លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ស្ដ្រីគ្រីស្ទានស្មោះភក្ដីជាអ្នកថ្វាយបង្គំព្រះដែលមានតម្លៃវិសេស

ស្ដ្រីគ្រីស្ទានស្មោះភក្ដីជាអ្នកថ្វាយបង្គំព្រះដែលមានតម្លៃវិសេស

ស្ត្រី​គ្រីស្ទាន​ស្មោះ​ភក្ដី​ជា​អ្នក​ថ្វាយ​បង្គំ​ព្រះ​ដែល​មាន​តម្លៃ​វិសេស

​«រូប​ឆោម​ឆាយ​ជា​សេចក្ដី​បញ្ឆោត ហើយ​មុខ​ស្រស់​ល្អ​ក៏​ឥត​ប្រយោជន៍​ដែរ តែ​ស្ត្រី​ណា​ដែល​កោត​ខ្លាច​ដល់​ព្រះ​យេហូវ៉ា នោះ​នឹង​មាន​គេ​សរសើរ​វិញ»។—សុភាសិត ៣១:៣០

១​. តើ​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា​ចំពោះ​សោភ័ណភាព​គឺ​ខុស​គ្នា​ពី​ទស្សនៈ​របស់​លោកីយ៍​យ៉ាង​ដូច​ម្ដេច?

លោកីយ៍​នេះ​ឲ្យ​តម្លៃ​បំផុត​ទៅ​លើ​រូប​សម្បត្ដិ ជា​ពិសេស​រូប​សម្បត្ដិ​របស់​ស្ត្រី។ ក៏​ប៉ុន្តែ ចំពោះ​ព្រះ​យេហូវ៉ា ទ្រង់​ចាប់​អារម្មណ៍​បំផុត​លើ​សោភ័ណភាព​ដែល​មក​ពី​លក្ខណៈ​សម្បត្ដិ​នៅ​ក្នុង​ខ្លួន​វិញ ដែល​លក្ខណៈ​ទាំង​នេះ​អាច​កាន់​តែ​ប្រសើរ​ពេល​ដែល​មនុស្ស​ម្នាក់​ចាស់​ទៅៗ។ (សុភាសិត ១៦:៣១) ហេតុ​នេះ​ព្រះ​គម្ពីរ​ដាស់​តឿន​ស្ត្រី​ថា​៖​«[ចូរ]តែង​ខ្លួន​មិន​មែន​ដោយ​បែប​ខាង​ក្រៅ ដូច​ជា​ក្រង​សក់ ពាក់​មាស​ឬ​សំលៀកបំពាក់​ផ្សេងៗ​ឡើយ គឺ​តែង​ចំពោះ​មនុស្ស​លាក់​កំបាំង​ក្នុង​ចិត្ត​វិញ ដោយ​គ្រឿង​ដ៏​មិន​ចេះ​ពុក​រលួយ​របស់​វិញ្ញាណ​សំឡូត ហើយ​រ​ម្យទម នោះ​ឯង​ជា​សេចក្ដី​ដែល​មាន​ដំឡៃ​វិសេស​នៅ​ចំពោះ​ព្រះ»។—ពេត្រុសទី១ ៣:៣, ៤

២, ៣​. នៅ​សតវត្ស​ទី​មួយ តើ​ស្ត្រី​បាន​ជួយ​កិច្ចការ​ផ្សាយ​ដំណឹង​ល្អ​យ៉ាង​ដូច​ម្ដេច? ហើយ​តើ​មាន​ទំនាយ​អ្វី​ទាក់ទង​នឹង​រឿង​នេះ?

ស្ត្រី​ជា​ច្រើន​ដែល​រៀប​រាប់​ក្នុង​ព្រះ​គម្ពីរ​បាន​សម្ដែង​ចិត្ត​គំនិត​ដែល​គួរ​ឲ្យ​សរសើរ។ ក្នុង​ចំណោម​អ្នក​ទាំង​នេះ មាន​ស្ត្រី​ខ្លះ​នៅ​សតវត្ស​ទី​មួយ​ដែល​ធ្លាប់​មាន​ឯក​សិទ្ធិ​ជួយ​ព្រះ​យេស៊ូ​និង​ពួក​សាវ័ក​របស់​ទ្រង់។ (លូកា ៨:១​-​៣) ក្រោយ​មក ស្ត្រី​គ្រីស្ទាន​បាន​ទៅ​ជា​អ្នក​ផ្សាយ​យ៉ាង​ខ្នះខ្នែង។ ស្ត្រី​ឯ​ទៀត​បាន​គាំទ្រ​បុរស​គ្រីស្ទាន​ដែល​នាំ​មុខ ដូច​សាវ័ក​ប៉ុល​ជា​ដើម ហើយ​ស្ត្រី​ខ្លះ​ទៀត​បាន​បង្ហាញ​ភាព​រាក់ទាក់​ដែល​គួរ​ឲ្យ​កត់​សម្គាល់ រហូត​ដល់​សុខ​ចិត្ត​អនុញ្ញាត​ឲ្យ​ប្រើ​ផ្ទះ​របស់​ខ្លួន​ជា​កន្លែង​សំរាប់​ក្រុមជំនុំ​ប្រជុំ​ទៀត​ផង។

បទ​គម្ពីរ​មាន​ទំនាយ​ទុក​ជា​មុន​ថា ព្រះ​យេហូវ៉ា​នឹង​ប្រើ​ស្ត្រី​ឲ្យ​សម្រេច​ការ​យ៉ាង​ធំ​ទាក់ទង​នឹង​ការ​សម្រេច​នូវ​គោល​បំណង​របស់​ទ្រង់។ ជា​ឧទាហរណ៍ យ៉ូអែល ២:២៨, ២៩ បាន​ទាយ​ថា ទាំង​បុរស​ទាំង​ស្ត្រី ទាំង​ចាស់​ទាំង​ក្មេង​នឹង​ទទួល​វិញ្ញាណ​បរិសុទ្ធ​ហើយ​ចូល​រួម​ផ្សព្វផ្សាយ​ដំណឹង​ល្អ​អំពី​ព្រះ​រាជាណាចក្រ​ព្រះ។ ទំនាយ​នេះ​ចាប់​ផ្ដើម​សម្រេច​នៅ​បុណ្យ​ថ្ងៃ​ទី៥០ ឆ្នាំ​៣៣​ស.យ.។ (កិច្ចការ ២:១​-​៤, ១៦​-​១៨) ស្ត្រី​ខ្លះ​ដែល​ជា​អ្នក​ចាក់​ប្រេង​តាំង​បាន​ទទួល​អំណោយ​ទាន​នៃ​ព្រះ​វិញ្ញាណ​អាច​ធ្វើ​អព្ភូតហេតុ​មាន​ដូច​ជា​ការ​ទាយ​ជា​ដើម។ (កិច្ចការ ២១:៨, ៩) ដោយសារ​ពួក​គាត់​ខ្នះខ្នែង​ក្នុង​កិច្ច​បំរើ ស្ត្រី​ស្មោះ​ត្រង់​ទាំង​នេះ​ដែល​មាន​គ្នា​ច្រើន​ដូច​ទ័ព​មួយ​ខាង​វិញ្ញាណ បាន​ជួយ​ឲ្យ​សាសនា​ព្រះ​គ្រីស្ទ​ឮ​សុសសាយ​យ៉ាង​លឿន​នៅ​សតវត្ស​ទី​មួយ។ ការ​ពិត ប្រមាណ​ឆ្នាំ​៦០​ស.យ. សាវ័ក​ប៉ុល​សរសេរ​ថា ដំណឹង​ល្អ​បាន​«ផ្សាយ​ទៅ​ដល់​គ្រប់​ទាំង​មនុស្ស​ដែល​កើត​ក្រោម​មេឃ​ផង»។—កូល៉ុស ១:២៣

ត្រូវ​បាន​សរសើរ​ព្រោះ​ចិត្ត​ក្លាហាន ចេះ​ខ្នះខ្នែង និង​រាក់ទាក់

៤​. ហេតុ​អ្វី​បាន​ជា​សមរម្យ​ដែល​ប៉ុល​សរសើរ​ស្ត្រី​មួយ​ចំនួន​ក្នុង​ក្រុមជំនុំ​គ្រីស្ទាន​នៅ​សតវត្ស​ទី​មួយ?

