តើជំងឺអេដស៍នឹងត្រូវទប់ស្កាត់បានឬទេ? បើទប់ស្កាត់បាន តើតាមវិធីណា?
តើជំងឺអេដស៍នឹងត្រូវទប់ស្កាត់បានឬទេ? បើទប់ស្កាត់បាន តើតាមវិធីណា?
នៅប្រទេសជាច្រើននៅទ្វីបអាព្រិច មនុស្សមិនព្រមទទួលស្គាល់ការពិតអំពីការរាលដាលេនៃជំងឺអេដស៍ទេ។ ជំងឺអេដស៍ជារឿងមួយដែលមនុស្សខ្លះមិនចង់ពិភាក្សាទេ។ ក៏ប៉ុន្តែ នៅឆ្នាំថ្មីៗនេះ មានការព្យាយាមជាពិសេសក្នុងការអប់រំពួកយុវវ័យ និងលើកទឹកចិត្តឲ្យមានការពិភាក្សាប្ដូរមតិគ្នា។ ការព្យាយាមនេះបានទទួលជោគជ័យតែបន្ដិចបន្តួចប៉ុណ្ណោះ។ ទំនៀមទំលាប់និងគន្លងជីវិតរបស់មនុស្សខ្លះគឺដិតជាប់យ៉ាងជ្រៅ ហើយការនាំឲ្យពួកគេកែប្រែគឺពិបាកណាស់។
ការឈានទៅមុខផ្នែកវេជ្ជសាស្ត្រ
បើពិនិត្យមើលផ្នែកវេជ្ជសាស្ត្រឬវិជ្ជាពេទ្យវិញ អ្នកវិទ្យាសាស្ត្របានរៀនដឹងច្រើនអំពីវីរុសហ៊ីវនិងបានបង្កើតឱសថដែលបានពន្យារជីវិតរបស់មនុស្សជាច្រើននាក់។ ការប្រើឱសថអង់ទីរ៉េត្រូវីរ៉លយ៉ាងតិចបីប្រភេទក្នុងការព្យាបាលម្យ៉ាងដែលត្រូវហៅថាការព្យាបាលអង់ទីរ៉េត្រូវីរ៉លសកម្មនោះ ដែលជាការព្យាបាលដ៏មានប្រសិទ្ធភាព។
ទោះជាឱសថនេះមិនមែនព្យាបាលឲ្យជាក៏ដោយ តែវាបានកាត់បន្ថយនូវអត្រានៃការស្លាប់របស់អ្នកដែលកំពុងរងទុក្ខដោយសារវីរុសហ៊ីវ ជាពិសេសនៅប្រទេសជឿនលឿន។ មនុស្សជាច្រើនបញ្ជាក់សារៈសំខាន់នៃការផ្គត់ផ្គង់ឱសថនេះដល់ប្រទេសកំពុងអភិវឌ្ឍ។ ក៏ប៉ុន្តែ ឱសថនេះគឺថ្លៃ ហើយហួសឆ្ងាយណាស់ពីលទ្ធភាពរបស់មនុស្សនៅប្រទេសដែលកំពុងអភិវឌ្ឍទាំងនេះ។
នេះបាននាំឲ្យមានបញ្ហាដូចជា: តើកំរៃគឺសំខាន់ជាងជីវិតមនុស្សទេ? លោកប៉ោឡូ តេសេអ៊ីរ៉ាដែលជាប្រធានកម្មវិធីវីរុសហ៊ីវ/ជំងឺអេដស៍ប្រចាំប្រទេសប្រេស៊ីលបានយល់ស្របថាមានស្ថានការណ៍បែបនេះមែន។ លោកបានប្រាប់ថា៖«ការចង់បានតែកំរៃច្រើនលើសជាងធម្មតាមិនសមត្រឹមត្រូវជាហេតុឲ្យយើងចោលមនុស្សរាប់សិបពាន់នាក់ឲ្យពុះពារខំជួយខ្លួនឯងពីព្រោះពួកគេគ្មានឱសថដែលត្រូវការដើម្បីអាចរស់បាន»។ លោកប្រាប់បន្ថែមថា៖«ខ្ញុំពិតជាខ្វល់ខ្វាយណាស់ថាជំនួញមិនគួរទុកជាសំខាន់ជាងសីលធម៌និងមនុស្សធម៌ឡើយ»។
