លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ព្រះយេហូវ៉ាមានសេចក្ដីស្រឡាញ់ស្មោះត្រង់ធំទូលាយ

ព្រះយេហូវ៉ាមានសេចក្ដីស្រឡាញ់ស្មោះត្រង់ធំទូលាយ

ព្រះ​យេហូវ៉ា​មាន​សេចក្ដី​ស្រឡាញ់​ស្មោះ​ត្រង់​ធំ​ទូលាយ

«ព្រះ​យេហូវ៉ា . . . មាន​សេចក្ដី​សប្បុរស[«ដ៏​ស្មោះ»​, ព.ថ.]ដ៏​ធំ​ទូលាយ»។—ទំនុកដំកើង ១៤៥:៨

១​. តើ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​គឺ​ធំ​ប៉ុន​ណា?

«ព្រះ​ទ្រង់​ជា​សេចក្ដី​ស្រឡាញ់​នោះ​ឯង»។ (យ៉ូហានទី១ ៤:៨) ឃ្លា​នេះ​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​កក់ក្ដៅ​ក្នុង​ចិត្ត​មែន ហើយ​បញ្ជាក់​ថា របៀប​ដែល​ព្រះ​យេហូវ៉ា​គ្រប់គ្រង​គឺ​ប្រកប​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់​ដែរ។ គឺ​ឃើញ​ច្បាស់​ហើយ សូម្បីតែ​មនុស្ស​ដែល​មិន​ស្ដាប់​បង្គាប់​ទ្រង់​ក៏​ទទួល​ប្រយោជន៍​ពី​ពន្លឺ​ព្រះ​អាទិត្យ​និង​ទឹក​ភ្លៀង​ដែល​ទ្រង់​ផ្គត់ផ្គង់​ដោយ​សេចក្ដី​ស្រឡាញ់​ដែរ! (ម៉ាថាយ ៥:៤៤, ៤៥) ដោយសារ​ព្រះ​ស្រឡាញ់​មនុស្ស​លោក នោះ​សូម្បីតែ​ខ្មាំង​សត្រូវ​របស់​ទ្រង់​ក៏​អាច​ប្រែ​ចិត្ត បែរ​មក​រក​ទ្រង់ ហើយ​ទទួល​ជីវិត​ជា​រៀង​រហូត​បាន។ (យ៉ូហាន ៣:១៦) ក៏​ប៉ុន្តែ មិន​យូរ​ប៉ុន្មាន​ទៀត​ព្រះ​យេហូវ៉ា​នឹង​បំផ្លាញ​ចោល​មនុស្ស​អាក្រក់​ដែល​កែ​លែង​បាន ដើម្បី​ឲ្យ​អស់​ទាំង​មនុស្ស​ដែល​ស្រឡាញ់​ទ្រង់​អាច​មាន​ជីវិត​ជា​រៀង​រហូត​ក្នុង​ពិភពលោក​ថ្មី​ដ៏​សុចរិត។—ទំនុកដំកើង ៣៧:៩​-​១១, ២៩; ពេត្រុសទី២ ៣:១៣

២​. តើ​សេចក្ដី​ស្រឡាញ់​ដែល​ព្រះ​យេហូវ៉ា​បង្ហាញ​ដល់​មនុស្ស​ដែល​បាន​ឧទ្ទិស​ថ្វាយ​ខ្លួន​ចំពោះ​ទ្រង់ មាន​លក្ខណៈ​ពិសេស​អ្វី?

តាម​របៀប​ដ៏​វិសេស​ព្រះ​យេហូវ៉ា​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​មិន​សាប​សូន្យ​ចំពោះ​អ្នក​ថ្វាយ​បង្គំ​ពិត​របស់​ទ្រង់។ សេចក្ដី​ស្រឡាញ់​បែប​នោះ​ត្រូវ​ពណ៌នា​ដោយ​ពាក្យ​ភាសា​ហេព្រើរ​ដែល​បកប្រែ​ថា​«សេចក្ដី​សប្បុរស​ដ៏​ស្មោះ» ឬ​«សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់»។ ស្តេច​ដាវីឌ​ជា​ស្តេច​នៅ​ប្រទេស​អ៊ីស្រាអែល​ពី​បុរាណ​បាន​អបអរ​យ៉ាង​ខ្លាំង​ចំពោះ​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​របស់​ព្រះ។ ដោយ​ឈរ​លើ​បទ​ពិសោធន៍​ផ្ទាល់​ខ្លួន​និង​ការ​រំពឹង​គិត​អំពី​របៀប​ដែល​ព្រះ​ប្រព្រឹត្ត​លើ​មនុស្ស​ដទៃ នោះ​ដាវីឌ​អាច​ច្រៀង​ដោយ​ទំនុក​ចិត្ត​ថា​៖ «ព្រះ​យេហូវ៉ា . . . មាន​សេចក្ដី​សប្បុរស[«ដ៏​ស្មោះ» ឬ​«សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់»​, ព.ថ.]ដ៏​ធំ​ទូលាយ»។—ទំនុកដំកើង ១៤៥:៨

ការ​សម្គាល់​អ្នក​ស្មោះ​ត្រង់​របស់​ព្រះ

៣, ៤​. (ក) តើ​ទំនុកដំកើង ទំនុក​ទី១៤​៥ ជួយ​យើង​សម្គាល់​អ្នក​ស្មោះ​ត្រង់​របស់​ព្រះ​យេហូវ៉ា​យ៉ាង​ណា? (ខ) តើ​អ្នក​ស្មោះ​ត្រង់​របស់​ព្រះ​«សូម​ឲ្យ​ទ្រង់​បាន​ប្រកប​ដោយ​ព្រះ​ពរ»​យ៉ាង​ដូច​ម្ដេច?

ហាណា​ជា​មាតា​របស់​ព្យាការី​សាំយូអែល ហើយ​គាត់​បាន​មាន​ប្រសាសន៍​អំពី​ព្រះ​យេហូវ៉ា​ថា​៖ «ទ្រង់​នឹង​គាំពារ​ជើង​នៃ​ពួក​អ្នក​បរិសុទ្ធ[ឬ​«អ្នក​ស្មោះ​ត្រង់»​, ព.ថ.]របស់​ទ្រង់»។ (សាំយូអែលទី១ ២:៩) តើ​«អ្នក​ស្មោះ​ត្រង់»​ទាំង​នេះ​ជា​អ្នក​ណា? ស្តេច​ដាវីឌ​មាន​បន្ទូល​ឆ្លើយ​សំនួរ​នេះ។ ក្រោយ​ពី​បាន​លើក​តម្កើង​គុណសម្បត្ដិ​ដ៏​ប្រសើរ​ថ្លៃ​ថ្លា​របស់​ព្រះ​យេហូវ៉ា ដាវីឌ​មាន​បន្ទូល​ថា​៖ «ពួក​អ្នក​បរិសុទ្ធ [ឬ​«អ្នក​ស្មោះ​ត្រង់»​, ព.ថ.]របស់​ទ្រង់​នឹង​សូម​ឲ្យ​ទ្រង់​បាន​ប្រកប​ដោយ​ព្រះ​ពរ»។ (ទំនុកដំកើង ១៤៥:១០) អ្នក​ប្រហែល​ជា​ឆ្ងល់​ថា តើ​មនុស្ស​អាច​សូម​ឲ្យ​ទ្រង់​ប្រកប​ដោយ​ព្រះ​ពរ​បាន​យ៉ាង​ដូច​ម្ដេច? មនុស្ស​អាច​ធ្វើ​ដូច្នេះ​បាន ដោយ​សរសើរ​ទ្រង់ ឬ​ដោយ​និយាយ​លើក​តម្កើង​ទ្រង់។