សាវ័ក​ប៉ុល​ដឹង​គុណ​ស្ត្រី​មួយ​ចំនួន​ដោយសារ​កិច្ច​បំរើ​របស់​ពួក​គាត់។ ដូច​គ្នា​ដែរ បុរស​គ្រីស្ទាន​សព្វ​ថ្ងៃ​នេះ​ដែល​ជា​អ្នក​ត្រួត​ពិនិត្យ​ក៏​ឲ្យ​តម្លៃ​ទៅ​លើ​កិច្ច​បំរើ​របស់​ស្ត្រី​ដែល​ខ្នះខ្នែង​ដែរ។ ក្នុង​ចំណោម​ស្ត្រី​ដែល​ប៉ុល​បាន​លើក​ប្រាប់​ឈ្មោះ​នោះ មាន​«នាង​ទ្រីភេន នឹង​នាង​ទ្រីផូស​ដែល​ធ្វើ​ការ​ក្នុង​ព្រះ​អម្ចាស់» ហើយ​ក៏​មាន​«នាង​ពើស៊ីស​ជា​អ្នក​ស្ងួនភ្ងា ដែល​ធ្វើ​ការ​នឿយ​ហត់​ជា​ច្រើន​ក្នុង​ព្រះ​អម្ចាស់»។ (រ៉ូម ១៦:១២) ប៉ុល​បាន​សរសេរ​ថា​នាង​អ៊ើរ៉ូឌា និង​នាង​ស៊ុនទីច​បាន​«តតាំង​ជា​១​នឹង​[គាត់]ក្នុង​ដំណឹង​ល្អ​ផង»។ (ភីលីព ៤:២, ៣) ព្រីស៊ីល​ជា​មួយ​នឹង​ស្វាមី​របស់​គាត់​ឈ្មោះ​អ័គីឡា​ក៏​បាន​បំរើ​ជា​មួយ​នឹង​ប៉ុល​ដែរ។ ព្រីស៊ីល​និង​អ័គីឡា​បាន​រហូត​ដល់​«ប្រថុយ​ជីវិត»​ដើម្បី​ប៉ុល ហើយ​នេះ​បាន​ជំរុញ​ឲ្យ​ប៉ុល​សរសេរ​ថា​៖​«មិន​មែន​តែ​ខ្ញុំ​ដែល​អរគុណ​ដល់​គេ​ប៉ុណ្ណោះ គឺ​ទាំង​ពួក​ជំនុំ​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន​ថែម​ទៀត»។—រ៉ូម ១៦:៣, ៤; កិច្ចការ ១៨:២

៥, ៦​. តើ​ព្រីស៊ីល​បាន​ធ្វើ​ជា​គំរូ​ល្អ​សំរាប់​បង​ស្រី​ទាំង​ឡាយ​សព្វ​ថ្ងៃ​នេះ​យ៉ាង​ដូច​ម្ដេច?

ហេតុ​អ្វី​ព្រីស៊ីល​មាន​ចិត្ត​ក្លាហាន​និង​ខ្នះខ្នែង​ដូច្នេះ? កំណត់​ហេតុ​នៅ​កិច្ចការ ១៨:២៤​-​២៦​បង្ហើប​ឲ្យ​ដឹង​ខ្លះៗ ដ្បិត​ក្នុង​ខ​នោះ​ថា​ព្រីស៊ីល​បាន​គាំទ្រ​អ័គីឡា​ជា​ស្វាមី ពេល​គាត់​ជួយ​អ័ប៉ុឡូស​ដែល​ជា​អ្នក​អត្ថាធិប្បាយ​ដែល​មាន​វោហារ​យ៉ាង​ប៉ិនប្រសប់ ឲ្យ​មាន​ចំណេះ​ដឹង​ទាន់​ការ​យល់​ដឹង​អំពី​សេចក្ដី​ពិត​ដែល​ត្រូវ​បាន​បើក​សម្ដែង​នៅ​ពេល​នោះ។ ដូច្នេះ តាម​មើល​ទៅ​ព្រីស៊ីល​ចេះ​ព្យាយាម​ក្នុង​ការ​សិក្សា​ព្រះ​បន្ទូល​របស់​ព្រះ​និង​សេចក្ដី​បង្រៀន​របស់​ពួក​សាវ័ក។ ជា​លទ្ធផល ព្រីស៊ីល​បាន​បណ្ដុះ​ឲ្យ​មាន​គុណសម្បត្ដិ​ប្រសើរ​ថ្លៃ​ថ្លា​ដែល​ធ្វើ​ឲ្យ​ខ្លួន​គាត់​មាន​តម្លៃ​វិសេស​នៅ​ចំពោះ​ព្រះ​និង​ស្វាមី​របស់​គាត់ ថែម​ទាំង​ជា​សមាជិក​ដែល​មាន​តម្លៃ​ខ្ពស់​ក្នុង​ក្រុមជំនុំ​សម័យ​ដើម។ បង​ស្រី​គ្រីស្ទាន​ទាំង​ឡាយ​សព្វ​ថ្ងៃ​នេះ​ដែល​ចេះ​ព្យាយាម​ក្នុង​ការ​សិក្សា​ព្រះ​គម្ពីរ​និង​ទទួល​យក​អាហារ​ខាង​វិញ្ញាណ​ដែល​ព្រះ​យេហូវ៉ា​ផ្គត់ផ្គង់​តាម​រយៈ​«នាយ​ដំរួត​ការ​ដែល​ស្មោះ​ត្រង់»​ក៏​មាន​តម្លៃ​វិសេស​ដូច​ព្រីស៊ីល​ដែរ។—លូកា ១២:៤២

អ័គីឡា​និង​ព្រីស៊ីល​បាន​បង្ហាញ​ភាព​រាក់ទាក់​យ៉ាង​អស្ចារ្យ​គួរ​ឲ្យ​កត់​សម្គាល់។ ប៉ុល​បាន​ស្នាក់​នៅ​ផ្ទះ​របស់​ពួក​គាត់​ពេល​ដែល​រួម​ធ្វើ​ការ​ជាជាង​ត្រសាល​នៅ​ទី​ក្រុង​កូរិនថូស។ (កិច្ចការ ១៨:១​-​៣) នៅ​ពេល​អ័គីឡា​និង​ព្រីស៊ីល​ផ្លាស់​លំនៅ​ទៅ​ទី​ក្រុង​អេភេសូរ និង​បន្ទាប់​មក​ទៅ​ទី​ក្រុង​រ៉ូម​នោះ ពួក​គាត់​បន្ត​បង្ហាញ​ភាព​រាក់ទាក់​តាម​គោលការណ៍​គ្រីស្ទាន រហូត​ដល់​ឲ្យ​ប្រើ​ផ្ទះ​របស់​ខ្លួន​ជា​កន្លែង​សំរាប់​ប្រជុំ​ក្រុមជំនុំ​ទៀត​ផង។ (កិច្ចការ ១៨:១៨, ១៩; កូរិនថូសទី១ ១៦:៨, ១៩) នីមផាស​និង​ម៉ារា​ដែល​ជា​ម្ដាយ​របស់​យ៉ូហាន​-​ម៉ាកុស​ក៏​បាន​ឲ្យ​ប្រើ​ផ្ទះ​របស់​ពួក​គាត់​ជា​កន្លែង​ប្រជុំ​ក្រុមជំនុំ​ដែរ។—កិច្ចការ ១២:១២; កូល៉ុស ៤:១៥

មាន​តម្លៃ​វិសេស​សព្វ​ថ្ងៃ​នេះ

៧, ៨​. សព្វ​ថ្ងៃ​នេះ តើ​ស្ត្រី​គ្រីស្ទាន​ជា​ច្រើន​នាក់​បាន​ចូល​រួម​កិច្ច​បំរើ​ដ៏​ពិសិដ្ឋ​អ្វី​ខ្លះ​ដែល​គួរ​ឲ្យ​សរសើរ? ហើយ​តើ​ពួក​គាត់​អាច​មាន​ទំនុក​ចិត្ត​យ៉ាង​ដូច​ម្ដេច?

