លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ការកំសាន្ដល្អដែលធ្វើឲ្យមានកម្លាំងចិត្ដកម្លាំងកាយឡើងវិញ

ការកំសាន្ដល្អដែលធ្វើឲ្យមានកម្លាំងចិត្ដកម្លាំងកាយឡើងវិញ

ការ​កំសាន្ត​ល្អ​ដែល​ធ្វើ​ឲ្យ​មាន​កម្លាំង​ចិត្ត​កម្លាំង​កាយ​ឡើង​វិញ

​«ទោះ​បើ​ស៊ី ឬ​ផឹក ឬ​ធ្វើ​ការ​អ្វី​ក៏​ដោយ នោះ​ចូរ​ធ្វើ​ទាំង​អស់​សំ​រាប់​ចំរើន​សិរី​ល្អ​ដល់​ព្រះ»។—កូរិនថូសទី១ ១០:៣១

១, ២​. ហេតុ​អ្វី​ការ​កំសាន្ត​សប្បាយ​អាច​ត្រូវ​ចាត់​ទុក​ជា​«អំណោយ​ទាន​នៃ​ព្រះ»? ក៏​ប៉ុន្តែ តើ​ព្រះ​គម្ពីរ​ព្រមាន​យើង​ដោយ​ចំៗ​អំពី​អ្វី?

ជា​ការ​ធម្មតា​ទេ​ដែល​យើង​ចង់​កំសាន្ត​សប្បាយ។ ព្រះ​យេហូវ៉ា​ដែល​ជា​ព្រះ​របស់​យើង ទ្រង់​មាន​ព្រះទ័យ​សប្បាយ។ ហេតុ​នេះ​ទ្រង់​ក៏​ចង់​ឲ្យ​យើង​សប្បាយ​នឹង​ជីវិត​ដែរ ហើយ​ទ្រង់​ផ្គត់ផ្គង់​អ្វី​ជា​បរិបូរ​ដើម្បី​យើង​អាច​សប្បាយ​មែន។ (ធីម៉ូថេទី១ ៦:១៧) ស្តេច​សាឡូម៉ូន ដែល​ជា​អ្នកប្រាជ្ញ​មួយ​អង្គ​ធ្លាប់​សរសេរ​ថា​៖​«យើង​ដឹង​ហើយ​ថា គ្មាន​អ្វី . . . ដែល​វិសេស​ជាង​មាន​ចិត្ត​រីករាយ . . . ហើយ​ការ​ដែល​គ្រប់​មនុស្ស​បាន​ស៊ី​ហើយ​ផឹក ព្រម​ទាំង​រីករាយ​ដោយ​ផល​ល្អ ដែល​កើត​ពី​អស់​ទាំង​ការ​នឿយ​ហត់​របស់​ខ្លួន នោះ​ហើយ​ជា​អំណោយ​ទាន​នៃ​ព្រះ»។—សាស្ដា ៣:១២, ១៣

នៅ​ពេល​យើង​ឈប់​សម្រាក ហើយ​គិត​ពី​ការ​ល្អ​ដែល​ខ្លួន​បាន​សម្រេច នោះ​ពិត​ជា​ធ្វើ​ឲ្យ​មាន​អារម្មណ៍​សោមនស្ស​រីករាយ​មែន ជា​ពិសេស​បើ​កំពុង​តែ​ជួបជុំ​ជា​មួយ​នឹង​បងប្អូន​ញាតិ​មិត្ត​ទៀត​ផង។ ជា​ការ​ត្រឹម​ត្រូវ​ដែល​យើង​ចាត់​ទុក​អារម្មណ៍​រីករាយ​បែប​នោះ​ជា​«អំណោយ​ទាន​នៃ​ព្រះ»។ ព្រះ​ជា​អ្នក​បង្កើត​បាន​ប្រទាន​អ្វីៗ​ជា​បរិបូរ​ដើម្បី​យើង​អាច​រីករាយ​មែន ប៉ុន្តែ​នោះ​មិន​មាន​ន័យ​ថា​ទ្រង់​បើក​សិទ្ធិ​ឲ្យ​យើង​ភ្លើតភ្លើន​គិត​តែ​ពី​សប្បាយ​ឥត​កម្រិត​ព្រំដែន​នោះ​ទេ។ ព្រះ​គម្ពីរ​សរសេរ​ថា​ការ​ផឹក​ស្រា​ស្រវឹង ការ​ល្មោភ​ស៊ី និង​អំពើ​អសីលធម៌​ជា​អំពើ​ទុច្ចរិត ហើយ​អ្នក​ដែល​ធ្វើ​បែប​នេះ​នឹង‹មិន​គ្រង​នគរ​ព្រះ​ទុក​ជា​មរ​ដក​ទេ›។—កូរិនថូសទី១ ៦:៩, ១០; សុភាសិត ២៣:២០, ២១; ពេត្រុសទី១ ៤:១​-​៤

៣​. តើ​អ្វី​នឹង​ជួយ​ឲ្យ​យើង​ចាំ​យាម​ខាង​វិញ្ញាណ ហើយ​ចង​ចាំ​ថ្ងៃ​ដ៏​ធំ​របស់​ព្រះ​យេហូវ៉ា?

