លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរបម្រើព្រះដោយឥតស្ដាយក្រោយ

ចូរបម្រើព្រះដោយឥតស្ដាយក្រោយ

​«​ខ្ញុំ​កំពុង​បំភ្លេច​អ្វី​ៗ​ដែល​នៅ​ខាង​ក្រោយ ហើយ​កំពុង​ប្រឹង​រត់​សំដៅ​ទៅ​អ្វី​ៗ​នៅ​ខាង​មុខ​»។—ភី. ៣:១៣

១​-​៣​. ​(​ក​) តើ​ការ​ស្ដាយ​ក្រោយ​ជា​អ្វី ហើយ​តើ​វា​អាច​មាន​ឥទ្ធិពល​មក​លើ​យើង​យ៉ាង​ដូច​ម្ដេច? (​ខ​) តាម​រយៈ​គំរូ​របស់​ប៉ូល តើ​អ្វី​អាច​ជួយ​យើង​ឲ្យ​បម្រើ​ព្រះ​ដោយ​ឥត​ស្ដាយ​ក្រោយ?

​អ្នក​និពន្ធ​ម្នាក់​ឈ្មោះ​ចន គ្រីនលីស៍ វិតធៀ​បាន​សរសេរ​ថា​៖ ​«​ក្នុង​ចំណោម​ពាក្យ​ទាំង​អស់​ដែល​មនុស្ស​និយាយ​និង​សរសេរ​ពេល​ក្រៀម​ក្រំ​ចិត្ត ពាក្យ​ដែល​បង្ហាញ​ការ​ក្រៀម​ក្រំ​ចិត្ត​ជាង​គេ​គឺ​ពាក្យ​ថា ‹ស្ដាយ​ណាស់ កាល​នោះ . . . !›​»។ មនុស្ស​និយាយ​ពាក្យ​ទាំង​នេះ​ពេល​ពួក​គេ​គិត​ថា​ជីវិត​របស់​ពួក​គេ​នឹង​ទៅ​ជា​យ៉ាង​ណា​វិញ បើ​ពួក​គេ​បាន​ធ្វើ​អ្វី​ៗ​ផ្សេង​ពី​នេះ។ យោង​ទៅ​តាម​វចនានុក្រម​ខ្មែរ ពាក្យ​«​ស្ដាយ​»​មាន​ន័យ​ថា នឹក​អាល័យ នឹក​ឃើញ​ហើយ​មិន​អស់​ចិត្ត មិន​អស់​អាល័យ។ យើង​ទាំង​អស់​គ្នា​ធ្លាប់​ធ្វើ​អ្វី​ៗ​ដែល​យើង​ស្ដាយ​ថា​បើ​យើង​អាច​ធ្វើ​ពី​ដើម​ឡើង​វិញ យើង​នឹង​ធ្វើ​តាម​វិធី​ផ្សេង​វិញ។ តើ​អ្នក​ធ្លាប់​ស្ដាយ​ក្រោយ​ចំពោះ​អ្វី​ខ្លះ?

មនុស្ស​ខ្លះ​ធ្លាប់​មាន​កំហុស​ធ្ងន់ធ្ងរ​ក្នុង​ជីវិត​របស់​ពួក​គេ ថែម​ទាំង​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់ធ្ងរ​ទៀត​ផង។ អ្នក​ខ្លះ​ទៀត​មិន​បាន​ប្រព្រឹត្ត​អ្វី​ដែល​អាក្រក់​ដូច​នេះ​ទេ ប៉ុន្តែ​ពួក​គេ​ឆ្ងល់​ថា​ការ​សម្រេច​ចិត្ត​ខ្លះ​ៗ​របស់​ពួក​គេ​ជា​ការ​សម្រេច​ចិត្ត​ដែល​ល្អ​បំផុត​ឬ​យ៉ាង​ណា។ មនុស្ស​ខ្លះ​អាច​ឈប់​គិត​អំពី​អ្វី​ដែល​ពួក​គាត់​បាន​ធ្វើ​នៅ​អតីតកាល។ អ្នក​ខ្លះ​ទៀត​នៅ​តែ​ពិបាក​ចិត្ត​ជា​និច្ច​អំពី​ការ​សម្រេច​ចិត្ត​ដែល​ពួក​គេ​បាន​ធ្វើ ហើយ​ពួក​គេ​គិត​ថា ‹ស្ដាយ​ណាស់ កាល​នោះ . . . !›។ (​ទំនុក. ៥១:៣​) ចុះ​អ្នក​វិញ​យ៉ាង​ណា​ដែរ? យ៉ាង​ហោច​ណាស់​ចាប់​ពី​ពេល​នេះ​ត​ទៅ តើ​អ្នក​ចង់​បម្រើ​ព្រះ​ដោយ​ឥត​ស្ដាយ​ក្រោយ​ឬ​ទេ? តើ​មាន​គំរូ​របស់​អ្នក​ណា​ម្នាក់​ក្នុង​គម្ពីរ​ដែល​អាច​ធ្វើ​ដូច្នេះ​បាន? ពិត​ជា​មាន​មែន គឺ​សាវ័ក​ប៉ូល។

ក្នុង​ជីវិត​របស់​ប៉ូល គាត់​បាន​ធ្វើ​ខុស​យ៉ាង​ធ្ងន់ធ្ងរ ហើយ​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ឈ្លាស​វៃ។ គាត់​ស្ដាយ​ក្រោយ​យ៉ាង​ខ្លាំង​ចំពោះ​កំហុស​របស់​គាត់​នៅ​អតីតកាល ប៉ុន្តែ​គាត់​ក៏​បាន​រៀន​ធ្វើ​ឲ្យ​ជីវិត​គាត់​បាន​ជោគជ័យ​តាម​រយៈ​កិច្ច​បម្រើ​ដ៏​ស្មោះ​ត្រង់​របស់​គាត់​ចំពោះ​ព្រះ​ដែរ។ ចូរ​យើង​ពិចារណា​គំរូ​របស់​គាត់​ដែល​អាច​ជួយ​យើង​ឲ្យ​បម្រើ​ព្រះ​ដោយ​ឥត​ស្ដាយ​ក្រោយ។

អតីតកាល​របស់​ប៉ូល

៤​. តើ​ប៉ូល​បាន​ធ្វើ​អ្វី​នៅ​អតីតកាល​ដែល​នាំ​ឲ្យ​គាត់​ស្ដាយ​ក្រោយ?

