លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

របៀបដែលពិភពលោកនេះនឹងមកដល់ទីបញ្ចប់

របៀបដែលពិភពលោកនេះនឹងមកដល់ទីបញ្ចប់

របៀប​ដែល​ពិភព​លោក​នេះ​នឹង​មក​ដល់​ទី​បញ្ចប់

«អ្នក​រាល់​គ្នា​មិន​នៅ​ក្នុង​ភាព​ងងឹត​ទេ ដូច្នេះ ថ្ងៃ​នោះ​នឹង​មិន​មក​ដោយ​អ្នក​រាល់​គ្នា​មិន​ដឹង​ខ្លួន ដូច​ជា​ពន្លឺ​ថ្ងៃ​មក​ដោយ​ពួក​ចោរ​មិន​ដឹង​ខ្លួន​នោះ​ទេ»។—១ថែ. ៥:៤

តើ​អ្នក​អាច​ពន្យល់​បាន​ឬ​ទេ?

តើ​ព្រឹត្ដិការណ៍​អ្វី​ដែល​យើង​មើល​មិន​ទាន់​ឃើញ​ដែល​បាន​ត្រូវ​បញ្ជាក់​នៅ​បទ​គម្ពីរ​ដូច​ខាង​ក្រោម​នេះ?

ថែស្សាឡូនិច​ទី​១ ៥:៣

ការ​បើក​បង្ហាញ ១៧:១៦

ដានីយ៉ែល ២:៤៤

១​. តើ​អ្វី​នឹង​ជួយ​យើង​ឲ្យ​ចាំ​យាម​ហើយ​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក?

ព្រឹត្ដិការណ៍​នានា​ដែល​ធ្វើ​ឲ្យ​ពិភព​លោក​កក្រើក​រញ្ជួយ​នឹង​កើត​ឡើង​ក្នុង​ពេល​បន្ដិច​ទៀត​នេះ។ ការ​សម្រេច​នៃ​ទំនាយ​ផ្សេងៗក្នុង​គម្ពីរ​បញ្ជាក់​ថា​ព្រឹត្ដិការណ៍​ទាំង​នោះ​នឹង​កើត​ឡើង ដូច្នេះ​យើង​ត្រូវ​ចាំ​យាម។ តើ​អ្វី​នឹង​ជួយ​យើង​ឲ្យ​ធ្វើ​ដូច្នេះ? សាវ័ក​ប៉ូល​បាន​ដាស់​តឿន​យើង​ឲ្យ«ផ្ដោត​អារម្មណ៍​ទៅ​លើ​អ្វី​ដែល​យើង​មើល​មិន​ឃើញ»។ យើង​ត្រូវ​ចាំ​ថា​ព្រះ​យេហូវ៉ា​នឹង​ឲ្យ​យើង​នូវ​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់ ទោះ​ជា​នៅ​ស្ថាន​សួគ៌​ឬ​នៅ​ផែនដី​ក្ដី។ ដូច​ខ​គម្ពីរ​មុន​និង​ក្រោយ​ខ​នេះ​បង្ហាញ ប៉ូល​បាន​សរសេរ​ពាក្យ​ទាំង​នេះ​ដើម្បី​លើក​ទឹក​ចិត្ត​បង​ប្អូន​រួម​ជំនឿ ឲ្យ​ផ្ដោត​អារម្មណ៍​លើ​លទ្ធផល​ដ៏​ល្អ​ដែល​មក​ពី​ការ​ប្រព្រឹត្ត​ដ៏​ស្មោះ​ត្រង់​របស់​ពួក​គេ។ ការ​ធ្វើ​ដូច្នេះ​ក៏​នឹង​ជួយ​ពួក​គេ​ឲ្យ​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក​និង​ការ​បៀតបៀន​ផង​ដែរ។—២កូ. ៤:៨, ៩, ១៦​-​១៨; ៥:៧

២​. (ក) ដើម្បី​ធ្វើ​ឲ្យ​សេចក្ដី​សង្ឃឹម​របស់​យើង​រឹង​មាំ តើ​យើង​ត្រូវ​ធ្វើ​អ្វី? (ខ) តើ​យើង​នឹង​ពិចារណា​អំពី​អ្វី នៅ​ក្នុង​អត្ថបទ​នេះ​និង​អត្ថបទ​បន្ទាប់?

ការ​ដាស់​តឿន​របស់​ប៉ូល​មាន​គោលការណ៍​សំខាន់​មួយ​គឺ ដើម្បី​ឲ្យ​សេចក្ដី​សង្ឃឹម​របស់​យើង​រឹង​មាំ យើង​ត្រូវ​មើល​ហួស​ពី​អ្វី​ដែល​នៅ​ជិត​យើង។ យើង​ត្រូវ​ផ្ដោត​អារម្មណ៍​ទៅ​លើ​ព្រឹត្ដិការណ៍​សំខាន់ៗដែល​យើង​មើល​មិន​ទាន់​ឃើញ។ (ហេ. ១១:១; ១២:១, ២) ហេតុ​នេះ សូម​យើង​ពិចារណា​ព្រឹត្ដិការណ៍​១០​ដែល​នឹង​កើត​ឡើង​នៅ​អនាគត ដែល​ជាប់​ទាក់​ទង​យ៉ាង​ខ្លាំង​នឹង​សេចក្ដី​សង្ឃឹម​របស់​យើង​អំពី​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។ *

តើ​អ្វី​នឹង​កើត​ឡើង​មុន​នឹង​ទី​បញ្ចប់​មក​ដល់?

៣​. (ក) តើ​ព្រឹត្ដិការណ៍​អ្វី ដែល​មិន​ទាន់​កើត​ឡើង​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​ថែស្សាឡូនិច​ទី​១ ៥:២, ៣? (ខ) តើ​អ្នក​ដឹក​នាំ​រដ្ឋាភិបាល​នឹង​ធ្វើ​អ្វី ហើយ​តើ​អ្នក​ណា​ប្រហែលជា​ចូល​រួម​ជា​មួយ​ពួក​គេ?

