«អ្នកស្នាក់នៅបណ្ដោះអាសន្ន»មានសាមគ្គីភាពក្នុងការគោរពប្រណិប័តន៍ពិត
«អ្នកស្នាក់នៅបណ្ដោះអាសន្ន»មានសាមគ្គីភាពក្នុងការគោរពប្រណិប័តន៍ពិត
«មនុស្សប្រទេសក្រៅ[ឬ«ជនបរទេស»]នឹងភ្ជួររាស់ ហើយថែរក្សាចំការទំពាំងបាយជូរឲ្យឯង តែឯឯងរាល់គ្នា នឹងបានហៅថាសង្ឃរបស់ព្រះយេហូវ៉ា»។—អេ. ៦១:៥, ៦, ព.ថ.
តើអ្នកនឹងឆ្លើយយ៉ាងណា?
តើមនុស្សខ្លះមានទស្សនៈយ៉ាងណាចំពោះជនបរទេស ប៉ុន្តែតើគម្ពីរបង្រៀនយ៉ាងណាអំពីរឿងនេះ?
តើមនុស្សពីគ្រប់ជាតិសាសន៍បានត្រូវអញ្ជើញឲ្យធ្វើអ្វី?
ហេតុអ្វីយើងអាចនិយាយថា យើងហាក់ដូចជានៅក្នុងពិភពលោកដែលគ្មានជនបរទេស?
១. តើមនុស្សខ្លះមានទស្សនៈយ៉ាងណាចំពោះជនបរទេស ប៉ុន្តែហេតុអ្វីនេះជាការមិនត្រឹមត្រូវ?
មនុស្សខ្លះមិនចូលចិត្តជនបរទេសឬមនុស្សដែលមកពីប្រទេសឯទៀតទេ។ ការចាត់ទុកមនុស្សដែលមកពីប្រទេសផ្សេងថាអន់ជាងមនុស្សនៅប្រទេសរបស់ខ្លួន គឺជាការមិនគោរពអ្នកឯទៀត។ ម្យ៉ាងទៀត ចិត្តគំនិតបែបនេះបង្ហាញថាយើងមិនទទួលស្គាល់ការពិត។ សៀវភៅមួយដែលមានចំណងជើងថា ពូជសាសន៍របស់មនុស្សជាតិ (The Races of Mankind) សរសេរថា «យោងទៅតាមគម្ពីរ មនុស្សគ្រប់ពូជសាសន៍ជាបងប្អូននឹងគ្នា»។ បងប្អូនច្រើនតែខុសពីគ្នាឆ្ងាយ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ពួកគេជាបងប្អូននឹងគ្នា។
២, ៣. តើព្រះយេហូវ៉ាមានទស្សនៈយ៉ាងណាចំពោះជនបរទេស?
២ ទោះជាយើងរស់នៅកន្លែងណាក៏ដោយ មានជនបរទេសរស់នៅក្នុងចំណោមយើង។ ក្នុងចំណោមជនជាតិអ៊ីស្រាអែលសម័យបុរាណក៏មានជនបរទេសដែរ ហើយតាមរយៈកិច្ចព្រមព្រៀងខាងច្បាប់ ជនជាតិអ៊ីស្រាអែលទាំងនោះមានចំណងមិត្តភាពពិសេសជាមួយព្រះយេហូវ៉ា។ ទោះជាសិទ្ធិរបស់ពួកអ្នកដែលមិនមែនជាជនជាតិអ៊ីស្រាអែលមានកម្រិតដោយ ប៉ុន្តែព្រះតម្រូវឲ្យជនជាតិអ៊ីស្រាអែលប្រព្រឹត្តដោយគោរពនិងដោយយុត្ដិធម៌ចំពោះពួកគេ។ នេះជាគំរូដ៏ល្អសម្រាប់យើងមែន! គ្រិស្តសាសនិកពិតមិនត្រូវរើសមុខឬប្រកាន់ពូជសាសន៍ឡើយ។ ហេតុអ្វី? សាវ័កប៉ូលបាននិយាយថា៖ «ខ្ញុំយល់ឃើញច្បាស់ថា ព្រះមិនរើសមុខទេ តែនៅគ្រប់ជាតិសាសន៍ លោកពេញចិត្តនឹងអ្នកណាដែលកោតខ្លាចលោកហើយប្រព្រឹត្តអំពើសុចរិត»។—សកម្ម. ១០:៣៤, ៣៥
៣ ជនបរទេសនៅអ៊ីស្រាអែលសម័យបុរាណ បានទទួលប្រយោជន៍ពីទំនាក់ទំនងដ៏ជិតស្និទ្ធរបស់ពួកគេជាមួយនឹងជនជាតិអ៊ីស្រាអែល។ នេះស្របគ្នានឹងទស្សនៈរបស់ព្រះយេហូវ៉ាចំពោះរឿងនេះ ដូចសាវ័កប៉ូលបានបញ្ជាក់ច្រើនឆ្នាំក្រោយមក ពេលគាត់សួរអំពីព្រះយេហូវ៉ាថា៖ «តើលោកជាព្រះរបស់ជនជាតិយូដាតែប៉ុណ្ណោះ? តើលោកមិនមែនជាព្រះរបស់ជនជាតិដទៃដែរទេឬ? លោកពិតជាព្រះរបស់ជនជាតិដទៃដែរ»។—រ៉ូម ៣:២៩; យ៉ូល. ២:៣២
៤. ហេតុអ្វីយើងអាចនិយាយបានថាគ្មានជនបរទេសក្នុងចំណោម«អ៊ីស្រាអែលនៃព្រះ»?