ប្រទេសខ្លះៗបានសម្រេចចិត្តមិនគោរពតាមប៉ាតង់ម្ចាស់កម្មសិទ្ធិរបស់ក្រុមហ៊ុនឱសថធំៗខ្លះៗ ហើយបានផលិតឬក៏នាំចូលនូវថ្នាំអាយក្នុងតម្លៃថោកជាងឆ្ងាយណាស់។ * សារពត៌មានមួយបានរាយការណ៍ថា យោងទៅតាមការសិក្សាមួយ «តម្លៃថោកបំផុត[របស់ថ្នាំអាយ]គឺថោកជាងតម្លៃកំណត់របស់សហរដ្ឋអាមេរិក៨២ភាគរយ»។ (South African Medical Journal)
ឧបសគ្គក្នុងការព្យាបាល
ក្រោយមក ក្រុមហ៊ុនឱសថធំៗចាប់ផ្ដើមផ្ដល់ថ្នាំជំងឺអេដស៍ក្នុងតម្លៃថោកណាស់សំរាប់ប្រទេសកំពុងអភិវឌ្ឍដែលត្រូវការ។ ពួកគេសង្ឃឹមថា តាមរបៀបនេះ មនុស្សជាច្រើនអាចប្រើឱសថនោះបាន។ ក៏ប៉ុន្តែ មានឧបសគ្គដ៏ធំខ្លះៗដែលត្រូវឈ្នះដើម្បីមនុស្សអាចទទួលឱសថនេះបានងាយស្រួលក្នុងប្រទេសកំពុងអភិវឌ្ឍ។ ឧបសគ្គមួយគឺតម្លៃ។ ទោះជាកាត់បន្ថយតម្លៃឲ្យថោកណាស់ក៏ដោយ តម្លៃនោះនៅតែថ្លៃពេកសំរាប់មនុស្សភាគច្រើនដែលត្រូវការ។
បញ្ហាមួយទៀតគឺថា ឱសថនោះគឺមិនងាយប្រើក្នុងការព្យាបាលទេ។ ថ្នាំគ្រាប់ប្រភេទជាច្រើនត្រូវតែលេបរាល់ថ្ងៃក្នុងពេលកំណត់មួយ។ ប្រសិនណាថ្នាំនោះមិនបានប្រើយ៉ាងត្រឹមត្រូវឬក៏មានការផ្អាកក្នុងការលេបនោះ នេះអាចនាំឲ្យវីរុសហ៊ីវស៊ាំនឹងឱសថនេះ។ នៅទ្វីបអាព្រិច មិនអាចប្រាកដថាថ្នាំនោះកំពុងត្រូវប្រើឲ្យបានត្រឹមត្រូវទេ ដ្បិតម្ហូបអាហារមានតិចណាស់ និងទឹកផឹកស្អាតក៏មិនសូវមានដែរ ហើយមន្ទីរថែទាំសុខភាពគឺមានតិចតួចណាស់។
ម្យ៉ាងទៀត អ្នកដែលប្រើឱសថនោះត្រូវតែមានការតាមដានត្រួតពិនិត្យ។ បើវីរុសចាប់ផ្ដើមស៊ាំនឹងឱសថ នោះថ្នាំដែលពួកគេកំពុងប្រើត្រូវតែប្ដូរវិញ។ ដើម្បីធ្វើដូច្នេះ ត្រូវការបុគ្គលិកពេទ្យដែលមានបទពិសោធន៍ ហើយការពិនិត្យឈាមគឺថ្លៃណាស់។ បន្ថែមទៅទៀត ថ្នាំនោះនាំឲ្យមានប្រតិកម្មខ្លះៗ ហើយវីរុសដែលស៊ាំនឹងឱសថនេះកំពុងតែចាប់ផ្ដើមកើតមាន។