ក្នុង​នាម​ជា​ផារិស៊ី​វ័យ​ក្មេង​ម្នាក់ ប៉ូល​បាន​ធ្វើ​អំពើ​មួយ​ចំនួន​ដែល​នាំ​ឲ្យ​គាត់​ស្ដាយ​ក្រោយ​នៅ​ពេល​ក្រោយ​មក។ ជា​ឧទាហរណ៍ គាត់​បាន​ដឹក​នាំ​មនុស្ស​ឲ្យ​បៀតបៀន​ប្រឆាំង​យ៉ាង​សាហាវ​ទៅ​លើ​ពួក​អ្នក​កាន់​តាម​គ្រិស្ត។ កំណត់​ហេតុ​គម្ពីរ​ចែង​ថា បន្ទាប់​ពី​បាន​សម្លាប់​ស្ទេផាន​ភ្លាម​«​សុល​[​ក្រោយ​មក​ត្រូវ​គេ​ស្គាល់​ថា​ប៉ូល​] . . . ចាប់​ផ្ដើម​ធ្វើ​ទុក្ខ​ក្រុម​ជំនុំ​យ៉ាង​ខ្លាំង​ក្រៃ​លែង។ គាត់​សម្រុក​ចូល​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​ដោយ​ចាប់​អូស​ទាំង​ប្រុស​ទាំង​ស្រី​ចេញ​មក រួច​បញ្ជូន​ទៅ​គុក​»។ (​សកម្ម. ៨:៣​) បណ្ឌិត​ម្នាក់​ឈ្មោះ​អាលប៊ឺត បានស៍​បាន​និយាយ​ថា ពាក្យ​ក្រិច​ដែល​បាន​ត្រូវ​បក​ប្រែ​ថា ​«​ធ្វើ​ទុក្ខ . . . យ៉ាង​ខ្លាំង​ក្រៃ​លែង​»​គឺជា​«​ពាក្យ​ធ្ងន់​មួយ​ដែល​បង្ហាញ​អំពី​ចិត្ត​ខ្នះខ្នែង​និង​កំហឹង​ដែល​[​សុល​]​មាន​ក្នុង​ការ​ធ្វើ​ទុក្ខ​បៀតបៀន​»។ ដូច្នេះ​បណ្ឌិត​បានស៍ បាន​និយាយ​ថា​៖ ​«​សុល​មាន​កំហឹង​យ៉ាង​ខ្លាំង​ដូច​ជា​សត្វ​សាហាវ​ប្រឆាំង​នឹង​គ្រិស្ត​សាសនា​»។ ជា​អ្នក​ជឿ​ស៊ប់​ក្នុង​សាសនាយូដា​ម្នាក់ សុល​ជឿ​ថា​ព្រះ​បាន​ផ្ដល់​ភារកិច្ច​មួយ​ដល់​គាត់​ដើម្បី​បំបាត់​គ្រិស្ត​សាសនា។ ដូច្នេះ គាត់​បាន​ដេញ​តាម​ចាប់​គ្រិស្ត​សាសនិក​យ៉ាង​សាហាវ​ឃោរឃៅ​ដោយ​‹គំរាម​ហើយ​ចង់​សម្លាប់​ទោះ​ជា​ប្រុស​ឬ​ស្រី› គឺ​ព្យាយាម​បំផ្លាញ​ពួក​គេ។—សកម្ម. ៩:១, ២; ២២:៤ *

៥​. សូម​ពន្យល់​អំពី​របៀប​ដែល​ប៉ូល​បាន​ផ្លាស់​ប្ដូរ​ពី​អ្នក​បៀតបៀន​អ្នក​កាន់​តាម​លោក​យេស៊ូ​មក​ជា​អ្នក​ផ្សព្វ​ផ្សាយ​អំពី​គ្រិស្ត​វិញ។

សូល​មាន​បំណង​ទៅ​ក្រុង​ដា​ម៉ា​ស​ដើម្បី​ចាប់​ពួក​អ្នក​កាន់​តាម​លោក​យេស៊ូ​នៅ​ផ្ទះ​របស់​ពួក​គេ ហើយ​អូស​ពួក​គេ​ទៅ​ក្រុង​យេរូសាឡិម​ដើម្បី​ឲ្យ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​នៃ​ជន​ជាតិ​យូដា​ដាក់​ទោស។ ប៉ុន្តែ លោក​យេស៊ូ​ដែល​ជា​ប្រមុខ​នៃ​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​បាន​បញ្ឈប់​គាត់។ (​អេភ. ៥:២៣​) ពេល​សុល​កំពុង​ធ្វើ​ដំណើរ​ទៅ​ក្រុង​ដា​ម៉ា​ស លោក​យេស៊ូ​បាន​លេច​មក​ជួប​គាត់ ហើយ​សុល​បាន​ងងឹត​ភ្នែក​ដោយ​សារ​ពន្លឺ​ដ៏​អស្ចារ្យ។ បន្ទាប់​មក លោក​យេស៊ូ​បាន​ឲ្យ​គេ​នាំ​សុល​ទៅ​ក្រុង​ដា​ម៉ា​ស​ដើម្បី​រង់​ចាំ​ការ​ណែនាំ​បន្ថែម​ទៀត។ យើង​ដឹង​ថា​អ្វី​បាន​កើត​ឡើង​បន្ទាប់​ពី​នោះ។—សកម្ម. ៩:៣​-​២២

៦, ៧​. តើ​អ្វី​បង្ហាញ​ថា​ប៉ូល​បាន​ដឹង​ថា​គាត់​បាន​ធ្វើ​ខុស​ធ្ងន់ធ្ងរ?