កាឡ. ៦:១៦) ដូចប៉ូលបានពន្យល់ នៅក្នុងប្រជាជាតិថ្មីនេះ«គ្មានជនជាតិក្រិច ឬជនជាតិយូដា គ្មានការកាត់ចុងស្បែក ឬមិនកាត់ចុងស្បែក គ្មានជនបរទេស ជនជាតិស៊ិទា ខ្ញុំបម្រើ ឬអ្នកមានសេរីភាពឡើយ ប៉ុន្តែគ្រិស្តគឺជាអ្វីៗទាំងអស់ ហើយនៅក្នុងអ្វីៗទាំងអស់»។ (កូឡ. ៣:១១) ដូច្នេះក្នុងន័យនេះ គឺគ្មានជនបរទេសនៅក្នុងក្រុមជំនុំគ្រិស្តសាសនិកឡើយ។
៤ ក្រោយពីព្រះបានធ្វើកិច្ចព្រមព្រៀងថ្មីជាមួយនឹងក្រុមជំនុំគ្រិស្តសាសនិកដែលព្រះបានរើសតាំង ប្រជាជាតិអ៊ីស្រាអែលលែងមានចំណងមិត្តភាពពិសេសជាមួយនឹងលោកទៀតហើយ។ ផ្ទុយទៅវិញ ក្រុមជំនុំគ្រិស្តសាសនិកដែលព្រះបានរើសតាំងបានក្លាយទៅជា«អ៊ីស្រាអែលនៃព្រះ»។ (៥, ៦. (ក) តើមានសំណួរអ្វីស្តីអំពីអេសាយ ៦១:៥, ៦? (ខ) តើអ្នកណាជា«សង្ឃរបស់ព្រះយេហូវ៉ា»និងជា«ជនបរទេស»ដែលបានត្រូវរៀបរាប់ដោយអេសាយ? (គ) តើក្រុមទាំងពីរនេះធ្វើការជាមួយគ្នាយ៉ាងដូចម្ដេច?
៥ មនុស្សខ្លះប្រហែលជាឆ្ងល់អំពីអ្វីដែលត្រូវរៀបរាប់នៅសៀវភៅអេសាយ ជំពូក៦១ដែលមានទំនាយមួយ ដែលបានសម្រេចនៅក្នុងក្រុមជំនុំគ្រិស្តសាសនិក។ ខ៦នៃជំពូកនោះរៀបរាប់អំពីពួកអ្នកដែលនឹងបម្រើជា«សង្ឃរបស់ព្រះយេហូវ៉ា»។ ប៉ុន្តែ ខ៥រៀបរាប់អំពី«ជនបរទេស»ដែលនឹងសហការ ហើយធ្វើការជាមួយនឹងពួកអ្នកដែលជា«សង្ឃ»។ ហេតុអ្វីខនេះនិយាយអំពី«ជនបរទេស»?