នៅខែមិថុនា ឆ្នាំ២០០១ ពេលមហាសន្និបាតរបស់អង្គការសហប្រជាជាតិបានមានប្រជុំពិសេសអំពីជំងឺអេដស៍ ពួកគេបានស្នើរៀបចំមូលនិធិសុខភាពពិភពលោកដើម្បីជួយប្រទេសកំពុងអភិវឌ្ឍ។ ពួកគេបានប៉ាន់ស្មានថា នឹងត្រូវការចំនួនប្រាក់រវាង៧០០កោដិដុល្លារអាមេរិកទៅដល់១០០០កោដិដុល្លារអាមេរិក។ មកទល់ឥឡូវនេះ ចំនួនប្រាក់ដែលបានត្រូវសន្យាជូនសំរាប់មូលនិធិនេះគឺមានតិចជាងចំនួនដែលបានកំណត់ឆ្ងាយណាស់។
អ្នកវិទ្យាសាស្ត្រជឿយ៉ាងខ្លាំងថាពួកគេនឹងរកឃើញវ៉ាក់សាំងមួយ ហើយប្រទេសផ្សេងៗកំពុងតែសាកវ៉ាក់សាំងប្រភេទផ្សេងៗដែរ។ ទោះបើការព្យាយាមនេះទទួលបានជោគជ័យក៏ដោយ ច្រើនឆ្នាំនឹងកន្លងទៅទើបវ៉ាក់សាំងមួយនឹងត្រូវបង្កើតឡើង គេនឹងធ្វើការសាកល្បង និងសឲ្យឃើញថាមានសុវត្ថិភាពសំរាប់មនុស្សទូទៅ។
ប្រទេសខ្លះដូចជាប្រទេសថៃ ប្រេស៊ីល និងអ៊ូហ្គង់ដាជាដើមទទួលបានជោគជ័យខ្លះៗគួរឲ្យកត់សម្គាល់។ ប្រទេសប្រេស៊ីលបានកាត់បន្ថយពាក់កណ្ដាលនៃអត្រាមនុស្សស្លាប់ដោយជំងឺអេដស៍ ដោយប្រើឱសថដែលផលិតក្នុងប្រទេស។ ប្រទេសបូស្វាណាដែលជាប្រទេសតូចមួយ និងដែលមានថវិការគ្រប់គ្រាន់នោះ កំពុងព្យាយាមផ្ដល់ឱសថអង់ទីរ៉េត្រូវីរ៉លដល់អ្នកជំងឺក្នុងប្រទេស ហើយកំពុងតែព្យាយាមបង្កើតឲ្យមានមន្ទីរថែសុខភាពដែលគេត្រូវការ។
ការឈ្នះជំងឺអេដស៍
ជំងឺអេដស៍មានលក្ខណៈមួយដែលខុសប្លែកពីជំងឺឯទៀតខ្លះៗដែលបានរាលដាល។ លក្ខណៈនោះគឺ វាអាចត្រូវបង្ការបាន។ បើមនុស្សសុខចិត្តកាន់តាមគោលការណ៍ព្រះគម្ពីរដ៏បឋម នោះក្នុងករណីជាច្រើនឬក៏ក្នុងករណីទាំងអស់អាចចៀសវាងពីការឆ្លងបាន។