ព្រឹត្ដិការណ៍​មួយ​ដែល​នឹង​កើត​ឡើង​នៅ​អនាគត​បាន​ត្រូវ​ពិចារណា​ក្នុង​សំបុត្រ​របស់ប៉ូល​ទៅ​កាន់​គ្រិស្ត​សាសនិក​នៅ​ក្រុង​ថែស្សាឡូនិច។ (សូម​អាន ថែស្សាឡូនិច​ទី​១ ៥:២, ៣) ប៉ូល​បាន​លើក​បញ្ជាក់​អំពី«ថ្ងៃ​របស់​ព្រះ​យេហូវ៉ា»។ ពាក្យ«ថ្ងៃ​របស់​ព្រះ​យេហូវ៉ា»ក្នុង​ខ​គម្ពីរ​នេះ​សំដៅ​ទៅ​លើ​រយៈ​ពេល​ដែល​នឹង​ចាប់​ផ្ដើម​ពី​ការ​បំផ្លាញ​ចោល​សាសនា​មិន​ពិត ហើយ​នឹង​ចប់​នៅ​សង្គ្រាម​ហាម៉ាគេដូន។ ប៉ុន្តែ មុន​ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា​ចាប់​ផ្ដើម អ្នក​ដឹក​នាំ​ក្នុង​ពិភព​លោក​នឹង​និយាយ​ថា៖ «មាន​សន្ដិភាព​និង​សន្ដិសុខ​ហើយ!»។ នេះ​ប្រហែលជា​សំដៅ​ទៅ​លើ​ព្រឹត្ដិការណ៍​មួយ​ឬ​ព្រឹត្ដិការណ៍​ជា​បន្ត​បន្ទាប់។ ប្រជាជាតិ​នានា​ប្រហែលជា​គិត​ថា​ពួក​គេ​ហៀបនឹង​ដោះ​ស្រាយ​បញ្ហា​ធំៗខ្លះ​របស់​ពួក​គេ។ ចុះ​យ៉ាង​ណា​វិញ​ចំពោះ​ពួក​អ្នក​ដឹក​នាំ​សាសនា? ពួក​គេ​ជា​ផ្នែក​មួយ​នៃ​ពិភព​លោក ដូច្នេះ​ពួក​គេ​អាច​នឹង​ចូល​រួម​ជា​មួយ​ពួក​អ្នក​ដឹក​នាំ​រដ្ឋាភិបាល។ (បប. ១៧:១, ២) ហេតុ​នេះ ពួក​បព្វជិត​នឹង​យក​តម្រាប់​អ្នក​ប្រកាស​ទំនាយ​មិន​ពិត​នៅ​ស្រុក​យូដា​សម័យ​បុរាណ។ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​អំពី​ពួក​គេ​ថា៖ «ពួក​គេ​ពោល​ថា៖ ‹មាន​សន្ដិភាព​ហើយ! មាន​សន្ដិភាព​ហើយ!› ក្នុង​កាល​ដែល​ឥត​មាន​សន្ដិភាព​ឡើយ»។—យេ. ៦:១៤; ២៣:១៦, ១៧; ព.ថ.

៤​. មិន​ដូច​មនុស្ស​ទូទៅ តើ​យើង​យល់​អំពី​អ្វី?

ទោះ​ជា​អ្នក​ណា​នឹង​ចូល​រួម​ប្រកាស​ថា៖ «មាន​សន្ដិភាព​និង​សន្ដិសុខ​ហើយ!»ក៏​ដោយ ព្រឹត្ដិការណ៍​នោះ​នឹង​បង្ហាញ​ថា​ថ្ងៃ​របស់​ព្រះ​យេហូវ៉ា​នឹង​ចាប់​ផ្ដើម។ ដូច្នេះ ប៉ូល​អាច​និយាយ​ថា៖ «បង​ប្អូន​អើយ អ្នក​រាល់​គ្នា​មិន​នៅ​ក្នុង​ភាព​ងងឹត​ទេ ដូច្នេះ ថ្ងៃ​នោះ​នឹង​មិន​មក​ដោយ​អ្នក​រាល់​គ្នា​មិន​ដឹង​ខ្លួន ដូច​ជា​ពន្លឺ​ថ្ងៃ​មក​ដោយ​ពួក​ចោរ​មិន​ដឹង​ខ្លួន​នោះ​ទេ ព្រោះ​អ្នក​រាល់​គ្នា​ជា​កូន​នៃ​ពន្លឺ»។ (១ថែ. ៥:៤, ៥) មិន​ដូច​មនុស្ស​ទូទៅ យើង​យល់​អត្ថន័យ​អំពី​អ្វី​ដែល​គម្ពីរ​ចែង​ស្តី​អំពី​ព្រឹត្ដិការណ៍​ដែល​កំពុង​កើត​ឡើង​នៅ​សព្វ​ថ្ងៃ​នេះ។ តើ​ទំនាយ​ស្តី​អំពី​សេចក្ដី​ប្រកាស​ដែល​ថា៖ «មាន​សន្ដិភាព​និង​សន្ដិសុខ​ហើយ!»នឹង​សម្រេច​យ៉ាង​ដូច​ម្ដេច? យើង​ត្រូវ​រង់​ចាំ​មើល។ ហេតុ​នេះ សូម​យើង​តាំង​ចិត្ត«ភ្ញាក់​ហើយ​ដឹង​ខ្លួន​ជា​និច្ច»។—១ថែ. ៥:៦; សេផ. ៣:៨

«មហា​ក្សត្រី»ម្នាក់​ដែល​គិត​ខុស​អំពី​អនាគត​របស់​នាង

៥​. (ក) តើ​គ្រា«ទុក្ខវេទនា​ជា​ខ្លាំង»នឹង​ចាប់​ផ្ដើម​យ៉ាង​ដូច​ម្ដេច? (ខ) តើ«មហា​ក្សត្រី»មួយ​ណា​ដែល​នឹង​គិត​ខុស​អំពី​អនាគត​នាង?