៦ យើងដឹងថា«សង្ឃរបស់ព្រះយេហូវ៉ា»ទាំងនេះជាគ្រិស្តសាសនិកដែលបានត្រូវរើសតាំង ដែលមានចំណែកក្នុង«ការប្រោសឲ្យរស់ឡើងវិញមុនដំបូង»និងជាអ្នកដែល«នឹងធ្វើជាសង្ឃរបស់ព្រះនិងរបស់គ្រិស្ត ក៏នឹងគ្រប់គ្រងជាស្តេចជាមួយនឹងលោកអស់មួយពាន់ឆ្នាំ»។ (បប. ២០:៦) ម្យ៉ាងទៀត មានគ្រិស្តសាសនិកស្មោះត្រង់ជាច្រើននាក់ ដែលមានសេចក្ដីសង្ឃឹមរស់នៅលើផែនដី។ ពួកអ្នកទាំងនេះកំពុងធ្វើការជាមួយនឹងអ្នកដែលនឹងបម្រើនៅស្ថានសួគ៌ ហើយសេពគប់យ៉ាងជិតស្និទ្ធជាមួយនឹងពួកគាត់។ ប៉ុន្តែ ដោយសារពួកអ្នកដែលមានសង្ឃឹមរស់នៅលើផែនដីមិនមែនជាផ្នែកនៃ«អ៊ីស្រាអែលនៃព្រះ» នោះពួកគេគឺដូចជាជនបរទេស។ ពួកគេគ្រាំទ្រហើយធ្វើការយ៉ាងសប្បាយរីករាយជាមួយនឹង«សង្ឃរបស់ព្រះយេហូវ៉ា» ដោយបម្រើជាអ្នក«ភ្ជួររាស់»និងជាអ្នក«ថែរក្សាចំការទំពាំងបាយជូរ»។ ពួកគេជួយពួកអ្នកដែលបានត្រូវរើសតាំងឲ្យសរសើរតម្កើងព្រះ ដោយផ្សព្វផ្សាយនិងបង្រៀនអ្នកឯទៀតអំពីសេចក្ដីពិតក្នុងគម្ពីរ។ ទាំងអ្នកដែលបានត្រូវរើសតាំងនិង«ចៀមឯទៀត» ស្វែងរកហើយបន្ទាប់មក ដោយសេចក្ដីស្រឡាញ់ ពួកគេជួយបុគ្គលដែលមានចិត្តស្មោះដែលមានបំណងប្រាថ្នាបម្រើព្រះជារៀងរហូត។—យ៉ូន. ១០:១៦
«អ្នកស្នាក់នៅបណ្ដោះអាសន្ន»ដូចអាប្រាហាំ
៧. តើគ្រិស្តសាសនិកសព្វថ្ងៃនេះដូចអាប្រាហាំនិងពួកបុរសស្មោះត្រង់ឯទៀតនៅសម័យបុរាណយ៉ាងដូចម្ដេច?
៧ ដូចដែលបានរៀបរាប់នៅអត្ថបទមុន គ្រិស្តសាសនិកពិតគឺដូចជាជនបរទេសឬអ្នកដែលស្នាក់នៅបណ្ដោះអាសន្នក្នុងពិភពលោកដ៏អាក្រក់របស់សាថាន។ ពួកគេគឺស្រដៀងគ្នានឹងបុរសស្មោះត្រង់នៅសម័យបុរាណដែលរួមទាំងអាប្រាហាំ ដែលបទគម្ពីរបានចែងថា៖ «ពួកគេជាជនបរទេសនិងជាអ្នកស្នាក់នៅបណ្ដោះអាសន្នក្នុងស្រុក»។ (ហេ. ១១:១៣) ទោះជាយើងមានសេចក្ដីសង្ឃឹមមួយណាសម្រាប់អនាគតក៏ដោយ យើងមានឯកសិទ្ធិមានចំណងមិត្តភាពជាមួយនឹងព្រះយេហូវ៉ាដូចអាប្រាហាំដែរ។ យ៉ាកុបពន្យល់ថា «‹អាប្រាហាំបានជឿព្រះយេហូវ៉ា ហើយគាត់បានត្រូវចាត់ទុកថាជាមនុស្សសុចរិត› ហើយគាត់បានត្រូវហៅថា‹សម្លាញ់របស់ព្រះយេហូវ៉ា›»។—យ៉ា. ២:២៣
៨. តើព្រះបានសន្យាអ្វីចំពោះអាប្រាហាំ ហើយតើគាត់មានអារម្មណ៍យ៉ាងណាចំពោះការសម្រេចនៃសេចក្ដីសន្យានេះ?