ខ្នាតតម្រាក្នុងព្រះគម្ពីរស្តីអំពីសីលធម៌គឺច្បាស់លាស់។ អ្នកដែលមិនទាន់រៀបការមិនត្រូវរួមភេទទេ។ (កូរិនថូសទី១ ៦:១៨) មនុស្សដែលបានរៀបការហើយ គួរស្មោះត្រង់នឹងគូររបស់គេនិងមិនផិតក្បត់ប្ដីប្រពន្ធទេ។ (ហេព្រើរ ១៣:៤) ការប្រព្រឹត្តតាមដំបូន្មានក្នុងព្រះគម្ពីរដែលបង្គាប់ឲ្យចៀសវាងពីឈាមក៏ការពារយើងដែរ។—កិច្ចការ ១៥:២៨, ២៩
អ្នកដែលបានឆ្លងជំងឺនេះហើយ អាចមានអំណរនិងការសម្រាលទុក្ខយ៉ាងច្រើនដោយរៀនអំពីពិភពលោកដែលគ្មានជំងឺ ដែលព្រះបានសន្យាថានឹងមាននៅអនាគត និងដោយប្រព្រឹត្តឲ្យសមស្របទៅតាមអ្វីដែលទ្រង់តម្រូវ។
ព្រះគម្ពីរសន្យាថា ក្រោយមកបញ្ហាទាំងឡាយរបស់មនុស្សជាតិ រួមទាំងជំងឺផងដែរនឹងត្រូវបំបាត់ជាក់ជាពុំខាន។ សេចក្ដីសន្យានេះមានក្នុងសៀវភៅវិវរណៈ៖«ខ្ញុំមានឮសំឡេង១យ៉ាងខ្លាំង ចេញពីស្ថានសួគ៌មកថា៖ ‹មើល! រោងឧបោសថរបស់ព្រះ បាននៅជាមួយនឹងមនុស្សហើយ ទ្រង់នឹងគង់នៅជាមួយនឹងគេ គេនឹងធ្វើជារាស្ត្ររបស់ទ្រង់ ហើយព្រះអង្គទ្រង់ក៏នឹងធ្វើជាព្រះដល់គេ។ ព្រះទ្រង់នឹងជូតអស់ទាំងទឹកភ្នែក ពីភ្នែកគេចេញ នឹងគ្មានសេចក្ដីស្លាប់ ឬសេចក្ដីសោកសង្រេង ឬសេចក្ដីយំទួញ ឬទុក្ខលំបាកណាទៀតឡើយ។ ដ្បិតសេចក្ដីមុនទាំងប៉ុន្មាន បានកន្លងបាត់ទៅហើយ›»។—វិវរណៈ ២១:៣, ៤
សេចក្ដីសន្យានេះគឺមិនសំរាប់តែអ្នកណាដែលមានលុយអាចទិញថ្នាំថ្លៃៗនោះទេ។ សេចក្ដីសន្យាដែលជាទំនាយនៅវិវរណៈជំពូក២១ ក៏ត្រូវបញ្ជាក់នៅអេសាយ ៣៣:២៤ដែរថា៖«ពួកអ្នកដែលនៅក្នុងក្រុងគេនឹងមិនថា៖ ‹ខ្ញុំឈឺ ទៀតឡើយ›»។ នៅពេលនោះ មនុស្សទាំងឡាយលើផែនដីនេះនឹងគោរពតាមច្បាប់របស់ព្រះនិងមានសុខភាពល្អឥតខ្ចោះទៀតផង។ យ៉ាងនេះការសម្លាប់រង្គាលដោយជំងឺអេដស៍និងដោយជំងឺឯទៀតនឹងត្រូវបញ្ឈប់ឲ្យលែងមានតទៅទៀត។
[កំណត់សម្គាល់]
^ វគ្គ 7 ថ្នាំអាយគឺជាថ្នាំដែលក្រុមហ៊ុនឱសថមួយមានប៉ាតង់កម្មសិទ្ធិផលិតតែត្រូវឲ្យអ្នកឯទៀតចម្លងរូបមន្តតាមដោយផលិតឱសថដូចគ្នានេះ។ សមស្របតាមច្បាប់បើក្នុងករណីមានអាសន្នប្រទេសនានាដែលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោកអាចចម្លងរូបមន្តផលិតថ្នាំដែលក្រុមហ៊ុនឱសថឯទៀតមានប៉ាតង់។