ជាង​ពេល​មុន​ទៅ​ទៀត គ្រីស្ទាន​ពិត​ទាំង​ឡាយ​ត្រូវ​ប្រឈម​មុខ​ការ​ពិបាក​មួយ គឺ​ពួក​គេ​ត្រូវ​ប្រុង​ប្រយ័ត្ន មិន​បណ្ដែត​បណ្ដោយ​ខ្លួន​ឲ្យ​ធ្វើ​តាម​ការ​ប្រព្រឹត្ត​ដ៏​ខូច​អាក្រក់​របស់​មនុស្ស​លោកិយ​នៅ​ជាន់​ក្រោយ​បង្អស់​នេះ។ (យ៉ូហាន ១៧:១៥, ១៦) ដូច​បាន​ត្រូវ​ទាយ​ទុក​ជា​មុន​នោះ មនុស្ស​នៅ​សម័យ​នេះ​«ចូល​ចិត្ត​នឹង​ល្បែង​លេង​ជាជាង​ព្រះ» រហូត​ដល់​ពួក​គេ​«ឥត​បាន​ដឹង​ខ្លួន[ឬ​«មិន​បាន​ចាប់​អារម្មណ៍»]»​នឹង​ភស្តុតាង​ដែល​បញ្ជាក់​ថា «សេចក្ដី​វេទនា​ជា​ខ្លាំង​ណាស់»​គឺ​ជិត​ចាប់​ផ្ដើម​ហើយ។ (ធីម៉ូថេទី២ ៣:៤, ៥; ម៉ាថាយ ២៤:២១, ៣៧​-​៣៩; ខ.ស.) ព្រះ​យេស៊ូ​បាន​ព្រមាន​អ្នក​កាន់​តាម​ទ្រង់​ថា​៖​«ចូរ​អ្នក​រាល់​គ្នា​ប្រយ័ត​ខ្លួន ក្រែង​ចិត្ត​អ្នក​រាល់​គ្នា​កំពុង​តែ​ផ្ទុក​នូវ​សេចក្ដី​វក់​នឹង​ស៊ី​ផឹក ហើយ​នឹង​សេចក្ដី​ខ្វល់ខ្វាយ​នៅ​ជីវិត នោះ​លោតែ​ថ្ងៃ​នោះ​មក​ដល់​អ្នក​រាល់​គ្នា​ភ្លាម»។ (លូកា ២១:៣៤, ៣៥) ក្នុង​នាម​ជា​អ្នក​បម្រើ​ព្រះ យើង​បាន​តាំង​ចិត្ត​ស្ដាប់​តាម​ការ​ព្រមាន​របស់​ព្រះ​យេស៊ូ។ យើង​ខុស​ប្លែក​ពី​មនុស្ស​លោកិយ ដែល​ពុំ​កោត​ខ្លាច​ព្រះ​យេហូវ៉ា ដ្បិត​យើង​ព្យាយាម​ចាំ​យាម​ខាង​វិញ្ញាណ ហើយ​ចង​ចាំ​ថ្ងៃ​ដ៏​ធំ​របស់​ព្រះ​យេហូវ៉ា។—សេផានា ៣:៨; លូកា ២១:៣៦

៤​. (ក) ហេតុ​អ្វី​បាន​ជា​គ្រីស្ទាន​ពិត​ពិបាក​រក​ការ​កំសាន្ត​ដ៏​សមរម្យ? (ខ) តើ​យើង​គួរ​ធ្វើ​តាម​ឱវាទ​អ្វី​នៅ​អេភេសូរ ៥:១៥, ១៦?

អារក្ស​បាន​ធ្វើ​ឲ្យ​ការ​ប្រព្រឹត្ត​អាក្រក់​របស់​លោកិយ​នេះ​មាន​លក្ខណៈ​ទាក់​ចិត្ត​ទាញ​អារម្មណ៍ ហើយ​ក៏​ងាយ​ស្រួល​ចូល​រួម​ទៀត​ផង។ ហេតុ​នេះ​ការ​ជៀស​ចេញ​ពី​ការ​ប្រព្រឹត្ត​អាក្រក់​គឺ​ពិបាក​ណាស់។ យើង​មាន​ការ​ពិបាក​ជា​ពិសេស​ពេល​ចង់​កំសាន្ត​សប្បាយ។ ការ​កំសាន្ត​ភាគ​ច្រើន​របស់​លោកិយ​នេះ បាន​ត្រូវ​រៀបចំ​ដើម្បី​បំពេញ​«សេចក្ដី​ប៉ង​ប្រាថ្នា​ខាង​សាច់​ឈាម»។ (ពេត្រុសទី១ ២:១១) ប្រភេទ​ការ​កំសាន្ត​មិន​ល្អ​មាន​តាម​ទី​សាធារណៈ ហើយ​ក៏​អាច​ជ្រួត​ជ្រាប​ចូល​បន្ទប់​បិទ​ជិត​ក្នុង​ផ្ទះ​យើង​បាន​ដែរ តាម​រយៈ​សៀវភៅ ទូរទស្សន៍ ប្រព័ន្ធ​អ៊ី​នធឺណិ​ត និង​វីដេអូ។ ហេតុ​ដូច្នេះ​ជា​ការ​ល្អ​ដែល​ព្រះ​បន្ទូល​របស់​ព្រះ​ដាស់​តឿន​គ្រីស្ទាន​ពិត​ទាំង​ឡាយ​ថា​៖​«ត្រូវ​ប្រយ័ត​ដោយ​មធ្យ័ត[ឬ​«អោយ​មែន​ទែន»] ដែល​អ្នក​រាល់​គ្នា​ដើរ​យ៉ាង​ណា កុំ​ឲ្យ​ដើរ​ដូច​ជា​មនុស្ស​ឥត​ប្រាជ្ញា​ឡើយ ត្រូវ​តែ​ដើរ​ដោយ​មាន​ប្រាជ្ញា​វិញ ទាំង​លៃ​យក​ឱកាស​ឲ្យ​ទាន់​ពេល​ផង ពីព្រោះ​សម័យ​នេះ​អាក្រក់​ណាស់»។ (អេភេសូរ ៥:១៥, ១៦; ខ.ស.) លុះ​ត្រា​តែ​យើង​អនុវត្ត​តាម​ឱវាទ​នេះ​យ៉ាង​ដិត​ដល់ ទើប​អាច​ការពារ​ខ្លួន​បាន មិន​ឲ្យ​ចាញ់​កម្លាំង​លួងលោម ទាក់ទាញ​នៃ​ប្រភេទ​ការ​កំសាន្ត​មិន​ល្អ ដែល​នាំ​ឲ្យ​ឈ្លក់​វង្វេង​រហូត​ដល់​បំផ្លាញ​ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​ព្រះ​យេហូវ៉ា ហើយ​នៅ​ទីបំផុត​យើង​ក៏​ត្រូវ​កម្ទេច​ចោល។—យ៉ាកុប ១:១៤, ១៥

៥​. តើ​អ្វី​ធ្វើ​ឲ្យ​ស្រាកស្រាន្ត​ចិត្ត​កាយ​បំផុត?