៨ ព្រះបានសន្យាថា តាមរយៈអាប្រាហាំនិងកូនចៅរបស់គាត់ ក្រុមគ្រួសារទាំងអស់នៅផែនដីនឹងទទួលពរ មិនគ្រាន់តែជាតិសាសន៍មួយឡើយ។ (សូមអាន លោកុប្បត្តិ ២២:១៥-១៨) ទោះជាសេចក្ដីសន្យានេះនឹងសម្រេចក្រោយពីអាប្រាហាំបានស្លាប់ក៏ដោយ គាត់មានទំនុកចិត្តថាសេចក្ដីសន្យានេះនឹងបានសម្រេច។ អស់ជាងពាក់កណ្ដាលនៃជីវិតរបស់គាត់ គាត់និងក្រុមគ្រួសារផ្លាស់ប្ដូរទីលំនៅពីទីកន្លែងមួយទៅកន្លែងមួយ។ ក្នុងអំឡុងពេលនោះ អាប្រាហាំបានរក្សាចំណងមិត្តភាពរបស់គាត់ជាមួយនឹងព្រះយេហូវ៉ា។
៩, ១០. (ក) តើយើងអាចធ្វើតាមគំរូរបស់អាប្រាហាំយ៉ាងដូចម្ដេច? (ខ) តើយើងអាចប្រាប់សេចក្ដីអញ្ជើញអ្វីដល់អ្នកឯទៀត?
៩ ទោះជាអាប្រាហាំមិនដឹងថាតើគាត់ត្រូវចាំយូរប៉ុណ្ណាទើបគាត់អាចឃើញថាសេចក្ដីសង្ឃឹមរបស់គាត់បានសម្រេចក៏ដោយ សេចក្ដីស្រឡាញ់និងភក្ដីភាពរបស់គាត់ចំពោះព្រះយេហូវ៉ាមិនដែលរង្គោះរង្គើឡើយ។ គាត់បានផ្ដោតអារម្មណ៍ទៅលើសេចក្ដីសន្យារបស់ព្រះ ដោយមិនមានរបៀបរស់នៅជាអ្នកស្នាក់នៅជាអចិន្ត្រៃយ៍នៅក្នុងស្រុកណាមួយទេ។ (ហេ. ១១:១៤, ១៥) ជាការល្អមែន! ដែលយើងធ្វើតាមគំរូរបស់អាប្រាហាំ ដោយមានរបៀបរស់នៅសាមញ្ញ និងដោយមិនបណ្ដោយឲ្យខ្លួនយើងខ្វល់ខ្វាយច្រើនហួសហេតុពេកអំពីទ្រព្យសម្បត្ដិ ឋានៈក្នុងសង្គម ឬគិតគូរធ្វើឲ្យអាជីពរបស់ខ្លួនរីកចម្រើន។ យើងមិនគួរខំប្រឹងឲ្យមានរបៀបរស់នៅដែលអ្នកឯទៀតចាត់ទុកថាជារបៀបរស់នៅធម្មតាក្នុងរបៀបរបបដែលនឹងលែងមានទៀតក្នុងពេលឆាប់ៗនេះទេ ហើយយើងមិនចង់ស្រឡាញ់ហួសហេតុពេកនូវអ្វីដែលនៅជាបណ្ដោះអាសន្ននោះឡើយ។ ដូចអាប្រាហាំដែរ យើងកំពុងរង់ចាំអ្វីដែលប្រសើរជាងពិភពលោកនេះឆ្ងាយណាស់។ យើងចង់បង្ហាញចិត្តអត់ធ្មត់ ហើយរង់ចាំរហូតដល់សេចក្ដីសង្ឃឹមរបស់យើងបានសម្រេច។—សូមអាន រ៉ូម ៨:២៥
១០ ព្រះយេហូវ៉ានៅតែអញ្ជើញមនុស្សគ្រប់ជាតិសាសន៍ឲ្យទទួលពរតាមរយៈពូជរបស់អាប្រាហាំ ហើយពួកអ្នករើសតាំងដែលជា«សង្ឃរបស់ព្រះយេហូវ៉ា» ក៏ដូចជាចៀមឯទៀតដែលជា«ជនបរទេស» កំពុងប្រាប់សេចក្ដីអញ្ជើញនេះដល់មនុស្សនៅទូទាំងពិភពលោកក្នុងជាង៦០០ភាសា។
ចូរស្រឡាញ់មនុស្សគ្រប់ជាតិសាសន៍
១១. តើសាឡូម៉ូនបានអញ្ជើញជាតិសាសន៍នានាឲ្យធ្វើអ្វី?