[ប្រអប់/រូបភាពនៅទំព័រ៨, ៩]
នេះជាការព្យាបាលដ៏ពិតដែលខ្ញុំបានស្វះស្វែងរក
នាងខ្ញុំមានអាយុ២៣ឆ្នាំហើយរស់នៅទ្វីបអាព្រិចប៉ែកខាងត្បូង។ ខ្ញុំចាំបានថ្ងៃដែលខ្ញុំទទួលដំណឹងថាខ្ញុំហ៊ីវវិជ្ជមាន។
នៅពេលគ្រូពេទ្យប្រាប់ដំណឹងនេះ ខ្ញុំនៅជាមួយម្ដាយខ្ញុំក្នុងបន្ទប់គ្រូពេទ្យនោះ។ ក្នុងជីវិតខ្ញុំ ខ្ញុំពុំធ្លាប់ឮដំណឹងណាដែលគួរឲ្យសង្រេងចិត្តដូច្នេះទេ។ នៅពេលនោះខ្ញុំច្របូកច្របល់ក្នុងចិត្តណាស់។ ខ្ញុំហួសចិត្តតែម្ដង។ ខ្ញុំនឹកស្មានថា មន្ទីរពិសោធន៍របស់ពេទ្យនោះបានពិនិត្យឈាមច្រឡំទេ។ ខ្ញុំមិនដឹងថាត្រូវនិយាយឬធ្វើយ៉ាងណាទេ។ ខ្ញុំចង់យំតែទឹកភ្នែកមិនព្រមចេញទេ។ គ្រូពេទ្យចាប់ផ្ដើមពិភាក្សាជាមួយម្ដាយខ្ញុំអំពីឱសថអង់ទីរ៉េត្រូវីរ៉លនិងរឿងផ្សេងៗទៀត ប៉ុន្តែខ្ញុំស្លុតគាំងដល់ម្ល៉េះមិនអាចស្ដាប់យល់អ្វីទាំងអស់។
ខ្ញុំបានគិតថា ខ្ញុំប្រហែលជាបានឆ្លងវីរុសពីអ្នកណាម្នាក់នៅសកលវិទ្យាល័យរបស់ខ្ញុំ។ ខ្ញុំពិតជាចង់និយាយជាមួយអ្នកណាដែលអាចយល់ពីកាលៈទេសៈរបស់ខ្ញុំ តែមិនអាចគិតឃើញអ្នកណាម្នាក់សោះ។ ខ្ញុំចាប់ផ្ដើមមានអារម្មណ៍ថាខ្លួនគ្មានតម្លៃ និងបានទទួលបរាជ័យក្នុងជីវិត។ ទោះជាក្រុមគ្រួសាររបស់ខ្ញុំបានគាំទ្រខ្ញុំក៏ដោយ ខ្ញុំមានអារម្មណ៍ថាខ្ញុំគ្មានទីពឹងនិងក៏ខ្លាចផងដែរ។ ខ្ញុំក៏ដូចជាយុវវ័យឯទៀតដែរមានការស្រមើស្រមៃច្រើនណាស់។ សល់តែពីរឆ្នាំទៀត ខ្ញុំនឹងរៀនចប់ដោយទទួលបរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រ ប៉ុន្តែ ក្ដីសង្ឃឹមនោះបានរលាយសាបសូន្យអស់រលីង។