តើ​ព្រឹត្ដិការណ៍​អ្វី​ដែល​យើង​មើល​មិន​ទាន់​ឃើញ​នឹង​កើត​ឡើង​បន្ទាប់​មក? ប៉ូល​បាន​និយាយ​ថា៖ «នៅ​ពេល​ដែល​ពួក​គេ​និយាយ​ថា៖ ‹មាន​សន្ដិភាព​និង​សន្ដិសុខ​ហើយ!› នោះ​ស្រាប់​តែ​សេចក្ដី​ហិន​វិនាស​នឹង​កើត​មាន​ដល់​ពួក​គេ​ភ្លាម»។ ដំណាក់​កាល​ដំបូង​នៃ«សេចក្ដី​ហិន​វិនាស[ដែល]នឹង​កើត​មាន . . . ភ្លាម» គឺជា​ការ​វាយ​ប្រហារ«បាប៊ីឡូន​ដ៏​ខ្លាំងក្លា»ដែល​ជា​តំណាង​សាសនា​មិន​ពិត​ទាំង​អស់ ហើយ​ក៏​បាន​ត្រូវ​គេ​ស្គាល់​ដែរ​ថា​ជា«ស្ត្រី​ពេស្យា»។ (បប. ១៧:៥, ៦, ១៥) ការ​វាយ​ប្រហារ​នោះ​ទៅ​លើ​សាសនា​មិន​ពិត​ទាំង​អស់ រួម​ទាំង​ពិភព​គ្រិស្ត​សាសនា គឺជា​ការ​ចាប់​ផ្ដើម​នៃ​គ្រា«ទុក្ខវេទនា​ជា​ខ្លាំង»។ (ម៉ាថ. ២៤:២១; ២ថែ. ២:៨) ចំពោះ​មនុស្ស​ជា​ច្រើន ព្រឹត្ដិការណ៍​នេះ​នឹង​ធ្វើ​ឲ្យ​ពួក​គេ​ភ្ញាក់​ផ្អើល។ ហេតុ​អ្វី? ដោយ​សារ​រហូត​មក​ដល់​ពេល​នោះ ស្ត្រី​ពេស្យា​នឹង​ចាត់​ទុក​ខ្លួន​នាង​ដូច​ជា«មហា​ក្សត្រី»ម្នាក់ ជា​អ្នក​ដែល​នឹង«មិន​មាន​ទុក្ខ​ព្រួយ​ឡើយ»។ ប៉ុន្តែ ភ្លាមៗនោះនាង​នឹង​ដឹង​ថា​នាង​គិត​ខុស​អំពី​អនាគត​របស់​នាង។ នាង​នឹង​ត្រូវ​បំផ្លាញ​ចោល​យ៉ាង​ឆាប់​រហ័ស ហាក់​ដូច​ជា«ក្នុង​មួយ​ថ្ងៃ»។—បប. ១៨:៧, ៨

៦​. តើ​អ្នក​ណា​នឹង​បំផ្លាញ​សាសនា​មិន​ពិត?

បណ្ដាំ​របស់​ព្រះ​បញ្ជាក់​ឲ្យ​ដឹង​ថា​អ្នក​វាយ​ប្រហារ​ស្ត្រី​ពេស្យា​គឺជា«សត្វ​សាហាវ»ដែល​មាន«ស្នែង​ដប់»។ ការ​សិក្សា​សៀវភៅ​ការ​បើក​បង្ហាញ បង្ហាញ​ថា​សត្វ​សាហាវ​សំដៅ​ទៅ​អង្គការ​សហប្រជាជាតិ។ «ស្នែង​ដប់»ជា​តំណាង​រដ្ឋាភិបាល​ទាំង​អស់​នៅ​សព្វ​ថ្ងៃ​ដែល​គាំទ្រ«សត្វ​សាហាវ . . . សម្បុរ​ក្រហម​ឆ្អៅ»នេះ។ * (បប. ១៧:៣, ៥, ១១, ១២) តើ​ការ​វាយ​ប្រហារ​នេះ​នឹង​នាំ​ឲ្យ​មាន​ការ​ខូច​ខាត​ដល់​កម្រិត​ណា? ប្រជាជាតិ​នានា​នៃ​អង្គការ​សហប្រជាជាតិ​នឹង​ប្លន់​យក​ទ្រព្យ​សម្បត្ដិ​របស់​ស្ត្រី​ពេស្យា បក​អាក្រាត​អំពី​លក្ខណៈ​ពិត​របស់​នាង លេប​ត្របាក់​នាង ហើយ«ដុត​នាង​ចោល»។ ដូច្នេះ នាង​នឹង​ត្រូវ​បំផ្លាញ​ជា​រៀង​រហូត។—សូម​អាន ការ​បើក​បង្ហាញ ១៧:១៦

៧​. តើ​អ្វី​នឹង​បណ្ដាល​ឲ្យ«សត្វ​សាហាវ»វាយ​ប្រហារ​ស្ត្រី​ពេស្យា?