១១ ក្នុងពិធីសម្ពោធវិហារនៅឆ្នាំ១០២៦ មុនគ.ស. ហើយស្របតាមសេចក្ដីសន្យារបស់ព្រះយេហូវ៉ាចំពោះអាប្រាហាំ សាឡូម៉ូនបាននិយាយថាមនុស្សគ្រប់ជាតិសាសន៍នឹងចូលរួមសរសើរតម្កើងព្រះយេហូវ៉ា។ ក្នុងសេចក្ដីអធិដ្ឋានយ៉ាងអស់ពីចិត្តមួយរបស់គាត់ គាត់បានអធិដ្ឋានថា៖ «មួយទៀត ត្រង់ឯពួកសាសន៍ដទៃដែលមិនមែនជាពូជពង្សអ៊ីស្រាអែលជារាស្ត្រទ្រង់ទេ បើកាលណាគេចាកចេញពីស្រុកឆ្ងាយមក ដោយយល់ដល់ព្រះនាមទ្រង់ (ដ្បិតគេនឹងឮនិយាយ ពីព្រះនាមដ៏ជាធំឧត្តមរបស់ទ្រង់ នឹងពីព្រះហស្តដ៏ខ្លាំងពូកែ ហើយពីព្រះពាហុដែលលើកសំរេចដែរ) ហើយគេមកអធិស្ឋានដំរង់ចំពោះព្រះវិហារនេះ នោះសូមទ្រង់ប្រោសស្ដាប់ពីលើស្ថានសួគ៌ជាទីលំនៅរបស់ទ្រង់ ហើយសំរេចសព្វគ្រប់តាមសេចក្ដីដែលសាសន៍ដទៃនោះនឹងសូមដល់ទ្រង់ ដើម្បីឲ្យគ្រប់ទាំងសាសន៍នៅផែនដីបានស្គាល់ព្រះនាមទ្រង់ ប្រយោជន៍ឲ្យគេបានកោតខ្លាចដល់ទ្រង់ ដូចជាសាសន៍អ៊ីស្រាអែល ជារាស្ត្រទ្រង់ដែរ»។—១ព. ៨:៤១-៤៣
១២. ហេតុអ្វីមនុស្សខ្លះចាត់ទុកសាក្សីព្រះយេហូវ៉ាថាខុសប្លែកពីគេឬជា«ជនបរទេស»?
១២ ជនបរទេសគឺជាបុគ្គលម្នាក់ដែលមកលេង ឬរស់នៅប្រទេសមួយដែលមិនមែនជាប្រទេសរបស់គាត់។ សាក្សីព្រះយេហូវ៉ាគឺដូចជាជនបរទេស។ ពួកគេរស់នៅប្រទេសជាច្រើននៅជុំវិញពិភពលោក ប៉ុន្តែពួកគេគាំទ្រតែរាជាណាចក្ររបស់ព្រះនៅស្ថានសួគ៌និងលោកយេស៊ូគ្រិស្តជាស្តេចនៃរាជាណាចក្រនោះប៉ុណ្ណោះ។ ហេតុនេះពួកគេរក្សាអព្យាក្រឹតភាពយ៉ាងម៉ឺងម៉ាត់ក្នុងរឿងនយោបាយ សូម្បីតែមនុស្សខ្លះចាត់ទុកពួកគេថាខុសប្លែកពីអ្នកឯទៀតក្នុងសង្គមសព្វថ្ងៃនេះក៏ដោយ។
១៣. (ក) តើតាមរបៀបណាយើងអាចសម្រេចចិត្តមិនចាត់ទុកមនុស្សម្នាក់ជា«ជនបរទេស»? (ខ) តើនៅដើមដំបូងព្រះយេហូវ៉ាចង់ឲ្យមនុស្សទាំងអស់មានទស្សនៈយ៉ាងណាចំពោះគ្នាទៅវិញទៅមក? សូមពន្យល់។
១៣ ជួនកាលគេអាចដឹងថាអ្នកណាជាជនបរទេសដោយសាររបៀបដែលពួកគេនិយាយ ទំនៀមទម្លាប់ រូបរាង ឬសម្លៀកបំពាក់របស់ពួកគេ។ ក៏ប៉ុន្តែ អ្វីដូចគ្នាដែលមនុស្សគ្រប់ជាតិសាសន៍មាន ទោះជាពួកគេមានសញ្ជាតិអ្វីក៏ដោយ គឺសំខាន់ជាងលក្ខណៈទាំងនេះ។ ហេតុនេះ តាមការពិតគេចាត់ទុកបុគ្គលម្នាក់ជាជនបរទេសគឺគ្រាន់តែដោយសារគាត់មានលក្ខណៈខ្លះខុសពីគេប៉ុណ្ណោះ។ ដូច្នេះ ពេលដែលយើងសម្រេចចិត្តមិនគិតអំពីលក្ខណៈខុសគ្នាពីយើង