មិន​យូរ​ប៉ុន្មាន​ប៉ូល​បាន​ផ្លាស់​ប្ដូរ​ជំនឿ​ទៅ​ជា​គ្រិស្ត​សាសនិក​វិញ។ ជា​ជាង​ធ្វើ​ជាស​ត្រូវ​ដ៏​កាច​សាហាវ​របស់​គ្រិស្ត​សាសនា គាត់​បាន​ក្លាយ​ជា​បុគ្គល​ម្នាក់​ដែល​ការពារ​គ្រិស្ត​សាសនា​យ៉ាង​ខ្លាំងក្លា​វិញ។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ក្រោយ​មក​គាត់​បាន​សរសេរ​អំពី​ខ្លួន​គាត់​ថា​៖ ​«​អ្នក​រាល់​គ្នា​ច្បាស់​ជា​បាន​ឮ​អំពី​ការ​ដែល​ខ្ញុំ​ធ្លាប់​ប្រព្រឹត្ត​កាល​ដែល​ខ្ញុំ​កាន់​សាសនាយូដា គឺថា​ខ្ញុំ​ចេះ​តែ​បៀតបៀន​ក្រុម​ជំនុំ​របស់​ព្រះ​យ៉ាង​ខ្លាំង​ហួស​ហេតុ ក៏​បាន​បំផ្លាញ​ក្រុម​ជំនុំ​នោះ​ទៀត​ផង​»។ (​កាឡ. ១:១៣​) ក្រោយ​មក​គាត់​បាន​និយាយ​ម្ដង​ទៀត​អំពី​អ្វី​ដែល​គាត់​បាន​ធ្វើ​នៅ​អតីតកាល​ដែល​នាំ​ឲ្យ​គាត់​ស្ដាយ​ក្រោយ ពេល​គាត់​សរសេរ​សំបុត្រ​ទៅ​គ្រិស្ត​សាសនិក​នៅ​ក្រុង​កូរិនថូស ក្រុង​ភីលីព និង​ទៅ​ធីម៉ូថេ។ (​សូម​អាន កូរិនថូសទី១ ១៥:៩; ភី. ៣:៦; ១ធី. ១:១៣​) ប៉ូល​មិន​មែន​មាន​មោទនភាព​ដោយ​បាន​សរសេរ​អ្វី​ៗ​ទាំង​នេះ​អំពី​ខ្លួន​គាត់​នោះ​ទេ ប៉ុន្តែ​គាត់​ក៏​មិន​បាន​ព្យាយាម​ធ្វើ​ហាក់​ដូច​ជា​អ្វី​ៗ​ទាំង​នោះ​មិន​បាន​កើត​ឡើង​នោះ​ដែរ។ គាត់​បាន​ដឹង​ច្បាស់​ថា​គាត់​បាន​ធ្វើ​ខុស​ធ្ងន់ធ្ងរ។—សកម្ម. ២៦:៩​-​១១

បណ្ឌិត​ខាង​គម្ពីរ​ម្នាក់​ឈ្មោះ​ហ្វ្រេដរីក ហ្វារ៉ា​បាន​សរសេរ​ថា ពេល​យើង​ពិចារណា​ថា​ប៉ូល​បាន​បៀតបៀន​ខ្លាំង​យ៉ាង​ណា​ទៅ​លើ​គ្រិស្ត​សាសនិក នោះ​យើង​អាច​យល់​អំពី​ការ​ក្រៀម​ក្រំ​ចិត្ត​យ៉ាង​ខ្លាំង​ដែល​គាត់​ច្បាស់​ជា​មាន ហើយ​ថា​អ្នក​ឯ​ទៀត​ប្រហែលជា​រិះ​គន់​គាត់​ខ្លាំង​យ៉ាង​ណា។ ជួនកាល​ពេល​ប៉ូល​បាន​ទៅ​លេង​បង​ប្អូន​នៅ​ក្រុម​ជំនុំ​ផ្សេង​ៗ បង​ប្អូន​ដែល​ជួប​គាត់​លើក​ដំបូង​ប្រហែលជា​និយាយ​ថា​៖ ‹អ្នក​គឺ​ប៉ូល ជា​អ្នក​ដែល​ធ្លាប់​បៀតបៀន​យើង!›។—សកម្ម. ៩:២១

៨​. តើ​ប៉ូល​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​សេចក្ដី​មេត្ដា​ករុណា​និង​សេចក្ដី​ស្រឡាញ់​ដែល​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​បាន​បង្ហាញ​ចំពោះ​គាត់ ហើយ​តើ​នេះ​បង្រៀន​យើង​អំពី​អ្វី?