ទំនាយ​គម្ពីរ​ក៏​បញ្ជាក់​អំពី​អ្វី​ដែល​នឹង​បណ្ដាល​ឲ្យ​មាន​ការ​វាយ​ប្រហារ​នេះ​ដែរ។ តាម​របៀប​ណា​មួយ ព្រះ​យេហូវ៉ា​នឹង​បណ្ដាល​ចិត្ត​ពួក​អ្នក​ដឹក​នាំ​រដ្ឋាភិបាល«ឲ្យ​ធ្វើ​តាម​គំនិត​របស់​លោក» ពោល​គឺ​ដើម្បី​បំផ្លាញ​ស្ត្រី​ពេស្យា​នេះ។ (បប. ១៧:១៧) សាសនា​បន្ត​បង្ក​បញ្ហា​ដល់​ពិភព​លោក​ដោយ​សារ​ចូល​ចិត្ត​ធ្វើសង្គ្រាម។ ហេតុ​នេះ​ប្រជាជាតិ​ទាំង​ឡាយ​ប្រហែលជា​មាន​អារម្មណ៍​ថា ការ​បំផ្លាញ​ចោល​ស្ត្រី​ពេស្យា​គឺ​នាំ​ឲ្យ​ប្រទេស​ជាតិ​របស់​ខ្លួន​ទទួល​ប្រយោជន៍។ តាម​ការ​ពិត ពេល​ដែល​អ្នក​គ្រប់​គ្រង​ប្រទេស​វាយ​ប្រហារ​ស្ត្រី​ពេស្យា ពួក​គេ​នឹង​គិត​ថា​ពួក​គេ​ធ្វើ​តាម«គំនិត​តែ​មួយ»របស់​ពួក​គេ។ ប៉ុន្តែ តាម​ការ​ពិត ព្រះ​ប្រើ​ពួក​គេ​ឲ្យ​បំផ្លាញ​ចោល​សាសនា​មិន​ពិត​ទាំង​អស់។ ដូច្នេះ ព្រឹត្ដិការណ៍​ដែល​ស្មាន​មិន​ដល់​សោះ​នឹង​កើត​ឡើង គឺ​ផ្នែក​មួយ​របស់​របៀប​របប​សាថាន​នឹង​វាយ​ប្រហារ​ផ្នែក​មួយ​ទៀត ហើយ​សាថាន​នឹង​មិន​អាច​រារាំង​រឿង​នេះ​បាន​ឡើយ។—ម៉ាថ. ១២:២៥, ២៦

ការ​វាយ​ប្រហារ​លើ​រាស្ត្រ​របស់​ព្រះ

៨​. តើ​ការ​វាយ​ប្រហារ​របស់«កុក​នៃ​ស្រុក​ម៉ា​កុក»ជា​អ្វី?

ក្រោយ​ពី​សាសនា​មិន​ពិត​បាន​ត្រូវ​បំផ្លាញ អ្នក​បម្រើ​របស់​ព្រះ​នឹង​នៅ​តែ​រស់«នៅ​ដោយ​សុខសាន្ត»ហើយ«ឥត​មាន​កំផែង»។ (អេស. ៣៨:១១, ១៤) តើ​នឹង​មាន​អ្វី​កើត​ឡើង​ដល់​ក្រុម​មនុស្ស​នេះ​ដែល​បន្ត​បម្រើ​ព្រះ​យេហូវ៉ា ហើយ​ដែល​ហាក់​ដូច​ជា​គ្មាន​អ្វី​ការពារ? តាម​មើល​ទៅ«សាសន៍​ជា​ច្រើន»នឹង​វាយ​ប្រហារ​ពួក​គេ​យ៉ាង​ពេញ​ទំហឹង។ បណ្ដាំ​របស់​ព្រះ​រៀប​រាប់​ថា​ព្រឹត្ដិការណ៍​នោះ​គឺជា​ការ​វាយ​ប្រហារ​របស់«កុក​នៃ​ស្រុក​ម៉ា​កុក»។ (សូម​អាន អេសេគាល ៣៨:២, ១៥, ១៦) តើ​យើង​គួរ​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ការ​វាយ​ប្រហារ​នេះ?

៩​. (ក) តើ​អ្វី​ដែល​សំខាន់​បំផុត​ចំពោះ​គ្រិស្ត​សាសនិក? (ខ) តើ​យើង​គួរ​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ពង្រឹង​ជំនឿ​របស់​យើង​នៅ​ពេល​ឥឡូវ​នេះ?

ការ​ដឹង​ជា​មុន​អំពី​ការ​វាយ​ប្រហារ​នេះ​ទៅ​លើ​រាស្ត្រ​ព្រះ​មិន​ធ្វើ​ឲ្យ​យើង​ព្រួយ​បារម្ភ​ហួស​ហេតុ​ពេក​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ អ្វី​ដែលសំខាន់​បំផុត​ចំពោះ​យើង​មិន​មែន​សេចក្ដី​សង្គ្រោះ​របស់​យើង​នោះ​ទេ ប៉ុន្តែ​គឺ​ការ​ធ្វើ​ឲ្យ​នាម​របស់​ព្រះ​យេហូវ៉ា​បាន​បរិសុទ្ធ​និង​ការ​បង្ហាញ​ថា​ព្រះ​មាន​សិទ្ធិ​គ្រប់​គ្រង​វិញ។ តាម​ការ​ពិត​ក្នុង​សៀវភៅ​អេសេគាល ព្រះ​យេហូវ៉ា​បាន​ប្រកាស​ជាង​៦០​ដង​ថា៖ «ឯង​រាល់​គ្នា​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ​យេហូវ៉ា»។ (អេស. ៦:៧) ដូច្នេះ យើង​ទន្ទឹង​រង់​ចាំ​ដោយ​ចង់​ដឹង​យ៉ាង​ខ្លាំង​នូវ​ការ​សម្រេច​នៃ​ផ្នែក​សំខាន់​នៃ​ទំនាយ​របស់​អេសេគាល ដោយ​ទុក​ចិត្ត​ថា៖ «ព្រះ​យេហូវ៉ា​ចេះ​សង្គ្រោះ​មនុស្ស​ដែល​មាន​ភក្ដីភាព​ចំពោះ​លោក​ឲ្យ​រួច​ពី​ទុក្ខ​លំបាក»។ (២ពេ. ២:៩) ទម្រាំ​ដល់​ពេល​នោះ យើង​ចង់​ប្រើ​គ្រប់​ឱកាស​ដើម្បី​ពង្រឹង​ជំនឿ​របស់​យើង ដូច្នេះ​យើង​នឹង​អាច​រក្សា​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ​របស់​យើង​ចំពោះ​ព្រះ​យេហូវ៉ា ទោះ​ជា​យើង​ប្រហែលជា​ត្រូវ​ប្រឈម​មុខ​នឹង​ការ​សាកល្បង​ណា​ក៏​ដោយ។ តើ​យើង​គួរ​ធ្វើ​អ្វី? យើង​គួរ​អធិដ្ឋាន សិក្សា​និង​រំពឹង​គិត​អំពី​បណ្ដាំ​របស់​ព្រះ ហើយ​ផ្សព្វ​ផ្សាយ​ដំណឹង​អំពី​រាជាណាចក្រ​ព្រះ​ដល់​អ្នក​ឯ​ទៀត។ ដោយ​ធ្វើ​ដូច្នេះ យើង​អាច​រក្សា​សេចក្ដី​សង្ឃឹម​របស់​យើង​ចំពោះ​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​ឲ្យ​បាន​មាំ​មួន​ដូច​ជា«យុថ្កា»។—ហេ. ៦:១៩; ទំនុក. ២៥:២១