អ្នក​ស្មោះ​ត្រង់​របស់​ព្រះ​យេហូវ៉ា​អាច​ត្រូវ​សម្គាល់​ជា​ពួក​អ្នក​ដែល​ប្រើ​មាត់​របស់​ខ្លួន​ដើម្បី​និយាយ​លើក​តម្កើង​ទ្រង់។ ពេល​ជួប​សំណេះ​សំណាល​គ្នា ឬ​នៅ​ឯ​កិច្ច​ប្រជុំ​គ្រីស្ទាន តើ​ពួក​គាត់​ច្រើន​តែ​ពិភាក្សា​អំពី​រឿង​អ្វី? ប្រាកដ​ហើយ ពួក​គាត់​ពិភាក្សា​អំពី​ព្រះ​រាជាណាចក្រ​របស់​ព្រះ​យេហូវ៉ា! អ្នក​ស្មោះ​ត្រង់​របស់​ព្រះ​មាន​អារម្មណ៍​ដូច​ដាវីឌ​ដែល​បាន​ច្រៀង​ថា​៖ «គេ​នឹង​ថ្លែង​ពី​សិរី​ល្អ​នៃ​នគរ[របស់​ព្រះ​យេហូវ៉ា] នឹង​ពី​តេជានុភាព​របស់​ទ្រង់»។—ទំនុកដំកើង ១៤៥:១១

៥​. តើ​យើង​ដឹង​ដោយ​ដូច​ម្ដេច​ថា ព្រះ​យេហូវ៉ា​យក​ព្រះទ័យ​ទុក​ដាក់​សណ្ដាប់​ពេល​ដែល​អ្នក​ស្មោះ​ត្រង់​របស់​ទ្រង់​និយាយ​លើក​តម្កើង​ទ្រង់?

តើ​ព្រះ​យេហូវ៉ា​សណ្ដាប់​ពេល​អ្នក​ស្មោះ​ត្រង់​សរសើរ​ទ្រង់​ឬ? មែន​ហើយ ទ្រង់​យក​ព្រះទ័យ​ទុក​ដាក់​សណ្ដាប់​សំដី​របស់​ពួក​គាត់។ ម៉ាឡាគី​បាន​សរសេរ​ទំនាយ​មួយ​ដែល​សំដៅ​ទៅ​លើ​ការ​ថ្វាយ​បង្គំ​ពិត​នៅ​សម័យ​យើង​នេះ​ថា​៖ «គ្រា​នោះ ពួក​អ្នក​ដែល​កោត​ខ្លាច​ដល់​ព្រះ​យេហូវ៉ា ក៏​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ព្រះ​យេហូវ៉ា​ទ្រង់​ប្រុង​ស្ដាប់ ក៏​បាន​ឮ រួច​មាន​សៀវភៅ​រំឭក​បាន​កត់​ទុក​នៅ​ចំពោះ​ព្រះ​យេហូវ៉ា សំរាប់​ពួក​អ្នក​ដែល​កោត​ខ្លាច​ដល់​ទ្រង់ នឹង​ពួក​អ្នក​ដែល​នឹក​ដល់​ព្រះ​នាម​ទ្រង់»។ (ម៉ាឡាគី ៣:១៦) ព្រះ​យេហូវ៉ា​សព្វ​ព្រះ​ហឫទ័យ​ណាស់ ពេល​ដែល​អ្នក​ស្មោះ​ត្រង់​របស់​ទ្រង់​និយាយ​លើក​តម្កើង​ទ្រង់ ហើយ​ទ្រង់​ក៏​ចាំ​ពី​ពួក​គាត់​ផង​ដែរ។

៦​. តើ​អ្នក​ស្មោះ​ត្រង់​របស់​ព្រះ​ធ្វើ​សកម្មភាព​អ្វី​ដែល​ជួយ​យើង​សម្គាល់​ពួក​គាត់?

អ្នក​បំរើ​ស្មោះ​ត្រង់​របស់​ព្រះ​យេហូវ៉ា​អាច​ត្រូវ​សម្គាល់​ដោយ​ចិត្ត​ក្លាហាន​របស់​ពួក​គាត់​ក្នុង​ការ​ឆ្លៀត​ឱកាស​និយាយ​ជា​មួយ​នឹង​មនុស្ស​ដែល​មិន​មែន​ជា​អ្នក​ថ្វាយ​បង្គំ​ព្រះ​ពិត។ ប្រាកដ​ហើយ អ្នក​ស្មោះ​ត្រង់​របស់​ព្រះ​រមែង​ថ្លែង​ប្រាប់ «ឲ្យ​ពួក​មនុស្ស​ជាតិ​បាន​ស្គាល់ អស់​ទាំង​ការ​ឥទ្ធិឫទ្ធិ​របស់​ទ្រង់ ហើយ​នឹង​សិរី​ល្អ​នៃ​ឫទ្ធានុភាព​របស់​រាជ្យ​ទ្រង់»។ (ទំនុកដំកើង ១៤៥:១២) តើ​អ្នក​ស្វែង​រក​និង​ឆ្លៀត​ប្រយោជន៍​ពី​គ្រប់​ឱកាស ដើម្បី​ប្រាប់​ពួក​អ្នក​ដែល​មិន​ជឿ​អំពី​ការ​សោយ​រាជ្យ​របស់​ព្រះ​យេហូវ៉ា​ឬ​ទេ? បន្ដិច​ទៀត រដ្ឋាភិបាល​របស់​មនុស្ស​នឹង​កន្លង​បាត់​ទៅ តែ​ការ​សោយ​រាជ្យ​របស់​ព្រះ​នឹង​ស្ថិត​សេរ​ជា​រៀង​រហូត។ (ធីម៉ូថេទី១ ១:១៧) ឥឡូវ​នេះ​គឺ​ជា​ការ​សំខាន់​ណាស់​ដែល​មនុស្ស​រៀន​អំពី​ការ​សោយ​រាជ្យ​ជា​រៀង​រហូត​របស់​ព្រះ​យេហូវ៉ា ហើយ​កាន់​ជំហរ​ជា​អ្នក​គាំទ្រ​ការ​គ្រប់គ្រង​នោះ។ ដាវីឌ​បាន​ច្រៀង​ថា​៖ «រាជ្យ​ទ្រង់​ស្ថិត​ស្ថេរ​នៅ​អស់កល្ប​ជានិច្ច ហើយ​អំណាច​ទ្រង់​ក៏​នៅ​ដរាប​ដល់​អស់​ទាំង​ដំណ​ត​ទៅ»។—ទំនុកដំកើង ១៤៥:១៣

៧, ៨​. តើ​អ្វី​បាន​កើត​ឡើង​នៅ​ឆ្នាំ​១៩១៤? ហើយ​តើ​មាន​ភស្តុតាង​អ្វី​ដែល​បង្ហាញ​ថា ព្រះ​កំពុង​តែ​គ្រប់គ្រង​តាម​រយៈ​ព្រះ​រាជាណាចក្រ​នៃ​ព្រះ​រាជបុត្រា​ទ្រង់?