ប៉ុន្តែ​ប៉ូល​បាន​ទទួល​ស្គាល់​ថា ដោយ​សារ​តែ​គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ​ប៉ុណ្ណោះ​ទើប​គាត់​អាច​បំពេញ​កិច្ច​បម្រើ​ផ្សាយ​របស់​គាត់​បាន។ គាត់​បាន​និយាយ​អំពី​សេចក្ដី​មេត្ដា​ករុណា​ដែល​ជា​គុណ​សម្បត្ដិ​របស់​ព្រះ​ប្រហែលជា​៩០​ដង​ក្នុង​សំបុត្រ​១៤​របស់​គាត់ ច្រើន​ជាង​អ្នក​សរសេរ​គម្ពីរ​ឯ​ទៀត។ (​សូម​អាន កូរិនថូសទី១ ១៥:១០) ប៉ូល​ដឹង​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​ព្រះ​ដែល​បាន​បង្ហាញ​សេចក្ដី​មេត្ដា​ករុណា​ចំពោះ​គាត់ ហើយ​គាត់​ចង់​ធ្វើ​ឲ្យ​ប្រាកដ​ថា​គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ​ដែល​បាន​បង្ហាញ​ចំពោះ​គាត់ មិន​ទៅ​ជា​អសារ​ឥត​ការ​ទេ។ ដូច្នេះ គាត់​«​បាន​ធ្វើ​ការ​នឿយ​ហត់​»​ជាង​សាវ័ក​ឯ​ទៀត​ទាំង​អស់។ គំរូ​របស់​ប៉ូល​បង្ហាញ​យ៉ាង​ច្បាស់​ថា បើ​យើង​សារភាព​អំពើ​ខុស​ឆ្គង​របស់​យើង ហើយ​កែប្រែ​របៀប​រស់​នៅ​របស់​យើង ព្រះ​យេហូវ៉ា​សុខ​ចិត្ត​អភ័យទោស​ចំពោះ​អំពើ​ខុស​ឆ្គង​ទោះ​ជា​ធ្ងន់ធ្ងរ​ក្ដី ដោយ​ផ្អែក​លើ​គ្រឿង​បូជា​ដែល​ជា​ថ្លៃ​លោះ​របស់​លោក​យេស៊ូ។ ដូច្នេះ​ប្រសិនបើ​អ្នក​គិត​ថា​អំពើ​ខុស​ឆ្គង​របស់​អ្នក​គឺ​ធ្ងន់ធ្ងរ​ពេក​ដើម្បី​ទទួល​ការ​អភ័យទោស​តាម​រយៈ​គ្រឿង​បូជា​ដែល​ជា​ថ្លៃ​លោះ​របស់​លោក​យេស៊ូ សូម​ចាំ​អំពី​ឧទាហរណ៍​របស់​គាត់។ (​សូម​អាន ធីម៉ូថេទី១ ១:១៥, ១៦) ទោះ​ជា​ប៉ូល​ធ្លាប់​ជា​អ្នក​បៀតបៀន​គ្រិស្ត​យ៉ាង​ខ្លាំង​ក៏​ដោយ គាត់​អាច​សរសេរ​ថា​៖ ​«​បុត្រ​ព្រះ . . . បាន​ស្រឡាញ់​ខ្ញុំ ហើយ​បាន​ប្រគល់​ខ្លួន​ដើម្បី​ខ្ញុំ​»។ (​កាឡ. ២:២០; សកម្ម. ៩:៥​) មែន​ហើយ ប៉ូល​បាន​រៀន​អំពី​របៀប​បម្រើ​ព្រះ​ដោយ​គ្មាន​អ្វី​ទៀត​ដែល​ធ្វើ​ឲ្យ​គាត់​ស្ដាយ​ក្រោយ។ នេះ​ជា​អ្វី​មួយ​ដែល​អ្នក​បាន​រៀន​មែន​ទេ?

តើ​អ្នក​ធ្លាប់​ស្ដាយ​ក្រោយ​អំពី​អ្វី​មួយ​ឬ​ទេ?

៩, ១០​. ​(​ក​) ហេតុ​អ្វី​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ខ្លះ​ស្ដាយ​ក្រោយ? (​ខ​) ហេតុ​អ្វី​ការ​ខ្វល់ខ្វាយ​ឥត​ឈប់​ឈរ​អំពី​កំហុស​នៅ​អតីតកាល​គឺ​មិន​ល្អ?

តើ​អ្នក​ធ្លាប់​ធ្វើ​អ្វី​ដែល​នាំ​ឲ្យ​អ្នក​ស្ដាយ​ក្រោយ​នៅ​ពេល​ឥឡូវ​នេះ​ឬ​ទេ? តើ​អ្នក​ធ្លាប់​ខាត​កម្លាំង​និង​ពេល​វេលា​ដ៏​មាន​តម្លៃ​ទៅ​លើ​កិច្ចការ​ដែល​មិន​សំខាន់​ឬ​ទេ? តើ​អ្នក​បាន​ធ្វើ​អ្វី​ដែល​នាំ​ឲ្យ​អ្នក​ឯ​ទៀត​មាន​ទុក្ខ​លំបាក​ឬ​ទេ? ឬ​ប្រហែលជា​អ្នក​មិន​សប្បាយ​ចិត្ត​ពីព្រោះ​អ្នក​មាន​អារម្មណ៍​ស្ដាយ​ក្រោយ​ដោយ​សារ​រឿង​ផ្សេង​ទៀត។ តើ​អ្នក​អាច​ធ្វើ​អ្វី​បើ​អ្នក​មាន​អារម្មណ៍​បែប​នេះ?

១០ មនុស្ស​ខ្លះ​ខ្វល់ខ្វាយ​រាល់​ពេល​វេលា! ការ​ខ្វល់ខ្វាយ​ឥត​ឈប់​ឈរ​មិន​ខុស​ពី​ការ​ញាំញី​ចិត្ត​ខ្លួន ធ្វើ​ឲ្យ​ខ្លួន​តាន​តឹង​ចិត្ត ធ្វើ​ទុក្ខ​ខ្លួន​ឯង។ វា​ធ្វើ​ឲ្យ​យើង​ដេក​មិន​លក់​បក់​មិន​ល្ហើយ​ឥត​ស្រាក​ស្រាន្ត។ តើ​ការ​ខ្វល់ខ្វាយ​អាច​ដោះ​ស្រាយ​បញ្ហា​ណា​មួយ​បាន​ទេ? មិន​បាន​ទាល់​តែ​សោះ! សូម​ស្រមៃ​គិត​ថា​អ្នក​ខំ​យោល​ខ្លួន​ទៅ​មុខ​រាប់​ម៉ោង​នៅ​លើ​កៅអី​ប៉ាក់ប៊ើក​មួយ ដោយ​ប្រើ​កម្លាំង​ទាំង​អស់​របស់​អ្នក​ដើម្បី​រុល​ទៅ​មុខ តែ​អ្នក​នៅ​កន្លែង​ដដែល! ជា​ជាង​ខ្វល់ខ្វាយ អ្នក​អាច​ធ្វើ​អ្វី​ដែល​មាន​ប្រយោជន៍ នោះ​ប្រហែលជា​នាំ​ឲ្យ​អ្នក​ទទួល​លទ្ធផល​ល្អ។ អ្នក​អាច​សុំ​ការ​អភ័យទោស​ពី​បុគ្គល​ដែល​អ្នក​បាន​ធ្វើ​ខុស​ចំពោះ​គាត់ ប្រហែលជា​ដោយ​ធ្វើ​ឲ្យ​ចំណង​មិត្តភាព​ជា​មួយ​គាត់​បាន​ល្អ​ឡើង​វិញ។ អ្នក​អាច​ជៀស​វាង​ពី​អ្វី​ក៏​ដោយ​ដែល​នាំ​ឲ្យ​អ្នក​ធ្វើ​អំពើ​ខុស​ឆ្គង​កាល​ពី​មុន នេះ​អាច​បង្ការ​កុំ​ឲ្យ​មាន​បញ្ហា​នៅ​ពេល​ក្រោយ។ ម្យ៉ាង​ទៀត អ្នក​ប្រហែល​ជា​ត្រូវ​ស៊ូ​ទ្រាំ​នឹង​ស្ថានភាព​ខ្លះ​ក្នុង​ជីវិត។ ប៉ុន្តែ​ការ​ខ្វល់ខ្វាយ​មិន​ខុស​ពី​មនុស្ស​ដែល​មាន​ជំងឺ​ស្លាប់​ដៃ​ស្លាប់​ជើង ដែល​ធ្វើ​ឲ្យ​គាត់​មិន​អាច​បម្រើ​ព្រះ​យ៉ាង​ពេញ​លេញ។ ការ​ខ្វល់ខ្វាយ​គឺ​គ្មាន​ប្រយោជន៍​ទាល់​តែ​សោះ!