សព្វ​ថ្ងៃ​នេះ ស្ត្រី​គ្រីស្ទាន​ដែល​ស្មោះ​ភក្ដី​ក៏​ដូច​ជា​ស្ត្រី​នៅ​សតវត្ស​ទី​មួយ​ដែរ ដ្បិត​ពួក​គាត់​មាន​តួ​នាទី​សំខាន់​ក្នុង​ការ​សម្រេច​នូវ​គោល​បំណង​របស់​ព្រះ ជា​ពិសេស​ក្នុង​ការ​ផ្សាយ​ដំណឹង​ល្អ។ បង​ស្រី​ទាំង​នេះ​ពិត​ជា​បាន​សម្រេច​ការ​យ៉ាង​អស្ចារ្យ​មែន! សូម​ពិចារណា​គំរូ​របស់​ក្វេន ដែល​បាន​បំរើ​ព្រះ​យេហូវ៉ា​យ៉ាង​ស្មោះ​ភក្ដី​ជាង​៥០​ឆ្នាំ រហូត​ដល់​ទទួល​មរណភាព​នៅ​ឆ្នាំ​២០០២។ ស្វាមី​របស់​គាត់​ប្រាប់​ថា​៖​«ចិត្ត​ខ្នះខ្នែង​របស់​ក្វេន​ក្នុង​កិច្ច​ផ្សាយ​ត្រូវ​គេ​ស្គាល់​ទូទៅ​នៅ​ទី​ក្រុង​របស់​យើង។ ចំពោះ​គាត់ មនុស្ស​គ្រប់​រូប​មាន​លទ្ធភាព​ទទួល​នូវ​សេចក្ដី​ស្រឡាញ់​ពី​ព្រះ​យេហូវ៉ា​និង​ទទួល​ផល​ប្រយោជន៍ ពេល​ទ្រង់​សម្រេច​សេចក្ដី​សន្យា​ទាំង​ប៉ុន្មាន​របស់​ទ្រង់។ ភាព​ស្មោះ​ត្រង់​របស់​គាត់​ចំពោះ​ព្រះ អង្គការ​របស់​ទ្រង់ និង​ក្រុម​គ្រួសារ​របស់​យើង ព្រម​ទាំង​ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់​លើក​ទឹក​ចិត្ត​យើង​ពេល​ដែល​ធ្លាក់​ទឹក​ចិត្ត​នោះ បាន​ជួយ​ទ្រទ្រង់​ខ្ញុំ​និង​កូន​របស់​យើង​យ៉ាង​ច្រើន​ក្នុង​រយៈ​ពេល​រួម​រស់​ជា​មួយ​គ្នា​ដោយ​ក្ដី​ពេញ​ចិត្ត​និង​សុភមង្គល។ យើង​នឹក​គាត់​ខ្លាំង​ណាស់»។ ក្វេន​និង​ស្វាមី​របស់​គាត់​បាន​រួម​រស់​ជា​ប្ដី​ប្រពន្ធ​អស់​៦១​ឆ្នាំ​ហើយ។

ស្ត្រី​គ្រីស្ទាន​រាប់​ម៉ឺន​នាក់ ទាំង​អ្នក​ដែល​នៅ​លីវ​ទាំង​អ្នក​ដែល​មាន​គ្រួសារ ក៏​បំរើ​ជា​អ្នក​ត្រួសត្រាយ​ពេញ​ពេល​និង​សាសនទូត ដោយ​ចេះ​ស្កប់​ចិត្ត​និង​អ្វី​ដែល​ចាំបាច់​ដែល​ខ្លួន​មាន ពេល​ផ្សាយ​សារ​ព្រះ​រាជាណាចក្រ​របស់​ព្រះ​នៅ​តំបន់​ផ្សេងៗ​តាំង​ពី​ទី​ក្រុង​ដែល​មាន​សភាព​អ៊ូអរ​រហូត​ដល់​តំបន់​ដាច់​ស្រយាល​ក៏​មាន។ (កិច្ចការ ១:៨) ស្ត្រី​ជា​ច្រើន​នាក់​សុខ​ចិត្ត​លះបង់​លទ្ធភាព​ដែល​អាច​មាន​ផ្ទះ​ផ្ទាល់​ខ្លួន​ឬ​មាន​កូន ដើម្បី​ខ្លួន​អាច​បំរើ​ព្រះ​យេហូវ៉ា​ច្រើន​ជាង។ មាន​ស្ត្រី​គាំទ្រ​ស្វាមី​ដែល​ជា​អ្នក​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ រីឯ​បង​ស្រីៗ​រាប់​ពាន់​នាក់​ឯ​ទៀត​បំរើ​នៅ​ឯ​ផ្ទះ​បេតអែល​ទូទាំង​ពិភពលោក។ គ្មាន​ការ​សង្ស័យ​អ្វី​ឡើយ ស្ត្រី​ទាំង​នេះ​ដែល​បាន​ធ្វើ​ពលិកម្ម​ស្ថិត​ក្នុង​ចំណោម​ពួក​អ្នក​ដែល​ជា​«ទីគាប់​ចិត្ត​របស់​អស់​ទាំង​សាសន៍»​ដែល​បំពេញ​វិហារ​របស់​ព្រះ​យេហូវ៉ា​ដោយ​សិរី​ល្អ។—ហាកាយ ២:៧

៩, ១០​. តើ​សមាជិក​ក្រុម​គ្រួសារ​ខ្លះ​បាន​បញ្ជាក់​ដូច​ម្ដេច​ថា ខ្លួន​ជា​មនុស្ស​កតញ្ញូ​ដោយសារ​គំរូ​ល្អ​ប្រសើរ​របស់​ភរិយា​និង​មាតា​គ្រីស្ទាន?

មាន​ស្ត្រី​គ្រីស្ទាន​ជា​ច្រើន​ឯ​ទៀត​ដែល​ត្រូវ​ចិញ្ចឹម​បី​បាច់​ថែរក្សា​ក្រុម​គ្រួសារ ប៉ុន្តែ​នៅ​តែ​រក្សា​អ្វីៗ​ខាង​ព្រះ​រាជាណាចក្រ​ជា​អាទិ​ភាព។ (ម៉ាថាយ ៦:៣៣) បង​ស្រី​ម្នាក់​ដែល​នៅ​លីវ​និង​ជា​អ្នក​ត្រួសត្រាយ​ពេញ​ពេល​បាន​សរសេរ​ថា​៖ «ដោយសារ​ម្ដាយ​ខ្ញុំ​មាន​ជំនឿ​មុត​មាំ​ជានិច្ច​និង​ជា​គំរូ​ដ៏​ល្អ​ប្រសើរ នោះ​បាន​ជំរុញ​ខ្ញុំ​ខ្លាំង​បំផុត​ឲ្យ​ទៅ​ជា​អ្នក​ត្រួសត្រាយ​ពេញ​ពេល។ ការ​ពិត គាត់​ជា​ដៃ​គូ​ផ្សាយ​ពេញ​ពេល​ល្អ​បំផុត​របស់​ខ្ញុំ»។ ស្វាមី​ម្នាក់​និយាយ​អំពី​ភរិយា​របស់​គាត់ ដែល​ក៏​ជា​ម្ដាយ​មាន​កូន​ស្រី​ប្រាំ​នាក់​ដែល​ធំ​អស់​ហើយ​ថា​៖​«ផ្ទះ​របស់​យើង​តែង​ស្អាត​មាន​របៀប​រៀប​រយ​ជានិច្ច។ បន្នី​បាន​រៀប​ផ្ទះ​យើង​ឲ្យ​សាមញ្ញ​គ្មាន​របស់​របរ​ច្រើន​ពេក​ដើម្បី​ក្រុម​គ្រួសារ​អាច​ប្រមូល​អារម្មណ៍​ទៅ​លើ​អ្វី​ខាង​វិញ្ញាណ។ ដោយសារ​គាត់​ចេះ​ប្រយ័ត្ន​ក្នុង​ការ​ចាយ​វាយ​នោះ ខ្ញុំ​មិន​ចាំបាច់​ធ្វើ​ការ​ពេញ​ពេល​អស់​៣២​ឆ្នាំ ហើយ​ក៏​មាន​លទ្ធភាព​ចំណាយ​ពេល​ច្រើន​ជាង​ជា​មួយ​នឹង​គ្រួសារ​របស់​យើង​និង​ក្នុង​រឿង​ខាង​វិញ្ញាណ។ ប្រពន្ធ​ខ្ញុំ​ក៏​បាន​បង្រៀន​កូន​ឲ្យ​ចេះ​ស្រឡាញ់​ពល​កម្ម។ គាត់​ពិត​ជា​គួរ​ឲ្យ​សរសើរ​ណាស់»។ បច្ចុប្បន្ន​នេះ ប្ដី​ប្រពន្ធ​គាត់​កំពុង​តែ​បំរើ​នៅ​មន្ទីរ​ចាត់ការ​របស់​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា។