តាំង​ពី​ឆ្នាំ​១៩១៤ មាន​មូលហេតុ​ថែម​ទៀត​ឲ្យ​យើង​ថ្លែង​ប្រាប់​អំពី​ការ​សោយ​រាជ្យ​របស់​ព្រះ​យេហូវ៉ា។ នៅ​ឆ្នាំ​នោះ ព្រះ​បាន​ស្ថាបនា​ឡើង​នូវ​ព្រះ​រាជាណាចក្រ​នៃ​ព្រះមេស្ស៊ី​នៅ​ឯ​ស្ថានសួគ៌ ដែល​មាន​ព្រះ​យេស៊ូ​គ្រីស្ទ​រាជបុត្រា​ស្តេច​ដាវីឌ គឺ​ជា​ស្តេច។ យ៉ាង​នេះ ព្រះ​យេហូវ៉ា​បាន​បំពេញ​សេចក្ដី​សន្យា​របស់​ទ្រង់​ដែល​ថា ការ​សោយ​រាជ្យ​របស់​ដាវីឌ​នឹង​ស្ថិត​ស្ថេរ​អស់កល្ប​ជានិច្ច។—សាំយូអែលទី២ ៧:១២, ១៣; លូកា ១:៣២, ៣៣

ទីសំគាល់​ពី​វត្តមាន​នៃ​ព្រះ​គ្រីស្ទ​ដែល​កំពុង​តែ​សម្រេច​ឥឡូវ​នេះ ជា​ភស្តុតាង​បង្ហាញ​ថា​ព្រះ​យេហូវ៉ា​កំពុង​តែ​គ្រប់គ្រង​តាម​រយៈ​ព្រះ​រាជាណាចក្រ​នៃ​ព្រះ​រាជបុត្រា​ទ្រង់ ព្រះ​យេស៊ូ​គ្រីស្ទ។ ក្នុង​ទី​សម្គាល់​នោះ លក្ខណៈ​ដែល​លេច​ធ្លោ​ជាង​គេ​គឺ​ជា​កិច្ចការ​ដែល​ព្រះ​យេស៊ូ​បាន​ទាយ​ពី​អ្នក​ស្មោះ​ត្រង់​ទាំង​ឡាយ​របស់​ព្រះ​នឹង​ធ្វើ។ ទ្រង់​មាន​បន្ទូល​ថា​៖ «ដំណឹង​ល្អ​នេះ ដែល​សំដែង​ពី​នគរ នឹង​ត្រូវ​ប្រកាស​ប្រាប់​ទូទៅ​គ្រប់​ក្នុង​លោកីយ ទុក​ជា​ទី​បន្ទាល់​ដល់​អស់​ទាំង​សាសន៍ នោះ​ទើប​នឹង​បាន​ដល់​ចុង​បំផុត»។ (ម៉ាថាយ ២៤:៣​-​១៤) ដោយសារ​អ្នក​ស្មោះ​ត្រង់​របស់​ព្រះ​កំពុង​តែ​បំពេញ​ទំនាយ​នោះ​ដោយ​ចិត្ត​ខ្នះខ្នែង នោះ​មនុស្ស​ប្រុស​ស្រី​និង​កុមារា​កុមារី​ជាង​ប្រាំ​មួយ​លាន​នាក់​កំពុង​តែ​រួម​ចំណែក​ក្នុង​កិច្ចការ​ដ៏​ធំ​អស្ចារ្យ​នេះ​ដែល​នឹង​មិន​មាន​ម្ដង​ទៀត​ក្នុង​ប្រវត្ដិសាស្ត្រ។ មិន​យូរ​ប៉ុន្មាន​ទៀត ចុង​បំផុត​នៃ​អស់​អ្នក​ដែល​ប្រឆាំង​នឹង​ព្រះ​រាជាណាចក្រ​របស់​ព្រះ​យេហូវ៉ា​ត្រូវ​មក​ដល់។—វិវរណៈ ១១:១៥, ១៨

ការ​ទទួល​ប្រយោជន៍​ពី​ការ​សោយ​រាជ្យ​របស់​ព្រះ​យេហូវ៉ា

៩, ១០​. តើ​មាន​ភាព​ខុស​គ្នា​យ៉ាង​ណា រវាង​ព្រះ​យេហូវ៉ា​និង​អ្នក​គ្រប់គ្រង​ដែល​ជា​មនុស្ស?

ប្រសិន​បើ​យើង​ជា​គ្រីស្ទាន​ដែល​បាន​ឧទ្ទិស​ថ្វាយ​ខ្លួន​រួច​ហើយ ចំណង​មេត្រីភាព​របស់​យើង​ជា​មួយ​នឹង​ព្រះ​អម្ចាស់​យេហូវ៉ា​នាំ​ឲ្យ​ទទួល​ព្រះ​គុណ​ឬ​ប្រយោជន៍​ជា​ច្រើន។ (ទំនុកដំកើង ៧១:៥; ១១៦:១២) ជា​ឧទាហរណ៍ យើង​កោត​ខ្លាច​ព្រះ​និង​ប្រព្រឹត្ត​អំពើ​សុចរិត ហេតុ​នោះ​ហើយ​បាន​ជា​យើង​មាន​ព្រះ​គុណ​ពី​ព្រះ​ហើយ​នៅ​ជិត​ស្និទ្ធ​នឹង​ទ្រង់​ខាង​វិញ្ញាណ។ (កិច្ចការ ១០:៣៤, ៣៥; យ៉ាកុប ៤:៨) ផ្ទុយ​ពី​ព្រះ​យេហូវ៉ា មនុស្ស​ដែល​កាន់​អំណាច​គ្រប់គ្រង​និយម​សេពគប់​ជា​មួយ​នឹង​អ្នក​មាន​មុខ​មាត់ ដូច​ជា​ពួក​មន្ត្រី​យោធា ពាណិជ្ជករ​ដែល​មាន​ស្តុកស្តម្ភ ឬ​តារា​ភាពយន្ត​និង​កីឡា។ យោង​ទៅ​តាម​សារពត៌មាន​មួយ​នៅ​ទ្វីប​អាព្រិច មន្ត្រី​រាជការ​ធំដុំ​ម្នាក់​បាន​មាន​ប្រសាសន៍​អំពី​តំបន់​ជន​ក្រីក្រ​នៅ​ប្រទេស​គាត់​ថា​៖ «ខ្ញុំ​យល់​នូវ​មូលហេតុ​ដែល​យើង​ភាគ​ច្រើន​មិន​ចង់​ទៅ​តំបន់​ជន​ក្រីក្រ។ គឺ​ដោយ​ព្រោះ​យើង​ចង់​បំភ្លេច​ថា មាន​ស្ថានការណ៍​បែប​នោះ។ ស្ថានការណ៍​បែប​នោះ​តែង​ធ្វើ​ទុក្ខ​មនសិការ​យើង ហើយ​យើង​ខ្មាស​គេ​ដោយសារ​យើង​បើក[រថយន្ត]ថ្លៃៗ»។—Sowetan