ដោយសារ​គ្រីស្ទាន​ពិត​តែង​តែ​រវល់​នោះ ជា​ការ​ធម្មតា​ទេ​ដែល​ម្ដងម្កាល​ពួក​គេ​ចង់​កំសាន្ត​សប្បាយ។ តាម​ការ​ពិត សាស្ដា ៣:៤ សរសេរ​ថា​មាន​«ពេល​សើច»​និង​«ពេល​សំ​រាប់​លោត​កញ្ឆេង»។ ដូច្នេះ​ព្រះ​គម្ពីរ​មិន​សរសេរ​ថា​ការ​កំសាន្ត​សប្បាយ​ជា​ការ​ខាត​ពេល​នោះ​ឡើយ។ ប៉ុន្តែ ការ​កំសាន្ត​គួរ​ជួយ​ឲ្យ​ស្រាកស្រាន្ត​ចិត្ត​កាយ មិន​មែន​បង្ក​គ្រោះថ្នាក់​ខាង​វិញ្ញាណ​ឬ​រំខាន​ដល់​កិច្ចការ​ខាង​វិញ្ញាណ​របស់​យើង​នោះ​ទេ។ ដោយ​ផ្អែក​លើ​បទពិសោធន៍ គ្រីស្ទាន​ពិត​ដែល​មាន​ភាព​ចាស់​ទុំ​ដឹង​ថា ការ​ដែល​ឲ្យ ធ្វើ​ឲ្យ​មាន​សុភមង្គល​ជាជាង​ការ​ទទួល។ ពួក​គេ​ចាត់​ទុក​ការ​ធ្វើ​តាម​ព្រះ​ហឫទ័យ​របស់​ព្រះ​យេហូវ៉ា ជា​អ្វី​សំខាន់​បំផុត​ក្នុង​ជីវិត​ពួក​គេ ហើយ​ក៏​ទទួល​«សេចក្ដី​សំរាក​ដល់​ព្រលឹង»​យ៉ាង​ពិត​ប្រាកដ ដោយ​ទទួល​នឹម​របស់​ព្រះ​យេស៊ូ​ដែល​ងាយ​ពាក់។—ម៉ាថាយ ១១:​២៩, ៣០; កិច្ចការ ២០:៣៥

ការ​ជ្រើសរើស​ការ​កំសាន្ត​ដ៏​សមរម្យ

៦, ៧​. តើ​អ្វី​អាច​ជួយ​ឲ្យ​អ្នក​ដឹង​ថា​ការ​កំសាន្ត​ប្រភេទ​ណា​មួយ​គឺ​សមរម្យ​ឬ​មិន​សមរម្យ​នោះ?

តើ​យើង​អាច​ដឹង​ដោយ​ដូច​ម្ដេច​ថា ការ​កំសាន្ត​ប្រភេទ​ណា​មួយ​គឺ​សមរម្យ​សម្រាប់​គ្រីស្ទាន​ពិត? មាតា​បិតា​ត្រូវ​ណែនាំ​កូន​អំពើ​រឿង​នេះ ហើយ​អ្នក​ចាស់​ទុំ​អាច​ជួយ​យើង​បើ​ចាំបាច់។ ក៏​ប៉ុន្តែ​តាម​ការ​ពិត មិន​គួរ​ត្រូវ​ការ​អ្នក​ឯ​ទៀត​ប្រាប់​យើង​ថា​សៀវភៅ វីដេអូ របាំ ល្បែង​កំសាន្ត ឬ​ចម្រៀង​ណា​មួយ​គឺ​សម​ឬ​មិន​សម​នោះ​ទេ។ ប៉ុល​បាន​សរសេរ​ថា​«មនុស្ស​ធំ[ឬ​«មនុស្ស​ដែល​មាន​គំនិត​ចាស់​ទុំ»] . . . បាន​បង្ហាត់​ឥន្ទ្រីយ[ឬ​«សមត្ថភាព​វែកញែក»] ដោយ​ធ្លាប់​ខ្លួន​ហើយ ដើម្បី​ឲ្យ​បាន​ដឹង​ខុស​ត្រូវ»។ (ហេព្រើរ ៥:១៤; ព.ថ.; កូរិនថូសទី១ ១៤:​២០) ព្រះ​គម្ពីរ​មាន​គោលការណ៍​ដែល​ជួយ​ឲ្យ​យើង​ធ្វើ​ការ​សម្រេច​ចិត្ត។ បញ្ញា​ចិត្ត​ឬ​មនសិការ​របស់​អ្នក​បាន​ត្រូវ​បង្ហាត់​ទៅ​តាម​ព្រះ​បន្ទូល​របស់​ព្រះ ដូច្នេះ​បើ​ស្ដាប់​តាម​មនសិការ​របស់​ខ្លួន នោះ​នឹង​ជួយ​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​ត្រឹម​ត្រូវ។—ធីម៉ូថេទី១ ១:១៩

ព្រះ​យេស៊ូ​ធ្លាប់​មាន​បន្ទូល​ថា​«គេ​ស្គាល់​ដើម​ឈើ​ដោយសារ​ផ្លែ​វា»។ (ម៉ាថាយ ១២:៣៣) យើង​គួរ​បដិសេធ​រាល់​ការ​កំសាន្ត​ណា​ដែល​បង្កើត​ផល​អាក្រក់ ដូច​ជា​ធ្វើ​ឲ្យ​ចូល​ចិត្ត​អំពើ​ហិង្សា អំពើ​អសីលធម៌ ឬ​មន្តអាគម។ ការ​កំសាន្ត​ណា​ដែល​នាំ​ឲ្យ​ប្រថុយ​ជីវិត ខូច​សុខភាព មាន​បញ្ហា​លុយ​កាក់ ធ្លាក់​ទឹក​ចិត្ត ឬ​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​ជំពប់​ដួល​ក៏​ជា​ការ​កំសាន្ត​មិន​សមរម្យ​ដែរ។ សាវ័ក​ប៉ុល​បាន​ព្រមាន​យើង​ថា ប្រសិន​បើ​យើង​ធ្វើ​ឲ្យ​មនសិការ​របស់​បងប្អូន​យើង​របួស នោះ​ជា​អំពើ​បាប។ ប៉ុល​សរសេរ​ថា​៖​«ដែល​ធ្វើ​បាប​នឹង​ពួក​បងប្អូន ហើយ​ធ្វើ​ឲ្យ​បញ្ញា​ចិត្ត​កំសោយ​របស់​គេ​ត្រូវ​របួស នោះ​ឈ្មោះ​ថា​ធ្វើ​បាប​នឹង​ព្រះ​គ្រីស្ទ​ដែរ។ ហេតុ​ដូច្នេះ បើសិន​ជា​ចំណី​អាហារ​អ្វី នាំ​ឲ្យ​បងប្អូន​ខ្ញុំ​ជំពប់​ដួល នោះ​ខ្ញុំ​មិន​ព្រម​ទទួល​ទាន​ចំណី​អាហារ​នោះ​ជា​ដរាប​ត​ទៅ ក្រែង​បងប្អូន​ខ្ញុំ​ជំពប់​ដួល»។—កូរិនថូសទី១ ៨:១២, ១៣

៨​. តើ​ហ្គេម​និង​វីដេអូ​អាច​បង្ក​គ្រោះថ្នាក់​អ្វី​ខ្លះ?