១០ ស្វាមី​ម្នាក់​សរសេរ​អំពី​ភរិយា​របស់​គាត់ ដែល​ជា​ម្ដាយ​មាន​កូន​ធំ​អស់​ហើយ​ថា​៖​«លក្ខណៈ​របស់​ស៊ូសាន​ដែល​ខ្ញុំ​ពេញ​ចិត្ត​ជាង​គេ​គឺ​គាត់​ស្រឡាញ់​ព្រះ​និង​មនុស្ស​ខ្លាំង​ណាស់ ព្រម​ទាំង​គាត់​ចេះ​យោគ​យល់ ចេះ​យល់​អារម្មណ៍​អ្នក​ដទៃ និង​ក៏​ជា​មនុស្ស​ទៀងត្រង់​ដែរ។ គាត់​តែង​មាន​ទស្សនៈ​ថា ព្រះ​យេហូវ៉ា​គួរ​នឹង​ទទួល​នូវ​អ្វី​ដែល​យើង​ធ្វើ​អស់​ពី​សមត្ថភាព។ នេះ​ជា​គោលការណ៍​មួយ​ដែល​គាត់​អនុវត្ត​តាម​ដោយ​ខ្លួន​ឯង​ក្នុង​នាម​ជា​អ្នក​បំរើ​ព្រះ​និង​ជា​ម្ដាយ​ម្នាក់»។ ដោយ​មាន​ការ​គាំទ្រ​ពី​ប្រពន្ធ ស្វាមី​នេះ​មាន​លទ្ធភាព​ទទួល​ឯក​សិទ្ធិ​មួយ​ចំនួន​ក្នុង​ក្រុមជំនុំ​គ្រីស្ទាន ដូច​បំរើ​ជា​អ្នក​ចាស់​ទុំ អ្នក​ត្រួសត្រាយ អ្នក​ត្រួត​ពិនិត្យ​ជំនួស​តាម​មណ្ឌល និង​សមាជិក​គណៈ​កម្មាធិការ​ខាង​សម្ព័ន្ធការ​ពេទ្យ។ ស្ត្រី​ទាំង​នេះ​មាន​តម្លៃ​វិសេស​ក្រៃលែង​ចំពោះ​ស្វាមី​របស់​ខ្លួន ចំពោះ​គ្រីស្ទាន​គ្នីគ្នា ហើយ​សំខាន់​បំផុត ចំពោះ​ព្រះ​យេហូវ៉ា!—សុភាសិត ៣១:២៨, ៣០

ពួក​ស្ត្រី​ដែល​មាន​តម្លៃ​វិសេស​និង​មិន​មាន​ប្ដី

១១​. (ក) ស្តី​អំពី​ស្ត្រី​គ្រីស្ទាន​ដែល​ស្មោះ​ភក្ដី​ជា​ពិសេស​ស្រី​មេម៉ាយ តើ​ព្រះ​យេហូវ៉ា​បាន​បង្ហាញ​ការ​យក​ព្រះទ័យ​ទុក​ដាក់​យ៉ាង​ដូច​ម្ដេច? (ខ) ស្ត្រី​គ្រីស្ទាន​ដែល​ជា​មេម៉ាយ និង​បង​ស្រី​ឯ​ទៀត​ដែល​ស្មោះ​ភក្ដី​តែ​មិន​មាន​ប្ដី តើ​ពួក​គាត់​អាច​ច្បាស់​ក្នុង​ចិត្ត​អំពី​អ្វី?

១១ ព្រះ​យេហូវ៉ា​ធ្លាប់​បញ្ជាក់​ពី​ការ​យក​ព្រះទ័យ​ទុក​ដាក់​ចំពោះ​សុខុមាលភាព​ស្រី​មេម៉ាយ។ (ចោទិយកថា ២៧:១៩; ទំនុកដំកើង ៦៨:៥; អេសាយ ១០:១, ២) ទ្រង់​មិន​បាន​ប្រែប្រួល​ទេ។ ទ្រង់​នៅ​តែ​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​មិន​គ្រាន់​តែ​ទៅ​លើ​ស្រី​មេម៉ាយ តែ​ស្ត្រី​ដែល​ជា​មាតា​តែ​គ្មាន​គូ​ព្រម​ទាំង​ស្ត្រី​ដែល​នៅ​លីវ​ដោយសារ​សម្រេច​ចិត្ត​នៅ​លីវ​ឬ​ដោយសារ​មិន​ទាន់​រក​ឃើញ​បុរស​គ្រីស្ទាន​ម្នាក់​ដែល​សម។ (ម៉ាឡាគី ៣:៦; យ៉ាកុប ១:២៧) បើ​អ្នក​ជា​ស្ត្រី​ដែល​បំរើ​ព្រះ​យេហូវ៉ា​យ៉ាង​ស្មោះ​ភក្ដី​ដោយ​គ្មាន​ការ​គាំទ្រ​ពី​គូ​គ្រីស្ទាន​ម្នាក់ អ្នក​អាច​ជឿជាក់​ក្នុង​ចិត្ត​ថា អ្នក​មាន​តម្លៃ​វិសេស​ចំពោះ​ព្រះ​ពិត​មែន។

១២​. (ក) តើ​បង​ស្រី​គ្រីស្ទាន​ខ្លះ​បង្ហាញ​ភាព​ស្មោះ​ត្រង់​នឹង​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច? (ខ) បង​ស្រី​ខ្លះ​របស់​យើង​ត្រូវ​តស៊ូ​នឹង​អារម្មណ៍​បែប​ណា?

១២ ជា​ឧទាហរណ៍ សូម​ពិចារណា​បង​ស្រីៗ​គ្រីស្ទាន​ដែល​មិន​ទាន់​រៀប​ការ​ដោយសារ​ពួក​គាត់​ធ្វើ​តាម​យ៉ាង​ស្មោះ​ត្រង់​នូវ​ដំបូន្មាន​ដែល​ថា ត្រូវ​រៀប​ការ‹តែ​ក្នុង​ព្រះ​អម្ចាស់›។ (កូរិនថូសទី១ ៧:៣៩; សុភាសិត ៣:១) ព្រះ​បន្ទូល​របស់​ព្រះ​សន្យា​ប្រាប់​ពួក​គាត់​ថា​៖​«[ព្រះ​យេហូវ៉ា]សំដែង​ព្រះ​ហឫទ័យ​ស្មោះ​ត្រង់​ចំពោះ​អ្នក​ដែល​មាន​ចិត្ត​ស្មោះ​ត្រង់»។ (២​សាមូអែល [សាំយូអែលទី២] ២២:២៦ ខ.ស.) ប៉ុន្តែ សំរាប់​ពួក​គាត់​ជា​ច្រើន​នាក់ ការ​នៅ​លីវ​គឺ​ពិបាក​ណាស់។ បង​ស្រី​ម្នាក់​ប្រាប់​ថា​៖​«ខ្ញុំ​បាន​តាំង​ចិត្ត​រៀប​ការ​តែ​ក្នុង​ព្រះ​អម្ចាស់ ប៉ុន្តែ ខ្ញុំ​បាន​ហូរ​ទឹក​ភ្នែក​ជា​ច្រើន​ដង​ពេល​ឃើញ​មិត្តភក្ដិ​រៀប​ការ​បុរស​គ្រីស្ទាន​ដ៏​ល្អ តែ​ខ្ញុំ​នៅ​តែ​ម្នាក់​ឯង​ដដែល»។ បង​ស្រី​ម្នាក់​ទៀត​កត់​សម្គាល់​ថា​៖​«ខ្ញុំ​បាន​បំរើ​ព្រះ​យេហូវ៉ា​អស់​២៥​ឆ្នាំ​ហើយ។ ខ្ញុំ​បាន​តាំង​ចិត្ត​នៅ​ស្មោះ​ត្រង់​នឹង​ទ្រង់ ប៉ុន្តែ ជា​ញយៗ​អារម្មណ៍​ឯកោ​ធ្វើ​ឲ្យ​ខ្ញុំ​ពិបាក​ចិត្ត»។ គាត់​ពោល​បន្ថែម​ថា​៖​«បង​ស្រីៗ​ដែល​មាន​អារម្មណ៍​ដូច​ខ្ញុំ​ចង់​បាន​ការ​លើក​ទឹក​ចិត្ត​ណាស់»។ តើ​យើង​អាច​ជួយ​អ្នក​ស្មោះ​ត្រង់​ទាំង​នេះ​យ៉ាង​ដូច​ម្ដេច?