១០ អ្នក​គ្រប់គ្រង​ខ្លះ​ក៏​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ស្មោះ​ចំពោះ​សុខុមាលភាព​នៃ​រាស្ត្រ​របស់​ខ្លួន​ពិត​មែន តែ​សូម្បី​អ្នក​គ្រប់គ្រង​ដែល​មាន​ចិត្ត​ល្អ​ជាង​គេ​ក៏​ដោយ ក៏​មិន​ស្គាល់​រាស្ត្រ​ម្នាក់ៗ​របស់​ខ្លួន​ដែរ។ ប្រាកដ​ហើយ យើង​អាច​សួរ​ថា​៖ តើ​មាន​អ្នក​គ្រប់គ្រង​ណា​ម្នាក់​ដែល​យក​ចិត្ត​ទុក​ដាក់​ចំពោះ​រាស្ត្រ​ទាំង​ឡាយ ដល់​ម្ល៉េះ​បាន​ជា​ប្រញាប់​ជួយ​ពួក​គេ​ម្នាក់ៗ​ពេល​ដែល​មាន​គ្រា​អាសន្ន​ឬ? ពិត​ជា​មាន​មែន! ដាវីឌ​បាន​សរសេរ​ថា​៖ «ព្រះ​យេហូវ៉ា​ទ្រង់​គាំទ្រ​ដល់​អស់​អ្នក​ដែល​ដួល ក៏​លើក​ពួក​អ្នក​ដែល​ត្រូវ​ឱន​ឡើង​វិញ»។—ទំនុកដំកើង ១៤៥:១៤

១១​. តើ​អ្នក​ស្មោះ​ត្រង់​របស់​ព្រះ​រង​ទុក្ខ​លំបាក​បែប​ណា​ខ្លះ? ហើយ​តើ​ពួក​គាត់​ទទួល​ជំនួយ​អ្វី?

១១ អ្នក​ស្មោះ​ត្រង់​របស់​ព្រះ​យេហូវ៉ា​បាន​ជួប​ប្រទះ​ការ​ល្បួង​និង​ទុក្ខ​លំបាក​ផ្សេងៗ​ជា​ច្រើន ដោយសារ​ភាព​មិន​គ្រប់​ល័ក្ខណ៍​របស់​ខ្លួន ហើយ​ដោយសារ​រស់​នៅ​ក្នុង​លោកីយ៍​ដែល​ដេក​នៅ​ក្នុង​ឱវាទ​ឬ​នៅ​ក្រោម​អំណាច​នៃ​«មេ​កំណាច»។ (យ៉ូហានទី១ ៥:១៩; ទំនុកដំកើង ៣៤:១៩) ជន​គ្រីស្ទាន​បាន​ទទួល​ការ​បៀតបៀន។ អ្នក​ខ្លះ​រង​ទុក្ខ​ដោយសារ​ជំងឺ​ដ៏​ធ្ងន់ ឬ​ដោយសារ​បាត់បង់​មនុស្ស​ជា​ទី​ស្រឡាញ់។ ម្ដងម្កាល កំហុស​របស់​អ្នក​ស្មោះ​ត្រង់​របស់​ព្រះ​យេហូវ៉ា​ប្រហែល​ជា​ធ្វើ​ឲ្យ​ពួក​គាត់​«ឱន»​ដោយ​ព្រោះ​ធ្លាក់​ទឹក​ចិត្ត។ ប៉ុន្តែ មិន​ថា​អ្នក​ស្មោះ​ត្រង់​របស់​ព្រះ​រង​ទុក្ខ​លំបាក​ណា​ក៏​ដោយ ព្រះ​យេហូវ៉ា​រមែង​ប្រុង​ប្រៀប​សំរាល​ទុក្ខ​និង​ពង្រឹង​កម្លាំង​ខាង​វិញ្ញាណ​របស់​ពួក​គាត់​ម្នាក់ៗ។ ព្រះ​យេស៊ូ​គ្រីស្ទ​ដែល​ជា​ស្តេច​ក៏​យក​ព្រះទ័យ​ទុក​ដាក់​ដោយ​សេចក្ដី​ស្រឡាញ់​ដូច​គ្នា​ចំពោះ​រាស្ត្រ​ស្មោះ​ត្រង់​របស់​ទ្រង់។—ទំនុកដំកើង ៧២:១២​-​១៤

អាហារ​តាម​ត្រូវ​ពេល​ដែល​បំពេញ​តម្រូវ​ការ

១២, ១៣​. តើ​ព្រះ​យេហូវ៉ា​បំពេញ​សេចក្ដី​ត្រូវ​ការ​របស់​«ជីវិត​ទាំង​ឡាយ»​ដល់​កំរិត​ណា?

១២ ដោយសារ​ព្រះ​យេហូវ៉ា​ពេញ​ទៅ​ដោយ​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​នោះ ទ្រង់​តែង​តែ​ផ្គត់ផ្គង់​តម្រូវ​ការ​ទាំង​អស់​របស់​អ្នក​បំរើ​ទ្រង់។ នេះ​ក៏​រួម​បញ្ចូល​ការ​បំពេញ​ការ​ស្រេក​ឃ្លាន​របស់​ពួក​គេ​ដោយ​ប្រទានអាហារ​ដ៏​ល្អ។ ស្តេច​ដាវីឌ​បាន​សរសេរ​ថា​៖ «ភ្នែក​របស់​មនុស្ស​ទាំង​អស់​រង់ចាំ​តែ​ទ្រង់[ព្រះ​យេហូវ៉ា] ហើយ​ទ្រង់​ក៏​ប្រទាន​អាហារ​ដល់​គេ​តាម​ត្រូវ​ពេល។ ទ្រង់​លា​ព្រះ​ហស្ត ក៏​បំពេញ​ចិត្ត​ប្រាថ្នា​នៃ​ជីវិត​ទាំង​ឡាយ»។ (ទំនុកដំកើង ១៤៥:១៥, ១៦) សូម្បីតែ​នៅ​គ្រា​ណា​ដែល​មាន​ទុក្ខ​លំបាក​ក្ដី ក៏​ព្រះ​យេហូវ៉ា​អាច​ប្រើ​មធ្យោបាយ​ផ្សេងៗ​ដើម្បី​ឲ្យ​អ្នក​ស្មោះ​ត្រង់​របស់​ទ្រង់​ទទួល‹អាហារ​ដែល​ពួក​គេ​ត្រូវ​ការ​នៅ​ថ្ងៃ›នោះ​ដែរ។—លូកា ១១:៣; ១២:២៩, ៣០