១១​. ​(​ក​) តើ​តាម​របៀប​ណា​ដែល​យើង​ប្រហែលជា​អាច​ទទួល​សេចក្ដី​មេត្ដា​ករុណា និង​សេចក្ដី​ស្រឡាញ់​ស្មោះ​ត្រង់​របស់​ព្រះ​យេហូវ៉ា? (​ខ​) ស្តី​អំពី​កំហុស​របស់​យើង​នៅ​អតីតកាល តើ​មាន​របៀប​រៀបចំ​អ្វី​ខ្លះ​របស់​ព្រះ​ដែល​ជួយ​យើង​ឲ្យ​មាន​សេចក្ដី​សុខសាន្ត​ក្នុង​ចិត្ត?

១១ មនុស្ស​ខ្លះ​មាន​ទំនោរ​ចិត្ត​អនុញ្ញាត​ឲ្យ​កំហុស​របស់​ពួក​គេ​នៅ​អតីតកាល​មាន​ឥទ្ធិពល​ខ្លាំង​ដល់​ម្ល៉េះ​បាន​ជា​ពួក​គេ​មាន​អារម្មណ៍​ថា​ពួក​គេ​មិន​មាន​តម្លៃ​ចំពោះ​ព្រះ។ ពួក​គេ​ប្រហែលជា​មាន​អារម្មណ៍​ថា​ពួក​គេ​មិន​សម​នឹង​ទទួល​សេចក្ដី​មេត្ដា​ករុណា​របស់​ព្រះ ដោយ​សារ​ពួក​គេ​បាន​ធ្វើ​អំពើ​ខុស​ធ្ងន់ធ្ងរ​ពេក ឬ​បាន​ធ្វើ​ខុស​ច្រើន​ដង​ពេក។ ប៉ុន្តែ​តាម​ការ​ពិត ទោះ​ជា​ពួក​គេ​ប្រហែលជា​បាន​ធ្វើ​អ្វី​នៅ​អតីតកាល​ក៏​ដោយ ពួក​គេ​អាច​ប្រែ​ចិត្ត កែប្រែ​ការ​ប្រព្រឹត្ត​របស់​ខ្លួន ហើយ​សុំ​ឲ្យ​ព្រះ​អភ័យទោស​ឲ្យ​ពួក​គេ។ (​សកម្ម. ៣:១៩​) ព្រះ​យេហូវ៉ា​អាច​បង្ហាញ​ពួក​គេ​នូវ​សេចក្ដី​មេត្ដា​ករុណា​និង​សេចក្ដី​ស្រឡាញ់​ស្មោះ​ត្រង់ ដូច​លោក​បាន​បង្ហាញ​ចំពោះ​មនុស្ស​ជា​ច្រើន​នាក់​ទៀត។ ដោយ​ចិត្ត​សប្បុរស ព្រះ​យេហូវ៉ា​នឹង​អភ័យទោស​ឲ្យ​មនុស្ស​ដែល​មាន​ចិត្ត​រាប​ទាប ទៀង​ត្រង់ ហើយ​បាន​កែប្រែ​ចិត្ត​យ៉ាង​ស្មោះ។ ព្រះ​យេហូវ៉ា​បាន​ធ្វើ​ដូច្នេះ​ចំពោះ​យ៉ូប​ដែល​បាន​និយាយ​ថា​៖ ​«​ទូល​បង្គំ . . . ប្រែ​ចិត្ត ដោយ​ក្រាប​នៅ​ក្នុង​ធូលី​ដី ហើយ​នឹង​ផែះ​»។ (​យ៉ូប ៤២:៦​) យើង​ទាំង​អស់​គ្នា​ត្រូវ​ធ្វើ​តាម​របៀប​រៀបចំ​របស់​ព្រះ​ដើម្បី​យើង​អាច​មាន​សេចក្ដី​សុខសាន្ត​ក្នុង​ចិត្ត។ គម្ពីរ​ចែង​ថា​៖ ​«​អ្នក​ណា​ដែល​គ្រប​បាំង​ការ​រំលង​របស់​ខ្លួន នោះ​នឹង​មិន​ចំរើន​ឡើង​ទេ តែ​អ្នក​ណា​ដែល​លន់​តួ ហើយ​លះ​បង់​អំពើ​នោះ នឹង​ប្រទះ​បាន​សេចក្ដី​មេត្ដា​ករុណា​វិញ​»។ (​សុភ. ២៨:១៣; យ៉ា. ៥:១៤​-​១៦​) ដូច្នេះ​យើង​អាច​សារភាព​កំហុស​របស់​យើង​ទៅ​ព្រះ អធិដ្ឋាន​សុំ​ការ​អភ័យទោស​ពី​លោក ហើយ​ចាត់​វិធានការ​ផ្សេង​ៗ​ដើម្បី​កែប្រែ​កំហុស។ (​២កូ. ៧:១០, ១១​) បើ​យើង​ធ្វើ​តាម​ជំហាន​ទាំង​នេះ បន្ទាប់​មក​យើង​អាច​ទទួល​សេចក្ដី​មេត្ដា​ករុណា​របស់​ព្រះ​ជា​អ្នក​ដែល​«​អត់​ទោស​ឲ្យ​ជា​បរិបូរ​»។—អេ. ៥៥:៧