១៣​. (ក) តើ​យើង​រៀន​អ្វី​ពី​គំរូ​របស់​អ្នក​ដែល​ទៅ​ជួប​កូន​ស្រី​របស់​យែបថា? (ខ) តើ​យើង​អាច​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ដូច​ម្ដេច​ទៀត​ចំពោះ​បង​ស្រីៗ​ដែល​នៅ​លីវ​ក្នុង​ក្រុមជំនុំ​របស់​យើង?

១៣ គំរូ​ពី​សម័យ​បុរាណ​បង្ហាញ​វិធី​មួយ។ នៅ​ពេល​កូន​ស្រី​របស់​យែបថា​លះបង់​ឱកាស​រៀប​ការ​នោះ ប្រជាជន​បាន​ទទួល​ស្គាល់​ថា​នាង​ធ្វើ​ពលិកម្ម។ ដើម្បី​លើក​ទឹក​ចិត្ត​គាត់ តើ​ប្រជាជន​បាន​ធ្វើ​អ្វី? «រាល់​តែ​ឆ្នាំ​ពួក​កូន​ស្រី​របស់​អ៊ីស្រាអែល គេ​តែង​ទៅ​យំ​រំឭក​ពី[ឬ​«សរសើរ»​, ព.ថ.]កូន​ស្រី​របស់​យែបថា ជា​ពួក​កាឡាត​នោះ គ្រប់​៤​ថ្ងៃ​ក្នុង​១​ឆ្នាំ»។ (ពួកចៅហ្វាយ ១១:៣០​-​៤០) ស្រដៀង​គ្នា​ដែរ យើង​គួរ​សរសើរ​ស្មោះ​ពី​ចិត្ត​នូវ​បង​ស្រីៗ​ដែល​នៅ​លីវ​និង​កំពុង​តែ​ស្ដាប់​បង្គាប់​ព្រះ​យ៉ាង​ស្មោះ​ត្រង់។ តើ​យើង​អាច​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់​តាម​វិធី​ណា​ទៀត? ពេល​យើង​អធិស្ឋាន យើង​គួរ​សុំ​ព្រះ​យេហូវ៉ា​គាំទ្រ​បង​ស្រីៗ​ស្មោះ​ភក្ដី​ដែល​គួរ​ឲ្យ​ស្រឡាញ់​ទាំង​នេះ ឲ្យ​បន្ត​បំរើ​ទ្រង់​យ៉ាង​ស្មោះ​ត្រង់។ ពួក​គាត់​សម​ទទួល​ការ​លើក​ទឹក​ចិត្ត​ដើម្បី​ឲ្យ​ដឹង​ជាក់​ថា ព្រះ​យេហូវ៉ា​និង​ក្រុមជំនុំ​គ្រីស្ទាន​ទាំង​មូល​ស្រឡាញ់​ពួក​គាត់​យ៉ាង​កក់ក្ដៅ និង​រាប់​ជា​អ្នក​មាន​តម្លៃ​ខ្ពស់។—ទំនុកដំកើង ៣៧:២៨

របៀប​មាតា​ដែល​គ្មាន​គូ​ទទួល​បាន​ជោគជ័យ

១៤, ១៥​. (ក) ហេតុ​អ្វី​ជន​គ្រីស្ទាន​ដែល​ជា​មាតា​ដែល​គ្មាន​គូ​គួរ​សុំ​ជំនួយ​ពី​ព្រះ​យេហូវ៉ា? (ខ) តើ​មាតា​ដែល​គ្មាន​គូ​អាច​ប្រព្រឹត្ត​សម​ស្រប​តាម​សេចក្ដី​អធិស្ឋាន​របស់​ខ្លួន​យ៉ាង​ដូច​ម្ដេច?

១៤ ស្ត្រី​គ្រីស្ទាន​ដែល​ជា​មាតា​គ្មាន​គូ​ក៏​មាន​ការ​ពិបាក​ច្រើន​ដែរ។ ក៏​ប៉ុន្តែ ពួក​គាត់​អាច​ពឹងពាក់​ព្រះ​យេហូវ៉ា​ឲ្យ​ជួយ​ចិញ្ចឹម​អប់រំ​កូន​សម​ស្រប​ទៅ​តាម​គោលការណ៍​ព្រះ​គម្ពីរ។ ពិត​ណាស់​ថា​បើ​អ្នក​ជា​មាតា​ដែល​គ្មាន​គូ អ្នក​មិន​អាច​បំពេញ​ភារកិច្ច​ជា​មាតា​និង​បិតា​បាន​យ៉ាង​ល្អ​គ្រប់​ល័ក្ខណ៍​នោះ​ទេ។ យ៉ាង​ណា​ក៏​ដោយ ព្រះ​យេហូវ៉ា​នឹង​ជួយ​អ្នក​បំពេញ​ភារកិច្ច​យ៉ាង​ច្រើន​របស់​អ្នក បើ​អ្នក​អំពាវនាវ​រក​ទ្រង់​ដោយ​ជំនឿ។ ឧបមា​ថា​អ្នក​ទិញ​អង្ករ​មួយ​បាវ​នៅ​ផ្សារ​ហើយ​ចង់​យក​ទៅ​ផ្ទះ​វិញ។ តើ​អ្នក​នឹង​ខំ​ត្រដរ​អូស​បាវ​អង្ករ​ទៅ​ផ្ទះ​ឬ បើ​មាន​ស៊ីក្លូ​នៅ​ជិតៗ​អាច​ជិះ​បាន​នោះ? អ្នក​ប្រាកដ​ជា​មិន​ធ្វើ​ដូច្នេះ​ទេ! ស្រដៀង​គ្នា​ដែរ កុំ​ខំ​ត្រដរ​ទ្រាំ​នូវ​បន្ទុក​ធ្ងន់​ខាង​ផ្លូវ​ចិត្ត​តែ​ម្នាក់​ឯង​ឡើយ ព្រោះ​អ្នក​អាច​សុំ​ជំនួយ​ពី​ព្រះ​យេហូវ៉ា​បាន។ ការ​ពិត ទ្រង់​អញ្ជើញ​ឲ្យ​អ្នក​អំពាវនាវ​រក​ទ្រង់។ ទំនុកដំកើង ៦៨:១៩ ចែង​ថា​៖​«សូម​ឲ្យ​ព្រះ​អម្ចាស់​បាន​ប្រកប​ដោយ​ព្រះ​ពរ ដែល​ទ្រង់​ទទួល​យក​បន្ទុក​យើង​ខ្ញុំ​រាល់ៗ​ថ្ងៃ»។ ដូច​គ្នា​ដែរ​ពេត្រុសទី១ ៥:៧ អញ្ជើញ​យើង​ឲ្យ​ផ្ទេរ​គ្រប់​ទាំង​សេចក្ដី​ទុក្ខ​ព្រួយ​ទៅ​លើ​ព្រះ​យេហូវ៉ា​«ដ្បិត​ទ្រង់​តែង​យក​ព្រះទ័យ​ទុក​ដាក់​នឹង​អ្នក​រាល់​គ្នា»។ ដូច្នេះ ពេល​បញ្ហា​និង​ក្ដី​កង្វល់​ជា​បន្ទុក​ធ្ងន់​សង្កត់​មក​លើ​អ្នក ចូរ​ផ្ទេរ​បន្ទុក​ទៅ​លើ​ព្រះ​វរបិតា​របស់​អ្នក​នៅ​ស្ថានសួគ៌​ដោយ​«ឥត​ឈប់ឈរ»។—ថែស្សាឡូនីចទី១ ៥:១៧; ទំនុកដំកើង ១៨:៦; ៥៥:២២