ហាង​និង​ទី​ផ្សារ​មាន​លក់​ហ្គេម​វីដេអូ​និង​ខ្សែ​ភាពយន្ត​វីដេអូ​ផ្សេងៗ​ជា​ច្រើន​រាប់​មិន​អស់។ ហ្គេម​ខ្លះ​ប្រហែល​ជា​សប្បាយ​លេង ហើយ​វីដេអូ​ខ្លះ​ប្រហែល​ជា​ល្អ​មើល ព្រម​ទាំង​ជួយ​ឲ្យ​សម្រាក​ដោយ​គ្មាន​លក្ខណៈ​ដែល​មិន​សម​គួរ​ទេ។ ក៏​ប៉ុន្តែ​ហ្គេម​និង​វីដេអូ​កាន់​តែ​ច្រើន​រួម​បញ្ចូល​អ្វី​ដែល​ព្រះ​គម្ពីរ​ផ្ដន្ទា​ទោស។ ហ្គេម​ណា​ដែល​រួម​បញ្ចូល​ការ​កាប់​សម្លាប់​ឬ​អំពើ​អសីលធម៌​ច្បាស់​ជា​មិន​អាច​ចាត់​ទុក​ថា សប្បាយ​លេង គ្មាន​អ្វី​មិន​សម​គួរ​នោះ​ទេ! ព្រះ​យេហូវ៉ា​ស្អប់​អ្នក​ដែល​«ចូល​ចិត្ត​ខាង​សេចក្ដី​ច្រឡោត[ឬ​«អំពើ​ឃោរឃៅ»]»។ (ទំនុកដំកើង ១១:៥; ខ.ស.; សុភាសិត ៣:៣១; កូល៉ុស ៣:៥, ៦) ហើយ​ប្រសិន​បើ​ហ្គេម​ណា​ធ្វើ​ឲ្យ​យើង​មាន​ចិត្ត​លោភ​ឬ​ចិត្ត​សាហាវ នាំ​ឲ្យ​ខាត​ពេល​វេលា​ដែល​ត្រូវ​ប្រើ​សម្រាប់​អ្វី​ផ្សេង​ទៀត ឬ​មួយ​ក៏​ធ្វើ​ឲ្យ​យើង​អស់​កម្លាំង​ចិត្ត យើង​ត្រូវ​ទទួល​ស្គាល់​ថា​ហ្គេ​ម​នោះ​កំពុង​តែ​បង្ក​គ្រោះថ្នាក់​ខាង​វិញ្ញាណ ហើយ​យើង​ត្រូវ​កែ​ប្រែ​យ៉ាង​ឆាប់​រហ័ស។—ម៉ាថាយ ១៨:៨, ៩

ការ​កំសាន្ត​សប្បាយ​ដែល​ល្អ

៩, ១០​. តើ​បងប្អូន​ដែល​ចេះ​គិត​ពិចារណា​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​កំសាន្ត​សប្បាយ?

ជួន​កាល​គ្រីស្ទាន​ពិត​សួរ​ថា​៖​«តើ​ការ​កំសាន្ត​សមរម្យ​មាន​អ្វី​ខ្លះ? ពីព្រោះ​ប្រភេទ​ការ​កំសាន្ត​ជា​ច្រើន​របស់​លោកិយ​គឺ​ខុស​ផ្ទុយ​ពី​គោល​ការណ៍​ក្នុង​ព្រះ​គម្ពីរ»។ កុំ​ធ្លាក់​ទឹក​ចិត្ត​ឡើយ! ដ្បិត​ពិត​ជា​មាន​ប្រភេទ​ការ​កំសាន្ត​សប្បាយ​ល្អ សម្រាប់​លំហើយ​ចិត្ត​លំហែ​កាយ។ ប៉ុន្តែ​យើង​ត្រូវ​ព្យាយាម​គិត​ពិចារណា​និង​ធ្វើ​គម្រោង​ទុក​ជា​មុន ជា​ពិសេស​បើ​យើង​ជា​មាតា​បិតា។ បងប្អូន​ជា​ច្រើន​ឃើញ​ថា​ការ​ជួបជុំ​ជា​ក្រុម​គ្រួសារ​ឬ​ជា​មួយ​បងប្អូន​ក្នុង​ក្រុមជំនុំ ជា​ឱកាស​សប្បាយ​មួយ​ដើម្បី​សម្រាក​កាយ​ចិត្ត។ ការ​ពិសា​អាហារ​បណ្ដើរ សន្ទនា​បណ្ដើរ​អំពី​អ្វីៗ​ដែល​កើត​ឡើង​នៅ​ថ្ងៃ​នោះ ឬ​អំពី​រឿង​មួយ​ពី​ព្រះ​គម្ពីរ ជា​អ្វី​ដែល​ផ្ដល់​នូវ​ការ​លើក​ទឹក​ចិត្ត​ហើយ​ក៏​សប្បាយ​ទៀត​ផង។ យើង​ក៏​អាច​រៀបចំ​លេង​ល្បែង​កំសាន្ត​ផ្សេងៗ​ដ៏​សមរម្យ ធ្វើ​ដំណើរ​ទៅ​មើល​ទេសភាព​ជនបទ ព្រៃ​ភ្នំ ឬ​មួយ​ក៏​ទៅ​មាត់​ទន្លេ​ឬ​ឆ្នេរ​សមុទ្រ​បាន​ដែរ។ ការ​កំសាន្ត​សប្បាយ​បែប​នេះ​អាច​ផ្ដល់​ឱកាស​លំហើយ​ចិត្ត​លំហែ​កាយ​មែន។