១២​. ​(​ក​) ពេល​យើង​មាន​អារម្មណ៍​ស្ដាយ​ក្រោយ តើ​គំរូ​របស់​ដាវីឌ​បង្រៀន​យើង​អំពី​វិធី​ដ៏​ប្រសើរ​បំផុត​អ្វី? (​ខ​) តើ​ព្រះ​យេហូវ៉ា​បាន​ស្ដាយ​ក្រោយ​ក្នុង​ន័យ​យ៉ាង​ណា ហើយ​តើ​ការ​ដឹង​ដូច្នេះ​ជួយ​យើង​យ៉ាង​ដូច​ម្ដេច? (​សូម​មើល​ប្រអប់​)

១២ ការ​អធិដ្ឋាន​ជា​វិធី​មួយ​ដ៏​មាន​ប្រសិទ្ធិ​ភាព​ដើម្បី​ឲ្យ​ព្រះ​អាច​ជួយ​យើង។ ដាវីឌ​បាន​បង្ហាញ​អារម្មណ៍​ដែល​កប់​យ៉ាង​ជ្រៅ​របស់​គាត់​ក្នុង​សេចក្ដី​អធិដ្ឋាន​មួយ​ដែល​គាត់​បាន​ពោល​ដោយ​ជំនឿ ដែល​បាន​ត្រូវ​រក្សា​ទុក​យ៉ាង​ល្អ​ក្នុង​សៀវភៅ​ទំនុកតម្កើង។ (​សូម​អាន ទំនុកតម្កើង ៣២:១​-​៥) មុន​នឹង​ដាវីឌ​សារភាព​អំពើ​ខុស​ឆ្គង​របស់​គាត់​ទៅ​ព្រះ អារម្មណ៍​ស្ដាយ​យ៉ាង​ខ្លាំង​របស់​គាត់​ធ្វើ​ឲ្យ​គាត់​ឈឺ​ចាប់​ក្នុង​ចិត្ត។ ដោយ​សារ​គាត់​មិន​បាន​សារភាព​កំហុស​របស់​គាត់ គាត់​ឈឺ មាន​អារម្មណ៍​តាន​តឹង​ចិត្ត ហើយ​ធ្លាក់​ទឹក​ចិត្ត។ ដាវីឌ​បាន​ទទួល​ការ​អភ័យទោស​និង​មាន​អារម្មណ៍​ធូរ​ស្បើយ ដោយ​សារ​គាត់​បាន​សារភាព​កំហុស​ទៅ​ព្រះ។ ព្រះ​យេហូវ៉ា​បាន​តប​ឆ្លើយ​នឹង​សេចក្ដី​អធិដ្ឋាន​របស់​ដាវីឌ ហើយ​បាន​ពង្រឹង​កម្លាំង​គាត់​ឲ្យ​គាត់​បន្ត​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ។ ស្រដៀង​គ្នា​ដែរ បើ​អ្នក​អធិដ្ឋាន​ដោយ​ស្មោះ​ពី​ចិត្ត អ្នក​អាច​មាន​ទំនុក​ចិត្ត​ថា​ព្រះ​យេហូវ៉ា​នឹង​ស្ដាប់​ដោយ​យក​ចិត្ត​ទុក​ដាក់​នូវ​ពាក្យ​អង្វរ​សុំ​របស់​អ្នក។ ប្រសិនបើ​កំហុស​នៅ​អតីតកាល​ធ្វើ​ឲ្យ​អ្នក​តាន​តឹង​ចិត្ត ចូរ​ខំ​អស់ពី​សមត្ថភាព​របស់​អ្នក​ដើម្បី​កែប្រែ​កំហុស​ទាំង​នោះ ហើយ​បន្ទាប់​មក​សូម​ជឿ​ជាក់​ទៅ​លើ​ការ​ធានា​របស់​ព្រះ​យេហូវ៉ា​ដែល​ថា​លោក​បាន​អភ័យទោស​ឲ្យ​អ្នក​ហើយ!—ទំនុក. ៨៦:៥

ចូរ​គិត​អំពី​អនាគត

១៣, ១៤​. ​(​ក​) តើ​អ្វី​ដែល​សំខាន់​បំផុត​ដែល​យើង​គួរ​គិត​នៅ​ឥឡូវ​នេះ? (​ខ​) តើ​សំណួរ​អ្វី​ខ្លះ​ដែល​អាច​ជួយ​យើង​ឲ្យ​ពិចារណា​អំពី​ស្ថានភាព​ជីវិត​របស់​យើង​នៅ​ឥឡូវ​នេះ?

១៣ ធ្លាប់​មាន​គេ​និយាយ​ថា​បើ​ចង់​យល់​អំពី​ជីវិត​ត្រូវ​ពិចារណា​អំពី​អតីតកាល តែ​ដើម្បី​រស់​នៅ​ត្រូវ​គិត​អំពី​អនាគត។ ដូច្នេះ ជា​ជាង​ខ្វល់ខ្វាយ​អំពី​អ្វី​នៅ​អតីតកាល យើង​គួរ​គិត​អំពី​អ្វី​ដែល​នៅ​ឥឡូវ​នេះ​និង​នៅ​អនាគត។ សូម​សួរ​ខ្លួន​អ្នក​នូវ​សំណួរ​ដូច​ជា: ‹ប៉ុន្មាន​ឆ្នាំ​ទៅ​មុខ​ទៀត តើ​ខ្ញុំ​នឹង​ស្ដាយ​ក្រោយ​ចំពោះ​អ្វី​ដែល​ខ្ញុំ​បាន​សម្រេច​ចិត្ត​នៅ​ឥឡូវ​នេះ​ឬ​ទេ? តើ​ខ្ញុំ​នឹង​ស្ដាយ​ថា​ខ្ញុំ​មិន​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ធ្វើ​អ្វី​ផ្សេង​នៅ​ឥឡូវ​នេះ​ឬ​ទេ? តើ​ខ្ញុំ​កំពុង​បម្រើ​ព្រះ​យ៉ាង​ស្មោះ​ត្រង់​ដើម្បី​ខ្ញុំ​នឹង​មិន​មាន​អ្វី​ធ្វើ​ឲ្យ​ខ្ញុំ​ស្ដាយ​ក្រោយ​នៅ​អនាគត​ឬ​ទេ?›។