ប្រជាជាតិ​នានា​នឹង​ត្រូវ​ទទួល​ស្គាល់​ព្រះ​យេហូវ៉ា

១០, ១១​. តើ​អ្វី​នឹង​ជា​សញ្ញា​សម្គាល់​នៃ​ការ​ចាប់​ផ្ដើម​សង្គ្រាម​ហាម៉ាគេដូន ហើយ​តើ​អ្វី​នឹង​កើត​ឡើង​ក្នុង​អំឡុង​គ្រា​នោះ?

១០ តើ​ការ​វាយ​ប្រហារ​លើ​អ្នក​បម្រើ​របស់​ព្រះ​យេហូវ៉ា​នឹង​បណ្ដាល​ឲ្យ​មាន​ព្រឹត្ដិការណ៍​អ្វី ដែល​ធ្វើ​ឲ្យ​ពិភព​លោក​កក្រើក​រញ្ជួយ? តាម​រយៈ​លោក​យេស៊ូ​និង​កង​ទ័ព​នៅ​ស្ថាន​សួគ៌ ព្រះ​យេហូវ៉ា​នឹង​ធ្វើ​អន្តរាគមន៍​ដើម្បី​សង្គ្រោះ​រាស្ត្រ​របស់​លោក។ (បប. ១៩:១១​-​១៦) ការ​ធ្វើ​អន្តរាគមន៍​នោះ​នឹង​ជា«សង្គ្រាម​ដែល​នឹង​កើត​ឡើង​នៅ​ថ្ងៃ​ដ៏​ធំ​របស់​ព្រះ​ដែល​មាន​ឫទ្ធានុភាព​ខ្លាំងក្លា​បំផុត» ពោល​គឺ​សង្គ្រាម​ហាម៉ាគេដូន។—បប. ១៦:១៤, ១៦

១១ ស្តី​អំពី​សង្គ្រាម​នោះ តាម​រយៈ​អេសេគាល​ព្រះ​យេហូវ៉ា​ប្រកាស​ថា៖ «អញ​នឹង​ហៅ​ដល់​អស់​ទាំង​ភ្នំ​របស់​អញ​ឲ្យ​មាន​ដាវ​មក​ទាស់​នឹង[កុក] នោះ​ដាវ​របស់​មនុស្ស​ទាំង​ឡាយ នឹង​បាន​ទាស់​នឹង​បង​ប្អូន​ខ្លួន»។ អស់​អ្នក​ដែល​នៅ​ខាង​សាថាន​នឹង​ភ័យ​ស្លន់ស្លោ មាន​គំនិត​ច្របូកច្របល់ ហើយ​នឹង​បែរ​គ្រឿង​សព្វាវុធ​មក​ច្បាំង​នឹង​ជួរ​ទ័ព​របស់​ខ្លួន ពោល​គឺ​ពួក​អ្នក​ធ្វើសង្គ្រាម​នឹង​ច្បាំង​គ្នា​ទៅ​វិញ​ទៅ​មក។ ក៏​ប៉ុន្តែ របៀប​របប​របស់​សាថាន​ក៏​ត្រូវ​ច្របូកច្របល់​ផង​ដែរ។ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា៖ «អញ​នឹង​បង្អុរ​ភ្លៀង . . . ភ្លើង ហើយ​ស្ពាន់ធ័រ​មក​លើ[កុក]និង​ពួក​កក​កុញ​របស់​វា ហើយ​លើ​បណ្ដា​សាសន៍​ជា​ច្រើន​ដែល​មក​ជា​មួយ​ផង»។ (អេស. ៣៨:២១, ២២) តើ​ទង្វើ​នេះ​របស់​ព្រះ​នឹង​នាំ​ឲ្យ​មាន​លទ្ធផល​អ្វី?

១២​. តើ​ប្រជាជាតិ​នានា​នឹង​ត្រូវ​បង្ខំ​ឲ្យ​ទទួល​ស្គាល់​អ្វី?