នោះយើងទំនងជានឹងមិនចាត់ទុកថាគាត់ជា«ជនបរទេស»ទេ។ ប្រសិនបើមនុស្សទាំងអស់នៅលើផែនដីរស់នៅក្រោមរដ្ឋាភិបាលតែមួយឬនៅក្នុងប្រទេសតែមួយ នោះគ្មាននរណាម្នាក់ជាជនបរទេសទៀតឡើយ។ តាមការពិតគោលបំណងដើមរបស់ព្រះយេហូវ៉ាគឺឲ្យមនុស្សទាំងអស់រួបរួមគ្នាជាក្រុមគ្រួសារតែមួយ ក្រោមការគ្រប់គ្រងតែមួយ ពោលគឺការគ្រប់គ្រងរបស់លោក។ តើសព្វថ្ងៃនេះមនុស្សពីគ្រប់ជាតិសាសន៍អាចឈប់ចាត់ទុកអ្នកឯទៀតជាជនបរទេសឬទេ?
១៤, ១៥. តើសាក្សីព្រះយេហូវ៉ាជាក្រុមមួយអាចធ្វើអ្វីខ្លះ?
១៤ យើងរស់នៅក្នុងពិភពលោកមួយដែលមនុស្សជាច្រើនគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន ហើយគិតថាជាតិសាសន៍របស់ខ្លួនគឺប្រសើរជាងគេ។ ប៉ុន្តែ ជាការល្អដែលយើងដឹងថាមានមនុស្សខ្លះស្រឡាញ់មនុស្សពីគ្រប់ជាតិសាសន៍។ ការយកឈ្នះការប្រកាន់ពូជសាសន៍អាចជាការពិបាក។ អ្នកបង្កើតបណ្ដាញទូរទស្សន៍ស៊ីអិនអិនឈ្មោះថេត ធឺននឺ ដែលបានធ្វើការជាមួយនឹងអ្នកមានទេពកោសល្យដែលមកពីប្រទេសផ្សេងៗ បាននិយាយថា៖ «ការធ្វើការជាមួយនឹងមនុស្សទាំងនេះគឺជាបទពិសោធន៍ដ៏អស្ចារ្យមួយ។ ខ្ញុំចាប់ផ្ដើមយល់ថាមនុស្សដែលមកពីប្រទេសផ្សេងៗមិនមែនជា‹ជនបរទេស›ទេ ប៉ុន្តែជាជនរួមជាតិដែលរស់នៅភពផែនដីនេះ។ ខ្ញុំចាប់ផ្ដើមចាត់ទុកពាក្យថា ‹ជនបរទេស›ជាពាក្យមើលងាយ ហើយខ្ញុំបានបង្កើតច្បាប់នៅក្នុងស៊ីអិនអិនថា គេមិនអាចប្រើពាក្យនេះសម្រាប់ពេលផ្សាយឬពេលនិយាយគ្នាក្នុងការិយាល័យទេ។ ប៉ុន្តែ ពួកគេត្រូវប្រើពាក្យ‹អន្តរជាតិ›ជំនួសវិញ»។
១៥ នៅប្រទេសជាច្រើនទូទាំងពិភពលោក សាក្សីព្រះយេហូវ៉ាគឺជាក្រុមមួយប៉ុណ្ណោះដែលមានទស្សនៈដូចព្រះយេហូវ៉ា។ ពួកគេបានរៀនឲ្យមានទស្សនៈដូចព្រះយេហូវ៉ាចំពោះមនុស្ស ជាលទ្ធផលពួកគេផ្លាស់ប្ដូររបៀបដែលពួកគេគិតនិងមានអារម្មណ៍ចំពោះអ្នកឯទៀត។ ជាជាងមិនទុកចិត្ត សង្ស័យ ឬស្អប់ជនជាតិផ្សេង ពួកគេរៀនចាត់ទុកលក្ខណៈនិងសមត្ថភាពផ្សេងៗរបស់ជនជាតិទាំងនេះថាជាអ្វីដែលល្អ
ប្រសើរ។ តើអ្នកបានរំពឹងគិតអំពីរឿងនេះឬទេ? ហើយតើអ្នកបានទទួលប្រយោជន៍អ្វីខ្លះពីការមានទស្សនៈបែបនេះចំពោះអ្នកឯទៀត?ពិភពលោកមួយដែលគ្មានជនបរទេស
១៦, ១៧. តើការសម្រេចទំនាយនៅការបើកបង្ហាញ ១៦:១៦និងនៅដានីយ៉ែល ២:៤៤ផ្ដល់ប្រយោជន៍អ្វីខ្លះដល់អ្នក?