១៤ កាល​ដែល​ទុក្ខវេទនា​ជា​ខ្លាំង​ជិត​មក​ដល់ ជា​ការ​ល្អ​ដែល​យើង​គួរ​សួរ​ខ្លួន​យើង​នូវ​សំណួរ​ដូច​ត​ទៅ​នេះ ‹តើ​ខ្ញុំ​អាច​បម្រើ​ព្រះ​ឲ្យ​បាន​ច្រើន​ជាង​ឬ​ទេ? ពេល​ខ្ញុំ​មាន​ឱកាស តើ​ខ្ញុំ​អាច​ធ្វើ​ជា​អ្នក​ត្រួស​ត្រាយ​បាន​ឬ​ទេ? តើ​ខ្ញុំ​កំពុង​ខំ​ប្រឹង​ឲ្យ​មាន​លក្ខណៈ​គ្រប់​គ្រាន់​ដើម្បី​ធ្វើ​ជា​ជំនួយ​ការ​ខាង​កិច្ច​បម្រើ​ឬ​ទេ? តើ​ខ្ញុំ​ពិត​ជា​ខំ​ប្រឹង​ដើម្បី​បំពាក់​បុគ្គលិក​លក្ខណៈ​ថ្មី​ឬ​ទេ? តើ​ខ្ញុំ​ជា​បុគ្គល​ដែល​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​រស់​នៅ​ក្នុង​ពិភព​លោក​ថ្មី​របស់​លោក​ឬ​ទេ?›។ ជា​ជាង​ខ្វល់ខ្វាយ​អំពី​អ្វី​ដែល​យើង​មិន​បាន​ធ្វើ សូម​គិត​អំពី​អ្វី​ដែល​យើង​កំពុង​ធ្វើ​នៅ​ពេល​ឥឡូវ​នេះ ហើយ​សូម​ធ្វើ​ឲ្យ​ប្រាកដ​ថា​យើង​កំពុង​ខំ​អស់ពី​សមត្ថភាព​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា។ ពុំ​នោះ​សោត យើង​ប្រហែលជា​បន្ត​ដើរ​ក្នុង​គន្លង​ជីវិត​ដែល​អាច​នាំ​ឲ្យ​យើង​ស្ដាយ​ក្រោយ​កាន់​តែ​ខ្លាំង។—២ធី. ២:១៥

ចូរ​កុំ​ស្ដាយ​ក្រោយ​ចំពោះ​កិច្ច​បម្រើ​ពិសិដ្ឋ​របស់​អ្នក

១៥, ១៦​. ​(​ក​) តើ​បង​ប្អូន​ជា​ច្រើន​បាន​លះ​បង់​អ្វី​ខ្លះ​ដើម្បី​ចាត់​ទុក​កិច្ច​បម្រើ​ព្រះ​ជា​អ្វី​ដែល​សំខាន់​ក្នុង​ជីវិត? (​ខ​) ហេតុ​អ្វី​យើង​មិន​គួរ​ស្ដាយ​ក្រោយ​អំពី​អ្វី​ដែល​យើង​បាន​លះ​បង់ ដោយ​សារ​យើង​បាន​ចាត់​ទុក​កិច្ចការ​ដែល​ទាក់​ទង​នឹង​រាជាណាចក្រ​របស់​ព្រះ​ជា​អ្វី​ដែល​សំខាន់?

១៥ ចុះ​យ៉ាង​ណា​ចំពោះ​ពួក​អ្នក​ដែល​បាន​លះ​បង់​ប្រយោជន៍​ផ្ទាល់​ខ្លួន​ដើម្បី​បម្រើ​ព្រះ​យេហូវ៉ា​ពេញ​ពេល? ប្រហែលជា​អ្នក​បាន​លះ​បង់​អាជីព​ល្អ ឬ​ជំនួញ​ដែល​ចម្រុងចម្រើន​ដើម្បី​ធ្វើ​ឲ្យ​ជីវិត​របស់​អ្នក​សាមញ្ញ ហើយ​ដើម្បី​អាច​មាន​ពេល​ច្រើន​ជាង​សម្រាប់​កិច្ចការ​ដែល​ទាក់​ទង​នឹង​រាជាណាចក្រ​ព្រះ។ ឬ​ប្រហែលជា​អ្នក​មិន​ទាន់​រៀប​ការ ឬ​បើ​អ្នក​បាន​រៀប​ការ​ហើយ តែ​សម្រេច​ចិត្ត​មិន​យក​កូន​ដើម្បី​ឲ្យ​អ្នក​មាន​ពេល​បំពេញ​កិច្ច​បម្រើ​ពេញ​ពេល​ប្រភេទ​ណា​មួយ​ដែល​ពុំ​នោះ​សោត​អ្នក​មិន​មាន​លទ្ធភាព​ធ្វើ​បាន​ទេ ដូច​ជា​កិច្ច​បម្រើ​នៅ​បេតអែល កិច្ចការ​សាងសង់​អន្តរជាតិ អ្នក​ត្រួត​ពិនិត្យ​មណ្ឌល ឬ​ជា​សាសនទូត។ ដោយ​សារ​ឥឡូវ​អ្នក​ចាស់​ហើយ តើ​អ្នក​គួរ​ស្ដាយ​ក្រោយ​ចំពោះ​ការ​សម្រេច​ចិត្ត​ទាំង​នោះ​ឬ​ទេ? តើ​អ្នក​គួរ​មាន​អារម្មណ៍​ថា​ការ​លះ​បង់​របស់​អ្នក​គឺ​មិន​ចាំ​បាច់ ឬ​មិន​ត្រូវ​ពេល​វេលា​ឬ​ទេ? មិន​មែន​ទាល់​តែ​សោះ!