១២ ប្រជាជាតិ​នានា​នឹង​ត្រូវ​ទទួល​ស្គាល់​ថា​បរាជ័យ​ដ៏​ធំ​បំផុត​របស់​ខ្លួន​គឺ​ដោយ​សារ​ព្រះ​យេហូវ៉ា​បាន​បញ្ជា​ដោយ​ផ្ទាល់។ ក្រោយ​មក ដូច​អ្នក​វាយ​ប្រហារ​ជា​ជន​ជាតិ​អេស៊ីប​សម័យ​បុរាណ​ដែល​បាន​ដេញ​តាម​ពួក​អ៊ីស្រាអែល​នៅ​សមុទ្រក្រហម កង​ទ័ព​របស់​សាថាន​ប្រហែលជា​ស្រែក​ឡើង​ទាំង​អស់​សង្ឃឹម​ថា៖ «ព្រះ​យេហូវ៉ា​ទ្រង់​ច្បាំង​នឹង​យើង​ជំនួស​គេ​ហើយ»! (និក្ខ. ១៤:២៥) មែន​ហើយ ប្រជាជាតិ​នានា​នឹង​ត្រូវ​បង្ខំ​ឲ្យ​ទទួល​ស្គាល់​ព្រះ​យេហូវ៉ា។ (សូម​អាន អេសេគាល ៣៨:២៣) តើ​ការ​ចាប់​ផ្ដើម​នៃ​ព្រឹត្ដិការណ៍​ទាំង​នេះ​គឺ​ជិត​យ៉ាង​ណា?

គ្មាន​មហាអំណាច​ណា​ផ្សេង​ទៀត​លេច​ឡើង​ទេ

១៣​. តើ​យើង​ដឹង​អ្វី​ខ្លះ​ស្តី​អំពី​ផ្នែក​ទី​៥​នៃ​រូបសំណាក​ដែល​ដានីយ៉ែល​រៀប​រាប់?

១៣ ទំនាយ​មួយ​នៅ​សៀវភៅ​ដានីយ៉ែល​ជួយ​យើង​ឲ្យ​ដឹង​ថា យើង​កំពុង​រស់​នៅ​គ្រា​ណា​នៅ​សព្វ​ថ្ងៃ​នេះ។ ដានីយ៉ែល​រៀប​រាប់​អំពី​រូបសំណាក​មួយ​ដែល​មាន​រូបរាង​ជា​មនុស្ស​ធ្វើ​ពី​លោហធាតុ​ផ្សេងៗ។ (ដាន. ២:២៨, ៣១​-​៣៣) រូប​នោះ​ជា​តំណាង​មហាអំណាច​បន្ត​បន្ទាប់​គ្នា​ដែល​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​លើ​រាស្ត្រ​របស់​ព្រះ​ទាំង​នៅ​អតីតកាល​និង​នៅ​បច្ចុប្បន្ន។ មហាអំណាច​ទាំង​នោះ​គឺ បាប៊ីឡូន មេឌី​និង​ពើ​ស៊ី ក្រិច រ៉ូម ហើយ​មហាអំណាច​មួយ​ទៀត​នៅ​សម័យ​យើង​គឺជា​មហាអំណាច​ចុង​ក្រោយ។ ការ​សិក្សា​ទំនាយ​ដានីយ៉ែល​បង្ហាញ​ថា​មហាអំណាច​ចុង​ក្រោយ​គឺ​បាន​ត្រូវ​តំណាង​ដោយ​ប្រអប់ជើង​និង​ម្រាម​ជើង​របស់​រូបសំណាក។ ក្នុង​អំឡុង​សង្គ្រាម​លោក​លើក​ទី​១ ចក្រភព​អង់គ្លេស​និង​សហរដ្ឋអាម៉េរិក​បាន​បង្កើត​ទំនាក់​ទំនង​ពិសេស​ជា​ដៃ​គូ​គ្នា។ ផ្នែក​ទី​៥​នៃ​រូបសំណាក​ដែល​ដានីយ៉ែល​បាន​ឃើញ​គឺ​មហាអំណាច​អង់គ្លេស​អាម៉េរិក។ ប្រអប់ជើង​ជា​ផ្នែក​ចុង​ក្រោយ​បង្អស់​នៃ​រូបសំណាក ដែល​បញ្ជាក់​ថា​គ្មាន​មហាអំណាច​ណា​ទៀត​របស់​មនុស្ស​នឹង​លេច​ឡើង​ទៀត​ទេ។ ប្រអប់ជើង​នោះ​និង​ម្រាម​ជើងដែល​ធ្វើ​ពី​ដែក​និង​ដី​ឥដ្ឋ​ជា​តំណាង​សភាព​ទន់​ខ្សោយ​នៃ​មហាអំណាច​អង់គ្លេស​អាម៉េរិក។

១៤​. តើ​មហាអំណាច​មួយ​ណា​នឹង​គ្រប់​គ្រង​ពិភព​លោក​ពេល​សង្គ្រាម​ហាម៉ាគេដូន​ផ្ទុះ​ឡើង?

១៤ ទំនាយ​ដដែល​នេះ​បញ្ជាក់​ថា​នៅ​ឆ្នាំ​១៩១៤ រាជាណាចក្រ​ព្រះ​ដែល​បាន​ត្រូវ​តំណាង​ដោយ​ថ្ម​យ៉ាង​ធំ​មួយ បាន​ដាច់​ចេញ​ពី​ភ្នំ​ដែល​ជា​តំណាង​សិទ្ធិ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា។ ថ្ម​នោះ​ឥឡូវ​កំពុង​បោះពួយ​យ៉ាង​លឿន​សំដៅ​ទៅ​ចំ​ប្រអប់ជើង​នៃ​រូបសំណាក​នោះ។ នៅ​សង្គ្រាម​ហាម៉ាគេដូន​ប្រអប់ជើង​និង​ផ្នែក​ឯ​ទៀត​នៃ​រូបសំណាក​នឹង​ត្រូវ​បែក​ខ្ទេចខ្ទី។ (សូម​អាន ដានីយ៉ែល ២:៤៤, ៤៥) ដូច្នេះ មហាអំណាច​អង់គ្លេស​អាម៉េរិក​នឹង​នៅ​តែ​ជា​មហា​អំណាច​គ្រប់​គ្រង​ពិភព​លោក​ពេល​សង្គ្រាម​ហាម៉ាគេដូន​ផ្ទុះ​ឡើង។ ពេល​ឃើញ​ទំនាយ​នេះ​បាន​សម្រេច​ទាំង​ស្រុង​ពិត​ជា​ធ្វើ​ឲ្យ​យើង​រំភើប​ចិត្ត​ណាស់! * ប៉ុន្តែ តើ​ព្រះ​យេហូវ៉ា​នឹង​ធ្វើ​អ្វី​ដល់​សាថាន?