១៦ នៅពេលឆាប់ៗនេះ គ្រប់ជាតិសាសន៍នៅសព្វថ្ងៃនេះនឹងប្រយុទ្ធនឹងគ្រិស្ត ព្រមទាំងពលទ័ពនៅស្ថានសួគ៌របស់លោកក្នុងសង្គ្រាមផ្ដាច់ព្រ័ត្រប្រឆាំងនឹងការគ្រប់គ្រងរបស់ព្រះ ជាសង្គ្រាម«ដែលភាសាហេប្រឺហៅថាហាម៉ាគេដូន»។ (បប. ១៦:១៤, ១៦; ១៩:១១-១៦) ជាង២.៥០០ឆ្នាំមុន អ្នកប្រកាសទំនាយដានីយ៉ែលបានទាយក្រោមការដឹកនាំរបស់ព្រះ អំពីអ្វីដែលនឹងកើតឡើងដល់រដ្ឋាភិបាលរបស់មនុស្សដែលប្រឆាំងនឹងគោលបំណងរបស់ព្រះ ដោយសរសេរថា «នៅគ្រានៃស្តេចទាំងនោះ ព្រះនៃស្ថានសួគ៌ទ្រង់នឹងតាំងនគរ១ឡើងដែលមិនត្រូវបំផ្លាញឡើយ ហើយអំណាចហ្លួងក៏មិនត្រូវផ្ទេរដល់សាសន៍ដទៃណាដែរ គឺនឹងបំបាក់បំបែក ហើយលេបបំបាត់នគរទាំងនោះវិញ នគរនោះនឹងស្ថិតស្ថេរនៅអស់កល្បជានិច្ច»។—ដាន. ២:៤៤
១៧ តើអ្នកអាចស្រមៃគិតថាការសម្រេចនៃទំនាយនេះនឹងផ្ដល់ប្រយោជន៍អ្វីខ្លះដល់អ្នក? នៅពេលឥឡូវនេះ គេអាចចាត់ទុកយើងទាំងអស់គ្នាថាជាជនបរទេស ដោយសារពិភពលោកបានត្រូវបែងចែកជាប្រជាជាតិផ្សេងៗដោយមានព្រំដែនទឹកដី។ ប៉ុន្តែ ក្រោយហាម៉ាគេដូននឹងលែងមានព្រំប្រទល់ទៀត។ ទោះជាមនុស្សនៅតែមានលក្ខណៈខុសគ្នាក៏ដោយ នេះនឹងបង្ហាញឲ្យឃើញនូវភាពសម្បូរបែបក្នុងអ្វីៗទាំងអស់ដែលព្រះបានបង្កើត។ សេចក្ដីសង្ឃឹមដ៏គួរឲ្យរំភើបចិត្តនេះ គួរជំរុញឲ្យយើងទាំងអស់គ្នាបន្តសរសើរនិងលើកកិត្ដិយសព្រះយេហូវ៉ាដែលជាអ្នកបង្កើតឲ្យអស់ពីសមត្ថភាពរបស់យើង។
១៨. តើមានឧទាហរណ៍អ្វីដែលបង្ហាញថាសាក្សីព្រះយេហូវ៉ាមិនចាត់ទុកបងប្អូនរួមជំនឿជាជនបរទេស?