១០ អ្នក​ចាស់​ទុំ​ម្នាក់​និង​ភរិយា​បាន​ចិញ្ចឹម​កូន​បី​នាក់។ ពួក​គាត់​ប្រាប់​ថា​៖​«តាំង​ពី​កូន​របស់​យើង​នៅ​តូច​នៅ​ឡើយ យើង​តែង​តែ​ឲ្យ​ពួក​គេ​ចូល​រួម​កាល​ធ្វើ​ការ​សម្រេច​អំពី​កន្លែង​យើង​នឹង​ទៅ​ពេល​វិស្សមកាល។ ជួន​កាល​យើង​ឲ្យ​កូន​នីមួយៗ​អញ្ជើញ​មិត្តភក្ដិ​ម្នាក់​ឲ្យ​ទៅ​ជា​មួយ​យើង​ដែរ ហើយ​នោះ​ធ្វើ​ឲ្យ​ពេល​វិស្សមកាល​កាន់​តែ​សប្បាយ​ថែម​ទៀត។ យើង​បាន​ចាត់​ទុក​ព្រឹត្ដិការណ៍​សំខាន់ៗ​ក្នុង​ជីវិត​កូន​ជា​អ្វី​ដែល​ពិសេស។ ម្ដង​ម្កាល​យើង​អញ្ជើញ​បងប្អូន​ញាតិ​មិត្ត​ក្នុង​ក្រុមជំនុំ​ឲ្យ​មក​ផ្ទះ​យើង។ យើង​ពិសា​អាហារ​ហើយ​លេង​ល្បែង​កំសាន្ត។ យើង​ក៏​ធ្លាប់​បើក​ឡាន​ទៅ​ជនបទ​ហើយ​ដើរ​មើល​ព្រៃ​ភ្នំ ដោយ​ឆ្លៀត​ឱកាស​នោះ​ដើម្បី​រៀន​អំពី​ការ​បង្កើត​របស់​ព្រះ​យេហូវ៉ា»។

១១, ១២​. (ក) ពេល​ដែល​អ្នក​មាន​ការ​កំសាន្ត​ម្ដងម្កាល​នោះ តើ​អ្នក​អាច​ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​អ្នក​ឯ​ទៀត​ចូល​រួម? (ខ) តើ​ពិធី​ជួបជុំ​គ្នា​បែប​ណា​បាន​បន្សល់​ទុក​នូវ​អនុស្សាវរីយ៍​ដែល​ពុំ​អាច​បំភ្លេច​បាន​សម្រាប់​បងប្អូន​ជា​ច្រើន?

១១ តើ​រូប​អ្នក​ឬ​ក្រុម​គ្រួសារ​របស់​អ្នក​អាច​បើក​ចិត្ត​ឲ្យ​ទូលាយ​ឡើង ដោយ​អញ្ជើញ​បងប្អូន​ឯ​ទៀត​ឲ្យ​ចូល​រួម​ពេល​មាន​ការ​កំសាន្ត​ឬ​ទេ? ប្រហែល​ជា​បងប្អូន​ខ្លះ​ត្រូវ​ការ​នូវ​ការ​លើក​ទឹក​ចិត្ត ដូច​ជា​ស្ត្រី​មេម៉ាយ បងប្អូន​ដែល​នៅ​លីវ ហើយ​មាតា​ឬ​បិតា​ដែល​គ្មាន​គូ​ជា​ដើម។ (លូកា ១៤:១២​-​១៤) អ្នក​ក៏​ប្រហែល​ជា​អាច​អញ្ជើញ​អ្នក​ថ្មី​ពីរបី​នាក់​បាន​ដែរ ដោយ​ប្រុង​ប្រយ័ត្ន​មិន​អញ្ជើញ​អ្នក​ណា​ដែល​អាច​មាន​ឥទ្ធិពល​អាក្រក់​លើ​បងប្អូន។ (ធីម៉ូថេទី២ ២:២០, ២១) ប្រសិន​បើ​មាន​បងប្អូន​ដែល​ឈឺ មិន​អាច​ទៅ​ឆ្ងាយ​បាន នោះ​យើង​ប្រហែល​ជា​អាច​រៀបចំ​យក​អាហារ​ទៅ​ដល់​ផ្ទះ​គាត់ ដើម្បី​ពិសា​ជា​មួយ​គ្នា។—ហេព្រើរ ១៣:១, ២

១២ ការ​ជួបជុំ​គ្នា​ពិសា​អាហារ​ផង ស្ដាប់​បទពិសោធន៍​ផង​អំពី​របៀប​អ្នក​ឯ​ទៀត​បាន​រៀន​សេចក្ដី​ពិត និង​អ្វី​ដែល​បាន​ជួយ​ឲ្យ​ពួក​គេ​រក្សា​ភាព​ស្មោះ​ត្រង់​នឹង​ព្រះ ក៏​បាន​បន្សល់​ទុក​នូវ​អនុស្សាវរីយ៍​ដែល​ពុំ​អាច​បំភ្លេច​បាន​សម្រាប់​បងប្អូន​ជា​ច្រើន។ យើង​ក៏​អាច​លើក​ឡើង​ចំណុច​ផ្សេងៗ​ពី​ព្រះ​គម្ពីរ​ហើយ​ពិភាក្សា​គ្នា ដោយ​អញ្ជើញ​អស់​អ្នក​ដែល​បាន​មក​ឲ្យ​ចូល​រួម​ការ​ពិភាក្សា​នោះ រួម​ទាំង​កូន​ក្មេង​ដែរ។ ការ​ពិភាក្សា​បែប​នោះ​អាច​ជា​វិធី​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​គ្មាន​អ្នក​ណា​មាន​អារម្មណ៍​ថា​ខ្លួន​មិន​អាច​ចូល​រួម​បាន​នោះ។

១៣​. តើ​ព្រះ​យេស៊ូ​និង​ប៉ុល​បាន​ទុក​គំរូ​ល្អ​យ៉ាង​ដូច​ម្ដេច​ស្តី​អំពី​ការ​ទទួល​និង​បង្ហាញ​ភាព​រាក់ទាក់?