តើ​អ្វី​នឹង​កើត​ឡើង​ដល់​មេស​ត្រូវ​របស់​ព្រះ?

១៥​. ក្រោយ​ហាម៉ាគេដូន តើ​អ្វី​នឹង​កើត​ឡើង​ដល់​សាថាន​និង​ទេវតា​របស់​វា?

១៥ មុន​ដំបូង​សាថាន​នឹង​ឃើញ​ការ​បំផ្លាញ​អង្គការ​ទាំង​មូល​របស់​វា​នៅ​ផែនដី​តាំង​ពី​ដើម​ដល់​ចប់។ ក្រោយ​មក អ្វី​មួយ​នឹង​កើត​ឡើង​ដល់​សាថាន។ សាវ័ក​យ៉ូហាន​រៀប​រាប់​អំពី​អ្វី​នោះ។ (សូម​អាន ការ​បើក​បង្ហាញ ២០:១​-​៣) លោក​យេស៊ូ​គ្រិស្ត​ពោល​គឺ«ទេវតា . . . កាន់​កូន​សោ​នៃ​ទី​ជ្រៅ​បំផុត» នឹង​ចាប់​សាថាន​និង​ពួក​វិញ្ញាណ​កំណាច​របស់​វា​ហើយ​បោះ​ពួក​វា​ទៅ​ក្នុង​ទី​ជ្រៅ​បំផុត រួច​ឃុំ​ពួក​វា​ទុក​ទី​នោះ​អស់​មួយ​ពាន់​ឆ្នាំ។ (លូក. ៨:៣០, ៣១; ១យ៉ូន. ៣:៨) ទង្វើ​នោះ​គឺជា​ដំណាក់​កាល​ដំបូង​នៃ​ការ​កិន​ក្បាល​សត្វ​ពស់។ *លោ. ៣:១៥

១៦​. តើ​ពាក្យ«ទី​ជ្រៅ​បំផុត»ដែល​សាថាន​នឹង​ត្រូវ​បោះ​ទម្លាក់​ទៅ​នោះ​មាន​ន័យ​អ្វី?

១៦ តើ«ទី​ជ្រៅ​បំផុត»ដែល​សាថាន​និង​ពួក​វិញ្ញាណ​កំណាច​នឹង​ត្រូវ​បោះ​ទម្លាក់​ទៅ​គឺជា​អ្វី? ពាក្យ​ភាសា​ក្រិច​អាប៊ីសូស​ដែល​យ៉ូហាន​បាន​ប្រើ មាន​ន័យ​ថា «ជ្រៅ​ណាស់​ឬ​ជ្រៅ​ក្រៃ​លែង»។ ពាក្យ​នេះ​ក៏​បាន​ត្រូវ​បក​ប្រែ​ថា «មិន​អាច​ស្ទង់​បាន ដែល​កំណត់​ពុំ​បាន»និង«ទី​ទទេ​គ្មាន​ដែន​កំណត់»។ ដូច្នេះ គឺជា​កន្លែង​មួយ​គ្មាន​អ្នក​ណា​អាច​ទៅ​ដល់ លើក​លែង​តែ​ព្រះ​យេហូវ៉ា​និង​ទេវតា​ដែល​លោក​បាន​តែង​តាំង​ដែល​មាន«កូន​សោ​នៃ​ទី​ជ្រៅ​បំផុត»ប៉ុណ្ណោះ។ នៅ​ទី​នោះ សាថាន​នឹង​ស្ថិត​ក្នុង​សភាព​មួយ​ដែល​ប្រៀប​ដូច​ជា​ស្លាប់ គ្មាន​សកម្មភាព​អ្វី​ទាំង​អស់​ដើម្បី«មិន​ឲ្យ​បំភាន់​ប្រជាជាតិ​នានា​ទៀត»។ មែន​ហើយ«តោ​ដែល​កំពុង​គ្រហឹម»នោះ​នឹង​ត្រូវ​បំបិទ​មាត់!—១ពេ. ៥:៨

ព្រឹត្ដិការណ៍​នានា​ដែល​នាំ​ទៅ​ដល់​គ្រា​មួយ​ដែល​មាន​សន្ដិភាព

១៧, ១៨​. (ក) តើ​ព្រឹត្ដិការណ៍​អ្វី ដែល​យើង​មើល​មិន​ទាន់​ឃើញ​ដែល​យើង​បាន​ពិចារណា​រួច​ហើយ? (ខ) បន្ទាប់​ពី​ព្រឹត្ដិការណ៍​ទាំង​នេះ តើ​រយៈ​កាល​អ្វី ដែល​យើង​នឹង​មាន​សេចក្ដី​ក្សេម​ក្សាន្ត?