១៣ ដាវីឌ​បាន​មាន​បន្ទូល​ថា ព្រះ​យេហូវ៉ា​បំពេញ​ចិត្ត​របស់​«ជីវិត​ទាំង​ឡាយ»។ នេះ​រួម​បញ្ចូល​សត្វ​ផង​ដែរ។ បើ​ផែនដី​នេះ​មិន​មាន​រុក្ខជាតិ​និង​វារិជាត​បរិបូរ នោះ​សត្វ​ទឹក សត្វ​ស្លាប និង​សត្វ​គោក​នឹង​គ្មាន​ខ្យល់​អុកស៊ីសែន​សំរាប់​ដក​ដង្ហើម​ឬ​ក៏​គ្មាន​អាហារ​ទេ។ (ទំនុកដំកើង ១០៤:១៤) ក៏​ប៉ុន្តែ ព្រះ​យេហូវ៉ា​យក​ព្រះទ័យ​ទុក​ដាក់​បំពេញ​សេចក្ដី​ត្រូវ​ការ​ទាំង​អស់​របស់​សត្វ​ទាំង​ឡាយ។

១៤, ១៥​. សព្វ​ថ្ងៃ​នេះ តើ​អាហារ​ខាង​វិញ្ញាណ​កំពុង​តែ​ត្រូវ​ផ្គត់ផ្គង់​យ៉ាង​ដូច​ម្ដេច?

១៤ មនុស្ស​គឺ​ខុស​ពី​សត្វ ដ្បិត​មនុស្ស​មាន​សេចក្ដី​ត្រូវ​ការ​ខាង​វិញ្ញាណ។ (ម៉ាថាយ ៥:៣) ព្រះ​យេហូវ៉ា​បំពេញ​សេចក្ដី​ត្រូវ​ការ​ខាង​វិញ្ញាណ​របស់​អ្នក​ស្មោះ​ត្រង់​របស់​ទ្រង់​យ៉ាង​ល្អ​ប្រសើរ! មុន​ដែល​ព្រះ​យេស៊ូ​សោយទិវង្គត ទ្រង់​សន្យា​ថា​‹អ្នក​បំរើ​ស្មោះ​ត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ›​នឹង​ផ្គត់ផ្គង់​«អាហារ»​ខាង​វិញ្ញាណ​«តាម​ត្រូវ​ពេល»​សំរាប់​អ្នក​កាន់​តាម​ទ្រង់។ (ម៉ាថាយ ២៤:៤៥) ក្រុម​អ្នក​បំរើ​សព្វ​ថ្ងៃ​នេះ​គឺ​ជា​ជន​សំណល់​ចាក់​ប្រេង​តាំង​ពី​ចំណោម​១៤៤.០០០​នាក់។ តាម​រយៈ​ពួក​គាត់ ព្រះ​យេហូវ៉ា​ពិត​ជា​បាន​ផ្គត់ផ្គង់​អាហារ​ខាង​វិញ្ញាណ​យ៉ាង​បរិបូរ។

១៥ ជា​ឧទាហរណ៍ ឥឡូវ​នេះ​រាស្ត្រ​ភាគ​ច្រើន​របស់​ព្រះ​យេហូវ៉ា​កំពុង​តែ​ទទួល​ប្រយោជន៍​ពី​សេចក្ដី​បកប្រែ​ព្រះ​គម្ពីរ​មួយ​ដ៏​ទំនើប​និង​ត្រឹម​ត្រូវ​ជា​ភាសា​របស់​ខ្លួន។ សេចក្ដី​បកប្រែ​ពិភពលោក​ថ្មី​នៃ​បទ​គម្ពីរ​បរិសុទ្ធ​ពិត​ជា​ពរ​វិសេស​មួយ​មែន! ម្យ៉ាង​ទៀត សៀវភៅ​រាប់​លាន​ក្បាល​ដែល​ជា​ជំនួយ​សំរាប់​ការ​សិក្សា​ព្រះ​គម្ពីរ​កំពុង​តែ​ត្រូវ​បោះ​ពុម្ព​ជាង​៣០០​ភាសា។ អាហារ​ខាង​វិញ្ញាណ​ទាំង​អស់​នេះ​គឺ​ជា​ពរ​ដល់​អ្នក​ថ្វាយ​បង្គំ​ពិត​ទូទាំង​ផែនដី។ តើ​អ្នក​ណា​សម​ទទួល​ការ​សរសើរ​សំរាប់​អាហារ​នេះ? គឺ​ព្រះ​យេហូវ៉ា។ ដោយសារ​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​របស់​ទ្រង់​គឺ​ធំ​ទូលាយ នោះ​ទ្រង់​បាន​រៀប​ចំ​ឲ្យ​ក្រុម​អ្នក​បំរើ​អាច​ផ្គត់ផ្គង់‹អាហារ​តាម​ត្រូវ​ពេល›។ តាម​រយៈ​សំវិធានការ​ទាំង​នេះ «ចិត្ត​ប្រាថ្នា​នៃ​ជីវិត​ទាំង​ឡាយ»​ត្រូវ​បំពេញ​ក្នុង​សួន​មនោរម្យ​ខាង​វិញ្ញាណ​សព្វ​ថ្ងៃ។ ហើយ​អ្នក​បំរើ​ព្រះ​យេហូវ៉ា​រីករាយ​នឹង​សេចក្ដី​សង្ឃឹម​ដោយ​មើល​ឃើញ​ផែនដី​ក្លាយ​ទៅ​ជា​សួន​មនោរម្យ​ពិត​ប្រាកដ​មួយ!—លូកា ២៣:៤២, ៤៣

១៦, ១៧​. (ក) តើ​ឧទាហរណ៍​អ្វី​ខ្លះ​បង្ហាញ​ថា​អាហារ​ខាង​វិញ្ញាណ​មក​តាម​ត្រូវ​ពេល? (ខ) ស្តី​អំពី​រឿង​សំខាន់​បំផុត​ដែល​សាតាំង​បាន​ចោទ​នោះ តើ​ទំនុកដំកើង​១៤៥​បញ្ជាក់​អារម្មណ៍​របស់​អ្នក​ស្មោះ​ត្រង់​របស់​ព្រះ​យ៉ាង​ដូច​ម្ដេច?