១៣ ព្រះ​យេស៊ូ​បាន​ទុក​គំរូ​ល្អ​ស្តី​ពី​ការ​បង្ហាញ​ភាព​រាក់ទាក់ និង​ការ​ព្រម​ទទួល​ភាព​រា​ក​ទាក់​អំពី​អ្នក​ឯ​ទៀត។ ទ្រង់​តែង​ប្រើ​ឱកាស​ទាំង​នោះ​ដើម្បី​ប្រទាន​នូវ​អំណោយ​ខាង​វិញ្ញាណ។ (លូកា ៥:២៧​-​៣៩; ១០:៤២; ១៩:១​-​១០; ២៤:២៨​-​៣២) បណ្ដា​សិស្ស​ដំបូង​របស់​ទ្រង់​ក៏​ធ្លាប់​ធ្វើ​តាម​គំរូ​នោះ​ដែរ។ (កិច្ចការ ២:៤៦, ៤៧) សាវ័ក​ប៉ុល​ធ្លាប់​សរសេរ​ថា​៖​«ដោយ​ព្រោះ​ខ្ញុំ​រឭក​ចង់​ឃើញ​អ្នក​រាល់​គ្នា ដើម្បី​នឹង​ចែក​អំណោយ​ទាន​ណា​មួយ​ខាង​វិញ្ញាណ​មក​អ្នក​រាល់​គ្នា ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​បាន​តាំង​នៅ​យ៉ាង​ខ្ជាប់ខ្ជួន គឺ​ថា ឲ្យ​យើង​បាន​សេចក្ដី​កំសាន្ត​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ក្នុង​ពួក​អ្នក​រាល់​គ្នា ដោយសារ​សេចក្ដី​ជំនឿ​របស់​យើង​និ​មួយៗ គឺ​របស់​អ្នក​រាល់​គ្នា នឹង​របស់​ខ្ញុំ​ផង»។ (រ៉ូម ១:១១, ១២) ស្រដៀង​គ្នា​ដែរ ពេល​ណា​យើង​ជួបជុំ​គ្នា​កំសាន្ត​សប្បាយ នោះ​ក៏​ត្រូវ​ផ្ដល់​ឱកាស​លើក​ទឹក​ចិត្ត​គ្នា​ផង​ដែរ។—រ៉ូម ១២:​១៣; ១៥:១, ២

ចំណុច​ខ្លះៗ​ដែល​ត្រូវ​ចង​ចាំ​និង​ប្រុង​ប្រយ័ត្ន

១៤​. តើ​ហេតុ​អ្វី​បាន​ជា​ការ​ល្អ​បើ​យើង​មិន​ជប់លៀង​ធំ​ពេក​នោះ?

១៤ យក​ល្អ យើង​មិន​ជប់លៀង​ធំ​ពេក​ទេ ពីព្រោះ​ពេល​មាន​មនុស្ស​ច្រើន​ពេក យើង​ពុំ​អាច​មើល​ការ​ខុស​ត្រូវ​ឲ្យ​បាន​ដិត​ដល់​ទេ។ នៅ​ពេល​មួយ​ដែល​មិន​រំខាន​ដល់​កិច្ចការ​ខាង​វិញ្ញាណ ក្រុម​គ្រួសារ​បី​បួន​ប្រហែល​ជា​ជួបជុំ​គ្នា​ពិសា​អាហារ​ឬ​លេង​ល្បែង​កំសាន្ត​ដែល​មិន​មាន​ការ​ប្រកួត​ប្រជែង​ហួស​ហេតុ​ពេក។ នៅ​ពេល​មាន​អ្នក​ចាស់​ទុំ អ្នក​ងារ​ជំនួយ ឬ​អ្នក​ឯ​ទៀត​ដែល​មាន​ភាព​ចាស់​ទុំ​ចូល​រួម​ដែរ ពួក​គាត់​មាន​អានុភាព​ល្អ ហើយ​អាច​ធ្វើ​ឲ្យ​ឱកាស​នោះ​ផ្ដល់​នូវ​កម្លាំង​ចិត្ត​កម្លាំង​កាយ​កាន់​តែ​ច្រើន​ថែម​ទៀត។

១៥​. ហេតុ​អ្វី​បាន​ជា​ត្រូវ​ត្រួត​ពិនិត្យ​ឲ្យ​បាន​ដិត​ដល់​ពេល​រៀបចំ​ពិធី​ជួបជុំ​គ្នា​នោះ?

១៥ អ្នក​ដែល​រៀបចំ​ពិធី​ជួបជុំ​គ្នា​នោះ មិន​ត្រូវ​ភ្លេច​ថា គាត់​ត្រូវ​ត្រួត​ពិនិត្យ​យ៉ាង​ដិត​ដល់។ ទោះ​ជា​អ្នក​ចូល​ចិត្ត​បង្ហាញ​ភាព​រាក់ទាក់​ក៏​ពិត​មែន តែ​ប្រសិន​បើ​ដឹង​ថា​ភ្ញៀវ​ម្នាក់​បាន​ជំពប់​ដួល​ដោយសារ​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ផ្ទះ​របស់​អ្នក មក​ពី​អ្នក​បាន​ធ្វេសប្រហែស​មិន​ត្រួត​ពិនិត្យ​ពិធី​នោះ អ្នក​ច្បាស់​ជា​នឹង​ពិបាក​ចិត្ត​ណាស់ មែន​ទេ? សូម​គិត​អំពី​គោលការណ៍​នៅ​ចោទិយកថា ២២:៨ ស្តី​អំពី​ជនជាតិ​អ៊ីស្រាអែល​ដែល​ទើប​តែ​សង់​ផ្ទះ​ថ្មី។ ពួក​គេ​ត្រូវ​សង់​បង្កាន់​ដៃ​នៅ​ព័ទ្ធ​ជុំវិញ​ដំបូល​រាប​ស្មើ ជា​កន្លែង​ពួក​គេ​ច្រើន​តែ​ប្រើ​សម្រាប់​ជួបជុំ​ភ្ញៀវ។ តើ​ហេតុ​អ្វី? «ដើម្បី​កុំ​ឲ្យ​មាន​អ្នក​ណា​ធ្លាក់​ពី​លើ​នោះ​ទៅ​ក្រោម​នឹង​នាំ​ឲ្យ​មាន​ទោស​ចំពោះ​ឈាម​គេ​លើ​ផ្ទះ​ឯង​ឡើយ»។ ស្រដៀង​គ្នា​ដែរ ពេល​មាន​ពិធី​ជួបជុំ​គ្នា អ្នក​ក៏​គួរ​ព្យាយាម​ការពារ​ភ្ញៀវ​របស់​អ្នក​ពី​អ្វី​ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​រូប​គេ​ឬ​ដល់​ភាព​ខាង​វិញ្ញាណ​របស់​ពួក​គេ​ដែរ ដោយ​មិន​បង្កើត​វិន័យ​តឹងតែង​ពេក។

១៦​. តើ​ត្រូវ​ប្រុង​ប្រយ័ត្ន​នឹង​អ្វី​បើ​យើង​ជូន​ស្រា​នៅ​ពិធី​ជប់លៀង?