១៦ អ្នក​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ទាំង​នោះ​ដោយ​សារ​អ្នក​មាន​សេចក្ដី​ស្រឡាញ់​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​ព្រះ​យេហូវ៉ា ហើយ​អ្នក​មាន​បំណង​ប្រាថ្នា​យ៉ាង​ស្មោះ​ចង់​ជួយ​អ្នក​ឯ​ទៀត​ដែល​ចង់​បម្រើ​ព្រះ​យេហូវ៉ា​ដែរ។ អ្នក​មិន​គួរ​គិត​ថា​អ្នក​នឹង​មាន​ជីវិត​ប្រសើរ​យ៉ាង​ណា​បើ​អ្នក​ជ្រើស​រើស​យក​របៀប​រស់​នៅ​ផ្សេង​វិញ។ អ្នក​អាច​មាន​អារម្មណ៍​ស្កប់​ចិត្ត​ជា​ទី​បំផុត​ដោយ​សារ​អ្នក​បាន​ដឹង​ថា​អ្នក​បាន​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ​សម្រាប់​អ្នក។ អ្នក​អាច​រីករាយ​ដោយ​សារ​អ្នក​បាន​ខំ​ប្រឹង​អស់ពី​សមត្ថភាព​ដើម្បី​បម្រើ​ព្រះ​យេហូវ៉ា។ លោក​នឹង​មិន​បំភ្លេច​ការ​លះ​បង់​ទាំង​អស់​របស់​អ្នក​ដើម្បី​លោក​ឡើយ។ ក្នុង​ពិភព​លោក​ថ្មី​ដែល​មិន​ទាន់​មក​ដល់ លោក​នឹង​ឲ្យ​ពរ​ជា​រង្វាន់​ដល់​អ្នក ដែល​ហួស​ពី​អ្វី​ដែល​អ្នក​អាច​ស្រមៃ​គិត​នៅ​ឥឡូវ​នេះ​ទៅ​ទៀត!—ទំនុក. ១៤៥:១៦; ១ធី. ៦:១៩

របៀប​បម្រើ​ព្រះ​ដោយ​ឥត​ស្ដាយ​ក្រោយ

១៧, ១៨​. ​(​ក​) តើ​គោលការណ៍​អ្វី​ដែល​បាន​ជួយ​ប៉ូល​ឲ្យ​បម្រើ​ព្រះ​ដោយ​ឥត​ស្ដាយ​ក្រោយ? (​ខ​) តើ​អ្នក​តាំង​ចិត្ត​ធ្វើ​អ្វី​ស្តី​អំពី​អតីតកាល ពេល​ឥឡូវ​នេះ​និង​កិច្ច​បម្រើ​ជូន​ព្រះ​យេហូវ៉ា​នៅ​អនាគត?

១៧ តើ​ប៉ូល​បាន​រៀន​គោលការណ៍​អ្វី​ដែល​បាន​ជួយ​គាត់​ឲ្យ​បម្រើ​ព្រះ​ដោយ​ឥត​ស្ដាយ​ក្រោយ​ថែម​ទៀត? ប៉ូល​បាន​និយាយ​ថា​គាត់​ឈប់​ខ្វល់ខ្វាយ​អំពី​រឿង​អតីតកាល​របស់​គាត់ ហើយ​ខំ​ប្រឹង​ធ្វើ​ការ​យ៉ាង​នឿយ​ហត់​ដើម្បី​បាន​រង្វាន់​របស់​គាត់។ (​សូម​អាន ភីលីព ៣:១៣, ១៤) ប៉ូល​ឈប់​គិត​អំពី​ទង្វើ​មិន​ត្រឹម​ត្រូវ​របស់​គាត់​កាល​គាត់​កាន់​សាសនា​យូដា។ ផ្ទុយ​ទៅ​វិញ គាត់​បាន​ខំ​អស់ពី​កម្លាំង​របស់​គាត់​ដើម្បី​មាន​លក្ខណៈ​គ្រប់​គ្រាន់​ដើម្បី​អាច​ទទួល​រង្វាន់​នៅ​ថ្ងៃ​អនាគត​ជា​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។

១៨ យើង​ទាំង​អស់​គ្នា​អាច​អនុវត្ត​គោលការណ៍​នៅ​ក្នុង​ពាក្យ​របស់​ប៉ូល ដែល​ឲ្យ​យើង​ប្រឹង​រត់​សំដៅ​ទៅ​អ្វី​ដែល​នៅ​ខាង​មុខ ជា​ជាង​ខ្វល់ខ្វាយ​អំពី​រឿង​នៅ​អតីតកាល​របស់​យើង ឬ​នៅ​តែ​គិត​អំពី​អ្វី​ដែល​យើង​មិន​អាច​ធ្វើ។ មែន​ហើយ ទោះ​ជា​យើង​ប្រហែលជា​មិន​អាច​បំភ្លេច​កំហុស​របស់​យើង​នៅ​អតីតកាល​ទាំង​ស្រុង​បាន​ក៏​ដោយ ក៏​យើង​មិន​ចាំ​បាច់​ស្តីបន្ទោស​ខ្លួន​រហូត​ដោយ​សារបាន​ធ្វើ​ខុស​នោះ​ដែរ។ ផ្ទុយ​ទៅ​វិញ យើង​អាច​ព្យាយាម​ឈប់​គិត​រឿង​នៅ​អតីតកាល ហើយ​បម្រើ​ព្រះ​យេហូវ៉ា​អស់ពី​សមត្ថភាព​នៅ​ឥឡូវ​នេះ ហើយ​គិត​អំពី​អនាគត​ដ៏​រុង​រឿង!

^ វគ្គ 4 គម្ពីរ​ចែង​ជា​ច្រើន​ដង​ថា​ក្នុង​ចំណោម​ពួក​អ្នក​ដែល​សុល​បាន​បៀតបៀន​មាន​ស្ត្រី។ នេះ​បង្ហាញ​ថា​ស្ត្រី​មាន​តួនាទី​សំខាន់​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ​នៅ​សតវត្សរ៍​ទី​១​ដូច​នៅ​សព្វ​ថ្ងៃ​នេះ​ដែរ។—ទំនុក. ៦៨:១១