១៥ ជា​ឧទាហរណ៍ បើ​អ្នក​ជា​មាតា​ម្នាក់ នោះ​អ្នក​ប្រាកដ​ជា​ខ្វល់ខ្វាយ​អំពី​កូន​របស់​អ្នក​នៅ​សាលា​រៀន​ដែល​ប្រហែល​ជា​អាច​ទទួល​ឥទ្ធិពល​ពី​ពួក​ស្រករៗ​គ្នា ឬ​មួយ​ក៏​អ្នក​ខ្វល់ខ្វាយ​ពី​ការ​ល្បងល​ជំនឿ​ដែល​កូន​របស់​អ្នក​ប្រហែល​ជា​ប្រឈម​មុខ។ (កូរិនថូសទី១ ១៥:​៣៣) គឺ​សម​ត្រឹម​ត្រូវ​ដែល​ខ្វល់ខ្វាយ​អំពី​រឿង​ទាំង​នេះ។ ប៉ុន្តែ រឿង​ទាំង​នេះ​ក៏​ជា​រឿង​ដែល​អ្នក​គួរ​តែ​អធិស្ឋាន​ផង​ដែរ។ ការ​ពិត អ្នក​អាច​អធិស្ឋាន​អំពី​រឿង​បែប​នេះ​ជា​មួយ​នឹង​កូន​របស់​អ្នក ប្រហែល​ជា​ក្រោយ​បាន​ពិភាក្សា​បទ​គម្ពីរ​សំរាប់​ថ្ងៃ​នោះ មុន​ដែល​កូន​ចេញ​ទៅ​សាលា​រៀន។ សេចក្ដី​អធិស្ឋាន​ចេញ​ពី​ដួង​ចិត្ត​និង​និយាយ​យ៉ាង​ជាក់លាក់​អាច​មាន​ឥទ្ធិពល​ខ្លាំង​ទៅ​លើ​ចិត្ត​គំនិត​កូន។ សំខាន់​បំផុត អ្នក​នឹង​ទទួល​ពរ​ពី​ព្រះ​យេហូវ៉ា​ពេល​អ្នក​ព្យាយាម​ដោយ​អត់ធ្មត់​ក្នុង​ការ​ប្រិតប្រៀន​ព្រះ​បន្ទូល​របស់​ទ្រង់​ទៅ​ក្នុង​ចិត្ត​គំនិត​កូន។ (ចោទិយកថា ៦:៦, ៧; សុភាសិត ២២:៦) ចូរ​ចាំ​ថា​«ព្រះ​នេត្រ​នៃ​ព្រះ​អម្ចាស់ តែង​ទត​មក​លើ​មនុស្ស​សុចរិត ឯ​ព្រះ​កាណ៌​ទ្រង់​ក៏​ផ្ទៀង​ស្ដាប់​ពាក្យ​ទូល​អង្វរ​របស់​គេ»។—ពេត្រុសទី១ ៣:១២; ភីលីព ៤:៦, ៧

១៦, ១៧​. (ក) តើ​កូន​ប្រុស​ម្នាក់​បាន​និយាយ​យ៉ាង​ណា​អំពី​សេចក្ដី​ស្រឡាញ់​ដែល​ម្ដាយ​របស់​គាត់​បាន​សម្ដែង? (ខ) តើ​ទស្សនៈ​ខាង​វិញ្ញាណ​របស់​ម្ដាយ​បាន​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​កូន?

១៦ សូម​ពិចារណា​គំរូ​របស់​អូលីវា​ដែល​មាន​កូន​ប្រាំ​មួយ​នាក់។ ប្ដី​ដែល​ជា​អ្នក​មិន​ជឿ​បាន​ចាក​ចេញ​ចោល​ក្រុម​គ្រួសារ​តាំង​ពី​កូន​ពៅ​កើត។ ប៉ុន្តែ អូលីវា​ចាប់​យក​ភារកិច្ច​បង្ហាត់​បង្រៀន​កូន​អំពី​ផ្លូវ​របស់​ព្រះ។ កូន​ប្រុស​របស់​អូលីវា​ឈ្មោះ​ដារិន​មាន​អាយុ​៥​ឆ្នាំ​នៅ​ពេល​នោះ តែ​ឥឡូវ​គាត់​អាយុ​៣១​ឆ្នាំ ហើយ​បំរើ​ជា​អ្នក​ចាស់ទុំ​ក្នុង​ក្រុមជំនុំ​គ្រីស្ទាន​និង​ជា​អ្នក​ត្រួសត្រាយ​ពេញ​ពេល។ កង្វល់​របស់​អូលីវា​ត្រូវ​ទ្វេ​ឡើង​ពេល​ដារិន​ធ្លាក់​ខ្លួន​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ដែល​ធ្វើ​ទុក្ខ​គាត់​រហូត​មក​ដល់​ឥឡូវ។ ដារិន​រៀប​រាប់​អំពី​កុមារភាព​របស់​គាត់​ដោយ​ថា​៖​«ខ្ញុំ​នៅ​ចាំ​ពេល​ខ្ញុំ​អង្គុយ​លើ​គ្រែ​នៅ​មន្ទីរពេទ្យ​និង​រង់ចាំ​ម៉ាក់​ខ្ញុំ​មក​ដោយ​ចិត្ត​រំភើប។ រាល់​ថ្ងៃ​គាត់​ធ្លាប់​មក​អង្គុយ​ក្បែរ​ខ្ញុំ​និង​អាន​ព្រះ​គម្ពីរ​ឲ្យ​ខ្ញុំ​ស្ដាប់។ រួច​មក យើង​ច្រៀង​ចំរៀង​ព្រះ​រាជាណាចក្រ​ចំណង​ជើង​ថា​‹សូម​អរ​ព្រះ​គុណ​ព្រះ​យេហូវ៉ា›។ រហូត​មក​ដល់​ឥឡូវ​ខ្ញុំ​ស្រឡាញ់​បទ​នេះ​ជាង​គេ»។

១៧ ទំនុក​ចិត្ត​និង​សេចក្ដី​ស្រឡាញ់​របស់​អូលីវា​ចំពោះ​ព្រះ​យេហូវ៉ា​បាន​ជួយ​ឲ្យ​គាត់​ទទួល​បាន​ជោគជ័យ​ជា​ម្ដាយ​ដែល​គ្មាន​គូ។ (សុភាសិត ៣:៥, ៦) ចិត្ត​គំនិត​ដ៏​ប្រសើរ​របស់​អូលីវា​អាច​ឃើញ​ដោយ​គិត​ពី​គោល​ដៅ​ដែល​បាន​រៀប​ចំ​សំរាប់​កូន។ ដារិន​ប្រាប់​ថា​«ម៉ាក់​តែង​តែ​លើក​ទឹក​ចិត្ត​ខ្ញុំ​ឲ្យ​មាន​គោល​ដៅ​បំរើ​ពេញ​ពេល។ ជា​លទ្ធផល ខ្ញុំ​និង​បងប្អូន​ស្រី​ខ្ញុំ​បួន​នាក់​ពី​ចំណោម​ប្រាំ​នាក់​បាន​ចូល​រួម​ក្នុង​កិច្ច​បំរើ​ពេញ​ពេល។ ប៉ុន្តែ ម៉ាក់​មិន​ដែល​និយាយ​អួត​ខ្លួន​ពី​រឿង​ទាំង​នេះ​ទេ។ ខ្ញុំ​ខំ​យក​តម្រាប់​តាម​គុណសម្បត្ដិ​របស់​គាត់»។ ពិត​ណាស់​ដែល​ថា​មិន​មែន​កូន​ទាំង​អស់​ធំ​ឡើង​បំរើ​ព្រះ​ដូច​កូន​របស់​អូលីវា​ទេ។ ប៉ុន្តែ នៅ​ពេល​មាតា​ម្នាក់​ព្យាយាម​អស់​ពី​សមត្ថភាព​រស់​នៅ​សម​ស្រប​តាម​គោលការណ៍​ព្រះ​គម្ពីរ គាត់​អាច​ជឿជាក់​ថា ព្រះ​យេហូវ៉ា​នឹង​ណែនាំ​ហើយ​គាំទ្រ​គាត់​ដោយ​សេចក្ដី​ស្រឡាញ់»។—ទំនុកដំកើង ៣២:៨

