ពួកទេវតា តើពួកគេជាអ្វី?
ពួកទេវតា តើពួកគេជាអ្វី?
ស្តេចនៃមហាអំណាចបាប៊ីឡូន ស្ទើរតែមិនជឿអ្វីដែលព្រះនេត្រទ្រង់ទតឃើញ។ ទ្រង់បានកាត់ទោសបុរសបីនាក់ឲ្យស្លាប់នៅក្នុងគុកភ្លើង។ ក៏ប៉ុន្តែ មុនដែលអណ្ដាតភ្លើងលេបត្របាក់ជីវិតពួកគេបាន ពួកគេត្រូវសង្គ្រោះឲ្យរួចពីគ្រោះថ្នាក់វិញ! តើអ្នកណាបានសង្គ្រោះពួកគេ? ស្តេចមានបន្ទូលនឹងបុរសបីនាក់ ដែលបានត្រូវសង្គ្រោះនោះថា៖«សូមឲ្យព្រះ[របស់អ្នក] បានប្រកបដោយព្រះពរ ជាព្រះដែលទ្រង់បានចាត់ទេវតារបស់ទ្រង់ ឲ្យមកប្រោសពួកបំរើទ្រង់ដែលទុកចិត្តដល់ទ្រង់»។ (ដានីយ៉ែល ៣:២៨) ជាងពីរពាន់ឆ្នាំមុន ស្តេចមួយអង្គនេះបានទតឃើញទេវតាសង្គ្រោះមនុស្សដោយផ្ទាល់ព្រះនេត្រ។ នៅអតីតកាល មនុស្សរាប់លាននាក់ធ្លាប់ជឿថាមានពួកទេវតា។ មនុស្សជាច្រើនសព្វថ្ងៃនេះមិនត្រឹមតែជឿថាមានពួកទេវតាប៉ុណ្ណោះទេ តែក៏ជឿថាពួកទេវតាមានអានុភាពលើជីវិតពួកគេទៀតផង។ តើពួកទេវតាជាអ្វី? តើពួកទេវតាកើតមកពីណា?
យោងទៅតាមព្រះគម្ពីរយើងមិនអាចមើលឃើញពួកទេវតាបានឡើយ ដូចយើងមិនអាចមើលឃើញព្រះជាអ្នកបង្កើតដែរ។ មានទេវតាច្រើនសន្ធឹកណាស់ រហូតដល់រាប់លានរូប។ (វិវរណៈ ៥:១១) ទេវតាគ្រប់រូប«មានឥទ្ធិឫទ្ធិខ្លាំង»។ (ទំនុកដំកើង ១០៣:២០) ពួកទេវតាក៏ដូចជាមនុស្សជាតិ ដោយពួកទេវតាមានបុគ្គលិកលក្ខណៈនិងចិត្តសេរី តែពួកគេមិនធ្លាប់ជាមនុស្សទេ។ តាមពិត ព្រះបានបង្កើតពួកទេវតាយូរមុនទ្រង់បង្កើតមនុស្សនិងផែនដីទៅទៀត។ ព្រះគម្ពីរសរសេរថា ពេលដែលព្រះ«ចាប់តាំងបង្កផែនដីឡើង» នោះ«ផ្កាយព្រឹក[ពួកទេវតា]បានច្រៀងជាមួយគ្នា ហើយអស់ទាំងកូនព្រះបានស្រែកអរសាទរ»។ (យ៉ូប ៣៨:៤, ៧) ពួកទេវតាបានត្រូវហៅថាកូនព្រះ ដោយសារព្រះបានបង្កើតពួកទេវតា។
តើព្រះបានបង្កើតពួកទេវតាដើម្បីអ្វី? តើពួកទេវតាធ្លាប់មានឥទ្ធិពលទៅលើអ្វីដែលកើតឡើងក្នុងជីវិតមនុស្សឬទេ? តើពួកទេវតាមានឥទ្ធិពលលើជីវិតរបស់យើងសព្វថ្ងៃនេះឬទេ? ដោយសារពួកទេវតាមានចិត្តសេរីនោះ តើទេវតាខ្លះធ្លាប់យកចិត្តសេរីទៅប្រើក្នុងផ្លូវខុស ហើយក្លាយជាសត្រូវរបស់ព្រះទេ? ព្រះគម្ពីរផ្ដល់ចម្លើយដ៏ពិតចំពោះសំណួរទាំងនេះ។