១៦ សូម​ពិចារណា​ឧទាហរណ៍​ដ៏​អស្ចារ្យ​មួយ​អំពី​អាហារ​ខាង​វិញ្ញាណ​ដែល​ត្រូវ​ទទួល​តាម​ត្រូវ​ពេល។ នៅ​ឆ្នាំ​១៩៣៩ សង្គ្រាម​លោក​លើក​ទី២​ចាប់​ផ្ដើម​នា​ទ្វីប​អឺរ៉ុប។ នៅ​ឆ្នាំ​ដដែល​នោះ ទស្សនាវដ្ដី​ប៉មយាម ថ្ងៃទី១ ខែ​វិច្ឆិកា មាន​អត្ថបទ​មួយ​ដែល​មាន​ចំណង​ជើង​ថា​«ភាព​អព្យាក្រឹត»។ ដោយសារ​បាន​ទទួល​ពត៌មាន​ច្បាស់​លាស់​នោះ ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា​ទូទាំង​ពិភពលោក​បាន​យល់​ឃើញ​ភាព​ចាំបាច់​នៃ​ការ​រក្សា​ភាព​អព្យាក្រឹត​ដាច់ខាត​ចំពោះ​រឿង​របស់​ប្រទេស​ជាតិ​ដែល​កំពុង​តែ​ធ្វើ​សង្គ្រាម។ នេះ​បាន​នាំ​ឲ្យ​រដ្ឋាភិបាល​ទាំង​សង​ខាង​ខឹង​យ៉ាង​ខ្លាំង​ចំពោះ​ពួក​គេ​ក្នុង​កំឡុង​ប្រាំ​មួយ​ឆ្នាំ​ដែល​ធ្វើ​សង្គ្រាម​នោះ។ ក៏​ប៉ុន្តែ ទោះ​ជា​អ្នក​ស្មោះ​ត្រង់​របស់​ព្រះ​ត្រូវ​បាន​គេ​ដាក់​បំរាម​ឬ​បៀតបៀន​ក៏​ដោយ ក៏​ពួក​គេ​បាន​បន្ត​ផ្សព្វផ្សាយ​ដំណឹង​ល្អ​អំពី​ព្រះ​រាជាណាចក្រ​របស់​ទ្រង់។ ពី​ឆ្នាំ​១៩៣៩​ដល់​១៩៤៦ ព្រះ​បាន​ប្រទាន​ពរ​ឲ្យ​ពួក​គេ​មាន​ការ​រីក​ចំរើន​យ៉ាង​អស្ចារ្យ គឺ​១៥៧​ភាគ​រយ។ ម្យ៉ាង​ទៀត បទ​ពិសោធន៍​ដ៏​ល្អ​ប្រសើរ​ពី​ការ​រក្សា​ចិត្ត​ស្មោះ​ភក្ដី​ដែល​ពួក​គេ​បាន​បន្សល់​ទុក​នោះ​នៅ​តែ​ជួយ​មនុស្ស​សម្គាល់​សាសនា​ពិត។—អេសាយ ២:២​-​៤

១៧ អាហារ​ខាង​វិញ្ញាណ​ដែល​ព្រះ​យេហូវ៉ា​ផ្គត់ផ្គង់​មិន​គ្រាន់​តែ​មក​តាម​ត្រូវ​ពេល តែ​ក៏​បំពេញ​តម្រូវ​ការ​ផង​ដែរ។ ពេល​ដែល​សាសន៍​ទាំង​ប៉ុន្មាន​បាន​ជាប់​ច្បាំង​គ្នា​ពេញ​ទំហឹង​ក្នុង​កំឡុង​សង្គ្រាម​លោក​លើក​ទី២ នោះ​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ត្រូវ​បាន​ជួយ​ឲ្យ​ប្រមូល​អារម្មណ៍​ទៅ​លើ​អ្វី​ដ៏​សំខាន់​ជាង​សេចក្ដី​សង្គ្រោះ​របស់​ខ្លួន​ទៅ​ទៀត។ ព្រះ​យេហូវ៉ា​បាន​ជួយ​ពួក​គេ​ឲ្យ​យល់​ថា រឿង​សំខាន់​បំផុត​គឺ​អធិបតីភាព​ដ៏​ត្រឹម​ត្រូវ​របស់​ព្រះ​យេហូវ៉ា ដែល​ជា​រឿង​មួយ​ទាក់ទង​នឹង​បុគ្គល​គ្រប់​រូប​តែ​ម្ដង។ ពិត​ជា​អ្វី​ដែល​គួរ​ឲ្យ​ពេញ​ចិត្ត​ណាស់! ពេល​ដែល​ដឹង​ថា ដោយសារ​ភាព​ស្មោះ​ត្រង់​របស់​ពួក​គេ នោះ​ស្មរបន្ទាល់​ម្នាក់ៗ​របស់​ព្រះ​យេហូវ៉ា​បាន​រួម​ចំណែក​ក្នុង​ការ​បង្ហាញ​ភាព​ត្រឹម​ត្រូវ​នៃ​អធិបតីភាព​ព្រះ​យេហូវ៉ា និង​បង្ហាញ​ថា​អារក្ស​ជា​អ្នក​ភូតភរ។ (សុភាសិត ២៧:១១) សាតាំង​ចេះ​តែ​បង្កាច់​បង្ខូច​ព្រះ​យេហូវ៉ា​និង​របៀប​ទ្រង់​គ្រប់គ្រង តែ​អ្នក​ស្មោះ​ត្រង់​របស់​ព្រះ​យេហូវ៉ា​វិញ ពួក​គេ​បន្ត​ប្រកាស​ជា​ចំហ​ថា​៖ «ព្រះ​យេហូវ៉ា​ទ្រង់​សុចរិត​ក្នុង​គ្រប់​ទាំង​ផ្លូវ​ទ្រង់»។—ទំនុកដំកើង ១៤៥:១៧

១៨​. ថ្មីៗ​នេះ តើ​មាន​ឧទាហរណ៍​អ្វី​ដែល​បង្ហាញ​ពី​អាហារ​ខាង​វិញ្ញាណ​ដែល​មក​តាម​ត្រូវ​ពេល​និង​ដែល​បំពេញ​តម្រូវ​ការ​នោះ?

១៨ ឧទាហរណ៍​មួយ​ទៀត​អំពី​អាហារ​ខាង​វិញ្ញាណ​ដែល​បំពេញ​តម្រូវ​ការ​តាម​ត្រូវ​ពេល គឺ​ជា​សៀវភៅ​ចូរ​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា ដែល​បាន​ចេញ​ថ្មី​ទូទាំង​ពិភពលោក​នៅ​រាប់​រយ​មហា​សន្និបាត​ប្រធាន​ថា​«អ្នក​ប្រកាស​ដ៏​ខ្នះខ្នែង​អំពី​ព្រះ​រាជាណាចក្រ​របស់​ព្រះ»​នា​ឆ្នាំ​២០០២​-​២០០៣។ សៀវភៅ​នេះ​ដែល​ត្រូវ​បាន​រៀប​ចំ​ដោយ​‹អ្នក​បំរើ​ស្មោះ​ត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ› និង​បោះ​ពុម្ព​ដោយ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា បាន​បញ្ជាក់​អំពី​គុណសម្បត្ដិ​ប្រសើរ​ថ្លៃ​ថ្លា​របស់​ព្រះ​យេហូវ៉ា រួម​ទាំង​គុណសម្បត្ដិ​ដែល​រៀប​រាប់​នៅ​ទំនុកដំកើង​១៤៥។ សៀវភៅ​ល្អ​នេះ​ពិត​ជា​មាន​តួ​នាទី​សំខាន់​ក្នុង​ការ​ជួយ​អ្នក​ស្មោះ​ត្រង់​របស់​ព្រះ​ចូល​ទៅ​ជិត​ទ្រង់​ជាង​មុន។

ពេល​ដែល​ត្រូវ​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា​ជាង​មុន

១៩​. តើ​ពេល​វេលា​ដ៏​សំខាន់​បំផុត​អ្វី​ដែល​កំពុង​តែ​ឆ្ពោះ​មក​ជិត? នៅ​ថ្ងៃ​នោះ តើ​យើង​អាច​ស៊ូ​ទ្រាំ​យ៉ាង​ដូច​ម្ដេច?