១៨​. ដោយសារ​ព្រះ​យេហូវ៉ា​ប្រទាន​ក្រុមជំនុំ​គ្រីស្ទាន​ដើម្បី​ទំនុកបំរុង​យើង តើ​យើង​អាច​បង្ហាញ​ថា​យើង​ជា​មនុស្ស​កតញ្ញូ​យ៉ាង​ដូច​ម្ដេច?

១៨ ភាគ​ច្រើន ព្រះ​ផ្ដល់​ការ​គាំទ្រ​តាម​រយៈ​ក្រុមជំនុំ​គ្រីស្ទាន​ដែល​មាន​កម្មវិធី​ផ្គត់ផ្គង់​អាហារ​ខាង​វិញ្ញាណ​ជា​ទៀងទាត់ មាន​ភាតរភាព​គ្រីស្ទាន និង​ក៏​មាន​បុរស​មាន​ភាព​ចាស់​ទុំ​ដែល​ជា​‹អំណោយ​ទាន​ជា​មនុស្ស›។ (អេភេសូរ ៤:៨) អ្នក​ចាស់​ទុំ​ដែល​ស្មោះ​ភក្ដី​ទាំង​នេះ​ព្យាយាម​ធ្វើ​ការ​នឿយ​ហត់​ដើម្បី​ពង្រឹង​កម្លាំង​ចិត្ត​បងប្អូន​ទាំង​អស់​គ្នា​ក្នុង​ក្រុមជំនុំ ដោយ​យក​ចិត្ត​ទុក​ដាក់​ជា​ពិសេស​ចំពោះ​«ពួក​កំព្រា នឹង​ពួក​មេម៉ាយ ក្នុង​កាល​ដែល​គេ​មាន​សេចក្ដី​វេទនា»។ (យ៉ាកុប ១:២៧) ដូច្នេះ ចូរ​នៅ​ជិត​នឹង​រាស្ត្រ​របស់​ព្រះ​កុំ​ឃ្លាត​ឲ្យ​សោះ។—សុភាសិត ១៨:១; រ៉ូម ១៤:៧

ការ​ចុះ​ចូល​ជា​គុណសម្បត្ដិ​ដែល​នាំ​ឲ្យ​ខ្លួន​មាន​សោភ័ណភាព

១៩​. ហេតុ​អ្វី​បាន​ជា​ការ​ចុះ​ចូល​របស់​ប្រពន្ធ​មិន​មាន​ន័យ​ថា​គាត់​មិន​ល្អ​ដូច​ប្ដី​នោះ? ហើយ​តើ​ឧទាហរណ៍​អ្វី​ក្នុង​ព្រះ​គម្ពីរ​ដែល​គាំទ្រ​ចំណុច​នេះ?

១៩ ព្រះ​យេហូវ៉ា​បាន​បង្កើត​ស្ត្រី​ជា​គូ​បង្គ្រប់​សំរាប់​បុរស។ (លោកុប្បត្តិ ២:១៨) ដូច្នេះ ពេល​ប្រពន្ធ​ចុះ​ចូល​នឹង​ប្ដី នេះ​មិន​មាន​ន័យ​ថា​គាត់​មិន​ល្អ​ដូច​ប្ដី​គាត់​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ នេះ​នាំ​ឲ្យ​ស្ត្រី​មាន​កិត្ដិយស​ថ្លៃថ្នូរ ពីព្រោះ​គាត់​អាច​ប្រើ​សមត្ថភាព​និង​បំនិន​ជា​ច្រើន​របស់​គាត់ សម​ស្រប​តាម​ព្រះ​ហឫទ័យ​របស់​ព្រះ។ សុភាសិត​ជំពូក​៣១​ពណ៌នា​អំពី​សកម្មភាព​ជា​ច្រើន​ផ្សេងៗ​របស់​ប្រពន្ធ​គ្រប់​ល័ក្ខណ៍​នៅ​អ៊ីស្រាអែល​ពី​បុរាណ។ គាត់​ធ្លាប់​ជួយ​អ្នក​ខ្វះ​ខាត ធ្លាប់​ដាំ​ចំការ​ទំពាំង​បាយ​ជូរ ក៏​ធ្លាប់​ទិញ​ដីធ្លី​ផង។ ពិត​ណាស់ ‹ប្ដី​នាង​ទុក​ចិត្ត​ចំពោះ​នាង ហើយ​មិន​មាន​ខ្វះ​ខាត​អ្វី​ឡើយ›។—ខ​១១, ១៦, ២០

២០​. (ក) តើ​ស្ត្រី​គ្រីស្ទាន​គួរ​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​សមត្ថភាព​ឬ​បំនិន​ដែល​ព្រះ​បាន​ប្រទាន​ដល់​គាត់? (ខ) តើ​ព្រះ​នាងអេសធើរ​បង្ហាញ​នូវ​គុណសម្បត្ដិ​ដ៏​ប្រសើរ​អ្វី​ខ្លះ? ហើយ​ហេតុ​នេះ តើ​ព្រះ​យេហូវ៉ា​អាច​ប្រើ​ព្រះ​នាង​ដើម្បី​ធ្វើ​អ្វី?

២០ ស្ត្រី​ម្នាក់​ដែល​សុភាព​និង​កោត​ខ្លាច​ព្រះ​គ្មាន​មហិច្ឆ​តា​ខំ​លើក​ដំកើង​ខ្លួន​ឬ​ខំ​ប្រជែង​កាត់​មុខ​ប្ដី​ទេ។ (សុភាសិត ១៦:១៨) វិធី​ចំ​បង​ដែល​គាត់​ពង្រឹង​តម្លៃ​ខ្លួន គឺ​មិន​មែន​ដោយ​ប្រើ​សមត្ថភាព​និង​បំនិន​ក្នុង​រឿង​លោកីយ៍​ទេ តែ​សមត្ថភាព​ដែល​ព្រះ​បាន​ប្រទាន​ដល់​គាត់ៗ​ច្រើន​តែ​ប្រើ​ដើម្បី​បំរើ​អ្នក​ឯ​ទៀត គឺ​ក្រុម​គ្រួសារ​ខ្លួន គ្រីស្ទាន​គ្នីគ្នា អ្នកជិតខាង និង​សំខាន់​បំផុត​ព្រះ​យេហូវ៉ា។ (កាឡាទី ៦:​១០; ទីតុស ២:៣​-​៥) សូម​ពិចារណា​គំរូ​ក្នុង​ព្រះ​គម្ពីរ​ស្តី​អំពី​ព្រះ​នាងអេសធើរ។ ទោះ​ជា​ព្រះ​នាង​មាន​រូប​សម្បត្ដិ​ស្រស់​ស្អាត​ពិត​មែន តែ​ព្រះ​នាង​សុភាព​និង​ចេះ​ចុះ​ចូល។ (នាងអេសធើរ ២:១៣, ១៥) ក្រោយ​បាន​រៀប​អភិសេក​ហើយ ព្រះ​នាង​សម្ដែង​ការ​គោរព​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​ស្វាមី​ជា​ស្តេច​អ័ហាស៊ូរុស មិន​ដូច​ព្រះ​នាង​វ៉ាសធី​ដែល​ជា​ភរិយា​របស់​ទ្រង់​មុន​ទេ។ (នាងអេសធើរ ១:១០​-​១២; ២:១៦, ១៧) ក្នុង​រឿង​ដែល​សម​គួរ ព្រះ​នាង​ក៏​បាន​ចុះ​ចូល​ស្ដាប់​តាម​យោបល់​របស់​បង​ជីដូន​១​របស់​ព្រះ​នាង​ឈ្មោះ​ម៉ាដេកាយ សូម្បីតែ​ក្រោយ​បាន​ទៅ​ជា​ព្រះ​នាង​ហើយ​ក៏​ដោយ។ ប៉ុន្តែ ព្រះ​នាងអេសធើរ​មិន​មែន​ជា​មនុស្ស​ទន់ខ្សោយ​នោះ​ទេ! ព្រះ​នាង​បាន​បក​អាក្រាត​គំនិត​អាក្រក់​របស់​ហាម៉ាន ជា​បុរស​គ្មាន​មេត្ដា​និង​មាន​អំណាច​ខ្លាំង​ដែល​បាន​ឃុបឃិត​ធ្វើ​ផែនការ​ឲ្យ​សាសន៍​យូដា​វិនាស។ តាម​វិធី​ដ៏​អស្ចារ្យ​ព្រះ​យេហូវ៉ា​បាន​ប្រើ​ព្រះ​នាងអេសធើរ​ដើម្បី​ការពារ​រាស្ត្រ​របស់​ទ្រង់។—នាងអេសធើរ ៣:៨​–​៤:១៧; ៧:១​-​១០; ៩:១៣