១៦ ប្រសិន​បើ​មាន​ស្រា​នៅ​ពិធី​នោះ យើង​ត្រូវ​ប្រុង​ប្រយ័ត្ន​ឲ្យ​មែន​ទែន។ គ្រីស្ទាន​ជា​ច្រើន​នាក់​ដែល​រៀបចំ​ពិធី​ជប់លៀង សម្រេច​ចិត្ត​ជូន​ស្រា​លុះ​ត្រា​តែ​ពួក​គេ​អាច​ត្រួត​ពិនិត្យ​ដោយ​ផ្ទាល់​ខ្លួន​ថា ភ្ញៀវ​ទទួល​ភេសជ្ជៈ​អ្វី ហើយ​ពិសា​ប៉ុណ្ណា​ទៅ។ មិន​ត្រូវ​បណ្ដោយ​ឲ្យ​មាន​កាលៈទេសៈ​ណា​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​ជំពប់​ដួល ឬ​ល្បួង​គេ​ឲ្យ​ពិសា​ស្រា​ហួស​ប្រមាណ។ (អេភេសូរ ៥:១៨, ១៩) ដោយសារ​ហេតុ​ផ្សេងៗ ភ្ញៀវ​ខ្លះ​ប្រហែល​ជា​សម្រេច​ចិត្ត​មិន​ពិសា​ស្រា​សោះ។ ប្រទេស​ជា​ច្រើន​មាន​ច្បាប់​ថា ត្រូវ​មាន​អាយុ​ប៉ុន្មាន​ទើប​អាច​ពិសា​ស្រា​បាន ហើយ​គ្រីស្ទាន​ពិត​គោរព​តាម​ច្បាប់​សេសារ​ឬ​រដ្ឋាភិបាល ទោះ​បើ​ច្បាប់​នោះ​ស្ដាប់​ទៅ​ដូច​ជា​តឹងតែង​ពេក​ក៏​ដោយ។—រ៉ូម ១៣:៥

១៧​. (ក) ប្រសិន​បើ​មាន​បទ​ភ្លេង​នៅ​ពិធី​ណា​មួយ ហេតុ​អ្វី​ជា​ការ​សំខាន់​ដែល​អ្នក​ចាត់​ចែង​ពិធី​ជ្រើសរើស​បទ​ភ្លេង​ដោយ​ប្រុង​ប្រយ័ត្ន? (ខ) ប្រសិន​បើ​ពិធី​នោះ​មាន​ការ​រាំ​លេង តើ​អាច​រក្សា​ភាព​សមរម្យ​យ៉ាង​ដូច​ម្ដេច?

១៧ បងប្អូន​ដែល​រៀបចំ​ពិធី​ជួបជុំ​គ្នា ត្រូវ​ត្រួត​ពិនិត្យ​ឲ្យ​ដឹង​ថា បទ​ភ្លេង ការ​រាំ​លេង ឬ​ប្រភេទ​ការ​កំសាន្ត​ណា​ផ្សេង​ទៀត​ដែល​មាន​នៅ​ទី​នោះ គឺ​សម​ស្រប​តាម​គោលការណ៍​គ្រីស្ទាន។ ចំណង់​ចំណូល​ចិត្ត​របស់​មនុស្ស​ស្តី​អំពី​បទ​ភ្លេង​គឺ​ខុសៗ​គ្នា ហើយ​មាន​បទ​ភ្លេង​ប្រភេទ​ជា​ច្រើន​ណាស់។ ក៏​ប៉ុន្តែ បទ​ភ្លេង​ជា​ច្រើន​របស់​លោកិយ​សព្វ​ថ្ងៃ​នេះ បំផុស​ឲ្យ​មាន​គំនិត​ឥត​ញញើត​កោត​ខ្លាច ហើយ​លើក​ទឹក​ចិត្ត​ឲ្យ​ធ្វើ​អំពើ​អសីលធម៌ និង​អំពើ​ហិង្សា។ យើង​ត្រូវ​តែ​ចេះ​ជ្រើសរើស​ដោយ​ប្រុង​ប្រយ័ត្ន។ បទ​ភ្លេង​សមរម្យ​មិន​ចាំបាច់​ជា​ភ្លេង​បំពេ​អារម្មណ៍​នោះ​ទេ។ ប៉ុន្តែ​បទ​ភ្លេង​ក៏​មិន​ត្រូវ​អាសអាភាស ឬ​ធ្វើ​ឲ្យ​ស្រើបស្រាល ឬ​ក៏​ថ្លង់​ក្ដុងក្ដាំង។ ចូរ​ប្រុង​ប្រយ័ត្ន កុំ​ប្រគល់​កិច្ចការ​ជ្រើសរើស​បទ​ភ្លេង​ដល់​អ្នក​ដែល​មិន​យល់​មូលហេតុ​ដែល​មិន​ត្រូវ​តម្លើង​សំឡេង​ភ្លេង​ឲ្យ​ឮ​ខ្លាំង​ពេក។ ការ​រាំ​លេង​បែប​ណា​ដែល​រួម​បញ្ចូល​ការ​ធ្វើ​ចលនា​សម្រាប់​ធ្វើ​ឲ្យ​ស្រើប​ស្រាល ច្បាស់​ជា​មិន​សមរម្យ​សម្រាប់​គ្រីស្ទាន​ពិត​ឡើយ។—ធីម៉ូថេ​ទី១ ២:៨​-​១០

១៨​. ដោយ​ត្រួត​ពិនិត្យ​ការ​កំសាន្ត​របស់​កូន​ខ្លួន តើ​មាតា​បិតា​អាច​ការពារ​ពួក​គេ​យ៉ាង​ដូច​ម្ដេច?