ខ្ញុំចាប់ផ្ដើមប្រើថ្នាំអង់ទីរ៉េត្រូវីរ៉លហើយទៅជួបអ្នកឲ្យឱវាទណែនាំផ្នែកជំងឺអេដស៍ ប៉ុន្តែ ខ្ញុំនៅតែក្រៀមក្រំចិត្ត។ ខ្ញុំបានអធិស្ឋានសុំព្រះបង្ហាញឲ្យខ្ញុំឃើញជំនឿគ្រីស្ទានដ៏ពិតមុនដែលខ្ញុំស្លាប់។ ខ្ញុំធ្លាប់ជាសមាជិកនៃសាសនាភិន្ដាកុសតាល ប៉ុន្តែ គ្មានអ្នកណាពីវិហារនោះបានមកសួរសុខទុក្ខខ្ញុំសោះ។ ខ្ញុំចង់ដឹងសេចក្ដីពិតថា តើខ្ញុំនឹងទៅណាក្រោយខ្ញុំស្លាប់ទៅ។
នៅព្រឹកមួយដើមខែសីហា ឆ្នាំ១៩៩៩ ស្មរបន្ទាល់ព្រះយេហូវ៉ាពីរនាក់បានមកគោះទ្វាររបស់ខ្ញុំ។ ខ្ញុំឈឺខ្លាំងនៅថ្ងៃនោះ ប៉ុន្តែ ខ្ញុំអាចងើបអង្គុយបាននៅបន្ទប់ទទួលភ្ញៀវ។ ស្រីទាំងពីរណែនាំឲ្យខ្ញុំស្គាល់ខ្លួនគេ និងប្រាប់ថាពួកគេកំពុងជួយមនុស្សសិក្សាព្រះគម្ពីរ។ ខ្ញុំបានធូរក្នុងអារម្មណ៍ខ្លាំងណាស់ដោយព្រោះសេចក្ដីអធិស្ឋានរបស់ខ្ញុំទទួលនូវការតបឆ្លើយ។ ប៉ុន្តែ មកទល់ពេលនោះ ខ្ញុំមានកម្លាំងខ្សោយដល់ម្ល៉េះដែលខ្ញុំមិនអាចអានឬក៏ប្រុងស្មារតីយូរប៉ុន្មានទេ។
យ៉ាងណាក៏ដោយ ខ្ញុំប្រាប់ពួកគេថាខ្ញុំចង់សិក្សាព្រះគម្ពីរ ហើយពួកគេបានណាត់ពេលមកបង្រៀនខ្ញុំ។ គួរឲ្យសោកស្ដាយណាស់ មុនថ្ងៃនោះមកដល់ ខ្ញុំត្រូវគេនាំទៅជួបពេទ្យវិកលចរិតដោយសារការបាក់ទឹកចិត្ត។ បីសប្ដាហ៍ក្រោយមក ខ្ញុំបានត្រូវអនុញ្ញាតឲ្យចេញទៅវិញ ហើយបានធូរក្នុងអារម្មណ៍ពេលដឹងថា ពួកស្មរបន្ទាល់មិនបានភ្លេចខ្ញុំទេ។ ខ្ញុំចាំថាស្មរបន្ទាល់ម្នាក់ធ្លាប់មកជួបខ្ញុំជារឿយៗដើម្បីសួរសុខទុក្ខខ្ញុំ។ ខាងផ្លូវកាយ ខ្ញុំបានធូរស្រាលបន្ដិច ហើយខ្ញុំបានចាប់ផ្ដើមសិក្សាព្រះគម្ពីរនៅដំណាច់ឆ្នាំ។ ប៉ុន្តែ ការសិក្សាមិនស្រួលសំរាប់ខ្ញុំទេ ពីព្រោះសុខភាពខ្ញុំចេះតែអន់ថយទៅ។ ប៉ុន្តែ អ្នកដែលបង្រៀនខ្ញុំចេះយោគយល់និងចេះអត់ធ្មត់។
ខ្ញុំបានកោតស្ងើចណាស់ពេលខ្ញុំសិក្សាអំពីព្រះយេហូវ៉ា និងគុណសម្បត្ដិរបស់ទ្រង់ ព្រមទាំងរៀនថាការស្គាល់ទ្រង់យ៉ាងពិតរួមបញ្ចូលអ្វីខ្លះ និងការសង្ឃឹមចំពោះជីវិតជារៀងរហូតមានអត្ថន័យអ្វី។ នេះជាលើកទីមួយក្នុងជីវិតដែលខ្ញុំបានយល់ពីមូលហេតុដែលមនុស្សរងទុក្ខ។ ខ្ញុំបានអរណាស់ពេលខ្ញុំរៀនអំពីព្រះរាជាណាចក្ររបស់ព្រះដែលបន្ដិចទៀតនឹងគ្រប់គ្រងជំនួសរដ្ឋាភិបាលរបស់មនុស្ស។ នេះបានជំរុញចិត្តខ្ញុំឲ្យកែប្រែគន្លងជីវិតរបស់ខ្ញុំទាំងស្រុង។
