ប្រាថ្នា​ចង់​រើ​ទៅ​បម្រើ​នៅ​កន្លែង​ដែល​មាន​សេចក្ដី​ត្រូវ​ការ​ច្រើន​ជាង​និង​សុំ​«​សេចក្ដី​[​ការ​ណែនាំ​]​ដែល​មាន​ប្រយោជន៍​»។—សុភ. ៣:២១; ភី. ២:១៣; យ៉ា. ១:៥

• សុំ​យោបល់​ពី​បង​ប្អូន​រួម​ជំនឿ​ដែល​មាន​គំនិត​ឈ្លាស​វៃ។ ​«​អ្នក​ណា​ដែល​ដើរ​ជា​មួយ​នឹង​មនុស្ស​ប្រាជ្ញ នោះ​នឹង​មាន​ប្រាជ្ញា​ដែរ​»។—សុភ. ១២:១៥; ១៣:២០

• រៀបចំ​គម្រោង​ច្បាស់​លាស់។ ​«​គំនិត​[​គម្រោង​]​របស់​មនុស្ស​ឧស្សាហ៍ នោះ​នាំ​ឲ្យ​បាន​បរិបូរ​ឡើង​»។—សុភ. ២១:៥

• បន្ត​សម្រេច​គោលដៅ​និង​ធ្វើ​តាម​គម្រោង​របស់​អ្នក ហើយ​«​ប្រព្រឹត្ត​ការ​ល្អ​»។—ទំនុក. ៣៧:៣

ពេល​ដែល​អ្នក​ធ្វើ​តាម​ជំហាន​ទាំង​ប៉ុន្មាន​នេះ អ្នក​អាច​មាន​ទំនុក​ចិត្ត​ថា​ព្រះ​យេហូវ៉ា​នឹង​ឲ្យ​ពរ​ចំពោះ​ការ​ខំ​ប្រឹង​របស់​អ្នក!—សុភ. ១៦:៣

[​ផែនទី​នៅ​ទំព័រ​៣​]

(ដើម្បី​មើល​ឃើញ​ទាំង​អស់ សូម​មើល​សៀវភៅ)

ខូលអិហ្វជួ

ឡាក់សិល

អាល​តា

ខារ៉ាចូក

តំបន់​អាកទិច

អូស្លូ

ប៊ែហ្គិន

[​រូបភាព​នៅ​ទំព័រ​៣​]

រ៉ូអាល​និង​ហ្វេបៀន

[​រូបភាព​នៅ​ទំព័រ​៣​]

អេលសាបេត​និង​អ៊ីសាបែល

[​រូបភាព​នៅ​ទំព័រ​៥​]

ឃ្នុត​និង​ឡេសបេត​កំពុង​ដឹក​នាំ​ការ​សិក្សា​គម្ពីរ​ជា​មួយ​ក្រុម​គ្រួសារ​មួយ​នៅ​ប្រទេស​អ៊ូហ្គង់ដា

[​រូបភាព​នៅ​ទំព័រ​៥​]

ម៉ារែលយ៉ឹស​និង​ខេ​សៀ​កំពុង​ផ្សព្វ​ផ្សាយ​ដល់​ស្ត្រីជន​ជាតិ​សាមី​ម្នាក់​នៅ​ប្រទេស​ន័រវ៉េ

[​រូបភាព​នៅ​ទំព័រ​៦​]

រ៉ូអាល​និយាយ​ថា​៖ ​«​គ្រួសារ​របស់​យើង​កាន់​តែ​ជិត​ស្និទ្ធ​នឹង​គ្នា​»​