១៨ មាតា​បិតា​គ្រីស្ទាន​ត្រូវ​ដឹង​ថា ពិធី​ជប់លៀង​ដែល​កូន​ចូល​រួម​នឹង​មាន​ការ​កំសាន្ត​អ្វី​ខ្លះ។ ក្នុង​ករណី​ភាគ​ច្រើន ជា​ការ​ល្អ​បើ​ពួក​គាត់​ទៅ​ជា​មួយ​នឹង​កូន។ គួរ​ឲ្យ​ស្ដាយ​ណាស់ មាតា​បិតា​ខ្លះ​បាន​ឲ្យ​កូន​ចូល​រួម​ពិធី​ជប់លៀង​ដែល​គ្មាន​ការ​ត្រួត​ពិនិត្យ ហើយ​ទី​នោះ​បុគ្គល​មួយ​ចំនួន​បាន​ត្រូវ​គេ​ទាក់ទាញ​ឲ្យ​ធ្វើ​អំពើ​អសីលធម៌ ឬ​ក៏​ប្រព្រឹត្ត​អ្វី​ផ្សេង​ទៀត​ដែល​មិន​សមរម្យ។ (អេភេសូរ ៦:១​-​៤) ទោះ​បើ​យុវជន​នោះ​មាន​វ័យ​ជំទង់ ហើយ​បាន​បង្ហាញ​ថា​អាច​គ្រប់គ្រង​ខ្លួន​បាន​ក៏​ពិត​មែន តែ​មាតា​បិតា​នៅ​តែ​ត្រូវ​ជួយ​ឲ្យ​ពួក​គេ​«រត់​ពី​សេចក្ដី​ស្រើបស្រាល​របស់​ក្មេងៗ​ចេញ»។—ធីម៉ូថេទី២ ២:២២

១៩​. ដើម្បី​ប្រមូល​អារម្មណ៍​ទៅ​លើ​អ្វីៗ​ដែល​យើង​គួរ‹ស្វែង​រក​ជា​មុន›នោះ តើ​យើង​ត្រូវ​ទទួល​ស្គាល់​ចំណុច​អ្វី?

១៩ ការ​កំសាន្ត​សប្បាយ​ដ៏​ល្អ​ម្ដងម្កាល​អាច​ជួយ​ឲ្យ​យើង​លំហើយ​ចិត្ត​លំហែ​កាយ ហើយ​ធ្វើ​ឲ្យ​សប្បាយ​នឹង​ជីវិត​ជាង។ ព្រះ​យេហូវ៉ា​មិន​ចង់​ឲ្យ​យើង​រស់​នៅ​ដោយ​គ្មាន​ការ​កំសាន្ត​សប្បាយ​នោះ​ទេ ប៉ុន្តែ​យើង​ត្រូវ​ទទួល​ស្គាល់​ថា ការ​កំសាន្ត​តែ​ប៉ុណ្ណោះ​មិន​ជួយ​ឲ្យ​យើង​ប្រមូល​ទ្រព្យ​សម្បត្ដិ​ខាង​វិញ្ញាណ​នៅ​ស្ថានសួគ៌​ទេ។ (ម៉ាថាយ ៦:១៩​-​២១) ព្រះ​យេស៊ូ​បាន​ជួយ​ឲ្យ​សិស្ស​របស់​ទ្រង់​យល់​ថា​ការ​«ស្វែង​រក​នគរ នឹង​សេចក្ដី​សុចរិត​នៃ​ព្រះ​ជា​មុន​សិន» ជា​អ្វី​សំខាន់​បំផុត​ក្នុង​ជីវិត មិន​មែន​អ្វី​យើង​ត្រូវ​បរិភោគ ផឹក ឬ​ស្លៀក​ពាក់ ដែល​ជា​អ្វី‹សាសន៍​ដទៃ​ខំ​ស្វែង​រក›។—ម៉ាថាយ ៦:៣១​-​៣៤

២០​. តើ​អ្នក​បម្រើ​ស្មោះ​ត្រង់​របស់​ព្រះ​យេហូវ៉ា​អាច​រង់ចាំ​ទទួល​សេចក្ដី​ល្អ​អ្វី ពី​ព្រះ​ឧត្តុង្គ​ឧត្តម​ដែល​ទំនុក​បម្រុង​ពួក​គេ?

២០ មិន​ថា​យើង​«ស៊ី​ឬ​ផឹក​ឬ​ធ្វើ​ការ​អ្វី​ក៏​ដោយ» យើង​អាច​«ធ្វើ​ទាំង​អស់​សំ​រាប់​ចំរើន​សិរី​ល្អ​ដល់​ព្រះ» ទាំង​អរ​ព្រះ​គុណ​ទ្រង់​សម្រាប់​អ្វីៗ​ដ៏​ល្អ ដែល​ទ្រង់​ប្រទាន​សម្រាប់​ឲ្យ​យើង​សប្បាយ​ដោយ​មាន​តុល្យភាព។ (កូរិនថូសទី១ ១០:៣១) នៅ​សួន​មនោរម្យ​របស់​ទ្រង់​ដែល​ជិត​នឹង​កើត​ឡើង​នោះ យើង​នឹង​មាន​ឱកាស​ជា​ច្រើន​អនេក ដើម្បី​សប្បាយ​ឲ្យ​បាន​ពេញលេញ​នឹង​ព្រះទ័យ​ទូលាយ​របស់​ព្រះ​យេហូវ៉ា ព្រម​ទាំង​សំណេះ​សំ​ណា​ល​លើក​ទឹក​ចិត្ត​គ្នា​ជា​មួយ​នឹង​អស់​អ្នក​ដែល​ធ្វើ​តាម​សេចក្ដី​តម្រូវ​ដ៏​សុចរិត​របស់​ទ្រង់។—ទំនុកដំកើង ១៤៥:១៦; អេសាយ ២៥:៦; កូរិនថូសទី២ ៧:១

តើ​អ្នក​ចាំ​ទេ?

សព្វ​ថ្ងៃ​នេះ ហេតុ​អ្វី​គ្រីស្ទាន​ពិត​ពិបាក​រក​ការ​កំសាន្ត​ដ៏​ល្អ?

តើ​ការ​កំសាន្ត​ប្រភេទ​ណា​ខ្លះ​ដែល​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​គ្រីស្ទាន​ពិត​សប្បាយ?

ពេល​កំពុង​តែ​ចូល​រួម​ការ​កំសាន្ត​ដ៏​ល្អ តើ​មាន​ចំណុច​អ្វី​ខ្លះ​ដែល​យើង​ត្រូវ​ចង​ចាំ​និង​ប្រុង​ប្រយ័ត្ន?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូបភាព​នៅ​ទំព័រ​២២]

តើ​គ្រីស្ទាន​ពិត​បដិសេធ​ការ​កំសាន្ត​បែប​ណា?

[រូបភាព​នៅ​ទំព័រ​២៣]

ចូរ​ជ្រើសរើស​ការ​កំសាន្ត​ដែល​បង្កើត​ផល​ល្អ