នេះហើយជាការព្យាបាលដ៏ពិតដែលខ្ញុំបានស្វះស្វែងរក។ ការទទួលស្គាល់ថា ព្រះយេហូវ៉ានៅតែស្រឡាញ់នឹងយកព្រះទ័យទុកដាក់នឹងខ្ញុំជាអ្វីដែលសម្រាលទុក្ខខ្ញុំណាស់! ពីមុន ខ្ញុំបានគិតថាព្រះស្អប់ខ្ញុំនិងនេះជាហេតុដែលខ្ញុំឆ្លងជំងឺនេះ។ ប៉ុន្តែ ខ្ញុំរៀនថាព្រះយេហូវ៉ាបានរៀបចំដោយសេចក្ដីស្រឡាញ់នូវសំវិធានការមួយដើម្បីអត់ឱនទោសអំពើបាបដោយផ្អែកលើយញ្ញបូជាលោះរបស់ព្រះយេស៊ូគ្រីស្ទ។ នៅពេលនោះខ្ញុំដឹងថាព្រះយកព្រះទ័យទុកដាក់ ដូចពេត្រុសទី១ ៥:៧ ចែងថា៖«ចូរផ្ទេរគ្រប់ទាំងសេចក្ដីទុក្ខព្រួយរបស់អ្នករាល់គ្នាទៅលើទ្រង់ ដ្បិតទ្រង់តែងយកព្រះទ័យទុកដាក់នឹងអ្នករាល់គ្នា»។
ដោយសិក្សាព្រះគម្ពីរជារៀងរាល់ថ្ងៃនិងចូលរួមកិច្ចប្រជុំនៅសាលព្រះរាជាណាចក្រ ខ្ញុំកំពុងខំប្រឹងចូលទៅឲ្យបានជិតបំផុតនឹងព្រះយេហូវ៉ា។ ទោះជានេះមិនតែងតែស្រួលក៏ដោយ ខ្ញុំបានទូលព្រះយេហូវ៉ាអស់ពីចិត្តអំពីកង្វល់របស់ខ្ញុំក្នុងសេចក្ដីអធិស្ឋាននិងបានសុំទ្រង់ប្រទាននូវកម្លាំងនិងការសម្រាលទុក្ខ។ សមាជិកក្រុមជំនុំគ្រីស្ទានជួយយកអាសាខ្ញុំ ដូច្នេះខ្ញុំសប្បាយចិត្តណាស់។
ខ្ញុំចូលរួមកិច្ចការប្រកាសជាទៀងទាត់ជាមួយក្រុមជំនុំរបស់ខ្ញុំតាមតំបន់។ ខ្ញុំចង់ជួយអ្នកឯទៀតខាងវិញ្ញាណ ជាពិសេសមនុស្សដែលស្ថិតក្នុងកាលៈទេសៈស្រដៀងនឹងរូបខ្ញុំ។ ខ្ញុំបានទទួលបុណ្យជ្រមុជទឹកនៅខែធ្នូ ឆ្នាំ២០០១។
[រូបភាព]
ខ្ញុំបានត្រេកអរខ្លាំងណាស់ពេលរៀន អំពីព្រះរាជាណាចក្ររបស់ព្រះ
[រូបភាពនៅទំព័រ៧]
ក្រុមអ្នកជូនឱវាទផ្នែកជំងឺអេដស៍ប្រចាំប្រទេសបូស្វាណា
[រូបភាពនៅទំព័រ៩]
ក្នុងសួនមនោរម្យនៅលើផែនដី មនុស្សទាំងអស់នឹងមានសុខភាពល្អឥតខ្ចោះ