២១​. តើ​ស្ត្រី​គ្រីស្ទាន​ម្នាក់​អាច​មាន​តម្លៃ​រឹតតែ​វិសេស​ចំពោះ​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច?

២១ គឺ​ច្បាស់​ណាស់​ថា នៅ​អតីតកាល​ក៏​ដូច​ជា​សព្វ​ថ្ងៃ​នេះ​ដែរ ស្ត្រី​ដែល​កោត​ខ្លាច​ព្រះ​បាន​បង្ហាញ​ចិត្ត​ភក្ដី​ស្មោះ​ចំពោះ​ព្រះ​យេហូវ៉ា​តែ​មួយ​ព្រះ​អង្គ​និង​ការ​ថ្វាយ​បង្គំ​របស់​ទ្រង់។ ដូច្នេះ ស្ត្រី​ដែល​កោត​ខ្លាច​ព្រះ​មាន​តម្លៃ​វិសេស​ចំពោះ​ព្រះ​យេហូវ៉ា។ បង​ស្រី​គ្រីស្ទាន​ទាំង​ឡាយ​អើយ! ចូរ​អនុញ្ញាត​ឲ្យ​ព្រះ​យេហូវ៉ា​បណ្ដុះ​បណ្ដាល​អ្នក​បន្ដិច​ម្ដងៗ​តាម​រយៈ​វិញ្ញាណ​របស់​ទ្រង់ ឲ្យ​ទៅ​ជា​«ប្រដាប់»​មួយ​ដែល​គាប់​ចិត្ត​«សំរាប់​ការ​ល្អ​គ្រប់​ជំពូក»។ (ធីម៉ូថេទី២ ២:២១; រ៉ូម ១២:២) ស្តី​អំពី​អ្នក​ថ្វាយ​បង្គំ​ដែល​មាន​តម្លៃ​វិសេស ព្រះ​បន្ទូល​របស់​ព្រះ​ចែង​ថា​៖​«ចូរ​ថ្លែង​ពី​ផល​ដែល​ដៃ​នាង​បាន​បង្កើត ហើយ​ទុក​ឲ្យ​ស្នា​ដៃ​របស់​នាង​បាន​ជា​ទី​សរសើរ​ដល់​នាង​នៅ​ទ្វារ​ក្រុង​ចុះ!»។ (សុភាសិត ៣១:៣១) សូម​ឲ្យ​អ្នក​បាន​ដូច​ជា​ខ​នេះ​ដែរ។

តើ​អ្នក​នៅ​ចាំ​ទេ?

តើ​ស្ត្រី​គ្រីស្ទាន​ខ្លះ​នៅ​សតវត្ស​ទី​មួយ​មាន​តម្លៃ​វិសេស​ចំពោះ​ព្រះ​យេហូវ៉ា​ដោយ​ធ្វើ​ដូច​ម្ដេច?

តើ​បង​ស្រី​ជា​ច្រើន​នាក់​នៅ​សម័យ​យើង​នេះ​ធ្វើ​ឲ្យ​ខ្លួន​មាន​តម្លៃ​វិសេស​ចំពោះ​ព្រះ​យ៉ាង​ដូច​ម្ដេច?

តើ​ព្រះ​យេហូវ៉ា​ទ្រទ្រង់​មាតា​ដែល​គ្មាន​គូ​និង​បង​ស្រីៗ​ដែល​មិន​មាន​ប្ដី​យ៉ាង​ដូច​ម្ដេច?

តើ​ស្ត្រី​ម្នាក់​អាច​បង្ហាញ​ការ​គោរព​អស់​ពី​ដួង​ចិត្ត​ចំពោះ​ប្រមុខ​ភាព​យ៉ាង​ដូច​ម្ដេច?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[ប្រអប់​នៅ​ទំព័រ​១៧]

គំរូ​សំរាប់​រំពឹង​គិត

តើ​អ្នក​ចង់​ពិចារណា​គំរូ​របស់​ស្ត្រី​ស្មោះ​ភក្ដី​ឯ​ទៀត​ដែល​ត្រូវ​រៀប​រាប់​ក្នុង​ព្រះ​គម្ពីរ​ឬ​ទេ? បើ​ចង់​មែន សូម​អាន​បទ​គម្ពីរ​ខាង​ក្រោម​នេះ។ នៅ​ពេល​អ្នក​រំពឹង​គិត​អំពី​គំរូ​របស់​បុគ្គល​ទាំង​ប៉ុន្មាន​ដែល​មាន​ឈ្មោះ​នៅ​ខាង​ក្រោម​នេះ ចូរ​ខំ​ស្វែង​យល់​ពី​គោលការណ៍​ដែល​អ្នក​ប្រហែល​ជា​អាច​យក​មក​អនុវត្ត​តាម​ឲ្យ​បាន​ប្រសើរ​ជាង​ក្នុង​ជីវិត​របស់​អ្នក។—រ៉ូម ១៥:៤

សារ៉ា:លោកុប្បត្តិ ១២:១, ៥; ១៣:១៨​ក; ២១:៩​-​១២;ពេត្រុសទី១ ៣:៥, ៦

ស្ត្រី​អ៊ីស្រាអែល​ដែល​មាន​ចិត្ត​សប្បុរស:និក្ខមនំ ៣៥:៥, ២២, ២៥, ២៦; ៣៦:៣​-​៧; លូកា ២១:១​-​៤

ដេបូរ៉ា:ពួក​ចៅហ្វាយ ៤:១​–​៥:៣១

នាងរស់:នាងរស់ ១:៤, ៥, ១៦, ១៧; ២:២, ៣, ១១​-​១៣; ៤:១៥

ស្ត្រី​សាសន៍​ស៊ូណែម:ពង្សាវតារក្សត្រទី២ ៤:៨​-​៣៧

ស្ត្រី​សាសន៍​កាណាន:ម៉ាថាយ ១៥:២២​-​២៨

ម៉ាថា​និង​ម៉ារា:ម៉ាកុស ១៤:៣​-​៩; លូកា ១០:៣៨​-​៤២; យ៉ូហាន ១១:១៧​-​២៩; ១២:១​-​៨

តេប៊ីថា:កិច្ចការ ៩:៣៦​-​៤១

កូន​ស្រី​បួន​នាក់​របស់​ភីលីព:កិច្ចការ ២១:៩

ភីបេ:រ៉ូម ១៦:១, ២

[រូបភាព​នៅ​ទំព័រ​១៦]

មុន​ដែល​កូន​ចេញ​ទៅ​រៀន តើ​អ្នក​អាច​អធិស្ឋាន​ដោយ​ជាក់លាក់​អំពី​រឿង​អ្វី​ខ្លះ?