១៨ តើមនុស្សនៅជុំវិញពិភពលោកពិតជាអាចឈប់ចាត់ទុកអ្នកឯទៀតជាជនបរទេសឬទេ? យើងអាចទុកចិត្តថានេះនឹងកើតឡើងមែន។ សូម្បីតែឥឡូវនេះក្ដី សាក្សីព្រះយេហូវ៉ាមិនចាត់ទុកអ្នកឯទៀតជាជនបរទេសឡើយ។ ជាឧទាហរណ៍ នៅពេលថ្មីៗនេះ ការិយាល័យសាខាតូចៗមួយចំនួនរបស់សាក្សីព្រះយេហូវ៉ាបានត្រូវបញ្ចូលគ្នា ដើម្បីងាយស្រួលក្នុងការត្រួតពិនិត្យ និងដើម្បីធ្វើឲ្យកិច្ចផ្សព្វផ្សាយដំណឹងល្អអំពីរាជាណាចក្រព្រះកាន់តែមានប្រសិទ្ធភាព។ (ម៉ាថ. ២៤:១៤) ដរាបណាច្បាប់អនុញ្ញាត ការសម្រេចចិត្តនេះបានត្រូវធ្វើឡើងដោយមិនគិតអំពីព្រំដែនប្រទេសទេ។ នេះជាភ័ស្តុតាងមួយទៀតដែលបង្ហាញថាលោកយេស៊ូគ្រិស្តជាអ្នកគ្រប់គ្រងដែលព្រះយេហូវ៉ាបានតែងតាំងយ៉ាងត្រឹមត្រូវ កំពុងបំបាត់ចោលនូវព្រំដែនរបស់មនុស្ស ហើយមិនយូរទៀតលោកនឹង«បង្ហើយជ័យជម្នះរបស់លោក»។—បប. ៦:២
១៩. តើសេចក្ដីពិតដែលជាភាសាបរិសុទ្ធអាចនាំឲ្យមានអ្វី?
១៩ ដោយសារសាក្សីព្រះយេហូវ៉ាមកពីជាតិសាសន៍ជាច្រើន ហេតុនេះពួកគេនិយាយភាសាផ្សេងពីគ្នា ហើយពួកគេព្យាយាមលើកតម្កើងសេចក្ដីពិតដែលជាភាសាបរិសុទ្ធ។ នេះជាចំណងដែលធ្វើឲ្យមានសាមគ្គីភាពដែលគ្មានអ្វីអាចបំបែកបំបាក់បានឡើយ។ (សូមអាន សេផានា ៣:៩) ពួកគេជាក្រុមគ្រួសារអន្តរជាតិមួយដែលរស់នៅក្នុងរបៀបរបបអាក្រក់សព្វថ្ងៃនេះ ប៉ុន្តែពួកគេមិនរួមចំណែកក្នុងរបៀបរបបនេះទេ។ ដោយសារសព្វថ្ងៃក្រុមគ្រួសារនេះមានសាមគ្គីភាព នេះបង្ហាញថានៅពិភពលោកថ្មី គ្មាននរណាម្នាក់ជាជនបរទេសឡើយ។ បន្ទាប់មក មនុស្សទាំងអស់នឹងទទួលស្គាល់យ៉ាងសប្បាយរីករាយថាអ្វីដែលសៀវភៅដែលបានត្រូវដកស្រង់នៅខាងលើនេះ ជាការពិត។ សៀវភៅនេះសរសេរថា៖ «យោងទៅតាមគម្ពីរ មនុស្សគ្រប់ពូជសាសន៍ជាបងប្អូននឹងគ្នា» (សូមមើលសៀវភៅពូជសាសន៍របស់មនុស្សជាតិ ជាភាសាអង់គ្លេស)។
[សំណួរសម្រាប់វគ្គនីមួយៗ]
[ឃ្លាអក្សរធំនៅទំព័រ២៨]
តើអ្នកទន្ទឹងរង់ចាំនូវគ្រាដែលគ្មានព្រំដែនដែលបង្កើតដោយមនុស្សពេលដែលមនុស្សលែងចាត់ទុកអ្នកឯទៀតជា«ជនបរទេស»ឬទេ?
[រូបភាពនៅទំព័រ២៥]
តើអ្នកនឹងបន្តផ្ដោតអារម្មណ៍ទៅលើការសម្រេចសេចក្ដីសន្យារបស់ព្រះដូចអាប្រាហាំឬទេ?
[រូបភាពនៅទំព័រ២៧]
ចំពោះព្រះយេហូវ៉ាគ្មាននរណាម្នាក់ជាជនបរទេសទេ