១៩ ដំណាក់​កាល​សំខាន់​បំផុត​មួយ​ដែល​នឹង​ដោះ​ស្រាយ​រឿង​ចំណោទ​ទាក់ទង​នឹង​អធិបតីភាព​របស់​ព្រះ​យេហូវ៉ា​គឺ​កំពុង​តែ​ឆ្ពោះ​មក​កាន់​តែ​ជិត​ហើយ។ ដូច​អេសេគាល​ជំពូក​ទី៣​៨​ចែង​នោះ បន្ដិច​ទៀត​សាតាំង​នឹង​បញ្ចប់​តួ​នាទី​ជា​«កុក​នៃ​ស្រុក​ម៉ាកុក»។ នេះ​នឹង​រួម​បញ្ចូល​ការ​ពាធា​រាស្ត្រ​ព្រះ​យេហូវ៉ា​ទូទាំង​ពិភពលោក។ សាតាំង​នឹង​ព្យាយាម​អស់​ពី​សមត្ថភាព​ដើម្បី​បំផ្លាញ​ភក្ដីភាព​របស់​អ្នក​ស្មោះ​ត្រង់​របស់​ព្រះ។ អ្នក​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​នឹង​ត្រូវ​អំពាវនាវ​រក​ទ្រង់​អស់​ពី​ចិត្ត​ជាង​មុនៗ​ទៅ​ទៀត ប្រហែល​រហូត​ដល់​ស្រែក​អំពាវនាវ​ឲ្យ​ទ្រង់​ជួយ​ក៏​មាន។ ពេល​នោះ តើ​គឺ​អត់​ប្រយោជន៍​ដែល​ពួក​គេ​បាន​កោត​ខ្លាច​ដល់​ព្រះ​និង​ស្រឡាញ់​ទ្រង់​ឬ? អត់​ទេ! ដ្បិត​ទំនុកដំកើង​១៤៥​ចែង​ថា​៖ «ព្រះ​យេហូវ៉ា​ទ្រង់​គង់​នៅ​ជិត​នឹង​អស់​អ្នក​ដែល​អំពាវនាវ​ដល់​ទ្រង់ គឺ​អស់​អ្នក​ដែល​អំពាវនាវ​ដល់​ទ្រង់​ដោយ​ពិត​ត្រង់ ទ្រង់​នឹង​បំពេញ​បំណង​ចិត្ត​នៃ​អស់​អ្នក​ដែល​កោត​ខ្លាច​ដល់​ទ្រង់ ក៏​នឹង​ឮ​ពាក្យ​អំពាវនាវ​របស់​គេ ព្រម​ទាំង​ជួយ​សង្គ្រោះ​គេ​ផង ព្រះ​យេហូវ៉ា​ទ្រង់​រមែង​ការពារ​អស់​អ្នក​ដែល​ស្រឡាញ់​ទ្រង់ តែ​នឹង​បំផ្លាញ​ពួក​មនុស្ស​អាក្រក់​វិញ»។—ទំនុកដំកើង ១៤៥:១៨​-​២០

២០​. តើ​ទំនុកដំកើង ១៤៥:១៨​-​២០ នឹង​ស​ឲ្យ​ឃើញ​ថា​ពិត​នៅ​អនាគត​ឆាប់ៗ​ខាង​មុខ​យ៉ាង​ដូច​ម្ដេច?

២០ យើង​ពិត​ជា​នឹង​រំភើប​ចិត្ត​ណាស់! នៅ​ពេល​ព្រះ​យេហូវ៉ា​បំផ្លាញ​ចោល​មនុស្ស​ទុច្ចរិត ហើយ​យើង​ឃើញ​ដោយ​ផ្ទាល់​នឹង​ភ្នែក​ថា​ទ្រង់​គង់​នៅ​ជិត ហើយ​ឃើញ​តេជានុភាព​របស់​ទ្រង់​ពេល​ដែល​សង្គ្រោះ​យើង។ គឺ​ឃើញ​ច្បាស់​ហើយ នៅ​គ្រា​ដ៏​សំខាន់​ដែល​កៀក​ណាស់​ហើយ​នោះ ព្រះ​យេហូវ៉ា​នឹង​ស្ដាប់​តែ​«អស់​អ្នក​ដែល​អំពាវនាវ​ដល់​ទ្រង់​ដោយ​ពិត​ត្រង់»។ ទ្រង់​ប្រាកដ​ជា​នឹង​មិន​ស្ដាប់​អ្នក​ដែល​ធ្វើ​ពុត​ត្បុត​នោះ​ទេ។ ព្រះ​បន្ទូល​របស់​ព្រះ​បង្ហាញ​ច្បាស់​ថា គឺ​អត់​ប្រយោជន៍​ទេ​បើ​មនុស្ស​ទុច្ចរិត​ខំ​អំពាវនាវ​ហៅ​ព្រះ​នាម​ព្រះ​យេហូវ៉ា​នៅ​វិនាទី​ចុង​ក្រោយ​នោះ។—សុភាសិត ១:២៨, ២៩; មីកា ៣:៤; លូកា ១៣:២៤, ២៥

២១​. តើ​អ្នក​ស្មោះ​ត្រង់​របស់​ព្រះ​យេហូវ៉ា​បង្ហាញ​ថា​ពួក​គេ​រីករាយ​នឹង​ការ​ប្រើ​ព្រះ​នាម​ទ្រង់​យ៉ាង​ដូច​ម្ដេច?

២១ គ្រា​ឥឡូវ​នេះ​ជា​ពេល​ឲ្យ​អស់​អ្នក​ដែល​កោត​ខ្លាច​ព្រះ​យេហូវ៉ា​«អំពាវនាវ​ដល់​ទ្រង់​ដោយ​ពិត​ត្រង់»​ជាង​មុនៗ​ទៅ​ទៀត។ អ្នក​ស្មោះ​ត្រង់​របស់​ទ្រង់​រីករាយ​ក្នុង​ការ​ប្រើ​ព្រះ​នាម​ទ្រង់​ក្នុង​សេចក្ដី​អធិស្ឋាន​និង​ពេល​ដែល​ឆ្លើយ​សំនួរ​នៅ​កិច្ច​ប្រជុំ។ ពេល​ដែល​សន្ទនា ពួក​គេ​ប្រើ​ព្រះ​នាម​ទ្រង់។ ហើយ​ពួក​គេ​ប្រកាស​ដោយ​ចិត្ត​ក្លាហាន​ពី​ព្រះ​នាម​ព្រះ​យេហូវ៉ា​ក្នុង​កិច្ច​ផ្សព្វផ្សាយ។—រ៉ូម ១០:១០, ១៣​-​១៥

២២​. ហេតុ​អ្វី​បាន​ជា​យើង​ត្រូវ​តែ​បន្ត​បដិសេធ​ចិត្ត​គំនិត​និង​ក្ដី​ប៉ង​ប្រាថ្នា​របស់​លោកីយ៍?