១៧ ព្រឹត្ដិការណ៍​ដែល​សំខាន់​និង​ដែល​ធ្វើ​ឲ្យ​ពិភព​លោក​កក្រើក​រញ្ជួយ​គឺ​នៅ​ខាង​មុខ​យើង។ យើង​ទន្ទឹង​រង់​ចាំ​មើល​របៀប​ដែល​ពាក្យ​ថា៖ «មាន​សន្ដិភាព​និង​សន្ដិសុខ​ហើយ!»នឹង​ត្រូវ​ប្រកាស​ឡើង។ បន្ទាប់​មក យើង​នឹង​ឃើញ​ការ​បំផ្លាញ​ចោល​បាប៊ីឡូន​ដ៏​ខ្លាំងក្លា ការ​វាយ​ប្រហារ​ដោយ​កុក​នៃ​ស្រុក​ម៉ា​កុក សង្គ្រាម​ហាម៉ាគេដូន និង​ការ​បោះ​ទម្លាក់​សាថាន​និង​ពួក​វិញ្ញាណ​កំណាច​របស់​វា​ទៅ​ក្នុង​ទី​ជ្រៅ​បំផុត។ ក្រោយ​ព្រឹត្ដិការណ៍​ទាំង​នេះ ពេល​ដែល​លែង​មាន​អំពើ​ទុច្ចរិត​ទាំង​អស់ យើង​នឹង​ចូល​ទៅ​រយៈ​កាល​ថ្មី​មួយ​នៃ​ជីវិត ពោល​គឺ​ការ​គ្រប់​គ្រង​មួយ​ពាន់​ឆ្នាំ​របស់​គ្រិស្ត ក្នុង​អំឡុង​ពេល​នោះ​យើង​នឹង​មាន«សេចក្ដី​ក្សេម​ក្សាន្ត​ដ៏​បរិបូរ»។—ទំនុក. ៣៧:១០, ១១

១៨ បន្ថែម​ទៅ​លើ​ព្រឹត្ដិការណ៍​ប្រាំ​យ៉ាង​ដែល​យើង​បាន​ពិចារណា​រួច​ហើយ មាន​ព្រឹត្ដិការណ៍​ឯ​ទៀត«ដែល​យើង​មើល​មិន​ឃើញ» ដែល​យើង​ចង់«ផ្ដោត​អារម្មណ៍»ទៅ​លើ។ ព្រឹត្ដិការណ៍​ទាំង​នេះ​នឹង​ត្រូវ​ពិចារណា​ក្នុង​អត្ថបទ​បន្ទាប់។

[កំណត់​សម្គាល់]

^ វគ្គ 2 ក្នុង​អត្ថបទ​នេះ​និង​អត្ថបទ​បន្ទាប់ យើង​នឹង​ពិចារណា​អំពី​ព្រឹត្ដិការណ៍​ទាំង​១០​នេះ។

^ វគ្គ 6 សូម​មើល​សៀវភៅ ការ​បើក​បង្ហាញ ការ​សម្រេច​ផ្ដាច់​ព្រ័ត្រ​ជិត​មក​ដល់​ហើយ! (RevelationIts Grand Climax at Hand!) ទំព័រ​២៥១​-​២៥៨។

^ វគ្គ 14 ឃ្លា​ដែល​ថា «លេប​បំបាត់​នគរ​ទាំង​នោះ»នៅ​ដានីយ៉ែល ២:៤៤ សំដៅ​ទៅ​រាជាណាចក្រ​ឬ​មហាអំណាច​នានា​ដែល​បាន​ត្រូវ​តំណាង​ដោយ​ផ្នែក​ផ្សេងៗនៃ​រូបសំណាក។ ប៉ុន្តែ ទំនាយ​ស្រប​គ្នា​ក្នុង​គម្ពីរ​បង្ហាញ​ថា៖ «ស្តេច​ទាំង​ឡាយ​នៅ​គ្រប់​ទី​អាស្រ័យ​នៅ​ផែនដី»នឹង​តម្រៀប​ជួរ​ដើម្បី​ច្បាំង​នឹង​ព្រះ​យេហូវ៉ា​នៅ«ថ្ងៃ​ដ៏​ធំ​របស់​ព្រះ​ដែល​មាន​ឫទ្ធានុភាព​ខ្លាំងក្លា​បំផុត»។ (បប. ១៦:១៤; ១៩:១៩​-​២១) ហេតុ​នេះ មិន​ត្រឹម​តែ​រាជាណាចក្រ​ដែល​តំណាង​ដោយ​រូបសំណាក​នោះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​រាជាណាចក្រ​ឯ​ទៀត​ទាំង​អស់​នៃ​ពិភព​លោក​នេះ​នឹង​ត្រូវ​បំផ្លាញ​ចោល​នៅ​សង្គ្រាម​ហាម៉ាគេដូន។

^ វគ្គ 15 ការ​កិន​ក្បាល​សត្វ​ពស់​ជា​លើក​ចុង​ក្រោយ កើត​ឡើង​ក្រោយ​ដំណាច់​មួយ​ពាន់​ឆ្នាំ ពេល​ដែល​សាថាន​និង​ពួក​វិញ្ញាណ​កំណាច​របស់​វា​នឹង​ត្រូវ​បោះ​ទម្លាក់​ទៅ​ក្នុង«បឹង​ដែល​ឆេះ​ដោយ​ភ្លើង​និង​ស្ពាន់ធ័រ»។—បប. ២០:៧​-​១០; ម៉ាថ. ២៥:៤១

[សំណួរ​សម្រាប់​វគ្គ​នីមួយៗ]

[ប្រអប់​/​រូបភាព​នៅ​ទំព័រ​៤, ៥]

ព្រឹត្ដិការណ៍​ប្រាំ​យ៉ាង​ដែល​នឹង​កើត​ឡើង:

១ ការ​ប្រកាស​ថា៖ «មាន​សន្ដិភាព និង​សន្ដិសុខ​ហើយ!»

២ ប្រជាជាតិ​នានា​វាយ​ប្រហារ ហើយ​បំផ្លាញ«បាប៊ីឡូន​ដ៏​ខ្លាំងក្លា»

៣ ការ​វាយ​ប្រហារ​លើ​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា

៤ សង្គ្រាម​ហាម៉ាគេដូន

៥ សាថាន​និង​ពួក​វិញ្ញាណ​កំណាច​របស់​វា​នឹង​ត្រូវ​បោះ​ទម្លាក់​ទៅ​ក្នុង​ទី​ជ្រៅ​បំផុត