២២ ដើម្បី​បន្ត​ទទួល​ប្រយោជន៍​ពី​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ដែល​យើង​មាន​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​នោះ ក៏​ជា​ការ​សំខាន់​ដែរ​ដែល​យើង​បន្ត​បដិសេធ​នូវ​អ្វី​ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​ភាព​ខាង​វិញ្ញាណ​របស់​យើង ដូច​ជា​វត្ថុ​និយម ការ​កំសាន្ត​មិន​ល្អ ការ​មិន​ចង់​អត់​ទោស​អ្នក​ឯ​ទៀត ឬ​ការ​មិន​អើពើ​ចំពោះ​អ្នក​ដែល​មាន​សេចក្ដី​ត្រូវ​ការ។ (យ៉ូហានទី១ ២:១៥​-​​១៧; ៣:១៥​-​១៧) បើ​យើង​មិន​កែ​ប្រែ​ទង្វើ​និង​លក្ខណៈ​ទាំង​នេះ នោះ​អាច​នាំ​ឲ្យ​យើង​ចាប់​ផ្ដើម​មាន​ទម្លាប់​ប្រព្រឹត្ត​អំពើ​បាប​និង​នៅ​ទីបំផុត​បាត់បង់​នូវ​ព្រះ​គុណ​របស់​ព្រះ​យេហូវ៉ា។ (យ៉ូហានទី១ ២:១, ២) យក​ល្អ​យើង​ចង​ចាំ​ថា ព្រះ​យេហូវ៉ា​នឹង​បន្ត​បង្ហាញ​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​ឬ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ចំពោះ​យើង លុះ​ត្រា​តែ​យើង​រក្សា​ចិត្ត​ស្មោះ​ភក្ដី​ចំពោះ​ទ្រង់។—សាមូអែលទី២[សាំយូអែលទី២] ២២:២៦, ខ​.​ស​. 

២៣​. តើ​អនាគត​រុងរឿង​អ្វី​ស្ថិត​នៅ​មុខ​អស់​អ្នក​ស្មោះ​ត្រង់​របស់​ព្រះ?

២៣ ដូច្នេះ ចូរ​យើង​បន្ត​ប្រមូល​អារម្មណ៍​ទៅ​លើ​អនាគត​រុងរឿង​ដែល​ព្រះ​យេហូវ៉ា​បាន​រៀប​ចំ​ទុក​សំរាប់​អស់​អ្នក​ស្មោះ​ត្រង់​របស់​ទ្រង់។ ដោយ​ធ្វើ​ដូច្នេះ យើង​មាន​សេចក្ដី​សង្ឃឹម​ចូល​រួម​ក្នុង​ចំណោម​អ្នក​ដែល​នឹង​លើក​តម្កើង សរសើរ និង​សូម​ឲ្យ​ព្រះ​យេហូវ៉ា​ប្រកប​ដោយ​ពរ​«រាល់ៗ​ថ្ងៃ»​និង​«អស់កល្ប​ជានិច្ច»។ (ទំនុកដំកើង ១៤៥:១, ២) ហេតុ​នេះ ចូរ​យើង‹រក្សា​ខ្លួន​ក្នុង​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ឲ្យ​បាន​ជីវិត​អស់កល្ប​ជានិច្ច›។ (យូដាស ២០, ២១) ពេល​យើង​បន្ត​ទទួល​ប្រយោជន៍​ពី​គុណសម្បត្ដិ​ប្រសើរ​ថ្លៃ​ថ្លា​របស់​ព្រះ​វរបិតា​យើង រួម​ទាំង​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​យ៉ាង​ធំ​ទូលាយ​ដែល​ទ្រង់​សម្ដែង​ចំពោះ​អស់​អ្នក​ដែល​ស្រឡាញ់​ទ្រង់ នោះ​ចូរ​ឲ្យ​យើង​មាន​អារម្មណ៍​ដូច​ដាវីឌ​ជានិច្ច​ដែល​បាន​បញ្ជាក់​ក្នុង​បន្ទូល​ចុង​បញ្ចប់​នៃ​ទំនុកដំកើង​១៤៥។ «មាត់​ទូល​បង្គំ​នឹង​ពោល​ពាក្យ​សរសើរ​ពី​ព្រះ​យេហូវ៉ា គួរ​ឲ្យ​មនុស្ស​ទាំង​ឡាយ បាន​សូម​ឲ្យ​ព្រះ​នាម​បរិសុទ្ធ​របស់​ទ្រង់​បាន​ពរ នៅ​អស់កល្ប​ជានិច្ច​ដែរ»។

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

តើ​ទំនុកដំកើង​១៤៥​ជួយ​សម្គាល់​អ្នក​ស្មោះ​ត្រង់​របស់​ព្រះ​យ៉ាង​ដូច​ម្ដេច?

តើ​ព្រះ​យេហូវ៉ា​«បំពេញ​ចិត្ត​ប្រាថ្នា​នៃ​ជីវិត​ទាំង​ឡាយ»​យ៉ាង​ដូច​ម្ដេច?

ហេតុ​អ្វី​យើង​ត្រូវ​តែ​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា​ជាង​មុន?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូបភាព​នៅ​ទំព័រ​២៤]

អ្នក​ស្មោះ​ត្រង់​របស់​ព្រះ​រីករាយ​និយាយ​អំពី​ឥទ្ធិឫទ្ធិ​របស់​ទ្រង់

[រូបភាព​នៅ​ទំព័រ​២៥]

អ្នក​បំរើ​របស់​ព្រះ​យេហូវ៉ា​បង្ហាញ​ចិត្ត​ក្លាហាន​ក្នុង​ការ​ជួយ​អ្នក​មិន​ជឿ ឲ្យ​រៀន​អំពី​ភាព​រុងរឿង​នៃ​ការ​សោយ​រាជ្យ​របស់​ទ្រង់

[រូបភាព​នៅ​ទំព័រ​២៦]

ព្រះ​យេហូវ៉ា​ប្រទាន​អាហារ​សំរាប់​«ជីវិត​ទាំង​ឡាយ»

[អ្នក​ផ្ដល់​សិទ្ធិ]

Animals: Parque de la Naturaleza de Cabárceno

[រូបភាព​នៅ​ទំព័រ​២៧]

ព្រះ​យេហូវ៉ា​ពង្រឹង​កម្លាំង​និង​ប្រទាន​ការ​ណែនាំ​ដល់​អ្នក​ស្មោះ​ត្រង់​របស់​ទ្រង់​ដែល​សុំ​ជំនួយ​តាម​រយៈ​ការ​អធិស្ឋាន